សំណួរពីអ្នកអាន
សំណួរពីអ្នកអាន
តើមនុស្សម្នាក់ដែលប្រព្រឹត្តអំពើស្មោកគ្រោកអាចត្រូវបណ្ដាច់មិត្តភាពពីក្រុមជំនុំគ្រិស្តសាសនិក ដូចអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទឬអ្នកដែលមានសីលធម៌ធូររលុងឬទេ?
ចម្លើយគឺអាច។ បុគ្គលម្នាក់អាចត្រូវបណ្ដេញចេញពីក្រុមជំនុំ បើគាត់មិនប្រែចិត្តពីការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោកខ្លះ ឬការមានសីលធម៌ធូររលុង។ សាវ័កប៉ូលរៀបរាប់អំពីអំពើខុសឆ្គងទាំងបីនេះជាមួយការប្រព្រឹត្តឯទៀតដែលអាចនាំឲ្យបណ្ដាច់មិត្តភាព ពេលគាត់សរសេរថា៖ «ការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គងគឺជាក់ស្តែងហើយ ពោលគឺ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ការមានសីលធម៌ធូររលុង . . . ខ្ញុំកំពុងព្រមានអ្នករាល់គ្នាទុកជាមុន . . . អស់អ្នកដែលប្រព្រឹត្តការទាំងនេះនឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ»។—កាឡាទី ៥:១៩-២១
អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ (ពាក្យភាសាក្រិច ផូនៀ) គឺជាការរួមភេទរវាងមនុស្សដែលមិនបានរៀបការស្របតាមគោលការណ៍ក្នុងគម្ពីរ។ នេះរួមបញ្ចូលការផិតក្បត់ ពេស្យាចារ និងការរួមភេទរវាងអ្នកដែលមិនទាន់រៀបការជាមួយគ្នា ថែមទាំងការរួមភេទតាមមាត់និងតាមផ្លូវបាត និងការស្ទាបអង្អែលសរីរាង្គភេទរបស់អ្នកដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួន។ អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទដោយមិនប្រែចិត្ត គាត់មិនសមជាសមាជិកនៃក្រុមជំនុំទេ។
ការមានសីលធម៌ធូររលុង (ពាក្យភាសាក្រិច អាសិលគា) គឺជា«ការប្រព្រឹត្តដែលខុសសីលធម៌ខាងកាមដោយឥតកោតក្រែង លំឱនទៅតាមកាមតណ្ហា ការប្រព្រឹត្តមិនចេះខ្មាសអៀន និងការប្រព្រឹត្តដែលអាសអាភាស»។ វចនានុក្រមមួយបានបកស្រាយពាក្យនេះថាជាការប្រព្រឹត្តដែលបង្ហាញពី«ការមិនចេះទប់តណ្ហា . . . ភាពជ្រុលហួសហេតុ ភាពមិនចេះខ្មាសអៀន និងចិត្តរឹងទទឹង»។ (The New Thayer’s Greek-English Lexicon) វចនានុក្រមមួយទៀតពន្យល់ថា ការមានសីលធម៌ធូររលុងជាការប្រព្រឹត្តម្យ៉ាងដែល«បំពានក្រឹត្យក្រមសីលធម៌របស់សង្គម»។
ដូចបានបង្ហាញនៅខាងលើ «ការមានសីលធម៌ធូររលុង»រួមបញ្ចូលអ្វីពីរយ៉ាង (១) ការប្រព្រឹត្តនោះបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់ព្រះ និង(២) ចិត្តគំនិតរបស់អ្នកដែលធ្វើខុសគឺព្រហើននិងមិនបង្ហាញការគោរព។
