លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកបានចូលក្នុងការសម្រាករបស់ព្រះឬទេ?

តើអ្នកបានចូលក្នុងការសម្រាករបស់ព្រះឬទេ?

តើ​អ្នក​បាន​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​ឬ​ទេ?

​«​បណ្ដាំ​របស់​ព្រះ​គឺ​មាន​ជីវិត​រស់​នៅ ហើយ​មាន​ឫទ្ធានុភាព​»។—ហេ. ៤:១២

១​. តើ​អ្វី​ជា​វិធី​មួយ​ដែល​យើង​អាច​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ? ប៉ុន្តែ​ហេតុ​អ្វី​ការ​និយាយ​គឺ​ស្រួល​ជាង​ការ​ប្រព្រឹត្ត?

ក្នុង​អត្ថបទ​មុន​យើង​បាន​ពិចារណា​ថា​យើង​អាច​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​បាន ដោយ​ស្ដាប់​បង្គាប់​និង​សហការ​ជា​មួយ​អង្គការ​របស់​លោក។ ប៉ុន្តែ​ការ​និយាយ​គឺ​ស្រួល​ជាង​ការ​ប្រព្រឹត្ត។ ជា​ឧទាហរណ៍ ពេល​យើង​រៀន​ដឹង​ថា​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ការ​ប្រព្រឹត្ត​ខ្លះ​ដែល​យើង​ចូល​ចិត្ត នោះ​ជា​ការ​ពិបាក​ណាស់​ឲ្យ​យើង​បញ្ឈប់​ការ​ប្រព្រឹត្ត​នោះ​ភ្លាម​ៗ។ បើ​យើង​ពិបាក​ធ្វើ​ដូច្នេះ នេះ​បង្ហាញ​ថា​យើង​ត្រូវ​រៀន​ឲ្យ​ចេះ​«​រង់​ចាំ​ធ្វើ​តាម​បង្គាប់​»​ឲ្យ​បាន​ច្រើន​ថែម​ទៀត។ (​យ៉ា. ៣:​១៧​) ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​កាលៈទេសៈ​ខ្លះ​ៗ​ដែល​នឹង​ល្បង​ល​យើង​ថា តើ​យើង​នឹង​ធ្វើ​តាម​យ៉ាង​អស់ពី​ចិត្ត​នូវ​បង្គាប់​របស់​ព្រះ​ឬ​ក៏​អត់?

២, ៣​. តើ​យើង​ត្រូវ​បន្ត​ព្យាយាម​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​ទុក​យើង​ជា​ទី​គាប់​ចិត្ត​របស់​លោក?

ពេល​អ្នក​រៀន​ពី​គម្ពីរ​ដឹង​ថា​អ្នក​ត្រូវ​ធ្វើ​ការ​កែប្រែ​ក្នុង​ជីវិត​របស់​អ្នក តើ​អ្នក​ព្រម​ធ្វើ​តាម​បង្គាប់​ឬ​ទេ? គម្ពីរ​បាន​ប្រាប់​យើង​ថា​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ចូល​ក្នុង​អង្គការ​របស់​លោក​គឺជា​«​ទី​គាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍​»។ (​ហាក. ២:៧​) នេះ​មាន​ន័យ​ថា​ព្រះ​បាន​ជ្រើស​រើស​មនុស្ស​ដែល​មាន​តម្លៃ​ចំពោះ​លោក ដោយ​សារ​ពួក​គេ​ស្រឡាញ់​អ្វី​ដែល​ត្រឹម​ត្រូវ។ ពិត​មែន​ហើយ ពេល​ដែល​យើង​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ដំបូង យើង​ភាគ​ច្រើន​កំពុង​ធ្វើ​ខុស​ចំពោះ​រឿង​ជា​ច្រើន។ ក៏​ប៉ុន្តែ ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​និង​បុត្រ​របស់​លោក ថែម​ទាំង​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត នោះ​យើង​បាន​កែប្រែ​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​យើង។ យើង​ក៏​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ក្រោយ​មក​ខំ​កែប្រែ​អ្វី​ដែល​ចាំ​បាច់​ដែរ។ នៅ​ទី​បំផុត យើង​អាច​ទទួល​ការ​ជ្រមុជ​ទឹក​និង​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក។—សូម​អាន កូឡុស ១:៩, ១០

ក៏​ប៉ុន្តែ ការ​ទទួល​ការ​ជ្រមុជ​ទឹក​មិន​អាច​បំបាត់​ភាព​ខុស​ឆ្គង​របស់​យើង​បាន​ទេ។ យើង​ត្រូវ​តែ​បន្ត​កែប្រែ​និង​ខំ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ដរាប​ណា​យើង​នៅ​តែ​មាន​ភាព​ខុស​ឆ្គង​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​អាច​មាន​ទំនុក​ចិត្ត​ថា បើ​យើង​បន្ត​ព្យាយាម និង​តាំង​ចិត្ត​ធ្វើ​ជា​ទី​គាប់​ចិត្ត​ដល់​ព្រះ​យេហូវ៉ា នោះ​លោក​នឹង​ឲ្យ​ពរ​ដល់​ការ​ខំ​ប្រឹង​របស់​យើង។

ពេល​យើង​ទទួល​ការ​កែ​តម្រង់

៤​. តើ​មាន​វិធី​បី​យ៉ាង​អ្វី​ដែល​ព្រះ​យេហូវ៉ា​អាច​ប្រើ​ដើម្បី​កែ​តម្រង់​យើង?

