លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកនឹងស្ដាប់តាមការព្រមានយ៉ាងច្បាស់របស់ព្រះយេហូវ៉ាឬទេ?

តើអ្នកនឹងស្ដាប់តាមការព្រមានយ៉ាងច្បាស់របស់ព្រះយេហូវ៉ាឬទេ?

តើ​អ្នក​នឹង​ស្ដាប់​តាម​ការ​ព្រមាន​យ៉ាង​ច្បាស់​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ?

​«​គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ​»។—អេ. ៣០:២១

១, ២​. តើ​សាថាន​បាន​តាំង​ចិត្ត​ធ្វើ​អ្វី? ហើយ​តើ​បណ្ដាំ​របស់​ព្រះ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

ផ្លាក​សញ្ញា​ដែល​ចង្អុល​ទៅ​ផ្លូវ​ខុស មិន​គ្រាន់តែ​ធ្វើ​ឲ្យ​យើង​វង្វេង​ផ្លូវ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដែរ។ សូម​ស្រមៃ​គិត​ថា​មិត្ត​ភក្ដិ​ម្នាក់​បាន​ព្រមាន​អ្នក​អំពី​បុរស​កំណាច​ម្នាក់​ដែល​មាន​ចេតនា​ប្ដូរ​ផ្លាក​សញ្ញា​មួយ គឺ​ដោយ​សារ​គាត់​ចង់​ឲ្យ​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​វង្វេង​ផ្លូវ។ អ្នក​ពិត​ជា​ស្ដាប់​តាម​ការ​ព្រមាន​របស់​មិត្ត​ភក្ដិ​នោះ មែន​ទេ?

យើង​ដឹង​ប្រាកដ​ថា សាថាន​ជាស​ត្រូវ​ដ៏​កំណាច​ម្នាក់​ដែល​តាំង​ចិត្ត​បំភាន់​យើង។ (​បប. ១២:៩​) ឥទ្ធិពល​ដ៏​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ពិចារណា​ក្នុង​អត្ថបទ​មុន គឺជា​អ្វី​ដែល​សាថាន​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​យើង​លែង​ស្ដាប់​តាម​ព្រះ​យេហូវ៉ា​និង​ចាក​ចេញ​ពី​ផ្លូវ​ទៅ​កាន់​ទិស​ដៅ​របស់​យើង ពោល​គឺ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​ម៉ាថ. ៧:១៣, ១៤​) ប៉ុន្តែ យើង​ពិត​ជា​មាន​ចិត្ត​ដឹង​គុណ​ណាស់​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ជា​មិត្ត​ភក្ដិ​របស់​យើង ព្រោះ​លោក​ព្រមាន​យើង​កុំ​ឲ្យ​ទៅ​តាម​‹ផ្លាក​សញ្ញា›​របស់​សាថាន​ដែល​នាំ​ឲ្យ​យើង​វង្វេង​ផ្លូវ។ សូម​ឲ្យ​យើង​ពិចារណា​អំពី​ឥទ្ធិពល​ដ៏​អាក្រក់​បី​យ៉ាង​ទៀត​របស់​វា។ កាល​ដែល​យើង​ពិចារណា​អំពី​របៀប​ដែល​បណ្ដាំ​របស់​ព្រះ​ជួយ​យើង​ឲ្យ​ជៀស​ផុត​ពី​ការ​បំភាន់​របស់​វា យើង​អាច​ស្រមៃ​គិត​ថា​ព្រះ​យេហូវ៉ា​កំពុង​ដើរ​ខាង​ក្រោយ​យើង ហើយ​ចង្អុល​ប្រាប់​យើង​នូវ​ទិស​ដៅ​ដែល​ត្រឹម​ត្រូវ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ​»។ (​អេ. ៣០:២១​) ពេល​ដែល​យើង​ស្ដាប់​តាម​ការ​ព្រមាន​យ៉ាង​ច្បាស់​របស់​ព្រះ​យេហូវ៉ា នោះ​នឹង​ជួយ​យើង​ឲ្យ​ពង្រឹង​ការ​តាំង​ចិត្ត​ដើម្បី​ធ្វើ​តាម​អ្វី​ដែល​លោក​ប្រាប់​យើង។

កុំ​ស្ដាប់​តាម​«​គ្រូ​ក្លែង​ក្លាយ​»​

៣, ៤​. (​ក​) តើ​ពួក​គ្រូ​ក្លែង​ក្លាយ​ប្រៀប​ដូច​ជា​អណ្ដូង​រីង​ស្ងួត​ដែល​គ្មាន​ទឹក​យ៉ាង​ដូច​ម្ដេច? (​ខ​)​ តើ​ពួក​គ្រូ​ក្លែង​ក្លាយ​ច្រើន​តែ​លេច​ចេញ​មក​ពី​ណា? ហើយ​តើ​ពួក​គេ​ចង់​បាន​អ្វី?

សូម​គិត​ថា​ខ្លួន​អ្នក​កំពុង​ដើរ​នៅ​កន្លែង​ដែល​ហួត​ហែង។ អ្នក​ឃើញ​អណ្ដូង​ទឹក​មួយ​ពី​ចម្ងាយ ហើយ​អ្នក​ដើរ​តម្រង់​ទៅ​រក​វា​ដោយ​សង្ឃឹម​ថា​អ្នក​អាច​ដង​ទឹក​ខ្លះ​មក​ផឹក​ដើម្បី​បំបាត់​ការ​ស្រេក​ទឹក។ ប៉ុន្តែ ពេល​ដែល​អ្នក​ទៅ​ដល់ អណ្ដូង​នោះ​ស្ងួត​ទទេ​គ្មាន​ទឹក​សោះ។ អ្នក​ពិត​ជា​ខក​ចិត្ត​ណាស់! គ្រូ​ក្លែង​ក្លាយ​គឺ​ប្រៀប​ដូច​ជា​អណ្ដូង​ដែល​ស្ងួត​គ្មាន​ទឹក​នេះ។ មនុស្ស​គ្រប់​គ្នា​ដែល​មករ​ក​ពួក​គេ​ដើម្បី​ទទួល​សេចក្ដី​ពិត​ដែល​ប្រៀប​ដូច​ជា​ទឹក បែរ​ជា​ខក​ចិត្ត​ទៅ​វិញ។ ព្រះ​យេហូវ៉ា​បាន​ព្រមាន​យើង​អំពី​គ្រូ​ក្លែង​ក្លាយ​នេះ​តាម​រយៈ​សាវ័ក​ប៉ូល​និង​សាវ័ក​ពេត្រុស។ (​សូម​អាន សកម្មភាព ២០:​២៩, ៣០; ពេត្រុសទី២ ២:១​-​៣) តើ​គ្រូ​ទាំង​នេះ​ជា​អ្នក​ណា? ពាក្យ​របស់​សាវ័ក​ទាំង​ពីរ​នាក់​នេះ​ជួយ​យើង​ឲ្យ​ចេះ​កត់​សម្គាល់​ថា​គ្រូ​ក្លែង​ក្លាយ​ទាំង​នេះ​ចេញ​មក​ពី​ណា ហើយ​ក៏​ចេះ​កត់​សម្គាល់​អំពី​របៀប​ដែល​ពួក​គេ​បំភាន់​មនុស្ស​ដែរ។

