លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកណាជាបុគ្គលដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក?

តើអ្នកណាជាបុគ្គលដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក?

តើ​អ្នក​ណា​ជា​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក?

​«​ទ្រង់​តែ​១​អង្គ . . . ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល​»។—ទំនុក. ៨៣:១៨

១, ២​. ស្តី​អំពី​សេចក្ដី​សង្គ្រោះ​របស់​យើង ហេតុ​អ្វី​ការ​ស្គាល់​នាម​របស់​ព្រះ​យេហូវ៉ា​តែ​ប៉ុណ្ណោះ​គឺ​មិន​គ្រប់​គ្រាន់?

ប្រហែល​ជា​អ្នក​បាន​ឃើញ​នាម​របស់​ព្រះ​យេហូវ៉ា​ជា​លើក​ដំបូង ពេល​ដែល​មាន​គេ​បង្ហាញ​នាម​នោះ​ពី​ទំនុកតម្កើង ៨៣:​១៨។ អ្នក​ទំនង​ជា​ភ្ញាក់​ផ្អើល​ពេល​អាន​ពាក្យ​ដែល​ថា​៖ ​«​ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា គឺ​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល​»។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ប្រាកដ​ជា​ប្រើ​បទ​គម្ពីរ​នេះ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ពោល​គឺ​ព្រះ​យេហូវ៉ា។—រ៉ូម ១០:១២, ១៣

ទោះ​ជា​ការ​ឲ្យ​មនុស្ស​ស្គាល់​នាម​របស់​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​ក៏​ដោយ ប៉ុន្តែ​ការ​ស្គាល់​នាម​របស់​លោក​តែ​ប៉ុណ្ណោះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​អ្នក​តែង​ទំនុកតម្កើង​បញ្ជាក់​អំពី​ការ​ពិត​មួយ​ទៀត​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ ពេល​ដែល​គាត់​បាន​ពោល​ថា​៖ ​«​គឺ​ទ្រង់​តែ​១​អង្គ . . . ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល​»។ ពិត​មែន​ហើយ ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​សកលលោក។ ក្នុង​នាម​ជា​អ្នក​ដែល​បាន​បង្កើត​របស់​សព្វសារពើ ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​តម្រូវ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្កើត​ចុះ​ចូល​ចំពោះ​លោក។ (​បប. ៤:១១​) ដូច្នេះ យើង​មាន​ហេតុ​ត្រឹម​ត្រូវ​ដើម្បី​សួរ​ខ្លួន​ថា​‹តើ​អ្នក​ណា​ជា​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ?›។ ជា​ការ​សំខាន់​ណាស់ ដែល​យើង​ពិចារណា​អំពី​ចម្លើយ​របស់​យើង​ចំពោះ​សំណួរ​នេះ​ឲ្យ​បាន​ហ្មត់​ចត់!

ការ​ចោទ​ប្រកាន់​ដែល​មាន​នៅ​សួន​ច្បារ​អេដែន

៣, ៤​. តើ​សាថាន​បាន​បំភាន់​នាង​អេវ៉ា​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

សំណួរ​ខាង​លើ​នេះ​គឺ​សំខាន់​ណាស់ ដូច​បាន​ឃើញ​យ៉ាង​ច្បាស់​ពី​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​សួន​ច្បារ​អេដែន។ នៅ​ទី​នោះ​មាន​ទេវតា​បះបោរ​ប្រឆាំង​មួយ​រូប ដែល​ក្រោយ​មក​វា​បាន​ត្រូវ​ហៅ​ថា​មេកំណាច​សាថាន។ វា​បាន​ទាក់​ទាញ​ចិត្ត​នាង​អេវ៉ា​ដែល​ជា​ស្ត្រី​ដំបូង​ឲ្យ​ចាត់​ទុក​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​នាង​សំខាន់​ជាង​បង្គាប់​របស់​ព្រះ​យេហូវ៉ា ដែល​លោក​បាន​បង្គាប់​នាង​មិន​ឲ្យ​ញ៉ាំ​ផ្លែ​ពី​ដើម​ឈើ​មួយ។ (​លោ. ២:១៧; ២កូ. ១១:​៣​) នាង​បាន​ចុះ​ចាញ់​នឹង​ការ​ទាក់​ទាញ​នេះ ហើយ​យ៉ាង​នេះ​បាន​បង្ហាញ​ថា​នាង​មិន​បាន​គោរព​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ទេ។ នាង​អេវ៉ា​មិន​បាន​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​នាង​ឡើយ។ ប៉ុន្តែ តើ​សាថាន​បាន​បំភាន់​នាង​អេវ៉ា​តាម​របៀប​ណា?