មុន​នឹង​យើង​អាច​កែប្រែ​ជីវិត​បាន យើង​ត្រូវ​ស្គាល់​អំពី​អ្វី​ដែល​យើង​ត្រូវ​កែប្រែ។ ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ស្គាល់​អំពី​អ្វី​ៗ​ទាំង​នេះ​តាម​របៀប​ផ្សេង​ៗ​ដូច​ជា សុន្ទរកថា​ដែល​មាន​នៅ​ឯ​សាល​ប្រជុំ ឬ​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ដែល​បង្ហាញ​យើង​ថា​មាន​អ្វី​មួយ​ខុស​នៅ​ក្នុង​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​យើង។ ម្យ៉ាង​ទៀត បើ​ទោះ​ជា​យើង​ស្ដាប់​សុន្ទរកថា​ឬ​អាន​សៀវភៅ​របស់​អង្គការ​យើង​ហើយ​ក៏​ដោយ តែ​យើង​នៅ​តែ​មិន​យល់​ថា​យើង​ត្រូវ​កែប្រែ​អ្វី នោះ​ព្រះ​យេហូវ៉ា​អាច​ប្រើ​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ក្រុម​ជំនុំ​ដើម្បី​កែ​តម្រង់​យើង​ដោយ​សប្បុរស។—សូម​អាន កាឡាទី ៦:១

៥​. ពេល​ដែល​មាន​នរណា​ម្នាក់​ឲ្យ​ឱវាទ​យើង តើ​យើង​ច្រើន​តែ​មាន​ទំនោរ​ចិត្ត​បែប​ណាខ្លះ? ហើយ​ហេតុ​អ្វី​ពួក​អ្នក​ចាស់​ទុំ​គ្រិស្ត​សាសនិក​ត្រូវ​ខំ​ជួយ​យើង​ជា​និច្ច?

ជា​ការ​ពិបាក​ណាស់​ឲ្យ​យើង​ទទួល​ការ​កែ​តម្រង់​ពី​មនុស្ស​ដែល​មិន​ល្អ​ឥត​ខ្ចោះ ទោះ​ជា​គាត់​និយាយ​តាម​របៀប​ដែល​ប៉ិនប្រសប់ និង​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ក៏​ដោយ។ ប៉ុន្តែ ដូច​នៅ​កាឡាទី ៦:១​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ពួក​អ្នក​ចាស់​ទុំ​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ឲ្យ​«​កែ​តម្រង់​»​យើង​ដោយ​«​ចិត្ត​ស្លូតបូត​»។ បើ​យើង​ទទួល​យក​ជំនួយ​ពី​ពួក​គាត់ ព្រះ​នឹង​ពេញ​ចិត្ត​ចំពោះ​យើង​កាន់​តែ​ខ្លាំង​ថែម​ទៀត។ ពិត​មែន ពេល​យើង​អធិដ្ឋាន យើង​ច្រើន​តែ​ប្រាប់​ព្រះ​យេហូវ៉ា​ថា​យើង​មាន​ភាព​ខុស​ឆ្គង។ ប៉ុន្តែ ពេល​អ្នក​ចាស់​ទុំ​ម្នាក់​ប្រាប់​យើង​អំពី​កំហុស​មួយ នោះ​ទំនោរ​ចិត្ត​របស់​យើង​ច្រើន​តែ​ខំ​ដោះ​សា មើល​ស្រាល​បញ្ហា​នោះ សង្ស័យ​ទៅ​លើ​បំណង​ចិត្ត​របស់​គាត់ ឬ​មិន​ពេញ​ចិត្ត​ទៅ​លើ​របៀប​ដែល​គាត់​ឲ្យ​ឱវាទ។ (​២ព. ៥:១១​) បន្ថែម​ទៅ​ទៀត បើ​គាត់​កែ​តម្រង់​យើង​ទាក់​ទង​នឹង​អ្វី​ដែល​ងាយ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត ដូច​ជា​ការ​ប្រព្រឹត្ត​របស់​សមាជិក​ក្នុង​ក្រុម​គ្រួសារ ការ​ស្លៀក​ពាក់​និង​សម្អិតសម្អាង​ខ្លួន​របស់​យើង អនាម័យ​រាង​កាយ​របស់​យើង ឬ​ប្រភេទ​នៃ​ការ​កម្សាន្ត​ដែល​យើង​ចូល​ចិត្ត ប៉ុន្តែ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់ នោះ​យើង​ប្រហែលជា​សម្ដែង​អាការ​ខឹង​ដោយ​មិន​ដឹង​ខ្លួន ថែម​ទាំង​ធ្វើ​ឲ្យ​គាត់​ស្រងាក​ចិត្ត​ផង​ដែរ! ប៉ុន្តែ ពេល​ដែល​យើង​ឈប់​ខឹង ធម្មតា​យើង​ទទួល​ស្គាល់​ថា​អ្វី​ដែល​គាត់​និយាយ​គឺ​ល្អ​សម្រាប់​យើង​មែន។

៦​. តើ​បណ្ដាំ​របស់​ព្រះ​បង្ហាញ​ឲ្យ​ឃើញ​«​គំនិត​និង​បំណង​ចិត្ត​»​យ៉ាង​ដូច​ម្ដេច?