ប៉ូល​បាន​និយាយ​ទៅ​កាន់​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុម​ជំនុំ​អេភេសូរ​ថា​៖ ​«​ពី​ចំណោម​អ្នក​រាល់​គ្នា​នឹង​មាន​បុរស​ខ្លះ​ក្រោក​ឡើង​និយាយ​បង្ខុស​សេចក្ដី​ពិត​»។ ម្យ៉ាង​ទៀត ពេត្រុស​បាន​សរសេរ​ទៅ​កាន់​បង​ប្អូន​គ្រិស្ត​សាសនិក​ដូច​គ្នា​ថា​៖ ​«​គ្រូ​ក្លែង​ក្លាយ​នឹង​លេច​មក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​»។ ដូច្នេះ តើ​ពួក​គ្រូ​ក្លែង​ក្លាយ​លេច​ចេញ​មក​ពី​ណា? ពួក​គេ​ប្រហែលជា​លេច​ចេញ​មក​ពី​ក្នុង​ក្រុម​ជំនុំ។ ពួក​គេ​គឺជា​ពួក​អ្នក​ក្បត់​ជំនឿ។ * តើ​ពួក​គេ​ចង់​បាន​អ្វី? ពួក​គេ​មិន​គ្រាន់តែ​ចង់​ចាក​ចេញ​ពី​អង្គការ​ដែល​ពួក​គេ​ធ្លាប់​ស្រឡាញ់​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​មាន​គោល​បំណង​ដូច​អ្វី​ដែល​ប៉ូល​បាន​ពន្យល់ គឺ​«​ដើម្បី​អូស​ទាញ​ពួក​អ្នក​កាន់​តាម​ឲ្យ​ទៅ​តាម​ខ្លួន​វិញ​»។ ពួក​អ្នក​កាន់​តាម​ដែល​សាវ័ក​ប៉ូល​និយាយ​ក្នុង​ខ​នេះ គឺជា​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត។ ដូច្នេះ ជា​ជាង​ចេញ​ពី​ក្រុម​ជំនុំ​និង​ទៅ​ស្វែងរក​ពួក​អ្នក​កាន់​តាម​ដោយ​ខ្លួន​ពួក​គេ នោះ​ពួក​អ្នក​ក្បត់​ជំនឿ​មាន​ចិត្ត​ប្រាថ្នា​ចង់​បាន​ពួក​អ្នក​នៅ​ក្នុង​ក្រុម​ជំនុំ​វិញ។ ដូច​«​ឆ្កែ​ចចក​អត់​ឃ្លាន​»​ ពួក​គ្រូ​ក្លែង​ក្លាយ​ចង់​បំផ្លាញ​ជំនឿ​របស់​សមាជិក​ក្នុង​ក្រុម​ជំនុំ និង​ចង់​ឲ្យ​ពួក​គេ​ចេញ​ពី​សេចក្ដី​ពិត។—ម៉ាថ. ៧:១៥; ២ធី. ២:១៨

៥​. តើ​ពួក​គ្រូ​ក្លែង​ក្លាយ​បំភាន់​មនុស្ស​យ៉ាង​ដូច​ម្ដេច?

តើ​ពួក​គ្រូ​ក្លែង​ក្លាយ​បំភាន់​មនុស្ស​យ៉ាង​ដូច​ម្ដេច? ពួក​គេ​ធ្វើ​ដូច្នេះ​យ៉ាង​ប៉ិនប្រសប់។ ដូច​ពួក​ឧក្រិដ្ឋជន​លួច​នាំ​ទំនិញ​ខុស​ច្បាប់​ចូល​ក្នុង​ប្រទេស​ដោយ​សម្ងាត់ ហើយ​កែ​ឯកសារ​ក្លែង​ក្លាយ​ឲ្យ​មើល​ទៅ​ដូច​ជា​ឯកសារ​ពិត នោះ​ពួក​អ្នក​ក្បត់​ជំនឿ​ក៏​«​លួច​»​ឬ​ធ្វើ​យ៉ាង​សម្ងាត់​ដើម្បី​បញ្ចូល​គំនិត​របស់​ពួក​គេ​ក្នុង​ក្រុម​ជំនុំ​ដោយ​ប្រើ​«​ពាក្យ​បោក​បញ្ឆោត​»​ដែរ។ នេះ​មាន​ន័យ​ថា​ពួក​គេ​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​គំនិត​ខុស​របស់​ពួក​គេ​ស្ដាប់​ទៅ​ដូច​ជា​ការ​ពិត​វិញ។ ពួក​គេ​ក៏​ខំ​ប្រមូល​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​តាម​រយៈ​«​សេចក្ដី​បង្រៀន​បោក​បញ្ឆោត​»​ដែរ។ ពេត្រុស​បាន​ប្រាប់​ថា​ពួក​គេ​ចូល​ចិត្ត​និយាយ​«​បង្ខុស​អត្ថន័យ​នៃ​បទ​គម្ពីរ​»​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ជឿ​គំនិត​របស់​ពួក​គេ។ (​២ពេ. ២:១, ៣, ១៣; ៣:១៦​) យ៉ាង​ច្បាស់​ណាស់ ពួក​អ្នក​ក្បត់​ជំនឿ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​យើង​សោះ។ បើ​យើង​ស្ដាប់​តាម​ពួក​គេ នោះ​អាច​នាំ​យើង​ឲ្យ​ចាក​ចេញ​ពី​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​មិន​ខាន។

៦​. តើ​គម្ពីរ​ឲ្យ​ឱវាទ​យ៉ាង​ច្បាស់​អ្វី​ស្តី​អំពី​ពួក​គ្រូ​ក្លែង​ក្លាយ?

