លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ដំណឹងល្អសម្រាប់អ្នកក្រីក្រ

ដំណឹងល្អសម្រាប់អ្នកក្រីក្រ

ដំណឹង​ល្អ​សម្រាប់​អ្នក​ក្រី​ក្រ

បណ្ដាំ​របស់​ព្រះ​ធានា​យើង​ថា​៖ ​«​មនុស្ស​កំសត់​មិន​ត្រូវ​គេ​ភ្លេច​ជា​ដរាប​ទេ​»។ (​ទំនុកតម្កើង ៩:១៨​) គម្ពីរ​ក៏​បាន​ចែង​អំពី​ព្រះ​ដែល​ជា​អ្នក​បង្កើត​ថា​៖ ​«​ទ្រង់​លា​ព្រះ​ហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ​»។ (​ទំនុកតម្កើង ១៤៥:១៦​) សេចក្ដី​សង្ឃឹម​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​គម្ពីរ​គឺ​មិន​មែន​ជា​សុបិន​មួយ​ឡើយ។ ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត​អាច​ផ្ដល់​អ្វី​ៗ​ដែល​មនុស្ស​ត្រូវ​ការ​ដើម្បី​លុប​បំបាត់​ភាព​ក្រី​ក្រ។ ដូច្នេះ តើ​អ្នក​ក្រី​ក្រ​ត្រូវ​ការ​អ្វី​ខ្លះ?

អ្នក​សេដ្ឋកិច្ច​ម្នាក់​នៅ​ទ្វីប​អាហ្វ្រិក​បាន​ធ្វើ​អត្ថាធិប្បាយ​ថា​ប្រទេស​ក្រី​ក្រ​ត្រូវ​ការ​«​អ្នក​គ្រប់​គ្រង​ផ្ដាច់​ការ​ម្នាក់​ដែល​មាន​ចិត្ត​មេត្ដា​»។ គាត់​ចង់​មាន​ន័យ​ថា​ដើម្បី​លុប​បំបាត់​ភាព​ក្រី​ក្រ នោះ​ត្រូវ​មាន​បុគ្គល​ម្នាក់​ដែល​មាន​អំណាច​ដោះ​ស្រាយ​បញ្ហា និង​មាន​ចិត្ត​សប្បុរស​ចំពោះ​អ្នក​ក្រី​ក្រ។ យើង​អាច​បន្ថែម​ថា​អ្នក​គ្រប់​គ្រង​ដែល​អាច​បំបាត់​ចោល​ភាព​ក្រី​ក្រ​ត្រូវ​ជា​អ្នក​គ្រប់​គ្រង​លើ​ពិភព​លោក​ទាំង​មូល ពីព្រោះ​ភាព​ក្រី​ក្រ​តោកយ៉ាក​ច្រើន​តែ​មាន​ដោយ​សារភាព​មិន​ស្មើ​គ្នា​រវាង​ប្រទេស​នីមួយ​ៗ។ បន្ថែម​ទៅ​ទៀត អ្នក​គ្រប់​គ្រង​បែប​នេះ ត្រូវ​មាន​សមត្ថភាព​ដើម្បី​កែប្រែ​ទំនោរ​ចិត្ត​ដែល​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដែល​ជា​ដើម​ហេតុ​នៃ​ភាព​ក្រី​ក្រ។ តើ​យើង​អាច​រក​អ្នក​គ្រប់​គ្រង​ដែល​មាន​សមត្ថភាព​បែប​នេះ​ពី​ណា​មក?

ព្រះ​បាន​ចាត់​លោក​យេស៊ូ​ឲ្យ​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​ក្រី​ក្រ។ ពេល​លោក​យេស៊ូ​បាន​ក្រោកឈរ​ឡើង​ដើម្បី​អាន​អំពី​ភារកិច្ច​ដែល​លោក​ទទួល​ពី​ព្រះ នោះ​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​សកម្មពល​របស់​ព្រះ​យេហូវ៉ា​សណ្ឋិត​លើ​ខ្ញុំ ពីព្រោះ​លោក​បាន​រើស​តាំង​ខ្ញុំ​ដើម្បី​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​ក្រី​ក្រ​»។—លូកា ៤:១៦​-​១៨

តើ​ដំណឹង​ល្អ​អំពី​អ្វី?