បទ​គម្ពីរ​សម្រាប់​អត្ថបទ​នេះ​រំលឹក​យើង​ថា​បណ្ដាំ​របស់​ព្រះ​«​មាន​ឫទ្ធានុភាព​»។ ពិត​មែន​ហើយ បណ្ដាំ​របស់​ព្រះ​មាន​ឫទ្ធានុភាព​ដើម្បី​កែប្រែ​ជីវិត​របស់​យើង។ គម្ពីរ​បាន​ជួយ​យើង​ឲ្យ​កែប្រែ​អ្វី​ដែល​ចាំ​បាច់​មុន​យើង​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ក៏​នឹង​អាច​ជួយ​យើង​ក្រោយ​មក​ដែរ។ ក្នុង​សំបុត្រ​របស់​ប៉ូល​ទៅ​កាន់​ពួក​គ្រិស្ត​សាសនិកជន​ជាតិ​ហេប្រឺ គាត់​បាន​សរសេរ​ថា​បណ្ដាំ​របស់​ព្រះ​អាច​«​ទម្លុះ​រហូត​ដល់​ញែក​លក្ខណៈ​ខាង​ក្រៅ​ចេញ​ពី​ធាតុ​ពិត និង​សន្លាក់​ឆ្អឹង​ចេញ​ពី​ខួរ​ឆ្អឹង ក៏​អាច​បង្ហាញ​ឲ្យ​ឃើញ​គំនិត​និង​បំណង​ចិត្ត​»។ (​ហេ. ៤:១២​) យើង​អាច​និយាយ​បាន​ថា ពេល​ដែល​យើង​យល់​យ៉ាង​ច្បាស់​នូវ​គោល​បំណង​របស់​ព្រះ​សម្រាប់​យើង នោះ​របៀប​ដែល​យើង​ប្រព្រឹត្ត​នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​លក្ខណៈ​ពិត​របស់​យើង។ តើ​«​លក្ខណៈ​ខាង​ក្រៅ​»​ និង​«​ធាតុ​ពិត​»​របស់​យើង​ខុស​គ្នា​ឬ​ទេ? (​សូម​អាន ម៉ាថាយ ២៣:២៧, ២៨) សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​នឹង​ប្រព្រឹត្ត​ក្នុង​កាលៈទេសៈ​ដូច​ខាង​ក្រោម។

បន្ត​ជឿន​ទៅ​មុខ​ជា​មួយ​អង្គការ​របស់​ព្រះ​យេហូវ៉ា

៧, ៨​. (​ក​) ហេតុ​អ្វី​គ្រិស្ត​សាសនិកជន​ជាតិ​យូដា​ខ្លះ​ចង់​បន្ត​ធ្វើ​តាម​ផ្នែក​ខ្លះ​នៃ​ច្បាប់​របស់​ម៉ូសេ? (​ខ​)​ ហេតុ​អ្វី​យើង​អាច​និយាយ​បាន​ថា​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​គឺ​ប្រឆាំង​នឹង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា?

យើង​ជា​ច្រើន​នាក់​អាច​ទន្ទេញ​ចាំ​សុភាសិត ៤:១៨​ដែល​ថា​៖ ​«​ផ្លូវ​របស់​មនុស្ស​សុចរិត​ធៀប​ដូច​ជា​ពន្លឺ​ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង​ដរាប​ដល់​ពេញ​កំឡាំង​»។ នេះ​មាន​ន័យ​ថា​ការ​ប្រព្រឹត្ត​និង​ការ​យល់​ដឹង​របស់​យើង​ស្តី​អំពី​គោល​បំណង​របស់​ព្រះ​នឹង​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ។

ដូច​យើង​បាន​ពិភាក្សា​ក្នុង​អត្ថបទ​មុន ក្រោយ​ពី​លោក​យេស៊ូ​ស្លាប់ មាន​ពួក​គ្រិស្ត​សាសនិក​ជា​ច្រើន​ដែល​ជា​ជន​ជាតិ​យូដា​ពិបាក​ឈប់​ធ្វើ​តាម​ច្បាប់​របស់​ម៉ូសេ។ (​សកម្ម. ២១:២០​) ទោះ​ជា​ប៉ូល​ពូកែ​ជជែក​វែក​ញែក​ថា​ពួក​គ្រិស្ត​សាសនិក​មិន​នៅ​ក្រោម​ច្បាប់​ទៀត​ក៏​ដោយ នោះ​ពួក​គេ​ខ្លះ​បដិសេធ​ការ​វែក​ញែក​ដែល​គាត់​និយាយ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។ (​កូឡ. ២:១៣​-​១៥​) ពួក​គេ​ប្រហែលជា​គិត​ថា បើ​ពួក​គេ​បន្ត​ធ្វើ​តាម​ផ្នែក​ខ្លះ​នៃ​ច្បាប់ នោះ​ពួក​គេ​នឹង​មិន​មាន​ការ​បៀតបៀន​ប្រឆាំង​ពី​ពួក​អ្នក​កាន់​តាម​សាសនាយូដា​ឡើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ប៉ូល​បាន​សរសេរ​ទៅ​បង​ប្អូន​គ្រិស្ត​សាសនិក​ជា​ជន​ជាតិ​ហេប្រឺ និង​ប្រាប់​ពួក​គេ​យ៉ាង​ច្បាស់​ថា​ពួក​គេ​មិន​អាច​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​បាន​ទេ​បើ​ពួក​គេ​បន្ត​ប្រឆាំង​នឹង​គោល​បំណង​របស់​លោក។ * (​ហេ. ៤:១, ២,; សូម​អាន ហេប្រឺ ៤:១១) ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា ពួក​គេ​ត្រូវ​ទទួល​ស្គាល់​ថា​លោក​ចង់​ឲ្យ​រាស្ត្រ​របស់​លោក​គោរព​ប្រណិប័តន៍​លោក​តាម​របៀប​ផ្សេង​មួយ​ទៀត។

៩​. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ពេល​ក្រុម​នៃ​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ផ្លាស់​ប្ដូរ​ការ​ពន្យល់​ស្តី​អំពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ?