តើ​យើង​អាច​ការពារ​ខ្លួន​យើង​ពី​ពួក​គ្រូ​ក្លែង​ក្លាយ​យ៉ាង​ដូច​ម្ដេច? ឱវាទ​ក្នុង​គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ​បាន។ (​សូម​អាន រ៉ូម ១៦:១៧; យ៉ូហានទី២ ៩​-​១១) បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​ចូរ​ជៀស​ចេញ​ពី​អ្នក​ទាំង​នោះ​»។ សេចក្ដី​បក​ប្រែ​ផ្សេង​ទៀត​បាន​បក​ប្រែ​ឃ្លា​នេះ​ថា​«​បែរ​ចេញ​ពី​អ្នក​ទាំង​នោះ​»​ ​«​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទាំង​នោះ​»​ និង​«​កុំ​ទៅ​ជិត​អ្នក​ទាំង​នោះ!​»។ ឱវាទ​ដែល​មក​ពី​ព្រះ​ពិត​ជា​ច្បាស់​មែន។ ឧបមា​ថា គ្រូ​ពេទ្យ​ម្នាក់​បាន​ប្រាប់​អ្នក​ឲ្យ​ជៀស​វាង​កុំ​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​ម្នាក់​ដែល​មាន​ជំងឺ​ឆ្លង។ គ្រូ​ពេទ្យ​នោះ​ដឹង​ថា​បើ​អ្នក​ឆ្លង​ជំងឺ​នេះ អ្នក​នឹង​ត្រូវ​ស្លាប់។ ការ​ព្រមាន​របស់​គាត់​គឺ​ច្បាស់ ហើយ​អ្នក​នឹង​ស្ដាប់​តាម​ការ​ព្រមាន​របស់​គាត់​យ៉ាង​ដិត​ដល់។ គម្ពីរ​បាន​ប្រាប់​ថា ពួក​អ្នក​ក្បត់​ជំនឿ​មាន​ជំងឺ​«​ឆ្កួត​»​ ហើយ​ពួក​គេ​ព្យាយាម​ចម្លង​ជំងឺ​នោះ​ដល់​អ្នក​ឯ​ទៀត​ដោយ​ប្រើ​ការ​បង្រៀន​មិន​ពិត​របស់​ពួក​គេ។ (​១ធី. ៦:៣, ៤​) ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​គ្រូ​ពេទ្យ​ដ៏​ឧត្តម​ម្នាក់ ហើយ​លោក​ប្រាប់​យើង​កុំ​ឲ្យ​ទាក់​ទង​ជា​មួយ​ពួក​គេ​ឲ្យ​សោះ។ ការ​ព្រមាន​នេះ​គឺ​ច្បាស់​ណាស់ ប៉ុន្តែ​តើ​យើង​បាន​តាំង​ចិត្ត​ស្ដាប់​តាម​ការ​ព្រមាន​នោះ​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​យើង​ឬ​ទេ?

៧, ៨​. (​ក​) តើ​ការ​ជៀស​ចេញ​ពី​ពួក​គ្រូ​ក្លែង​ក្លាយ​រួម​បញ្ចូល​អ្វី​ខ្លះ? (​ខ​) ហេតុ​អ្វី​អ្នក​តាំង​ចិត្ត​កាន់​ជំហរ​រឹង​មាំ​ប្រឆាំង​នឹង​ពួក​គ្រូ​ក្លែង​ក្លាយ?

តើ​ការ​ជៀស​ចេញ​ពី​ពួក​គ្រូ​ក្លែង​ក្លាយ​រួម​បញ្ចូល​អ្វី​ខ្លះ? យើង​មិន​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​ផ្ទះ​របស់​យើង​ឬ​និយាយ​គំនាប់​ជា​មួយ​នឹង​ពួក​គេ​ឡើយ។ យើង​ក៏​មិន​អាន​សៀវភៅ​របស់​ពួក​គេ មើល​ទូរទស្សន៍​ដែល​មាន​កម្មវិធី​របស់​ពួក​គេ អាន​អ្វី​ដែល​ពួក​គេ​សរសេរ​ក្នុង​អ៊ីនធឺណិត ឬ​សរសេរ​មតិ​របស់​យើង​អំពី​អ្វី​ដែល​ពួក​គេ​សរសេរ​ក្នុង​អ៊ីនធឺណិត​ដែរ។ ហេតុ​អ្វី​យើង​ត្រូវ​កាន់​ជំហរ​រឹង​មាំ​បែប​នេះ? នេះ​គឺ​ដោយ​សារ​សេចក្ដី​ស្រឡាញ់​របស់​យើង។ យើង​ស្រឡាញ់​«​ព្រះ​នៃ​សេចក្ដី​ពិត​»​ ដូច្នេះ​យើង​មិន​ចាប់​អារម្មណ៍​ទៅ​លើ​សេចក្ដី​បង្រៀន​ខុស​ដែល​ប្រឆាំង​នឹង​បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត​ឡើយ។ (​ទំនុក. ៣១:៥; យ៉ូន. ១៧:១៧​) យើង​ក៏​ស្រឡាញ់​អង្គការ​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ដើម្បី​បង្រៀន​យើង​អំពី​សេចក្ដី​ពិត​នានា​ដ៏​អស្ចារ្យ​ដែរ ដែល​មាន​ដូច​ជា​នាម​របស់​លោក​និង​អត្ថន័យ​នៃ​នាម​នោះ គោល​បំណង​របស់​លោក​សម្រាប់​ផែនដី ស្ថានភាព​នៃ​មនុស្ស​ស្លាប់ និង​សេចក្ដី​សង្ឃឹម​នៃ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ តើ​អ្នក​អាច​នឹក​ចាំ​អំពី​អារម្មណ៍​របស់​អ្នក ពេល​អ្នក​រៀន​ជា​លើក​ដំបូង​អំពី​អ្វី​ៗ​ទាំង​នេះ និង​អំពី​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ឯ​ទៀត​ឬ​ទេ? ដូច្នេះ កុំ​ឲ្យ​ពាក្យ​ភូត​កុហក​របស់​គ្រូ​ក្លែង​ក្លាយ​ធ្វើ​ឲ្យ​អ្នក​បែរ​ចេញ​ពី​អង្គការ​ដែល​បាន​បង្រៀន​សេចក្ដី​ពិត​ទាំង​នេះ​ដល់​អ្នក​ឡើយ។—យ៉ូន. ៦:៦៦​-​៦៩

