លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

លោកយេស៊ូ តើលោកមានរបៀបរស់នៅបែបណា?

លោកយេស៊ូ តើលោកមានរបៀបរស់នៅបែបណា?

លោក​យេស៊ូ តើ​លោក​មាន​របៀប​រស់​នៅ​បែប​ណា?

​«​អាហារ​របស់​ខ្ញុំ គឺ​ខ្ញុំ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​បង្ហើយ​កិច្ចការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​»។—យ៉ូហាន ៤:៣៤

បរិបទ​នៃ​ប្រសាសន៍​របស់​លោក​យេស៊ូ​ខាង​លើ​នេះ​បង្ហាញ​យ៉ាង​ច្រើន​អំពី​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​លោក។ លោក​និង​ពួក​អ្នក​កាន់​តាម​លោក​បាន​ដើរ​ពេញ​មួយ​ព្រឹក​កាត់​តំបន់​ដែល​មាន​ទី​ទួល​ជា​ច្រើន​ក្នុង​ស្រុក​សាម៉ារី។ (​យ៉ូហាន ៤:៦, កំណត់​សម្គាល់​) នៅ​ពេល​នោះ ពួក​អ្នក​កាន់​តាម​លោក​បាន​អញ្ជើញ​លោក​ឲ្យ​ពិសា​អាហារ ដោយ​គិត​ថា​លោក​ប្រាកដជា​ឃ្លាន​ហើយ។ (​យ៉ូហាន ៤:៣១​-​៣៣​) ក្នុង​ពាក្យ​តប​ឆ្លើយ​របស់​លោក នោះ​លោក​បាន​សង្ខេប​អំពី​គោល​បំណង​ក្នុង​ជីវិត​លោក ពោល​គឺ​ការ​បំពេញ​កិច្ចការ​របស់​ព្រះ​សំខាន់​ជាង​ការ​បរិភោគ​អាហារ​ទៅ​ទៀត។ តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត នោះ​លោក​យេស៊ូ​បាន​រស់​នៅ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ តើ​ការ​ធ្វើ​ដូច្នេះ​រួម​បញ្ចូល​អ្វី​ខ្លះ?

ផ្សព្វ​ផ្សាយ​និង​បង្រៀន​មនុស្ស​អំពី​រាជាណាចក្រ​របស់​ព្រះ គម្ពីរ​ពន្យល់​អំពី​កិច្ចការ​របស់​លោក​យេស៊ូ​ដោយ​ចែង​ថា​៖ ​«​លោក​បាន​ធ្វើ​ដំណើរ​ពេញ​ស្រុក​កាលីឡេ​ទាំង​មូល ដោយ​បង្រៀន . . . និង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​»។ (​ម៉ាថាយ ៤:២៣​) លោក​យេស៊ូ​មិន​គ្រាន់តែ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​បាន​បង្រៀន​ពួក​គេ​ដែរ ពោល​គឺ​លោក​បាន​ណែនាំ ពន្យល់ និង​នាំ​ឲ្យ​ពួក​គេ​ជឿ​ដោយ​ចេះ​វែក​ញែក​ហេតុ​ផល។ រាជាណាចក្រ​របស់​ព្រះ​ជា​ប្រធានបទ​នៃ​ដំណឹង​របស់​លោក។

ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​ទាំង​មូល លោក​បាន​បង្រៀន​ពួក​អ្នក​ស្ដាប់​លោក​ថា អ្វី​ទៅ​ជា​រាជាណាចក្រ​របស់​ព្រះ និង​អ្វី​ដែល​រាជាណាចក្រ​នោះ​នឹង​ធ្វើ។ សូម​កត់​សម្គាល់​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​របស់​ព្រះ និង​ខ​គម្ពីរ​ដែល​មាន​ប្រសាសន៍​របស់​លោក​យេស៊ូ ដូច​ត​ទៅ​នេះ:

▪ រាជាណាចក្រ​របស់​ព្រះ​ជា​រដ្ឋាភិបាល​មួយ​នៅ​ស្ថាន​សួគ៌ ហើយ​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជា​ស្តេច។—ម៉ាថាយ ៤:១៧; យ៉ូហាន ១៨:៣៦

▪ រាជាណាចក្រ​នេះ​នឹង​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែនដី​ដូច​នៅ​ស្ថាន​សួគ៌​ដែរ។—ម៉ាថាយ ៦:៩, ១០

▪ ក្រោម​ការ​គ្រប់​គ្រង​របស់​រាជាណាចក្រ​ព្រះ ផែនដី​ទាំង​មូល​នឹង​ត្រូវ​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន។—លូកា ២៣:៤២, ៤៣

