លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ក្រុមគ្រួសារគ្រិស្ដសាសនិក ចូរ«ត្រៀមខ្លួនជានិច្ច»

ក្រុមគ្រួសារគ្រិស្ដសាសនិក ចូរ«ត្រៀមខ្លួនជានិច្ច»

ក្រុម​គ្រួសារ​គ្រិស្ត​សាសនិក ចូរ​«​ត្រៀម​ខ្លួន​ជា​និច្ច​»​

​«​អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច . . . ពីព្រោះ​កូន​មនុស្ស​នឹង​មក​នៅ​ម៉ោង​ដែល​អ្នក​រាល់​គ្នា​មិន​នឹក​ស្មាន​»។—លូក. ១២:៤០

១, ២​. ហេតុ​អ្វី​យើង​ត្រូវ​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​លោក​យេស៊ូ​ដែល​ឲ្យ​យើង​«​ត្រៀម​ខ្លួន​ជា​និច្ច​»​?

នៅ​«​ពេល​ដែល​កូន​មនុស្ស​មក​ប្រកប​ដោយ​សិរី​រុងរឿង​»​ និង​ញែក​«​មនុស្ស​ចេញ​ពី​គ្នា​»​ តើ​នឹង​មាន​អ្វី​កើត​ឡើង​ដល់​រូប​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក? (​ម៉ាថ. ២៥:៣១, ៣២​) ដោយ​សារ​ពេល​នោះ​នឹង​មក​នៅ​ម៉ោង​ដែល​យើង​មិន​នឹក​ស្មាន នោះ​ជា​ការ​សំខាន់​ណាស់​ដែល​យើង​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​លោក​យេស៊ូ​ដែល​ឲ្យ​យើង​«​ត្រៀម​ខ្លួន​ជា​និច្ច​»​!—លូក. ១២:៤០

ក្នុង​អត្ថបទ​មុន​យើង​បាន​ពិចារណា​អំពី​របៀប​ដែល​សមាជិក​ម្នាក់​ៗ​អាច​ជួយ​ក្រុម​គ្រួសារ​ទាំង​មូល​ឲ្យ​នៅ​‹ភ្ញាក់​ជា​និច្ច›​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ភារកិច្ច​របស់​ខ្លួន។ ដូច្នេះ ក្នុង​អត្ថបទ​នេះ​សូម​ឲ្យ​យើង​ពិចារណា​អំពី​វិធី​ផ្សេង​ទៀត​ដែល​អាច​ជួយ​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​ឲ្យ​នៅ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ។

ចូរ​ឲ្យ​ភ្នែក​របស់​អ្នក​«​មើល​របស់​តែ​មួយ​»​

៣, ៤​. (​ក​) តើ​ក្រុម​គ្រួសារ​គ្រិស្ត​សាសនិក​ត្រូវ​ការពារ​ខ្លួន​ពី​អ្វី? (​ខ​)​ តើ​ការ​ឲ្យ​ភ្នែក​របស់​យើង​«​មើល​របស់​តែ​មួយ​»​មាន​ន័យ​យ៉ាង​ណា?

ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​មក​ដល់​របស់​គ្រិស្ត នោះ​ក្រុម​គ្រួសារ​ទាំង​ឡាយ​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​អ្វី​មក​បំបែរ​អារម្មណ៍​របស់​ពួក​គេ​ពី​ការ​គោរព​ប្រណិប័តន៍​ពិត ហើយ​ពួក​គេ​ក៏​ត្រូវ​ការពារ​ខ្លួន​ពី​អ្វី​ៗ​ទាំង​នោះ​ដែរ។ ដោយ​សារ​ក្រុម​គ្រួសារ​ជា​ច្រើន​បាន​ធ្លាក់​ក្នុង​អន្ទាក់​នៃ​វត្ថុ​និយម សូម​ពិចារណា​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍ ស្តី​អំពី​ការ​ឲ្យ​ភ្នែក​របស់​យើង​«​មើល​របស់​តែ​មួយ​»។ (​សូម​អាន ម៉ាថាយ ៦:២២, ២៣) ធម្មតា​ចង្កៀង​អាច​បំភ្លឺ​ផ្លូវ​យើង និង​ជួយ​យើង​កុំ​ឲ្យ​ដើរ​ជំពប់​នឹង​អ្វី​មួយ ដូច​គ្នា​ដែរ ​«​ភ្នែក​»​ក្នុង​ន័យ​ធៀប​ក៏​អាច​បំភ្លឺ​យើង និង​ជួយ​យើង​កុំ​ឲ្យ​ភ្លាត់​ធ្វើ​ខុស​ដែរ។—អេភ. ១:១៨