មិន​ថា​គ្រូ​ក្លែង​ក្លាយ​និយាយ​អ្វី​ក៏​ដោយ យើង​នឹង​មិន​ស្ដាប់​តាម​ពួក​គេ​ឡើយ! យើង​មិន​ចង់​ខក​ចិត្ត​និង​ត្រូវ​គេ​បំភាន់​ដោយ​ទៅ​ឯ​អណ្ដូង​ដែល​រីង​ស្ងួត​ទេ មែន​ទេ? ផ្ទុយ​ទៅ​វិញ សូម​ឲ្យ​យើង​តាំង​ចិត្ត​នៅ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក​ជា​និច្ច។ អង្គការ​របស់​ព្រះ​មិន​ដែល​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ ហើយ​តែង​តែ​ផ្ដល់​សេចក្ដី​បង្រៀន​យ៉ាង​ច្រើន​នៃ​សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ​ដែល​ប្រៀប​ដូច​ជា​ទឹក​ស្អាត​បរិសុទ្ធ។—អេ. ៥៥:១​-​៣; ម៉ាថ. ២៤:៤៥​-​៤៧

កុំ​ស្ដាប់​តាម​«​រឿង​មិន​ពិត​»​

៩, ១០​. តើ​ប៉ូល​បាន​ព្រមាន​អ្វី​ដល់​ធីម៉ូថេ​ស្តី​អំពី​«​រឿង​មិន​ពិត​»​? ហើយ​ពេល​គាត់​ឲ្យ​ការ​ព្រមាន​នោះ តើ​ប៉ូល​ប្រហែលជា​គិត​អំពី​អ្វី? (​សូម​មើល​កំណត់​សម្គាល់​)

ជួនកាល យើង​ងាយ​សម្គាល់​ផ្លាក​សញ្ញា​ដែល​គេ​បាន​ផ្លាស់​ប្ដូរ​ដើម្បី​បំភាន់​យើង ព្រោះ​យើង​ឃើញ​ផ្លាក​សញ្ញា​នោះ​ចង្អុល​ទៅ​ផ្លូវ​ខុស ប៉ុន្តែ​ពេល​ខ្លះ​ទៀត​វា​មិន​ងាយ​ឲ្យ​យើង​សម្គាល់​នោះ​ទេ។ ឥទ្ធិពល​អាក្រក់​របស់​សាថាន​ក៏​ស្រដៀង​គ្នា​នឹង​នេះ​ដែរ។ សាវ័ក​ប៉ូល​បាន​ព្រមាន​យើង​អំពី​ឧបាយ​កល​មួយ​របស់​សាថាន គឺ​«​រឿង​មិន​ពិត​»។ (​សូម​អាន ធីម៉ូថេទី១ ១:៣, ៤) ដើម្បី​កុំ​ឲ្យ​យើង​វង្វេង​ចេញ​ពី​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត យើង​ត្រូវ​ដឹង​ថា តើ​រឿង​មិន​ពិត​ជា​អ្វី? ហើយ​តើ​យើង​អាច​ជៀស​ចេញ​ពី​ការ​ស្ដាប់​តាម​រឿង​មិន​ពិត​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច?

១០ ការ​ព្រមាន​របស់​ប៉ូល​អំពី​រឿង​មិន​ពិត​ជា​ផ្នែក​នៃ​សំបុត្រ​ទី​១​របស់​គាត់​ចំពោះ​ធីម៉ូថេ​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ម្នាក់។ ធីម៉ូថេ​ជា​អ្នក​ដែល​ទទួល​ភារកិច្ច​រក្សា​ភាព​ស្អាត​ស្អំ​ក្នុង​ក្រុម​ជំនុំ និង​ជួយ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​នៅ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ (​១ធី. ១:១៨, ១៩​) ពាក្យ​ភាសា​ក្រិច​ដែល​ប៉ូល​ប្រើ​អាច​សំដៅ​ទៅ​លើ​រឿង​ព្រេង រឿង​ប្រឌិត ឬ​រឿង​ភូត​កុហក។ សព្វវចនាធិប្បាយ​មួយ​ខាង​គម្ពីរ​បាន​រៀប​រាប់​ថា ពាក្យ​នេះ​សំដៅ​ទៅ​លើ​«​រឿង​(​សាសនា​)​ដែល​មិន​ទាក់​ទង​នឹង​ការ​ពិត​ទាល់​តែ​សោះ​»។ (​The International Standard Bible Encyclopaedia​) ប៉ូល​ប្រហែលជា​គិត​អំពី​សេចក្ដី​បង្រៀន​មិន​ពិត​ខាង​សាសនា​ដែល​មាន​ប្រភព​មក​ពី​រឿង​ព្រេង​ចាស់​បុរាណ​ដែល​មនុស្ស​ប្រឌិត​ឡើង។ * រឿង​បែប​នេះ​គ្រាន់តែ​«​នាំ​ឲ្យ​ធ្វើ​ការ​ស្រាវជ្រាវ​ដែល​ចំណាយ​ពេល​វេលា​ច្រើន​»​ ពោល​គឺ​ការ​លើក​ឡើង​សំណួរ​មិន​បាន​ការ​ដែល​នាំ​ឲ្យ​ធ្វើ​ការ​ស្រាវជ្រាវ​ឥត​ប្រយោជន៍។ សាថាន​ដែល​ជា​មេ​បំភាន់​ចូល​ចិត្ត​ប្រើ​រឿង​មិន​ពិត​ទាំង​នេះ និង​សេចក្ដី​បង្រៀន​មិន​ពិត​ខាង​សាសនា​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​លែង​គិត​ពី​អ្វី​ដែល​សំខាន់​ៗ​ទៀត ហើយ​នាំ​ឲ្យ​គេ​វង្វេង​ចេញ​ពី​ផ្លូវ​ទៅ​ឯ​ជីវិត។ ឱវាទ​របស់​ប៉ូល​គឺ​ច្បាស់​ណាស់​ដែល​ថា កុំ​ឲ្យ​យើង​ស្ដាប់​តាម​រឿង​មិន​ពិត​ឲ្យ​សោះ!

១១​. តើ​សាថាន​ប្រើ​សាសនា​មិន​ពិត​យ៉ាង​ប៉ិនប្រសប់​ដើម្បី​បំភាន់​មនុស្ស​យ៉ាង​ដូច​ម្ដេច? ហើយ​ដើម្បី​ជួយ​យើង​កុំ​ឲ្យ​វា​បំភាន់ តើ​យើង​ត្រូវ​ស្ដាប់​តាម​ការ​ព្រមាន​អ្វី?