សាថាន​បាន​ប្រើ​កលល្បិច​ខ្លះ​នៅ​ក្នុង​ការ​សន្ទនា​របស់​វា​ជា​មួយ​នឹង​នាង​អេវ៉ា។ (​សូម​អាន លោកុប្បត្តិ ៣:១​-​៥, យើង​កែ​ជា​អក្សរ​ទ្រេត​) ទី​១ សាថាន​មិន​បាន​ប្រើ​នាម​របស់​ព្រះ​យេហូវ៉ា​ទេ។ វា​បាន​ប្រើ​ពាក្យ​ថា​«​ព្រះ​»។ ក៏​ប៉ុន្តែ អ្នក​សរសេរ​សៀវភៅ​លោកុប្បត្តិ​បាន​ប្រើ​នាម​របស់​ព្រះ​យេហូវ៉ា​តាំង​ពី​ខ​ដំបូង​ក្នុង​ជំពូក​នោះ។ ទី​២ ជា​ជាង​វា​និយាយ​អំពី​«​បង្គាប់​»​របស់​ព្រះ សាថាន​គ្រាន់តែ​សួរ​អំពី​អ្វី​ដែល​ព្រះ​«​មាន​បន្ទូល​»​ទៅ​វិញ។ (​លោ. ២:១៦​) ដោយ​ប្រើ​កលល្បិច​ទាំង​នេះ សាថាន​ប្រហែលជា​ខំ​ធ្វើ​ឲ្យ​សារៈសំខាន់​នៃ​បង្គាប់​របស់​ព្រះ​ទៅ​ជា​មិន​សូវ​សំខាន់​វិញ។ ទី​៣ ទោះ​ជា​វា​បាន​និយាយ​ទៅ​កាន់​អេវ៉ា​តែ​ម្នាក់​ក៏​ដោយ វា​ប្រើ​ពាក្យ​សព្វ​នាម​«​អ្នក​»​ដែល​ក្នុង​ភាសា​ដើម​សំដៅ​ទៅ​លើ​ពាក្យ​ពហុវចនៈ។ ដោយ​ធ្វើ​ដូច្នេះ វា​ប្រហែលជា​ព្យាយាម​ធ្វើ​ឲ្យ​នាង​មាន​អំណួត ដោយ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា​ខ្លួន​សំខាន់​បំផុត ហាក់​ដូច​ជានា​ង​ជា​តំណាង​របស់​ក្រុម​គ្រួសារ​នាង។ តើ​មាន​លទ្ធផល​យ៉ាង​ណា? តាម​មើល​ទៅ សូម្បី​តែ​នាង​មិន​មាន​សិទ្ធិ​ក៏​ដោយ នាង​បាន​និយាយ​តំណាង​ឲ្យ​ក្រុម​គ្រួសារ​របស់​នាង ពេល​នាង​និយាយ​ទៅ​កាន់​សត្វ​ពស់​ថា​៖ ​«​យើង​បរិភោគ​អស់​ទាំង​ផ្លែ​ឈើ​នៅ​ក្នុង​សួន​ច្បារ​បាន​»។

៥​. (​ក​) តើ​សាថាន​បាន​នាំ​នាង​អេវ៉ា​ឲ្យ​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី? (​ខ​)​ តើ​នាង​អេវ៉ា​បាន​បង្ហាញ​អំពី​អ្វី ដោយ​សារ​នាង​បរិភោគ​ផ្លែ​ដែល​ព្រះ​បាន​ហាម​នោះ?

សាថាន​ក៏​បាន​បំភ្លៃ​ការ​ពិត​ដែរ។ វា​បាន​និយាយ​បញ្ឆិត​បញ្ឆៀង​ថា​ព្រះ​អយុត្ដិធម៌​ដោយ​ហាម​អាដាម​និង​អេវ៉ា​‹មិន​ឲ្យ​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួន​ច្បារ›។ បន្ទាប់​មក សាថាន​ធ្វើ​ឲ្យ​នាង​អេវ៉ា​គិត​អំពី​ខ្លួន​នាង​និង​អំពី​របៀប​ដែល​នាង​អាច​មាន​ជីវិត​ប្រសើរ​ជាង ពោល​គឺ​ឲ្យ​នាង​បាន​«​ដូច​ជា​ព្រះ​»។ នៅ​ទី​បំផុត វា​បាន​នាំ​នាង​ឲ្យ​ប្រមូល​អារម្មណ៍​ទៅ​លើ​ដើម​ឈើ​និង​ផ្លែ​នោះ ជា​ជាង​ទៅ​លើ​ចំណង​មិត្តភាព​របស់​នាង​ជា​មួយ​នឹង​បុគ្គល​ដែល​បាន​ផ្ដល់​អ្វី​ៗ​ទាំង​អស់​ឲ្យ​នាង​វិញ។ (​សូម​អាន លោកុប្បត្តិ ៣:៦) គួរ​ឲ្យ​សោកស្ដាយ​ណាស់ ដោយ​សារ​នាង​អេវ៉ា​បរិភោគ​ផ្លែ​នោះ នាង​បាន​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​មិន​មែន​ជា​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​នាង​ឡើយ។

ការ​ចោទ​ប្រកាន់​ដែល​មាន​នៅ​សម័យ​យ៉ូប

៦​. តើ​សាថាន​បាន​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យ៉ូប​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​ព្រះ​ឲ្យ​យ៉ូប​មាន​ឱកាស​ធ្វើ​អ្វី?