▪ បន្ដិច​ទៀត រាជាណាចក្រ​របស់​ព្រះ​នឹង​មក​ដល់ ហើយ​សម្រេច​បំណង​ប្រាថ្នា​របស់​ព្រះ​នៅ​ផែនដី។ *—ម៉ាថាយ​២៤:៣, ៧​-​១២

ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព លោក​យេស៊ូ​បាន​ត្រូវ​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​«​លោក​គ្រូ​»។ (​យ៉ូហាន ១៣:១៣​) ក៏​ប៉ុន្តែ ក្នុង​អំឡុង​បី​ឆ្នាំ​កន្លះ​ដែល​លោក​ធ្វើ​កិច្ច​បម្រើ​ផ្សាយ លោក​បាន​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​មួយ​ចំនួន។ យ៉ាង​ហោច​ណាស់ លោក​បាន​ធ្វើ​ការ​ទាំង​នោះ​ដោយ​មាន​មូលហេតុ​ពីរ​យ៉ាង។ ទី​១ ការ​ទាំង​នោះ​ជួយ​បញ្ជាក់​ថា​ព្រះ​ពិត​ជា​បាន​ចាត់​លោក​ឲ្យ​មក​ផែនដី​មែន។ (​ម៉ាថាយ ១១:២​-​៦​) ទី​២ ការ​ទាំង​នោះ​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​ជាង​ដែល​លោក​នឹង​ធ្វើ​នៅ​ពេល​អនាគត ក្នុង​នាម​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ។ សូម​កត់​សម្គាល់​អំពី​កិច្ចការ​អស្ចារ្យ​ខ្លះ​ដែល​លោក​បាន​ធ្វើ​ដែល​មាន​ដូច​ត​ទៅ​នេះ:

▪ លោក​បាន​ធ្វើ​ឲ្យ​សមុទ្រ​និង​ខ្យល់​ព្យុះ​មាន​ភាព​ស្ងប់​ស្ងាត់។—ម៉ាកុស ៤:៣៩​-​៤១

▪ លោក​បាន​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ ដែល​មាន​ដូច​ជា​មនុស្ស​ងងឹត​ភ្នែក មនុស្ស​ថ្លង់ និង​មនុស្ស​ខ្វិន​ជា​ដើម។—លូកា ៧:២១, ២២

▪ លោក​បាន​ធ្វើ​ឲ្យ​មាន​អាហារ​ជា​ច្រើន យ៉ាង​នេះ​លោក​បាន​ផ្ដល់​អាហារ​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​មួយ​ក្រុម​ធំ​ដែល​ស្រេក​ឃ្លាន។—ម៉ាថាយ ១៤:១៧​-​២១; ១៥:៣៤​-​៣៨

▪ យ៉ាង​ហោច​ណាស់​មាន​បី​ករណី​ដែល​លោក​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។—លូកា ៧:១១​-​១៥; ៨:​៤១​-​៥៥; យ៉ូហាន ១១:៣៨​-​៤៤

សូម​ស្រមៃ​គិត​ថា យើង​នឹង​មាន​ជីវិត​សប្បាយ​យ៉ាង​ណា​ទៅ​ហ្ន៎​ពេល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្តេច​ដែល​មាន​ឫទ្ធានុភាព​បែប​នេះ!

បង្ហាញ​ឲ្យ​ឃើញ​ពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា ក្នុង​ការ​បង្រៀន​មនុស្ស​អំពី​ព្រះ​យេហូវ៉ា នោះ​គ្មាន​អ្នក​ណា​មាន​លក្ខណៈ​គ្រប់​គ្រាន់​ជាង​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​ព្រះ​នោះ​ទេ។ ក្នុង​នាម​ជា​«​បុត្រ​ច្បង​ក្នុង​ចំណោម​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​»​ នោះ​លោក​យេស៊ូ​បាន​រស់​នៅ​ជា​មួយ​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌​យូរ​ជាង​បុគ្គល​វិញ្ញាណ​ឯ​ទៀត​ទាំង​អស់។ (​កូឡុស ១:​១៥​) សូម​គិត​អំពី​ឱកាស​ដែល​លោក​យេស៊ូ​មាន​ដើម្បី​យល់​យ៉ាង​ពេញ​លេញ​អំពី​គំនិត​របស់​បិតា​លោក និង​ឱកាស​ដើម្បី​រៀន​អំពី​បំណង​ប្រាថ្នា ខ្នាត​តម្រា ថែម​ទាំង​ផ្លូវ​របស់​បិតា​លោក​ដែរ។