១១ តើ​អ្វី​ខ្លះ​ជា​រឿង​មិន​ពិត​ដែល​អាច​នាំ​ឲ្យ​មនុស្ស​ដែល​មិន​ប្រុង​ប្រយ័ត្ន​វង្វេង​ផ្លូវ​នោះ? ពាក្យ​ថា​«​រឿង​មិន​ពិត​»​អាច​សំដៅ​ទៅ​លើ​សេចក្ដី​បង្រៀន​មិន​ពិត​ខាង​សាសនា​ឬ​រឿង​ប្រឌិត​ណា​ក៏​ដោយ​ដែល​អាច​នាំ​យើង​ឲ្យ​«​ឈប់​ស្ដាប់​សេចក្ដី​ពិត​»។ (​២ធី. ៤:៣, ៤​) សាថាន​ដែល​ក្លែង​ខ្លួន​ជា​«​ទេវតា​នៃ​ពន្លឺ​»​ បាន​ប្រើ​សាសនា​មិន​ពិត​យ៉ាង​ប៉ិនប្រសប់​ដើម្បី​បំភាន់​មនុស្ស។ (​២កូ. ១១:១៤​) ក្នុង​នាម​ជា​គ្រិស្ត​សាសនា​តែ​សំបក​ក្រៅ នោះ​ពិភព​គ្រិស្ត​សាសនា​បង្រៀន​លទ្ធិ​ដែល​ទាក់​ទង​នឹង​រឿង​ប្រឌិត​និង​រឿង​ភូត​កុហក​ជា​ច្រើន ដូច​ជា​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ ភ្លើង​នរក និង​ព្រលឹង​អមតៈ​ជា​ដើម។ ពិភព​គ្រិស្ត​សាសនា​ក៏​លើក​តម្កើង​ថ្ងៃ​ឈប់​សម្រាក​ដូច​ជា​ថ្ងៃ​បុណ្យ​ណូអែល និង​បុណ្យ​អ៊ីស្ទើរ៍ ដែល​តាម​មើល​ទៅ​គេ​គិត​ថា​ទម្លាប់​នោះ​មិន​ខុស​ទេ តែ​តាម​ពិត​មាន​ដើម​កំណើត​មក​ពី​រឿង​ព្រេង និង​មក​ពី​សាសនា​មិន​ពិត​វិញ។ យើង​នឹង​មិន​ត្រូវ​បំភាន់​ដោយ​រឿង​មិន​ពិត​ឡើយ បើ​យើង​ស្ដាប់​តាម​ការ​ព្រមាន​របស់​ព្រះ​ដែល​ឲ្យ​យើង​ញែក​ខ្លួន​ចេញ​ពី​សាសនា​មិន​ពិត និង​«​ឈប់​ពាល់​អ្វី​ដែល​មិន​ស្អាត​»។—២កូ. ៦:១៤​-​១៧

១២, ១៣​. (​ក​) តើ​រឿង​ភូត​កុហក​អ្វី​ដែល​សាថាន​បាន​លើក​ឡើង? ហើយ​តើ​សេចក្ដី​ពិត​អំពី​រឿង​ទាំង​នេះ​មាន​អ្វី​ខ្លះ? (​ខ​)​ ដើម្បី​ជៀស​ចេញ​ពី​ការ​បំភាន់​នៃ​រឿង​មិន​ពិត​របស់​សាថាន តើ​យើង​ត្រូវ​ធ្វើ​អ្វី?

១២ សាថាន​លើក​តម្កើង​រឿង​ភូត​កុហក​ឯ​ទៀត​ដែល​អាច​បំភាន់​យើង បើ​យើង​មិន​ប្រុង​ប្រយ័ត្ន។ សូម​ពិចារណា​អំពី​ឧទាហរណ៍​ខ្លះ។ រឿង​ភូត​កុហក​ទី​១​គឺ អ្នក​អាច​ធ្វើ​អ្វី​ក៏​ដោយ​តាម​ចិត្ត​អ្នក​បាន ហើយ​អ្នក​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​អ្នក​ថា​អ្វី​ខុស​និង​អ្វី​ត្រូវ។ គំនិត​នេះ​បាន​ត្រូវ​លើក​ឡើង​តាម​រយៈ​ប្រព័ន្ធ​ឃោសនា​និង​ក្នុង​នាទី​កម្សាន្ត​ផ្សេង​ៗ។ ទស្សនៈ​ខុស​បែប​នេះ​ស្តី​អំពី​ខ្នាត​តម្រា​របស់​ព្រះ ជះ​ឥទ្ធិពល​ខ្លាំង​មក​លើ​យើង​ដែល​ឲ្យ​យើង​គិត​និង​ធ្វើ​តាម​គំនិត​គ្មាន​សីលធម៌​របស់​មនុស្ស​ក្នុង​ពិភព​លោក​នេះ។ ប៉ុន្តែ​សេចក្ដី​ពិត​អំពី​រឿង​នេះ​គឺថា​យើង​ត្រូវ​ការ​ព្រះ​ដើម្បី​ប្រាប់​យើង​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ (​យេ. ១០:២៣​) រឿង​ភូត​កុហក​ទី​២​គឺ ព្រះ​នឹង​មិន​ធ្វើ​អន្តរាគមន៍​ចំពោះ​កិច្ចការ​នៅ​ផែនដី​ទេ។ មនុស្ស​មាន​គំនិត​ដែល​គិតតែ​ពី​ជីវិត​រស់​នៅ​សម្រាប់​ថ្ងៃ​នេះ​ប៉ុណ្ណោះ ហើយ​បើ​យើង​មាន​គំនិត​បែប​នេះ​យើង​អាច​ក្លាយ​ទៅ​ជា​‹អ​សកម្ម ឬ​ឥត​ផល›។ (​២ពេ. ១:៨​) សេចក្ដី​ពិត​អំពី​រឿង​នេះ​គឺ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​កាន់​តែ​កៀក​ណាស់​ហើយ ហើយ​យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ជា​និច្ច​សម្រាប់​ថ្ងៃ​នោះ។ (​ម៉ាថ. ២៤:៤៤​) រឿង​ភូត​កុហក​ទី​៣​គឺ ព្រះ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឡើយ។ ការ​ជឿ​ពាក្យ​ភូត​កុហក​របស់​សាថាន​នេះ​អាច​បណ្ដាល​ឲ្យ​យើង​រសាយ​ចិត្ត ដោយ​មាន​អារម្មណ៍​ថា​យើង​មិន​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ទេ។ ប៉ុន្តែ សេចក្ដី​ពិត​អំពី​រឿង​នេះ​គឺ​ព្រះ​យេហូវ៉ា​ស្រឡាញ់ និង​ឲ្យ​តម្លៃ​ចំពោះ​មនុស្ស​ម្នាក់​ៗ​ដែល​គោរព​ប្រណិប័តន៍​លោក។—ម៉ាថ. ១០:២៩​-​៣១