ច្រើន​សតវត្សរ៍​ក្រោយ​មក យ៉ូប​ដែល​ជា​បុរស​ស្មោះ​ត្រង់​ម្នាក់​មាន​ឱកាស​បង្ហាញ​ថា​អ្នក​ណា​ជា​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់។ ពេល​ដែល​ព្រះ​យេហូវ៉ា​រៀប​រាប់​អំពី​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យ៉ូប​ឲ្យ​សាថាន​ស្ដាប់ នោះ​វា​បាន​ឆ្លើយ​ដោយ​មួម៉ៅ​ថា​៖ ​«​ដែល​យ៉ូប​កោត​ខ្លាច​ដល់​ព្រះ​អង្គ តើ​ឥត​មាន​ប្រយោជន៍​ទេ​ឬ?​»។ (​សូម​អាន យ៉ូប ១:៧​-​១០) សាថាន​មិន​បាន​ប្រកែក​ថា​យ៉ូប​មិន​ចេះ​ស្ដាប់​បង្គាប់​ព្រះ​ទេ ប៉ុន្តែ វា​បាន​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​បំណង​ចិត្ត​របស់​យ៉ូប​វិញ។ វា​បាន​ចោទ​យ៉ាង​ប៉ិនប្រសប់​ថា​យ៉ូប​មិន​បាន​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​សារ​សេចក្ដី​ស្រឡាញ់​នោះ​ទេ តែ​ដោយ​សារ​គាត់​គិត​អំពី​ប្រយោជន៍​ដែល​ខ្លួន​គាត់​អាច​ទទួល​វិញ។ មាន​តែ​យ៉ូប​ប៉ុណ្ណោះ​ទេ​ដែល​អាច​តប​ឆ្លើយ​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន ហើយ​ព្រះ​ឲ្យ​គាត់​មាន​ឱកាស​ធ្វើ​ដូច្នេះ​មែន។

៧, ៨​. តើ​យ៉ូប​បាន​ជួប​នឹង​ទុក្ខ​លំបាក​អ្វី​ខ្លះ? ហើយ​ដោយ​សារ​គាត់​បាន​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់ តើ​គាត់​បាន​បង្ហាញ​អំពី​អ្វី?

ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​សាថាន​ធ្វើ​ឲ្យ​យ៉ូប​ជួប​មហន្តរាយ​ជា​បន្ត​បន្ទាប់។ (​យ៉ូប ១:១២​-​១៩​) ដោយ​យ៉ូប​ជួប​ប្រទះ​ព្រឹត្ដិការណ៍​ដ៏​អាក្រក់​ទាំង​នោះ តើ​គាត់​មាន​ប្រតិកម្ម​យ៉ាង​ណា? គម្ពីរ​បាន​រៀប​រាប់​ថា​គាត់​«​មិន​បាន​ធ្វើ​បាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ​»។ (​យ៉ូប ១:២២​) ប៉ុន្តែ សាថាន​មិន​ទាន់​ឆ្អែតឆ្អន់​ទេ។ វា​ត្អូញត្អែរ​បន្ថែម​ថា​៖ ​«​ស្បែក​ឲ្យ​ធួន​នឹង​ស្បែក​ចុះ មនុស្ស​នឹង​សុខ​ចិត្ត​លះ​បង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់នៅ​»។ * (​យ៉ូប ២:៤​) សាថាន​បាន​ចោទ​ថា​បើ​ខ្លួន​របស់​យ៉ូប​ផ្ទាល់​រង​ការ​ឈឺ​ចាប់ នោះ​គាត់​នឹង​សម្រេច​ចិត្ត​ថា​ព្រះ​យេហូវ៉ា​មិន​មែន​ជា​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់​ឡើយ។

យ៉ូប​មាន​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដែល​បំផ្លាញ​រូបរាង​របស់​គាត់ ហើយ​ទទួល​ការ​បង្ខិត​បង្ខំ​ពី​ប្រពន្ធ​របស់​គាត់​ដែល​ឲ្យ​គាត់​ប្រមាថ​ព្រះ​ហើយ​ស្លាប់​ទៅ។ ក្រោយ​មក អ្នក​សម្រាល​ទុក្ខ​មិន​ពិត​បី​នាក់​បាន​ចោទ​ថា​អ្វី​ៗ​ដែល​បាន​កើត​ឡើង​គឺ​ដោយ​សារ​គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ (​យ៉ូប ២:១១​-​១៣; ៨:២​-​៦; ២២:២, ៣​) ក៏​ប៉ុន្តែ យ៉ូប​មិន​បាន​ឈប់​មាន​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ​នោះ​ទេ សូម្បី​តែ​មាន​ទុក្ខវេទនា​ទាំង​នោះ​ក៏​ដោយ។ (​សូម​អាន យ៉ូប ២:៩, ១០) ដោយ​សារ​គាត់​បាន​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់ នោះ​គាត់​បាន​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់។ យ៉ូប​ក៏​បាន​បង្ហាញ​ដែរ​ថា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​អាច​ផ្ដល់​ចម្លើយ​ចំពោះ​ការ​ចោទ​ប្រកាន់​មិន​ពិត​របស់​មេកំណាច ទោះ​ជា​ចម្លើយ​នោះ​មាន​កម្រិត​ក៏​ដោយ។—សូម​ពិនិត្យ​បន្ថែម សុភាសិត ២៧:១១

ចម្លើយ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​យេស៊ូ

៩​. (​ក​) តើ​សាថាន​ព្យាយាម​ល្បួង​លោក​យេស៊ូ​ដោយ​ប្រើ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​លោក​យ៉ាង​ដូច​ម្ដេច? (​ខ​)​ តើ​លោក​យេស៊ូ​បាន​តប​ឆ្លើយ​ចំពោះ​ការ​ល្បួង​នោះ​យ៉ាង​ណា?

មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ជ្រមុជ​ទឹក សាថាន​បាន​ព្យាយាម​ល្បួង​លោក​ឲ្យ​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​លោក ជា​ជាង​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត។ មេកំណាច​បាន​ល្បួង​លោក​បី​យ៉ាង។ ទី​១ វា​ព្យាយាម​ប្រើ​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ ដោយ​ល្បួង​លោក​ឲ្យ​ធ្វើ​ដុំ​ថ្ម​ក្លាយ​ជា​នំ​ប៉័ង។ (​ម៉ាថ. ៤:២, ៣​) លោក​យេស៊ូ​ទើប​តែ​តម​អាហារ​អស់​៤០​ថ្ងៃ ហើយ​លោក​ឃ្លាន​ខ្លាំង​ណាស់។ ដូច្នេះ មេកំណាច​ដាស់​តឿន​លោក​ឲ្យ​បំពេញ​ការ​ស្រេក​ឃ្លាន ដោយ​ប្រើ​ឫទ្ធានុភាព​ដែល​លោក​មាន​ដើម្បី​ធ្វើ​ការ​អស្ចារ្យ​តាម​របៀប​មិន​ត្រឹម​ត្រូវ។ តើ​លោក​យេស៊ូ​បាន​តប​ឆ្លើយ​យ៉ាង​ណា? លោក​បាន​ប្រមូល​អារម្មណ៍​ទៅ​លើ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា ហើយ​បដិសេធ​ការ​ល្បួង​នោះ​ភ្លាម​ៗ មិន​ដូច​នាង​អេវ៉ា​នោះ​ទេ។—សូម​អាន ម៉ាថាយ ៤:៤

១០​. ហេតុ​អ្វី​សាថាន​បាន​សាក​ចិត្ត​លោក​យេស៊ូ​ឲ្យ​លោក​លោត​ចុះ​ពី​កំពែង​វិហារ?

១០ សាថាន​ក៏​បាន​ញុះញង់​លោក​យេស៊ូ​ឲ្យ​ប្រព្រឹត្ត​អ្វី​មួយ​ដោយ​គិតតែ​ពី​ប្រយោជន៍​ខ្លួន​ដែរ។ វា​បាន​សាក​ចិត្ត​លោក​យេស៊ូ​ឲ្យ​លោក​លោត​ចុះ​ពី​កំពែង​វិហារ។ (​ម៉ាថ. ៤:៥, ៦​) តើ​សាថាន​មាន​បំណង​អ្វី? វា​អះអាង​ថា​បើ​លោក​យេស៊ូ​ហ៊ាន​លោត​ហើយ​មិន​មាន​របួស នោះ​ទើប​បង្ហាញ​ថា​លោក​ជា​«​កូន​របស់​ព្រះ​»​មែន។ ដោយ​ធ្វើ​ដូច្នេះ មេកំណាច​មាន​បំណង​ចង់​ឲ្យ​លោក​យេស៊ូ​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​អំពី​កេរ្ដិ៍​ឈ្មោះ​របស់​លោក ដែល​នឹង​ជំរុញ​លោក​ឲ្យ​ធ្វើ​ការ​អួត​សម្ញែង​មួយ។ សាថាន​បាន​ដឹង​ថា​បុគ្គល​ម្នាក់​ទំនង​ជា​ហ៊ាន​ធ្វើ​អ្វី​មួយ​ដែល​គ្រោះ​ថ្នាក់​ដោយ​សារ​អំណួត​និង​មិន​ចង់​បាក់មុខ​នៅ​ចំពោះ​មុខ​អ្នក​ឯ​ទៀត។ សាថាន​បាន​បក​ស្រាយ​បទ​គម្ពីរ​ខុស ប៉ុន្តែ​លោក​យេស៊ូ​បង្ហាញ​ថា​លោក​បាន​យល់​យ៉ាង​ច្បាស់​អំពី​បណ្ដាំ​របស់​ព្រះ​វិញ។ (​សូម​អាន ម៉ាថាយ ៤:៧) ដោយ​មិន​ធ្វើ​តាម​ការ​ល្បួង​របស់​វា នោះ​លោក​យេស៊ូ​បាន​បង្ហាញ​ម្ដង​ទៀត​ថា​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​លោក។

១១​. ហេតុ​អ្វី​លោក​យេស៊ូ​មិន​ព្រម​ទទួល​រាជាណាចក្រ​ទាំង​ឡាយ​ក្នុង​ពិភព​លោក​ពី​សាថាន?

១១ នៅ​ក្នុង​ការ​ល្បួង​ចុង​ក្រោយ​របស់​សាថាន វា​ផ្ដល់​ឲ្យ​រាជាណាចក្រ​ទាំង​ឡាយ​ក្នុង​ពិភព​លោក​ដល់​លោក​យេស៊ូ។ (​ម៉ាថ. ៤:៨, ៩​) លោក​យេស៊ូ​បាន​បដិសេធ​ភ្លាម​ៗ ដោយ​សារ​លោក​ដឹង​ថា​ការ​ទទួល​អ្វី​ៗ​ទាំង​នោះ មាន​ន័យ​ថា​លោក​បដិសេធ​សិទ្ធិ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​គ្រប់​គ្រង​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។ (​សូម​អាន ម៉ាថាយ ៤:១០) ក្នុង​ការ​ល្បួង​នីមួយ​ៗ លោក​យេស៊ូ​បាន​ផ្ដល់​ចម្លើយ​ចំពោះ​សាថាន​ដោយ​ដក​ស្រង់​ខ​គម្ពីរ​ដែល​មាន​នាម​របស់​ព្រះ​យេហូវ៉ា​ផ្ទាល់។

១២​. ពេល​ដែល​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែនដី​ជិត​មក​ដល់​ទី​បញ្ចប់ តើ​លោក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​អ្វី? ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​របៀប​ដែល​លោក​ប្រព្រឹត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​នោះ?

