លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការទុកចិត្ដព្រះយេហូវ៉ាទាំងស្រុងនាំឲ្យមានសេចក្ដីសុខ

ការទុកចិត្ដព្រះយេហូវ៉ាទាំងស្រុងនាំឲ្យមានសេចក្ដីសុខ

ការ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ទាំង​ស្រុង​នាំ​ឲ្យ​មាន​សេចក្ដី​សុខ

​«​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ស្ដាប់ ក្នុង​កាល​ដែល​អញ​អំពាវ​នាវ​ដល់​ទ្រង់​»។—ទំនុក. ៤:៣

១, ២​. (​ក​) តើ​ដាវីឌ​ប្រឈម​មុខ​នឹង​ស្ថានការណ៍​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​អ្វី? (​ខ​) តើ​យើង​នឹង​ពិចារណា​អំពី​ទំនុក​ណាខ្លះ​ក្នុង​អត្ថបទ​នេះ?

ស្តេច​ ដាវីឌ​បាន​គ្រប់​គ្រង​លើ​ប្រទេស​អ៊ីស្រាអែល​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ឥឡូវ​គាត់​ត្រូវ​ប្រឈម​មុខ​នឹង​ស្ថានការណ៍​ដ៏​ខ្លោច​ផ្សា​មួយ។ អាប់សាឡំម​ដែល​ជា​កូន​ប្រុស​របស់​គាត់ បាន​រៀប​ផែនការ​ក្បត់ ហើយ​ប្រកាស​ខ្លួន​ជា​ស្តេច ហេតុ​នេះ​ដាវីឌ​ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​ក្រុង​យេរូសាឡិម។ មនុស្ស​ជំនិត​របស់​គាត់​ក៏​ក្បត់​គាត់​ដែរ ហើយ​ឥឡូវ​គាត់​កំពុង​ដើរ​លើ​ភ្នំដើមអូលីវ​ដោយ​គ្មាន​ស្បែក​ជើង ទាំង​ដើរ​បណ្ដើរ​យំ​បណ្ដើរ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ស្មោះ​ត្រង់​ខ្លះ​របស់​គាត់។ ម្យ៉ាង​ទៀត ស៊ីម៉ាយ​ដែល​ជា​ញាតិ​សន្ដាន​របស់​ស្តេច​សូល កំពុង​គប់​ដុំ​ថ្ម​និង​បាច​ដី​ដាក់​ដាវីឌ​ទាំង​ជេរ​ប្រមាថ​គាត់​ផង​ដែរ។—២សាំ. ១៥:៣០, ៣១; ១៦:៥​-​១៤

តើ​ទុក្ខវេទនា​ទាំង​នេះ​នឹង​នាំ​ឲ្យ​ដាវីឌ​ស្លាប់​ដោយ​មាន​ការ​ឈឺ​ចាប់​និង​អាម៉ាស់​មុខ​ឬ​ទេ? មិន​មែន​ទេ ព្រោះ​គាត់​បាន​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។ នេះ​បាន​ឃើញ​ច្បាស់​តាម​រយៈ​ទំនុក​ទី​៣​ដែល​គាត់​បាន​តែង​ស្តី​អំពី​ការ​រត់​ភៀស​ខ្លួន​របស់​គាត់។ គាត់​ក៏​បាន​តែង​ទំនុក​ទី​៤​ដែរ។ ទំនុក​ទាំង​ពីរ​នេះ​បង្ហាញ​អំពី​ទំនុក​ចិត្ត​របស់​គាត់​ថា​ព្រះ​ស្ដាប់​និង​ធ្វើ​តាម​សំណូម​ពរ​របស់​គាត់។ (​ទំនុក. ៣:៤; ៤:៣​) ទំនុក​នេះ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក​ទាំង​យប់​ទាំង​ថ្ងៃ ថែម​ទាំង​ឲ្យ​ពរ​ដោយ​គាំទ្រ​ពួក​គេ ហើយ​ក៏​ឲ្យ​ពួក​គេ​មាន​ចិត្ត​ស្ងប់ និង​មាន​សេចក្ដី​សុខ។ (​ទំនុក. ៣:៥; ៤:៨​) ដូច្នេះ សូម​ឲ្យ​យើង​ពិចារណា​ទំនុក​ទាំង​ពីរ​នេះ ហើយ​យល់​នូវ​របៀប​ដែល​ទំនុក​នេះ​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​និង​ចេះ​ទុក​ចិត្ត​លើ​ព្រះ។

ពេល​‹មនុស្ស​ជា​ច្រើន​លើក​គ្នា​ទាស់​នឹង​យើង›

៣​. ដូច​បាន​បង្ហាញ​នៅ​ទំនុកតម្កើង ៣:១, ២ តើ​ដាវីឌ​ស្ថិត​ក្នុង​ស្ថានភាព​អ្វី?

អ្នក​នាំ​ដំណឹង​ម្នាក់​បាន​ប្រាប់​ដាវីឌ​ថា​៖ ​«​ពួក​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​គ្នា មាន​ចិត្ត​និយម​ទៅ​តាម​អាប់សាឡំម​ហើយ​»។ (​២សាំ. ១៥:​១៣​) ដោយ​ឆ្ងល់​អំពី​របៀប​ដែល​អាប់សាឡំម​អាច​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ចូល​ខាង​គាត់ នោះ​ដាវីឌ​បាន​ពោល​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ពួក​ខ្មាំង​នៃ​ទូល​បង្គំ​មាន​គ្នា​កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា​ហ្ន៎! មាន​មនុស្ស​ជា​ច្រើន​បាន​លើក​គ្នា​ទាស់​នឹង​ទូល​បង្គំ​ហើយ មាន​គ្នា​ច្រើន​និយាយ​ពី​ព្រលឹង​ទូល​បង្គំ​ថា នៅ​ក្នុង​ព្រះ គ្មាន​សេចក្ដី​សង្គ្រោះ​ដល់​វា​ទៀត​ទេ​»។ (​ទំនុក. ៣:១, ២​) ជន​ជាតិ​អ៊ីស្រាអែល​ជា​ច្រើន​គិត​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​ជួយ​ដាវីឌ​ឲ្យ​រួច​ពី​ទុក្ខវេទនា​ដែល​បណ្ដាល​មក​ពី​អាប់សាឡំម​និង​ពួក​គ្នីគ្នា​របស់​គាត់​ទេ។

៤, ៥​. (​ក​) តើ​ដាវីឌ​ជឿ​ជាក់​អំពី​អ្វី? (​ខ​)​ តើ​ពាក្យ​«​អ្នក​លើក​ក្បាល​ទូល​បង្គំ​ឡើង​»​បញ្ជាក់​អំពី​អ្វី?