១៣ យើង​ត្រូវ​ការពារ​ខ្លួន​ជា​និច្ច ព្រោះ​ការ​គិត​និង​ចិត្ត​គំនិត​របស់​មនុស្ស​ក្នុង​ពិភព​លោក​សាថាន​អាច​មើល​ទៅ​ដូច​ជា​អ្វី​ដែល​ត្រឹម​ត្រូវ។ ប៉ុន្តែ សូម​ចាំ​ថា​សាថាន​ជា​មេ​បំភាន់។ ដូច្នេះ យើង​អាច​ជៀស​ចេញ​ពី​ការ​បំភាន់​របស់​វា​ដែល​ជា​«​រឿង​មិន​ពិត​ដែល​មនុស្ស​បាន​ប្រឌិត​ឡើង​យ៉ាង​ប៉ិនប្រសប់​»​បាន ឲ្យ​តែ​យើង​ស្ដាប់​តាម​ដំបូន្មាន​និង​ការ​រំលឹក​ពី​បណ្ដាំ​របស់​ព្រះ។—២ពេ. ១:១៦

កុំ​«​តាម​សាថាន​»​

១៤​. តើ​ប៉ូល​បាន​ព្រមាន​ស្ត្រី​មេម៉ាយ​វ័យ​ក្មេង​ខ្លះ​ៗ​អំពី​អ្វី? ហើយ​ហេតុ​អ្វី​យើង​ទាំង​អស់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​របស់​គាត់?

១៤ សូម​ស្រមៃ​គិត​ថា​មាន​ផ្លាក​សញ្ញា​មួយ​ដែល​សរសេរ​ថា​៖ ​«​ផ្លូវ​នេះ​ជា​ផ្លូវ​ទៅ​តាម​សាថាន​»។ យើង​ទាំង​អស់​គ្នា​ប្រាកដជា​មិន​ចង់​ទៅ​តាម​ផ្លូវ​នោះ​ទេ មែន​ទេ? ប៉ុន្តែ ប៉ូល​ព្រមាន​យើង​អំពី​វិធី​ផ្សេង​ៗ​ដែល​គ្រិស្ត​សាសនិក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​អាច​«​បែរ​ទៅ​តាម​សាថាន​»​បាន។ (​សូម​អាន ធីម៉ូថេទី១ ៥:១១​-​១៥) ក្នុង​ខ​ទាំង​នោះ​ប៉ូល​បាន​និយាយ​ទៅ​កាន់​«​ស្ត្រី​មេម៉ាយ​វ័យ​ក្មេង​»​ខ្លះ​ៗ ប៉ុន្តែ​គោលការណ៍​ដែល​គាត់​បាន​លើក​ឡើង​គឺ​មាន​ប្រយោជន៍​ចំពោះ​យើង​ទាំង​អស់​គ្នា។ ពួក​ស្ត្រី​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ ប្រហែលជា​មិន​បាន​គិត​ថា​ពួក​នាង​ទៅ​តាម​សាថាន​នោះ​ទេ ប៉ុន្តែ​ការ​ប្រព្រឹត្ត​របស់​ពួក​នាង​បាន​បង្ហាញ​ថា​ពួក​នាង​ធ្វើ​ដូច្នេះ​មែន។ តើ​យើង​អាច​ការពារ​ខ្លួន​ពី​ការ​ទៅ​តាម​សាថាន​ដោយ​មិន​ដឹង​ខ្លួន​យ៉ាង​ដូច​ម្ដេច? សូម​ឲ្យ​យើង​ពិចារណា​អំពី​ការ​ព្រមាន​របស់​ប៉ូល​ស្តី​អំពី​ការ​និយាយ​ដើម​គេ។

១៥​. តើ​អ្វី​ជា​គោល​បំណង​របស់​សាថាន? ហើយ​តើ​ប៉ូល​បាន​ដៅ​បញ្ជាក់​អំពី​កលល្បិច​របស់​សាថាន​យ៉ាង​ដូច​ម្ដេច?

១៥ សាថាន​មិន​ចង់​ឲ្យ​យើង​និយាយ​អំពី​អ្វី​ដែល​យើង​ជឿ​នោះ​ទេ។ គោល​បំណង​របស់​វា​គឺ​ចង់​ឲ្យ​យើង​ឈប់​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ (​បប. ១២:​១៧​) ដូច្នេះ វា​ខំ​ប្រឹង​ទាក់​ទាញ​ចិត្ត​យើង​ឲ្យ​ធ្វើ​កិច្ចការ​ដែល​បង្ខាត​ពេល​របស់​យើង ឬ​ឲ្យ​យើង​បែកបាក់​សាមគ្គី​គ្នា។ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​ប៉ូល​ដៅ​បញ្ជាក់​អំពី​កលល្បិច​របស់​វា។ ​«​ទម្លាប់​ទំនេរ​ដៃ ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​»។ ក្នុង​សម័យ​ដែល​មាន​បច្ចេកវិជ្ជា​ជឿន​លឿន ជា​ការ​ងាយ​ស្រួល​ឲ្យ​យើង​ខ្ជះខ្ជាយ​ពេល​វេលា​របស់​ខ្លួន និង​របស់​អ្នក​ឯ​ទៀត ដូច​ជា​ការ​ផ្ញើ​រឿង​មិន​ពិត​ឬ​រឿង​ឥត​បាន​ការ​តាម​រយៈ​អ៊ីមែល​ដល់​អ្នក​ឯ​ទៀត។ ការ​«​និយាយ​ដើម​គេ​»។ ការ​និយាយ​ដើម​គេ​អាច​នាំ​ឲ្យ​យើង​និយាយ​បង្កាច់​បង្ខូច​អ្នក​ឯ​ទៀត​ដែល​ច្រើន​តែ​បង្ក​ឲ្យ​មាន​ជម្លោះ។ (​សុភ. ២៦:២០​) មិន​ថា​យើង​ដឹង​ឬ​មិន​ដឹង​ក៏​ដោយ បើ​យើង​និយាយ​បង្កាច់​បង្ខូច​អ្នក​ឯ​ទៀត នោះ​យើង​យក​តម្រាប់​តាម​មេកំណាច​សាថាន​ហើយ។ *«​ជ្រៀត​ជ្រែក​ក្នុង​រឿង​អ្នក​ដទៃ​»។ យើង​មិន​មាន​សិទ្ធិ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​របៀប​ដែល​ពួក​គេ​ត្រូវ​រស់​នៅ​នោះ​ទេ។ កិច្ចការ​បែប​នេះ​គ្មាន​ប្រយោជន៍​ទេ ហើយ​បង្ក​ឲ្យ​មាន​រឿង​ដែល​អាច​បំបែរ​អារម្មណ៍​យើង​ពី​កិច្ចការ​ដែល​ព្រះ​ប្រគល់​ឲ្យ​យើង​ធ្វើ ពោល​គឺ​កិច្ចការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ យើង​មិន​អាច​ចាក់​ខ្សែ​បាន​ទេ ព្រោះ​បើ​យើង​លែង​មាន​សកម្មភាព​ក្នុង​កិច្ចការ​របស់​ព្រះ​យេហូវ៉ា នោះ​យើង​ចាប់​ផ្ដើម​ទៅ​តាម​សាថាន​ហើយ។—ម៉ាថ. ១២:៣០

