លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ក្រុមគ្រួសារគ្រិស្ដសាសនិក ចូរនៅ‹ភ្ញាក់ជានិច្ច›

ក្រុមគ្រួសារគ្រិស្ដសាសនិក ចូរនៅ‹ភ្ញាក់ជានិច្ច›

ក្រុម​គ្រួសារ​គ្រិស្ត​សាសនិក ចូរ​នៅ​‹ភ្ញាក់​ជា​និច្ច›

​«​ចូរ​ឲ្យ​យើង​ភ្ញាក់​ហើយ​ដឹង​ខ្លួន​ជា​និច្ច​»។—១ថែ. ៥:៦

១, ២​. ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​នៅ​ភ្ញាក់​ជា​និច្ច​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ តើ​សមាជិក​ម្នាក់​ៗ​ត្រូវ​ធ្វើ​អ្វី?

ពេល​សាវ័ក​ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច គាត់​បាន​សំដៅ​ទៅ​«​ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​»​ ដោយ​ប្រាប់​ថា​៖ ​«​បង​ប្អូន​អើយ! អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​ភាព​ងងឹត​ទេ ដូច្នេះ ថ្ងៃ​នោះ​នឹង​មិន​មក​ដោយ​អ្នក​រាល់​គ្នា​មិន​ដឹង​ខ្លួន ដូច​ជា​ពន្លឺ​ថ្ងៃ​មក​ដោយ​ពួក​ចោរ​មិន​ដឹង​ខ្លួន​នោះ​ទេ ព្រោះ​អ្នក​រាល់​គ្នា​ជា​កូន​នៃ​ពន្លឺ និង​ជា​កូន​នៃ​ថ្ងៃ។ យើង​មិន​មែន​នៅ​ខាង​យប់​ឬ​ភាព​ងងឹត​ឡើយ​»។ គាត់​បាន​បន្ថែម​ថា​៖ ​«​ដូច្នេះ កុំ​ឲ្យ​យើង​ដេក​លង់​លក់​ដូច​អ្នក​ឯ​ទៀត តែ​ចូរ​ឲ្យ​យើង​ភ្ញាក់​ហើយ​ដឹង​ខ្លួន​ជា​និច្ច​»។—យ៉ូល. ២:៣១; ១ថែ. ៥:៤​-​៦

ឱវាទ​របស់​ប៉ូល​ទៅ​ក្រុម​ជំនុំ​ថែស្សាឡូនិច​គឺ​មាន​ប្រយោជន៍​ជា​ពិសេស ចំពោះ​គ្រិស្ត​សាសនិក​ដែល​កំពុង​រស់​នៅ​ក្នុង​«​គ្រា​ចុង​បំផុត​»។ (​ដាន. ១២:៤​) កាល​ដែល​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​អាក្រក់​របស់​សាថាន​ជិត​ដល់​ហើយ នោះ​វា​តាំង​ចិត្ត​បញ្ឈប់​ពួក​អ្នក​គោរព​ប្រណិប័តន៍​ពិត​ពី​ការ​បម្រើ​ព្រះ ឲ្យ​បាន​ច្រើន​បំផុត។ ដូច្នេះ ជា​ការ​ល្អ​ឲ្យ​យើង​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​ប៉ូល​ដែល​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ប្រសិនបើ​ក្រុម​គ្រួសារ​គ្រិស្ត​សាសនិក​ចង់​ទទួល​ជោគជ័យ​ក្នុង​ការ​នៅ​ភ្ញាក់​ជា​និច្ច នោះ​ជា​ការ​សំខាន់​ដែល​សមាជិក​ម្នាក់​ៗ​បំពេញ​តាម​ភារកិច្ច​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​ពួក​គាត់​ដូច​បាន​ចែង​ក្នុង​គម្ពីរ។ ដូច្នេះ ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួក​គេ​នៅ​‹ភ្ញាក់​ជា​និច្ច› តើ​ប្ដី​ទាំង​ឡាយ ប្រពន្ធ​ទាំង​ឡាយ និង​ប្អូន​ៗ​វ័យ​ក្មេង​មាន​តួនាទី​អ្វី?

ប្ដី​ទាំង​ឡាយ សូម​យក​តម្រាប់​តាម​«​គង្វាល​ល្អ​ប្រសើរ​»​

៣​. ស្រប​ទៅ​តាម​ធីម៉ូថេទី១ ៥:៨ តើ​ភារកិច្ច​របស់​បុរស​ជា​ប្រមុខ​នៃ​ក្រុម​គ្រួសារ​រួម​បញ្ចូល​អ្វី​ខ្លះ?

