លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើការសម្រាករបស់ព្រះជាអ្វី?

តើការសម្រាករបស់ព្រះជាអ្វី?

តើ​ការ​សម្រាក​របស់​ព្រះ​ជា​អ្វី?

​«​នៅ​មាន​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​រាស្ត្រ​របស់​ព្រះ​»។—ហេ. ៤:៩

១, ២​. តើ​យើង​អាច​រៀន​អ្វី​ពី​លោកុប្បត្តិ ២:៣? ហើយ​តើ​យើង​ត្រូវ​ដឹង​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ?

តាំង​ពី​ជំពូក​ទី​១​ក្នុង​សៀវភៅ​លោកុប្បត្តិ យើង​រៀន​ថា​ព្រះ​បាន​រៀប​ចំ​ផែនដី​ក្នុង​អំឡុង​៦​ថ្ងៃ​ដើម្បី​ឲ្យ​មនុស្ស​រស់​នៅ។ នេះ​មិន​មែន​ជា​៦​ថ្ងៃ​ដែល​មាន​រយៈ​ពេល​២៤​ម៉ោង​ទេ តែ​មាន​ពេល​វេលា​យ៉ាង​វែង​ក្នុង​មួយ​ថ្ងៃ​ៗ។ គម្ពីរ​បាន​ចែង​អំពី​ទី​បញ្ចប់​នៃ​ថ្ងៃ​នីមួយ​ៗ​ថា​៖ ​«​នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង​»។ (​លោ. ១:៥, ៨, ១៣, ១៩, ២៣, ៣១​) ក៏​ប៉ុន្តែ ស្តី​អំពី​ថ្ងៃ​ទី​៧ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ថ្ងៃ​ទី​៧​នោះ ព្រម​ទាំង​ញែក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ ពី​ព្រោះ​នៅ​ថ្ងៃ​នោះ ទ្រង់​បាន​ឈប់​សំ​រាក​ពី​គ្រប់​ទាំង​ការ​ដែល​ទ្រង់​បាន​បង្កើត​»។—លោ. ២:៣, យើង​កែ​ជា​អក្សរ​ទ្រេត

សូម​កត់​សម្គាល់​ពាក្យ​ដែល​ថា​«​បាន​ឈប់​សំ​រាក​»។ នេះ​បង្ហើប​ឲ្យ​ដឹង​ថា​ពេល​ម៉ូសេ​បាន​សរសេរ​សៀវភៅ​លោកុប្បត្តិ​ក្នុង​ឆ្នាំ​១៥១៣ មុន​គ.ស. នោះ​ថ្ងៃ​ទី​៧​ដែល​ជា​«​ថ្ងៃ​»​ឈប់​សម្រាក​របស់​ព្រះ​មាន​រួច​ទៅ​ហើយ។ តើ​ព្រះ​នៅ​តែ​សម្រាក​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? បើ​មែន តើ​យើង​អាច​ចូល​ក្នុង​ការ​សម្រាក​របស់​លោក​បាន​ឬ​ទេ? ជា​ការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។

តើ​ព្រះ​យេហូវ៉ា​នៅ​តែ​«​សម្រាក​»​ឬ​ទេ?

៣​. តើ​ពាក្យ​របស់​លោក​យេស៊ូ​ដែល​បាន​កត់​សរសេរ​នៅ​យ៉ូហាន ៥:១៦, ១៧​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ថ្ងៃ​ទី​៧​នៅ​តែ​មាន​នៅ​សតវត្សរ៍​ទី​១?

មាន​មូលហេតុ​ពីរ​យ៉ាង​ដែល​យើង​អាច​សន្និដ្ឋាន​ថា​ថ្ងៃ​ទី​៧​នៅ​តែ​មាន​នៅ​សតវត្សរ៍​ទី​១ គ.ស.។ មុន​ដំបូង សូម​ពិចារណា​អំពី​ពាក្យ​របស់​លោក​យេស៊ូ​ដែល​លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ្នក​ប្រឆាំង​លោក។ ពួក​គេ​បាន​រិះ​គន់​លោក​ដោយ​សារ​លោក​បាន​ព្យាបាល​មនុស្ស​នៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាក។ ពួក​គេ​ចោទ​ថា​នេះ​គឺជា​ការ​ខុស​នឹង​ច្បាប់​នៃ​ថ្ងៃ​ឈប់​សម្រាក។ ដើម្បី​តប​ឆ្លើយ​ដល់​ពួក​គេ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​របស់​ខ្ញុំ​នៅ​តែ​ធ្វើ​ការ​រហូត​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​នៅ​តែ​ធ្វើ​ការ​ដែរ​»។ (​យ៉ូន. ៥:១៦, ១៧​) តើ​លោក​ចង់​មាន​ន័យ​យ៉ាង​ណា? ដោយ​មាន​ប្រសាសន៍​ដូច្នេះ គឺ​ហាក់​ដូច​ជា​លោក​ចង់​និយាយ​ទៅ​កាន់​ពួក​អ្នក​ដែល​រិះ​គន់​លោក​ថា​៖ ‹បិតា​របស់​ខ្ញុំ​និង​ខ្ញុំ​កំពុង​ធ្វើ​ការ​ដូច​គ្នា។ ដោយ​សារ​បិតា​របស់​ខ្ញុំ​នៅ​តែ​ធ្វើ​ការ​ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ នោះ​ខ្ញុំ​ក៏​អាច​បន្ត​ធ្វើ​ការ​បាន​ដែរ​ទោះ​ជា​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ក៏​ដោយ›។ យ៉ាង​នេះ លោក​យេស៊ូ​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​លើ​ផែនដី ថ្ងៃ​ឈប់​សម្រាក​របស់​ព្រះ​ឬ​ថ្ងៃ​ទី​៧​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ក្នុង​សម័យ​របស់​លោក។ *

