លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ដំណឹងល្អមួយដែលមនុស្សទាំងអស់ត្រូវការ

ដំណឹងល្អមួយដែលមនុស្សទាំងអស់ត្រូវការ

ដំណឹង​ល្អ​មួយ​ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ការ

«​ដំណឹង​ល្អ . . . តាម​ពិត . . . ជា​ឫទ្ធានុភាព​របស់​ព្រះ​ដើម្បី​សង្គ្រោះ​អស់​អ្នក​ដែល​មាន​ជំនឿ​»។—រ៉ូម ១:១៦

១, ២​. ហេតុ​អ្វី​អ្នក​ផ្សព្វ​ផ្សាយ​‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ›? ហើយ​តើ​អ្នក​បញ្ជាក់​ចំណុច​អ្វី​ខ្លះ​អំពី​ដំណឹង​នេះ?

អ្នក​ទំនង​ជា​ធ្លាប់​គិត​ឬ​និយាយ​ថា​៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ល្អ​ជា​រៀង​រាល់​ថ្ងៃ​»។ ក្នុង​នាម​ជា​សាក្សីដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា អ្នក​ពិត​ជា​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ផ្សព្វ​ផ្សាយ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​»។ អ្នក​ក៏​ប្រហែលជា​អាច​ទន្ទេញ​ចាំ​ពាក្យ​ទំនាយ​របស់​លោក​យេស៊ូ​ដែល​បញ្ជាក់​អំពី​កិច្ចការ​ផ្សព្វ​ផ្សាយ​នេះ​ដែរ។—ម៉ាថ. ២៤:១៤

ពេល​អ្នក​ផ្សព្វ​ផ្សាយ​‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ› អ្នក​កំពុង​តែ​បន្ត​ធ្វើ​អ្វី​មួយ​ដែល​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​ធ្វើ។ (​សូម​អាន លូកា ៤:​៤៣) ចំណុច​មួយ​ដែល​អ្នក​ប្រាកដជា​បញ្ជាក់​ពេល​អ្នក​ផ្សព្វ​ផ្សាយ​គឺថា បន្ដិច​ទៀត​ព្រះ​នឹង​ធ្វើ​អន្តរាគមន៍​ក្នុង​រឿង​របស់​មនុស្ស​ជាតិ។ ពេល​មាន​«​ទុក្ខវេទនា​ជា​ខ្លាំង​»​ លោក​នឹង​បំផ្លាញ​ចោល​សាសនា​មិន​ពិត​និង​អំពើ​អាក្រក់​នៅផែនដី។ (​ម៉ាថ. ២៤:២១​) អ្នក​ក៏​ប្រហែលជា​បញ្ជាក់​ដែរ​ថា រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​ឲ្យ​មាន​សួន​ឧទ្យាន​នៅ​លើផែនដី​ដើម្បីឲ្យ​សន្ដិភាព​និង​សុភមង្គល​អាច​មាន​ជា​រៀង​រហូត។ តាម​ពិត ‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ›​គឺជា​ផ្នែក​មួយ​នៃ​«​ដំណឹង​ល្អ​[​ដែល​បាន​ត្រូវ​ប្រកាស​]​ដល់​អាប្រាហាំ​ជា​មុន​ថា​៖ ‹តាម​រយៈ​ពូជ​របស់​អ្នក ប្រជាជាតិ​ទាំង​អស់​នឹង​ទទួល​ពរ›​»។—កាឡ. ៣:៨

៣​. ហេតុ​អ្វី​យើង​អាច​និយាយ​បាន​ថា​សាវ័ក​ប៉ូល​ដៅ​បញ្ជាក់​អំពី​ដំណឹង​ល្អ​ក្នុង​សៀវភៅ​រ៉ូម?

ប៉ុន្តែ មាន​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ដំណឹង​ល្អ​ដែល​មនុស្ស​ត្រូវ​ការ ដែល​យើង​ប្រហែលជា​មិន​សូវ​ប្រមូល​អារម្មណ៍​ទៅ​លើ​នោះ​ប៉ុន្មាន​ទេ។ ក្នុង​សំបុត្រ​របស់​សាវ័ក​ប៉ូល​ដែល​សរសេរ​ទៅ​កាន់​បង​ប្អូន​នៅ​ទី​ក្រុង​រ៉ូម គាត់​បាន​ប្រើ​ពាក្យ​«​រាជាណាចក្រ​»​តែ​មួយ​ដង​គត់ ប៉ុន្តែ​គាត់​បាន​ប្រើ​ពាក្យ​«​ដំណឹង​ល្អ​»​អស់​១២​ដង​វិញ។ (​សូម​អាន រ៉ូម ១៤:១៧) តើផ្នែក​នៃ​ដំណឹង​ល្អ​ដែល​ប៉ូល​បាន​រៀប​រាប់​ច្រើន​ដង​នៅ​ក្នុង​សៀវភៅ​រ៉ូម​គឺជា​អ្វី​ទៅ? ហេតុ​អ្វីផ្នែក​នៃ​ដំណឹង​ល្អ​នោះ​សំខាន់​ម្ល៉េះ? ហើយ​ហេតុ​អ្វី​យើង​គួរ​ចង​ចាំ​ចំណុច​នេះ ពេល​ដែល​យើង​ផ្សព្វ​ផ្សាយ​«​ដំណឹង​ល្អ​របស់​ព្រះ​»​ដល់​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​យើង?—ម៉ាក. ១:១៤; រ៉ូម ១៥:​១៦; ១ថែ. ២:២

អ្វី​ដែល​បង​ប្អូន​នៅ​ទី​ក្រុង​រ៉ូម​ត្រូវ​ការ

៤​. ក្នុង​អំឡុង​ពេល​សាវ័ក​ប៉ូល​ជាប់​គុក​នៅ​ក្នុង​ទី​ក្រុង​រ៉ូម​ជា​លើក​ដំបូង តើ​គាត់​បាន​ផ្សព្វ​ផ្សាយ​អំពី​អ្វី​ខ្លះ?