១៦​. ដើម្បី​ជួយ​យើង​កុំ​ឲ្យ​«​បែរ​ទៅ​តាម​សាថាន​»​ តើ​យើង​ត្រូវ​ស្ដាប់​តាម​ដំបូន្មាន​អ្វី?

១៦ ការ​ធ្វើ​តាម​ឱវាទ​ក្នុង​គម្ពីរ​អាច​ជួយ​យើង​កុំ​ឲ្យ​«​បែរ​ទៅ​តាម​សាថាន​»។ សូម​ពិចារណា​អំពី​ដំបូន្មាន​ខ្លះ​ៗ​ដែល​មាន​ប្រយោជន៍​របស់​ប៉ូល។ ការ​«​ជាប់​រវល់​ក្នុង​កិច្ចការ​ដ៏​ច្រើន​របស់​លោក​ម្ចាស់​»។ (​១កូ. ១៥:​៥៨​) ពេល​យើង​ជាប់​រវល់​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ​រាជាណាចក្រ នោះ​យើង​គ្មាន​ពេល​សម្រាប់​អ្វី​មិន​សំខាន់​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​យើង​ឡើយ។ (​ម៉ាថ. ៦:៣៣​) និយាយ​អ្វី​ដែល​«​ល្អ​សម្រាប់​ពង្រឹង​អ្នក​ឯ​ទៀត​»។ (​អេភ. ៤:២៩​) សូម​តាំង​ចិត្ត​មិន​ស្ដាប់​ការ​និយាយ​ដើម​គេ ហើយ​កុំ​និយាយ​ត​ៗ​គ្នា​អំពី​រឿង​នោះ។ * បណ្ដុះ​ឲ្យ​មាន​ទំនុក​ចិត្ត​និង​ការ​គោរព​ចំពោះ​បង​ប្អូន​រួម​ជំនឿ។ យ៉ាង​នោះ យើង​នឹង​មាន​ទំនោរ​ចិត្ត​និយាយ​ពាក្យ​ដែល​ពង្រឹង​ជា​ជាង​ធ្វើ​ឲ្យ​គេ​បាក់ទឹកចិត្ត។ ​«​ខំ​ប្រឹង . . . មិន​ជ្រៀត​ជ្រែក​ក្នុង​រឿង​អ្នក​ដទៃ​»។ (​១ថែ. ៤:១១​) សូម​ឲ្យ​យើង​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត តាម​របៀប​ដែល​គោរព​សិទ្ធិ​របស់​ពួក​គេ ហើយ​តាម​របៀប​ដែល​រក្សា​ភាព​ថ្លៃ​ថ្នូរ​របស់​ពួក​គេ​ផង​ដែរ។ សូម​ចង​ចាំ​ដែរ​ថា យើង​មិន​គួរ​បង្ខំ​ឲ្យ​អ្នក​ឯ​ទៀត​មាន​ទស្សនៈ​ដូច​យើង ស្តី​អំពី​រឿង​ដែល​ពួក​គេ​ត្រូវ​សម្រេច​ដោយ​ខ្លួន​ពួក​គេ​ផ្ទាល់​នោះ​ទេ។—កាឡ. ៦:៥

១៧​. (​ក​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ព្រមាន​យើង​អំពី​អ្វី​ដែល​យើង​មិន​ត្រូវ​ធ្វើ​តាម​ឬ​ស្ដាប់​តាម? (​ខ​)​ ស្តី​អំពី​ផ្លូវ​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ដើរ​តាម តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

១៧ យើង​ពិត​ជា​ដឹង​គុណ​ចំពោះ​ព្រះ​យេហូវ៉ា​ណាស់​ដែល​លោក​ប្រាប់​យើង​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​យើង​មិន​ត្រូវ​ធ្វើ​តាម​ឬ​ស្ដាប់​តាម! ដូច្នេះ សូម​កុំ​ភ្លេច​ថា​ការ​ព្រមាន​របស់​ព្រះ​យេហូវ៉ា​ដែល​យើង​បាន​ពិចារណា​ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​មុន គឺ​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​លោក។ លោក​មិន​ចង់​ឲ្យ​យើង​ទទួល​ទុក្ខវេទនា​និង​ការ​ឈឺ​ចាប់​ដោយ​សារ​ការ​ធ្វើ​តាម​‹ផ្លាក​សញ្ញា›​ដែល​ជា​ការ​បំភាន់​របស់​សាថាន​នោះ​ទេ។ ផ្លូវ​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ដើរ​តាម​ប្រហែលជា​ផ្លូវ​ចង្អៀត ប៉ុន្តែ​ផ្លូវ​នេះ​អាច​នាំ​ទៅ​ដល់​ទិស​ដៅ​ដែល​ប្រសើរ​បំផុត ពោល​គឺ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​ម៉ាថ. ៧:១៤​) សូម​ឲ្យ​យើង​តាំង​ចិត្ត​ជា​និច្ច​ដើម្បី​ស្ដាប់​តាម​ការ​ដាស់​តឿន​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​៖ ​«​គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ​»។—អេ. ៣០:២១

[​កំណត់​សម្គាល់​]

^ វគ្គ 4 ​«​ការ​ក្បត់​ជំនឿ​»​គឺជា​ការ​ចាក​ចេញ​ពី​ការ​គោរព​ប្រណិប័តន៍​ពិត ការ​បែរ​ចេញ ការ​បះបោរ និង​ការ​បោះបង់​ចោល។