គម្ពីរ​ចែង​ថា​៖ ​«​ប្រមុខ​របស់​ស្ត្រី​ទាំង​ឡាយ​គឺ​បុរស​»។ (​១កូ. ១១:​៣​) តើ​ភារកិច្ច​របស់​បុរស​ជា​ប្រមុខ​នៃ​ក្រុម​គ្រួសារ​រួម​បញ្ចូល​អ្វី​ខ្លះ? គម្ពីរ​រៀប​រាប់​អំពី​ផ្នែក​មួយ​នៃ​ភារកិច្ច​ជា​ប្រមុខ​ថា​៖ ​«​ប្រសិនបើ​មាន​អ្នក​ណា​ដែល​មិន​ទំនុក​បម្រុង​ពួក​អ្នក​នៅ​ក្នុង​បន្ទុក​ខ្លួន ជា​ពិសេស​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន អ្នក​នោះ​បាន​លះ​បង់​ជំនឿ ហើយ​ក៏​អាក្រក់​ជាង​អ្នក​ដែល​មិន​ជឿ​ទៅ​ទៀត​»។ (​១ធី. ៥:៨​) ប្រាកដ​មែន ប្ដី​ត្រូវ​ចិញ្ចឹម​ក្រុម​គ្រួសារ​របស់​គាត់។ ប៉ុន្តែ បើ​គាត់​ចង់​ជួយ​ក្រុម​គ្រួសារ​របស់​គាត់​ឲ្យ​ភ្ញាក់​ជា​និច្ច​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ នោះ​គាត់​មិន​គ្រាន់តែ​ចិញ្ចឹម​ក្រុម​គ្រួសារ​របស់​គាត់​តែ​ប៉ុណ្ណោះ​ទេ។ គាត់​ត្រូវ​ពង្រឹង​ជំនឿ​នៃ​សមាជិក​ក្រុម​គ្រួសារ​របស់​គាត់ ហើយ​ជួយ​សមាជិក​ទាំង​អស់​ឲ្យ​ពង្រឹង​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ។ (​សុភ. ២៤:៣, ៤​) តើ​គាត់​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

៤​. តើ​អ្វី​អាច​ជួយ​បុរស​ម្នាក់​ឲ្យ​ទទួល​ជោគជ័យ​ក្នុង​ការ​ពង្រឹង​ជំនឿ​នៃ​សមាជិក​ក្រុម​គ្រួសារ​របស់​គាត់?

ដោយ​សារ​«​ប្ដី​ជា​ប្រមុខ​របស់​ប្រពន្ធ ដូច​គ្រិស្ត​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ​»​ នោះ​បុរស​ដែល​រៀប​ការ​រួច​ហើយ គួរ​ពិនិត្យ​មើល​និង​យក​តម្រាប់​តាម​របៀប​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ។ (​អេភ. ៥:២៣​) សូម​ពិចារណា​អំពី​របៀប​ដែល​លោក​យេស៊ូ​ពណ៌​នា​ចំណង​មិត្តភាព​របស់​លោក​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​របស់​លោក។ (​សូម​អាន យ៉ូហាន ១០:១៤, ១៥) តើ​បុរស​ដែល​ចង់​ពង្រឹង​ជំនឿ​នៃ​សមាជិក​ក្រុម​គ្រួសារ​របស់​គាត់​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​ជោគជ័យ? គឺ​ឲ្យ​គាត់​សិក្សា​អំពី​ប្រសាសន៍​និង​ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​ក្នុង​នាម​ជា​«​គង្វាល​ល្អ​ប្រសើរ​»​ ហើយ​ក្រោយ​មក​«​ខំ​ដើរ​តាម​លំ​អាន​ដាន​របស់​លោក​ឲ្យ​បាន​ដិត​ដល់​»។—១ពេ. ២:២១

៥​. តើ​គង្វាល​ល្អ​ប្រសើរ​ស្គាល់​អ្វី​ខ្លះ​អំពី​ក្រុម​ជំនុំ?

ក្នុង​ន័យ​ធៀប ចំណង​មិត្តភាព​រវាង​គង្វាល​និង​ចៀម​របស់​គាត់​គឺ​ពឹង​ផ្អែក​លើ​ការ​ស្គាល់​គ្នា​និង​ទុក​ចិត្ត​គ្នា។ គង្វាល​ស្គាល់​អ្វី​ៗ​ទាំង​អស់​អំពី​ចៀម​របស់​គាត់ ហើយ​ចៀម​ក៏​ស្គាល់​គង្វាល​និង​ទុក​ចិត្ត​គាត់ ថែម​ទាំង​ស្គាល់​សំឡេង​និង​ស្ដាប់​តាម​គាត់​ដែរ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ហើយ​ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ​ដែរ​»។ លោក​មិន​មែន​ស្គាល់​ក្រុម​ជំនុំ​លំ​ៗ​នោះ​ទេ។ ពាក្យ​«​ស្គាល់​»​ក្នុង​ភាសា​ក្រិច​រួម​បញ្ចូល​អត្ថន័យ​ថា​«​ស្គាល់​យ៉ាង​ច្បាស់​និង​ល្អិត​ល្អន់​»។ ពិត​មែន​ហើយ គង្វាល​ល្អ​ប្រសើរ​ស្គាល់​ចៀម​របស់​លោក​យ៉ាង​ល្អិត​ល្អន់។ លោក​ស្គាល់​អំពី​សេចក្ដី​ត្រូវ​ការ​របស់​ចៀម​នីមួយ​ៗ​ទាំង​ចំណុច​ខ្សោយ ទាំង​ចំណុច​ខ្លាំង​របស់​ពួក​គេ។ គ្មាន​ចំណុច​ណា​មួយ​របស់​ចៀម​ដែល​លោក​យេស៊ូ​មិន​ស្គាល់​នោះ​ទេ។ បន្ថែម​ទៅ​ទៀត ចៀម​ស្គាល់​គង្វាល​យ៉ាង​ច្បាស់ ហើយ​ក៏​ទុក​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​លោក​ដែរ។

៦​. តើ​ប្ដី​អាចយ​ក​តម្រាប់​តាម​គង្វាល​ល្អ​ប្រសើរ​យ៉ាង​ដូច​ម្ដេច?