ដូច្នេះ «ការមានសីលធម៌ធូររលុង»មិនសំដៅទៅលើការប្រព្រឹត្តអាក្រក់ដែលតូចតាចនោះទេ។ នេះទាក់ទងនឹងការប្រព្រឹត្តដែលបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់ព្រះ ហើយដែលបង្ហាញពីចិត្តគំនិតព្រហើនឥតកោតក្រែងឬចិត្តគំនិតដែលឥតអៀនខ្មាស។ នេះជាចិត្តគំនិតដែលមើលងាយឬមិនគោរពចំពោះសិទ្ធិអំណាច ច្បាប់និងខ្នាតតម្រា។ ប៉ូលបានផ្សារភ្ជាប់ការមានសីលធម៌ធូររលុងទៅនឹងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ (រ៉ូម ១៣:១៣, ១៤) កាឡាទី ៥:១៩-២១ បានរៀបរាប់អំពីការប្រព្រឹត្តអំពើខុសឆ្គងមួយចំនួនដែលនឹងធ្វើឲ្យអ្នកដែលប្រព្រឹត្តអំពើទាំងនោះមិនអាចទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ។ ការមានសីលធម៌ធូររលុងក៏បានត្រូវរៀបរាប់ក្នុងចំណោមនោះដែរ។ ហេតុនេះ ការមានសីលធម៌ធូររលុងជាមូលហេតុដើម្បីប្រដៅតម្រង់ និងអាចឈានដល់បណ្ដាច់មិត្តភាពបុគ្គលនោះពីក្រុមជំនុំ។
អំពើស្មោកគ្រោក (ពាក្យភាសាក្រិច អាកាថាស៊ីយ៉ា) ជាពាក្យដែលទូលំទូលាយជាងគេក្នុងចំណោមពាក្យទាំងបីដែលបកប្រែថា«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ» «អំពើស្មោកគ្រោក» និង«ការមានសីលធម៌ធូររលុង»។ នេះរួមបញ្ចូលភាពមិនបរិសុទ្ធគ្រប់បែបយ៉ាងខាងកាម ខាងពាក្យសម្ដី ខាងការប្រព្រឹត្ត និងក្នុងការគោរពប្រណិប័តន៍ព្រះ។ «អំពើស្មោកគ្រោក»រួមបញ្ចូលការប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរជាច្រើន។
ដូចបានកត់ទុកនៅកូរិនថូសទី២ ១២:២១ ប៉ូលបាននិយាយអំពីពួកអ្នកដែល«ធ្លាប់ធ្វើអំពើខុសឆ្គងតែមិនបានប្រែចិត្តពីភាពស្មោកគ្រោក អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ និងសីលធម៌ធូររលុងរបស់ពួកគេ»។ ដោយសារ«ភាពស្មោកគ្រោក»បានត្រូវរៀបរាប់ជាមួយនឹង«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ និងសីលធម៌ធូររលុង» នោះអំពើស្មោកគ្រោកខ្លះអាចជាហេតុនាំឲ្យមានការវិនិច្ឆ័យ។ ប៉ុន្តែអំពើស្មោកគ្រោកជាពាក្យទូលំទូលាយមួយដែលរួមបញ្ចូលការប្រព្រឹត្តខ្លះទៀតដែលមិនត្រូវការការវិនិច្ឆ័យទេ។ អំពើស្មោកគ្រោកមានធ្ងន់មានស្រាល ដែលប្រៀបដូចជាផ្ទះមួយដែលប្រហែលជាកខ្វក់បន្ដិចបន្តួច ឬក៏កខ្វក់ទាំងស្រុង។