បើ​គិត​អំពី​ភ្នែក​មែនទែន ដើម្បី​ឲ្យ​វា​មើល​ឃើញ​ច្បាស់ នោះ​ភ្នែក​របស់​យើង​ត្រូវ​តែ​តម្រង់​ឲ្យ​ចំ​គោលដៅ​ទៅ​លើ​អ្វី​មួយ​ដែល​យើង​មើល។ នេះ​ក៏​មិន​ខុស​គ្នា​ពី​ភ្នែក​ក្នុង​ន័យ​ធៀប​របស់​យើង​ដែរ។ ការ​មាន​ភ្នែក​ដែល​មើល​របស់​តែ​មួយ នោះ​មាន​ន័យ​ថា​យើង​ប្រមូល​អារម្មណ៍​ទៅ​លើ​គោលដៅ​តែ​មួយ។ ជា​ជាង​មាន​របៀប​រស់​នៅ​ដែល​គិត​តែ​ពី​សម្ភារៈ​និយម និង​ការ​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​អំពី​ការ​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ នោះ​យើង​ត្រូវ​តម្រង់​ភ្នែក​របស់​យើង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ព្រះ​វិញ។ (​ម៉ាថ. ៦:៣៣​) នេះ​មាន​ន័យ​ថា​យើង​ចេះ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​យើង​មាន ហើយ​ចាត់​ទុក​ការ​បម្រើ​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។—ហេ. ១៣:៥

៥​. តើ​ប្អូន​ស្រី​ម្នាក់​បាន​ស​ឲ្យ​ឃើញ​ថា​នាង​បាន​ឲ្យ​«​ភ្នែក​»​របស់​នាង​ផ្ដោត​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

ពេល​ដែល​ក្មេង​ៗ​បាន​ត្រូវ​បង្រៀន​ឲ្យ​ភ្នែក​របស់​ពួក​គេ​មើល​របស់​តែ​មួយ នោះ​ពិត​ជា​មាន​លទ្ធផល​ល្អ​មែន! សូម​ពិចារណា​អំពី​គំរូ​របស់​ក្មេង​ស្រី​ម្នាក់​នៅ​ប្រទេស​អេចូពី។ នាង​រៀន​ពូកែ​ខ្លាំង​ណាស់ ហើយ​ក្រោយ​ពី​ចប់​វិទ្យាល័យ​នាង​ទទួល​អាហារូបករណ៍​ដើម្បី​បន្ត​ការ​សិក្សា។ ប៉ុន្តែ ដោយ​សារ​នាង​បាន​ឲ្យ​ភ្នែក​របស់​នាង​ផ្ដោត​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា នោះ​នាង​មិន​ព្រម​ទទួល​អាហារូបករណ៍​នេះ​ទេ។ មិន​យូរ​ក្រោយ​មក នាង​អាច​ទទួល​ការងារ​មួយ​ដែល​បាន​ប្រាក់​ខែ​ជាង​៤០០០​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ខែ ដែល​នេះ​ជា​ប្រាក់​ខែ​យ៉ាង​ច្រើន​បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រាក់​ខែ​ជា​មធ្យម​ដែល​មនុស្ស​ទូទៅ​ក្នុង​ប្រទេស​នោះ​អាច​ទទួល។ ប៉ុន្តែ ​«​ភ្នែក​»​របស់​នាង​បាន​ផ្ដោត​ទៅ​លើ​ការ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​វិញ។ ដូច្នេះ នាង​បាន​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា​មិន​ទទួល​ការងារ​នោះ​ទេ។ តើ​ឪពុក​ម្ដាយ​របស់​នាង​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដឹង​ថា​កូន​ធ្វើ​ដូច្នេះ? ពួក​គាត់​មាន​អំណរ​ខ្លាំង​ណាស់ ហើយ​បាន​ប្រាប់​នាង​អំពី​មោទនភាព​ដែល​ពួក​គាត់​មាន​ចំពោះ​នាង!

៦, ៧​. តើ​យើង​គួរ​«​ប្រុង​ប្រៀប​ស្មារតី​ជា​និច្ច​»​ដើម្បី​ប្រុង​ប្រយ័ត្ន​នឹង​អ្វី?

ពាក្យ​សម្ដី​របស់​លោក​យេស៊ូ​ដែល​បាន​កត់​ទុក​នៅ​ម៉ាថាយ ៦:​២២, ២៣​ក៏​ជា​ការ​ព្រមាន​មួយ​អំពី​ការ​លោភ​លន់​ដែរ។ ក្នុង​បទ​គម្ពីរ​នោះ លោក​បាន​ប្រើ​ពាក្យ​ភ្នែក​ដែល​«​មើល​របស់​តែ​មួយ​»​និង​ភ្នែក​ដែល​«​សម្លឹង​មើល​អ្វី​ដែល​ទុច្ចរិត​»។ ‹ភ្នែក​ដែល​សម្លឹង​មើល​អ្វី​ដែល​ទុច្ចរិត›​សំដៅ​ទៅ​លើ​ការ​លោភ​លន់។ (​ម៉ាថ. ៦:២៣​) តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​លោភ​លន់? គម្ពីរ​ចែង​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ទាំង​និយាយ​អំពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អំពើ​ស្មោកគ្រោក ឬ​ការ​លោភ​លន់​ឡើយ​»។—អេភ. ៥:៣