ដើម្បី​ធ្វើ​ជា​ប្រមុខ​ដូច​គ្រិស្ត ប្ដី​ត្រូវ​ចេះ​ចាត់​ទុក​ខ្លួន​គាត់​ប្រៀប​ដូច​ជា​គង្វាល​ម្នាក់ ហើយ​ចាត់​ទុក​អស់​អ្នក​ដែល​ស្ថិត​ក្រោម​ការ​ថែ​ទាំ​របស់​គាត់​ប្រៀប​ដូច​ជា​ចៀម។ គាត់​គួរ​ព្យាយាម​ស្គាល់​ក្រុម​គ្រួសារ​របស់​គាត់​ឲ្យ​បាន​ច្បាស់។ តើ​គាត់​ពិត​ជា​អាច​ធ្វើ​ដូច្នេះ​បាន​ឬ​ទេ? គាត់​អាច​ធ្វើ​បាន បើ​គាត់​ប្រាស្រ័យ​ទាក់​ទង​យ៉ាង​ល្អ​ជា​មួយ​នឹង​សមាជិក​ទាំង​អស់ ស្ដាប់​កង្វល់​របស់​ពួក​គេ នាំ​មុខ​ក្នុង​កិច្ចការ​ផ្សេង​ៗ​របស់​ក្រុម​គ្រួសារ ហើយ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​អំពី​រឿង​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ជា​គ្រួសារ កិច្ច​ប្រជុំ កិច្ចការ​ផ្សព្វ​ផ្សាយ ការ​លំហែ​កាយ និង​ការ​កម្សាន្ត​ជា​ដើម។ ពេល​ប្ដី​ដែល​ជា​គ្រិស្ត​សាសនិក​ដឹក​នាំ​ក្រុម​គ្រួសារ​ដោយ​មាន​ចំណេះ​អំពី​បណ្ដាំ​របស់​ព្រះ ថែម​ទាំង​ស្គាល់​សមាជិក​ក្រុម​គ្រួសារ​ឲ្យ​បាន​ច្បាស់ នោះ​សមាជិក​គ្រួសារ​របស់​គាត់​ទំនង​ជា​ទុក​ចិត្ត​លើ​ប្រមុខ​ភាព​របស់​គាត់​ជាង ហើយ​គាត់​ក៏​នឹង​ពេញ​ចិត្ត​ដោយ​ឃើញ​ពួក​គេ​រក្សា​សាមគ្គី​ភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត​ដែរ។

៧, ៨​. តើ​ប្ដី​អាចយ​ក​តម្រាប់​តាម​គង្វាល​ល្អ​ប្រសើរ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច​ចំពោះ​អស់​អ្នក​ដែល​ស្ថិត​ក្រោម​ការ​ថែ​ទាំ​របស់​គាត់?

គង្វាល​ល្អ​ម្នាក់​ក៏​ស្រឡាញ់​ចៀម​របស់​គាត់​ដែរ។ ពេល​យើង​សិក្សា​អំពី​ជីវិត​និង​កិច្ចការ​ផ្សាយ​របស់​លោក​យេស៊ូ​ពី​កំណត់​ហេតុ​ក្នុង​សៀវភៅ​ដំណឹង​ល្អ នោះ​យើង​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​សេចក្ដី​ស្រឡាញ់​ដែល​លោក​យេស៊ូ​បាន​បង្ហាញ​ដល់​ពួក​អ្នក​កាន់​តាម​លោក។ លោក​ក៏​បាន​«​លះ​បង់​ជីវិត​ដើម្បី​ចៀម​»​ដែរ។ ប្ដី​គួរ​យក​តម្រាប់​តាម​លោក​យេស៊ូ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​អ្នក​ដែល​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​គាត់។ ជា​ជាង​គ្រប់​គ្រង​លើ​ប្រពន្ធ​របស់​គាត់​យ៉ាង​ឃោរឃៅ ប្ដី​ដែល​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ត្រូវ​បន្ត​ស្រឡាញ់​ប្រពន្ធ​«​ដូច​គ្រិស្ត​បាន​ស្រឡាញ់​ក្រុម​ជំនុំ​»។ (​អេភ. ៥:២៥​) គាត់​គួរ​សប្បុរស​និង​ចេះ​គិត​ពី​អារម្មណ៍​របស់​ប្រពន្ធ​តាម​រយៈ​ពាក្យ​សម្ដី ពី​ព្រោះ​នាង​សម​ទទួល​កិត្ដិយស។—១ពេ. ៣:៧

ក្នុង​ការ​បង្ហាត់​បង្រៀន​កូន នោះ​មេ​គ្រួសារ​គួរ​ប្រកាន់​ខ្ជាប់​នឹង​គោលការណ៍​របស់​ព្រះ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គាត់​ត្រូវ​បង្ហាញ​មនោសញ្ចេតនា​របស់​គាត់​ចំពោះ​កូន ហើយ​ពេល​ត្រូវ​ប្រៀន​ប្រដៅ​កូន នោះ​គាត់​ត្រូវ​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់។ កូន​ខ្លះ​ត្រូវ​ការ​ពេល​វេលា​យូរ​ជាង​កូន​ៗ​ឯ​ទៀត​ដើម្បី​យល់​ពី​អ្វី​ដែល​ពួក​គេ​គួរ​ធ្វើ។ ក្នុង​ករណី​នេះ ឪពុក​គួរ​មាន​ចិត្ត​អត់​ធ្មត់​ជាង​ចំពោះ​កូន​នោះ។ ដូច្នេះ ពេល​ប្ដី​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​យ៉ាង​ទៀង​ទាត់ នោះ​ពួក​គាត់​នឹង​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​ផ្ទះ​ក្លាយ​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​និង​មាន​សេចក្ដី​សុខ។ ម្យ៉ាង​ទៀត ក្រុម​គ្រួសារ​របស់​ពួក​គាត់​នឹង​មាន​ស្ថាន​ភាព​សុខសាន្ត​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ដូច​អ្នក​តែង​ទំនុកតម្កើង​បាន​ច្រៀង។—សូម​អាន ទំនុកតម្កើង ២៣:១​-​៦