ប៉ុន្តែ ដាវីឌ​មាន​សេចក្ដី​សុខ​ដោយ​សារ​គាត់​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ។ គាត់​បាន​ច្រៀង​ថា​៖ ​«​ប៉ុន្តែ ឱ​ព្រះ​យេហូវ៉ា​អើយ! ទ្រង់​ជា​ខែល​បាំង​ទូល​បង្គំ​ជុំ​វិញ ក៏​ជា​សិរី​ល្អ​នៃ​ទូល​បង្គំ ហើយ​ជា​អ្នក​លើក​ក្បាល​ទូល​បង្គំ​ឡើង​ដែរ​»។ (​ទំនុក. ៣:៣​) ដូច​ខែល​ការពារ​ទាហាន នោះ​ដាវីឌ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ការពារ​គាត់​ដែរ។ ពិត​មែន ស្តេច​វ័យ​ចាស់​នេះ​កំពុង​រត់​ភៀស​ខ្លួន ហើយ​ទទូរ​ក្បាល​របស់​គាត់​ដោយ​ឱន​មុខ​យ៉ាង​អាម៉ាស់។ ប៉ុន្តែ ព្រះ​ដ៏​ខ្ពស់​បំផុត​នឹង​កែប្រែ​ស្ថានភាព​របស់​ដាវីឌ​ឲ្យ​មាន​កិត្ដិយស​ឡើង​វិញ។ ព្រះ​យេហូវ៉ា​នឹង​ជួយ​គាត់​ឲ្យ​ងើប​ឈរ​ត្រង់​និង​លើក​ក្បាល​គាត់​ឡើង។ ដាវីឌ​អធិដ្ឋាន​ទៅ​ព្រះ​ដោយ​ប្រាកដ​ក្នុង​ចិត្ត​ថា​លោក​នឹង​ធ្វើ​តាម​ការ​អធិដ្ឋាន​របស់​គាត់។ តើ​អ្នក​មាន​ទំនុក​ចិត្ត​បែប​នេះ​ទៅ​លើ​ព្រះ​យេហូវ៉ា​ឬ​ទេ?

ដោយ​ប្រើ​ពាក្យ​«​អ្នក​លើក​ក្បាល​ទូល​បង្គំ​ឡើង​»​ នោះ​ដាវីឌ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​គាត់។ សេចក្ដី​បក​ប្រែ​ផ្សេង​មួយ​ទៀត​បាន​បក​ប្រែ​ឃ្លា​នេះ​ថា​៖ ​«​ប៉ុន្តែ ព្រះ​អង្គ​តែង​តែ​ជា​ខែល​របស់​ខ្ញុំ​ដែល​ការពារ​ខ្ញុំ​ពី​គ្រោះ​ថ្នាក់ លោក​ជួយ​ខ្ញុំ​ឲ្យ​បាន​ជ័យ​ជម្នះ​និង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ក្លាហាន​ឡើង​វិញ​»។ (​Today’s English Version​) ស្តី​អំពី​ឃ្លា​ដែល​ថា​«​អ្នក​លើក​ក្បាល​ទូល​បង្គំ​ឡើង​»​ ឯកសារ​យោង​មួយ​បាន​ចែង​ថា​៖ ​«​ពេល​ព្រះ​លើក​‹ក្បាល› . . . អ្នក​ណា​ម្នាក់​ឡើង នោះ​លោក​ធ្វើ​ឲ្យ​ពួក​គេ​មាន​សង្ឃឹម​និង​សេចក្ដី​សុខ​»។ ដោយ​មាន​គេ​បាន​ដណ្ដើម​រាជ្យ​ដែល​បណ្ដាល​ឲ្យ​ដាវីឌ​ត្រូវ​ភៀស​ខ្លួន​ចេញ នោះ​គាត់​មាន​ហេតុ​ត្រឹម​ត្រូវ​ដែល​ធ្វើ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត​មែន។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពេល​ដែល​ព្រះ​‹លើក​ក្បាល​គាត់​ឡើង› នោះ​គាត់​នឹង​មាន​ចិត្ត​ក្លាហាន​ឡើង​វិញ ហើយ​មាន​សេចក្ដី​សុខ ថែម​ទាំង​មាន​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​កាន់​តែ​ខ្លាំង​ឡើង។

‹ព្រះ​យេហូវ៉ា​ក៏​ឆ្លើយ​តប​មក​ខ្ញុំ!›

៦​. ហេតុ​អ្វី​ដាវីឌ​អាច​រៀប​រាប់​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​គាត់​ពី​ភ្នំ​បរិសុទ្ធ​របស់​លោក?

ដោយ​មាន​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​និង​មាន​សេចក្ដី​សុខ​ក្នុង​ចិត្ត នោះ​ដាវីឌ​បាន​បន្ត​ថា​៖ ​«​ខ្ញុំ​ឡើង​សំឡេង​អំពាវ​នាវ​ដល់​ព្រះ​យេហូវ៉ា ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ពី​លើ​ភ្នំ​បរិសុទ្ធ​របស់​ទ្រង់​»។ (​ទំនុក. ៣:៤​) ហឹប​នៃ​សេចក្ដី​សញ្ញា​ឬ​កិច្ច​ព្រមព្រៀង​បាន​ត្រូវ​យក​មក​ដាក់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​តាម​បង្គាប់​របស់​ដាវីឌ។ ហឹប​នេះ​តំណាង​វត្តមាន​របស់​ព្រះ។ (​សូម​អាន សាំយូអែលទី២ ១៥:២៣​-​២៥) ដូច្នេះ ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​ដាវីឌ​រៀប​រាប់​ថា​ព្រះ​យេហូវ៉ា​នឹង​ឆ្លើយ​តប​ឬ​ធ្វើ​តាម​សំណូម​ពរ​របស់​គាត់​ពី​ភ្នំ​បរិសុទ្ធ​របស់​លោក។

៧​. ហេតុ​អ្វី​ដាវីឌ​មិន​ចេះ​ភ័យ​ខ្លាច​អ្វី​ឡើយ?