ព្រះ​បាន​តែង​តាំង​លោក​យេស៊ូ​ជា​ស្តេច។ នេះ​ប្រាកដជា​ដំណឹង​ល្អ។ លោក​ជា​អ្នក​គ្រប់​គ្រង​ដែល​ល្អ​បំផុត​ដើម្បី​លុប​បំបាត់​ភាព​ក្រី​ក្រ ពីព្រោះ (​១​) លោក​នឹង​គ្រប់​គ្រង​លើ​មនុស្ស​ជាតិ​ទាំង​អស់ ហើយ​លោក​មាន​អំណាច​ដើម្បី​ចាត់​វិធានការ​នេះ​បាន។ (​២​) លោក​បាន​ប្រព្រឹត្ត​ដោយ​មាន​ចិត្ត​មេត្ដា​ករុណា​ចំពោះ​អ្នក​ក្រី​ក្រ​និង​បង្រៀន​ពួក​អ្នក​កាន់​តាម​របស់​លោក​ឲ្យ​ថែ​រក្សា​ពួក​គេ​ផង​ដែរ។ (​៣​) លោក​មាន​សមត្ថភាព​បំបាត់​ចោល​ដើម​ហេតុ​នៃ​ភាព​ក្រី​ក្រ ដែល​ជា​ទំនោរ​ចិត្ត​របស់​យើង​ដែល​ទោរ​ទន់​ទៅ​ធ្វើ​អ្វី​ៗ​ដើម្បី​ប្រយោជន៍​ខ្លួន។ សូម​ឲ្យ​យើង​ពិចារណា​អំពី​ផ្នែក​ទាំង​បី​នៃ​ដំណឹង​ល្អ​នេះ។

១​. អំណាច​របស់​លោក​យេស៊ូ​ក្នុង​ការ​គ្រប់​គ្រង​លើ​ប្រជាជាតិ​ទាំង​អស់។ បណ្ដាំ​របស់​ព្រះ​បាន​និយាយ​អំពី​លោក​យេស៊ូ​ថា​៖ ​«​[​ព្រះ​]​បាន​ប្រទាន​ឲ្យ​ទ្រង់​មាន​អំណាច​គ្រប់​គ្រង . . . ដើម្បី​ឲ្យ​បណ្ដា​ជន​ទាំង​ឡាយ សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា​បាន​គោរព​ដល់​ទ្រង់​»។ (​ដានីយ៉ែល ៧:១៤​) បើ​មាន​រដ្ឋាភិបាល​តែ​មួយ​គ្រប់​គ្រង​លើ​ប្រជាជាតិ​ទាំង​ឡាយ តើ​អ្នក​អាច​ស្រមៃ​គិត​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​គ្រប់​គ្រង​នេះ​ឬ​ទេ? នៅ​ពេល​នោះ​នឹង​លែង​មាន​ជម្លោះ​ស្តី​អំពី​ធនធាន​របស់​ផែន​ដី​ទៀត​ហើយ។ មនុស្ស​ទាំង​អស់​នឹង​ទទួល​ប្រយោជន៍​ស្មើ​ៗ​គ្នា។ លោក​យេស៊ូ​ផ្ទាល់​ក៏​បាន​ធានា​ថា​លោក​នឹង​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​ដែល​មាន​អំណាច​ដើម្បី​ដោះ​ស្រាយ​បញ្ហា។ លោក​បាន​ប្រកាស​ថា​៖ ​«​ខ្ញុំ​បាន​ទទួល​គ្រប់​ទាំង​អំណាច​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី​»។—ម៉ាថាយ ២៨:១៨