៩​. ដូច​ណូអេ​ដែល​ជា​មេ​គ្រួសារ​ម្នាក់ តើ​ប្ដី​ដែល​ជា​គ្រិស្ត​សាសនិក​មាន​ភារកិច្ច​អ្វី? ហើយ​តើ​មាន​អ្វី​ដែល​អាច​ជួយ​គាត់​ឲ្យ​ធ្វើ​ដូច្នេះ​បាន?

គំរូ​ល្អ​មួយ​ទៀត​សម្រាប់​មេ​គ្រួសារ​ដែល​ជា​គ្រិស្ត​សាសនិក គឺ​ណូអេ។ ណូអេ​ដែល​ជា​មេ​គ្រួសារ​ម្នាក់​បាន​រស់​នៅ​គ្រា​ចុង​បញ្ចប់​នៃ​សម័យ​របស់​គាត់។ ពេល​ដែល​ព្រះ​យេហូវ៉ា​«​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពិភព​លោក​នៃ​មនុស្ស​ទុច្ចរិត​ទាំង​នោះ​»​ លោក​បាន​សង្គ្រោះ​ខ្លួន​គាត់​និង​«​មនុស្ស​ប្រាំពីរ​នាក់​ទៀត​»។ (​២ពេ. ២:៥​) ណូអេ​មាន​ភារកិច្ច​ជួយ​ក្រុម​គ្រួសារ​របស់​គាត់​ឲ្យ​រួច​រស់​ជីវិត​ពី​ទឹក​ជំនន់​នោះ។ មេ​គ្រួសារ​ដែល​ជា​គ្រិស្ត​សាសនិក​ក៏​មាន​តួនាទី​ស្រដៀង​នេះ​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ។ (​ម៉ាថ. ២៤:៣៧​) ដូច្នេះ ជា​ការ​ចាំ​បាច់​ដែល​ពួក​គាត់​សិក្សា​ពី​គំរូ​របស់​«​គង្វាល​ល្អ​ប្រសើរ​»​និង​ខំ​យក​តម្រាប់​តាម​លោក!

ប្រពន្ធ​ទាំង​ឡាយ សូម​«​សង់ផ្ទះ​របស់​ខ្លួន​ឡើង​»​

១០​. តើ​ការ​ចុះ​ចូល​របស់​ប្រពន្ធ​ចំពោះ​ប្ដី​មាន​ន័យ​អ្វី?

១០ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ចូរ​ឲ្យ​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី ដូច​ចុះ​ចូល​នឹង​លោក​ម្ចាស់​»។ (​អេភ. ៥:២២​) ប្រយោគ​នេះ​មិន​បញ្ជាក់​ថា​ស្ត្រី​មាន​ឋានៈ​ថោក​ទាប​នោះ​ទេ។ មុន​ព្រះ​បង្កើត​នាង​អេវ៉ា​ដែល​ជា​ស្ត្រី​ដំបូង លោក​បាន​ប្រកាស​ថា​៖ ​«​មនុស្ស​នេះ​នៅ​តែ​ម្នាក់​ឯង នោះ​មិន​ស្រួល​ទេ អញ​នឹង​ធ្វើ​ឲ្យ​មាន​ម្នាក់​ជា​ជំនួយ​សំ​រាប់​ជួយ​វា​»។ (​លោ. ២:១៨​) តួនាទី​របស់​«​ជំនួយ​»​ជា​តួនាទី​ដែល​មាន​កិត្ដិយស​មែន ពោល​គឺ​គាំទ្រ​ប្ដី​ពេល​គាត់​បំពេញ​ភារកិច្ច​ក្នុង​ក្រុម​គ្រួសារ។

១១​. តើ​ប្រពន្ធ​ដែល​ជា​គំរូ​ល្អ​«​សង់ផ្ទះ​របស់​ខ្លួន​ឡើង​»​យ៉ាង​ដូច​ម្ដេច?