ដាវីឌ​ជឿ​ជាក់​ថា​ការ​អធិដ្ឋាន​របស់​គាត់​ចំពោះ​ព្រះ​នឹង​មិន​ដែល​អត់​ប្រយោជន៍​ទេ ហើយ​នេះ​ធ្វើ​ឲ្យ​គាត់​មិន​ចេះ​ភ័យ​ខ្លាច​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ច្រៀង​ថា​៖ ​«​ខ្ញុំ​បាន​ដេក​លក់​ទៅ ហើយ​ក៏​ភ្ញាក់​ឡើង​វិញ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​ទប់​ទល់​ខ្ញុំ​»។ (​ទំនុក. ៣:៥​) នៅ​ពេល​យប់​ជា​ពេល​ល្អ​បំផុត​ដែល​សត្រូវ​របស់​ដាវីឌ​អាច​វាយ​ប្រហារ​គាត់ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គាត់​នៅ​តែ​អាច​ដេក​លក់​បាន។ គាត់​ជឿ​ជាក់​ថា​គាត់​នឹង​ភ្ញាក់​ឡើង​វិញ ព្រោះ​អ្វី​ដែល​គាត់​បាន​ប្រឈម​មុខ​ពី​មុន​បាន​ជួយ​គាត់​ឲ្យ​ទុក​ចិត្ត​ថា ព្រះ​នឹង​ទប់​ទល់​ឬ​គាំទ្រ​គាត់​រហូត។ យើង​ក៏​អាច​មាន​ទំនុក​ចិត្ត​ដូច្នេះ​ដែរ បើ​យើង​កាន់​តាម​«​អស់​ទាំង​ផ្លូវ​នៃ​ព្រះ​យេហូវ៉ា​»​និង​មិន​បែរ​ចេញ​ពី​លោក​នោះ។—សូម​អាន សាំយូអែលទី២ ២២:២១, ២២

៨​. តើ​ទំនុកតម្កើង ២៧:១​-​៤ បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ដាវីឌ​ទុក​ចិត្ត​ទៅ​លើ​ព្រះ?

ដាវីឌ​បាន​បង្ហាញ​ក្នុង​ទំនុក​មួយ​ទៀត​របស់​គាត់​ថា​គាត់​មាន​សេចក្ដី​សុខ​ក្នុង​ចិត្ត​និង​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា។ គាត់​បាន​សរសេរ​ទំនុក​នេះ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​ជា​ពន្លឺ ហើយ​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ តើ​ខ្ញុំ​នឹង​ត្រូវ​ខ្លាច​ចំពោះ​អ្នក​ណា? ព្រះ​យេហូវ៉ា​ទ្រង់​ជា​ទី​ពឹង​ពំនាក់​នៃ​ជីវិត​ខ្ញុំ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ភ័យ​ចំពោះ​អ្នក​ណា? . . . ទោះ​បើ​មាន​ពួក​ពល​មក​បោះទ័ព​ច្បាំង​នឹង​ខ្ញុំ គង់តែ​ចិត្ត​ខ្ញុំ​មិន​ភ័យ​ឡើយ . . . ខ្ញុំ​បាន​សូម​សេចក្ដី​តែ​១​ពី​ព្រះ​យេហូវ៉ា ហើយ​នឹង​ស្វែងរក​សេចក្ដី​នោះ​ឯង គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​យេហូវ៉ា​រាល់​តែ​ថ្ងៃ​អស់​១​ជីវិត​ខ្ញុំ ដើម្បី​នឹង​រំពឹង​មើល​សេចក្ដី​លំអ​នៃ​ព្រះ​យេហូវ៉ា ហើយ​នឹង​ពិនិត្យ​ពិចារណា​នៅ​ក្នុង​ព្រះ​វិហារ​របស់​ទ្រង់​»។ (​ទំនុក. ២៧:១​-​៤​) បើ​អ្នក​មាន​អារម្មណ៍​ដូច​ដាវីឌ ហើយ​បើ​អ្នក​អាច​ធ្វើ​បាន នោះ​អ្នក​នឹង​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​របស់​អ្នក។—ហេ. ១០:២៣​-​២៥

៩, ១០​. ទោះ​ជា​ដាវីឌ​និយាយ​ពាក្យ​ដែល​មាន​ក្នុង​ទំនុកតម្កើង ៣:៦, ៧​ក៏​ដោយ ហេតុ​អ្វី​យើង​ដឹង​ថា​គាត់​មិន​មាន​ចិត្ត​ចង់​សង​សឹក?

ទោះ​ជា​អាប់សាឡំម​ក្បត់​គាត់​និង​មនុស្ស​ជា​ច្រើន​លែង​ស្មោះ​ត្រង់​នឹង​គាត់​ក៏​ដោយ ដាវីឌ​នៅ​តែ​ច្រៀង​ថា​៖ ​«​ខ្ញុំ​មិន​ខ្លាច​ដល់​មនុស្ស​ទាំង​សល់​សែន ដែល​បាន​តាំង​ខ្លួន​ព័ទ្ធ​ជុំ​វិញ​ទាស់​នឹង​ខ្ញុំ​ឡើយ។ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ទ្រង់​ក្រោក​ឡើង ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ! សូម​ទ្រង់​ជួយ​សង្គ្រោះ​ទូល​បង្គំ​ផង ដ្បិត​គឺ​ទ្រង់​ដែល​ទះ​កំផ្លៀង​អស់​ទាំង​ខ្មាំង​សត្រូវ​នៃ​ទូល​បង្គំ ទ្រង់​បំបាក់​ធ្មេញ​របស់​ពួក​មនុស្ស​អាក្រក់​ដែរ​»។ទំនុក. ៣:៦, ៧