យើង​ប្រហែលជា​ស្រួល​ឃើញ​ចិត្ត​លោភ​លន់​របស់​អ្នក​ឯ​ទៀត តែ​ចំពោះ​ខ្លួន​វិញ​ប្រហែលជា​មិន​ងាយ​សម្គាល់​ទេ។ ហេតុ​នេះ ជា​ការ​ល្អ​ដែល​យើង​ធ្វើ​តាម​ឱវាទ​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ចូរ​ប្រុង​ប្រៀប​ស្មារតី​ជា​និច្ច ហើយ​ប្រុង​ប្រយ័ត្ន​នឹង​ការ​លោភ​លន់​គ្រប់​យ៉ាង​»។ (​លូក. ១២:១៥​) ការ​ធ្វើ​ដូច្នេះ​តម្រូវ​ឲ្យ​យើង​ពិចារណា​អំពី​ខ្លួន​យើង​ដើម្បី​ឲ្យ​ដឹង​ថា តើ​យើង​បាន​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី? ក្រុម​គ្រួសារ​គ្រិស្ត​សាសនិក​គួរ​គិត​ឲ្យ​បាន​ដិត​ដល់​អំពី​ពេល​វេលា និង​លុយ​កាក់​ដែល​ពួក​គេ​ចំណាយ​ទៅ​លើ​ការ​កម្សាន្ត ការ​លំហែ​កាយ និង​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ។

៨​. ស្តី​អំពី​ការ​ទិញ​អ្វី​មួយ តើ​យើង​អាច​«​ប្រុង​ប្រៀប​ស្មារតី​ជា​និច្ច​»​យ៉ាង​ដូច​ម្ដេច?

ពេល​អ្នក​ទិញ​អ្វី​មួយ នោះ​អ្នក​មិន​គ្រាន់តែ​គិត​ថា​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​ទិញ​ឬ​ក៏​អត់​នោះ​ទេ។ សូម​គិត​អំពី​អ្វី​ផ្សេង​ទៀត​ដូច​ជា:​‹តើ​ខ្ញុំ​មាន​ពេល​ដើម្បី​ប្រើ​របស់​នោះ​ជា​ទៀង​ទាត់​និង​ថែ​ទាំ​របស់​នោះ​ឬ​ទេ? តើ​ខ្ញុំ​អាច​ចេះ​ប្រើ​របស់​ទាំង​នោះ​ភ្លាម​ៗ​ឬ​ទេ ឬ​ក៏​ត្រូវ​ការ​រយៈ​ពេល​យូរ​ទៀត​ដើម្បី​ចេះ​ប្រើ​វា?›។ ប្អូន​ៗ​វ័យ​ក្មេង​អើយ កុំ​ជឿ​ទុក​ចិត្ត​ការ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ពិភព​លោក​នេះ​ស្តី​អំពី​ការ​ទិញ​ទំនិញ​ផ្សេង​ៗ​ឡើយ! ព្រោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នោះ​ប្រហែល​អាច​ជំរុញ​ប្អូន​ឲ្យ​មាន​ចិត្ត​ចង់​ទិញ​ខោ​អាវ​ឬ​របស់​របរ​ផ្សេង​ៗ​ដែល​ថ្លៃ​ៗ​ដោយ​សារ​តែ​វា​មាន​ម៉ា​ក​ល្បី​ៗ​តែ​ប៉ុណ្ណោះ។ សូម​ឲ្យ​ប្អូន​ចេះ​ទប់​ចិត្ត។ ម្យ៉ាង​ទៀត សូម​គិត​ថា តើ​ការ​ទិញ​របស់​ដែល​ប្អូន​ចង់​បាន​នោះ នឹង​ជួយ​ក្រុម​គ្រួសារ​របស់​ប្អូន​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​ដែល​កូន​មនុស្ស​នឹង​មក​ដល់​យ៉ាង​ដូច​ម្ដេច? សូម​មាន​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​៖ ​«​ខ្ញុំ​ប្រាកដជា​មិន​ចាក​ចេញ​ពី​អ្នក​ឡើយ ក៏​ប្រាកដជា​មិន​បោះបង់​ចោល​អ្នក​ដែរ​»។—ហេ. ១៣:៥

ព្យាយាម​ដើម្បី​សម្រេច​គោលដៅ​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​ព្រះ

៩​. តើ​ការ​ព្យាយាម​ដើម្បី​សម្រេច​គោលដៅ​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​ព្រះ​អាច​ជួយ​ក្រុម​គ្រួសារ​ឲ្យ​ធ្វើ​អ្វី?