១១ ប្រពន្ធ​ដែល​ជា​គំរូ​ល្អ​ធ្វើ​អ្វី​ៗ​ដែល​ជា​ប្រយោជន៍​សម្រាប់​អ្នក​ផ្ទះ។ (​សូម​អាន សុភាសិត ១៤:១) ផ្ទុយ​ពី​ប្រពន្ធ​ដែល​ល្ងីល្ងើ​ដែល​មិន​គោរព​ការ​រៀប​ចំ​នៃ​ប្រមុខ​ភាព នោះ​ប្រពន្ធ​ដែល​មាន​ប្រាជ្ញា​គោរព​យ៉ាង​ខ្លាំង​ចំពោះ​ការ​រៀប​ចំ​នេះ។ ជា​ជាង​បង្ហាញ​ចិត្ត​គំនិត​ដែល​មិន​ស្ដាប់​បង្គាប់​និង​មិន​ពឹង​ពាក់​អ្នក​ឯ​ទៀត​ដែល​ជា​លក្ខណៈ​របស់​ពិភព​លោក​នេះ នោះ​នាង​ចុះ​ចូល​ចំពោះ​ប្ដី​វិញ។ (​អេភ. ២:​២​) ប្រពន្ធ​ដែល​ល្ងីល្ងើ​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​និយាយ​អាក្រក់​ពី​ប្ដី​ខ្លួន​ទេ តែ​ប្រពន្ធ​ដែល​មាន​ប្រាជ្ញា​ខំ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ឲ្យ​កូន​និង​អ្នក​ឯ​ទៀត​គោរព​ប្ដី​ខ្លួន​កាន់​តែ​ច្រើន។ ប្រពន្ធ​បែប​នេះ​មិន​ចង់​រំអុក​ប្ដី ឬ​មិន​ឈ្លោះ​ប្រកែក​ជា​មួយ​ប្ដី​ទេ ព្រោះ​នេះ​អាច​បង្ហាញ​ថា​នាង​មិន​គោរព​ប្រមុខ​ភាព​របស់​ប្ដី ដែល​អាច​ធ្វើ​ឲ្យ​សមាជិក​ឯ​ទៀត​ធ្វើ​ដូច​នាង​ដែរ។ រឿង​សំខាន់​មួយ​ទៀត​គឺ​ទាក់​ទង​នឹង​ការ​ចេះ​ចាយ​វាយ​លុយ​កាក់។ ប្រពន្ធ​ល្ងីល្ងើ​ទំនង​ជា​ខ្ជះខ្ជាយ​លុយ​កាក់​ដែល​ប្ដី​ខំ​រក​បាន។ ប៉ុន្តែ​ប្រពន្ធ​ដែល​ចេះ​គាំទ្រ​ប្ដី​មិន​ធ្វើ​ដូច្នេះ​ទេ តែ​នាង​សហការ​ជា​មួយ​ប្ដី​ចំពោះ​រឿង​នេះ​វិញ។ របៀប​ដែល​នាង​ចាយ​វាយ​លុយ​កាក់​បាន​ត្រូវ​សម្គាល់​ដោយ​ការ​ចេះ​ទុក​ដាក់​និង​ចេះ​សន្សំ​សំចៃ។ ម្យ៉ាង​ទៀត នាង​ក៏​មិន​បង្ខំ​ប្ដី​ឲ្យ​ធ្វើ​ការ​ថែម​ម៉ោង​ដែរ។

១២​. តើ​ប្រពន្ធ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​សមាជិក​គ្រួសារ​របស់​ខ្លួន​ឲ្យ​នៅ​‹ភ្ញាក់​ជា​និច្ច›?

១២ ប្រពន្ធ​ដែល​ជា​គំរូ​ល្អ​ជួយ​សមាជិក​គ្រួសារ​របស់​ខ្លួន​ឲ្យ​នៅ​‹ភ្ញាក់​ជា​និច្ច›​ដោយ​ជួយ​ប្ដី​ក្នុង​ការ​បង្រៀន​កូន​អំពី​ព្រះ​យេហូវ៉ា។ (​សុភ. ១:​៨​) នាង​គាំទ្រ​យ៉ាង​សកម្ម​នូវ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ ម្យ៉ាង​ទៀត នាង​ក៏​គាំទ្រ​ប្ដី ពេល​ដែល​គាត់​ឲ្យ​ឱវាទ​និង​ប្រៀន​ប្រដៅ​កូន​ដែរ។ នាង​ពិត​ជា​ខុស​គ្នា​ឆ្ងាយ​មែន​ពី​ប្រពន្ធ​ដែល​មិន​ចេះ​សហការ​គ្នា! ព្រោះ​ប្រពន្ធ​ដែល​មិន​ចេះ​សហការ​គ្នា​បែប​នេះ​អាច​នាំ​ឲ្យ​កូន​ៗ​ពិបាក​ទាំង​ផ្លូវ​កាយ​ទាំង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។

១៣​. ហេតុ​អ្វី​ជា​ការ​សំខាន់​ឲ្យ​ប្រពន្ធ​គាំទ្រ​ប្ដី​ពេល​គាត់​ជាប់​រវល់​ក្នុង​កិច្ចការ​របស់​ក្រុម​ជំនុំ​និង​របស់​អង្គការ​ព្រះ?

១៣ តើ​ប្រពន្ធ​ដែល​គាំទ្រ​ប្ដី​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​គាត់​បំពេញ​ភារកិច្ច​របស់​គាត់​ក្នុង​ក្រុម​ជំនុំ? នាង​ពិត​ជា​មាន​អំណរ​មែន! មិន​ថា​ប្ដី​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ជា​អ្នក​ចាស់​ទុំ ឬ​ប្រហែលជា​សមាជិក​នៃ​គណៈកម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ ឬ​គណៈកម្មាធិការ​ខាង​ការ​សាងសង់​តាម​ភូមិ​ភាគ​ក្ដី នោះ​នាង​សប្បាយ​ចិត្ត​ណាស់​ចំពោះ​ឯកសិទ្ធិ​របស់​គាត់។ ការ​គាំទ្រ​ប្ដី​យ៉ាង​សកម្ម​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ពិត​ជា​នាំ​ឲ្យ​នាង​លះ​បង់​ប្រយោជន៍​របស់​ខ្លួន​ខ្លះ​ៗ​ដែរ។ ប៉ុន្តែ នាង​ក៏​ទទួល​ស្គាល់​ដែរ​ថា​ដោយ​សារ​ប្ដី​ជាប់​រវល់​ក្នុង​កិច្ចការ​របស់​ក្រុម​ជំនុំ​និង​របស់​អង្គការ​ព្រះ នោះ​ជួយ​ក្រុម​គ្រួសារ​ទាំង​មូល​ឲ្យ​នៅ​ភ្ញាក់​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​និច្ច។