១០ ដាវីឌ​មិន​មាន​ចិត្ត​ចង់​សង​សឹក​ទេ។ បើ​សត្រូវ​របស់​គាត់​បាន​ត្រូវ​«​ទះ​កំផ្លៀង​»​ នោះ​គឺជា​ព្រះ​ទេ​ដែល​ជា​អ្នក​ធ្វើ។ ស្តេច​ដាវីឌ​បាន​ចម្លង​ច្បាប់​របស់​ព្រះ​ដោយ​ខ្លួន​គាត់ ហើយ​គាត់​ដឹង​ថា​ក្នុង​ច្បាប់​នោះ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា​៖ ​«​សេចក្ដី​សង​សឹក​នឹង​សេចក្ដី​សង​គុណ នោះ​ស្រេច​នៅ​អញ​»។ (​ចោ. ១៧:១៤, ១៥, ១៨; ៣២:៣៥​) ព្រះ​ក៏​ជា​អ្នក​ដែល​«​បំបាក់​ធ្មេញ​របស់​ពួក​មនុស្ស​អាក្រក់​ដែរ​»។ ការ​បំបាក់​ធ្មេញ​របស់​ពួក​គេ​មាន​ន័យ​ថា​ធ្វើ​ឲ្យ​ពួក​គេ​លែង​មាន​កម្លាំង​ដើម្បី​ធ្វើ​អាក្រក់​ទៀត។ ព្រះ​យេហូវ៉ា​ដឹង​ថា​អ្នក​ណា​ជា​មនុស្ស​អាក្រក់​ពីព្រោះ​លោក​អាច​‹មើល​ឃើញ​ក្នុង​ចិត្ត›​របស់​ពួក​គេ។ (​១សាំ. ១៦:៧​) សាថាន​ជា​អ្នក​ដែល​អាក្រក់​ជួជាតិ​បំផុត ហើយ​បន្ដិច​ទៀត​វា​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ជង្ហុក​ធំ។ វា​សម​តែ​នឹង​ទទួល​ការ​បំផ្លាញ​ចោល ដូច​សត្វ​តោ​ដែល​គ្រហឹម​តែ​គ្មាន​ធ្មេញ​ដើម្បី​ត្របាក់​បាន​ឡើយ។ ដូច្នេះ យើង​ពិត​ជា​មាន​អំណរ​ណាស់ ដែល​ព្រះ​ជួយ​យើង​ឲ្យ​មាន​ជំនឿ ថែម​ទាំង​ផ្ដល់​កម្លាំង​ឲ្យ​យើង​ដើម្បី​ឈរ​មាំ​មួន​ក្នុង​ការ​ប្រឆាំង​នឹង​វា!—១ពេ. ៥:៨, ៩; បប. ២០:១, ២, ៧​-​១០

«​សេចក្ដី​សង្គ្រោះ នោះ​ស្រេច​នៅ​ព្រះ​យេហូវ៉ា​»​

១១​. ហេតុ​អ្វី​យើង​គួរ​អធិដ្ឋាន​ឲ្យ​បង​ប្អូន​រួម​ជំនឿ​របស់​យើង?

១១ ដាវីឌ​ត្រូវ​ការ​នូវ​ការ​សង្គ្រោះ​ជា​ចាំ​បាច់ ហើយ​គាត់​ទទួល​ស្គាល់​ថា​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​សង្គ្រោះ​គាត់​បាន។ ប៉ុន្តែ​ជា​ជាង​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន គាត់​ក៏​បាន​គិត​អំពី​រាស្ត្រ​ទាំង​ឡាយ​របស់​ព្រះ​យេហូវ៉ា​ដែរ។ ហេតុ​នេះ​ហើយ ដាវីឌ​បាន​បញ្ចប់​ចម្រៀង​ដែល​គាត់​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ដោយ​ពាក្យ​ថា​៖ ​«​ឯ​សេចក្ដី​សង្គ្រោះ នោះ​ស្រេច​នៅ​ព្រះ​យេហូវ៉ា សូម​ឲ្យ​ព្រះ​ពរ​ទ្រង់​បាន​នៅ​លើ​រាស្ត្រ​ទ្រង់​ចុះ​»។ (​ទំនុក. ៣:៨​) ពិត​មែន ទោះ​ជា​ដាវីឌ​មាន​បញ្ហា​ធំ​ក៏​ដោយ គាត់​នៅ​តែ​ចង​ចាំ​អំពី​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជា​ទូទៅ ថែម​ទាំង​មាន​ទំនុក​ចិត្ត​ថា​លោក​នឹង​ឲ្យ​ពរ​ដល់​ពួក​គាត់។ យើង​ក៏​គួរតែ​ចង​ចាំ​បង​ប្អូន​រួម​ជំនឿ​របស់​យើង​ដែរ មែន​ទេ? ដូច្នេះ ក្នុង​ការ​អធិដ្ឋាន​របស់​យើង សូម​ឲ្យ​យើង​ចង​ចាំ​អំពី​ពួក​គាត់ ហើយ​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​សកម្មពល​បរិសុទ្ធ​ដល់​ពួក​គាត់​ដើម្បី​ឲ្យ​ពួក​គាត់​អាច​មាន​ចិត្ត​ក្លាហាន​កាន់​តែ​ច្រើន និង​អាច​ទុក​ចិត្ត​លោក​ទាំង​ស្រុង​ដើម្បី​ប្រកាស​ដំណឹង​ល្អ។—អេភ. ៦:១៧​-​២០

១២, ១៣​. តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​អាប់សាឡំម? ហើយ​តើ​ដាវីឌ​មាន​អារម្មណ៍​យ៉ាង​ណា?