វិធី​មួយ​ទៀត​ដែល​សមាជិក​គ្រួសារ​អាច​ពង្រឹង​ជំនឿ ហើយ​ជួយ​ឲ្យ​ក្រុម​គ្រួសារ​ទាំង​មូល​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ គឺ​ឲ្យ​ពួក​គេ​កំណត់​គោលដៅ​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​លោក ហើយ​ព្យាយាម​ដើម្បី​សម្រេច​គោលដៅ​ទាំង​នោះ។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​ក្រុម​គ្រួសារ​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​ជឿន​ទៅ​មុខ​ប៉ុណ្ណា​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ក៏​ជួយ​ពួក​គេ​សម្រេច​ចិត្ត​ថា​អ្វី​ត្រូវ​មាន​សារៈសំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ។—សូម​អាន ភីលីព ១:១០

១០, ១១​. ជា​ក្រុម​គ្រួសារ តើ​មាន​គោលដៅ​អ្វី​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​ព្រះ​ដែល​អ្នក​កំពុង​ព្យាយាម​សម្រេច? ហើយ​តើ​អ្នក​ចង់​កំណត់​គោលដៅ​ណាខ្លះ​សម្រាប់​ថ្ងៃ​អនាគត?

១០ ការ​កំណត់​គោលដៅ​សម​ហេតុ​សម​ផល​ដែល​សមាជិក​ស្ទើរតែ​ទាំង​អស់​អាច​សម្រេច​បាន នោះ​អាច​នាំ​ឲ្យ​មាន​ផល​ប្រយោជន៍​ច្រើន​ណាស់។ ជា​ឧទាហរណ៍ គោលដៅ​មួយ​គឺជា​រៀង​រាល់​ថ្ងៃ​ក្រុម​គ្រួសារ​របស់​អ្នក​ត្រូវ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ។ ចម្លើយ​ដែល​សមាជិក​ម្នាក់​ៗ​ឆ្លើយ​អាច​ជួយ​មេ​គ្រួសារ​ឲ្យ​យល់​ថា​សមាជិក​នោះ​ស្រឡាញ់​សេចក្ដី​ពិត​និង​ព្រះ​យេហូវ៉ា​ខ្លាំង​ប៉ុណ្ណា។ គោលដៅ​មួយ​ទៀត​គឺ​ការ​អាន​គម្ពីរ​ជា​ទៀង​ទាត់​ជា​ក្រុម​គ្រួសារ ហើយ​នេះ​ជា​ឱកាស​ល្អ​ឲ្យ​កូន​ៗ​ចេះ​អាន​កាន់​តែ​ស្ទាត់ ថែម​ទាំង​ជួយ​ពួក​គេ​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ព័ត៌មាន​ក្នុង​គម្ពីរ។ (​ទំនុក. ១:១, ២​) មួយ​វិញ​ទៀត យើង​ពិត​ជា​ចង់​កំណត់​គោលដៅ​ឲ្យ​ចេះ​អធិដ្ឋាន​កាន់​តែ​ល្អ​ថែម​ទៀត មែន​ទេ? ម្យ៉ាង​ទៀត ការ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​នៃ​ផល​ដែល​បាន​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ ជា​គោលដៅ​ល្អ​មួយ​ដែល​យើង​គួរ​ព្យាយាម​សម្រេច។ (​កាឡ. ៥:២២, ២៣​) បន្ថែម​ទៅ​ទៀត ជា​ក្រុម​គ្រួសារ យើង​ម្នាក់​ៗ​ក៏​អាច​ខំ​រក​វិធី​ផ្សេង​ៗ​ដើម្បី​ចេះ​យល់​អារម្មណ៍​របស់​មនុស្ស​ដែល​យើង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែរ។ ការ​ខំ​ប្រឹង​ធ្វើ​ដូច្នេះ​អាច​ជួយ​កូន​ៗ​ឲ្យ​ចេះ​មាន​សេចក្ដី​មេត្ដា​ករុណា ហើយ​ពួក​គេ​ទំនង​ជា​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ចង់​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ឬ​ជា​សាសនទូត។

១១ សូម​ពិចារណា​អំពី​គោលដៅ​ដែល​រូប​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក​អាច​សម្រេច​បាន។ តើ​ក្រុម​គ្រួសារ​របស់​អ្នក​អាច​កំណត់​គោលដៅ​ដើម្បី​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ឬ​ទេ? តើ​អ្នក​អាច​ខំ​ប្រឹង​យក​ឈ្នះ​អារម្មណ៍​ភ័យ​ខ្លាច​ពេល​ផ្សព្វ​ផ្សាយ​តាម​ទូរស័ព្ទ តាម​ផ្លូវ ឬ​នៅ​កន្លែង​លក់​ដូរ​ឬ​ទេ? តើ​អ្នក​អាច​រើ​ទៅ​បម្រើ​នៅ​តំបន់​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង​បាន​ទេ? តើ​សមាជិក​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​អាច​រៀន​ភាសា​ថ្មី​មួយ​ដើម្បី​ចេះ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​នោះ​បាន​ឬ​ទេ?

១២​. តើ​មេ​គ្រួសារ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ក្រុម​គ្រួសារ​ឲ្យ​មាន​ជំនឿន​ក្នុង​កិច្ច​បម្រើ​ព្រះ?