២​. ចិត្ត​មេត្ដា​ករុណា​របស់​លោក​យេស៊ូ​ចំពោះ​អ្នក​ក្រី​ក្រ។ លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​មេត្ដា​ករុណា​ចំពោះ​អ្នក​ក្រី​ក្រ​ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​ទាំង​មូល។ ជា​ឧទាហរណ៍ ស្ត្រី​ម្នាក់​ដែល​បាន​ចំណាយ​ធនធាន​របស់​នាង​អស់ពី​ខ្លួន​ដើម្បី​ព្យាបាល​ជំងឺ បាន​ពាល់​សម្លៀក​បំពាក់​ក្រៅ​របស់​លោក ដោយ​សង្ឃឹម​ថា​នឹង​បាន​ជា​សះ​ស្បើយ។ នាង​បាន​រង​ទុក្ខ​ដោយ​សារ​ជំងឺ​ធ្លាក់​ឈាម​អស់​១២​ឆ្នាំ ហើយ​នាង​ប្រាកដជា​ស្លេក​ស្លាំង​ខ្លាំង​ណាស់។ យោង​ទៅ​តាម​ច្បាប់​នៅ​សម័យ​នោះ នាង​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​នាង​ពាល់​ទៅ​ជា​មិន​ស្អាត​បាន។ ប៉ុន្តែ លោក​យេស៊ូ​បាន​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​នាង។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​កូន​ស្រី​អើយ ជំនឿ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​ជា​ហើយ។ សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ​ចុះ ហើយ​សូម​ឲ្យ​នាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ដែល​បាន​ធ្វើ​ឲ្យ​រង​ទុក្ខ​»។—ម៉ាកុស ៥:២៥​-​៣៤

ការ​បង្រៀន​របស់​លោក​យេស៊ូ​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​គំនិត​របស់​មនុស្ស ហេតុ​នេះ​ហើយ​ពួក​គេ​អាច​ប្រព្រឹត្ត​ដោយ​មាន​ចិត្ត​មេត្ដា​ករុណា​ដូច​លោក​ដែរ។ ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​ចម្លើយ​របស់​លោក​យេស៊ូ​ដែល​លោក​ឆ្លើយ​ដល់​បុរស​ម្នាក់​ដែល​ចង់​ស្គាល់​របៀប​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។ បុរស​នោះ​ដឹង​ថា​ព្រះ​ចង់​ឲ្យ​មនុស្ស​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​ខ្លួន ប៉ុន្តែ​គាត់​បាន​សួរ​លោក​យេស៊ូ​ទៀត​ថា​៖ ​«​តើ​អ្នក​ណា​ទៅ ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ?​»។

លោក​យេស៊ូ​បាន​តប​ឆ្លើយ​ដោយ​រៀប​រាប់​ឧទាហរណ៍​ដ៏​ល្បី​មួយ​ស្តី​អំពី​បុរស​ម្នាក់​ធ្វើ​ដំណើរ​ពី​ក្រុង​យេរូសាឡិម​ទៅ​ក្រុង​យេរីខូ​ដែល​ត្រូវ​ចោរ​ប្លន់ ហើយ​ទុក​គាត់​ចោល​«​ស្ទើរ​ស្លាប់​ស្ទើរ​រស់​»។ សង្ឃ​ម្នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ក៏​ជៀស​ទៅ​ផ្លូវ​ម្ខាង។ ឯ​បុរស​ម្នាក់​ទៀត​ពី​កុលសម្ព័ន្ធ​លេវី​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។ ​«​ប៉ុន្តែ​បុរស​ជន​ជាតិ​សាម៉ារី​ម្នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​បាន​ប្រទះ​ឃើញ​បុរស​នោះ។ កាល​បាន​ឃើញ​ហើយ គាត់​ក៏​មាន​ចិត្ត​ក្ដួល​អាណិត​»។ គាត់​បាន​លាង​របួស​ឲ្យ​បុរស​នោះ ហើយ​យក​គាត់​ទៅ​ផ្ទះ​សម្នាក់​និង​បង់​ថ្លៃ​ឲ្យ​ម្ចាស់​ផ្ទះ​សម្នាក់​នោះ​ដើម្បី​ឲ្យ​គាត់​ថែ​រក្សា​បុរស​ដែល​របួស​នោះ។ លោក​យេស៊ូ​បាន​សួរ​ថា​៖ ​«​តើ​អ្នក​ណា . . . បាន​ប្រព្រឹត្ត​ជា​អ្នក​ជិត​ខាង​ចំពោះ​បុរស​ដែល​បាន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ពួក​ចោរ?​»។ គាត់​ឆ្លើយ​ថា​៖ ​«​គឺ​បុរស​ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​គាត់​ដោយ​មេត្ដា​ករុណា​»។ បន្ទាប់​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​[​ចូរ​]​ប្រព្រឹត្ត​ដូច្នោះ​ដែរ​»។—លូកា ១០:២៥​-​៣៧