នៅ​សម័យ​នេះ ក្រុម​នៃ​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ជួយ​យើង​ឲ្យ​យល់​សេចក្ដី​បង្រៀន​មួយ​ចំនួន​ក្នុង​គម្ពីរ​ដែល​ផ្សេង​ពី​អ្វី​ដែល​យើង​ធ្លាប់​ជឿ​ពី​មុន។ យើង​គួរតែ​រីករាយ​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​នេះ ពីព្រោះ​អ្វី​ៗ​ទាំង​នេះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​កំពុង​ប្រើ​ក្រុម​នៃ​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ឲ្យ​បង្រៀន​សេចក្ដី​ពិត​ដល់​យើង។ ជួនកាល​គណៈ​អភិបាល​ដែល​ជា​តំណាង​របស់​ក្រុម​នៃ​«​ខ្ញុំ​បម្រើ​»​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា ពិនិត្យ​ឡើង​វិញ​នូវ​ការ​យល់​ដឹង​មួយ​ចំនួន​ស្តី​អំពី​សេចក្ដី​ពិត។ បើ​ពួក​គេ​សម្រេច​ចិត្ត​កែប្រែ​អ្វី​ដែល​ចាំ​បាច់ ពួក​គេ​មិន​ខ្លាច​កែ​សម្រួល​ការ​ពន្យល់​នៃ​សេចក្ដី​បង្រៀន​ខ្លះ​ដែល​មាន​នៅ​ពី​មុន ឬ​ធ្វើ​ឲ្យ​ការ​ពន្យល់​នោះ​ច្បាស់​ជាង​នោះ​ទេ។ ពួក​គេ​ដឹង​ថា​នឹង​មាន​អ្នក​ខ្លះ​រិះ​គន់​ពួក​គេ​ស្តី​អំពី​ការ​ផ្លាស់​ប្ដូរ​បែប​នេះ ប៉ុន្តែ​នេះ​មិន​មែន​ជា​អ្វី​ដែល​សំខាន់​សម្រាប់​ពួក​គេ​នោះ​ទេ។ អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ពួក​គេ​គឺ​ការ​សហការ​ជា​មួយ​នឹង​គោល​បំណង​របស់​ព្រះ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​ក្រុម​នៃ​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ផ្លាស់​ប្ដូរ​ការ​ពន្យល់​ខ្លះ​ស្តី​អំពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ?—សូម​អាន លូកា ៥:៣៩

១០, ១១​. ពេល​មាន​ការ​ណែនាំ​ស្តី​អំពី​របៀប​ផ្សព្វ​ផ្សាយ​ថ្មី តើ​ពួក​និស្សិត​គម្ពីរ​ខ្លះ​បាន​ធ្វើ​យ៉ាង​ណា? តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​ឧទាហរណ៍​នេះ?

១០ សូម​ឲ្យ​យើង​ពិចារណា​អំពី​ឧទាហរណ៍​មួយ​ទៀត។ នៅ​ចុង​សតវត្សរ៍​ទី​១៩ និង​ដើម​សតវត្សរ៍​ទី​២០ ពួក​និស្សិត​គម្ពីរ​មួយ​ចំនួន​ដែល​ជា​អ្នក​ពូកែ​ថ្លែង​សុន្ទរកថា​សាធារណៈ​បាន​គិត​ថា​ការ​ថ្លែង​សុន្ទរកថា​គឺជា​វិធី​ដែល​ល្អ​បំផុត​ដើម្បី​ផ្សព្វ​ផ្សាយ។ ពួក​គេ​ចូល​ចិត្ត​ថ្លែង​សុន្ទរកថា​នៅ​មុខ​មនុស្ស ហើយ​ពួក​គេ​ខ្លះ​ក៏​ចូល​ចិត្ត​ឲ្យ​មនុស្ស​ឯ​ទៀត​សរសើរ​ពួក​គេ​ដែរ។ ក៏​ប៉ុន្តែ ក្រោយ​មក​រាស្ត្រ​របស់​ព្រះ​បាន​យល់​កាន់​តែ​ច្បាស់​ថា ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​គេ​ធ្វើ​អ្វី​ច្រើន​ជាង​ការ​ថ្លែង​សុន្ទរកថា​នេះ​ទៅ​ទៀត គឺ​កិច្ចការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ និង​ផ្សព្វ​ផ្សាយ​តាម​វិធី​ផ្សេង​ៗ​ទៀត។ ពួក​គេ​ខ្លះ​ដែល​ពូកែ​ថ្លែង​សុន្ទរកថា​មិន​ព្រម​ធ្វើ​តាម​ការ​ណែនាំ​នេះ​ឡើយ។ បើ​មើល​ពី​ខាង​ក្រៅ​ពួក​គេ​ជា​អ្នក​ដែល​ស្រឡាញ់​និង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ប៉ុន្តែ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ក្នុង​កាលៈទេសៈ​នេះ​មិន​បង្ហាញ​ដូច្នេះ​ទេ។ តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ពួក​គេ? លោក​មិន​បាន​ឲ្យ​ពរ​ដល់​ពួក​គេ​ទេ។ ជា​លទ្ធផល ពួក​គេ​បាន​ចាក​ចេញ​ពី​អង្គការ​របស់​លោក។—ម៉ាថ. ១០:១​-​៦; សកម្ម. ៥:៤២; ២០:២០

