ហេតុអ្វីលែងលះគ្នាច្រើនម្ល៉េះ?
ហេតុអ្វីលែងលះគ្នាច្រើនម្ល៉េះ?
«ពួកផារិស៊ីបានមកឯលោក[យេស៊ូ]ក្នុងបំណងល្បួងលោក ក៏បានសួរថា៖ ‹តើបុរសមានច្បាប់លែងលះប្រពន្ធ ដោយមូលហេតុអ្វីក៏ដោយឬទេ?›»។—ម៉ាថាយ ១៩:៣
មនុស្សខ្លះដែលរស់នៅក្នុងជំនាន់លោកយេស៊ូឆ្ងល់ថា តើចំណងអាពាហ៍ពិពាហ៍គួរឬអាចនៅស្ថិតស្ថេរជារៀងរហូតឬទេ? លោកយេស៊ូបានមានប្រសាសន៍ទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនធ្លាប់អានទេថា លោកដែលបានបង្កើតមនុស្សជាតិដំបូង បានបង្កើតពួកគេជាប្រុសនិងស្រី ហើយមានប្រសាសន៍ថា៖ ‹ហេតុនេះហើយ បុរសនឹងចាកចេញពីឪពុកនិងម្ដាយខ្លួន ហើយនឹងនៅជាប់ជាមួយនឹងប្រពន្ធរបស់គាត់ រួចពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ›នោះ? ដូច្នេះ ពួកគេលែងជាពីរទៀតហើយ ប៉ុន្តែជាសាច់ឈាមតែមួយវិញ។ ម្ល៉ោះហើយ កុំឲ្យអ្នកណាពង្រាត់គូដែលព្រះបានផ្សំផ្គុំឡើយ»។ * (ម៉ាថាយ ១៩:៤-៦) ដូច្នេះ ព្រះមានបំណងឲ្យគូអាពាហ៍ពិពាហ៍រស់នៅជាមួយគ្នារហូត។
នៅប្រទេសជាច្រើនសព្វថ្ងៃនេះ ក្នុងចំណោមគូអាពាហ៍ពិពាហ៍ទាំងអស់ មាន៤០ភាគរយឬច្រើនជាងនេះបានត្រូវ«ពង្រាត់»ចេញពីគ្នា ហើយនៅទីបំផុតក៏លែងលះគ្នា។ តើឱវាទដែលមានក្នុងគម្ពីរស្តីអំពីរឿងអាពាហ៍ពិពាហ៍ហួសសម័យហើយឬ? តើគូអាពាហ៍ពិពាហ៍លែងលះគ្នា ដោយសារព្រះមិនបានរៀបចំចំណងអាពាហ៍ពិពាហ៍ឡើងតាមរបៀបត្រឹមត្រូវឬ?
សូមពិចារណាអំពីឧទាហរណ៍ដូចខាងក្រោម: ប្ដីប្រពន្ធពីរគូទិញឡានទំនើបដូចគ្នា។ ប្ដីប្រពន្ធមួយគូថែរក្សាឡានរបស់ពួកគេយ៉ាងល្អ ហើយបើកបរយ៉ាងប្រុងប្រយ័ត្ន។ ឡានរបស់ពួកគេមិនខូចទេ។ ប៉ុន្តែប្ដីប្រពន្ធមួយគូទៀតមិនដែលចំណាយពេលឬកម្លាំងដើម្បីថែរក្សាឡានរបស់ពួកគេទេ ហើយពួកគេក៏បើកបរដោយមិនចេះប្រុងប្រយ័ត្នដែរ។ ឡានរបស់ពួកគេក៏ខូចហើយប្រើមិនបានទៀត។ ក្នុងឧទាហរណ៍ទីពីរនេះ តើកំហុសមកពីណា? មកពីឡានឬក៏មកពីម្ចាស់ឡាននេះ? ពិតមែនហើយ ម្ចាស់ឡានជាអ្នកដែលត្រូវទទួលខុសត្រូវចំពោះរឿងនេះ។
ស្រដៀងគ្នាដែរ ពិតមែនតែគូអាពាហ៍ពិពាហ៍ជាច្រើនបែកបាក់គ្នា តែនេះមិនមានន័យថាអាពាហ៍ពិពាហ៍ជាចំណងមួយដែលបានត្រូវរៀបចំឡើងតាមរបៀបដែលខុសឆ្គងនោះទេ ពីព្រោះមានប្ដីប្រពន្ធរាប់លានគូដែលបានរួមរស់ជាមួយគ្នាដោយមានសុភមង្គល។ ចំណងអាពាហ៍ពិពាហ៍របស់ពួកគេនាំឲ្យមានសុភមង្គលនិងស្ថិរភាពដល់ខ្លួនពួកគេផ្ទាល់ ដល់ក្រុមគ្រួសារ និងដល់សង្គមផងដែរ។ ប៉ុន្តែ ប្រៀបដូចជាឡាននោះ ចំណងអាពាហ៍ពិពាហ៍ត្រូវការនូវការថែរក្សាយ៉ាងល្អ និងការថែទាំយ៉ាងទៀងទាត់ ដើម្បីឲ្យចំណងអាពាហ៍ពិពាហ៍នៅស្ថិតស្ថេរយូរអង្វែង។
មិនថាលោកអ្នកទើបតែរៀបការថ្មីៗឬយូរមកហើយ ឱវាទក្នុងគម្ពីរដែលបញ្ជាក់អំពីរបៀបថែរក្សានិងពង្រឹងចំណងអាពាហ៍ពិពាហ៍នៅតែមានប្រយោជន៍មែន។ នៅទំព័របន្តបន្ទាប់នេះ សូមកត់សម្គាល់នូវឧទាហរណ៍ខ្លះៗ។
[កំណត់សម្គាល់]
^ វគ្គ 3 គម្ពីរអនុញ្ញាតឲ្យមានការលែងលះគ្នាដោយមានមូលដ្ឋានលើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទតែប៉ុណ្ណោះ។—ម៉ាថាយ ១៩:៩