ទំនាយមួយដែលសំខាន់ខ្លាំងណាស់
ទំនាយមួយដែលសំខាន់ខ្លាំងណាស់
«ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។—ម៉ាថាយ ២៤:១៤
បណ្ឌិតខាងគម្ពីរជាច្រើននាក់ឯកភាពថាខគម្ពីរខាងលើនេះមានសារៈសំខាន់ណាស់។ មានមូលហេតុពីរយ៉ាង គឺទី១ ខនេះបានរៀបរាប់អំពីកិច្ចការមួយដែលត្រូវធ្វើឡើងនៅទូទាំងពិភពលោក។ ទី២ ខនេះបានបញ្ជាក់អំពីអ្វីដែលពួកគ្រិស្តសាសនិកគួរធ្វើ ពោលគឺកិច្ចការផ្សព្វផ្សាយដែលត្រូវធ្វើឡើងមុនព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយដែលលោកយេស៊ូហៅថា«ទីបញ្ចប់»នឹងមកដល់ ហើយពួកគេក៏ត្រូវប្រកាសអំពីទីបញ្ចប់នេះដែរ។
ទំនាយនេះកំពុងសម្រេចនៅសព្វថ្ងៃនេះ។ នេះទាក់ទងនឹងលោកអ្នក ដោយសារដំណឹងល្អមានទាំងការអញ្ជើញទាំងការព្រមាន។ តាមរយៈដំណឹងនេះ លោកអ្នកត្រូវសម្រេចចិត្តថា លោកអ្នកទទួលយកឬប្រឆាំងនឹងរាជាណាចក្ររបស់ព្រះ។ ការសម្រេចចិត្តរបស់លោកអ្នកមានឥទ្ធិពលទៅលើអនាគតរបស់លោកអ្នកផ្ទាល់។
សូមពិចារណាអំពីព្រឹត្ដិការណ៍ដែលបានកើតឡើងមុននិងក្រោយខគម្ពីរនេះ។ ប៉ុន្មានថ្ងៃមុនលោកយេស៊ូត្រូវគេសម្លាប់ នោះពួកអ្នកកាន់តាមលោកបានមកជួបលោក ហើយសួរលោកអំពីអនាគត។ ពួកគេចង់ដឹងអំពីការស្ថាបនានៃរាជាណាចក្ររបស់ព្រះ ដែលលោកយេស៊ូបានពោលជាញឹកញាប់។ ពួកគេក៏ចង់ដឹងដែរអំពី«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»នេះ ឬសេចក្ដីបកប្រែឯទៀតបានបកប្រែឃ្លានេះថា«អវសានកាលនៃពិភពលោក»។—ម៉ាថាយ ២៤:៣; ខ.ស.
ក្នុងពាក្យតបឆ្លើយរបស់លោក លោកយេស៊ូបានទាយថានឹងមានសង្គ្រាមធំៗ ការអត់ឃ្លាន រោគរាតត្បាត និងរញ្ជួយដី។ លោកក៏បានមានប្រសាសន៍ថាការប្រឆាំងច្បាប់នឹងមានកាន់តែច្រើនឡើងៗ គ្រូបង្រៀនសាសនាក្លែងក្លាយនឹងបំភាន់មនុស្សជាច្រើន ហើយពួកគ្រិស្តសាសនិកពិតនឹងត្រូវគេស្អប់និងបៀតបៀន។ ទាំងអស់នេះគឺជាដំណឹងអាក្រក់។—ម៉ាថាយ ២៤:៤-១៣; លូកា ២១:១១
ប៉ុន្តែ ក៏មានដំណឹងល្អដែរ។ លោកយេស៊ូបានពោលពាក្យដែលបានរៀបរាប់ខាងដើមនេះ ជាពាក្យដែលនាំឲ្យមនុស្សឆ្ងល់និងជាពាក្យដែលបានផ្ដល់សេចក្ដីសង្ឃឹមដល់ពួកគេអស់រាប់រយឆ្នាំមកហើយ។ ទោះជាមនុស្សទូទៅយល់ស្របអំពីសារៈសំខាន់នៃពាក្យរបស់លោកយេស៊ូក្ដី តែពួកគេខ្វែងគំនិតគ្នាចំពោះអត្ថន័យនៃពាក្យទាំងនោះ។ ដូច្នេះ តើដំណឹងល្អជាអ្វីទៅ? តើរាជាណាចក្រជាអ្វី? តើទំនាយនេះនឹងត្រូវសម្រេចនៅពេលណា ហើយដោយអ្នកណា? ហើយតើអ្វីនឹងមកដល់«ទីបញ្ចប់»? សូមឲ្យយើងពិនិត្យមើលអំពីរឿងទាំងនេះ។
[រូបភាពនៅទំព័រ២, ៣]
ម៉ាថាយ ២៤:១៤ជាអក្សរដិត
ឯកសារចម្លងនៅក្រុងវ៉ាស៊ីនតោននៃសៀវភៅដំណឹងល្អទាំងបួន។[អ្នកផ្ដល់សិទ្ធិ]
From the book Facsimile of the Washington Manuscript of the Four Gospels in the Freer Collection 1912