១១ ប៉ុន្តែ នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ឲ្យ​ពួក​អ្នក​ដែល​នៅ​ស្មោះ​ត្រង់​ចំពោះ​អង្គការ​របស់​ព្រះ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ឡើយ។ បង​ប្អូន​ជា​ច្រើន​យល់​ថា​កិច្ចការ​នេះ​ជា​ការ​ពិបាក​មួយ ជា​ពិសេស​នៅ​ពេល​ដែល​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​នេះ​ជា​លើក​ដំបូង។ ប៉ុន្តែ​ពួក​គាត់​បាន​ស្ដាប់​បង្គាប់​តាម​ការ​ណែនាំ​នោះ។ នៅ​ពេល​ក្រោយ​មក ពួក​គេ​បាន​យក​ឈ្នះ​ការ​ពិបាក​នោះ ហើយ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​ពួក​គាត់​យ៉ាង​បរិបូរ។ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​ពេល​ក្រុម​នៃ​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ប្រាប់​អ្នក​ឲ្យ​ផ្សព្វ​ផ្សាយ​តាម​វិធី​មួយ​ដែល​អ្នក​មិន​ដែល​ធ្វើ​ពី​មុន​មក​នោះ? តើ​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​តាម​ការ​រៀប​ចំ​ថ្មី​នោះ​ឬ​ទេ?

ពេល​បុគ្គល​ដែល​យើង​ស្រឡាញ់​ឈប់​បម្រើ​ព្រះ​យេហូវ៉ា

១២, ១៣​. (​ក​) តើ​អ្វី​ជា​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បណ្ដាច់​មិត្តភាព​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ព្រម​កែប្រែ? (​ខ​)​ តើ​ឪពុក​ម្ដាយ​គ្រិស្ត​សាសនិក​ត្រូវ​ជួប​ការ​ល្បង​ល​អ្វី? ហើយ​ហេតុ​អ្វី​ការ​ល្បង​ល​នេះ​ជា​ការ​ពិបាក​ម្ល៉េះ?

១២ យើង​ប្រាកដជា​យល់​ស្រប​នឹង​គោលការណ៍​ដែល​ថា យើង​ត្រូវ​មាន​ភាព​ស្អាត​ស្អំ​ខាង​រូប​កាយ ខាង​សីលធម៌ និង​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ ទើប​លោក​ពេញ​ចិត្ត​នឹង​យើង។ (​សូម​អាន ទីតុស ២:​១៤) ប៉ុន្តែ​មាន​កាលៈទេសៈ​ខ្លះ​ដែល​នឹង​ល្បង​ល​ភក្ដីភាព​របស់​យើង​ចំពោះ​គោល​បំណង​មួយ​នេះ​របស់​ព្រះ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​កាលៈទេសៈ​នេះ​៖ គូ​ស្វាមីភរិយា​គ្រិស្ត​សាសនិក​មាន​កូន​ប្រុស​តែ​មួយ ហើយ​កូន​នោះ​ចាក​ចេញ​ពី​សេចក្ដី​ពិត។ គាត់​ជ្រើស​រើស​ការ​«​សប្បាយ​មួយ​រយៈ​ពេល​ខ្លី​នឹង​អំពើ​ខុស​ឆ្គង​»​ ជា​ជាង​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា និង​ឪពុក​ម្ដាយ​ដែល​គោរព​ប្រណិប័តន៍​លោក។ ដូច្នេះ​ក្មេង​ប្រុស​នេះ​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ពី​ក្រុម​ជំនុំ។—ហេ. ១១:២៥

១៣ ឪពុក​ម្ដាយ​របស់​គាត់​ពិត​ជា​ឈឺ​ចិត្ត​ខ្លាំង​ណាស់! ស្តី​អំពី​ការ​បណ្ដាច់​មិត្តភាព ពួក​គាត់​ពិត​ជា​ដឹង​អំពី​អ្វី​ដែល​គម្ពីរ​ចែង​ថា​៖ ​«​ឲ្យ​ឈប់​ចូល​លាយឡំ​ជា​មួយ​នឹង​អ្នក​ណា​ដែល​មាន​ឈ្មោះ​ថា​ជា​បង​ប្អូន​រួម​ជំនឿ ដែល​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ជា​អ្នក​លោភ​លន់ អ្នក​គោរព​បូជា​រូប​ព្រះ អ្នក​ជេរ​ប្រមាថ អ្នក​ប្រមឹក​ស្រា អ្នក​គំរាម​យក​ទ្រព្យ សូម្បី​តែ​បរិភោគ ក៏​កុំ​បរិភោគ​ជា​មួយ​នឹង​មនុស្ស​បែប​នោះ​ដែរ​»។ (​១កូ. ៥:​១១, ១៣​) ពួក​គាត់​ទទួល​ស្គាល់​ថា​ពាក្យ​«​អ្នក​ណា​»​ក្នុង​ខ​នេះ​ក៏​រួម​បញ្ចូល​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ដែល​មិន​រស់​នៅ​ផ្ទះ​ជា​មួយ​គ្នា​ដែរ។ ប៉ុន្តែ ពួក​គាត់​ស្រឡាញ់​កូន​ខ្លាំង​ណាស់! ដោយ​សារ​សេចក្ដី​ស្រឡាញ់​នោះ​ប្រហែលជា​នាំ​ឲ្យ​ពួក​គាត់​វែក​ញែក​ថា​៖ ‹បើ​យើង​ដាក់​កម្រិត​ទៅ​លើ​ការ​សេពគប់​របស់​យើង​ចំពោះ​កូន តើ​យើង​អាច​ជួយ​កូន​ប្រុស​របស់​យើង​ឲ្យ​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ​យ៉ាង​ដូច​ម្ដេច​បាន? យើង​អាច​ជួយ​គាត់​បាន​ច្រើន​ជាង​ដោយ​ទាក់​ទង​ជា​មួយ​គាត់​ជា​ទៀង​ទាត់ មែន​ទេ?›។ *

១៤, ១៥​. ពេល​សម្រេច​ចិត្ត​ស្តី​អំពី​ការ​ទាក់​ទង​ជា​មួយ​កូន​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព តើ​ឪពុក​ម្ដាយ​ត្រូវ​ចាំ​អំពី​អ្វី?

