លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

លោកយេស៊ូ តើលោកមកពីណា?

លោកយេស៊ូ តើលោកមកពីណា?

លោក​យេស៊ូ តើ​លោក​មក​ពី​ណា?

​«​[​ពីឡាត​]បាន​ចូល​ក្នុង​វិមាន​របស់​អភិបាល​ម្ដង​ទៀត ហើយ​និយាយ​ទៅ​កាន់​លោក​យេស៊ូ​ថា​៖ ‹តើ​អ្នក​មក​ពី​ណា?› ប៉ុន្តែ​លោក​យេស៊ូ​មិន​ឆ្លើយ​ទេ​»។—យ៉ូហាន ១៩:៩

ប៉ុនទាស​ពីឡាត​ដែល​ជា​អភិបាល​ស្រុក​ជន​ជាតិ​រ៉ូម​បាន​សួរ​សំណួរ​នោះ ពេល​កំពុង​កាត់​ទោស​ដល់​ជីវិត​លោក​យេស៊ូ។ ពីឡាត​ដឹង​រួច​ទៅ​ហើយ​អំពី​តំបន់​ដែល​លោក​យេស៊ូ​រស់​នៅ។ (​លូកា ២៣:៦, ៧​) គាត់​ក៏​ដឹង​ដែរ​ថា​លោក​យេស៊ូ​មិន​មែន​ជា​មនុស្ស​ធម្មតា​ឡើយ។ ដូច្នេះ តើ​ពីឡាត​កំពុង​ឆ្ងល់​ថា​លោក​យេស៊ូ​ធ្លាប់​មាន​ជីវិត​រស់​នៅ​ពី​មុន​ឬ? តើ​អ្នក​គ្រប់​គ្រង​នេះ​ពិត​ជា​សុខ​ចិត្ត​ទទួល និង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ឬ​ទេ? មិន​ថា​ពីឡាត​បាន​សួរ​ដោយ​មាន​បំណង​ចិត្ត​បែប​ណា​ក៏​ដោយ លោក​យេស៊ូ​មិន​ព្រម​ឆ្លើយ​ទេ ហើយ​មិន​យូរ​ក្រោយ​មក ពីឡាត​បាន​បង្ហាញ​ច្បាស់​ថា​គាត់​គិត​អំពី​មុខ​មាត់​របស់​គាត់​ជា​ជាង​សេចក្ដី​ពិត​និង​យុត្ដិធម៌​វិញ។—ម៉ាថាយ ២៧:​១១​-​២៦

ប៉ុន្តែ ចំពោះ​ពួក​អ្នក​ដែល​ចង់​ដឹង​យ៉ាង​ស្មោះ គឺ​ស្រួល​ណាស់​ឲ្យ​ពួក​គេ​យល់​ថា តើ​លោក​យេស៊ូ​មក​ពី​ណា? គម្ពីរ​បរិសុទ្ធ​បង្ហាញ​អំពី​ដើម​កំណើត​របស់​លោក​យេស៊ូ​គ្រិស្ត។ សូម​ពិចារណា​ចំណុច​ដូច​ត​ទៅ​នេះ:

តើ​លោក​កើត​នៅ​ឯ​ណា? លោក​យេស៊ូ​បាន​កើត​មក​ក្រោម​ស្ថានភាព​ដ៏​សាមញ្ញ​មួយ​នៅ​ភូមិ​បេថ្លេហិម​ក្នុង​តំបន់​យូឌា។ នៅ​គ្រា​នោះ សេសារ អូគូស​បាន​ចេញ​ក្រឹត្យ​ឲ្យ​មនុស្ស​ទាំង​អស់​ទៅ​ចុះ​បញ្ជី ហើយ​នេះ​ជំរុញ​ឲ្យ​យ៉ូសែប​និង​ម៉ារៀ​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម​ដែល​ជា​កន្លែង​នៃ​ពូជ​ពង្ស​វង្ស​ត្រកូល​របស់​យ៉ូសែប។ នៅ​ពេល​នោះ នាង​ម៉ារៀ​មាន​«​ផ្ទៃ​ពោះ​ជិត​គ្រប់​ខែ​»​ហើយ។ ប៉ុន្តែ ដោយ​សារ​ផ្ទះ​សម្នាក់​អស់​បន្ទប់ ហើយ​មាន​មនុស្ស​កក​កុញ​នៅ​ភូមិ​នោះ ពួក​គាត់​បាន​ស្នាក់​នៅ​ក្នុង​ក្រោល​សត្វ ជា​កន្លែង​ដែល​លោក​យេស៊ូ​បាន​កើត​មក រួច​ពួក​គាត់​ផ្ដេក​ទារក​យេស៊ូ​ក្នុង​ស្នូក។—លូកា ២:១​-​៧

រាប់​រយ​ឆ្នាំ​មុន ទំនាយ​មួយ​ក្នុង​គម្ពីរ​បាន​ទាយ​ទុក​អំពី​កន្លែង​ដែល​លោក​យេស៊ូ​ត្រូវ​កើត​មក​ថា​៖ ​«​តែ​ឯង ឱ​បេថ្លេហិម អេប្រាតា​អើយ ឯង​ដែល​តូច​នៅ​ក្នុង​ពួក​យូដា​ទាំង​ពាន់​ៗ នឹង​មាន​ម្នាក់​កើត​ចេញ​ពី​ឯង​មក​ឲ្យ​អញ អ្នក​នោះ​ត្រូវ​ឡើង​ជា​អ្នក​គ្រប់​គ្រង​លើ​អ៊ីស្រាអែល​»។ * (​មីកា ៥:១​) តាម​មើល​ទៅ ភូមិ​បេថ្លេហិម​ជា​ភូមិ​មួយ​ដែល​តូច​ពេក​ដើម្បី​រាប់​បញ្ចូល​ក្នុង​ចំណោម​ក្រុង​នានា​នៅ​ស្រុក​យូដា។ ប៉ុន្តែ ភូមិ​ដ៏​តូច​នេះ​នឹង​មាន​កិត្ដិយស​ពិសេស​មួយ គឺ​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា​ឬ​គ្រិស្ត​នឹង​ត្រូវ​កើត​មក​ក្នុង​ភូមិ​នោះ។—ម៉ាថាយ ២:៣​-​៦; យ៉ូហាន ៧:៤០​-​៤២

តើ​លោក​បាន​ធំ​ឡើង​នៅ​ឯ​ណា? ក្រោយ​ពី​បាន​រស់​នៅ​អស់​មួយ​រយៈ​ពេល​ខ្លី​នៅ​ប្រទេស​អេស៊ីប ក្រុម​គ្រួសារ​របស់​លោក​យេស៊ូ​បាន​រើ​ទៅ​រស់​នៅ​ក្រុង​ណាសារ៉ែត ស្រុក​កាលីឡេ ប្រហែលជា​៩៦​គីឡូ​ម៉ែត្រ​នៅ​ទិស​ខាង​ជើង​ពី​ក្រុង​យេរូសាឡិម។ នៅ​ពេល​នោះ លោក​យេស៊ូ​មាន​អាយុ​តិច​ជាង​បី​ឆ្នាំ។ តំបន់​នៃ​ក្រុង​ណាសារ៉ែត​គឺ​ស្អាត​ណាស់​ដែល​មាន​ពួក​កសិករ ពួក​គង្វាល និង​ពួក​អ្នក​នេសាទ​ប្រកប​មុខ​របរ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន គឺ​នៅ​ទី​នោះ​ហើយ​ដែល​លោក​យេស៊ូ​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដ៏​ធំ ដែល​ទំនង​ជា​ក្រុម​គ្រួសារ​ដ៏​សាមញ្ញ​មួយ។—ម៉ាថាយ ១៣:៥៥, ៥៦

ច្រើន​សតវត្សរ៍​មុន គម្ពីរ​បាន​ទាយ​ទុក​ថា​មេស្ស៊ី​នឹង​ជា​«​អ្នក​ក្រុង​ណាសារ៉ែត​»។ ម៉ាថាយ​ដែល​ជា​អ្នក​សរសេរ​ម្នាក់​នៃ​សៀវភៅ​ដំណឹង​ល្អ​បាន​ស្រដី​ថា ក្រុម​គ្រួសារ​របស់​លោក​យេស៊ូ​បាន​រស់​នៅ​ក្រុង​«​ណាសារ៉ែត ដើម្បី​សម្រេច​នូវ​ពាក្យ​របស់​អ្នក​ប្រកាស​ទំនាយ ដែល​បាន​ទាយ​ថា​៖ ‹លោក​នឹង​ត្រូវ​គេ​ហៅ​ជា​អ្នក​ក្រុង​ណាសារ៉ែត›​»។ (​ម៉ាថាយ ២:​១៩​-​២៣​) តាម​មើល​ទៅ​ឈ្មោះ​ណាសារ៉ែត​ជាប់​ទាក់​ទង​នឹង​ពាក្យ​ហេប្រឺ​ដែល​ប្រើ​សម្រាប់​ពាក្យ​«​មែក​»។ ម៉ាថាយ​បាន​សំដៅ​ទៅ​លើ​ទំនាយ​មួយ​របស់​អេសាយ​ដែល​បាន​ហៅ​មេស្ស៊ី​ថា​«​មែក​១​»​ដែល​ចេញ​ពី​អ៊ីសាយ ដែល​នេះ​មាន​ន័យ​ថា​មេស្ស៊ី​នឹង​ត្រូវ​ជា​កូន​ចៅ​របស់​អ៊ីសាយ​ដែល​ជា​ឪពុក​របស់​ស្តេច​ដាវីឌ។ (​អេសាយ ១១:១​) នេះ​ជា​ការ​ពិត ព្រោះ​លោក​យេស៊ូ​ជា​កូន​ចៅ​របស់​អ៊ីសាយ​តាម​រយៈ​ដាវីឌ​ប្រាកដ​មែន!—ម៉ាថាយ ១:៦, ១៦; លូកា ៣:​២៣, ៣១, ៣២

តើ​លោក​ធ្លាប់​រស់​នៅ​ឯ​ណា​មុន​កើត​ជា​មនុស្ស? គម្ពីរ​បង្រៀន​ថា​លោក​យេស៊ូ​មាន​ជីវិត​រស់​នៅ​យូរ​យារ​មុន​លោក​កើត​មក​ក្នុង​ក្រោល​សត្វ​នៅ​ភូមិ​បេថ្លេហិម​ទៅ​ទៀត។ ទំនាយ​នៅ​សៀវភៅ​មីកា​ដែល​បាន​ត្រូវ​ដក​ស្រង់​ពី​ខាង​លើ បន្ត​ចែង​ថា​៖ ​«​ដើម​កំណើត​របស់​[​លោក​]​បាន​ចាប់​តាំង​ពី​បុរាណ គឺ​ពី​អស់​កល្ប​រៀង​មក​»។ (​មីកា ៥:១​) ក្នុង​នាម​ជា​កូន​ច្បង​របស់​ព្រះ លោក​យេស៊ូ​ធ្លាប់​ជា​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​មុន​លោក​កើត​ជា​មនុស្ស​នៅ​ផែនដី។ លោក​បាន​មាន​ប្រសាសន៍​អំពី​ខ្លួន​លោក​ថា​៖ ​«​ខ្ញុំ​បាន​ចុះ​មក​ពី​ស្ថាន​សួគ៌​»។ (​យ៉ូហាន ៦:៣៨; ៨:២៣​) តើ​នេះ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?

តាម​រយៈ​សកម្មពល​បរិសុទ្ធ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ការ​អស្ចារ្យ​មួយ​ដោយ​បញ្ជូន​ជីវិត​របស់​បុត្រ​លោក​នៅ​ស្ថាន​សួគ៌​ទៅ​ដាក់​ក្នុង​ផ្ទៃ​របស់​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ជន​ជាតិ​យូដា​ម្នាក់​ឈ្មោះ​នាង​ម៉ារៀ ដើម្បី​ឲ្យ​បុត្រ​លោក​កើត​មក​ជា​មនុស្ស​ដែល​ល្អ​ឥត​ខ្ចោះ។ * សម្រាប់​ព្រះ​យេហូវ៉ា​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត មិន​ជា​ការ​ពិបាក​ក្នុង​ការ​ធ្វើ​ការ​អស្ចារ្យ​បែប​នេះ​ទេ។ នេះ​ស្រប​តាម​ពាក្យ​សម្ដី​របស់​ទេវតា​ដែល​បាន​ពន្យល់​ទៅ​នាង​ម៉ារៀ​ថា​៖ ​«​គ្មាន​ប្រសាសន៍​ណា​របស់​ព្រះ ដែល​លោក​ពុំ​អាច​សម្រេច​បាន​ឡើយ​»។—លូកា ១:៣០​-​៣៥, ៣៧

គម្ពីរ​មិន​គ្រាន់តែ​ប្រាប់​យើង​អំពី​ដើម​កំណើត​របស់​លោក​យេស៊ូ​ប៉ុណ្ណោះ​ទេ តែ​ក្នុង​សៀវភៅ​ម៉ាថាយ ម៉ាកុស លូកា និង​យ៉ូហាន​ក៏​បាន​ប្រាប់​យើង​យ៉ាង​ច្រើន​អំពី​របៀប​រស់​នៅ​របស់​លោក​ដែរ។

[​កំណត់​សម្គាល់​]

^ វគ្គ 6 អេប្រាតា​ជា​ឈ្មោះ​ដំបូង​របស់​ភូមិ​បេថ្លេហិម។—លោកុប្បត្តិ ៣៥:១៩

^ វគ្គ 10 យេហូវ៉ា​ជា​ឈ្មោះ​របស់​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ​បរិសុទ្ធ។