១២ ពេល​ដែល​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែនដី​ជិត​មក​ដល់​ទី​បញ្ចប់ លោក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ដែល​ពិបាក​ណាស់។ ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក លោក​បាន​មាន​ប្រសាសន៍​ថា​លោក​ស្ម័គ្រ​ចិត្ត​ប្រគល់​ជីវិត​របស់​លោក​ជា​ថ្លៃ​លោះ។ (​ម៉ាថ. ២០:១៧​-​១៩, ២៨; លូក. ១២:​៥០; យ៉ូន. ១៦:២៨​) ក៏​ប៉ុន្តែ លោក​យេស៊ូ​បាន​ដឹង​ថា​គេ​នឹង​ចោទ​ប្រកាន់​មិន​ពិត​ចំពោះ​លោក និង​កាត់​ទោស​លោក​ក្រោម​ច្បាប់​របស់​ជន​ជាតិ​យូដា ហើយ​ត្រូវ​គេ​ប្រហារ​ជីវិត​ក្នុង​នាម​ជា​អ្នក​ដែល​ប្រមាថ​ព្រះ។ ការ​បាត់បង់​ជីវិត​ដោយ​សារ​មូលហេតុ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ ដូច្នេះ លោក​បាន​អធិដ្ឋាន​ថា​៖ ​«​បិតា​អើយ! បើ​អាច​ធ្វើ​ទៅ​បាន សូម​ដក​ពែង​នេះ​ចេញ​ពី​ខ្ញុំ​»។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​បាន​បន្ត​ថា​៖ ​«​ប៉ុន្តែ​សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច មិន​មែន​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ទេ​»។ (​ម៉ាថ. ២៦:៣៩​) ពិត​មែន​ហើយ ចិត្ត​ស្មោះ​ត្រង់​ដែល​លោក​យេស៊ូ​មាន​រហូត​ដល់​ស្លាប់ បាន​បង្ហាញ​ជា​ភ័ស្តុតាង​យ៉ាង​ច្បាស់​អំពី​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​លោក!

ចម្លើយ​របស់​យើង ស្តី​អំពី​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង

១៣​. មក​ដល់​ត្រឹម​នេះ តើ​យើង​បាន​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​នាង​អេវ៉ា យ៉ូប និង​លោក​យេស៊ូ​គ្រិស្ត?

១៣ មក​ដល់​ត្រឹម​នេះ តើ​យើង​បាន​រៀន​អ្វី​ខ្លះ? ក្នុង​ករណី​របស់​នាង​អេវ៉ា យើង​បាន​រៀន​ថា​ពួក​អ្នក​ដែល​ចុះ​ចាញ់​នឹង​បំណង​ប្រាថ្នា​របស់​ខ្លួន ឬ​មាន​អារម្មណ៍​ថា​ខ្លួន​សំខាន់​ជាង​គេ នោះ​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា ពួក​គេ​មិន​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​ឡើយ។ ផ្ទុយ​ទៅ​វិញ ស្តី​អំពី​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យ៉ូប យើង​រៀន​ថា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​អាច​បង្ហាញ​ថា​ពួក​គេ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល​សំខាន់​បំផុត ដោយ​ការ​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់​ចំពោះ​ទុក្ខ​លំបាក ទោះ​ជា​ពួក​គេ​មិន​យល់​ច្បាស់​អំពី​មូលហេតុ​នៃ​ទុក្ខ​លំបាក​នោះ​ក៏​ដោយ។ (​យ៉ា. ៥:១១​) មេរៀន​ចុង​ក្រោយ គឺ​គំរូ​របស់​លោក​យេស៊ូ​បាន​បង្រៀន​យើង​ថា យើង​ត្រូវ​សុខ​ចិត្ត​អាម៉ាស់​មុខ ហើយ​មិន​ចាត់​ទុក​កេរ្ដិ៍​ឈ្មោះ​របស់​ខ្លួន​ជា​អ្វី​ដែល​សំខាន់​ហួស​ហេតុ​ពេក​នោះ​ទេ។ (​ហេ. ១២:២​) ប៉ុន្តែ តើ​យើង​អាច​អនុវត្ត​តាម​មេរៀន​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច?