មនុស្ស​ដែល​បាន​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​បាន​រៀន​ពី​ការ​បង្រៀន​របស់​លោក​យេស៊ូ ហើយ​កែប្រែ​ចិត្ត​គំនិត​អំពី​ការ​ជួយ​អ្នក​ដែល​មាន​សេចក្ដី​ត្រូវ​ការ។ ជា​ឧទាហរណ៍ អ្នក​និពន្ធ​ជន​ជាតិ​ឡាតវៀ​ម្នាក់​បាន​សរសេរ​ក្នុង​សៀវភៅ​មួយ​ស្តី​អំពី​ជំងឺ​របស់​នាង​ពេល​ដែល​ជាប់​គុក​ក្នុង​មន្ទីរ​ឃុំឃាំង​មួយ​ឈ្មោះ​ផត​ម៉ា​នៅ​ឆ្នាំ​១៩៦៥។ (​Women in Soviet Prisons​) នាង​បាន​សរសេរ​ថា​៖ ​«​ក្នុង​ពេល​ដែល​ខ្ញុំ​មាន​ជំងឺ [​ពួក​សាក្សី​]ឧស្សាហ៍​មក​ថែ​ទាំ​ខ្ញុំ​ណាស់។ គ្មាន​អ្នក​ណា​ដែល​ថែ​រក្សា​ខ្ញុំ​ល្អ​ដូច​ពួក​គេ​ទេ។ សាក្សី​ព្រះ​យេហូវ៉ា​ចាត់​ទុក​ការ​ជួយ​មនុស្ស​ទាំង​អស់​ជា​កាតព្វកិច្ច​របស់​ពួក​គេ ទោះ​ជា​មនុស្ស​ឯ​ទៀត​កាន់​សាសនា​ណា​ឬ​មាន​សញ្ជាតិ​អ្វី​ក៏​ដោយ​»។

ពេល​មាន​វិបត្ដិ​សេដ្ឋកិច្ច​បាន​កើត​ឡើង​នៅ​ក្រុង​អេងខន់​ក្នុង​ប្រទេស​អេក្វាទ័រ នោះ​បាន​ធ្វើ​ឲ្យ​សាក្សី​ព្រះ​យេហូវ៉ា​ខ្លះ​បាត់បង់​ការងារ ឬ​ប្រាក់​ចំណូល។ ដូច្នេះ​បង​ប្អូន​រួម​ជំនឿ​របស់​ពួក​គេ​បាន​សម្រេច​ចិត្ត​អំពី​វិធី​មួយ​ដើម្បី​រក​លុយ​ឲ្យ​ពួក​គេ ដោយ​រៀប​ចំ​ម្ហូប​លក់​ឲ្យ​ពួក​នេសាទ​ពេល​គេ​ត្រឡប់​មក​ពី​នេសាទ​វិញ។ (​សូម​មើល​រូបភាព​នៅ​ខាង​ស្ដាំ​) បង​ប្អូន​ទាំង​អស់​បាន​រួម​សហការ​គ្នា​រួម​ទាំង​កូន​ក្មេង​ផង​ដែរ។ ពួក​គេ​ចាប់​ផ្ដើម​រៀប​ចំ​ម្ហូប​នៅ​ម៉ោង​មួយ​រំលង​អធ្រាត្រ ដើម្បី​អាច​ចាប់​ផ្ដើម​លក់​នៅ​ម៉ោង​បួន​ទៀប​ភ្លឺ ជា​ពេល​ដែល​ពួក​អ្នក​នេសាទ​ត្រឡប់​មក​វិញ។ លុយ​ដែល​រក​បាន​ដោយ​ពួក​សាក្សី​នេះ បាន​ត្រូវ​ចែក​តាម​តម្រូវ​ការ​របស់​បង​ប្អូន​ម្នាក់​ៗ។

បទ​ពិសោធន៍​បែប​នេះ​បង្ហាញ​ថា​គំរូ​និង​ការ​បង្រៀន​របស់​លោក​យេស៊ូ​ពិត​ជា​មាន​ឫទ្ធានុភាព​ដើម្បី​កែប្រែ​ចិត្ត​គំនិត​របស់​មនុស្ស​ឲ្យ​ជួយ​ពួក​អ្នក​ដែល​ត្រូវ​ការ។