១៤ ពេល​ឃើញ​ឪពុក​ម្ដាយ​ទាំង​នោះ​ឈឺ​ចិត្ត យើង​ពិបាក​ចិត្ត​ណាស់! កូន​ប្រុស​របស់​ពួក​គាត់​មាន​ជម្រើស​ដើម្បី​កែប្រែ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ។ ប៉ុន្តែ​កូន​នោះ​ចង់​បន្ត​ធ្វើ​អ្វី​ដែល​ខុស​ឆ្គង​ច្រើន​ជាង​ចង់​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ឪពុក​ម្ដាយ​និង​បង​ប្អូន​រួម​ជំនឿ​ឯ​ទៀត។ ម្យ៉ាង​ទៀត ឪពុក​ម្ដាយ​ចង់​ជួយ​កូន តែ​ពួក​គាត់​មិន​អាច​ត្រួត​ត្រា​លើ​ការ​សម្រេច​ចិត្ត​របស់​កូន​នោះ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​យល់​ពី​មូលហេតុ​ដែល​ពួក​គាត់​ឈឺ​ចិត្ត​ខ្លាំង​ណាស់!

១៥ ប៉ុន្តែ តើ​ឪពុក​ម្ដាយ​ជា​ទី​ស្រឡាញ់​ទាំង​នេះ​នឹង​ធ្វើ​យ៉ាង​ណា? តើ​ពួក​គាត់​នឹង​ធ្វើ​តាម​ការ​ណែនាំ​យ៉ាង​ច្បាស់​ពី​ព្រះ​យេហូវ៉ា​ឬ​ទេ? ឬ​ក៏​តើ​ពួក​គាត់​នឹង​វែក​ញែក​ថា​ពួក​គាត់​អាច​សេពគប់​ជា​ទៀង​ទាត់​ជា​មួយ​កូន​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព ហើយ​ដោះ​សា​ថា​ពេល​វេលា​នោះ​ជា​ពេល​ដែល​ពួក​គាត់​ត្រូវ​និយាយ​អំពី​រឿង​សំខាន់​ចាំ​បាច់​ជា​មួយ​កូន​ឬ​ទេ? ក្នុង​ការ​សម្រេច​ចិត្ត ពួក​គាត់​មិន​ត្រូវ​ភ្លេច​គិត​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ដែល​ពួក​គាត់​កំពុង​ធ្វើ​នោះ​ទេ។ គោល​បំណង​របស់​លោក​គឺ​ចង់​ឲ្យ​អង្គការ​របស់​លោក​នៅ​ស្អាត​ស្អំ ហើយ​បើ​អាច​ធ្វើ​បាន​គឺ​ដើម្បី​ជំរុញ​អ្នក​ដែល​ធ្វើ​ខុស​ឲ្យ​ត្រឡប់​មក​វិញ។ តើ​ឪពុក​ម្ដាយ​ដែល​ជា​គ្រិស្ត​សាសនិក​គាំទ្រ​គោល​បំណង​នេះ​យ៉ាង​ដូច​ម្ដេច?

១៦, ១៧​. ដោយ​រំពឹង​គិត​អំពី​គំរូ​របស់​អេរ៉ុន តើ​យើង​អាច​ទាញ​មេរៀន​អ្វី?

១៦ អេរ៉ុន​ដែល​ជា​បង​ប្រុស​របស់​ម៉ូសេ បាន​ជួប​នឹង​ស្ថានភាព​ដ៏​ពិបាក​មួយ​ស្តី​អំពី​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​គាត់។ សូម​គិត​អំពី​អារម្មណ៍​របស់​គាត់ ពេល​ដែល​កូន​ប្រុស​របស់​គាត់​ណា​ដាប​និង​អ័ប៊ីហ៊ូវ​បាន​យក​ភ្លើង​ដទៃ​ជូន​ដល់​ព្រះ​យេហូវ៉ា ហើយ​លោក​បាន​វាយ​សម្លាប់​ពួក​គេ។ សូម​ស្រមៃ​គិត​ថា​អេរ៉ុន​ឈឺ​ចាប់​ប៉ុណ្ណា ពីព្រោះ​គាត់​មិន​អាច​ទាក់​ទង​ជា​មួយ​កូន​ៗ​របស់​គាត់​ទៀត​ឡើយ។ ប៉ុន្តែ​មិន​ទាន់​អស់​ទេ។ ព្រះ​យេហូវ៉ា​បាន​ណែនាំ​អេរ៉ុន​និង​កូន​ៗ​ស្មោះ​ត្រង់​របស់​គាត់​ថា​៖ ​«​កុំ​ឲ្យ​អ្នក​រាល់​គ្នា​បើក​ក្បាល​ឲ្យ​នៅ​ទទេ​ឡើយ ក៏​កុំ​ហែក​សំ​លៀក​បំពាក់​ខ្លួន​ដែរ​[​ដើម្បី​កាន់​ទុក្ខ​] ក្រែង​លោ​ស្លាប់ ហើយ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទ្រង់​ខ្ញាល់​នឹង​ពួក​ជំនុំ​ទាំង​អស់​គ្នា​ផង​»។ (​លេវី. ១០:១​-​៦​) នេះ​បាន​ផ្ដល់​មេរៀន​យ៉ាង​ច្បាស់ គឺ​យើង​ត្រូវ​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ជាង​សមាជិក​គ្រួសារ​ដែល​មិន​ស្មោះ​ត្រង់​ចំពោះ​លោក។