១៤, ១៥​. តើ​ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​ចំពោះ​សេចក្ដី​ល្បួង​ខុស​គ្នា​ពី​នាង​អេវ៉ា​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​អាចយ​ក​តម្រាប់​តាម​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូបភាព​នៅ​ទំព័រ​២១​)

១៤ កុំ​ឲ្យ​សេចក្ដី​ល្បួង​ធ្វើ​ឲ្យ​អ្នក​ភ្លេច​ព្រះ​យេហូវ៉ា​ឲ្យ​សោះ។ នាង​អេវ៉ា​បាន​អនុញ្ញាត​ឲ្យ​ខ្លួន​ប្រមូល​អារម្មណ៍​ទៅ​លើ​សេចក្ដី​ល្បួង​ដែល​មាន​នៅ​ចំពោះ​មុខ​នាង។ នាង​បាន​ឃើញ​ថា​ផ្លែ​នោះ​«​បរិភោគ​បាន ក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ជា​ដើម​ដែល​ល្មម​គួរ​ចង់​បាន​ដើម្បី​ឲ្យ​បាន​ប្រាជ្ញា​»។ (​លោ. ៣:៦​) នេះ​ពិត​ជា​ផ្ទុយ​គ្នា​ស្រឡះ​ពី​ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​ចំពោះ​សេចក្ដី​ល្បួង​ទាំង​បី​ដែល​លោក​ត្រូវ​ប្រឈម​មុខ​មែន! រាល់​ដង លោក​មិន​បាន​ឲ្យ​សេចក្ដី​ល្បួង​នោះ​ធ្វើ​ឲ្យ​លោក​ភ្លេច​ពី​ផល​វិបាក​នៃ​ការ​ប្រព្រឹត្ត​របស់​លោក​ទេ។ លោក​បាន​ពឹង​ផ្អែក​លើ​បណ្ដាំ​របស់​ព្រះ​ហើយ​ប្រើ​នាម​របស់​ព្រះ​យេហូវ៉ា​ផ្ទាល់។

១៥ ពេល​ដែល​យើង​ប្រឈម​មុខ​នឹង​ការ​ល្បួង​ឲ្យ​ធ្វើ​អ្វី​ដែល​ព្រះ​មិន​ពេញ​ចិត្ត តើ​យើង​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី? បើ​យើង​ប្រមូល​អារម្មណ៍​កាន់​តែ​ច្រើន​ទៅ​លើ​សេចក្ដី​ល្បួង​នោះ សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​ក៏​នឹង​មាន​កាន់​តែ​ខ្លាំង​ឡើង​ដែរ។ (​យ៉ា. ១:១៤, ១៥​) យើង​ត្រូវ​ចាត់​វិធានការ​ភ្លាម​ៗ​ដើម្បី​កម្ចាត់​សេចក្ដី​ប៉ង​ប្រាថ្នា​នោះ​ចោល ទោះ​ជា​នោះ​មើល​ទៅ​តឹងរ៉ឹង​ដល់​ម្ល៉េះ ដែល​ប្រៀប​ដូច​ជា​ការ​កាត់​អវយវៈ​នៃ​រូប​កាយ​ក៏​ដោយ។ (​ម៉ាថ. ៥:២៩, ៣០​) ដូច​លោក​យេស៊ូ យើង​ត្រូវ​ប្រមូល​អារម្មណ៍​ទៅ​លើ​ផល​វិបាក​នៃ​ការ​ប្រព្រឹត្ត​របស់​យើង ពោល​គឺ​តើ​ការ​ប្រព្រឹត្ត​នោះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា? យើង​ក៏​ត្រូវ​នឹក​ចាំ​អ្វី​ដែល​បណ្ដាំ​របស់​លោក​បាន​ចែង​ដែរ។ មាន​តែ​ធ្វើ​ដូច្នេះ​ទេ ទើប​យើង​អាច​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។

១៦​-​១៨​. (​ក​) តើ​អ្វី​អាច​នាំ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត? (​ខ​)​ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ស្ថានការណ៍​ពិបាក?

១៦ កុំ​ឲ្យ​សោកនាដកម្ម​របស់​យើង​ធ្វើ​ឲ្យ​អ្នក​ខឹង​នឹង​ព្រះ​យេហូវ៉ា។ (​សុភ. ១៩:៣​) កាល​ដែល​ពិភព​លោក​ដ៏​អាក្រក់​នេះ​កាន់​តែ​ជិត​ដល់​ទី​បញ្ចប់ នោះ​មហន្តរាយ​និង​សោកនាដកម្ម​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​កាន់​តែ​ច្រើន​ឡើង​ដែរ។ នៅ​សព្វ​ថ្ងៃ​នេះ យើង​មិន​រំពឹង​ថា​យើង​នឹង​ទទួល​ការ​ការពារ​ដ៏​អស្ចារ្យ​ណា​មួយ​ពី​ព្រះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​ប្រហែលជា​ធ្លាក់​ទឹក​ចិត្ត​ដូច​យ៉ូប ពេល​មាន​បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​យើង​ស្លាប់ ឬ​ពេល​ខ្លួន​យើង​ផ្ទាល់​រង​ទុក្ខ​លំបាក​ណា​មួយ។