៤​. តើ​ប៉ូល​បាន​បញ្ជាក់​យ៉ាង​ដូច​ម្ដេច​ថា​ថ្ងៃ​ទី​៧​នៅ​តែ​មាន​នៅ​សម័យ​គាត់?

មូលហេតុ​ទី​២ គឺ​តាម​រយៈ​ពាក្យ​សម្ដី​របស់​សាវ័ក​ប៉ូល។ ពេល​ដក​ស្រង់​ពាក្យ​នៅ​លោកុប្បត្តិ ២:២​ដែល​ចែង​អំពី​ការ​សម្រាក​របស់​ព្រះ នោះ​ប៉ូល​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ថា​៖ ​«​យើង​ដែល​បង្ហាញ​ជំនឿ បាន​ចូល​ក្នុង​ការ​សម្រាក​នោះ​»។ (​ហេ. ៤:៣, ៤, ៦,​) ដូច្នេះ ថ្ងៃ​ទី​៧​នៅ​តែ​មាន​នៅ​សម័យ​របស់​ប៉ូល។ ប៉ុន្តែ តើ​ថ្ងៃ​នៃ​ការ​សម្រាក​នោះ​មាន​រហូត​ដល់​ពេល​ណា?

៥​. តើ​អ្វី​ជា​គោល​បំណង​នៃ​ថ្ងៃ​ទី​៧? ហើយ​តើ​គោល​បំណង​នោះ​នឹង​សម្រេច​យ៉ាង​ពេញ​លេញ​នៅ​ពេល​ណា?

ដើម្បី​ឆ្លើយ​សំណួរ​នោះ យើង​ត្រូវ​ចាំ​អំពី​គោល​បំណង​នៃ​ថ្ងៃ​ទី​៧។ លោកុប្បត្តិ ២:៣​បាន​ពន្យល់​អំពី​គោល​បំណង​នៃ​ថ្ងៃ​នោះ​ថា​៖ ​«​ព្រះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ថ្ងៃ​ទី​៧​នោះ ព្រម​ទាំង​ញែក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ​»។ (​យើង​កែ​ជា​អក្សរ​ទ្រេត​) ព្រះ​យេហូវ៉ា​បាន​«​ទុក​»​ថ្ងៃ​នោះ​«​ជា​ថ្ងៃ​បរិសុទ្ធ​»​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក​សម្រាប់​ផែនដី ពោល​គឺ​ឲ្យ​មនុស្ស​ដែល​ចេះ​ស្ដាប់​បង្គាប់​រស់​នៅ ហើយ​ថែ​រក្សា​ផែនដី​និង​អ្វី​ៗ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ។ (​លោ. ១:២៨​) នេះ​ជា​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​«​ម្ចាស់​លើ​ថ្ងៃ​ឈប់​សម្រាក​»​នៅ​តែ​«​ធ្វើ​ការ​រហូត​ដល់​ឥឡូវ​នេះ​»​ គឺ​ដើម្បី​សម្រេច​គោល​បំណង​នោះ។ (​ម៉ាថ. ១២:៨​) ថ្ងៃ​សម្រាក​របស់​ព្រះ​នឹង​មាន​រហូត​ដល់​គោល​បំណង​នេះ​សម្រេច​យ៉ាង​ពេញ​លេញ នៅ​ចុង​នៃ​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត។

កុំ​«​ធ្លាក់​ខ្លួន ​រួច​ដើរ​តាម​គន្លង​របស់​ពួក​អ្នក​ដែល​មិន​បាន​ស្ដាប់​បង្គាប់​»​

៦​. តើ​មាន​គំរូ​អ្វី​ដែល​ជួយ​ព្រមាន​យើង? ហើយ​តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​ពួក​គេ?