១៧ សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​មិន​សម្លាប់​ពួក​អ្នក​ដែល​មិន​ធ្វើ​តាម​ច្បាប់​របស់​លោក​ភ្លាម​ៗ​នោះ​ទេ។ ដោយ​សេចក្ដី​ស្រឡាញ់ លោក​បាន​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​ប្រែ​ចិត្ត​ពី​ការ​ប្រព្រឹត្ត​អាក្រក់​ទាំង​នោះ។ ក៏​ប៉ុន្តែ បើ​ឪពុក​ម្ដាយ​មាន​កូន​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព ហើយ​នៅ​តែ​ទាក់​ទង​ដោយ​មិន​មាន​ការ​ចាំ​បាច់​ជា​មួយ​កូន​នោះ នេះ​ហាក់​ដូច​ជា​ពួក​គាត់​ខំ​ល្បង​ល​ព្រះ​យេហូវ៉ា។ ដូច្នេះ តើ​ព្រះ​យេហូវ៉ា​នឹង​មាន​អារម្មណ៍​យ៉ាង​ណា?

១៨, ១៩​. តើ​សមាជិក​គ្រួសារ​ដែល​សហការ​ជា​មួយ​នឹង​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​ការ​បណ្ដាច់​មិត្តភាព​អាច​ទទួល​ពរ​អ្វី​ខ្លះ?

១៨ បង​ប្អូន​ជា​ច្រើន​ដែល​ធ្លាប់​បណ្ដាច់​មិត្តភាព​បាន​សារភាព​ថា ពួក​គេ​បាន​ត្រឡប់​មក​ក្នុង​ក្រុម​ជំនុំ​វិញ​ដោយ​សារ​មិត្ត​ភក្ដិ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​បន្ត​ស្មោះ​ត្រង់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​មិន​ព្រម​និយាយ​ជា​មួយ​ពួក​គេ​ទេ។ ជា​ឧទាហរណ៍ ក្នុង​ការ​អនុញ្ញាត​ឲ្យ​ប្អូន​ស្រី​ម្នាក់​មាន​មិត្តភាព​ជា​មួយ​ក្រុម​ជំនុំ​វិញ អ្នក​ចាស់​ទុំ​ម្នាក់​បាន​សរសេរ​ថា នាង​បាន​ធ្វើ​ឲ្យ​ជីវិត​ស្អាត​ស្អំ​ឡើង​វិញ​«​ដោយ​សារ​បង​ប្រុស​របស់​នាង​គោរព​តាម​របៀប​រៀប​ចំ​ស្តី​អំពី​ការ​បណ្ដាច់​មិត្តភាព​»។ នាង​បាន​និយាយ​ថា​៖ ​«​ចិត្ត​ស្មោះ​ត្រង់​របស់​បង​ប្រុស​ខ្ញុំ​ក្នុង​ការ​កាន់​តាម​ការ​ណែនាំ​ពី​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​ចង់​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ​»។

១៩ ដូច្នេះ​តើ​យើង​ត្រូវ​ធ្វើ​អ្វី? យើង​ត្រូវ​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទំនោរ​ចិត្ត​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង​ដែល​ចង់​តែ​បះបោរ​ប្រឆាំង​នឹង​ឱវាទ​ក្នុង​គម្ពីរ។ យើង​ត្រូវ​តែ​ជឿ​ទុក​ចិត្ត​ទាំង​ស្រុង​ថា​វិធី​ដែល​ព្រះ​ប្រើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​យើង​តែង​តែ​ជា​វិធី​ដ៏​ល្អ​បំផុត។

«​បណ្ដាំ​របស់​ព្រះ​គឺ​មាន​ជីវិត​រស់​នៅ​»​

២០​. តើ​យើង​អាច​យល់​ហេប្រឺ ៤:១២​តាម​វិធី​ពីរ​យ៉ាង​អ្វី? (​សូម​មើល​កំណត់​សម្គាល់​)

២០ ពេល​ប៉ូល​សរសេរ​ថា​៖ ​«​បណ្ដាំ​របស់​ព្រះ​គឺ​មាន​ជីវិត​រស់​នៅ​»​ គាត់​មិន​បាន​សំដៅ​ទៅ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​ជា​លាយ​លក្ខណ៍​អក្សរ​នោះ​ទេ។ * បរិបទ​បង្ហាញ​ថា​គាត់​បាន​សំដៅ​ទៅ​លើ​សេចក្ដី​សន្យា​ក្នុង​បណ្ដាំ​របស់​ព្រះ​វិញ។ ចំណុច​សំខាន់​ដែល​ប៉ូល​បាន​លើក​ឡើង​គឺ​ព្រះ​តែង​តែ​ធ្វើ​តាម​ការ​សន្យា​របស់​លោក។ ព្រះ​យេហូវ៉ា​បញ្ជាក់​អំពី​រឿង​នេះ​តាម​រយៈ​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ថា​៖ ​«​ពាក្យ​អញ . . . មិន​ដែល​វិល​មក​ឯ​អញ​វិញ​ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង . . . ចំ​រើ​ន​កើន​ឡើង​ក្នុង​ការ​អ្វី​ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ​»។ (​អេ. ៥៥:១១​) យ៉ាង​នេះ យើង​មិន​ចាំ​បាច់​ច្រាស់​ច្រាល់​ពេល​ដែល​អ្វី​ៗ​មិន​ដំណើរ​ការ​លឿន​តាម​ការ​គិត​របស់​យើង​នោះ​ទេ។ យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា​ព្រះ​យេហូវ៉ា​«​នៅ​តែ​ធ្វើ​ការ​»​ដើម្បី​បំពេញ​គោល​បំណង​របស់​លោក។—យ៉ូន. ៥:១៧