^ វគ្គ 10 ជា​ឧទាហរណ៍ សៀវភៅ​ថូ​បិត​(​ថូបាយឹស​)​ជា​សៀវភៅ​រឿង​មិន​ពិត​មួយ​ដែល​មនុស្ស​ខ្លះ​នៅ​សម័យ​ប៉ូល​គិត​ថា​ជា​សៀវភៅ​ដែល​រួម​ចំណែក​ក្នុង​គម្ពីរ​បរិសុទ្ធ។ សៀវភៅ​ថូ​បិត​ប្រហែល​បាន​ត្រូវ​សរសេរ​នៅ​សតវត្សរ៍​ទី​៣ មុន​គ.ស.។ សៀវភៅ​នេះ​សុទ្ធតែ​រៀប​រាប់​អំពី​រឿង​មន្តអាគម អបិយជំនឿ និង​រឿង​អាប​ធ្មប់​ថា​ជា​រឿង​ពិត​វិញ (​សូម​មើល​សៀវភៅ​ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទ​គម្ពីរ​ជា​ភាសា​អង់គ្លេស ក្បាល​ទី​១ ទំព័រ​១២២​)។

^ វគ្គ 15 ពាក្យ​ភាសា​ក្រិច​«​មេកំណាច​»​គឺ​ឌីអាបូឡូស​ដែល​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»។ ពាក្យ​នេះ​ជា​ឋានន្តរ​មួយ​ទៀត​របស់​សាថាន​ដែល​ជា​មេ​បង្កាច់​បង្ខូច។—យ៉ូន. ៨:៤៤; បប. ១២:៩, ១០

^ វគ្គ 16 សូម​មើល​ប្រអប់​«​បាច​រោម​សំឡី​ឲ្យ​ហើរ​ទៅ​តាម​ខ្យល់​»​

តើ​អ្នក​ឆ្លើយ​យ៉ាង​ណា?

តើ​អ្នក​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា អ្នក​ស្ដាប់​តាម​ការ​ព្រមាន​ក្នុង​បទ​គម្ពីរ​ទាំង​នេះ?

ពេត្រុសទី២ ២:១​-​៣

ធីម៉ូថេទី១ ១:៣, ៤

ធីម៉ូថេទី១ ៥:១១​-​១៥

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​១៨​]

បាច​រោម​សំឡី​ឲ្យ​ហើរ​ទៅ​តាម​ខ្យល់

រឿងនិទាន​ចាស់​បុរាណ​មួយ​របស់​ជន​ជាតិ​យូដា​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​លទ្ធផល​ដែល​មក​ពី​ការ​និយាយ​ដើម​គេ។ រឿង​នេះ​បាន​ត្រូវ​រៀប​រាប់​តាម​របៀប​ផ្សេង​ៗ ប៉ុន្តែ​ខ្លឹម​សារ​នៃ​រឿង​នេះ​មាន​ដូច​ត​ទៅ​៖

បុរស​ម្នាក់​បាន​និយាយ​បង្កាច់​បង្ខូច​ប្រាប់​ដល់​មនុស្ស​ជា​ច្រើន​ក្នុង​ភូមិ អំពី​បុរស​ដែល​មាន​ប្រាជ្ញា​ម្នាក់​ដែល​គេ​ចាត់​ទុក​គាត់​ជា​សុភា។ នៅ​ពេល​ក្រោយ​មក អ្នក​និយាយ​បង្កាច់​បង្ខូច​នេះ​បាន​ដឹង​ខ្លួន​ថា​គាត់​បាន​ធ្វើ​ខុស ហើយ​គាត់​ទៅ​ជួប​លោក​សុភា​នោះ​ដើម្បី​សុំ​ឲ្យ​គាត់​អភ័យទោស ថែម​ទាំង​ព្រម​ធ្វើ​អ្វី​ៗ​ក៏​ដោយ​ដើម្បី​ឲ្យ​លោក​សុភា​លើក​លែង​ទោស​ឲ្យ។ លោក​សុភា​មាន​សំណូម​ពរ​មួយ​គឺ​ឲ្យ​បុរស​ដែល​និយាយ​ដើម​គាត់​យក​ខ្នើយ​សំឡី ហែក​វា ហើយ​បាច​រោម​សំឡី​នោះ​ឲ្យ​ហើរ​ទៅ​តាម​ខ្យល់។ ទោះ​ជា​បុរស​នោះ​មិន​យល់​ក៏​ដោយ គាត់​បាន​ធ្វើ​ដូច្នេះ ហើយ​គាត់​បាន​ត្រឡប់​មក​ឯ​លោក​សុភា​ម្ដង​ទៀត។

បុរស​នោះ​សួរ​ថា​៖ ​«​តើ​លោក​លើក​លែង​ទោស​ឲ្យ​ខ្ញុំ​ឬ​ទេ?​»​

លោក​សុភា​នោះ​ឆ្លើយ​ថា​៖ ​«​អ្នក​ត្រូវ​ប្រមូល​រោម​សំឡី​ទាំង​អស់​មក​វិញ​ជា​មុន​សិន​»។

បុរស​សួរ​ថា​៖ ​«​ប៉ុន្តែ​តើ​ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច​នឹង​ប្រមូល​វា​បាន? វា​បាន​ហើរ​ទៅ​តាម​ខ្យល់​អស់​ទៅ​ហើយ​»។

លោក​សុភា​ឆ្លើយ​ថា​៖ ​«​ការ​ប៉ះប៉ូវ​ឡើង​វិញ​នូវ​អ្វី​ដែល​អ្នក​បាន​និយាយ នោះ​ជា​ការ​ពិបាក​ដូច​ការ​ប្រមូល​រោម​សំឡី​ដូច្នេះ​ដែរ​»។

មេរៀន​ក្នុង​រឿង​នេះ​គឺ​ច្បាស់​ណាស់។ យើង​មិន​អាចយ​កម​ក​វិញ​នូវ​ពាក្យ​សម្ដី​ដែល​យើង​បាន​បញ្ចេញ​ហួស​ហើយ​នោះ​ទេ ហើយ​ជួនកាល​យើង​ក៏​មិន​អាច​ផ្លាស់​ប្ដូរ​នូវ​លទ្ធផល​អាក្រក់​ដែល​មក​ពី​ពាក្យ​សម្ដី​របស់​យើង​ដែរ។ ដូច្នេះ មុន​យើង​និយាយ​ដើម​គេ ជា​ការ​ល្អ​ឲ្យ​យើង​ចាំ​ថា តើ​យើង​ហៀបនឹង​បាច​រោម​សំឡី​ឲ្យ​ហើរ​ទៅ​តាម​ខ្យល់​ឬ​ទេ?

[​រូបភាព​នៅ​ទំព័រ​១៥​]

តើ​បង​ប្អូន​ខ្លះ​ប្រហែលជា​អញ្ជើញ​ពួក​អ្នក​ក្បត់​ជំនឿ​ឲ្យ​ចូល​ក្នុង​ផ្ទះ​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច?