លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ប្រាជ្ញារបស់ព្រះគឺបរិបូរណាស់ហ្ន៎!›

‹ប្រាជ្ញារបស់ព្រះគឺបរិបូរណាស់ហ្ន៎!›

‹ប្រាជ្ញា​របស់​ព្រះ​គឺ​បរិបូរ​ណាស់​ហ្ន៎!›

​«​ពរ ប្រាជ្ញា និង​ចំណេះ​របស់​ព្រះ​គឺ​បរិបូរ​ណាស់​ហ្ន៎! ការ​វិនិច្ឆ័យ​របស់​លោក​គ្មាន​អ្នក​ណា​អាច​ស្វែង​យល់​បាន​ទេ ហើយ​ផ្លូវ​របស់​លោក​គ្មាន​អ្នក​ណា​អាច​វាស់​ស្ទង់​បាន​ឡើយ!​»។—រ៉ូម ១១:៣៣

១​. តើ​គ្រិស្ត​សាសនិក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ មាន​ឯកសិទ្ធិ​ដ៏​ធំ​បំផុត​អ្វី?

តើ​ឯកសិទ្ធិ​ដ៏​ធំ​បំផុត​ដែល​អ្នក​ធ្លាប់​មាន​គឺជា​អ្វី? មុន​បង្អស់​ប្រហែលជា​អ្នក​គិត​អំពី​ភារកិច្ច​ណា​មួយ​ដែល​អ្នក​បាន​ទទួល ឬ​កិត្ដិយស​ដែល​អ្នក​ឯ​ទៀត​បាន​ផ្ដល់​ឲ្យ​អ្នក។ ក៏​ប៉ុន្តែ សម្រាប់​គ្រិស្ត​សាសនិក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ ឯកសិទ្ធិ​ដ៏​ធំ​បំផុត​របស់​ពួក​គេ​គឺ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ ជា​លទ្ធផល នេះ​ក៏​នាំ​ឲ្យ​«​ព្រះ​ស្គាល់​»​ពួក​គេ​ដែរ។—១កូ. ៨:៣; កាឡ. ៤:៩

២​. ហេតុ​អ្វី​ការ​ស្គាល់​ព្រះ​យេហូវ៉ា​និង​ការ​ឲ្យ​លោក​ស្គាល់​យើង ជា​ឯកសិទ្ធិ​ដ៏​ធំ​បំផុត​មួយ​សម្រាប់​យើង?

ហេតុ​អ្វី​ការ​ស្គាល់​ព្រះ​យេហូវ៉ា​និង​ការ​ឲ្យ​លោក​ស្គាល់​យើង ជា​ឯកសិទ្ធិ​ដ៏​ធំ​បំផុត​មួយ​សម្រាប់​យើង? នេះ​មិន​គ្រាន់តែ​ដោយ​សារ​លោក​ជា​បុគ្គល​ដែល​ឧត្តុង្គឧត្តម​បំផុត​ក្នុង​សកលលោក​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជា​បុគ្គល​មួយ​រូប​ដែល​ការពារ​ពួក​អ្នក​ដែល​ស្រឡាញ់​លោក​ដែរ។ ណាហ៊ុម​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ត្រូវ​ដឹក​នាំ​ឲ្យ​សរសេរ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​ល្អ ទ្រង់​ជា​ទី​ពឹង​មាំ​មួន​នៅ​គ្រា​លំបាក ក៏​ស្គាល់​អស់​អ្នក​ដែល​យក​ទ្រង់​ជា​ទី​ពឹង​ផ្អែក​»។ (​ណា. ១:៧; ទំនុក. ១:៦​) តាម​ការ​ពិត សេចក្ដី​សង្ឃឹម​របស់​យើង​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ គឺ​ពឹង​ផ្អែក​ទៅ​លើ​ការ​ស្គាល់​ព្រះ​ពិត​និង​បុត្រ​របស់​លោក​ដែល​ជា​លោក​យេស៊ូ​គ្រិស្ត។—យ៉ូន. ១៧:៣

៣​. តើ​ការ​ស្គាល់​ព្រះ​រួម​បញ្ចូល​អ្វី​ខ្លះ?

ការ​ស្គាល់​ព្រះ​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ជាង​ការ​ស្គាល់​នាម​របស់​លោក។ លោក​ត្រូវ​ក្លាយ​ជា​មិត្ត​ម្នាក់​របស់​យើង ដែល​យើង​ត្រូវ​ស្គាល់​អ្វី​ដែល​លោក​ពេញ​ចិត្ត​និង​អ្វី​ដែល​លោក​មិន​ពេញ​ចិត្ត។ ការ​រស់​នៅ​ដែល​សម​ស្រប​តាម​ចំណេះ​ទាំង​នេះ ក៏​សំខាន់​ចាំ​បាច់​ដើម្បី​បង្ហាញ​ថា​យើង​ស្គាល់​ព្រះ​យ៉ាង​ច្បាស់​ដែរ។ (​១យ៉ូន. ២:៤​) ប៉ុន្តែ បើ​យើង​ពិត​ជា​ចង់​ស្គាល់​ព្រះ​យេហូវ៉ា មាន​អ្វី​មួយ​ទៀត​ដែល​យើង​ត្រូវ​ធ្វើ។ យើង​មិន​ត្រឹម​តែ​ស្គាល់​អ្វី​ដែល​លោក​បាន​ធ្វើ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ត្រូវ​ស្គាល់​មូលហេតុ​និង​របៀប​ដែល​លោក​ធ្វើ​ដូច្នេះ​ដែរ។ កាល​ដែល​យើង​យល់​កាន់​តែ​ច្បាស់​អំពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា នោះ​នឹង​ជំរុញ​ចិត្ត​យើង​កាន់​តែ​ច្រើន​ឲ្យ​កោត​ស្ងើច​ចំពោះ​‹ប្រាជ្ញា​ដ៏​បរិបូរ​របស់​ព្រះ›។—រ៉ូម ១១:៣៣

ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​គោល​បំណង

៤, ៥​. (​ក​) តើ​ពាក្យ​«​គោល​បំណង​»​ដែល​បាន​ប្រើ​ក្នុង​គម្ពីរ សំដៅ​ទៅ​លើ​អ្វី? (​ខ​) សូម​ឲ្យ​ឧទាហរណ៍​ដែល​បញ្ជាក់​អំពី​របៀប​ដែល​គោល​បំណង​អាច​សម្រេច​តាម​វិធី​ផ្សេង​ៗ​ជា​ច្រើន​បាន។

ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​គោល​បំណង ហើយ​គម្ពីរ​ចែង​អំពី​«​គោល​បំណង​ដែល​មាន​ជា​និរន្តរ៍​»​របស់​លោក។ (​អេភ. ៣:១០, ១១​) តើ​ពាក្យ​នេះ​ចង់​មាន​ន័យ​យ៉ាង​ណា? ពាក្យ​«​គោល​បំណង​»​ដែល​បាន​ប្រើ​ក្នុង​គម្ពីរ សំដៅ​ទៅ​លើ​គោលដៅ​ដ៏​ជាក់​លាក់​មួយ​ដែល​អាច​សម្រេច​តាម​វិធី​ផ្សេង​ៗ​ជា​ច្រើន។

ជា​ឧទាហរណ៍ មនុស្ស​ម្នាក់​ប្រហែលជា​ចង់​ធ្វើ​ដំណើរ​ទៅ​កន្លែង​ជាក់​លាក់​មួយ។ ការ​ធ្វើ​ដំណើរ​ទៅ​កន្លែង​នោះ​ជា​គោលដៅ​ឬ​ជា​គោល​បំណង​របស់​គាត់។ គាត់​ប្រហែលជា​មាន​ជម្រើស​ជា​ច្រើន​ក្នុង​ការ​ជ្រើស​រើស​ផ្លូវ​និង​យានជំនិះ​ដើម្បី​ធ្វើ​ដំណើរ។ ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែល​គាត់​បាន​ជ្រើស​រើស គាត់​ប្រហែលជា​ជួប​នឹង​កាលៈទេសៈ​ដែល​មិន​ដឹង​ទុក​ជា​មុន ដូច​ជា​ការ​ផ្លាស់​ប្ដូរ​អាកាសធាតុ ការ​ស្ទះ​ចរាចរណ៍ និង​ការ​បិទ​ផ្លូវ​ជា​ដើម ដែល​នោះ​តម្រូវ​ឲ្យ​គាត់​ទៅ​តាម​ផ្លូវ​មួយ​ផ្សេង​ទៀត។ ប៉ុន្តែ មិន​ថា​គាត់​ត្រូវ​ផ្លាស់​ប្ដូរ​អ្វី​ក៏​ដោយ ពេល​ដែល​គាត់​បាន​ទៅ​ដល់​កន្លែង​ដែល​គាត់​ចង់​ទៅ នោះ​គាត់​នឹង​នៅ​តែ​សម្រេច​គោលដៅ​របស់​គាត់។

៦​. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យ៉ាង​ណា​ថា​លោក​ចេះ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក?

ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​ដើម្បី​សម្រេច​គោល​បំណង​ដែល​មាន​ជា​និរន្តរ៍​របស់​លោក។ ដោយ​សារ​លោក​បាន​គិត​អំពី​ចិត្ត​សេរី​របស់​មនុស្ស​និង​ទេវតា​ទាំង​ឡាយ នោះ​លោក​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​ផ្លាស់​ប្ដូរ​នូវ​របៀប​ដែល​លោក​នឹង​បំពេញ​គោល​បំណង​របស់​លោក។ ជា​ឧទាហរណ៍ សូម​ឲ្យ​យើង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បំពេញ​គោល​បំណង​របស់​លោក​ស្តី​អំពី​ពូជ​សន្យា។ នៅ​ដើម​ដំបូង ព្រះ​យេហូវ៉ា​បាន​ប្រាប់​អាដាម​និង​អេវ៉ា​ថា​៖ ​«​ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី​ចុះ [​ហើយ​]​ត្រូវ​បង្ក្រាប​ផែនដី​»។ (​លោ. ១:២៨​) តើ​គោល​បំណង​នេះ​បាន​ត្រូវ​បង្អាក់​ឬ​ទេ​ពេល​ដែល​មាន​ការ​បះបោរ​នៅ​ក្នុង​សួន​ច្បារ​អេដែន​នោះ? អត់​ទេ! ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ភ្លាម​ៗ​ចំពោះ​ស្ថានការណ៍​ថ្មី​នោះ ដោយ​ប្រើ​«​ផ្លូវ​»​ឬ​វិធី​ផ្សេង​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។ លោក​បាន​ទាយ​ទុក​អំពី​ការ​លេច​ឡើង​នៃ​«​ពូជ​»​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ល្អ​ឡើង​វិញ​នូវ​ការ​ខូច​ខាត​ដែល​មក​ពី​ការ​បះបោរ​នោះ។—លោ. ៣:១៥; ហេ. ២:​១៤​-​១៧; ១យ៉ូន. ៣:៨

៧​. ស្រប​តាម​និក្ខមនំ ៣:១៤ តើ​យើង​រៀន​អ្វី​ខ្លះ​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ពណ៌​នា​អំពី​ខ្លួន​លោក?

សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ប្រែ​ប្រួល​តាម​កាលៈទេសៈ​ថ្មី ដើម្បី​សម្រេច​គោល​បំណង​របស់​លោក នោះ​គឺ​សម​ស្រប​តាម​របៀប​ដែល​លោក​បាន​ពណ៌​នា​អំពី​ខ្លួន​លោក។ ពេល​ម៉ូសេ​ជម្រាប​ព្រះ​យេហូវ៉ា​អំពី​ឧបសគ្គ​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​គាត់​ពិបាក​បំពេញ​ភារកិច្ច​ដែល​លោក​ផ្ដល់​ឲ្យ នោះ​ព្រះ​យេហូវ៉ា​ពង្រឹង​ទំនុក​ចិត្ត​របស់​គាត់​ដោយ​ថា​៖ ​«​អញ​ជា​ព្រះ​ដ៏​ជា​ព្រះ​[​ឬ​«​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​អ្វី​ដែល​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​»​] រួច​ទ្រង់​មាន​បន្ទូល​ទៀត​ថា​៖ ‹ឯង​ត្រូវ​ឆ្លើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ព្រះ​ដ៏​ជា​ព្រះ[​ឬ​«​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​»​]ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា›​»។ (​និក្ខ. ៣:១៤; ព.ថ.​) ត្រូវ​ហើយ ព្រះ​យេហូវ៉ា​អាច​ក្លាយ​ទៅ​ជា​អ្វី​ដែល​លោក​ត្រូវ​ការ​ដើម្បី​បំពេញ​គោល​បំណង​របស់​លោក​យ៉ាង​ពេញ​លេញ! សាវ័ក​ប៉ូល​បាន​លើក​ឧទាហរណ៍​ដ៏​អស្ចារ្យ​មួយ​ស្តី​អំពី​រឿង​នេះ​ដែល​បាន​កត់​ទុក​នៅ​សៀវភៅ​រ៉ូម​ជំពូក​ទី​១១។ នៅ​ជំពូក​នោះ​គាត់​បាន​រៀប​រាប់​អំពី​ដើម​អូលីវ​ក្នុង​ន័យ​ធៀប​មួយ។ ទោះ​ជា​យើង​មាន​ក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ឬ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី​ក៏​ដោយ ការ​ពិនិត្យ​មើល​ឧទាហរណ៍​នេះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​កតញ្ញូ​កាន់​តែ​ច្រើន​ចំពោះ​ប្រាជ្ញា​ដ៏​បរិបូរ​របស់​លោក។

គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​ពូជ​ដែល​បាន​ត្រូវ​ទាយ​ទុក

៨, ៩​. (​ក​) តើ​ហេតុ​ការណ៍​ពិត​បួន​យ៉ាង​ដែល​ជួយ​យើង​ឲ្យ​យល់​អំពី​ឧទាហរណ៍​នៃ​ដើម​អូលីវ​ជា​អ្វី? (​ខ​)​ តើ​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ចេះ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ក្នុង​ការ​បំពេញ​គោល​បំណង​របស់​លោក?

មុន​ដែល​យើង​អាច​យល់​ឧទាហរណ៍​អំពី​ដើម​អូលីវ​នេះ យើង​ត្រូវ​ដឹង​អំពី​ហេតុ​ការណ៍​ពិត​បួន​យ៉ាង​ដែល​ទាក់​ទង​នឹង​ការ​សម្រេច​នៃ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​ពូជ​ដែល​បាន​ត្រូវ​ទាយ​ទុក​នោះ​សិន។ ទី​១ ព្រះ​យេហូវ៉ា​បាន​សន្យា​ដល់​អាប្រាហាំ​ថា​៖ ​«​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​»​ដោយ​សារ​ពូជ​របស់​គាត់​ឬ​កូន​ចៅ​របស់​គាត់។ (​លោ. ២២:១៧, ១៨​) ទី​២ ព្រះ​បាន​ផ្ដល់​ឱកាស​ឲ្យ​ប្រជាជាតិ​អ៊ីស្រាអែល​ដែល​កើត​មក​ពី​អាប្រាហាំ​មាន​លទ្ធភាព​បង្កើត​‹នគរ​ដែល​សុទ្ធតែ​ជា​សង្ឃ›។ (​និក្ខ. ១៩:៥, ៦​) ទី​៣ ពេល​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ភាគ​ច្រើន​មិន​បាន​ទទួល​យក​មេស្ស៊ី នោះ​ព្រះ​យេហូវ៉ា​ប្រើ​វិធី​ផ្សេង​ទៀត​ដើម្បី​បង្កើត​‹នគរ​ដែល​សុទ្ធតែ​ជា​សង្ឃ›។ (​ម៉ាថ. ២១:​៤៣; រ៉ូម ៩:២៧​-​២៩​) ទី​៤ ទោះ​ជា​លោក​យេស៊ូ​ជា​ផ្នែក​សំខាន់​បំផុត​នៃ​ពូជ​របស់​អាប្រាហាំ​ក៏​ដោយ អ្នក​ឯ​ទៀត​ក៏​មាន​ឯកសិទ្ធិ​រួម​ចំណែក​ក្នុង​ពូជ​នេះ​ដែរ។—កាឡ. ៣:១៦, ២៩