យោងទៅតាមអេភេសូរ ៤:១៩ ប៉ូលបានស្រដីថាអ្នកខ្លះ«លែងស្គាល់ល្អស្គាល់អាក្រក់» ហើយ«ពួកគេបណ្ដោយខ្លួនទៅតាមសីលធម៌ធូររលុង ដើម្បីធ្វើអំពើស្មោកគ្រោកគ្រប់បែបយ៉ាងដោយចិត្តលោភលន់»។ យ៉ាងនេះ ប៉ូលចង់បញ្ជាក់ថា«អំពើស្មោកគ្រោក . . . ដោយចិត្តលោភលន់»គឺធ្ងន់ដូចការមានសីលធម៌ធូររលុងដែរ។ ដូច្នេះ ប្រសិនបើបុគ្គលម្នាក់ដែលទទួលការជ្រមុជទឹកហើយ មិនប្រែចិត្តពីការប្រព្រឹត្ត«អំពើស្មោកគ្រោក . . . ដោយចិត្តលោភលន់» គាត់អាចត្រូវបណ្ដេញចេញពីក្រុមជំនុំដោយសារគាត់បានប្រព្រឹត្តអំពើស្មោកគ្រោកធ្ងន់ធ្ងរ។
ឧបមាថាមនុស្សពីរនាក់ដែលភ្ជាប់ពាក្យហើយ បានថើបឱបរឹតនិងស្ទាបអង្អែលគ្នាដែលបង្កើតឲ្យមានតណ្ហាពុះកញ្ជ្រោល។ ពួកគេបានធ្វើដូច្នេះជាច្រើនដង។ ពួកអ្នកចាស់ទុំប្រហែលសម្រេចចិត្តថា ទោះជាពួកគេមិនបានបង្ហាញចិត្តគំនិតព្រហើនឥតកោតក្រែងដែលជាលក្ខណៈសម្គាល់នៃការមានសីលធម៌ធូររលុងក៏ដោយ តែការប្រព្រឹត្តរបស់ពួកគេក៏បង្ហាញពីចិត្តលោភលន់មួយកម្រិតដែរ។ ដូច្នេះ ពួកអ្នកចាស់ទុំប្រហែលជាវិនិច្ឆ័យចំពោះការប្រព្រឹត្តនោះ ពីព្រោះមានការ
ប្រព្រឹត្តដែលបង្ហាញពីអំពើស្មោកគ្រោកធ្ងន់ធ្ងរ។ ម្យ៉ាងទៀត បើបុគ្គលម្នាក់សន្ទនាជាញឹកញាប់តាមទូរស័ព្ទជាមួយអ្នកឯទៀតអំពីរឿងអាសអាភាស នោះក៏អាចចាត់ទុកជាអំពើស្មោកគ្រោកធ្ងន់ធ្ងរដែលពួកអ្នកចាស់ទុំត្រូវវិនិច្ឆ័យដែរ ជាពិសេស បើបុគ្គលនោះបានទទួលឱវាទស្តីអំពីរឿងនេះម្ដងរួចទៅហើយ។ពួកអ្នកចាស់ទុំត្រូវមានសមត្ថភាពវែកញែកក្នុងការសម្រេចថារឿងបែបណាដែលគួរឬមិនគួរវិនិច្ឆ័យ។ ដើម្បីធ្វើដូច្នេះ ពួកគាត់ត្រូវពិនិត្យមើលយ៉ាងហ្មត់ចត់អំពីអ្វីដែលអ្នកនោះបានប្រព្រឹត្ត ហើយថាការប្រព្រឹត្តនោះបានឈានដល់កម្រិតណា។ ពួកអ្នកចាស់ទុំមិនចោទថាបុគ្គលម្នាក់មានសីលធម៌ធូររលុងដោយសារតែគាត់មិនព្រមទទួលឱវាទក្នុងគម្ពីរពីពួកគាត់នោះទេ។ ម្យ៉ាងទៀត ពួកអ្នកចាស់ទុំក៏មិនត្រូវសម្រេចចិត្តវិនិច្ឆ័យបុគ្គលម្នាក់ដោយគ្រាន់តែគិតអំពីប៉ុន្មានដងដែលគាត់បានធ្វើអំពើខុសឆ្គងណាមួយដែរ។ ចំពោះរឿងនីមួយៗ ពួកអ្នកចាស់ទុំត្រូវអធិដ្ឋាននិងពិនិត្យមើលឲ្យបានដិតដល់ ថែមទាំងស្វែងយល់អំពីអំពើដែលបុគ្គលម្នាក់បានប្រព្រឹត្ត ហើយថាគាត់បានប្រព្រឹត្តអំពើនោះញឹកញាប់ប៉ុណ្ណា។ មួយវិញទៀត ពួកអ្នកចាស់ទុំពិតជាចង់ស្វែងយល់អំពីកំហុសនោះ ហើយថាកំហុសនោះបានឈានដល់កម្រិតណានិងយូរប៉ុណ្ណា ព្រមទាំងបំណងចិត្តនៃអ្នកដែលធ្វើខុសដែរ។