ជា​ការ​ល្អ​ឲ្យ​យើង​កត់​សម្គាល់​អំពី​ប្រធានបទ​ដែល​ប៉ូល​បាន​បញ្ជាក់​ពេល​គាត់​ជាប់​គុក​នៅ​ទី​ក្រុង​រ៉ូម​ជា​លើក​ដំបូង។ យើង​អាន​ថា​ពេល​មាន​ជន​ជាតិ​យូដា​ជា​ច្រើន​បាន​មក​លេង​គាត់ នោះ​គាត់​បាន​‹ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​អំពី (​១​) រាជាណាចក្រ​របស់​ព្រះ ហើយ​ខំ​បញ្ជាក់​ហេតុ​ផល​ដើម្បីឲ្យ​ពួក​គេ​ជឿ​អំពី (​២​) លោក​យេស៊ូ›។ តើ​មាន​លទ្ធផល​យ៉ាង​ណា? គឺ​«​អ្នក​ខ្លះ​ចាប់​ផ្ដើម​ជឿ​អ្វីដែល​គាត់​និយាយ ឯ​អ្នក​ខ្លះ​ទៀត​មិន​ព្រម​ជឿ​ទេ​»។ ក្រោយ​មក ប៉ូល​‹បាន​ទទួល​យ៉ាង​រាក់​ទាក់​អស់​អ្នក​ដែល​មក​ជួប​គាត់ ដោយ​ផ្សព្វ​ផ្សាយ​ប្រាប់​ពួក​គេ​អំពី (​១​) រាជាណាចក្រ​របស់​ព្រះ ហើយ​បង្រៀន​អំពី (​២​) លោក​ម្ចាស់​យេស៊ូ​គ្រិស្ត›។ (​សកម្ម. ២៨:១៧, ២៣​-​៣១​) យ៉ាង​ច្បាស់​ណាស់ ប៉ូល​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​រាជាណាចក្រ​របស់​ព្រះ។ ប៉ុន្តែ តើ​មាន​អ្វី​ទៀត​ដែល​គាត់​បាន​បញ្ជាក់? គាត់​បាន​បញ្ជាក់​អំពី​អ្វី​មួយ​ដ៏​សំខាន់​ចម្បង​សម្រាប់​រាជាណាចក្រ​របស់​ព្រះ គឺ​តួនាទី​របស់​លោក​យេស៊ូ​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ព្រះ។

៥​. ក្នុង​សៀវភៅ​រ៉ូម តើ​ប៉ូល​បាន​ដៅ​បញ្ជាក់​អំពី​តម្រូវ​ការ​ដ៏​ចាំ​បាច់​អ្វី?

មនុស្ស​ទាំង​អស់​ត្រូវ​ដឹង​អំពី​លោក​យេស៊ូ​និង​បង្ហាញ​ជំនឿ​ទៅ​លើ​លោក។ ក្នុង​សៀវភៅ​រ៉ូម សាវ័ក​ប៉ូល​បាន​បញ្ជាក់​អំពី​តម្រូវ​ការ​នេះ។ មុន​ដំបូង គាត់​បាន​សរសេរ​អំពី​«​ព្រះ​ដែល​ខ្ញុំ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​អស់ពី​ចិត្ត ដោយ​ប្រកាស​ដំណឹង​ល្អ​អំពី​បុត្រ​របស់​លោក​»។ គាត់​បាន​បន្ត​ថា​៖ ​«​ខ្ញុំ​គ្មាន​សេចក្ដី​អៀន​ខ្មាស​ព្រោះ​ដំណឹង​ល្អ​នោះ​ឡើយ ព្រោះ​តាម​ពិត​នោះ​ជា​ឫទ្ធានុភាព​របស់​ព្រះ​ដើម្បី​សង្គ្រោះ​អស់​អ្នក​ដែល​មាន​ជំនឿ​»។ ក្រោយ​មក គាត់​បាន​រៀប​រាប់​អំពី​«​ថ្ងៃ​ដែល​ព្រះ​វិនិច្ឆ័យ​រឿង​អាថ៌​កំបាំង​របស់​មនុស្ស​ជាតិ តាម​រយៈ​គ្រិស្ត​យេស៊ូ ស្រប​ទៅ​តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ប្រកាស​»។ ម្យ៉ាង​ទៀត គាត់​ក៏​បាន​ប្រាប់​បន្ត​ថា​៖ ​«​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​អំពី​គ្រិស្តយ៉ាង​សព្វ​គ្រប់ តាំង​ពី​ក្រុង​យេរូសាឡិម រហូត​ដល់​អ៊ី​លីរី​កុម​»។ * (​រ៉ូម ១:៩, ១៦; ២:១៦; ១៥:១៩​) ហេតុ​អ្វី​អ្នក​គិត​ថា​ប៉ូល​បាន​ដៅ​បញ្ជាក់​អំពី​លោក​យេស៊ូ​គ្រិស្ត​ទៅ​បង​ប្អូន​នៅ​ទី​ក្រុង​រ៉ូម?

៦, ៧​. តើ​ក្រុម​ជំនុំ​រ៉ូម​ប្រហែលជា​បាន​ស្ថាបនា​ឡើង​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​ប្រហែលជា​មាន​សមាជិក​បែប​ណាខ្លះ?