ដោយ​មាន​មូលដ្ឋាន​លើ​ហេតុ​ការណ៍​ពិត​បួន​យ៉ាង​នេះ យើង​រៀន​ពី​សៀវភៅ​ការ​បើក​បង្ហាញ​ថា​មនុស្ស​ចំនួន​១៤៤.០០០​នាក់​នឹង​ត្រូវ​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌​ដោយ​ធ្វើ​ជា​ស្តេច​និង​ជា​សង្ឃ។ (​បប. ១៤:១​-​៤​) ពួក​គេ​បាន​ត្រូវ​ហៅ​ថា​«​ពួក​កូន​អ៊ីស្រាអែល​»។ (​បប. ៧:៤​-​៨​) ក៏​ប៉ុន្តែ តើ​មនុស្ស​១៤៤.០០០​នាក់​ជា​បណ្ដា​ជន​អ៊ីស្រាអែល​ឬ​ជា​ជន​ជាតិ​យូដា​ទាំង​អស់​ឬ​ទេ? ចម្លើយ​ចំពោះ​សំណួរ​នេះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ចេះ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ក្នុង​ការ​បំពេញ​គោល​បំណង​របស់​លោក។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​អំពី​របៀប​ដែល​សំបុត្រ​របស់​សាវ័ក​ប៉ូល​សរសេរ​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​រ៉ូម អាច​ជួយ​យើង​ឲ្យ​រក​ចម្លើយ​ចំពោះ​សំណួរ​នេះ​បាន។

‹នគរ​ដែល​សុទ្ធតែ​ជា​សង្ឃ›

១០​. តើ​ប្រជាជាតិ​អ៊ីស្រាអែល​មាន​ឯកសិទ្ធិ​ពិសេស​អ្វី?

១០ ដូច​បាន​រៀប​រាប់​នៅ​ខាង​លើ ប្រជាជាតិ​អ៊ីស្រាអែល​មាន​ឯកសិទ្ធិ​ពិសេស​មួយ​ដែល​ប្រជាជាតិ​ឯ​ទៀត​មិន​អាច​មាន ពោល​គឺ​សមាជិក​ទាំង​អស់​នៃ​‹នគរ​ដែល​សុទ្ធតែ​ជា​សង្ឃ ហើយ​ជា​សាសន៍​បរិសុទ្ធ›​នឹង​ត្រូវ​យក​ពី​ចំណោម​ពួក​គេ។ (​សូម​អាន រ៉ូម ៩:៤, ៥) ប៉ុន្តែ តើ​មាន​អ្វី​កើត​ឡើង​ពេល​ដែល​ពូជ​សន្យា​បាន​មក​ដល់? តើ​ប្រជាជាតិ​អ៊ីស្រាអែល​បាន​បង្កើត​សមាជិក​ឲ្យ​គ្រប់​ចំនួន​១៤៤.០០០​នាក់ ដែល​នឹង​ធ្វើ​ជា​«​អ៊ីស្រាអែល​នៃ​ព្រះ​»​ ហើយ​ជា​ផ្នែក​ទី​២​នៃ​ពូជ​របស់​អាប្រាហាំ​ឬ​ទេ?—កាឡ. ៦:១៦

១១, ១២​. (​ក​) តើ​ពេល​ណា​មាន​ការ​ជ្រើស​រើស​ពួក​អ្នក​ដែល​ត្រូវ​រួម​ចំណែក​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌? ហើយ​តើ​ពួក​យូដា​ភាគ​ច្រើន​ដែល​រស់​នៅ​សម័យ​នោះ​បាន​តប​ឆ្លើយ​យ៉ាង​ណា? (​ខ​)​ តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ពូជ​របស់​អាប្រាហាំ​បាន​«​គ្រប់​ចំនួន​»​?

១១ សូម​អាន រ៉ូម ១១:៧​-​១០ក្នុង​នាម​ជា​ប្រជាជាតិ​មួយ ជន​ជាតិ​យូដា​នៅ​សតវត្សរ៍​ទី​១​បាន​បដិសេធ​លោក​យេស៊ូ។ ដូច្នេះ ពួក​គេ​លែង​មាន​ឯកសិទ្ធិ​ផ្ដាច់​មុខ​ដើម្បី​ធ្វើ​ជា​ពូជ​របស់​អាប្រាហាំ​ទៀត​ហើយ។ ប៉ុន្តែ ពេល​ពួក​អ្នក​ដែល​នឹង​រួម​ចំណែក​ជា​សមាជិក​នៃ​‹នគរ​ដែល​សុទ្ធតែ​ជា​សង្ឃ›​នៅ​ស្ថាន​សួគ៌ បាន​ត្រូវ​ជ្រើស​រើស​ចាប់​ពី​បុណ្យ​ថ្ងៃ​ទី​៥០​នៅ​ឆ្នាំ​៣៣ គ.ស. នោះ​មាន​ជន​ជាតិ​យូដា​ខ្លះ​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​បាន​ទទួល​ការ​អញ្ជើញ​នេះ។ ពួក​គេ​មាន​គ្នា​ប៉ុន្មាន​ពាន់​នាក់​តែ​ប៉ុណ្ណោះ ហើយ​បើ​ប្រៀប​ធៀប​នឹង​ជន​ជាតិ​យូដា​ទាំង​មូល នោះ​ពួក​គេ​ប្រៀប​ដូច​ជា​«​អ្នក​ដែល​នៅ​សល់​»​ទេ។—រ៉ូម ១១:៥

១២ ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ពូជ​របស់​អាប្រាហាំ​បាន​«​គ្រប់​ចំនួន​»​? (​រ៉ូម ១១:១២, ២៥​) សូម​កត់​សម្គាល់​ចម្លើយ​របស់​សាវ័ក​ប៉ូល ដែល​ថា​៖ ​«​នោះ​មិន​មាន​ន័យ​ថា​ប្រសាសន៍​របស់​ព្រះ​មិន​បាន​សម្រេច​ទេ។ ព្រោះ​មិន​មែន​អស់​អ្នក​ដែល​ជា​កូន​របស់​អ៊ីស្រាអែល គឺ​ពិត​ជា​‹ជន​ជាតិ​អ៊ីស្រាអែល›​នោះ​ទេ។ ហើយ​មិន​មែន​អស់​អ្នក​ដែល​ជា​ពូជ​[​កូន​ចៅ​]​អាប្រាហាំ គឺ​ពិត​ជា​កូន​របស់​គាត់​ដែរ​[​រួម​ចំណែក​ជា​ពូជ​របស់​អាប្រាហាំ​] . . . ដូច្នេះ កូន​ពិត​ប្រាកដ​របស់​ព្រះ មិន​មែន​ជា​អ្នក​ដែល​ត្រឹម​តែ​ជា​កូន​បង្កើត​ទេ តែ​ជា​កូន​ដែល​កើត​ពី​សេចក្ដី​សន្យា​របស់​ព្រះ ទើប​រាប់​ជា​ពូជ​របស់​អាប្រាហាំ​»។ (​រ៉ូម ៩:៦​-​៨​) ដូច្នេះ ព្រះ​យេហូវ៉ា​មិន​បាន​កំណត់​ថា​ពួក​អ្នក​ដែល​នឹង​រួម​ចំណែក​ជា​ពូជ​នោះ ត្រូវ​តែ​ជា​កូន​ចៅ​ពិត​ប្រាកដ​របស់​អាប្រាហាំ​ទេ។

ដើម​អូលីវ​ក្នុង​ន័យ​ធៀប

១៣​. តើ​អ្វី​តំណាង​ដោយ (​ក​) ដើម​អូលីវ? (​ខ​) ឫស​របស់​វា? (​គ​) គល់​របស់​វា? (​ឃ​) មែក​របស់​វា?

១៣ សាវ័ក​ប៉ូល​បាន​បន្ត​ដោយ​ប្រៀប​ធៀប​ពួក​អ្នក​ដែល​នឹង​រួម​ចំណែក​ជា​ពូជ​របស់​អាប្រាហាំ​ទៅ​នឹង​មែក​របស់​ដើម​អូលីវ​ក្នុង​ន័យ​ធៀប។ * (​រ៉ូម ១១:២១​) ដើម​អូលីវ​នេះ​តំណាង​ការ​សម្រេច​នៃ​គោល​បំណង​របស់​ព្រះ​ស្តី​អំពី​កិច្ច​ព្រមព្រៀង​របស់​លោក​ជា​មួយ​នឹង​អាប្រាហាំ។ ឫស​នៃ​ដើម​នេះ​គឺ​បរិសុទ្ធ​ហើយ​តំណាង​ព្រះ​យេហូវ៉ា​ក្នុង​នាម​ជា​អ្នក​ដែល​ផ្ដល់​ជីវិត​ដល់​អ៊ីស្រាអែល​នៃ​ព្រះ។ (​អេ. ១០:២០; រ៉ូម ១១:១៦​) គល់​នៃ​ដើម​នេះ​តំណាង​លោក​យេស៊ូ​ដែល​ជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ពូជ​របស់​អាប្រាហាំ។ មែក​ទាំង​អស់​តំណាង​ពួក​អ្នក​ដែល​រួម​ចំណែក​ក្នុង​ផ្នែក​ទី​២​នៃ​ពូជ​របស់​អាប្រាហាំ​ដែល​«​គ្រប់​ចំនួន​»។

១៤, ១៥​. តើ​អ្នក​ណា​បាន​ត្រូវ​«​កាច់​ចោល​»​ពី​ដើម​អូលីវ? ហើយ​តើ​អ្នក​ណា​បាន​ត្រូវ​ផ្សាំ​ជាប់​នឹង​ដើម​អូលីវ​នេះ​វិញ?

១៤ ក្នុង​ឧទាហរណ៍​អំពី​ដើម​អូលីវ ជន​ជាតិ​យូដា​ដែល​បដិសេធ​លោក​យេស៊ូ​បាន​ត្រូវ​ប្រដូច​ទៅ​នឹង​មែក​ដើម​អូលីវ​ដែល​បាន​«​កាច់​ចោល​»។ (​រ៉ូម ១១:១៧​) យ៉ាង​នេះ​ពួក​គេ​បាន​បាត់បង់​ឱកាស​ដើម្បី​រួម​ចំណែក​ជា​ពូជ​របស់​អាប្រាហាំ។ ប៉ុន្តែ តើ​អ្នក​ណា​នឹង​ជំនួស​ពួក​គេ? តាម​ទស្សនៈ​របស់​ជន​ជាតិ​យូដា ពួក​គេ​គិត​ថា​គ្មាន​អ្នក​ណា​អាច​ជំនួស​ពួក​គេ​បាន​ទេ ព្រោះ​ពួក​គេ​ជា​កូន​ចៅ​ពិត​ប្រាកដ​របស់​អាប្រាហាំ។ ប៉ុន្តែ យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​ព្រមាន​ពួក​គេ​រួច​ទៅ​ហើយ​ថា បើ​ព្រះ​យេហូវ៉ា​ចង់ លោក​អាច​បង្កើត​កូន​ឲ្យ​អាប្រាហាំ​ពី​ដុំ​ថ្ម​ក៏​បាន​ដែរ។—លូក. ៣:៨