១៧ យ៉ូប​មិន​បាន​យល់​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​អ្វី​ទាំង​នោះ​កើត​ឡើង​ឡើយ ហើយ​ជួនកាល​យើង​ក៏​ប្រហែលជា​មិន​យល់​អំពី​មូលហេតុ​ដែល​អំពើ​អាក្រក់​ទាំង​ឡាយ​កើត​ឡើង​ដែរ។ យើង​ប្រហែល​ជា​បាន​ឮ​អំពី​បង​ប្អូន​រួម​ជំនឿ​ដែល​ស្មោះ​ត្រង់​បាន​ស្លាប់​ដោយ​សារ​ការ​រញ្ជួយ​ដី ដូច​ជា​នៅ​ប្រទេស​ហៃទី ឬ​ដោយ​សារ​មហន្តរាយ​ធម្មជាតិ​ឯ​ទៀត។ ឬ​ក៏​យើង​ប្រហែលជា​ស្គាល់​បង​ប្អូន​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ បាន​រង​អំពើ​ហិង្សា ឬ​បាន​បាត់បង់​ជីវិត​ដោយ​សារ​ឧបទ្ទវហេតុ។ ឬ​ក៏​ខ្លួន​យើង​ផ្ទាល់​ក៏​ប្រហែលជា​មាន​ការ​ពិបាក​ខ្លះ​ៗ ឬ​យើង​គិត​ថា​មាន​អំពើ​អយុត្ដិធម៌​កើត​ឡើង​ដែរ។ ការ​ប៉ះទង្គិច​ចិត្ត​បែប​នេះ​អាច​នាំ​ឲ្យ​យើង​គិត​ថា​‹ព្រះ​យេហូវ៉ា​អើយ! ហេតុ​អ្វី​ខ្ញុំ​ត្រូវ​រង​គ្រោះ? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស?›។ (​ហាប. ១:២, ៣​) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ស្ថានការណ៍​បែប​នេះ?

១៨ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ខ្លួន​យើង​ស្មានថា ព្រឹត្ដិការណ៍​បែប​នោះ​ជា​អ្វី​ដែល​បង្ហាញ​អំពី​ការ​មិន​ពេញ​ចិត្ត​របស់​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​ក៏​បាន​បញ្ជាក់​អំពី​ការ​ពិត​នេះ​ដែរ ពេល​លោក​រៀប​រាប់​អំពី​សោកនាដកម្ម​ពីរ​ដែល​បាន​កើត​ឡើង​នៅ​សម័យ​លោក។ (​សូម​អាន លូកា ១៣:១​-​៥) ទុក្ខ​លំបាក​ជា​ច្រើន​កើត​ឡើង​ដោយ​សារ​«​ពេល​វេលា​នឹង​ឱកាស​»​ឬ​ដោយ​សារ​ព្រឹត្ដិការណ៍​ដែល​យើង​មិន​ដឹង​ទុក​ជា​មុន។ (​សាស្ដ. ៩:១១​) ប៉ុន្តែ មិន​ថា​អ្វី​ក៏​ដោយ​ដែល​បណ្ដាល​ឲ្យ​យើង​មាន​ទុក្ខ​ព្រួយ យើង​អាច​ស៊ូ​ទ្រាំ​បាន​បើ​យើង​ប្រមូល​អារម្មណ៍​ទៅ​លើ​«​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង​»។ លោក​នឹង​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​បន្ត​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់។—២កូ. ១:៣​-​៦

១៩, ២០​. តើ​អ្វី​បាន​ជួយ​លោក​យេស៊ូ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​កាលៈទេសៈ​ជា​ច្រើន​ដែល​នាំ​ឲ្យ​លោក​អាម៉ាស់​មុខ? ហើយ​តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ?

១៩ កុំ​ឲ្យ​អំណួត​ឬ​ការ​ខ្លាច​អាម៉ាស់​មុខ​ទៅ​ជា​អ្វី​ដែល​អ្នក​ប្រមូល​អារម្មណ៍​ខ្លាំង​បំផុត។ ចិត្ត​រាប​ទាប​របស់​លោក​យេស៊ូ​បាន​ជួយ​លោក​ឲ្យ​«​លះ​បង់​អ្វី​ៗ​ទាំង​អស់ ហើយ​យក​សណ្ឋាន​ជា​ខ្ញុំ​បម្រើ​»​វិញ។ (​ភី. ២:៥​-​៨​) ដោយ​សារ​លោក​បាន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា នោះ​លោក​អាច​ស៊ូ​ទ្រាំ​នឹង​កាលៈទេសៈ​ជា​ច្រើន​ដែល​នាំ​ឲ្យ​លោក​អាម៉ាស់​មុខ។ (​១ពេ. ២:​២៣, ២៤​) ដោយ​ធ្វើ​ដូច្នេះ លោក​យេស៊ូ​បាន​ចាត់​ទុក​ថា​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​គឺជា​អ្វី​ដែល​សំខាន់​ទី​១ ហើយ​ជា​លទ្ធផល ព្រះ​បាន​លើក​តម្កើង​លោក​ឲ្យ​មាន​ឋានៈ​ខ្ពស់​ជាង​មុន។ (​ភី. ២:៩​) លោក​យេស៊ូ​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​មាន​វិថី​ជីវិត​ដូច​នេះ​ដែរ។—ម៉ាថ. ២៣:១១, ១២; លូក. ៩:២៦

២០ ជួនកាល ការ​ល្បង​ល​ជំនឿ​របស់​យើង​ខ្លះ ប្រហែលជា​អាច​នាំ​ឲ្យ​យើង​អាម៉ាស់​មុខ។ ក៏​ប៉ុន្តែ យើង​គួរ​មាន​ទំនុក​ចិត្ត​ដូច​សាវ័ក​ប៉ូល​ដែល​គាត់​បាន​ថា​៖ ​«​ខ្ញុំ​កំពុង​រង​ទុក្ខ​ដូច្នេះ​ដើម្បី​ការ​នោះ​ឯង ប៉ុន្តែ​ខ្ញុំ​មិន​អៀន​ខ្មាស​ទេ។ ព្រោះ​ខ្ញុំ​ស្គាល់​លោក​ដែល​ខ្ញុំ​បាន​ជឿ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​លោក​អាច​រក្សា​ការពារ​អ្វី​ដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​លោក​ដរាប​ដល់​ថ្ងៃ​នោះ​»។—២ធី. ១:១២