យើង​មិន​បាន​ដឹង​អំពី​របៀប​ដែល​ក្រុម​ជំនុំ​រ៉ូម​បាន​ស្ថាបនា​ឡើង​ទេ។ នេះ​ប្រហែល​អាចម​ក​ពី​ពួក​ជន​ជាតិ​យូដា​និង​ពួក​អ្នក​ដូរ​សាសនា បាន​ក្លាយ​ជា​គ្រិស្ត​សាសនិក​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ហើយ​បាន​ត្រឡប់​ទៅ​ក្រុង​រ៉ូម​វិញ។ (​សកម្ម. ២:១០​) ឬ​ប្រហែលជា​មាន​បង​ប្អូន​គ្រិស្ត​សាសនិក​ដែល​ជា​អ្នក​ជួញ​ដូរ​និង​អ្នក​ធ្វើ​ដំណើរ​បាន​ប្រកាស​អំពី​សេចក្ដី​ពិត​ក្នុង​ទី​ក្រុង​រ៉ូម។ មិន​ថា​ដោយ​សារ​មូលហេតុ​ណា​ក៏​ដោយ ពេល​ដែល​ប៉ូល​សរសេរ​សៀវភៅ​នេះ​ប្រហែល​ក្នុង​ឆ្នាំ​៥៦ គ.ស. នោះ​ក្រុម​ជំនុំ​នេះ​បាន​ត្រូវ​ស្ថាបនា​ឡើង​យូរ​មក​ហើយ។ (​រ៉ូម ១:៨​) តើ​ក្រុម​ជំនុំ​នោះ​មាន​សមាជិក​បែប​ណាខ្លះ?

បង​ប្អូន​ខ្លះ​មាន​ពូជ​ពង្ស​ជា​ជន​ជាតិ​យូដា។ ប៉ូល​បាន​ផ្ដាំ​សួរ​សុខទុក្ខ​អាន់ត្រូនីក​និង​យូនាស​ដោយ​ហៅ​ពួក​គាត់​ថា​«​សាច់​ញាតិ​របស់​ខ្ញុំ​»​ ព្រោះ​ពួក​គាត់​ទំនង​ជា​សាច់​ញាតិ​របស់​ប៉ូល​ដែល​ជា​ជន​ជាតិ​យូដា​ដូច​គ្នា។ អ្នក​ធ្វើ​ត្រ​សាល​ឈ្មោះ​អាគីឡា​ដែល​រស់​នៅ​ទី​ក្រុង​រ៉ូម​ជា​មួយ​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ព្រីស្កា ពួក​គាត់​ក៏​ជា​ជន​ជាតិ​យូដា​ដែរ។ (​រ៉ូម ៤:១; ៩:៣, ៤; ១៦:៣, ៧; សកម្ម. ១៨:២​) ប៉ុន្តែ បង​ប្អូន​ជា​ច្រើន​ទៀត​ដែល​ប៉ូល​បាន​ផ្ដាំ​សួរ​សុខទុក្ខ​ទំនង​ជា​ជន​ជាតិ​ដទៃ។ បង​ប្អូន​ខ្លះ​ធ្លាប់​ជា​«​អ្នក​ផ្ទះ​របស់​សេសារ​»​ ដែល​ប្រហែលជា​មាន​ន័យ​ថា​ពួក​គាត់​ជា​ខ្ញុំ​បម្រើ​និង​ជា​មន្ត្រី​ថ្នាក់​ទាប​របស់​សេសារ។—ភី. ៤:២២; រ៉ូម ១:៥, ៦; ១១:១៣

៨​. តើ​បង​ប្អូន​នៅ​ទី​ក្រុង​រ៉ូម​ជួប​ប្រទះ​នូវ​ស្ថានការណ៍​ដ៏​ពិបាក​អ្វី?

បង​ប្អូន​គ្រិស្ត​សាសនិក​ម្នាក់​ៗ​នៅ​ទី​ក្រុង​រ៉ូម​បាន​ជួប​ប្រទះ​នូវ​ស្ថានការណ៍​ដ៏​ពិបាក​មួយ យើង​ម្នាក់​ៗ​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ដូច្នោះ​ដែរ។ ប៉ូល​បាន​ពន្យល់​អំពី​បញ្ហា​នេះ​ថា​៖ ​«​គ្រប់​គ្នា​ធ្លាប់​ធ្វើ​ខុស​ក៏​មិន​ដល់​កម្រិត​កំណត់​នៃ​សិរី​រុងរឿង​របស់​ព្រះ​»។ (​រ៉ូម ៣:២៣​) ច្បាស់​ហើយ គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​ប៉ូល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ឲ្យ ត្រូវ​ទទួល​ស្គាល់​ថា​ខ្លួន​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ហើយ​ត្រូវ​បង្ហាញ​ជំនឿ​ទៅ​លើ​វិធីដែល​ព្រះ​ប្រើ​ដើម្បី​យក​ឈ្នះ​ស្ថានការណ៍​ដ៏​ពិបាក​នោះ។

មនុស្ស​ត្រូវ​ទទួល​ស្គាល់​ថា​ ខ្លួន​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង

៩​. តើ​ប៉ូល​បាន​រៀប​រាប់​ថា​ដំណឹង​ល្អ​អាច​នាំ​ឲ្យ​មនុស្ស​ទទួល​អ្វី?