១៥ ដូច្នេះ តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​យ៉ាង​ណា​ដើម្បី​បំពេញ​គោល​បំណង​របស់​លោក? ប៉ូល​បាន​ពន្យល់​ថា​ដើម្បី​ជំនួស​មែក​ដែល​បាន​ត្រូវ​កាច់​ចោល នោះ​មែក​អូលីវ​ព្រៃ​បាន​ត្រូវ​ផ្សាំ​ជាប់​នឹង​ដើម​អូលីវ​នេះ​វិញ។ (​សូម​អាន រ៉ូម ១១:១៧, ១៨) យ៉ាង​នេះ ពួក​គ្រិស្ត​សាសនិក​ពី​ជន​ជាតិ​ដទៃ​ដែល​ព្រះ​បាន​រើស​តាំង ដូច​មាន​ក្នុង​ក្រុម​ជំនុំ​នៅ​ក្រុង​រ៉ូម នោះ​បាន​ត្រូវ​ផ្សាំ​ជាប់​នឹង​ដើម​អូលីវ​នេះ​ក្នុង​ន័យ​ធៀប។ តាម​របៀប​នេះ ពួក​គេ​បាន​រួម​ចំណែក​ជា​ពូជ​របស់​អាប្រាហាំ។ នៅ​ដើម​ដំបូង ពួក​គេ​ប្រៀប​ដូច​ជា​មែក​អូលីវ​ព្រៃ​ដែល​គ្មាន​ឱកាស​រួម​ចំណែក​ក្នុង​កិច្ច​ព្រមព្រៀង​ពិសេស​នេះ​ទេ។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​បើក​ផ្លូវ​ឲ្យ​ពួក​គេ​ក្លាយ​ជា​ជន​ជាតិ​យូដា​ក្នុង​ន័យ​ធៀប។—រ៉ូម ២:២៨, ២៩

១៦​. តើ​សាវ័ក​ពេត្រុស​ពន្យល់​អំពី​ការ​បង្កើត​ប្រជាជាតិ​ថ្មី​មួយ​យ៉ាង​ដូច​ម្ដេច?

១៦ សាវ័ក​ពេត្រុស​ពន្យល់​អំពី​ស្ថានភាព​នេះ​ថា​៖ ​«​ដូច្នេះ គឺ​អ្នក​រាល់​គ្នា​[​អ៊ីស្រាអែល​នៃ​ព្រះ​ដែល​រួម​បញ្ចូល​គ្រិស្ត​សាសនិកជន​ជាតិ​ដទៃ​]​ដែល​ចាត់​ទុក​ថា​លោក​[​យេស៊ូ​]​ថ្លៃ​វិសេស ពីព្រោះ​អ្នក​រាល់​គ្នា​ជា​អ្នក​ជឿ ប៉ុន្តែ​ចំពោះ​អ្នក​មិន​ជឿ​វិញ ‹ថ្ម​នោះ​ឯង​ដែល​អ្នក​សាងសង់​មិន​ព្រម​យក បាន​ទៅ​ជា​ថ្ម​នៅ​លើ​គេ​បំផុត​នៅ​ជ្រុង​ជញ្ជាំង› ហើយ​ជា​‹ថ្ម​មួយ​ដែល​នាំ​ឲ្យ​ជំពប់​ជើង​ដួល និង​ផ្ទាំង​ថ្ម​មួយ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​ល្មើស› . . . ប៉ុន្តែ​អ្នក​រាល់​គ្នា​ជា​‹ពូជ​សាសន៍​ដែល​បាន​ត្រូវ​ជ្រើស​រើស និង​ជា​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច ក៏​ជា​ជន​ជាតិ​បរិសុទ្ធ និង​រាស្ត្រ​ដែល​ជា​សម្បត្ដិ​ពិសេស ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រកាស​នៅ​ទី​ជិត​ឆ្ងាយ​អំពី​គុណ​សម្បត្ដិ​ប្រសើរ​ថ្លៃ​ថ្លា›​របស់​លោក​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត​ឲ្យ​ចូល​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​លោក។ ព្រោះ​ពី​មុន អ្នក​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​របស់​ព្រះ​ទេ ប៉ុន្តែ​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​ជា​រាស្ត្រ​របស់​ព្រះ។ ពី​មុន​អ្នក​រាល់​គ្នា​ធ្លាប់​ជា​អ្នក​ដែល​មិន​ទទួល​សេចក្ដី​មេត្ដា​ករុណា ប៉ុន្តែ​ឥឡូវ​អ្នក​រាល់​គ្នា​ជា​អ្នក​ដែល​បាន​ទទួល​សេចក្ដី​មេត្ដា​ករុណា​ហើយ​»។—១ពេ. ២:៧​-​១០

១៧​. តើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​គឺ​«​ខុស​ពី​ធម្មជាតិ​»​យ៉ាង​ដូច​ម្ដេច?

១៧ ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​មួយ​ដែល​មនុស្ស​ជា​ច្រើន​មិន​អាច​នឹក​ស្មាន​ដល់​សោះ។ ប៉ូល​បាន​ពណ៌​នា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នោះ​ថា​«​ខុស​ពី​ធម្មជាតិ​»។ (​រ៉ូម ១១:២៤​) ហេតុ​អ្វី? ពីព្រោះ​ការ​ផ្សាំ​មែក​អូលីវ​ព្រៃ​ជាប់​នឹង​ដើម​អូលីវ មើល​ទៅ​ហាក់​ដូច​ជា​ខុស​ពី​ធម្មជាតិ​និង​មិន​ធម្មតា​ទេ តែ​នេះ​ជា​អ្វី​ដែល​កសិករ​ខ្លះ​បាន​ធ្វើ​នៅ​សតវត្សរ៍​ទី​១។ * ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដ៏​អស្ចារ្យ​មួយ។ ជន​ជាតិ​យូដា​គិត​ថា ជន​ជាតិ​ដទៃ​មិន​អាច​បង្កើត​ផល​ដែល​នាំ​ឲ្យ​ព្រះ​ពេញ​ចិត្ត​បាន​ទេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ជន​ជាតិ​ដទៃ​រួម​ចំណែក​ក្នុង​«​ប្រជាជាតិ​មួយ​»​ដែល​បង្កើត​ផល​នៃ​រាជាណាចក្រ​វិញ។ (​ម៉ាថ. ២១:៤៣​) នៅ​ឆ្នាំ​៣៦ គ.ស. ព្រះ​បាន​រើស​តាំង​ជន​ជាតិ​ដទៃ​ម្នាក់​ដែល​មិន​កាត់​ចុង​ស្បែក គឺ​កូនេលាស​ដែល​ជា​ជន​ជាតិ​ដទៃ​ដំបូង​ដែល​បាន​ចូល​សាសនាយូដា។ តាំង​ពី​ពេល​នោះ​មក ព្រះ​បាន​បើក​ឱកាស​ឲ្យ​ជន​ជាតិ​ដទៃ​ឯ​ទៀត​ដែល​មិន​កាត់​ចុង​ស្បែក​ឲ្យ​ផ្សាំ​ជាប់​នឹង​ដើម​អូលីវ​ក្នុង​ន័យ​ធៀប​នោះ។—សកម្ម. ១០:៤៤​-​៤៨ *