ព្រះ​បាន​ពន្យល់​គោល​បំណង​របស់​លោក​យ៉ាង​ច្បាស់​ដល់​អាដាម​និង​អេវ៉ា ប៉ុន្តែ​ពួក​គេ​មិន​ព្រម​សហការ​ដើម្បី​សម្រេច​គោល​បំណង​នោះ​ទេ។ ក្រោយ​មក មនុស្ស​រាប់​លាន​នាក់​ក៏​មិន​ចេះ​ស្ដាប់​បង្គាប់​ដូច​អាដាម​និង​អេវ៉ា​ដែរ។ សូម្បី​តែ​ប្រជាជាតិ​អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​របស់​ព្រះ​ក៏​មាន​ទម្លាប់​មិន​ស្ដាប់​បង្គាប់​លោក​ដែរ។ ម្យ៉ាង​ទៀត ប៉ូល​បាន​ព្រមាន​ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ថា សូម្បី​តែ​ពួក​គេ​ខ្លះ​ក៏​អាច​ធ្លាក់​ខ្លួន​ដើរ​តាម​គន្លង​ប្រជាជាតិ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​ដែរ។ គាត់​បាន​សរសេរ​ថា​៖ ​«​ហេតុ​នេះ ចូរ​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ចូល​ក្នុង​ការ​សម្រាក​នោះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ធ្លាក់​ខ្លួន រួច​ដើរ​តាម​គន្លង​របស់​ពួក​អ្នក​ដែល​មិន​បាន​ស្ដាប់​បង្គាប់​»។ (​ហេ. ៤:​១១​) សូម​កត់​សម្គាល់​ថា​ប៉ូល​បាន​ផ្សារ​ភ្ជាប់​ការ​មិន​ស្ដាប់​បង្គាប់​ជា​មួយ​នឹង​ការ​មិន​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង? បើ​យើង​បះបោរ​ប្រឆាំង​នឹង​គោល​បំណង​របស់​ព្រះ​តាម​វិធី​ណា​មួយ តើ​យើង​មិន​អាច​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​ឬ? ពិត​មែន​ហើយ ចម្លើយ​ចំពោះ​សំណួរ​នេះ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​យើង ហើយ​យើង​នឹង​ពិចារណា​អំពី​រឿង​នេះ​បន្ថែម​ទៀត។ ប៉ុន្តែ មុន​ដំបូង​សូម​ឲ្យ​យើង​រៀន​ថែម​ទៀត​អំពី​ការ​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​ដោយ​ពិចារណា​គំរូ​ដ៏​អាក្រក់​របស់​បណ្ដា​ជន​អ៊ីស្រាអែល។

«​ខ្ញុំ​នឹង​មិន​ឲ្យ​ពួក​គេ​ចូល​ក្នុង​ការ​សម្រាក​របស់​ខ្ញុំ​ទេ​»​

៧​. តើ​ព្រះ​យេហូវ៉ា​មាន​គោល​បំណង​អ្វី​ពេល​លោកសង្គ្រោះ​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​ចេញ​ពី​ស្រុក​អេស៊ីប? ហើយ​តើ​លោក​តម្រូវ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ធ្វើ​អ្វី?

ក្នុង​ឆ្នាំ​១៥១៣ មុន​គ.ស. ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​អំពី​គោល​បំណង​របស់​លោក​ចំពោះ​បណ្ដា​ជន​អ៊ីស្រាអែល​តាម​រយៈ​លោក​ម៉ូសេ។ ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អញ​បាន​ចុះ​មក ដើម្បី​នឹង​ជួយ​ដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ អញ​នឹង​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​នោះ ទៅ​ឯ​ស្រុក​យ៉ាង​ល្អ​ដ៏​ធំ​ទូលាយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ​នឹង​ទឹក​ឃ្មុំ​ហូរហៀរ​វិញ​»។ (​និក្ខ. ៣:៨​) ដូច​ព្រះ​យេហូវ៉ា​បាន​សន្យា​ដល់​អាប្រាហាំ​ដែល​ជា​បុព្វបុរស​របស់​ពួក​គេ នោះ​គោល​បំណង​របស់​ព្រះ​ក្នុង​ការ​សង្គ្រោះ​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​«​រួច​ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ​»​ គឺ​ដើម្បី​យក​ពួក​គេ​ធ្វើ​ជា​រាស្ត្រ​របស់​លោក។ (​លោ. ២២:១៧​) ព្រះ​បាន​ឲ្យ​ច្បាប់​ដល់​ពួក​គេ​ដែល​នឹង​ជួយ​ពួក​គេ​ឲ្យ​មាន​ចំណង​មេត្រី​ភាព​ដ៏​ល្អ​ជា​មួយ​នឹង​លោក។ (​អេ. ៤៨:​១៧, ១៨​) លោក​បាន​ប្រាប់​ប្រជាជាតិ​អ៊ីស្រាអែល​ថា​៖ ​«​បើ​ឯង​រាល់​គ្នា​នឹង​ស្ដាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​អញ​[​ស្រប​តាម​ច្បាប់​] នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ​លើស​ជាង​អស់​ទាំង​សាសន៍ ដ្បិត​ផែនដី​ទាំង​មូល​ជា​របស់​ផង​អញ​»។ (​និក្ខ. ១៩:៥, ៦, យើង​កែ​ជា​អក្សរ​ទ្រេត​) យ៉ាង​នេះ ពួក​អ៊ីស្រាអែល​អាច​មាន​ទំនាក់​ទំនង​ពិសេស​ជា​មួយ​នឹង​ព្រះ ឲ្យ​តែ​ពួក​គេ​ធ្វើ​តាម​ច្បាប់​របស់​លោក។

៨​. តើ​បណ្ដា​ជន​អ៊ីស្រាអែល​មាន​ឱកាស​អ្វី​ខ្លះ​បើ​ពួក​គេ​ស្ដាប់​តាម​ព្រះ?