១២ ជីវិត​របស់​អាប់សាឡំម​បាន​មក​ដល់​ទី​បញ្ចប់​ក្នុង​ស្ថានភាព​មួយ​ដែល​អាប់​កិត្ដិយស​ណាស់ ហើយ​នេះ​ជា​ការ​ព្រមាន​ចំពោះ​អស់​អ្នក​ដែល​ធ្វើ​បាប​ដល់​អ្នក​ឯ​ទៀត ជា​ពិសេស​ដល់​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ដូច​ជា​ដាវីឌ​ជា​ដើម។ (​សូម​អាន សុភាសិត ៣:៣១​-​៣៥) កង​ទ័ព​របស់​អាប់សាឡំម​បាន​បរាជ័យ​ក្នុង​សង្គ្រាម។ អាប់សាឡំម​កំពុង​រត់​គេច​ខ្លួន​ដោយ​ជិះ​សត្វ​លា​មួយ ហើយ​ពេល​នោះ​សក់​ដ៏​សែន​ស្អាត​របស់​គាត់​ក៏​ទាក់​ជាប់​នឹង​មែក​ឈើ​សាងញ៉ាង​របស់​ដើម​ឈើ​ធំ​មួយ។ គាត់​បាន​ត្រូវ​ព្យួរ​ផុត​ពី​ដី​ឡើង ហើយ​គាត់​នៅ​មាន​ជីវិត​នៅ​ឡើយ តែ​គាត់​មិន​អាច​រត់​ទៅ​ណា​បាន​ទៀត​ទេ រហូត​ដល់​យ៉ូអាប់​សម្លាប់​គាត់​ដោយ​ចាក់​ដែក​ពួយ​៣​ទំ​លុះ​ត្រង់​បេះដូង​របស់​គាត់​ឲ្យ​ស្លាប់​ទៅ។—២សាំ. ១៨:៦​-​១៧

១៣ តើ​ដាវីឌ​សប្បាយ​ចិត្ត​ឬ​ទេ​ពេល​ដែល​ដឹង​ថា​កូន​របស់​គាត់​ស្លាប់? អត់​ទេ។ គាត់​ដើរ​ទៅ​ដើរ​មក​ទាំង​ស្រែក​យំ​ថា​៖ ​«​ឱ​អាប់សាឡំម កូន​អញ កូន​អញ​អើយ! ឱ​អាប់សាឡំម កូន​អញ​អើយ! ស៊ូ​ឲ្យ​អញ​បាន​ស្លាប់​ជំនួស​ឯង ឱ​អាប់សាឡំម កូន​អញ កូន​អញ​អើយ!​»។ (​២សាំ. ១៨:២៤​-​៣៣​) មាន​តែ​ពាក្យ​យ៉ូអាប់​ទេ​ដែល​បាន​ធ្វើ​ឲ្យ​ដាវីឌ​លែង​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​នោះ។ ទី​បញ្ចប់​នៃ​ជីវិត​របស់​អាប់សាឡំម​ពិត​ជា​គួរ​ឲ្យ​ខ្លោច​ផ្សា​ណាស់! គាត់​មាន​មហិច្ឆតា​ហួស​ហេតុ ដែល​បាន​ធ្វើ​ឲ្យ​គាត់​ប្រឆាំង​នឹង​ឪពុក​របស់​ខ្លួន​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង ហើយ​នាំ​ឲ្យ​ខ្លួន​គាត់​វិនាស​ទៅ​វិញ។—២សាំ. ១៩:១​-​៨; សុភ. ១២:២១; ២៤:២១, ២២

ដាវីឌ​បង្ហាញ​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​ម្ដង​ទៀត

១៤​. តើ​យើង​ដឹង​អ្វី​ខ្លះ​អំពី​ទំនុក​ទី​៤?

១៤ ដូច​ទំនុក​ទី​៣​នៃ​ទំនុកតម្កើង នោះ​ទំនុក​ទី​៤​ជា​ការ​អធិដ្ឋាន​ដ៏​ស្មោះ​របស់​ដាវីឌ​ដែល​បង្ហាញ​ពី​ការ​ទុក​ចិត្ត​ទាំង​ស្រុង​ដែល​គាត់​មាន​ចំពោះ​ព្រះ​យេហូវ៉ា។ (​ទំនុក. ៣:៤; ៤:៣​) ដាវីឌ​ប្រហែលជា​តែង​ចម្រៀង​នេះ​ដើម្បី​សម្ដែង​ពី​ការ​ធូរ​ចិត្ត​របស់​គាត់ និង​បង្ហាញ​ពី​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា​ក្រោយ​ពី​ការ​បរាជ័យ​នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ​របស់​អាប់សាឡំម។ ឬ​គាត់​ប្រហែល​បាន​តែង​ចម្រៀង​នេះ​ដើម្បី​ទុក​ឲ្យ​ពួក​លេវី​ដែល​ជា​ពួក​អ្នក​ចម្រៀង​ច្រៀង។ មិន​ថា​គាត់​តែង​ដោយ​សារ​មូលហេតុ​អ្វី​ក៏​ដោយ ការ​រំពឹង​គិត​អំពី​ទំនុក​នេះ​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​បាន។

១៥​. បើ​យើង​អធិដ្ឋាន​ដល់​ព្រះ​យេហូវ៉ា​តាម​រយៈ​បុត្រ​របស់​លោក ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា​ព្រះ​នឹង​ស្ដាប់ ថែម​ទាំង​ធ្វើ​តាម​ការ​អធិដ្ឋាន​របស់​យើង?

