ទំនាយទី៤ ការគ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស
ទំនាយទី៤ ការគ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស
«មនុស្សនឹង . . . គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស»។—ធីម៉ូថេទី២ ៣:១-៣
● គ្រីសធ្វើការឲ្យក្រុមជួយអ្នករងអំពើហិង្សាក្នុងគ្រួសារនៅប្រទេសវ៉េលស៍ខាងជើងក្នុងចក្រភពអង់គ្លេស។ គាត់បាននិយាយថា៖ «ខ្ញុំចាំថាមានស្ត្រីម្នាក់ដែលបានរងរបួសយ៉ាងធ្ងន់ដោយសារអំពើហិង្សា ដែលខ្ញុំមិនអាចមើលមុខនាងស្គាល់ទេ។ ស្ត្រីខ្លះទៀតមានបញ្ហាខាងផ្លូវចិត្តយ៉ាងខ្លាំងដោយសារអំពើហិង្សានេះ រហូតដល់នាងមិនហ៊ានមើលមុខខ្ញុំទេ»។
តើហេតុការណ៍ពិតបង្ហាញអំពីអ្វីខ្លះ? នៅប្រទេសមួយក្នុងទ្វីបអាហ្វ្រិក ប្រហែលស្ត្រីម្នាក់ក្នុងចំណោមបីនាក់ត្រូវគេបៀតបៀនកេរ្ដិ៍ខ្មាសកាលដែលនៅក្មេង។ ការស្ទង់មតិមួយក្នុងប្រទេសនោះ បង្ហាញថាច្រើនជាងមួយភាគបីក្នុងចំណោមបុរសដែលបានត្រូវស្ទង់មតិ មានអារម្មណ៍ថាការវាយដំប្រពន្ធខ្លួនមិនមានអ្វីខុសទេ។ ប៉ុន្តែ ស្ត្រីមិនគ្រាន់តែជាអ្នកដែលបានរងអំពើហិង្សាក្នុងក្រុមគ្រួសារប៉ុណ្ណោះទេ។ ជាឧទាហរណ៍ ក្នុងប្រទេសកាណាដា បុរស៣នាក់ក្នុងចំណោម១០នាក់បានត្រូវដៃគូរបស់ពួកគេវាយដំឬបៀតបៀន។
តើគេចូលចិត្តប្រកែកយ៉ាងណា? អំពើហិង្សាក្នុងគ្រួសារមានតាំងពីយូរយារមកហើយ គ្រាន់តែឥឡូវនេះគេយកចិត្តទុកដាក់ចំពោះរឿងនេះច្រើនជាងមុនតែប៉ុណ្ណោះ។
តើការប្រកែកនេះសមហេតុសមផលឬទេ? ក្នុងទសវត្សរ៍ថ្មីៗនេះ គេបានយកចិត្តទុកដាក់ច្រើនជាងចំពោះអំពើហិង្សាក្នុងគ្រួសារមែន។ ប៉ុន្តែ តើការយកចិត្តទុកដាក់ចំពោះបញ្ហានេះបានកាត់បន្ថយចំនួនអំពើហិង្សាក្នុងគ្រួសារឬទេ? អត់ទេ នេះមិនបានកាត់បន្ថយសោះ។ ផ្ទុយទៅវិញ ការគ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្សមានកាន់តែច្រើនឡើងៗ។
តើលោកអ្នកគិតយ៉ាងណា? តើទំនាយក្នុងធីម៉ូថេទី២ ៣:១-៣កំពុងសម្រេចឬទេ? តើមនុស្សជាច្រើនពិតជាមិនបង្ហាញសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្សចំពោះក្រុមគ្រួសាររបស់ពួកគេឬទេ?
ទំនាយទី៥ដែលលោកអ្នកកំពុងឃើញការសម្រេចនៅសព្វថ្ងៃនេះគឺទាក់ទងនឹងកន្លែងដែលយើងរស់នៅតែម្ដង ពោលគឺផែនដីនេះ។ សូមឲ្យយើងពិចារណាបន្តទៀតនូវអ្វីដែលគម្ពីរចែងអំពីទំនាយនេះ។
[រូបភាពនៅទំព័រ៧]
«អំពើហិង្សាក្នុងគ្រួសារគឺជា បទល្មើសមួយដែលមនុស្សកម្ររាយការណ៍ប្រាប់ពួកអាជ្ញាធរណាស់។ ជាមធ្យម ស្ត្រីម្នាក់នឹងត្រូវដៃគូរបស់នាងវាយដំអស់៣៥ដងហើយ ទើបនាងមកប្ដឹងប៉ូលិស»។—អ្នកនាំពាក្យនៃក្រុមជួយអ្នករងអំពើហិង្សាក្នុងគ្រួសារនៅប្រទេសវ៉េលស៍