សូម​គិត​អំពី​ឱកាស​ផ្សេង​ៗ​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​មាន! ព្រះ​យេហូវ៉ា​សន្យា​ថា បើ​ពួក​គេ​ធ្វើ​តាម​លោក នោះ​លោក​នឹង​ឲ្យ​ពរ​ដល់​វាល​ស្រែ ចម្ការ​ទំពាំង​បាយ​ជូរ និង​ហ្វូង​សត្វ​របស់​ពួក​គេ ថែម​ទាំង​ការពារ​ពួក​គេ​ពី​សត្រូវ​ផង​ដែរ។ (​សូម​អាន ពង្សាវតារក្សត្រទី១ ១០:​២៣​-​២៧) បើ​ពួក​គេ​ធ្វើ​តាម​ព្រះ នោះ​ពេល​មេស្ស៊ី​លេច​មក លោក​ទំនង​ជា​នឹង​ឃើញ​ប្រទេស​អ៊ីស្រាអែល​ជា​ប្រទេស​ដែល​មាន​ឯករាជ្យ មិន​មែន​ស្ថិត​ក្រោម​អាណានិគម​របស់​រ៉ូម​ទេ។ មួយ​វិញ​ទៀត ប្រជាជាតិ​អ៊ីស្រាអែល​មាន​ឱកាស​ក្លាយ​ជា​រាជាណាចក្រ​គំរូ​ដល់​ប្រជាជាតិ​នានា​ដែល​នៅ​ជុំ​វិញ​ពួក​គេ ហើយ​នេះ​នឹង​ផ្ដល់​ទី​សំ​អាង​ជាក់​លាក់​ថា​ការ​ស្ដាប់​បង្គាប់​ព្រះ​ដ៏​ពិត នឹង​នាំ​ឲ្យ​មាន​ពរ​ខាង​ទ្រព្យ​សម្បត្ដិ និង​ខាង​ការ​គោរព​ប្រណិប័តន៍​លោក។

៩, ១០​. (​ក​) ពេល​បណ្ដា​ជន​អ៊ីស្រាអែល​ចង់​ត្រឡប់​ទៅ​ប្រទេស​អេស៊ីប​វិញ ហេតុ​អ្វី​នេះ​គឺជា​រឿង​ធ្ងន់ធ្ងរ? (​ខ​)​ បើ​បណ្ដា​ជន​អ៊ីស្រាអែល​ត្រឡប់​ទៅ​ប្រទេស​អេស៊ីប​វិញ តើ​នេះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ?

ប្រជាជាតិ​អ៊ីស្រាអែល​ពិត​ជា​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មែន! ព្រោះ​ពួក​គេ​មាន​ឱកាស​ពិសេស​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ប្រើ​ពួក​គេ​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​លោក។ បើ​ពួក​គេ​ធ្វើ​ដូច្នេះ ពួក​គេ​អាច​ទទួល​ពរ​ដោយ​ផ្ទាល់ ថែម​ទាំង​នាំ​ឲ្យ​គ្រួសារ​ទាំង​អស់​នៅ​ផែនដី​ទទួល​ពរ​ផង​ដែរ។ (​លោកុប្បត្តិ ២២:១៨​) ក៏​ប៉ុន្តែ ក្នុង​នាម​ជា​ប្រជាជាតិ​បះបោរ នោះ​ពួក​គេ​មិន​ចាត់​ទុក​ថា​ឯកសិទ្ធិ​ធ្វើ​ជា​ប្រជាជាតិ​របស់​ព្រះ និង​ធ្វើ​ជា​គំរូ​ដល់​ប្រជាជាតិ​ឯ​ទៀត​ជា​អ្វី​ដែល​សំខាន់​ទេ។ ពួក​គេ​ថែម​ទាំង​បាន​ទាម​ទារ​ត្រឡប់​ទៅ​ប្រទេស​អេស៊ីប​វិញ​ទៀត! (​សូម​អាន ជនគណនា ១៤:២​-​៤) ប៉ុន្តែ បើ​ពួក​គេ​ត្រឡប់​ទៅ​ប្រទេស​អេស៊ីប​វិញ តើ​គោល​បំណង​របស់​ព្រះ​ក្នុង​ការ​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​ប្រជាជាតិ​គំរូ​ទៅ​ជា​យ៉ាង​ណា? ពិត​ជា​មិន​អាច​សម្រេច​បាន​ទេ! តាម​ពិត បើ​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ប្រទេស​អេស៊ីប​ម្ដង​ទៀត នោះ​ពួក​គេ​នឹង​មិន​អាច​ធ្វើ​តាម​ច្បាប់​ម៉ូសេ និង​មិន​អាច​ធ្វើ​តាម​របៀប​រៀប​ចំ​របស់​ព្រះ​ដើម្បី​ទទួល​ការ​អភ័យទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ឡើយ។ ពួក​គេ​មិន​ចេះ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​សោះ! ហេតុ​នេះ​ហើយ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​ដែល​បះបោរ​ទាំង​នោះ​ថា​៖ ​«​ខ្ញុំ​បាន​ជិន​ឆ្អន់​នឹង​មនុស្ស​ជំនាន់​នេះ ហើយ​បាន​និយាយ​ថា​៖ ‹ចិត្ត​របស់​ពួក​គេ​តែង​តែ​បែរ​ចេញ​ពី​ខ្ញុំ ហើយ​ពួក​គេ​មិន​ស្គាល់​ផ្លូវ​របស់​ខ្ញុំ​ទេ›។ ដូច្នេះ ខ្ញុំ​បាន​ស្បថ​ទាំង​កំហឹង​ថា​៖ ‹ខ្ញុំ​នឹង​មិន​ឲ្យ​ពួក​គេ​ចូល​ក្នុង​ការ​សម្រាក​របស់​ខ្ញុំ​ទេ›​»។—ហេ. ៣:១០, ១១; ទំនុក. ៩៥:១០, ១១