១៤​. (​ក​) តើ​ប្រហែលជា​មាន​ការ​ពិបាក​អ្វី​សម្រាប់​ប្រពន្ធ​ដែល​គាំទ្រ​ប្ដី? ហើយ​តើ​នាង​អាចយ​ក​ឈ្នះ​ការ​ពិបាក​នោះ​យ៉ាង​ដូច​ម្ដេច? (​ខ​)​ តើ​ប្រពន្ធ​អាច​ជួយ​ឲ្យ​ក្រុម​គ្រួសារ​ទាំង​មូល​មាន​សុភមង្គល​យ៉ាង​ដូច​ម្ដេច?

១៤ ការ​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​ការ​គាំទ្រ​ប្ដី ប្រហែលជា​ពិបាក​សម្រាប់​នាង​ពេល​ប្ដី​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ​ដែល​នាង​មិន​ឯកភាព។ ទោះ​ជា​យ៉ាង​នោះ​ក្ដី នាង​បង្ហាញ​«​ចិត្ត​ស្ងៀម​ស្ងាត់​និង​ស្លូតបូត​»​ និង​សហការ​ជា​មួយ​ប្ដី​ដើម្បី​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​នោះ​ទទួល​ជោគជ័យ។ (​១ពេ. ៣:៤​) ប្រពន្ធ​ល្អ​ខំ​ធ្វើ​តាម​គំរូ​របស់​ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ​ពី​សម័យ​បុរាណ ដូច​ជា​សារ៉ា រូថ អ័ប៊ីកែល និង​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​លោក​យេស៊ូ​ជា​ដើម។ (​១ពេ. ៣:៥, ៦​) ម្យ៉ាង​ទៀត នាង​ក៏​យក​តម្រាប់​តាម​ស្ត្រី​វ័យ​ចាស់​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ​ដែល​បាន​«​ប្រព្រឹត្ត​ឲ្យ​សម​ជា​មនុស្ស​បរិសុទ្ធ​»។ (​ទីត. ២:៣, ៤​) ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ចំពោះ​ប្ដី នោះ​ប្រពន្ធ​ដែល​ជា​គំរូ​ល្អ​ជួយ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​ទទួល​ជោគជ័យ និង​ជួយ​ឲ្យ​ក្រុម​គ្រួសារ​ទាំង​មូល​មាន​សុភមង្គល។ ដោយ​ធ្វើ​ដូច្នេះ នាង​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​ផ្ទះ​ទៅ​ជា​កន្លែង​មួយ​ដែល​គួរ​ឲ្យ​ចង់​រស់​នៅ។ ម្ល៉ោះ​ហើយ ចំពោះ​បុរស​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ធ្វើ​ការ​នឿយ​ហត់​សម្រាប់​លោក នោះ​ប្រពន្ធ​ដែល​គាំទ្រ​គាត់​មាន​តម្លៃ​ដែល​កាត់​ថ្លៃ​ពុំ​បាន!—សុភ. ១៨:២២

ប្អូន​ៗ​វ័យ​ក្មេង សូម​‹ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ប្អូន​មើល​មិន​ឃើញ›

១៥​. តើ​ប្អូន​ៗ​វ័យ​ក្មេង​អាច​សហការ​ជា​មួយ​ឪពុក​ម្ដាយ​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​នៅ​‹ភ្ញាក់​ជា​និច្ច›​យ៉ាង​ដូច​ម្ដេច?

១៥ ប្អូន​ៗ​វ័យ​ក្មេង​អើយ! តើ​ប្អូន​អាច​សហការ​ជា​មួយ​ឪពុក​ម្ដាយ​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ប្អូន​នៅ​‹ភ្ញាក់​ជា​និច្ច›​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យ៉ាង​ដូច​ម្ដេច? សូម​គិត​អំពី​រង្វាន់​ដែល​ប្អូន​អាច​ទទួល​ពី​ព្រះ​យេហូវ៉ា។ ប្រហែលជា​តាំង​តែ​ពី​ក្មេង​មក ឪពុក​ម្ដាយ​របស់​ប្អូន​បាន​បង្ហាញ​រូបភាព​ពី​សួន​ឧទ្យាន​ដល់​ប្អូន ហើយ​ពេល​ដែល​ប្អូន​ធំ​ឡើង ពួក​គាត់​ទំនង​ជា​ប្រើ​គម្ពីរ​និង​សៀវភៅ​របស់​អង្គការ​យើង​ដើម្បី​ជួយ​ប្អូន​ឲ្យ​ស្រមៃ​គិត​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ។ ដូច្នេះ ការ​ផ្ដោត​អារម្មណ៍​ក្នុង​កិច្ចការ​បម្រើ​ព្រះ​យេហូវ៉ា និង​រៀប​ចំ​ជីវិត​របស់​ប្អូន​ឲ្យ​រស់​នៅ​សម​ស្រប​តាម​កិច្ច​បម្រើ​នោះ នឹង​ជួយ​ប្អូន​ឲ្យ​នៅ​‹ភ្ញាក់​ជា​និច្ច›។

១៦, ១៧​. ដើម្បី​ទទួល​ជោគជ័យ​ក្នុង​ការ​រត់​ប្រណាំង​ដែល​នាំ​ឲ្យ​បាន​ជីវិត តើ​ប្អូន​ៗ​វ័យ​ក្មេង​អាច​ធ្វើ​យ៉ាង​ណា?