១៥ ដាវីឌ​បង្ហាញ​ម្ដង​ទៀត​ថា​គាត់​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ ហើយ​ក៏​បង្ហាញ​ការ​ជឿ​ជាក់​ថា​ព្រះ​នឹង​ស្ដាប់ ថែម​ទាំង​ធ្វើ​តាម​ការ​អធិដ្ឋាន​របស់​គាត់​ដែរ។ គាត់​ច្រៀង​ថា​៖ ​«​ឱ​ព្រះ​នៃ​សេចក្ដី​សុចរិត​របស់​ទូល​បង្គំ​អើយ! កាល​ណា​ទូល​បង្គំ​អំពាវ​នាវ នោះ​សូម​ទ្រង់​មាន​បន្ទូល​ឆ្លើយ​មក វេលា​ណា​ដែល​ទូល​បង្គំ​បាន​កើត​មាន​សេចក្ដី​ចង្អៀត នោះ​ទ្រង់​តែង​បន្ធូរ​ឲ្យ​បាន​ទូលាយ​វិញ។ ដូច្នេះ សូម​មេត្ដា​ប្រោស​ដល់​ទូល​បង្គំ ហើយ​ស្ដាប់​សេចក្ដី​អធិស្ឋាន​របស់​ទូល​បង្គំ​ផង​»។ (​ទំនុក. ៤:១​) យើង​ក៏​អាច​ជឿ​ជាក់​ថា​ព្រះ​ស្ដាប់​និង​ធ្វើ​តាម​ការ​អធិដ្ឋាន​របស់​យើង​ដែរ បើ​យើង​ប្រព្រឹត្ត​នូវ​អ្វី​ដែល​សុចរិត។ ​«​ព្រះ​នៃ​សេចក្ដី​សុចរិត​»​ឲ្យ​ពរ​ដល់​រាស្ត្រ​ដ៏​ទៀង​ត្រង់​របស់​លោក។ ដោយ​ដឹង​អំពី​រឿង​នេះ យើង​អាច​អធិដ្ឋាន​ដល់​លោក​តាម​រយៈ​បុត្រ​របស់​លោក​ដោយ​មាន​ជំនឿ​លើ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​លោក​យេស៊ូ។ (​យ៉ូន. ៣:១៦, ៣៦​) នេះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​ក្នុង​ចិត្ត​មែន!

១៦​. តើ​ដាវីឌ​ប្រហែលជា​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​អ្វី?

១៦ ជួនកាល យើង​ប្រហែលជា​ជួប​ប្រទះ​នូវ​ស្ថានភាព​ដែល​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត ដែល​នាំ​ឲ្យ​យើង​លែង​មាន​សេចក្ដី​សុខ​ទៀត។ នេះ​ប្រហែលជា​បាន​កើត​ឡើង​ចំពោះ​ដាវីឌ​អស់​មួយ​រយៈ​ដែរ ព្រោះ​គាត់​បាន​ច្រៀង​ថា​៖ ​«​ឱ​ពួក​មនុស្ស​ជាតិ​អើយ! តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​កិត្ដិយស​របស់​អញ​ក្លាយ​ប្រែ​ទៅ​ជា​អាប់​យស​ដល់​កាល​ណា​ទៀត? តើ​នឹង​ស្រឡាញ់​ការ​ឥត​ប្រយោជន៍ ហើយ​ស្វែងរក​សេចក្ដី​ភូតភរ​ដល់​កាល​ណា​ទៀត?​»។ (​ទំនុក. ៤:២​) តាម​មើល​ទៅ ឃ្លា​ដែល​ថា​«​ពួក​មនុស្ស​ជាតិ​»​គឺ​មិន​មែន​មាន​ន័យ​ល្អ​ទេ។ សត្រូវ​របស់​ដាវីឌ​ជា​អ្នក​ដែល​«​ស្រឡាញ់​ការ​ឥត​ប្រយោជន៍​»។ គម្ពីរ​មួយ​ទៀត​បាន​បក​ប្រែ​ឃ្លា​នេះ​ថា​៖ ​«​តើ​អ្នក​នឹង​ស្រឡាញ់​ការ​បោកប្រាស់ ហើយ​ស្វែងរក​ព្រះ​មិន​ពិត​ដល់​កាល​ណា​ទៀត?​»។ (​New International Version​) ដូច្នេះ ថ្វី​បើ​យើង​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​អ្នក​ឯ​ទៀត​ក្ដី សូម​ឲ្យ​យើង​បន្ត​អធិដ្ឋាន​យ៉ាង​ស្មោះ និង​បង្ហាញ​ការ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​ពិត​តែ​មួយ។

១៧​. សូម​ពន្យល់​អំពី​របៀប​ដែល​យើង​អាច​ប្រព្រឹត្ត​ស្រប​តាម​ទំនុកតម្កើង ៤:៣

១៧ ការ​ទុក​ចិត្ត​របស់​ដាវីឌ​ទៅ​លើ​ព្រះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​តាម​រយៈ​ពាក្យ​របស់​គាត់​ដែល​ថា​៖ ​«​ប៉ុន្តែ​ត្រូវ​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​បាន​ញែក​មនុស្ស​ដែល​កោត​ខ្លាច[​ឬ​«​មាន​ភក្ដីភាព​»​]​ដល់​ទ្រង់​ចេញ​ទុក​សំ​រាប់​ទ្រង់ ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ស្ដាប់​ក្នុង​កាល​ដែល​អញ​អំពាវ​នាវ​ដល់​ទ្រង់​»។ (​ទំនុក. ៤:៣; ព.ថ.​) យើង​ត្រូវ​តែ​មាន​ចិត្ត​ក្លាហាន​និង​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា​ដើម្បី​រក្សា​ឲ្យ​មាន​ភក្ដីភាព​ចំពោះ​លោក​ជា​និច្ច។ ជា​ឧទាហរណ៍ ក្រុម​គ្រួសារ​គ្រិស្ត​សាសនិក​ត្រូវ​មាន​គុណ​សម្បត្ដិ​ទាំង​នេះ ពេល​ដែល​សមាជិក​ម្នាក់​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ពី​ក្រុម​ជំនុំ​ដោយ​សារ​គាត់​បាន​ធ្វើ​ខុស​ហើយ​មិន​ប្រែ​ចិត្ត។ ព្រះ​ឲ្យ​ពរ​ដល់​ពួក​អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក​និង​ផ្លូវ​របស់​លោក។ ម្យ៉ាង​ទៀត ភក្ដីភាព​និង​ការ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​រាស្ត្រ​របស់​លោក​មាន​អំណរ។—ទំនុក. ៨៤:១១, ១២

១៨​. យោង​ទៅ​តាម​ទំនុកតម្កើង ៤:៤ បើ​ធ្លាប់​មាន​អ្នក​ណា​និយាយ​ឬ​ប្រព្រឹត្ត​មិន​ល្អ​ដាក់​យើង តើ​យើង​គួរ​ធ្វើ​អ្វី?