១៨​. ក្រោយ​ពី​ឆ្នាំ​៣៦ គ.ស. តើ​ជន​ជាតិ​យូដា​មាន​ឱកាស​អ្វី?

១៨ តើ​នេះ​មាន​ន័យ​ថា ក្រោយ​ពី​ឆ្នាំ​៣៦ គ.ស. ជន​ជាតិ​យូដា​គ្មាន​ឱកាស​ដើម្បី​រួម​ចំណែក​ជា​ពូជ​របស់​អាប្រាហាំ​ទៀត​ឬ​ទេ? មិន​មែន​ទេ។ ប៉ូល​ពន្យល់​ថា​៖ ​«​ប្រសិនបើ​ពួក​គេ​[​ជន​ជាតិ​យូដា​]​ចាប់​ផ្ដើម​មាន​ជំនឿ នោះ​ពួក​គេ​ក៏​នឹង​ត្រូវ​ផ្សាំ​ដែរ ព្រោះ​ព្រះ​អាច​ផ្សាំ​ពួក​គេ​វិញ​បាន។ ព្រោះ​ប្រសិនបើ​អ្នក​បាន​ត្រូវ​កាត់​ចេញ​ពី​ដើម​អូលីវ​ដែល​មាន​ធម្មជាតិ​ជា​ពូជ​ព្រៃ រួច​បាន​ត្រូវ​ផ្សាំ​ខុស​ពី​ធម្មជាតិ​ជាប់​នឹង​ដើម​អូលីវ​ស្រុក ទម្រាំ​តែ​អ្នក​ទាំង​នេះ​ដែល​ជា​មែក​ពី​កំណើត ពួក​គេ​ច្បាស់​ជា​នឹង​ត្រូវ​ផ្សាំ​ជាប់​នឹង​ដើម​របស់​ពួក​គេ​វិញ!​»។ *រ៉ូម ១១:២៣, ២៤

​​«​អ៊ីស្រាអែល​នឹង​ត្រូវ​សង្គ្រោះ​»​

១៩, ២០​. ដូច​បាន​បង្ហាញ​តាម​រយៈ​ដើម​អូលីវ​ក្នុង​ន័យ​ធៀប តើ​ព្រះ​យេហូវ៉ា​បាន​សម្រេច​អ្វី?

១៩ ពិត​មែន​ហើយ គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​«​អ៊ីស្រាអែល​នៃ​ព្រះ​»​កំពុង​សម្រេច​តាម​របៀប​ដ៏​អស្ចារ្យ។ (​កាឡ. ៦:​១៦​) ប៉ូល​បាន​រៀប​រាប់​ថា​៖ ​«​អ៊ីស្រាអែល​នឹង​ត្រូវ​សង្គ្រោះ​»។ (​រ៉ូម ១១:​២៦​) ដូច្នេះ ស្រប​តាម​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា នោះ​«​អ៊ីស្រាអែល​»​ដែល​ជា​អ៊ីស្រាអែល​នៃ​ព្រះ​ដែល​មាន​សមាជិក​គ្រប់​ចំនួន នឹង​ធ្វើ​ជា​ស្តេច​និង​ជា​សង្ឃ​នៅ​ស្ថាន​សួគ៌។ គ្មាន​អ្វី​ដែល​អាច​រារាំង​ការ​សម្រេច​នៃ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​បាន​ទេ!

២០ ដូច​បាន​ទាយ​ទុក ពូជ​របស់​អាប្រាហាំ​ដែល​មាន​លោក​យេស៊ូ​និង​១៤៤.០០០​នាក់ នឹង​នាំ​ឲ្យ​«​ជន​ជាតិ​ដទៃ​»​ទទួល​ពរ។ (​រ៉ូម ១១:​១២; លោ. ២២:១៨​) តាម​រយៈ​ពួក​គេ រាស្ត្រ​របស់​ព្រះ​ទាំង​អស់​គ្នា​អាច​ទទួល​ពរ​ពី​របៀប​រៀប​ចំ​នេះ​បាន។ ប្រាកដ​ហើយ កាល​ដែល​យើង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បំពេញ​គោល​បំណង​ដែល​មាន​ជា​និរន្តរ៍​របស់​លោក នោះ​យើង​ពិត​ជា​កោត​ស្ងើច​ថា​៖ ​«​ពរ ប្រាជ្ញា និង​ចំណេះ​របស់​ព្រះ​គឺ​បរិបូរ​ណាស់!​»។—រ៉ូម ១១:៣៣

[​កំណត់​សម្គាល់​]