១០ ការ​ចង់​ត្រឡប់​ទៅ​ប្រទេស​អេស៊ីប​បាន​បង្ហាញ​ថា​ពួក​គេ​មិន​ឲ្យ​តម្លៃ​ទៅ​លើ​ពរ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ដល់​ពួក​គេ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បណ្ដា​ជន​ដែល​មិន​ស្ដាប់​បង្គាប់​ទាំង​នោះ​ចង់​បាន​ខ្ទឹម​ខ្យល់ ខ្ទឹម​សំ​ឡ នឹង​ខ្ទឹម​ស​ដែល​មាន​នៅ​ស្រុក​អេស៊ីប។ (​ជន. ១១:៥​) ដូច​ជា​អេសាវ​ដែល​ជា​មនុស្ស​រមិល​គុណ ពួក​អ្នក​បះបោរ​ទាំង​នេះ​បម្រុង​តែ​នឹង​លះ​ចោល​ពរ​ដែល​ពួក​គេ​ទទួល​ពី​ព្រះ​ដើម្បី​បាន​ម្ហូប​ឈ្ងុយ​ឆ្ងាញ់​មួយ​ចាន​តែ​ប៉ុណ្ណោះ។—លោ. ២៥:៣០​-​៣២; ហេ. ១២:១៦

១១​. ពេល​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​អេស៊ីប​មិន​បង្ហាញ​ជំនឿ តើ​នោះ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ផ្លាស់​ប្ដូរ​គោល​បំណង​របស់​លោក​ឬ​ទេ?

១១ ទោះ​ជា​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​អេស៊ីប​មិន​បង្ហាញ​ជំនឿ​ក៏​ដោយ ព្រះ​យេហូវ៉ា​«​នៅ​តែ​ធ្វើ​ការ​»​យ៉ាង​អត់​ធ្មត់​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។ លោក​បាន​ធ្វើ​ដូច្នេះ​ដោយ​ប្រមូល​អារម្មណ៍​របស់​លោក​ទៅ​លើ​កូន​ចៅ​របស់​ពួក​គេ។ កូន​ចៅ​ជំនាន់​ក្រោយ​បាន​ស្ដាប់​បង្គាប់​ព្រះ​ច្រើន​ជាង​ជីដូន​ជីតា​របស់​ពួក​គេ។ ដោយ​ស្ដាប់​តាម​ព្រះ​យេហូវ៉ា នោះ​ពួក​គេ​បាន​ចូល​ក្នុង​ស្រុក​សន្យា​និង​ចាប់​ផ្ដើម​ច្បាំង​ដណ្ដើម​ស្រុក​នោះ។ នៅ​យ៉ូស្វេ ២៤:៣១ រៀប​រាប់​ថា​៖ ​«​សាសន៍​អ៊ីស្រាអែល​គេ​បាន​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​យេហូវ៉ា​គ្រប់​១​ជីវិត​របស់​យ៉ូស្វេ នឹង​ជីវិត​របស់​ពួក​ចាស់​ទុំ ដែល​រស់​នៅ​ក្រោយ​លោក ជា​ពួក​អ្នក​បាន​ស្គាល់​អស់​ទាំង​ការ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សំ​រាប់​ពួក​អ៊ីស្រាអែល​»។

១២​. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​យើង​អាច​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ​បាន?