១២ ក្នុង​នាម​ជា​មេ​គ្រួសារ សូម​ចេះ​កត់​សម្គាល់​នូវ​ចំណុច​ដែល​ក្រុម​គ្រួសារ​អាច​ធ្វើ​ដើម្បី​មាន​ជំនឿន​ក្នុង​ការ​បម្រើ​ព្រះ។ ក្រោយ​មក សូម​កំណត់​គោលដៅ​ជាក់​លាក់​ដែល​អាច​ជួយ​ពួក​គេ​ឲ្យ​ជឿន​ទៅ​មុខ​ក្នុង​សេចក្ដី​ពិត។ គោលដៅ​ដែល​អ្នក​កំណត់​ជា​ក្រុម​គ្រួសារ​គួរ​ជា​គោលដៅ​ដែល​អាច​សម្រេច​បាន ហើយ​សម​ស្រប​នឹង​កាលៈទេសៈ​និង​សមត្ថភាព​របស់​សមាជិក​ម្នាក់​ៗ។ (​សុភ. ១៣:១២​) ពិត​មែន ការ​ខំ​ប្រឹង​សម្រេច​គោលដៅ​ដែល​នាំ​ឲ្យ​មាន​ប្រយោជន៍ ពិត​ជា​ត្រូវ​ការ​ពេល​វេលា​យូរ។ ដូច្នេះ សូម​យក​ពេល​ពី​ការ​មើល​ទូរទស្សន៍ ហើយ​ប្រើ​ពេល​នោះ​ដើម្បី​ធ្វើ​កិច្ចការ​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​ព្រះ​វិញ។ (​អេភ. ៥:​១៥, ១៦​) ចូរ​ព្យាយាម​សម្រេច​គោលដៅ​ដែល​អ្នក​បាន​កំណត់​ទុក​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក។ (​កាឡ. ៦:​៩​) ក្រុម​គ្រួសារ​ដែល​ព្យាយាម​សម្រេច​គោលដៅ​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​ព្រះ នឹង​ធ្វើ​ឲ្យ​«​មនុស្ស​ទាំង​អស់​ឃើញ​ថា​»​ពួក​គេ​មាន​ជំនឿន។—១ធី. ៤:១៥

រក្សា​ឲ្យ​មាន​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​ទៀង​ទាត់

១៣​. ស្តី​អំពី​កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​យើង តើ​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី? ហើយ​តើ​យើង​គួរ​សញ្ជឹង​គិត​អំពី​សំណួរ​អ្វី​ខ្លះ?

១៣ ជំនួយ​ដ៏​អស្ចារ្យ​មួយ​ដែល​អាច​ជួយ​ក្រុម​គ្រួសារ​ឲ្យ​«​ត្រៀម​ខ្លួន​ជា​និច្ច​»​សម្រាប់​ថ្ងៃ​ដែល​កូន​មនុស្ស​នឹង​មក គឺ​ការ​ផ្លាស់​ប្ដូរ​ដ៏​សំខាន់​មួយ​ចំពោះ​កិច្ច​ប្រជុំ​របស់​យើង​ប្រចាំ​សប្ដាហ៍​ដែល​មាន​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០០៩។ យើង​លែង​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​មួយ​ផ្សេង​ទៀត​ដើម្បី​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ​ទៀត​ហើយ។ ឥឡូវ​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​នេះ​បាន​ត្រូវ​បញ្ចូល​ក្នុង​កិច្ច​ប្រជុំ​នៃ​សាលា​កិច្ច​បម្រើ​ផ្សាយ និង​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​វិញ។ ការ​ផ្លាស់​ប្ដូរ​នេះ​បាន​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ក្រុម​គ្រួសារ​គ្រិស្ត​សាសនិក​ពង្រឹង​ជំនឿ​របស់​ពួក​គេ ដោយ​កំណត់​ពេល​ជាក់​លាក់​មួយ​រៀង​រាល់​សប្ដាហ៍​ដើម្បី​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ ដោយ​សារតាំង​ពី​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​មាន​ពេល​វេលា​យូរ​មក​ហើយ នោះ​យើង​អាច​សួរ​ខ្លួន​ថា​‹តើ​ខ្ញុំ​ប្រើ​ពេល​នោះ​ដើម្បី​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ឬ​សិក្សា​ដោយ​ខ្លួន​ឯង​ឬ​ទេ? តើ​ខ្ញុំ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​សម្រេច​គោលដៅ​នៃ​របៀប​រៀប​ចំ​នេះ​ឬ​ទេ?›។

១៤​. (​ក​) តើ​អ្វី​ជា​គោល​បំណង​ដ៏​សំខាន់​មួយ​នៃ​ការ​លៃ​ទុក​ពេល​ដើម្បី​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ឬ​ដើម្បី​សិក្សា​ដោយ​ខ្លួន​ឯង? (​ខ​)​ ហេតុ​អ្វី​ការ​លៃ​ទុក​ពេល​ដើម្បី​សិក្សា​ជា​អ្វី​ដែល​សំខាន់​ម្ល៉េះ?

១៤ គោល​បំណង​ដ៏​សំខាន់​មួយ​នៃ​ការ​លៃ​ទុក​ពេល​ដើម្បី​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ឬ​ដើម្បី​សិក្សា​ដោយ​ខ្លួន​ឯង គឺ​ជួយ​យើង​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​ជាង។ (​យ៉ា. ៤:៨​) ពេល​ដែល​យើង​ចំណាយ​ពេល​សិក្សា​គម្ពីរ​យ៉ាង​ទៀង​ទាត់ ហើយ​ចំណេះ​របស់​យើង​អំពី​ព្រះ​មាន​កាន់​តែ​ច្រើន នោះ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក​ក៏​នឹង​ត្រូវ​ពង្រឹង​ឡើង​ដែរ។ ពេល​ដែល​យើង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​មាន​បំណង​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​ស្រឡាញ់​លោក​ឲ្យ​«​អស់​ពី​ដួង​ចិត្ត អស់ពី​ព្រលឹង ឲ្យ​អស់ពី​សមត្ថភាព​រិះ​គិត និង​ឲ្យ​អស់ពី​កម្លាំង​កាយ​»​របស់​យើង។ (​ម៉ាក. ១២:៣០​) យើង​ប្រាកដជា​ចង់​បម្រើ​ព្រះ ហើយ​យក​តម្រាប់​តាម​លោក។ (​អេភ. ៥:១​) ដូច្នេះ ការ​រក្សា​ឲ្យ​មាន​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​យ៉ាង​ទៀង​ទាត់ ជា​អ្វី​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​ជួយ​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​របស់​យើង​ឲ្យ​«​ត្រៀម​ខ្លួន​ជា​និច្ច​»​ក្នុង​កិច្ចការ​បម្រើ​ព្រះ កាល​ដែល​យើង​រង់​ចាំ​គ្រា​ដែល​បាន​ត្រូវ​ទាយ​ទុក​ថា​ជា​‹គ្រា​ដែល​នឹង​មាន​ទុក្ខវេទនា​ជា​ខ្លាំង›។ (​ម៉ាថ. ២៤:​២១​) ការ​ធ្វើ​ដូច្នេះ​គឺ​សំខាន់​ណាស់​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ។

១៥​. តើ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អារម្មណ៍​ដែល​សមាជិក​ម្នាក់​ៗ​មាន​ចំពោះ​គ្នា?

១៥ ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ក៏​មាន​គោលដៅ​មួយ​ទៀត​ដែរ គឺ​ដើម្បី​ជួយ​សមាជិក​ម្នាក់​ៗ​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា​ថែម​ទៀត។ ការ​ចំណាយ​ពេល​ជា​មួយ​គ្នា​រៀង​រាល់​សប្ដាហ៍ ដើម្បី​ពិភាក្សា​គ្នា​អំពី​អ្វី​ដែល​ទាក់​ទង​នឹង​ការ​បម្រើ​ព្រះ នោះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អារម្មណ៍​ដែល​សមាជិក​ម្នាក់​ៗ​មាន​ចំពោះ​គ្នា។ ជា​ឧទាហរណ៍ ពេល​ដែល​យើង​ឮ​គូ​របស់​យើង​ប្រាប់​អំពី​អំណរ​ដែល​គាត់​មាន​ពី​ការ​សិក្សា​គម្ពីរ​ជា​មួយ​គ្នា នោះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា​មែន! (​សូម​អាន សាស្ដា ៤:១២) ឪពុក​ម្ដាយ​និង​កូន​ៗ​ដែល​ចំណាយ​ពេល​ដើម្បី​គោរព​ប្រណិប័តន៍​ជា​មួយ​គ្នា នោះ​ទំនង​ជា​នៅ​ជិត​ស្និទ្ធ​គ្នា​ដោយ​សារ​សេចក្ដី​ស្រឡាញ់​ដែល​ជា​«​ចំណង​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ល្អ​ឥត​ខ្ចោះ​»។—កូឡ. ៣:១៤

១៦​. សូម​រៀប​រាប់​អំពី​របៀប​ដែល​បង​ស្រី​គ្រិស្ត​សាសនិក​បី​នាក់​ទទួល​ប្រយោជន៍​ពី​ការ​លៃ​ទុក​ពេល​ដើម្បី​សិក្សា​គម្ពីរ​ជា​មួយ​គ្នា។

១៦ សូម​ពិចារណា​អំពី​របៀប​ដែល​បង​ស្រី​បី​នាក់​ក្នុង​ក្រុម​ជំនុំ​ទទួល​ប្រយោជន៍​ពី​ការ​លៃ​ទុក​ពេល​ដើម្បី​សិក្សា​គម្ពីរ។ ពួក​គាត់​មិន​មែន​ជា​សាច់​ញាតិ​នឹង​គ្នា​ទេ តែ​ស្ត្រី​មេម៉ាយ​វ័យ​ចាស់​ទាំង​បី​នាក់​នេះ រស់​នៅ​ក្នុង​ក្រុង​ដូច​គ្នា ហើយ​ជា​មិត្ត​ល្អ​នឹង​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ពួក​គាត់​មាន​បំណង​ចង់​សេពគប់​គ្នា​ឲ្យ​បាន​ច្រើន​ជាង ហើយ​ក៏​ចង់​ពិភាក្សា​អំពី​គម្ពីរ​ក្នុង​ការ​សេពគប់​នោះ​ដែរ ជា​ជាង​និយាយ​គ្នា​លេង​តាម​ធម្មតា។ ដូច្នេះ ពួក​គាត់​បាន​សម្រេច​ចិត្ត​លៃ​ទុក​ពេល​ល្ងាច​មួយ​ដើម្បី​ជួប​គ្នា​និង​សិក្សា​គម្ពីរ​ផង​ដែរ។ ពួក​គាត់​ចាប់​ផ្ដើម​ធ្វើ​ដូច្នេះ​ដោយ​ប្រើ​សៀវភៅ​ជា​ភាសា​អង់គ្លេស​មួយ​ដែល​មាន​ចំណង​ជើង​ថា​«​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​»​អំពី​រាជាណាចក្រ​របស់​ព្រះ។ បង​ស្រី​ម្នាក់​បាន​និយាយ​ថា​៖ ​«​យើង​ចូល​ចិត្ត​សិក្សា​ជា​មួយ​គ្នា​ណាស់ រហូត​ដល់​ហួស​ពី​មួយ​ម៉ោង។ យើង​ខំ​ស្រមៃ​គិត​អំពី​កាលៈទេសៈ​ដែល​បង​ប្អូន​នៅ​សតវត្សរ៍​ទី​១​បាន​ជួប​ប្រទះ និង​ពិភាក្សា​គ្នា​អំពី​អ្វី​ដែល​យើង​នឹង​ធ្វើ​បើ​យើង​ស្ថិត​ក្រោម​កាលៈទេសៈ​ដូច​ពួក​គេ​ដែរ។ ក្រោយ​មក យើង​ខំ​អនុវត្ត​តាម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​អ្វី​ដែល​យើង​បាន​ពិភាក្សា​គ្នា។ នេះ​បាន​ធ្វើ​ឲ្យ​កិច្ច​ការ​ផ្សព្វ​ផ្សាយ និង​កិច្ចការ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ មាន​ប្រសិទ្ធភាព​ច្រើន​ជាង​និង​បង្កើត​ផល​ច្រើន​ជាង​ពី​មុន​»។ បន្ថែម​ពី​ការ​ពង្រឹង​កម្លាំង​ចិត្ត​របស់​ពួក​គាត់​ក្នុង​ការ​បម្រើ​ព្រះ នោះ​ការ​ធ្វើ​ដូច្នេះ​បាន​នាំ​ឲ្យ​បង​ស្រី​ទាំង​បី​នាក់​នេះ​មាន​ចំណង​មិត្តភាព​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា​ថែម​ទៀត។ ពួក​គាត់​បាន​និយាយ​ថា​៖ ​«​យើង​ឲ្យ​តម្លៃ​ចំពោះ​ឱកាស​នេះ​ណាស់​»។

១៧​. តើ​អ្វី​អាច​ជួយ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ទទួល​ជោគជ័យ?

១៧ ចុះ​អ្នក​វិញ? តើ​អ្នក​ទទួល​ប្រយោជន៍​ពី​ការ​លៃ​ទុក​ពេល​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ឬ​សិក្សា​ដោយ​ខ្លួន​ឯង​ឬ​ទេ? ប្រសិនបើ​អ្នក​គ្រាន់តែ​សិក្សា​យូរ​ៗ​ម្ដង នោះ​ការ​រៀប​ចំ​នេះ​មិន​អាច​សម្រេច​គោលដៅ​បាន​ទេ។ សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​គួរតែ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចូល​រួម​សិក្សា​តាម​ពេល​ដែល​បាន​កំណត់។ អ្វី​ៗ​ដែល​មិន​សូវ​សំខាន់​មិន​គួរ​ឲ្យ​មក​រំខាន​ដល់​ពេល​វេលា​នោះ​ទេ។ បន្ថែម​ទៅ​ទៀត អ្នក​គួរ​ជ្រើស​រើស​អត្ថបទ​ណា​ដែល​ក្រុម​គ្រួសារ​អាច​ប្រើ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​រីករាយ​ក្នុង​ពេល​សិក្សា​នេះ? សូម​ប្រើ​វិធី​បង្រៀន​ដែល​មាន​ប្រសិទ្ធភាព ហើយ​រក្សា​ឲ្យ​បរិយាកាស​មាន​ភាព​ថ្លៃ​ថ្នូរ​និង​សន្ដិភាព។—យ៉ា. ៣:១៨ *

ចូរ​នៅ​«​ភ្ញាក់​»​និង​«​ត្រៀម​ខ្លួន​ជា​និច្ច​»​

១៨, ១៩​. ការ​ដឹង​ថា​ពេល​ដែល​កូន​មនុស្ស​មក​គឺ​ជិត​ណាស់​ហើយ តើ​នោះ​គួរ​មាន​ឥទ្ធិពល​ទៅ​លើ​រូប​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក​យ៉ាង​ដូច​ម្ដេច?