២១​. តើ​ហេប្រឺ ៤:១២​អាច​ជួយ​បង​ប្អូន​វ័យ​ចាស់​ឲ្យ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

២១ បង​ប្អូន​ជា​ច្រើន​នៃ​«​មនុស្ស​មួយ​ក្រុម​ធំ​»​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​រាប់​សិប​ឆ្នាំ​មក​ហើយ។ (​បប. ៧:៩​) បង​ប្អូន​ជា​ច្រើន​មិន​ដែល​គិត​ថា​ពួក​គេ​នឹង​ទៅ​ជា​ចាស់​ក្នុង​របៀប​របប​ពិភព​លោក​នេះ​ទេ។ ប៉ុន្តែ ពួក​គេ​មិន​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ (​ទំនុក. ៩២:១៤​) ពួក​គេ​ទទួល​ស្គាល់​ថា​សេចក្ដី​សន្យា​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ​គឺ​មាន​ជីវិត​រស់​នៅ ហើយ​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​ការ​ដើម្បី​សម្រេច​គោល​បំណង​នោះ។ ដោយ​សារ​គោល​បំណង​នេះ​សំខាន់​ចំពោះ​លោក លោក​ក៏​រីករាយ​ពេល​ដែល​យើង​បង្ហាញ​ថា​គោល​បំណង​របស់​លោក​សំខាន់​ចំពោះ​យើង​ដែរ។ ក្នុង​អំឡុង​ថ្ងៃ​ទី​៧ ព្រះ​យេហូវ៉ា​បាន​សម្រាក​មែន ដោយ​ដឹង​ថា​គោល​បំណង​របស់​លោក​នឹង​ត្រូវ​សម្រេច ហើយ​ថា​រាស្ត្រ​របស់​លោក​នឹង​គាំទ្រ​គោល​បំណង​នោះ។ ចុះ​អ្នក​វិញ? តើ​អ្នក​បាន​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​ហើយ​ឬ​នៅ?

[​កំណត់​សម្គាល់​]

^ វគ្គ 8 មេ​ដឹក​នាំ​សាសនាយូដា​ជា​ច្រើន​នាក់​ខំ​ធ្វើ​តាម​រាល់​ចំណុច​ដែល​មាន​ក្នុង​ច្បាប់​របស់​ម៉ូសេ។ ប៉ុន្តែ ពេល​ដែល​លោក​យេស៊ូ​មក​ផែនដី ពួក​គេ​មិន​ចង់​ជឿ​ថា​លោក​ជា​មេស្ស៊ី​នោះ​ទេ។ ដោយ​ធ្វើ​ដូច្នេះ​ពួក​គេ​បាន​ប្រឆាំង​នឹង​គោល​បំណង​របស់​ព្រះ។

^ វគ្គ 13 សូម​មើល​កិច្ច​បំរើ​ព្រះរាជាណាចក្រ​យើង ខែ​សីហា ឆ្នាំ​២០០២ ទំព័រ​៣​-​៤

^ វគ្គ 20 សព្វ​ថ្ងៃ​នេះ ព្រះ​មាន​ប្រសាសន៍​មក​យើង​តាម​រយៈ​បណ្ដាំ​របស់​លោក​ជា​លាយ​លក្ខណ៍​អក្សរ ដែល​មាន​ឫទ្ធានុភាព​ដើម្បី​ផ្លាស់​ប្ដូរ​ជីវិត​យើង។ ដូច្នេះ ពាក្យ​របស់​ប៉ូល​ដែល​បាន​កត់​ទុក​នៅ​ហេប្រឺ ៤:១២​ក៏​ទាក់​ទង​នឹង​គម្ពីរ​ដែរ។

តើ​អ្នក​ចាំ​ឬ​ទេ?

• តើ​យើង​ត្រូវ​ធ្វើ​អ្វី​ជា​ចាំ​បាច់​ដើម្បី​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ?

• តើ​គោល​បំណង​របស់​ព្រះ​និង​ការ​ស្ម័គ្រ​ចិត្ត​ទទួល​ការ​កែ​តម្រង់​ទាក់​ទង​គ្នា​យ៉ាង​ណា?

• តើ​ក្នុង​ស្ថានភាព​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ? ប៉ុន្តែ ហេតុ​អ្វី​ជា​ការ​ចាំ​បាច់​ដែល​យើង​ត្រូវ​ចេះ​ស្ដាប់​បង្គាប់?

• តើ​យើង​អាច​យល់​ហេប្រឺ ៤:១២​តាម​វិធី​ពីរ​យ៉ាង​អ្វី?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៩​]

ឪពុក​ម្ដាយ​ពិត​ជា​ឈឺ​ចិត្ត​ខ្លាំង​ណាស់!