១២ ក៏​ប៉ុន្តែ យូរ​ៗ​ទៅ​កូន​ចៅ​ជំនាន់​ក្រោយ​ដែល​ស្ដាប់​បង្គាប់​ព្រះ​បាន​ស្លាប់ ហើយ​ជំនាន់​មួយ​ទៀត​បាន​កើត​ឡើង តែ​ពួក​គេ​ជា​«​មនុស្ស​ដែល​មិន​បាន​ស្គាល់​ព្រះ​យេហូវ៉ា ឬ​ការ​ដែល​ទ្រង់​បាន​សំ​រេច​ដល់​ពួក​អ៊ីស្រាអែល​ទេ​»។ ជា​លទ្ធផល ​«​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​ការ​ដ៏​លាមក​អាក្រក់​នៅ​ព្រះនេត្រព្រះ​យេហូវ៉ា​វិញ គឺ​គេ​គោរព​ប្រតិបត្ដិ​ដល់​អស់​ទាំង​រូប​នៃ​ព្រះ​បាល​»។ (​ចៅ. ២:១០, ១១​) ដោយ​សារ​ការ​មិន​ស្ដាប់​បង្គាប់​របស់​ពួក​គេ នោះ​ពួក​គេ​មិន​មាន​ចំណង​មេត្រី​ភាព​យូរ​អង្វែង​ជា​មួយ​នឹង​ព្រះ​ទេ។ ដូច្នេះ ស្រុក​សន្យា​មិន​មែន​ជា​«​កន្លែង​សម្រាក​»​សម្រាប់​ពួក​គេ​ឡើយ។ ប៉ូល​បាន​សរសេរ​អំពី​គ្រា​ក្រោយ​ៗ​មក​ថា​៖ ​«​ប្រសិនបើ​យ៉ូស្វេ​បាន​នាំ​ពួក​គេ​[​បណ្ដា​ជន​អ៊ីស្រាអែល​]​ទៅ​កន្លែង​សម្រាក នោះ​ក្រោយ​មក​ព្រះ​មិន​បាន​មាន​ប្រសាសន៍​អំពី​ថ្ងៃ​មួយ​ផ្សេង​ទៀត​ទេ។ ដូច្នេះ នៅ​មាន​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​រាស្ត្រ​របស់​ព្រះ​»។ (​ហេ. ៤:៨, ៩​) ​«​រាស្ត្រ​របស់​ព្រះ​»​ដែល​ប៉ូល​បាន​រៀប​រាប់​ក្នុង​ខ​នេះ​សំដៅ​ទៅ​លើ​ពួក​គ្រិស្ត​សាសនិក។ តើ​នេះ​មាន​ន័យ​ថា​ពួក​គ្រិស្ត​សាសនិក​អាច​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​បាន​ឬ​ទេ? ពួក​គេ​ប្រាកដជា​អាច​ចូល​បាន​មែន ដោយ​មាន​ទាំង​គ្រិស្ត​សាសនិក​ដែល​ជា​ជន​ជាតិ​យូដា​និង​សាសន៍​ដទៃ​ទៀត​ផង!

មនុស្ស​ខ្លះ​ដែល​មិន​សម​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ

១៣, ១៤​. តើ​ការ​ធ្វើ​តាម​ច្បាប់​របស់​ម៉ូសេ​និង​ការ​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​ទាក់​ទង​គ្នា​យ៉ាង​ណា (​ក​) នៅ​សម័យ​ម៉ូសេ? (​ខ​) នៅ​សតវត្សរ៍​ទី​១?

១៣ ពេល​ប៉ូល​សរសេរ​ទៅ​ពួក​គ្រិស្ត​សាសនិកជន​ជាតិ​ហេប្រឺ គាត់​បាន​បារម្ភ​ថា​មនុស្ស​ខ្លះ​ក្នុង​ចំណោម​ពួក​គេ​ប្រព្រឹត្ត​ប្រឆាំង​នឹង​គោល​បំណង​របស់​ព្រះ។ (​សូម​អាន ហេប្រឺ ៤:១) តើ​ប្រឆាំង​យ៉ាង​ណា​ទៅ? តាម​ពិត នេះ​ទាក់​ទង​នឹង​ការ​ធ្វើ​តាម​ច្បាប់​របស់​ម៉ូសេ។ អស់​១​.​៥០០​ឆ្នាំ​មក​ហើយ បើ​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​ចង់​រស់​នៅ​សម​ស្រប​នឹង​គោល​បំណង​របស់​ព្រះ គាត់​ត្រូវ​ធ្វើ​តាម​ច្បាប់​របស់​ម៉ូសេ។ ប៉ុន្តែ ក្រោយ​ពី​លោក​យេស៊ូ​ស្លាប់ ពួក​គេ​មិន​ត្រូវ​ការ​ច្បាប់​នោះ​ទៀត​ទេ។ គ្រិស្ត​សាសនិក​មួយ​ចំនួន​មិន​បាន​ទទួល​ស្គាល់​ចំណុច​នេះ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ជឿ​ជាក់​ថា​ពួក​គេ​ត្រូវ​បន្ត​ធ្វើ​តាម​ផ្នែក​ផ្សេង​ៗ​នៃ​ច្បាប់​នោះ។ *