នៅ​ផ្នែក​ដំបូង​ក្នុង​សំបុត្រ​ដែល​ប៉ូល​បាន​សរសេរ​ទៅ​បង​ប្អូន​នៅ​ទី​ក្រុង​រ៉ូម ប៉ូល​បាន​បញ្ជាក់​អំពី​លទ្ធផល​ដ៏​អស្ចារ្យ​ដែល​អាចម​ក​ពី​ដំណឹង​ល្អ​ដែល​គាត់​បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​ខ្ញុំ​គ្មាន​សេចក្ដី​អៀន​ខ្មាស​ព្រោះ​ដំណឹង​ល្អ​នោះ​ឡើយ ព្រោះ​តាម​ពិត​នោះ​ជា​ឫទ្ធានុភាព​របស់​ព្រះ​ដើម្បី​សង្គ្រោះអស់​អ្នក​ដែល​មាន​ជំនឿ មុន​ដំបូង​ពួក​យូដា រួច​មក ពួក​ក្រិច​»។ ពិត​មែន​ហើយ មនុស្ស​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន ប៉ុន្តែ​ត្រូវ​មាន​ជំនឿ​ជា​ចាំ​បាច់ ហើយ​នេះ​ក៏​ស្រប​នឹង​ការ​ពិត​មួយ​ដែរ ដែល​បាន​ដក​ស្រង់​ពី​ហាបាគុក ២:៤ ដែល​ថា​៖ ​«​អ្នក​ដែល​សុចរិត​នឹង​រស់​ដោយ​សារ​មាន​ជំនឿ​»។ (​រ៉ូម ១:១៦, ១៧; កាឡ. ៣:​១១; ហេ. ១០:៣៨​) ប៉ុន្តែ តើ​ដំណឹង​ល្អ​ដែល​នាំ​ឲ្យ​ទទួល​សេចក្ដី​សង្គ្រោះ ទាក់​ទង​យ៉ាង​ដូច​ម្ដេច​នឹង​ហេតុ​ការណ៍​ដែល​ថា​«​គ្រប់​គ្នា​ធ្លាប់​ធ្វើ​ខុស​»​?

១០, ១១​. ហេតុ​អ្វី​បាន​ជា​គំនិត​ដែល​ថា​គ្រប់​គ្នា​ធ្លាប់​ធ្វើ​ខុស​ដូច​មាន​ក្នុង​សៀវភៅ​រ៉ូម ៣:២៣ ជា​ការ​ធម្មតា​ចំពោះ​មនុស្ស​ខ្លះ តែ​ជា​ការ​ចម្លែក​ចំពោះ​អ្នក​ឯ​ទៀត​វិញ?

១០ មុន​មនុស្ស​ម្នាក់​អាច​បណ្ដុះ​ឲ្យ​មាន​ជំនឿ​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ នោះ​គាត់​ត្រូវ​តែ​ទទួល​ស្គាល់​ថា​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​សិន។ ការ​មាន​គំនិត​បែប​នេះ​មិន​មែន​ជា​អ្វីដែល​ចម្លែក​ទេ​ចំពោះ​ពួក​អ្នក​ដែល​បាន​ធំ​ឡើង​ជា​អ្នក​ដែល​ជឿ​លើ​ព្រះ ហើយ​ស្គាល់​គម្ពីរ​ខ្លះ​ៗ​នោះ។ (​សូម​អាន សាស្ដា ៧:២០) មិន​ថា​ពួក​គេ​យល់​ស្រប​ឬ​មិន​យល់​ស្រប​ក្ដី យ៉ាង​ហោច​ណាស់​ពួក​គេ​យល់​បន្ដិច​បន្តួច​អំពី​អត្ថន័យ​នៃ​ពាក្យ​របស់​ប៉ូល​ដែល​ថា​៖ ​«​គ្រប់​គ្នា​ធ្លាប់​ធ្វើ​ខុស​»។ (​រ៉ូម ៣:២៣​) ប៉ុន្តែ តាម​រយៈ​កិច្ច​ផ្សព្វ​ផ្សាយ យើង​អាច​ជួប​មនុស្ស​ជា​ច្រើន​ដែល​មិន​យល់​អំពី​រឿង​នេះ​សោះ។

១១ ក្នុង​ប្រទេស​ខ្លះ តាម​ធម្មតា​មនុស្ស​មិន​គិត​ថា​ខ្លួន​បាន​កើត​មក​ដោយ​មាន​ភាព​ខុស​ឆ្គង​ជាប់​មក​ជា​មួយ​នោះ​ទេ។ ពិត​មែន គាត់​ប្រហែលជា​ទទួល​ស្គាល់​ថា​គាត់​ចេះ​ធ្វើ​ខុស មាន​គុណ​វិបត្ដិ ហើយ​ប្រហែលជា​បាន​ធ្វើ​អំពើ​អាក្រក់​ខ្លះ​ៗ។ គាត់​ថែម​ទាំង​បាន​ឃើញ​ថា​មនុស្ស​ឯ​ទៀត​ក៏​ធ្វើ​ខុស​ដូច​គ្នា​ដែរ។ ប៉ុន្តែ ដោយ​សារ​មជ្ឈដ្ឋាន​ដែល​គាត់​រស់​នៅ នោះ​គាត់​មិន​ដឹង​អំពី​មូលហេតុ​ដែល​គាត់​និង​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​ខុស​ដូច្នេះ​ទេ។ តាម​ពិត ក្នុង​ប្រទេស​ខ្លះ បើ​អ្នក​និយាយ​ថា​មនុស្ស​ម្នាក់​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង នោះ​នាំ​ឲ្យ​អ្នក​ឯ​ទៀត​គិត​ថា​គាត់​ជា​ឧក្រិដ្ឋជន​ឬ​ជា​មនុស្ស​ដែល​បំពាន​ច្បាប់។ ជាក់​ស្តែង​ហើយ មនុស្ស​ម្នាក់​ដែល​បាន​ធំ​ឡើង​ក្នុង​ស្ថានភាព​បែប​នេះ ប្រហែលជា​មិន​គិត​ភ្លាម​ៗ​ទេ​ថា​ខ្លួន​គាត់​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដូច​អត្ថន័យ​ដែល​ប៉ូល​ចង់​បញ្ជាក់​ឡើយ។

១២​. ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា​គ្រប់​គ្នា​ជា​អ្នក​ដែល​ធ្វើ​ខុស?