ហេតុ​នេះ​ហើយ​បាន​ជា​លោក​យេស៊ូ​អាច​មាន​ប្រសាសន៍​យ៉ាង​ត្រឹម​ត្រូវ​ថា​៖ ​«​គ្មាន​អ្នក​ណា​ស្គាល់​បុត្រ​របស់​ព្រះ​ច្បាស់​ជាង​ព្រះ​ដែល​ជា​បិតា ហើយ​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ​ដែល​ជា​បិតា​ច្បាស់​ជាង​បុត្រ​របស់​លោក និង​អ្នក​ដែល​បុត្រ​របស់​លោក​សុខ​ចិត្ត​បើក​សម្ដែង​ឲ្យ​ស្គាល់​នោះ​ទេ​»។ (​លូកា ១០:២២​) ពេល​នៅ​ផែនដី លោក​យេស៊ូ​សុខ​ចិត្ត​ថែម​ទាំង​សប្បាយ​ចិត្ត​ក្នុង​ការ​បើក​សម្ដែង​ឲ្យ​អ្នក​ឯ​ទៀត​ស្គាល់​បិតា​របស់​លោក។ ពាក្យ​សម្ដី​និង​ការ​បង្រៀន​របស់​លោក​អំពី​ព្រះ​គឺ​ល្អ​ជាង​គេ​បំផុត ពីព្រោះ​លោក​យេស៊ូ​បាន​នឹក​ចាំ​អំពី​អ្វី​ៗ​ដែល​លោក​បាន​ឃើញ​និង​ធ្វើ​នៅ​ស្ថាន​សួគ៌ ក៏​នឹក​ចាំ​អំពី​ពេល​លោក​នៅ​ចំពោះ​មុខ​ព្រះ​ដ៏​ខ្ពស់​បំផុត​ផង​ដែរ។—យ៉ូហាន ៨:២៨

ពេល​នៅ​ផែនដី លោក​យេស៊ូ​បាន​យក​អ្វី​ដែល​លោក​បាន​រៀន​អំពី​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌ មក​បង្រៀន​តាម​វិធី​ដែល​នាំ​ឲ្យ​មនុស្ស​ងាយ​យល់​និង​ស្រួល​អនុវត្ត​តាម​វិញ។

សូម​ពិចារណា​អំពី​វិធី​ពីរ​យ៉ាង​ដ៏​សំខាន់​ដែល​លោក​យេស៊ូ​បាន​បើក​សម្ដែង​ឲ្យ​ស្គាល់​បិតា​របស់​លោក។

▪ ក្នុង​ការ​បង្រៀន​របស់​លោក លោក​យេស៊ូ​បាន​សម្ដែង​ឲ្យ​គេ​ស្គាល់​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា ពោល​គឺ​អំពី​នាម​របស់​លោក គោល​បំណង​របស់​លោក និង​ផ្លូវ​របស់​លោក។—យ៉ូហាន ៣:​១៦; ១៧:៦, ២៦

▪ តាម​ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ លោក​បាន​បង្ហាញ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​គុណ​សម្បត្ដិ​ដ៏​ល្អ​ប្រពៃ​ជា​ច្រើន។ លោក​យេស៊ូ​បាន​ធ្វើ​ដូច្នេះ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដល់​ម្ល៉េះ ដែល​លោក​ហាក់​ដូច​ជា​អាច​មាន​ប្រសាសន៍​ថា​៖ ‹បើ​អ្នក​ចង់​ស្គាល់​បិតា​របស់​ខ្ញុំ សូម​មើល​ខ្ញុំ​ចុះ›។—យ៉ូហាន ៥:១៩; ១៤:៩

យើង​ពិត​ជា​កោត​ស្ងើច​ចំពោះ​របៀប​រស់​នៅ​របស់​លោក​យេស៊ូ​ណាស់។ ប៉ុន្តែ បើ​យើង​ពិនិត្យ​មើល​អំពី​មូលហេតុ​ដែល​លោក​ស្លាប់ និង​ប្រព្រឹត្ត​ស្រប​តាម​អ្វី​ដែល​យើង​រៀន នោះ​យើង​អាច​ទទួល​ប្រយោជន៍​ច្រើន​ថែម​ទៀត​ដែល​គណនា​ពុំ​បាន​ឡើយ។

[​កំណត់​សម្គាល់​]

^ វគ្គ 9 ដើម្បី​រៀន​បន្ថែម​អំពី​រាជាណាចក្រ​របស់​ព្រះ និង​អំពី​របៀប​ដែល​យើង​អាច​ដឹង​ថា រាជាណាចក្រ​នេះ​នឹង​មក​ដល់​នៅ​ពេល​បន្ដិច​ទៀត សូម​មើល​ជំពូក​ទី​៨​ដែល​មាន​ចំណង​ជើង ​«​តើ​ព្រះរាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?​»​ និង​ជំពូក​ទី​៩​ដែល​មាន​ចំណង​ជើង ​«​តើ​យើង​កំពុង​តែ​រស់​នៅ​‹ជាន់​ក្រោយ​បង្អស់›​ឬ?​»​ ពី​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។