តើដំណឹងល្អជាអ្វី?
តើដំណឹងល្អជាអ្វី?
«ដំណឹងល្អនេះ . . . »។—ម៉ាថាយ ២៤:១៤
គ្រិស្តសាសនិកត្រូវផ្សព្វផ្សាយដោយប្រាប់‹ដំណឹងល្អអំពីរាជាណាចក្រ› និងពន្យល់ឲ្យគេដឹងថារាជាណាចក្រនោះជារដ្ឋាភិបាលដែលនឹងគ្រប់គ្រងដោយសុចរិតលើផែនដីទាំងមូលនាពេលអនាគត។ ក៏ប៉ុន្តែ ក្នុងគម្ពីរ ពាក្យដែលថា«ដំណឹងល្អ»ក៏បានប្រើជាមួយពាក្យផ្សេងៗទៀតដែរ ដូចជា«ដំណឹងល្អនៃសេចក្ដីសង្គ្រោះ» (ទំនុកតម្កើង ៩៦:២, ព.ថ.) «ដំណឹងល្អនៃព្រះ» (រ៉ូម ១៥:១៦) និង«ដំណឹងល្អអំពីលោកយេស៊ូគ្រិស្ត»។—ម៉ាកុស ១:១
បើនិយាយឲ្យចំទៅ ដំណឹងល្អរួមបញ្ចូលសេចក្ដីពិតទាំងអស់ដែលលោកយេស៊ូបានពោល និងអ្វីៗដែលពួកអ្នកកាន់តាមលោកបានកត់ទុក។ មុនលោកឡើងទៅស្ថានសួគ៌ លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកថា៖ «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ ហើយជ្រមុជទឹកឲ្យពួកគេ ក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាមសកម្មពលបរិសុទ្ធរបស់លោក ហើយបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា»។ (ម៉ាថាយ ២៨:១៩, ២០) ដូច្នេះ កិច្ចការរបស់គ្រិស្តសាសនិកពិតគឺមិនគ្រាន់តែប្រាប់អ្នកឯទៀតអំពីរាជាណាចក្រប៉ុណ្ណោះនោះទេ តែពួកគេក៏ត្រូវព្យាយាមបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូដែរ។
តើគ្រិស្តសាសនាទាំងឡាយកំពុងធ្វើយ៉ាងណាស្តីអំពីកិច្ចការនេះ? ពួកគេមិនបានយល់អំពីអត្ថន័យនៃរាជាណាចក្រនោះទេ ដូច្នេះពួកគេមិនអាចបង្រៀនអ្នកឯទៀតយ៉ាងត្រឹមត្រូវអំពីរាជាណាចក្របានឡើយ។ ផ្ទុយទៅវិញ ពួកគេខំផ្សាយដោយថ្លែងសុន្ទរកថាអំពីការអភ័យទោសអំពើខុសឆ្គងនិងការមានជំនឿទៅលើលោកយេស៊ូ ក្នុងបំណងធ្វើឲ្យមនុស្សមានអារម្មណ៍ល្អ។ ពួកគេក៏ខំទាក់ទាញចិត្តមនុស្សឲ្យចូលជាសមាជិករបស់ពួកគេដោយជួយមនុស្សឲ្យមានជីវភាពប្រសើរជាង ឬដោយសាងសង់មន្ទីរពេទ្យ សាលារៀន និងផ្ទះសម្រាប់ជនក្រីក្រ។ ការធ្វើដូច្នេះប្រហែលជានាំឲ្យមានសមាជិកច្រើនជាងមុន តែនេះមិនធ្វើឲ្យសមាជិកទាំងនោះក្លាយជាគ្រិស្តសាសនិកពិតដែលព្យាយាមយ៉ាងស្មោះក្នុងការរស់នៅសមស្របតាមអ្វីដែលលោកយេស៊ូបានបង្រៀននោះទេ។