អំពើស្មោកគ្រោកធ្ងន់ធ្ងរមិនគ្រាន់តែជាអំពើខុសឆ្គងខាងផ្លូវភេទប៉ុណ្ណោះទេ។ ជាឧទាហរណ៍ ប្អូនប្រុសដែលបានទទួលការជ្រមុជទឹកហើយ ប្រហែលជាជក់បារីពីរបីដើមក្នុងរយៈពេលមួយ ហើយក្រោយមកគាត់សារភាពប្រាប់ឪពុកម្ដាយ។ គាត់ប្ដេជ្ញាចិត្តថាឈប់ជក់បារីទៀតហើយ។ នេះជាអំពើស្មោកគ្រោកមែន ប៉ុន្តែមិនទាន់បានឈានទៅដល់កម្រិតដែលជាអំពើស្មោកគ្រោកធ្ងន់ធ្ងរ ឬ«អំពើស្មោកគ្រោក . . . ដោយចិត្តលោភលន់»នោះទេ។ ក្នុងករណីនេះ បើអ្នកចាស់ទុំម្នាក់ឬពីរនាក់ជូនឱវាទពីគម្ពីរ និងមានជំនួយពីឪពុកម្ដាយរបស់គាត់ នោះជាអ្វីដែលគ្រប់គ្រាន់ហើយ។ ប៉ុន្តែ ប្រសិនបើប្អូនប្រុសនោះជក់បារីជាញឹកញាប់ នេះនឹងបង្ហាញថាគាត់ធ្វើដោយចេតនានូវអ្វីដែលនាំឲ្យស្មោកគ្រោក ហើយគណៈកម្មាធិការវិនិច្ឆ័យត្រូវតែបង្កើតឡើងដើម្បីពិចារណាអំពីរឿងនេះដែលជាអំពើស្មោកគ្រោកធ្ងន់ធ្ងរ។ (កូរិនថូសទី២ ៧:១) បើប្អូនប្រុសនោះមិនប្រែចិត្ត គាត់នឹងត្រូវបណ្ដាច់មិត្តភាព។
គ្រិស្តសាសនិកខ្លះចាប់ផ្ដើមមើលរូបអាសអាភាស។ នេះជាអំពើមួយដែលធ្វើឲ្យព្រះទើសចិត្ត ហើយពួកអ្នកចាស់ទុំក៏ភ្ញាក់ផ្អើលដែរដោយដឹងថាបងប្អូនរួមជំនឿម្នាក់ធ្វើដូច្នេះ។ ប៉ុន្តែ មិនមែនការមើលរូបអាសអាភាសទាំងអស់តម្រូវឲ្យបង្កើតគណៈកម្មាធិការវិនិច្ឆ័យនោះទេ។ ជាឧទាហរណ៍ បងប្រុសម្នាក់មើលរូបអាសអាភាសធម្មតាពីរបីដង។ គាត់មានអារម្មណ៍អៀនខ្មាស ហើយសារភាពកំហុសប្រាប់អ្នកចាស់ទុំម្នាក់ ថែមទាំងតាំងចិត្តមិនធ្វើអំពើនោះម្ដងទៀតទេ។ អ្នកចាស់ទុំម្នាក់នោះអាចសន្និដ្ឋានថាការប្រព្រឹត្តរបស់បងប្រុសនោះមិនទាន់ឈានដល់«អំពើស្មោកគ្រោក . . . ដោយចិត្តលោភលន់»ទេ ហើយថាគាត់ក៏មិនបង្ហាញចិត្តគំនិតព្រហើនឥតកោតក្រែងដែលជាលក្ខណៈសម្គាល់នៃការមានសីលធម៌ធូររលុងដែរ។ ស្តីអំពីអំពើស្មោកគ្រោកបែបនេះមិនចាំបាច់មានគណៈកម្មាធិការវិនិច្ឆ័យទេ ប៉ុន្តែត្រូវផ្ដល់ដំបូន្មានយ៉ាងម៉ឺងម៉ាត់ដែលមានមូលដ្ឋានលើគម្ពីរដល់គាត់ ហើយយូរៗម្ដង ប្រហែលជាអ្នកចាស់ទុំត្រូវនិយាយជាមួយគាត់អំពីអ្វីដែលគាត់បានធ្វើដើម្បីជួយដោះស្រាយបញ្ហានោះ។
ក៏ប៉ុន្តែ ឧបមាថាអស់ជាច្រើនឆ្នាំ គ្រិស្តសាសនិកម្នាក់បានមើលដោយសម្ងាត់នូវរូបអាសអាភាសគួរខ្ពើមរអើមដែលបង្ហាញពីការរួមភេទដែលថោកទាប ហើយបានខំធ្វើអ្វីៗទាំងអស់ដើម្បីលាក់អំពើខុសឆ្គងនោះ។ រូបអាសអាភាសបែបនោះប្រហែលជាបង្ហាញពីការចាប់រំលោភជាក្រុម ការចងចំណងដើម្បីរួមភេទ ទារុណកម្មដ៏សាហាវព្រៃផ្សៃ ការធ្វើបាបស្ត្រីភេទឬរូបស្រាតរបស់កូនក្មេង។ ពេលអ្នកឯទៀតដឹងអំពីការប្រព្រឹត្តរបស់គាត់ នោះគាត់ខ្មាសគេណាស់។ គាត់មិនបានបង្ហាញចិត្តគំនិតព្រហើនដែលឥតកោតក្រែងទេ តែពួកអ្នកចាស់ទុំប្រហែលសម្រេចចិត្តថាគាត់បាន«បណ្ដោយខ្លួនទៅតាម»ទម្លាប់ដ៏អាក្រក់នេះ ហើយបានប្រព្រឹត្ត«អំពើស្មោកគ្រោក . . . ដោយចិត្តលោភលន់» ពោលគឺអំពើស្មោកគ្រោកធ្ងន់ធ្ងរ។ ក្នុងកាលៈទេសៈបែបនេះ ត្រូវមានគណៈកម្មាធិការវិនិច្ឆ័យ ដោយសាររឿងនេះទាក់ទងនឹងអំពើស្មោកគ្រោកធ្ងន់ធ្ងរ។ អ្នកដែលធ្វើខុសនោះនឹងអាចត្រូវបណ្ដាច់មិត្តភាព បើគាត់មិនបង្ហាញការប្រែចិត្តនិងមិនបង្ហាញការតាំងចិត្តឈប់មើលរូបអាសអាភាសម្ដងទៀតនោះទេ។ ប្រសិនបើគាត់អញ្ជើញអ្នកឯទៀតឲ្យមើលរូបអាសអាភាសនៅផ្ទះគាត់ នោះគាត់កំពុងលើកទឹកចិត្តអ្នកឯទៀតឲ្យមើលរូបអាសអាភាស ហើយនេះជាភ័ស្តុតាងដែលបញ្ជាក់ថាគាត់មានចិត្តគំនិតព្រហើនឥតកោតក្រែងដែលជាលក្ខណៈសម្គាល់នៃការមានសីលធម៌ធូររលុង។
ពាក្យក្នុងគម្ពីរដែលបានត្រូវបកប្រែថា«ការមានសីលធម៌ធូររលុង»តែងតែជាប់ទាក់ទងនឹងអំពើខុសឆ្គងធ្ងន់ធ្ងរ ដែលភាគច្រើនជាអំពើខុសឆ្គងខាងផ្លូវភេទ។ ពេលពួកអ្នកចាស់ទុំព្យាយាមសម្គាល់ការប្រព្រឹត្តដែលជាការមានសីលធម៌ធូររលុង នោះពួកគាត់គួរខំយល់អំពីការប្រព្រឹត្តនោះថាជាការប្រព្រឹត្តដែលបានបង្ហាញពីភាពព្រហើនឥតកោតក្រែង ការលំឱនទៅតាមកាមតណ្ហា ភាពស្មោកគ្រោក ការមិនចេះខ្មាសអៀន និងការបំពានគោលការណ៍សីលធម៌របស់សង្គម។ ផ្ទុយទៅវិញ មនុស្សម្នាក់ដែលបំពានលើច្បាប់របស់ព្រះយេហូវ៉ាយ៉ាងធ្ងន់ធ្ងរ ដែលគាត់មិនបានបង្ហាញចិត្តគំនិតព្រហើនឥតកោតក្រែងទេ តែគាត់ប្រហែលជាបង្ហាញពី«ចិត្តលោភលន់»វិញ។ ក្នុងករណីទាំងនេះ ពួកអ្នកចាស់ទុំត្រូវធ្វើការវិនិច្ឆ័យដោយសារនេះទាក់ទងនឹងអំពើស្មោកគ្រោកធ្ងន់ធ្ងរ។
ការចាត់ទុកថាបុគ្គលម្នាក់បានប្រព្រឹត្តខុសដល់កម្រិតដែលឈានទៅដល់អំពើស្មោកគ្រោកធ្ងន់ធ្ងរ ឬការមានសីលធម៌ធូររលុងជាការសម្រេចចិត្តដ៏សំខាន់ ពីព្រោះនេះជារឿងស្លាប់រស់។ ពួកអ្នកដែលវិនិច្ឆ័យរឿងបែបនោះត្រូវអធិដ្ឋានសុំសកម្មពលបរិសុទ្ធ សមត្ថភាពវែកញែក និងការយល់ដឹងពីព្រះ។ ពួកអ្នកចាស់ទុំត្រូវរក្សាភាពស្អាតស្អំរបស់ក្រុមជំនុំនិងត្រូវវិនិច្ឆ័យដោយផ្អែកលើបណ្ដាំរបស់ព្រះ ថែមទាំងការណែនាំពី«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ (ម៉ាថាយ ១៨:១៨; ២៤:៤៥) ដូច្នេះ ក្នុងសម័យដែលខ្វះសីលធម៌នេះ ពួកអ្នកចាស់ទុំត្រូវចាំជាងពេលមុនៗទៅទៀតនូវពាក្យដែលថា៖ «ចូរពិចារណាការដែលអ្នករាល់គ្នាធ្វើចុះ ដ្បិតអ្នករាល់គ្នាមិនមែនជំនុំជំរះឲ្យគាប់ចិត្តដល់មនុស្សទេ គឺឲ្យព្រះយេហូវ៉ាបានពេញព្រះហឫទ័យវិញ»។—របាក្សត្រទី២ ១៩:៦