១៨ ស្ថានភាព​ក្នុង​ពិភព​លោក​កាន់​តែ​អាក្រក់​ទៅ​ៗ ជា​សញ្ញា​សម្គាល់​នៅ​សម័យ​យើង ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា​តាំង​ពី​ឆ្នាំ​១៩១៤ ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន​ជិត​ដល់​ទី​បញ្ចប់​របស់​វា។ សង្គ្រាម​ហា​ម៉ា​គេ​ដូន​ជិត​មក​ដល់​ហើយ។ បន្ដិច​ទៀត កូន​មនុស្ស​នឹង​មក​ដើម្បី​កាត់​ទោស​មនុស្ស​ទុច្ចរិត​ស្រប​តាម​ការ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា។ (​ទំនុក. ៣៧:១០; សុភ. ២:២១, ២២​) ការ​ដឹង​អំពី​ចំណុច​ទាំង​នេះ​គួរតែ​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក មែន​ទេ?

១៩ តើ​អ្នក​កំពុង​ធ្វើ​តាម​ឱវាទ​របស់​លោក​យេស៊ូ​ដែល​ឲ្យ​យើង​រក្សា​ភ្នែក​របស់​យើង​ឲ្យ​«​មើល​របស់​តែ​មួយ​»​ឬ​ទេ? ទោះ​ជា​មនុស្ស​ក្នុង​ពិភព​លោក​នេះ​ស្វែងរក​ទ្រព្យ​សម្បត្ដិ មុខ​មាត់ ឬ​អំណាច​ក្ដី តើ​ក្រុម​គ្រួសារ​របស់​អ្នក​ព្យាយាម​ដើម្បី​សម្រេច​គោលដៅ​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​ព្រះ​ឬ​ទេ? តើ​អ្នក​បាន​លៃ​ទុក​ពេល​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​ក្រុម​គ្រួសារ ឬ​ដើម្បី​សិក្សា​ដោយ​ខ្លួន​ឯង​ឬ​យ៉ាង​ណា? តើ​អ្នក​បាន​ចូល​កាន់​តែ​ជិត​ព្រះ​និង​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​សមាជិក​ក្រុម​គ្រួសារ​របស់​អ្នក​ឬ​ទេ? ដូច​អត្ថបទ​មុន​បាន​រៀប​រាប់ តើ​អ្នក​បាន​ជួយ​ក្រុម​គ្រួសារ​ទាំង​មូល​ឲ្យ​នៅ​‹ភ្ញាក់​ជា​និច្ច› ដោយ​បំពេញ​តាម​តួនាទី​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​ដល់​អ្នក​ដែល​ជា​ប្ដី ជា​ប្រពន្ធ ឬ​ជា​កូន​ឬ​ទេ? (​១ថែ. ៥:​៦​) បើ​អ្នក​កំពុង​ធ្វើ​ដូច្នេះ នោះ​អ្នក​បាន​«​ត្រៀម​ខ្លួន​ជា​និច្ច​»​សម្រាប់​ពេល​ដែល​កូន​មនុស្ស​នឹង​មក។

[​កំណត់​សម្គាល់​]

^ វគ្គ 17 ដើម្បី​ផ្ដល់​ជា​គំនិត​ស្តី​អំពី​អ្វី​ដែល​យើង​អាច​ប្រើ​ក្នុង​ការ​សិក្សា និង​អំពី​របៀប​ដែល​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​ការ​សិក្សា​ដែល​មាន​ប្រសិទ្ធភាព​និង​សប្បាយ​រីករាយ សូ​មមើ​ល​ព័ត៌មាន​នៅ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០០៩ ទំព័រ​២៩​-​៣១

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ?

• សូម​ពន្យល់​អំពី​របៀប​ដែល​ក្រុម​គ្រួសារ​គ្រិស្ត​សាសនិក​អាច​«​ត្រៀម​ខ្លួន​ជា​និច្ច​»​ដោយ . . .

មាន​ភ្នែក​ដែល​«​មើល​របស់​តែ​មួយ​»។

កំណត់​និង​ព្យាយាម​សម្រេច​គោលដៅ​ដែល​ទាក់​ទង​នឹង​ការ​បម្រើ​ព្រះ។

មាន​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​ទៀង​ទាត់។

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​១៦​]

ការ​មាន​ភ្នែក​ដែល​«​មើល​របស់​តែ​មួយ​»​នឹង​ជួយ​យើង​ឲ្យ​ទប់​ទល់​នឹង អ្វី​ៗ​ក្នុង​ពិភព​លោក​ដែល​អាច​បំបែរ​អារម្មណ៍​របស់​យើង