១៦ សូម​គិត​អំពី​ពាក្យ​របស់​សាវ័ក​ប៉ូល​ដែល​មាន​ក្នុង​កូរិនថូសទី១ ៩:​២៤(​សូម​អាន​) សាវ័ក​ប៉ូល​បាន​ប្រៀប​ធៀប​កិច្ច​បម្រើ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ទៅ​នឹង​ការ​រត់​ប្រណាំង ហើយ​ប្រៀប​ធៀប​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ទៅ​នឹង​រង្វាន់។ ដូច្នេះ សូម​រត់​ក្នុង​ទី​ប្រណាំង​នេះ​ដើម្បី​ឲ្យ​បាន​ជ័យ​ជម្នះ ហើយ​សូម​ជ្រើស​រើស​ផ្លូវ​ដែល​អាច​នាំ​ឲ្យ​ប្អូន​ទទួល​រង្វាន់​នោះ។ មនុស្ស​ជា​ច្រើន​អនុញ្ញាត​ឲ្យ​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ​បំបែរ​អារម្មណ៍​របស់​ពួក​គេ​ពី​រង្វាន់​នោះ។ នេះ​ពិត​ជា​មិន​ចេះ​ពិចារណា​មែន! ពីព្រោះ​ការ​រៀប​ចំ​ជីវិត​ដែល​ផ្អែក​លើ​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ​មិន​នាំ​ឲ្យ​មាន​សុភមង្គល​ពិត​ទេ ហើយ​អ្វី​ដែល​លុយ​អាច​ទិញ​ជា​អ្វី​ដែល​មាន​តែ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ ប៉ុន្តែ ចំពោះ​ប្អូន​វិញ សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​‹អ្វី​ដែល​ប្អូន​មើល​មិន​ឃើញ›។ ហេតុ​អ្វី? ពីព្រោះ​‹អ្វី​ដែល​ប្អូន​មើល​មិន​ឃើញ នោះ​ស្ថិតស្ថេរ​ជា​រៀង​រហូត›។—២កូ. ៤:១៨

១៧ ‹អ្វី​ដែល​ប្អូន​មើល​មិន​ឃើញ›​រួម​បញ្ចូល​ពរ​ពី​រាជាណាចក្រ​របស់​ព្រះ។ សូម​រៀប​ចំ​ឲ្យ​មាន​របៀប​រស់​នៅ​ដើម្បី​ទទួល​ពរ​ទាំង​នោះ។ ម្យ៉ាង​ទៀត ការ​ប្រើ​ជីវិត​របស់​ប្អូន​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា នោះ​នាំ​ឲ្យ​មាន​សុភមង្គល​ពិត។ ការ​បម្រើ​ព្រះ​ពិត​នឹង​ផ្ដល់​ឱកាស​ឲ្យ​ប្អូន​កំណត់​គោលដៅ​ដែល​អាច​សម្រេច​បាន​ក្នុង​រយៈ​ពេល​ខ្លី ថែម​ទាំង​គោលដៅ​ដែល​អាច​សម្រេច​ក្នុង​រយៈ​ពេល​វែង​ដែរ។ * ការ​កំណត់​គោលដៅ​ដែល​ប្អូន​អាច​សម្រេច​បាន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ អាច​ជួយ​ប្អូន​ឲ្យ​ផ្ដោត​អារម្មណ៍​ជា​និច្ច​ទៅ​លើ​ការ​បម្រើ​លោក​ដោយ​មាន​ចិត្ត​ចង់​ទទួល​អំណោយ​ដែល​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—១យ៉ូន. ២:១៧

១៨, ១៩​. តើ​ប្អូន​ៗ​វ័យ​ក្មេង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ខ្លួន​បាន​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា?

១៨ ប្អូន​ៗ​វ័យ​ក្មេង​អើយ! អ្វី​ដែល​ប្អូន​ត្រូវ​ធ្វើ​មុន​គេ​ក្នុង​ការ​រត់​ប្រណាំង​ដើម្បី​ឲ្យ​បាន​ជីវិត គឺ​បណ្ដុះ​ឲ្យ​ខ្លួន​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ តើ​ប្អូន​បាន​ធ្វើ​ដូច្នេះ​ហើយ​ឬ​នៅ? សូម​ដណ្ដឹង​សួរ​ខ្លួន​ថា​‹តើ​ខ្ញុំ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឬ​ទេ? ឬ​ក៏​តើ​ខ្ញុំ​ធ្វើ​កិច្ចការ​បម្រើ​ព្រះ​ដោយ​សារ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​វិញ? តើ​ខ្ញុំ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​នឹង​ខ្ញុំ​ឬ​យ៉ាង​ណា? តើ​ខ្ញុំ​ព្យាយាម​ដើម្បី​រក្សា​ឲ្យ​មាន​ទម្លាប់​យ៉ាង​ទៀង​ទាត់​ក្នុង​សកម្មភាព​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ពិត ដូច​ជា​ការ​អធិដ្ឋាន ការ​សិក្សា កិច្ច​ផ្សព្វ​ផ្សាយ និង​ទៅ​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់​ឬ​ទេ? តើ​ខ្ញុំ​ចូល​ទៅ​ជិត​ព្រះ​ដោយ​ខំ​បណ្ដុះ​ឲ្យ​ខ្លួន​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក​ឬ​ទេ?›។—យ៉ា. ៤:៨