១៤ ប៉ូល​បាន​ពន្យល់​ទៅ​ពួក​គ្រិស្ត​សាសនិក​ដែល​បាន​តាំង​ចិត្ត​ធ្វើ​តាម​ច្បាប់​នោះ​ថា​លោក​យេស៊ូ​ជាស​ម្ដេច​សង្ឃ​ដែល​ប្រសើរ​ជាង​សម្ដេច​សង្ឃ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ថា​កិច្ច​ព្រមព្រៀង​ថ្មី​គឺ​ប្រសើរ​ជាង​កិច្ច​ព្រមព្រៀង​របស់​សាសន៍​អ៊ីស្រាអែល។ គាត់​ក៏​បាន​បង្ហាញ​ដែរ​ថា​វិហារ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ន័យ​ធៀប​គឺ​ឧត្តុង្គឧត្តម​និង​ល្អ​ឥត​ខ្ចោះ​ជាង​វិហារ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ។ (​ហេ. ៧:២៦​-​២៨; ៨:៧​-​១០; ៩:១១, ១២​) យ៉ាង​នេះ ដោយ​នឹក​ចាំ​អំពី​ការ​ធ្វើ​តាម​ច្បាប់​នៃ​ថ្ងៃ​ឈប់​សម្រាក នោះ​ប៉ូល​បាន​សរសេរ​អំពី​ឯកសិទ្ធិ​នៃ​ការ​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​យេហូវ៉ា​ថា​៖ ​«​នៅ​មាន​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​រាស្ត្រ​របស់​ព្រះ។ ព្រោះ​អ្នក​ណា​ដែល​បាន​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​ហើយ អ្នក​នោះ​បាន​សម្រាក​ពី​ការ​របស់​ខ្លួន ដូច​ព្រះ​ក៏​បាន​សម្រាក​ពី​ការ​របស់​លោក​ដែរ​»។ (​ហេ. ៤:៨​-​១០​) ពួក​គ្រិស្ត​សាសនិក​ដែល​ជា​ជន​ជាតិ​ហេប្រឺ​ត្រូវ​ឈប់​គិត​ថា​ការ​ធ្វើ​កិច្ចការ​ដែល​ផ្អែក​លើ​ច្បាប់​របស់​ម៉ូសេ​អាច​នាំ​ឲ្យ​ពួក​គេ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា​ទៀត នេះ​គឺ​ដោយ​សារតាំង​ពី​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ព្រះ​បាន​បញ្ជាក់​ថា​លោក​ពេញ​ចិត្ត​ពួក​អ្នក​ដែល​បង្ហាញ​ជំនឿ​ទៅ​លើ​លោក​យេស៊ូ​គ្រិស្ត​វិញ។

១៥​. បើ​យើង​ចង់​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ ហេតុ​អ្វី​ការ​ស្ដាប់​បង្គាប់​ជា​អ្វី​ដែល​សំខាន់​ចាំ​បាច់?

១៥ តើ​អ្វី​បាន​រារាំង​បណ្ដា​ជន​អ៊ីស្រាអែល​នៅ​សម័យ​ម៉ូសេ​ពី​ការ​ចូល​ក្នុង​ស្រុក​សន្យា? គឺ​ការ​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ចុះ​តើ​អ្វី​បាន​រារាំង​ពួក​គ្រិស្ត​សាសនិក​ខ្លះ​នៅ​សម័យ​របស់​ប៉ូល​ពី​ការ​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ? គឺ​ការ​មិន​ស្ដាប់​បង្គាប់​ព្រះ​ដូច​គ្នា។ ពួក​គេ​មិន​បាន​ទទួល​ស្គាល់​ទេ​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​រាស្ត្រ​របស់​លោក​ឈប់​ធ្វើ​តាម​ច្បាប់​របស់​ម៉ូសេ ហើយ​ឲ្យ​ពួក​គេ​គោរព​ប្រណិប័តន៍​លោក តាម​វិធី​មួយ​ផ្សេង​ទៀត។

ការ​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ

១៦, ១៧​. (​ក​) សព្វ​ថ្ងៃ​នេះ តើ​ការ​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​មាន​ន័យ​យ៉ាង​ណា? (​ខ​)​ នៅ​អត្ថបទ​បន្ទាប់ តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​ខ្លះ?

១៦ សព្វ​ថ្ងៃ​នេះ គ្មាន​យើង​ណា​ម្នាក់​ជឿ​ថា​គ្រិស្ត​សាសនិក​ត្រូវ​ធ្វើ​តាម​ច្បាប់​របស់​ម៉ូសេ​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​នោះ​ទេ។ ក្នុង​សំបុត្រ​របស់​ប៉ូល​ដែល​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ដល់​បង​ប្អូន​នៅ​ក្រុម​ជំនុំ​អេភេសូរ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​៖ ​«​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​នេះ អ្នក​រាល់​គ្នា​បាន​ត្រូវ​សង្គ្រោះ​តាម​រយៈ​ជំនឿ ហើយ​នេះ​មិន​មែន​ដោយ​សារ​អ្នក​រាល់​គ្នា​ទេ តែ​ជា​អំណោយ​ពី​ព្រះ។ នោះ​មិន​មែន​ដោយ​សារ​ការ​ប្រព្រឹត្ត​ទេ ដើម្បី​កុំ​ឲ្យ​មនុស្ស​ណា​ម្នាក់​មាន​ហេតុ​អួតអាង​»។ (​អេភ. ២:៨, ៩​) តើ​ការ​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ពួក​គ្រិស្ត​សាសនិក? សូម​ចាំ​ថា ព្រះ​យេហូវ៉ា​បាន​ទុក​ថ្ងៃ​ទី​៧​ដែល​ជា​ថ្ងៃ​សម្រាក​របស់​លោក ដើម្បី​សម្រេច​គោល​បំណង​របស់​លោក​នៅ​លើ​ផែនដី។ ដូច្នេះ​យើង​អាច​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​យេហូវ៉ា​បាន បើ​យើង​ស្ដាប់​បង្គាប់​លោក និង​សហការ​ជា​មួយ​នឹង​អង្គការ​របស់​លោក។