១២ សូម្បីតែ​ក្នុង​ប្រទេស​ដែល​កាន់​តាម​គ្រិស្ត​សាសនា មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា​ខ្លួន​ជា​អ្នក​ដែល​ធ្វើ​ខុស​ទេ។ ហេតុ​អ្វី? ពីព្រោះ​ទោះ​ជា​ពួក​គេ​ទៅ​វិហារ​យូរ​ៗ​ម្ដង​ក៏​ដោយ ពួក​គេ​គិត​ថា​កំណត់​ហេតុ​អំពី​អាដាម​និង​អេវ៉ា គ្រាន់តែ​ជា​រឿង​ព្រេង​ឬ​ជា​រឿង​ប្រឌិត​តែ​ប៉ុណ្ណោះ។ អ្នក​ឯ​ទៀត​បាន​ធំ​ឡើង​ក្នុង​ចំណោម​មនុស្ស​ដែល​ប្រឆាំង​ព្រះ។ ពួក​គេ​បាន​សង្ស័យ​ថា​គ្មាន​ព្រះ​ទេ ហេតុ​នេះ​ហើយ ពួក​គេ​មិន​យល់​ទេ​ថា​បុគ្គល​មួយ​រូប​ដែល​ខ្ពង់​ខ្ពស់​បំផុត​បាន​បង្កើត​ខ្នាត​តម្រា​សីលធម៌​សម្រាប់​មនុស្ស​ជាតិ ហើយ​ថា​ការ​មិន​ធ្វើ​តាម​ខ្នាត​តម្រា​នោះ​ជា​អំពើ​ខុស​ឆ្គង។ ក្នុង​ន័យ​ម្យ៉ាង ពួក​គេ​ប្រៀប​ដូច​ជា​ពួក​អ្នក​ដែល​រស់​នៅ​សតវត្សរ៍ទី​មួយ​ដែល​ប៉ូល​បាន​ពណ៌​នា​ថា ពួក​គេ​«​រស់​នៅ​ក្នុង​ពិភព​លោក​ដោយ​គ្មាន​សេចក្ដី​សង្ឃឹម​និង​ដោយ​មិន​ស្គាល់​ព្រះ​»។—អេភ. ២:១២

១៣, ១៤​. (​ក​) តើ​មូលហេតុ​មួយ​ដែល​ពួក​អ្នក​មិន​ជឿ​ថា​មាន​ព្រះ​និង​មាន​ភាព​ខុស​ឆ្គង​មិន​អាច​ដោះ​សា​ខ្លួន​បាន​ជា​អ្វី? (​ខ​) តើ​ការ​មិន​ជឿ​ដូច្នេះ​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ប្រព្រឹត្ត​យ៉ាង​ណា?

១៣ ពួក​អ្នក​ដែល​ធំ​ឡើង​ក្នុង​ស្ថានភាព​បែប​នោះ​មិន​អាចយ​ក​មូលហេតុ​នេះ​មក​ដោះ​សាបាន​ទេ មិន​ថា​នៅ​សម័យ​មុន​ឬ​នៅ​សព្វ​ថ្ងៃ​នេះ​ក្ដី។ ក្នុង​សំបុត្រ​របស់​ប៉ូល​ដែល​សរសេរ​ទៅ​កាន់​បង​ប្អូន​នៅ​ទី​ក្រុង​រ៉ូម គាត់​បញ្ជាក់​អំពី​មូលហេតុ​ពីរ​យ៉ាង​ស្តី​អំពី​រឿង​នេះ។ មូលហេតុ​ទី​១​គឺ អ្វី​ៗ​ដែល​បាន​ត្រូវ​បង្កើត​មក បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​ថា​ពិត​ជា​មាន​ព្រះ​ដែល​ជា​អ្នក​បង្កើត​មែន។ (​សូម​អាន រ៉ូម ១:១៩, ២០) នេះ​ស្រប​នឹង​អ្វីដែល​ប៉ូល​បាន​កត់​សម្គាល់ ពេល​គាត់​សរសេរ​សំបុត្រ​ពី​ក្រុង​រ៉ូម​ទៅ​គ្រិស្ត​សាសនិកជន​ជាតិ​ហេប្រឺ​ថា​៖ ​«​ពិត​មែន​តែ​ផ្ទះ​ទាំង​អស់​មាន​អ្នក​សង់ ប៉ុន្តែ​អ្នក​ដែល​បាន​សង់​អ្វី​ៗ​ទាំង​អស់​គឺ​ព្រះ​»។ (​ហេ. ៣:៤​) ការ​វែក​ញែក​នេះ​បញ្ជាក់​ថា​មាន​ព្រះ​ដែល​ជា​អ្នក​បង្កើត​ឬ​សង់​សកលលោក​ទាំង​មូល។

១៤ ដូច្នេះ ប៉ូល​មាន​មូលដ្ឋាន​ច្បាស់​លាស់​ក្នុង​ការ​សរសេរ​ទៅ​កាន់​បង​ប្អូន​នៅ​ទី​ក្រុង​រ៉ូម​ថា អ្នក​ណា​ក៏​ដោយ​ដែល​ជា​អ្នក​គោរព​បូជារូបព្រះ សូម្បីតែ​ពួក​គេ​ជា​ជន​ជាតិ​អ៊ីស្រាអែល​ពី​បុរាណ​ក្ដី នោះ​ពួក​គេ​«​មិនអាច​ដោះ​សាបាន​ឡើយ​»។ ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ដែល​ផ្ទុយ​ពី​ការ​រួម​ភេទ​តាម​ធម្មជាតិ​ក៏​ដូច​គ្នាដែរ។ (​រ៉ូម ១:២២​-​២៧​) យោង​ទៅ​តាម​មូលហេតុ​ទាំង​នេះ ប៉ូល​បាន​សន្និដ្ឋាន​យ៉ាង​ត្រឹម​ត្រូវ​ថា​៖ ​«​ទាំង​ពួក​យូដា​ទាំង​ពួក​ក្រិច​នៅ​ក្រោម​អំណាច​នៃ​ភាព​ខុស​ឆ្គង​»។—រ៉ូម ៣:៩

«​សាក្សី​»​

១៥​. តើ​មនុស្ស​ទាំង​អស់​មាន​អ្វី? ហើយ​តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពួក​គេ?