១៩ សូម​ប្អូន​សញ្ជឹង​គិត​អំពី​គំរូ​របស់​ម៉ូសេ។ ទោះ​ជា​ម៉ូសេ​បាន​ត្រូវ​អប់រំ​តាម​ទំនៀម​ទម្លាប់​របស់​ប្រទេស​អេស៊ីប​ក្ដី គាត់​បាន​សម្រេច​ចិត្ត​ឲ្យ​គេ​សម្គាល់​គាត់​ជា​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ជា​ជាង​ជា​កូន​របស់​កូន​ស្រី​ផារ៉ូ។ (​សូម​អាន ហេប្រឺ ១១:២៤​-​២៧) ប្អូន​ៗ​គ្រិស្ត​សាសនិក​អើយ! ប្អូន​ក៏​ត្រូវ​តាំង​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​ដែរ។ ដោយ​ធ្វើ​ដូច្នេះ ប្អូន​នឹង​មាន​សុភមង្គល​ពិត និង​មាន​ជីវិត​ដ៏​ប្រសើរ​បំផុត​នៅ​ឥឡូវ​នេះ ថែម​ទាំង​មាន​សេចក្ដី​សង្ឃឹម​«​ចាប់​យ៉ាង​ជាប់​នូវ​ជីវិត​ដ៏​ពិត​ប្រាកដ​»។—១ធី. ៦:១៩

២០​. ក្នុង​ការ​រត់​ប្រណាំង​ដើម្បី​ឲ្យ​បាន​ជីវិត តើ​អ្នក​ណា​នឹង​ទទួល​រង្វាន់?

២០ ក្នុង​កីឡា​រត់​ប្រណាំង​នៅ​សម័យ​បុរាណ មាន​អ្នក​ឈ្នះ​តែ​ម្នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ ការ​រត់​ប្រណាំង​ដើម្បី​ឲ្យ​បាន​ជីវិត​មិន​មែន​ដូច្នេះ​ទេ។ បំណង​ប្រាថ្នា​របស់​ព្រះ​គឺ​«​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​ទទួល​សេចក្ដី​សង្គ្រោះ ហើយ​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​»។ (​១ធី. ២:៣, ៤​) មនុស្ស​ជា​ច្រើន​បាន​រត់​ក្នុង​ការ​ប្រណាំង​នេះ​ដោយ​ទទួល​ជោគជ័យ​មុន​ប្អូន ហើយ​មនុស្ស​ជា​ច្រើន​ទៀត​កំពុង​រត់​ដំណាល​គ្នា​នឹង​ប្អូន​ដែរ។ (​ហេ. ១២:១, ២​) អស់​អ្នក​ដែល​មិន​រសាយ​ចិត្ត​ក្នុង​ការ​រត់​ប្រណាំង​នេះ​នឹង​ទទួល​រង្វាន់​គ្រប់​ៗ​គ្នា។ ដូច្នេះ សូម​តាំង​ចិត្ត​រត់​ឲ្យ​ឈ្នះ!

២១​. តើ​អត្ថបទ​បន្ទាប់​នឹង​ពិចារណា​អំពី​អ្វី?

២១ ​«​ថ្ងៃ​ដ៏​ធំ​ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​»​នឹង​មក​ដល់​ជាក់​ជា​មិន​ខាន។ (​ម៉ាឡ. ៤:៥​) ក្រុម​គ្រួសារ​គ្រិស្ត​សាសនិក​គួរ​ដឹង​ខ្លួន​ពេល​ថ្ងៃ​នោះ​មក​ដល់។ ហេតុ​នេះ​ហើយ ជា​ការ​សំខាន់​ណាស់​ដែល​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​បំពេញ​តាម​ភារកិច្ច​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​ពួក​គាត់​ដូច​បាន​ចែង​ក្នុង​គម្ពីរ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ថែម​ទៀត​ដើម្បី​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​និង​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​លោក? អត្ថបទ​បន្ទាប់​នឹង​ពិចារណា​អំពី​ចំណុច​បី​យ៉ាង​ដែល​ជះ​ឥទ្ធិពល​ទៅ​លើ​ក្រុម​គ្រួសារ​ទាំង​មូល​ក្នុង​ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។

[​កំណត់​សម្គាល់​]

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ?

• ហេតុ​អ្វី​ជា​ការ​សំខាន់​ចាំ​បាច់​ដែល​ក្រុម​គ្រួសារ​គ្រិស្ត​សាសនិក​នៅ​‹ភ្ញាក់​ជា​និច្ច›?

• តើ​ប្ដី​អាចយ​ក​តម្រាប់​តាម​គង្វាល​ល្អ​ប្រសើរ​យ៉ាង​ដូច​ម្ដេច?

• តើ​ប្រពន្ធ​ដែល​ជា​គំរូ​ល្អ​អាច​ធ្វើ​អ្វី​ដើម្បី​គាំទ្រ​ប្ដី​នាង?

• តើ​ប្អូន​ៗ​វ័យ​ក្មេង​អាច​ជួយ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ឲ្យ​នៅ​ភ្ញាក់​ជា​និច្ច​យ៉ាង​ដូច​ម្ដេច?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​១២​]

ចំពោះ​បុរស​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ធ្វើ​ការ​នឿយ​ហត់​សម្រាប់​លោក នោះ​ប្រពន្ធ​ដែល​គាំទ្រ​គាត់​មាន​តម្លៃ​ដែល​កាត់​ថ្លៃ​ពុំ​បាន