សាសនវិទូម្នាក់បានសរសេរថា៖«បណ្ឌិតឬអ្នកដឹកនាំភាគច្រើននៃគ្រិស្តសាសនាយល់ស្របថា យើងត្រូវតែបង្រៀនអ្នកឯទៀតឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូ ហើយបង្រៀនពួកគេឲ្យចេះធ្វើអ្វីៗទាំងអស់ដែលលោកយេស៊ូបានមានប្រសាសន៍ . . . ការណែនាំរបស់លោកយេស៊ូស្តីអំពីកិច្ចការនេះគឺច្បាស់ក្រឡែតណាស់។ ប៉ុន្តែយើងមិនបានធ្វើអ្វីដែលលោកចង់ឲ្យយើងធ្វើទេ។ យើងមិនបានព្យាយាមធ្វើកិច្ចការនោះឡើយ ហើយតាមមើលទៅ យើងក៏មិនដឹងអំពីវិធីដែលយើងត្រូវធ្វើកិច្ចការនោះដែរ»។
ស្រដៀងគ្នាដែរ ការស្ទង់មតិនៃពួកអ្នកកាន់តាមសាសនាកាតូលិកនៅសហរដ្ឋអាម៉េរិកបានបង្ហាញថា ៩៥ភាគរយនៃមនុស្សទាំងអស់ដែលគេបានស្ទង់មតិ ឯកភាពថាការផ្សព្វផ្សាយដំណឹងល្អជាតម្រូវការមួយនៃជំនឿរបស់ពួកគេ។ ប៉ុន្តែ មនុស្សស្ទើរតែទាំងអស់មានអារម្មណ៍ថា វិធីល្អបំផុតដែលពួកគេផ្សព្វផ្សាយគឺដោយមានរបៀបរស់នៅដែលទុកជាគំរូដល់អ្នកឯទៀត ជាជាងនិយាយប្រាប់អំពីដំណឹងល្អនោះវិញ។ បុគ្គលម្នាក់ដែលគេបានស្ទង់មតិ បានស្រដីថា៖ «ការផ្សព្វផ្សាយដំណឹងល្អគឺមិនគ្រាន់តែជាពាក្យសម្ដីប៉ុណ្ណោះទេ តែយើងត្រូវរស់នៅស្របតាមដំណឹងល្អនោះវិញ»។ ទស្សនាវដ្ដីដែលធ្វើការស្ទង់មតិនោះ បានចែងថាមនុស្សជាច្រើនមិនហ៊ានប្រាប់អ្នកឯទៀតអំពីជំនឿរបស់ខ្លួន ពីព្រោះ«សាសនាកាតូលិកមានកេរ្ដិ៍ឈ្មោះមិនល្អដោយសាររឿងអាស្រូវថ្មីៗអំពីការបៀតបៀនកេរ្ដិ៍ខ្មាស និងសេចក្ដីបង្រៀនដែលមិនសមហេតុសមផល» (U.S. Catholic)។
នៅកន្លែងផ្សេងទៀត អេវ៉ែកម្នាក់នៃសាសនាមេថូឌីស្ទបានត្អូញត្អែរថា សមាជិកនៃវិហាររបស់គាត់បែកបាក់គ្នា និងមានការយល់ច្រឡំ ហើយមិនមានចិត្តក្លាហានដើម្បីបំពេញភារកិច្ចរបស់ពួកគេទេ តែសីលធម៌របស់ពួកគេគឺដូចមនុស្សទូទៅវិញ។ គាត់បានសួរដោយមួម៉ៅចិត្តថា៖ «តើអ្នកណាសមជាអ្នកផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រ? ហើយតើអ្នកណាកំពុងធ្វើកិច្ចការនេះ?»។
អេវ៉ែកម្នាក់នេះមិនបានឆ្លើយសំណួររបស់គាត់ទេ។ ប៉ុន្តែ ពិតជាមានចម្លើយមែន ហើយលោកអ្នកនឹងរកឃើញចម្លើយចំពោះសំណួរនេះនៅអត្ថបទបន្ទាប់។
[ឃ្លាអក្សរធំនៅទំព័រ៦]
ដំណឹងល្អគឺជាដំណឹងអំពីរាជាណាចក្ររបស់ព្រះនិងជាសេចក្ដីសង្គ្រោះដែលមកពីការមានជំនឿទៅលើលោកយេស៊ូគ្រិស្ត