២១​. ទោះ​ជា​មនុស្ស​ក្នុង​ពិភព​លោក​នេះ​មាន​ចិត្ត​គំនិត​គិតតែ​ប្រយោជន៍​ខ្លួន​ក្ដី តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

២១ គម្ពីរ​បាន​ទាយ​ទុក​ថា​ក្នុង​អំឡុង​គ្រា​ដែល​យើង​រស់​នៅ មនុស្ស​នឹង​«​ស្រឡាញ់​តែ​ខ្លួន​ឯង​»។ (​២ធី. ៣:២​) ដូច្នេះ ជា​ការ​ធម្មតា​ទេ​ដែល​មនុស្ស​ជុំ​វិញ​យើង​មិន​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ។ សូម​កុំ​ឲ្យ​យើង​មាន​ចិត្ត​គំនិត​ដែល​គិតតែ​ពី​ប្រយោជន៍​ខ្លួន​ដូច​ពួក​គេ​ឡើយ! ផ្ទុយ​ទៅ​វិញ ថ្វី​បើ​យើង​ជួប​ប្រទះ​ការ​ល្បួង សោកនាដកម្ម ឬ​មាន​គេ​ចង់​ធ្វើ​ឲ្យ​យើង​អាម៉ាស់​មុខ​ក្ដី សូម​ឲ្យ​យើង​ម្នាក់​ៗ​តាំង​ចិត្ត​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ប្រាកដជា​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង!

[​កំណត់​សម្គាល់​]

^ វគ្គ 7 បណ្ឌិត​ខ្លះ​ខាង​គម្ពីរ​គិត​ថា​ប្រយោគ​ដែល​ថា​«​ស្បែក​ឲ្យ​ធួន​នឹង​ស្បែក​»​ប្រហែលជា​បង្ហើប​ថា យ៉ូប​គិតតែ​ប្រយោជន៍​ខ្លួន​ដោយ​សុខ​ចិត្ត​ឲ្យ​កូន​ៗ​និង​ហ្វូង​សត្វ​របស់​គាត់​បាត់បង់​ស្បែក​ឬ​ជីវិត ឲ្យ​តែ​គាត់​អាច​មាន​ស្បែក​ឬ​មាន​ជីវិត​រស់​នៅ​ត​ទៅ​ទៀត​បាន។ បណ្ឌិត​ខ្លះ​ទៀត​គិត​ថា​ប្រយោគ​នេះ​សង្កត់​ធ្ងន់​ទៅ​លើ​ចំណុច​ដែល​ថា មនុស្ស​ម្នាក់​នឹង​ស្ម័គ្រ​ចិត្ត​បាត់​បង់​ស្បែក​ខ្លួន​បើ​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន។ ជា​ឧទាហរណ៍ មនុស្ស​ម្នាក់​ប្រហែល​ជា​លើក​ដៃ​រង​ដើម្បី​ការពារ​ក្បាល ហើយ​យ៉ាង​នេះ​មនុស្ស​ម្នាក់​នោះ​នឹង​បាត់បង់​ស្បែក​ខ្លះ​ឬ​មាន​របួស​ដើម្បី​រួច​រស់​ជីវិត។ ទោះ​ជា​ប្រយោគ​នេះ​មាន​ន័យ​យ៉ាង​ណា​ក៏​ដោយ គឺ​ច្បាស់​ណាស់​ដែល​ប្រយោគ​នេះ​ចង់​បង្ហាញ​ថា​យ៉ូប​នឹង​សុខ​ចិត្ត​លះ​បង់​អ្វី​ៗ​ទាំង​អស់​ដើម្បី​ឲ្យ​គាត់​បន្ត​មាន​ជីវិត​រស់​នៅ។

តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី . . .

• របៀប​ដែល​សាថាន​បាន​បំភាន់​នាង​អេវ៉ា?

• ការ​ប្រព្រឹត្ត​របស់​យ៉ូប​ចំពោះ​សោកនាដកម្ម​ដែល​គាត់​មាន?

• ការ​ប្រមូល​អារម្មណ៍​ខ្លាំង​បំផុត​របស់​លោក​យេស៊ូ?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២០​]

នាង​អេវ៉ា​មិន​បាន​ប្រមូល​អារម្មណ៍​ទៅ​លើ ចំណង​មិត្តភាព​របស់​នាង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ទេ

[​រូបភាព​នៅ​ទំព័រ​២១​]

លោក​យេស៊ូ​បាន​បដិសេធ​ការ​ល្បួង​របស់​សាថាន ហើយ​ប្រមូល​អារម្មណ៍​ទៅ​លើ​ ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​វិញ

[​រូបភាព​នៅ​ទំព័រ​២៣​]

ការ​ផ្សព្វ​ផ្សាយ​ពី​តង់​មួយ​ទៅ​តង់​មួយ ក្រោយ​ពី​មាន​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ហៃទី

ពេល​មាន​ទុក្ខ​ព្រួយ យើង​អាច​ប្រមូល​អារម្មណ៍​ទៅ​លើ​«​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង​»​