១៥ សៀវភៅ​រ៉ូម​បញ្ជាក់​អំពី​មូលហេតុ​មួយ​ទៀត ដែល​មនុស្ស​គួរ​ទទួល​ស្គាល់​ថា​ពួក​គេ​មាន​ភាព​ខុស​ឆ្គង និង​ត្រូវ​ការ​វិធី​ដោះ​ស្រាយ​ឲ្យ​រួច​ពី​បញ្ហា​នោះ។ ស្តី​អំពី​ច្បាប់​ដែល​ព្រះ​ឲ្យ​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ពី​បុរាណ នោះ​ប៉ូល​បាន​សរសេរ​ថា​៖ ​«​អស់​អ្នក​ដែល​ធ្វើ​ខុស​ពេល​នៅ​ក្រោម​ច្បាប់ អ្នក​ទាំង​នោះ​នឹង​ត្រូវ​វិនិច្ឆ័យ​ស្រប​តាម​ច្បាប់​នោះ​»។ (​រ៉ូម ២:១២​) ក្នុង​ការ​វែក​ញែក​បន្ត​ទៀត​របស់​គាត់ នោះ​គាត់​បញ្ជាក់​ថា​ជន​ជាតិ​ដទៃ​ឬ​ជាតិ​សាសន៍​នានា​ដែល​មិន​ស្គាល់​ច្បាប់​របស់​ព្រះ ច្រើន​តែ​«​ធ្វើ​អ្វី​ៗ​ក្នុង​ច្បាប់​ដោយ​សារ​ជា​លក្ខណៈ​ធម្មជាតិ​របស់​ពួក​គេ​»។ ហេតុ​អ្វី​មនុស្ស​បែប​នេះ​អាច​ហាមឃាត់​មិន​ឲ្យ​មាន​អំពើ​ឃាតកម្ម ការ​លួច និង​ការ​រួម​ភេទ​រវាង​សមាជិក​គ្រួសារ​ឬ​សាច់​ញាតិ​របស់​ខ្លួន? ប៉ូល​បាន​បញ្ជាក់​អំពី​មូលហេតុ​នេះ​ថា ពួក​គេ​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន។—សូម​អាន រ៉ូម ២:​១៤, ១៥

១៦​. ហេតុ​អ្វី​ការ​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​មិន​មែន​មាន​ន័យ​ថា​អាច​ជៀស​វាង​ពី​ការ​ធ្វើ​ខុស​នោះ?

១៦ យ៉ាង​ណា​ក៏​ដោយ អ្នក​ទំនង​ជា​បាន​ឃើញ​ថា ទោះ​ជា​មនុស្ស​ម្នាក់​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មាន​តួនាទី​ដូច​ជា​សាក្សី​ក្នុង​ខ្លួន​ក្ដី នេះ​មិន​មាន​ន័យ​ថា​មនុស្ស​នោះ​នឹង​ធ្វើ​តាម​ការ​ណែនាំ​របស់​វា​នោះ​ទេ។ អ្វីដែល​បាន​កើត​ឡើង​ដល់​ពួក​អ៊ីស្រាអែល​ពី​បុរាណ​បាន​បង្ហាញ​អំពី​រឿង​នេះ។ ទោះ​ជា​ពួក​គេ​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​និង​មាន​ច្បាប់​យ៉ាង​ចំ​ៗ​របស់​លោក​ដែល​មិន​ឲ្យ​លួច និង​មិន​ឲ្យ​ផិត​ក្បត់​ក៏​ដោយ ក៏​ពួក​គេ​ច្រើន​តែ​ប្រព្រឹត្ត​រំលង​ច្បាប់​របស់​លោក ថែម​ទាំង​សមត្ថភាព​វិនិច្ឆ័យ​របស់​ពួក​គេ​ផង​ដែរ។ (​រ៉ូម ២:២១​-​២៣​) ដូច្នេះ ពួក​គេ​មាន​ទោស​ជាន់​លើ​ទោស ហើយ​យ៉ាង​នេះ​ពួក​គេ​ពិត​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ដែល​មិន​ដល់​កម្រិត​នៃ​ខ្នាត​តម្រា​របស់​ព្រះ​និង​បំណង​ប្រាថ្នា​របស់​លោក​យ៉ាង​ប្រាកដ។ នេះ​ពិត​ជា​បាន​បង្ខូច​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ​ដែល​ជា​អ្នក​បង្កើត​ពួក​គេ​មែន។—លេវី. ១៩:១១; ២០:១០; រ៉ូម ៣:២០

១៧​. តើ​យើង​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​អ្វី​ពី​សៀវភៅ​រ៉ូម?

១៧ អ្វីដែល​យើង​បាន​ពិចារណា​ពី​សៀវភៅ​រ៉ូម​មើល​ទៅ​ហាក់​ដូច​ជា​បាន​បញ្ជាក់​ថា​មនុស្ស​ទាំង​អស់ រួម​ទាំង​យើង​ផង​ដែរ គឺ​មិន​អាច​មាន​សេចក្ដី​សង្គ្រោះ​ពី​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត​នោះ​ទេ។ ក៏​ប៉ុន្តែ ប៉ូល​មិន​បញ្ជាក់​តែ​អំពី​រឿង​នេះ​ប៉ុណ្ណោះ​ទេ។ ដោយ​ដក​ស្រង់​ពាក្យ​របស់​ដាវីឌ​ដែល​មាន​ក្នុង​ទំនុកតម្កើង ៣២:១, ២ នោះ​សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​អ្នក​ណា​ដែល​បាន​ទទួល​ការ​លើក​លែង​ទោស​ចំពោះ​ការ​ប្រព្រឹត្ត​ប្រឆាំង​ច្បាប់ ហើយ​ការ​ខុស​ឆ្គង​របស់​ខ្លួន​បាន​ត្រូវ​គ្រប​បាំង អ្នក​នោះ​មាន​សុភមង្គល​ហើយ។ អ្នក​ណា​ដែល​ព្រះ​យេហូវ៉ា​មិន​កត់​ទុក​ការ​ខុស​ឆ្គង​របស់​គាត់ អ្នក​នោះ​មាន​សុភមង្គល​ហើយ​»។ (​រ៉ូម ៤:៧, ៨​) ប្រាកដ​មែន ព្រះ​បាន​រៀប​ចំ​ឲ្យ​មាន​វិធី​មួយ​ដែល​ស្រប​តាម​ច្បាប់​របស់​លោក​ដើម្បីឲ្យ​មនុស្ស​ទទួល​ការ​លើក​លែង​ទោស​ពី​ភាព​ខុស​ឆ្គង។

ដំណឹង​ល្អ​ដែល​ផ្ដោត​ទៅ​លើ​លោក​យេស៊ូ

១៨, ១៩​. (​ក​) ក្នុង​សៀវភៅ​រ៉ូម តើ​ប៉ូល​បាន​ប្រមូល​អារម្មណ៍​ទៅ​លើផ្នែក​មួយ​ណា​នៃ​ដំណឹង​ល្អ? (​ខ​)​ ដើម្បី​ទទួល​ពរ​ដែល​មក​ពី​រាជាណាចក្រ​របស់​ព្រះ តើ​យើង​ត្រូវ​ទទួល​ស្គាល់​អ្វី​ខ្លះ?

១៨ អ្នក​ប្រហែលជា​តប​ឆ្លើយ​ថា​៖ ​«​នោះ​ពិត​ជា​ដំណឹង​ល្អ​មែន!​»។ បើ​អ្នក​និយាយ​ដូច្នេះ​ពិត​ជា​ត្រឹម​ត្រូវ​ហើយ។ នេះ​ក៏​នាំ​ឲ្យ​យើង​ពិចារណា​អំពីផ្នែក​នៃ​ដំណឹង​ល្អ​ដែល​ប៉ូល​បាន​លើក​ឡើង​ក្នុង​សៀវភៅ​រ៉ូម​ដែរ។ ដូច​បាន​រៀប​រាប់​ខាង​លើ ប៉ូល​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​គ្មាន​សេចក្ដី​អៀន​ខ្មាស​ព្រោះ​ដំណឹង​ល្អ​នោះ​ឡើយ ព្រោះ​តាម​ពិត​នោះ​ជា​ឫទ្ធានុភាព​របស់​ព្រះ​ដើម្បី​សង្គ្រោះ​អស់​អ្នក​ដែល​មាន​ជំនឿ​»។—រ៉ូម ១:១៥, ១៦

១៩ ដំណឹង​ល្អ​នោះ​ផ្ដោត​ទៅ​លើ​តួនាទី​របស់​លោក​យេស៊ូ​ក្នុង​ការ​បំពេញ​តាម​គោល​បំណង​របស់​ព្រះ។ ប៉ូល​អាច​ទន្ទឹង​ចាំ​«​ថ្ងៃ​ដែល​ព្រះ​វិនិច្ឆ័យ​រឿង​អាថ៌​កំបាំង​របស់​មនុស្ស​ជាតិ តាម​រយៈ​គ្រិស្ត​យេស៊ូ ស្រប​ទៅ​តាម​ដំណឹង​ល្អ​»។ (​រ៉ូម ២:១៦​) នេះ​មិន​មាន​ន័យ​ថា​គាត់​មើល​ស្រាល​ចំពោះ​«​រាជាណាចក្រ​របស់​គ្រិស្ត​និង​របស់​ព្រះ​»​ឬ​អ្វី​ៗ​ដែល​ព្រះ​នឹង​សម្រេច​តាម​រយៈ​រាជាណាចក្រ​នោះ​ឡើយ។ (​អេភ. ៥:៥​) ប៉ុន្តែ គាត់​បាន​បង្ហាញ​ថា​ដើម្បីឲ្យ​យើង​មាន​ជីវិត​រស់​នៅ​និង​ទទួល​ពរ​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជាណាចក្រ​របស់​ព្រះ យើង​ត្រូវ​ទទួល​ស្គាល់​ថា (​១​) ចំពោះ​ព្រះ យើង​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង (​២​) មូលហេតុ​ដែល​យើង​ត្រូវ​បង្ហាញ​ជំនឿ​ទៅ​លើ​លោក​យេស៊ូ​គ្រិស្ត ដើម្បី​ទទួល​ការ​អភ័យទោស​ចំពោះ​ភាព​ខុស​ឆ្គង​របស់​យើង។ ពេល​ដែល​មនុស្ស​ម្នាក់​យល់​និង​ទទួល​ស្គាល់​ចំណុច​ទាំង​នេះ​ដែល​ជា​ផ្នែក​នៃ​គោល​បំណង​របស់​ព្រះ ហើយ​យល់​អំពី​អនាគត​ដែល​គាត់​នឹង​មាន នោះ​គាត់​អាច​ឧទាន​យ៉ាង​ត្រឹម​ត្រូវ​ថា​៖ ​«​ត្រូវ​ហើយ! នេះ​ពិត​ជា​ដំណឹង​ល្អ​មែន!​»។

២០, ២១​. ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង ហេតុ​អ្វី​យើង​គួរ​ចាំ​មិន​ភ្លេច​អំពី​ដំណឹង​ល្អ​ដែល​បាន​រៀប​រាប់​ក្នុង​សៀវភៅ​រ៉ូម? ហើយ​តើ​នេះ​អាច​មាន​លទ្ធផល​អ្វី?