១៧ ផ្ទុយ​ទៅ​វិញ បើ​យើង​មិន​ស្ដាប់​បង្គាប់​តាម​ក្រុម​នៃ​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា ឬ​ស្ដាប់​បង្គាប់​តែ​អ្វី​ដែល​យើង​គិត​ថា​សំខាន់​តែ​ប៉ុណ្ណោះ នោះ​យើង​ប្រព្រឹត្ត​ប្រឆាំង​នឹង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ហើយ។ នេះ​ក៏​អាច​បង្ខូច​ចំណង​មេត្រី​ភាព​របស់​យើង​ជា​មួយ​នឹង​លោក​ដែរ។ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​កាលៈទេសៈ​ខ្លះ​ៗ​ដែល​នឹង​ផ្ដល់​ឱកាស​ឲ្យ​យើង​បង្ហាញ​ថា​យើង​ចេះ​ស្ដាប់​បង្គាប់​ឬ​ក៏​អត់។ ការ​សម្រេច​ចិត្ត​របស់​យើង​ក្នុង​កាលៈទេសៈ​ទាំង​នោះ នឹង​បង្ហាញ​ថា​យើង​បាន​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​ឬ​យ៉ាង​ណា។

[​កំណត់​សម្គាល់​]

^ វគ្គ 3 ពួក​សង្ឃ​និង​ពួក​លេវី​ធ្វើ​ការ​ដែល​ទាក់​ទង​នឹង​កិច្ចការ​ក្នុង​វិហារ​នៅ​ថ្ងៃ​ឈប់​សម្រាក ដោយ​«​គ្មាន​ទោស​»​ឡើយ។ ក្នុង​នាម​ជាស​ម្ដេច​សង្ឃ​នៃ​វិហារ​របស់​ព្រះ​ក្នុង​ន័យ​ធៀប នោះ​លោក​យេស៊ូ​ក៏​គ្មាន​ទោស​ក្នុង​ការ​បំពេញ​ភារកិច្ច​ដែល​លោក​ទទួល​ពី​ព្រះ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដែរ។—ម៉ាថ. ១២:៥, ៦

^ វគ្គ 13 យើង​មិន​ដឹង​ថា​គ្រិស្ត​សាសនិកជន​ជាតិ​ហេប្រឺ​ណា​ម្នាក់​បាន​ជូន​គ្រឿង​បូជា​នៅ​ថ្ងៃ​ជម្រះ​អំពើ​ខុស​ឆ្គង​ក្រោយ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.​នោះ​ទេ។ ប៉ុន្តែ​បើ​មាន​គេ​ធ្វើ​ដូច្នេះ​មែន នោះ​ពួក​គេ​មិន​បង្ហាញ​ការ​គោរព​ចំពោះ​គ្រឿង​បូជា​របស់​លោក​យេស៊ូ​ឡើយ។ ក៏​ប៉ុន្តែ យើង​ដឹង​ថា​គ្រិស្ត​សាសនិកជន​ជាតិ​ហេប្រឺ​ខ្លះ​នៅ​តែ​ធ្វើ​តាម​ទំនៀម​ទម្លាប់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ច្បាប់​របស់​ម៉ូសេ។—កាឡ. ៤:៩​-​១១

សំណួរ​ដើម្បី​រំពឹង​គិត

• តើ​ថ្ងៃ​ទី​៧​ដែល​ជា​ថ្ងៃ​សម្រាក​របស់​ព្រះ​មាន​គោល​បំណង​អ្វី?

• តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ថ្ងៃ​ទី​៧​នៅ​តែ​មាន​នៅ​សព្វ​ថ្ងៃ​នេះ?

• តើ​អ្វី​បាន​រារាំង​បណ្ដា​ជន​អ៊ីស្រាអែល​នៅ​សម័យ​ម៉ូសេ និង​គ្រិស្ត​សាសនិក​ខ្លះ​នៅ​សតវត្សរ៍​ទី​១ មិន​ឲ្យ​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ?

• សព្វ​ថ្ងៃ​នេះ តើ​ការ​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​មាន​ន័យ​យ៉ាង​ណា?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២៥​]

យើង​អាច​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​យេហូវ៉ា​បាន បើ​យើង​ស្ដាប់​បង្គាប់​លោក​និង​សហការ​ជា​មួយ​នឹង​អង្គការ​របស់​លោក។

[​រូបភាព​នៅ​ទំព័រ​២៤, ២៥​]

សព្វ​ថ្ងៃ​នេះ តើ​រាស្ត្រ​របស់​ព្រះ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ចូល​ក្នុង​ការ​សម្រាក​របស់​លោក?