៣​. ឫទ្ធានុភាព​របស់​លោក​យេស៊ូ​ក្នុង​ការ​កែប្រែ​ទំនោរ​ចិត្ត​របស់​មនុស្ស។ យើង​ទាំង​អស់​គ្នា​ដឹង​និង​ទទួល​ស្គាល់​ការ​ពិត​ថា​ទំនោរ​ចិត្ត​របស់​យើង​គឺ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ គម្ពីរ​ហៅ​ទំនោរ​ចិត្ត​នេះ​ថា​ភាព​ខុស​ឆ្គង។ សូម្បី​តែ​សាវ័ក​ប៉ូល​ក៏​បាន​សរសេរ​ថា​៖ ​«​ក្នុង​ករណី​របស់​ខ្ញុំ ខ្ញុំ​ឃើញ​ថា​មាន​ច្បាប់​មួយ​នេះ​៖ កាល​ខ្ញុំ​ប៉ង​ប្រាថ្នា​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ នោះ​អ្វី​ដែល​អាក្រក់​នៅ​ជាប់​ជា​មួយ​នឹង​ខ្ញុំ​»។ បន្ទាប់​មក គាត់​បាន​បន្ថែម​ថា​៖ ​«​តើ​អ្នក​ណា​នឹង​សង្គ្រោះ​ខ្ញុំ​ពី​រូប​កាយ​ដែល​កំពុង​នាំ​ឲ្យ​ខ្ញុំ​ស្លាប់​របៀប​នេះ? ខ្ញុំ​អរគុណ​ព្រះ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​»។ (​រ៉ូម ៧:​២១​-​២៥​) នៅ​ទី​នេះ​ប៉ូល​ចង់​មាន​ន័យ​ថា​ព្រះ​នឹង​ប្រើ​លោក​យេស៊ូ ដើម្បី​សង្គ្រោះ​ពួក​អ្នក​គោរព​ប្រណិប័តន៍​ពិត​ពី​ទំនោរ​ចិត្ត​ដែល​ទោរ​ទន់​ទៅ​ធ្វើ​អ្វី​ដែល​ខុស​ឆ្គង​តាំង​ពី​កំណើត។ ទំនោរ​ចិត្ត​មួយ​គឺ​ការ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ដែល​ជា​ដើម​ហេតុ​នៃ​ភាព​ក្រី​ក្រ។ តើ​នេះ​អាច​កើត​ឡើង​បាន​យ៉ាង​ដូច​ម្ដេច?

មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​ណែនាំ​មនុស្ស​ឲ្យ​ស្គាល់​លោក​យេស៊ូ​ដោយ​ថា​៖ ​«​មើល​ហ្ន៎! កូន​ចៀម​របស់​ព្រះ ដែល​ដក​យក​ភាព​ខុស​ឆ្គង​របស់​ពិភព​លោក​ចេញ!​»។ (​យ៉ូហាន ១:២៩​) បន្ដិច​ទៀត ផែនដី​នឹង​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​បាន​ត្រូវ​រំដោះ​ចេញ​ពី​ភាព​ខុស​ឆ្គង រួម​ទាំង​ទំនោរ​ចិត្ត​ដែល​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ផង​ដែរ។ (​អេសាយ ១១:៩​) នៅ​ពេល​នោះ លោក​យេស៊ូ​បាន​បំបាត់​ចោល​ដើម​ហេតុ​នៃ​ភាព​ក្រី​ក្រ​រួច​ទៅ​ហើយ។

ការ​គិត​អំពី​គ្រា​ដែល​មនុស្ស​ទាំង​អស់​នឹង​មាន​អ្វី​ៗ​ដែល​ខ្លួន​ត្រូវ​ការ នោះ​ពិត​ជា​នាំ​ឲ្យ​យើង​មាន​អំណរ​ណាស់! បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​គ្រប់​គ្នា​នឹង​អង្គុយ​ក្រោម​ដើម​ទំពាំង​បាយ​ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ​»។ (​មីកា ៤:៤​) ពាក្យ​ទាំង​នេះ​រៀប​រាប់​យ៉ាង​ពីរោះ​អំពី​គ្រា​ដែល​មនុស្ស​ទាំង​អស់​នឹង​មាន​ការងារ​ដែល​គាប់​ចិត្ត មាន​សេចក្ដី​សុខសាន្ត និង​លទ្ធភាព​ដើម្បី​រស់​នៅ​យ៉ាង​សប្បាយ​ក្នុង​ពិភព​លោក​ដែល​គ្មាន​ភាព​ក្រី​ក្រ ថែម​ទាំង​អាច​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ផង​ដែរ។