២០ យើង​ពិត​ជា​ចង់​ចាំ​មិន​ភ្លេច​អំពីផ្នែក​នៃ​ដំណឹង​ល្អ​នេះ កាល​ដែល​យើង​កំពុង​បំពេញ​កិច្ច​បម្រើ​ផ្សាយ​ជា​គ្រិស្ត​សាសនិក។ ដោយ​សំដៅ​ទៅ​លើ​លោក​យេស៊ូ នោះ​សាវ័ក​ប៉ូល​បាន​ដក​ស្រង់​ពាក្យ​របស់​អេសាយ ដែល​ថា​៖ ​«​គ្មាន​អ្នក​ណា​ដែល​សាង​ជំនឿ​លើ​លោក​នឹង​ខក​ចិត្ត​ឡើយ​»។ (​រ៉ូម ១០:១១; អេ. ២៨:១៦​) ដំណឹង​អំពី​លោក​យេស៊ូ​ប្រហែល​មិន​មែន​ជា​អ្វីដែល​ចម្លែក​ទេ ចំពោះ​ពួក​អ្នក​ដែល​បាន​រៀន​អ្វីដែល​គម្ពីរ​ចែង​អំពី​ភាព​ខុស​ឆ្គង​នោះ។ ប៉ុន្តែ សម្រាប់​អ្នក​ឯ​ទៀត ដំណឹង​នេះ​ពិត​ជា​ព័ត៌​មាន​ថ្មី​អំពី​អ្វីដែល​គេ​មិន​ស្គាល់​ឬ​មិន​ជឿ​ក្នុង​ទំនៀម​ទម្លាប់​របស់​ពួក​គេ។ កាល​ដែល​មនុស្ស​បែប​នេះ​ចាប់​ផ្ដើម​ជឿ​ព្រះ​និង​ទុក​ចិត្ត​ទៅ​លើ​បទ​គម្ពីរ នោះ​យើង​នឹង​ត្រូវ​ពន្យល់​ពួក​គេ​អំពី​តួនាទី​របស់​លោក​យេស៊ូ។ អត្ថបទ​បន្ទាប់​នឹង​ពិចារណា​អំពី​របៀប​ដែល​រ៉ូម​ជំពូក​ទី​៥​ពន្យល់​ច្រើន​ថែម​ទៀត​អំពីផ្នែក​នៃ​ដំណឹង​ល្អ​នេះ ហើយ​ក៏​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​អ្នក។

២១ យើង​ពិត​ជា​មាន​អំណរ​មែន! កាល​ដែល​យើង​អាច​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ឲ្យ​យល់​នូវ​ដំណឹង​ល្អ​ដែល​បាន​ត្រូវ​រៀប​រាប់​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​សៀវភៅ​រ៉ូម ដែល​«​តាម​ពិត​[​ដំណឹង​ល្អ​]​នោះ​ជា​ឫទ្ធានុភាព​របស់​ព្រះ​ដើម្បី​សង្គ្រោះ​អស់​អ្នក​ដែល​មាន​ជំនឿ​»។ (​រ៉ូម ១:១៦​) ក្រៅ​ពី​រង្វាន់​ដែល​យើង​អាច​ទទួល យើង​នឹង​ឃើញ​អ្នក​ឯ​ទៀត​យល់​ស្រប​នឹង​ពាក្យ​ដែល​ប៉ូល​បាន​ដក​ស្រង់​នៅ​រ៉ូម ១០:១៥ ដែល​ថា​៖ ​«​ជើង​របស់​អ្នក​ដែល​ប្រកាស​ដំណឹង​ល្អ​អំពី​អ្វី​ដ៏​ប្រសើរ គឺ​ស្អាត​ណាស់​ហ្ន៎!​»។—អេ. ៥២:៧

[​កំណត់សម្គាល់​]

^ វគ្គ 5 មាន​ពាក្យ​ដែល​ស្រដៀង​នឹង​នេះ​ក្នុង​បទ​គម្ពីរ​ឯ​ទៀត។—ម៉ាក. ១:១; សកម្ម. ៥:​៤២; ១កូ. ៩:១២; ភី. ១:២៧

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

• តើ​សៀវភៅ​រ៉ូម​បាន​រៀប​រាប់​អំពី​ផ្នែក​អ្វី​នៃ​ដំណឹង​ល្អ?

• តើ​ហេតុ​ការណ៍​ពិត​អ្វី​ដែល​យើង​ត្រូវ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​យល់?

• តើ​«​ដំណឹង​ល្អ​អំពី​គ្រិស្ត​»​អាច​នាំ​ឲ្យ​យើង​និង​អ្នក​ឯ​ទៀត​ទទួល​ពរ​យ៉ាង​ដូច​ម្ដេច?

[​សំណួរសម្រាប់វគ្គនីមួយ​ៗ​]

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១២​]

ដំណឹង​ល្អ​ដែល​បាន​រៀប​រាប់នៅ​សៀវភៅ​រ៉ូម ជាប់​ទាក់​ទង​នឹងតួនាទី​ដ៏​សំខាន់ ​របស់​លោក​យេស៊ូ​ក្នុង​គោល​បំណង​របស់​ព្រះ

[​រូបភាពនៅទំព័រ១៣​]

យើង​ទាំង​អស់​គ្នា​បាន​កើត​មក ដោយ​មាន​ភាព​ខុស​ឆ្គង​ដែល​បណ្ដាល​ឲ្យ​ស្លាប់!