១៨ ចុះ​យ៉ាង​ណា​បើ​មាន​អ្នក​ណា​ម្នាក់​និយាយ​ឬ​ប្រព្រឹត្ត​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត? យើង​អាច​រក្សា​ឲ្យ​មាន​អំណរ​បាន​បើ​យើង​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​ដាវីឌ​ដែល​ថា​៖ ​«​ចូរ​មាន​ចិត្ត​ញ័រ​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ ចូរ​រំពឹង​គិត​នៅ​ក្នុង​ចិត្ត ក្នុង​កាល​ដែល​ដេក​លើ​ដំណេក ហើយ​នៅ​ស្ងៀម​ចុះ​»។ (​ទំនុក. ៤:៤​) បើ​ធ្លាប់​មាន​អ្នក​ណា​និយាយ​ឬ​ប្រព្រឹត្ត​អ្វី​ដែល​មិន​ល្អ​ដាក់​យើង សូម​កុំ​ឲ្យ​យើង​ធ្វើ​ខុស​ដោយ​តបត​ទៅ​គេ​វិញ​ឡើយ។ (​រ៉ូម ១២:១៧​-​១៩​) យើង​អាច​រំពឹង​គិត​នៅ​ក្នុង​ចិត្ត​របស់​យើង​អំពី​រឿង​នេះ​ក្នុង​កាល​ដែល​ដេក​លើ​ដំណេក​ដែល​មាន​ន័យ​ថា យើង​អធិដ្ឋាន​ទៅ​ព្រះ​ពេល​នៅ​ម្នាក់​ឯង។ បើ​យើង​អធិដ្ឋាន​អំពី​រឿង​នោះ យើង​ប្រហែលជា​អាច​មាន​ទស្សនៈ​ផ្សេង ហើយ​នេះ​អាច​ជំរុញ​យើង​ឲ្យ​អភ័យទោស​ឲ្យ​គាត់​ដោយ​ផ្អែក​លើ​សេចក្ដី​ស្រឡាញ់។ (​១ពេ. ៤:​៨​) អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ស្តី​អំពី​រឿង​នេះ​គឺ​ឱវាទ​របស់​សាវ័ក​ប៉ូល ដែល​តាម​មើល​ទៅ​មាន​មូលដ្ឋាន​ទៅ​លើ​ទំនុកតម្កើង ៤:៤ នោះ​គាត់​បាន​សរសេរ​ថា​៖ ​«​ពេល​ដែល​អ្នក​រាល់​គ្នា​ខឹង កុំ​ធ្វើ​ខុស។ កុំ​ទុក​កំហឹង​រហូត​ដល់​ថ្ងៃ​លិច​ឡើយ ហើយ​កុំ​ឲ្យ​មេកំណាច​មាន​ឱកាស​»។—អេភ. ៤:២៦, ២៧

១៩​. តើ​ទំនុកតម្កើង ៤:៥​ជួយ​យើង​យ៉ាង​ណា​ស្តី​អំពី​ការ​គោរព​ប្រណិប័តន៍​របស់​យើង?

១៩ ដាវីឌ​បាន​ដៅ​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ទុក​ចិត្ត​ទៅ​លើ​ព្រះ ដោយ​ច្រៀង​ថា​៖ ​«​ចូរ​ថ្វាយ​គ្រឿង​បូជា​នៃ​សេចក្ដី​សុចរិត ហើយ​ទុក​ចិត្ត​ដល់​ព្រះ​យេហូវ៉ា​ចុះ​»។ (​ទំនុក. ៤:៥​) គ្រឿង​បូជា​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ជូន​ព្រះ មាន​តម្លៃ​ចំពោះ​លោក​លុះ​ត្រា​តែ​ពួក​គេ​ជូន​ដោយ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ។ (​អេ. ១:១១​-​១៧​) ដូច​គ្នា​ដែរ ដើម្បី​ឲ្យ​ព្រះ​ពេញ​ចិត្ត​ការ​គោរព​ប្រណិប័តន៍​របស់​យើង យើង​ត្រូវ​តែ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ​ក្នុង​ការ​បម្រើ​លោក ថែម​ទាំង​ទុក​ចិត្ត​លោក​ទាំង​ស្រុង។—សូម​អាន សុភាសិត ៣:៥, ៦; ហេប្រឺ ១៣:១៥, ១៦

២០​. តើ​ពាក្យ​‹រស្មី​នៃ​ព្រះ​ភក្ដ្រ​ព្រះ​យេហូវ៉ា›​បញ្ជាក់​អំពី​អ្វី?

២០ ដាវីឌ​បាន​បន្ត​ថា​៖ ​«​មាន​មនុស្ស​ជា​ច្រើន​ដែល​និយាយ​ថា តើ​អ្នក​ណា​នឹង​សំ​ដែង​ឲ្យ​យើង​ឃើញ​សេចក្ដី​ល្អ? ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​រស្មី​នៃ​ព្រះ​ភក្ដ្រ​ទ្រង់​បាន​ភ្លឺ​មក​លើ​យើង​ខ្ញុំ​រាល់​គ្នា​»។ (​ទំនុក. ៤:៦​) ពាក្យ​ដែល​ថា​‹រស្មី​នៃ​ព្រះ​ភក្ដ្រ​ព្រះ​យេហូវ៉ា›​បញ្ជាក់​អំពី​ការ​ពេញ​ចិត្ត​ពី​លោក។ (​ទំនុក. ៨៩:១៥​) ដូច្នេះ ពេល​ដាវីឌ​អធិដ្ឋាន​ថា​៖ ​«​សូម​ទ្រង់​ប្រោស​ឲ្យ​រស្មី​នៃ​ព្រះ​ភក្ដ្រ​ទ្រង់​បាន​ភ្លឺ​មក​លើ​យើង​ខ្ញុំ​រាល់​គ្នា​»​ នេះ​មាន​ន័យ​ថា​‹សូម​ឲ្យ​លោក​ពេញ​ចិត្ត​នឹង​យើង​រាល់​គ្នា›។ ដោយ​សារ​យើង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា នោះ​យើង​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក​និង​មាន​អំណរ​ដ៏​ហូរហៀរ កាល​ដែល​យើង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។

២១​. បើ​យើង​ចូល​រួម​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ​នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​ជឿ​ជាក់​ថា​យើង​នឹង​មាន​អ្វី?