^ វគ្គ 13 ទោះ​ជា​ប្រជាជាតិ​អ៊ីស្រាអែល​មាន​ស្តេច​និង​សង្ឃ​ក៏​ដោយ ប៉ុន្តែ​ប្រជាជាតិ​នេះ​មិន​បាន​ក្លាយ​ជា​រាជាណាចក្រ​ដែល​សុទ្ធតែ​ជា​សង្ឃ​ឡើយ។ យោង​ទៅ​តាម​ច្បាប់​នៃ​ប្រទេស​អ៊ីស្រាអែល ស្តេច​មិន​អាច​ធ្វើ​ជា​សង្ឃ​បាន​ទេ។ ដូច្នេះ ប្រជាជាតិ​អ៊ីស្រាអែល​មិន​អាច​តំណាង​ដោយ​ដើម​អូលីវ​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ ប៉ូល​បាន​បង្ហាញ​អំពី​របៀប​ដែល​គោល​បំណង​របស់​ព្រះ​ក្នុង​ការ​បង្កើត​‹នគរ​ដែល​សុទ្ធតែ​ជា​សង្ឃ› គឺ​ត្រូវ​សម្រេច​តាម​រយៈ​អ៊ីស្រាអែល​នៃ​ព្រះ។ នេះ​ជា​ការ​យល់​ដឹង​ថ្មី​ពី​អ្វី​ដែល​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​១៩៨៣ ទំព័រ​១៤​-​១៩ ជា​ភាសា​អង់គ្លេស។

^ វគ្គ 17 សូម​មើល​ប្រអប់​«​ហេតុ​អ្វី​បាន​ជា​គេ​យក​មែក​អូលីវ​ព្រៃ​មក​ផ្សាំ​ជាប់​នឹង​ដើម​អូលីវ?​»។

^ វគ្គ 17 នេះ​បាន​កើត​ឡើង​នៅ​ទី​បញ្ចប់​នៃ​បី​ឆ្នាំ​កន្លះ​ដែល​ជន​ជាតិ​យូដា​មាន​ឱកាស​ដើម្បី​រួម​ចំណែក​ក្នុង​ប្រជាជាតិ​ថ្មី។ ទំនាយ​អំពី​៧០​អាទិត្យ​បាន​ទាយ​ទុក​អំពី​រឿង​នេះ។—ដាន. ៩:២៧

^ វគ្គ 18 ពាក្យ​ភាសា​ក្រិច​ដែល​បាន​បក​ប្រែ​ថា​«​ស្រុក​»​ក្នុង​រ៉ូម ១១:២៤ មក​ពី​ពាក្យ​ដែល​មាន​ន័យ​ថា​«​ល្អ​ប្រសើរ​»។ ជា​ពិសេស ពាក្យ​នេះ​បាន​ប្រើ​ចំពោះ​អ្វី​ដែល​បំពេញ​គោល​បំណង​របស់​វា។

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

• តើ​យើង​បាន​រៀន​អ្វី​ខ្លះ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បំពេញ​គោល​បំណង​របស់​លោក?

• ក្នុង​សៀវភៅ​រ៉ូម ជំពូក⁠១១ តើ​អ្វី​តំណាង​ដោយ . . .

ដើម​អូលីវ?

ឫស​របស់​វា?

គល់​របស់​វា?

មែក​របស់​វា?

• ហេតុ​អ្វី​ការ​យក​មែក​អូលីវ​ព្រៃ​មក​ផ្សាំ​ជាប់​នឹង​ដើម​អូលីវ​ជា​អ្វី​ដែល​«​ខុស​ពី​ធម្មជាតិ​»​?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៦​]

ហេតុ​អ្វី​បាន​ជា​គេ​យក​មែក​អូលីវ​ព្រៃ​មក​ផ្សាំ​ជាប់​នឹង​ដើម​អូលីវ?

▪ លោក​លូស៊ីស ជូនីស ម៉ូដឺរ៉ាតឹស ខុលលូមេឡា ជា​ទាហាន​និង​ជា​កសិករ​ម្នាក់​ដែល​បាន​រស់​នៅ​ក្នុង​សតវត្សរ៍​ទី​១ គ.ស.។ គាត់​មាន​ឈ្មោះ​ល្បី​ដោយ​សារ​គាត់​បាន​សរសេរ​សៀវភៅ​១២​ក្បាល​អំពី​ជីវិត​នៅ​ជនបទ​និង​ស្រែ​ចម្ការ។

ក្នុង​សៀវភៅ​ក្បាល​ទី​៥ គាត់​បាន​ដក​ស្រង់​សុភាសិត​បុរាណ​មួយ​នេះ​ដែល​ថា​៖ ​«​អ្នក​ណា​ដែល​ជ្រោយ​ដី​ជុំ​វិញ​ដើម​អូលីវ អ្នក​នោះ​រង់​ចាំ​ឲ្យ​វា​ចេញ​ផ្លែ។ អ្នក​ណា​ដែល​ដាក់​ជី អ្នក​នោះ​អង្វរ​វា​ឲ្យ​ចេញ​ផ្លែ។ ប៉ុន្តែ​អ្នក​ណា​ដែល​កាត់​មែក​វា អ្នក​នោះ​បង្ខំ​វា​ឲ្យ​ចេញ​ផ្លែ​»។

ក្រោយ​ពី​គាត់​បាន​រៀប​រាប់​អំពី​ដើម​ដែល​លូត​លាស់​តែ​មិន​មាន​ផ្លែ នោះ​គាត់​បាន​ជូន​យោបល់​ថា​៖ ​«​ជា​ការ​ល្អ បើ​យើង​ខួង​មែក​អូលីវ ហើយ​យក​ត្រួយ​ពី​ដើម​អូលីវ​ព្រៃ​ដាក់​ចូល​ក្នុង​កន្លែង​ដែល​បាន​ខួង​នោះ ហើយ​ចង​វា​ឲ្យ​តឹង។ ជា​លទ្ធផល ការ​ផ្សាំ​ដូច្នេះ​នាំ​ឲ្យ​ដើម​នោះ​បង្កើត​ផល​ច្រើន​ជាង​»។