២១ ដោយ​ទន្ទឹង​ចាំ​ទទួល​អំណរ​ដែល​ព្រះ​ផ្ដល់​ឲ្យ ដែល​ជា​អំណរ​ដែល​មាន​ហូរហៀរ​ច្រើន​ជាង​អំណរ​នា​រដូវ​ចម្រូត នោះ​ដាវីឌ​បាន​ច្រៀង​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទ្រង់​បាន​ប្រោស​ឲ្យ​ចិត្ត​ទូល​បង្គំ​មាន​សេចក្ដី​អំណរ​លើស​ជាង​ពួក​ទាំង​នោះ ក្នុង​កាល​ដែល​ស្រូវ​នឹង​ទឹក​ទំពាំង​បាយ​ជូរ​របស់​គេ​បាន​សំបូរ​ផង​»។ (​ទំនុក. ៤:​៧​) យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា​យើង​នឹង​ទទួល​អំណរ​ដ៏​ខ្លាំង​ក្រៃ​លែង បើ​យើង​ចូល​រួម​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ​នៅ​សព្វ​ថ្ងៃ​នេះ។ (​លូក. ១០:២​) ម្យ៉ាង​ទៀត យើង​មាន​អំណរ​ណាស់​នៅ​ឥឡូវ​នេះ ដោយ​ឃើញ​«​កម្មករ​»​កំពុង​រីក​ចម្រើន ដោយ​សារ​មាន​ការ​នាំ​មុខ​ពី​ពួក​អ្នក​ដែល​ព្រះ​រើស​តាំង​ដែល​ជា​‹ពួក​បណ្ដា​ជន​ច្រើន›។ (​អេ. ៩:៣​) តើ​អ្នក​កំពុង​រួម​ចំណែក​ក្នុង​កិច្ចការ​ប្រមូល​ផល​ដែល​នាំ​ឲ្យ​មាន​អំណរ​នេះ​ឬ​ទេ?

ចូរ​ខំ​ប្រឹង​ទុក​ចិត្ត​ព្រះ​ទាំង​ស្រុង

២២​. យោង​ទៅ​តាម​ទំនុកតម្កើង ៤:៨ ពេល​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ទទួល​អ្វី?

២២ ដាវីឌ​បាន​បញ្ចប់​ពាក្យ​ក្នុង​ទំនុក​នេះ​ដោយ​ពាក្យ​ថា​៖ ​«​ទូល​បង្គំ​នឹង​សំ​រាក​កាយ ហើយ​ដេក​លក់​ទៅ​ដោយ​សេចក្ដី​ស្ងប់ ដ្បិត​ឱ​ព្រះ​យេហូវ៉ា​អើយ មាន​តែ​ទ្រង់​ទេ​ដែល​ប្រោស​ឲ្យ​ទូល​បង្គំ​នៅ​ដោយ​សាន្ត​ត្រាណ​បាន​»។ (​ទំនុក. ៤:​៨​) ពេល​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា នោះ​ពួក​គេ​មាន​ភាព​ស្ងប់​សុខ​ជា​មួយ​នឹង​លោក ហើយ​រស់​នៅ​ដោយ​សុខសាន្តត្រាណ។ ជា​ឧទាហរណ៍ ​«​ពួក​យូដា​នឹង​ពួក​អ៊ីស្រាអែល គេ​នៅ​ដោយ​សុខ​សាន្ត​ត្រាណ​»​ក្នុង​អំឡុង​នៃ​ការ​គ្រប់​គ្រង​របស់​ស្តេច​សាឡូម៉ូន។ (​១ព. ៤:​២៥​) ដូច្នេះ ពួក​អ្នក​ដែល​ទុក​ចិត្ត​ទៅ​លើ​ព្រះ​មាន​ភាព​ស្ងប់​សុខ ទោះ​ជា​សាសន៍​ដែល​នៅ​ជុំ​វិញ ប្រឆាំង​នឹង​ពួក​គេ​ក៏​ដោយ។ យើង​ក៏​អាច​ដេក​លក់​ដោយ​ភាព​ស្ងប់​សុខ​ដូច​ដាវីឌ​ដែរ ពីព្រោះ​ព្រះ​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​ក្នុង​ចិត្ត។

២៣​. បើ​យើង​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ តើ​យើង​នឹង​ទទួល​អ្វី?

២៣ សូម​ឲ្យ​យើង​ខំ​ប្រឹង​បន្ត​បំពេញ​កិច្ច​បម្រើ​របស់​ព្រះ​យេហូវ៉ា ហើយ​ក៏​សូម​ឲ្យ​យើង​អធិដ្ឋាន​ដោយ​មាន​ជំនឿ​និង​ទទួល​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន​»​ដែរ។ (​ភី. ៤:៦, ៧​) ការ​ធ្វើ​ដូច្នេះ​ពិត​ជា​នាំ​ឲ្យ​យើង​មាន​អំណរ​មែន! បន្ថែម​ទៅ​ទៀត បើ​យើង​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​និច្ច នោះ​យើង​ពិត​ជា​អាច​ប្រឈម​មុខ​នឹង​អ្វី​ៗ​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត​ដោយ​មាន​សេចក្ដី​សង្ឃឹម​បាន។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ដាវីឌ​ជួប​នឹង​បញ្ហា​អ្វី​ខ្លះ​ដោយ​សារ​អាប់សាឡំម?

• តើ​ទំនុក​ទី​៣​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​យ៉ាង​ដូច​ម្ដេច?

• តើ​ទំនុក​ទី​៤​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​តាម​របៀប​ណាខ្លះ?

• តើ​យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​៣២​]

តើ​អ្នក​ទុក​ចិត្ត​ទាំង​ស្រុង ទៅ​លើ​ព្រះ​យេហូវ៉ា​ឬ​ទេ?