ហេតុអ្វីព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់និងទុក្ខវេទនា?
សូមរៀនពីបណ្ដាំរបស់ព្រះ
ហេតុអ្វីព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់និងទុក្ខវេទនា?
អត្ថបទនេះលើកឡើងនូវសំណួរមួយចំនួនដែលអ្នកប្រហែលជាធ្លាប់សួរ ហើយបង្ហាញចម្លើយដែលអ្នកអាចអានពីគម្ពីររបស់អ្នក។ សាក្សីព្រះយេហូវ៉ានឹងរីករាយពិភាក្សាចម្លើយទាំងនេះជាមួយនឹងអ្នក។
១. តើអំពើអាក្រក់ចាប់ផ្ដើមមានយ៉ាងដូចម្ដេច?
អំពើអាក្រក់ចាប់ផ្ដើមមាននៅលើផែនដីពេលដែលសាថាននិយាយពាក្យភូតកុហកជាលើកដំបូង។ ពេលព្រះបង្កើតសាថានមក វាមិនមែនជាបុគ្គលដែលអាក្រក់នោះទេ។ នៅពេលនោះវាជាទេវតាល្អឥតខ្ចោះមួយរូប ប៉ុន្តែវា«មិនបាននៅជាប់នឹងសេចក្ដីពិតឡើយ»។ (យ៉ូហាន ៨:៤៤) វាដឹងថាមនុស្សត្រូវតែគោរពប្រណិប័តន៍ព្រះតែប៉ុណ្ណោះ ប៉ុន្តែវាចង់ឲ្យពួកគេគោរពបូជាវាវិញ។ ដូច្នេះ វាបាននិយាយកុហកនាងអេវ៉ាដែលជាស្ត្រីដំបូង ហើយបញ្ចុះបញ្ចូលនាងឲ្យស្ដាប់បង្គាប់វាជាជាងព្រះទៅវិញ។ អាដាមក៏បានចូលរួមក្នុងការមិនស្ដាប់បង្គាប់ព្រះដែរ។ ការសម្រេចចិត្តរបស់អាដាមបាននាំឲ្យមនុស្សមានទុក្ខវេទនានិងសេចក្ដីស្លាប់។—សូមអាន លោកុប្បត្តិ ៣:១-៦, ១៧-១៩
ពេលសាថានលើកទឹកចិត្តនាងអេវ៉ាឲ្យឈប់ស្ដាប់បង្គាប់ព្រះ នោះវាបានតាំងខ្លួនប្រឆាំងនឹងសិទ្ធិគ្រប់គ្រងរបស់លោក។ មនុស្សភាគច្រើនបានចូលរួមជាមួយសាថានក្នុងការបដិសេធព្រះជាអ្នកគ្រប់គ្រង។ យ៉ាងនេះ សាថានបានក្លាយទៅជា«អ្នកគ្រប់គ្រងពិភពលោកនេះ»។—សូមអាន យ៉ូហាន ១៤:៣០; ការបើកបង្ហាញ ១២:៩
២. តើអ្វីៗដែលព្រះបានបង្កើតគឺមិនល្អឥតខ្ចោះឬ?
មនុស្សនិងទេវតាដែលព្រះបានបង្កើតគឺមានសមត្ថភាពល្អឥតខ្ចោះដើម្បីធ្វើតាមតម្រូវការរបស់លោក។ (ចោទិយកថា ៣២:៤, ៥) ព្រះបានបង្កើតយើងមកឲ្យមានសេរីភាពក្នុងការសម្រេចចិត្តធ្វើអ្វីដែលល្អឬអ្វីដែលអាក្រក់។ សេរីភាពនេះបានផ្ដល់ឱកាសឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ។—សូមអាន យ៉ាកុប ១:១៣-១៥; យ៉ូហានទី១ ៥:៣
៣. ហេតុអ្វីព្រះអនុញ្ញាតឲ្យមានទុក្ខវេទនា?
ព្រះយេហូវ៉ាបានអត់ទ្រាំចំពោះការបះបោរដែលប្រឆាំងនឹងសិទ្ធិគ្រប់គ្រងរបស់លោកអស់មួយរយៈពេល។ ហេតុអ្វី? គឺដើម្បីបង្ហាញថាការគ្រប់គ្រងណាដែលមិនពឹងផ្អែកលើលោក មិននាំឲ្យមានប្រយោជន៍ដល់មនុស្សទេ។ (យេរេមា ១០:២៣) ក្រោយពី៦.០០០ឆ្នាំនៃប្រវត្ដិសាស្ត្រមនុស្សជាតិ រឿងនេះបានត្រូវបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ការគ្រប់គ្រងរបស់មនុស្សមិនបានលុបបំបាត់សង្គ្រាម ឧក្រិដ្ឋកម្ម ភាពអយុត្ដិធម៌ និងជំងឺនោះទេ។—សូមអាន សាស្ដា ៧:២៩; ៨:៩; រ៉ូម ៩:១៧
ផ្ទុយទៅវិញ ពួកអ្នកដែលអនុញ្ញាតឲ្យព្រះធ្វើជាអ្នកគ្រប់គ្រងលើពួកគេអាចទទួលប្រយោជន៍ដោយផ្ទាល់បាន។ (អេសាយ ៤៨:១៧, ១៨) បន្ដិចទៀត ព្រះយេហូវ៉ានឹងធ្វើឲ្យការគ្រប់គ្រងទាំងអស់របស់មនុស្សលែងមានទៀត។ មានតែពួកអ្នកដែលឲ្យព្រះគ្រប់គ្រងលើពួកគេទេដែលនឹងរស់នៅលើផែនដី។—អេសាយ ២:៣, ៤; ១១:៩; សូមអាន ដានីយ៉ែល ២:៤៤
៤. តើការអត់ធ្មត់របស់ព្រះនាំឲ្យយើងមានឱកាស ដើម្បីធ្វើអ្វី?
សាថានបានអះអាងថាមនុស្សមិនមានចិត្តស្មោះត្រង់ និងមិនមានភក្ដីភាពចំពោះព្រះយេហូវ៉ាទេ។ ការអត់ធ្មត់របស់ព្រះអនុញ្ញាតឲ្យយើងទាំងអស់គ្នាមានឱកាសបង្ហាញថាយើងចង់ឲ្យព្រះជាអ្នកគ្រប់គ្រង ឬចង់ឲ្យមនុស្សជាអ្នកគ្រប់គ្រងវិញ។ យើងបង្ហាញអំពីការសម្រេចចិត្តរបស់យើងតាមរយៈរបៀបដែលយើងរស់នៅ។—សូមអាន យ៉ូប ១:៨-១១; សុភាសិត ២៧:១១
៥. តើយើងបង្ហាញថាយើងចង់ឲ្យព្រះធ្វើជាអ្នកគ្រប់គ្រង របស់យើងយ៉ាងដូចម្ដេច?
យើងបង្ហាញថាយើងចង់ឲ្យព្រះធ្វើជាអ្នកគ្រប់គ្រង ពេលយើងស្វែងរកនិងប្រព្រឹត្តតាមការគោរពប្រណិប័តន៍ពិតដែលមានមូលដ្ឋានលើគម្ពីរដែលជាបណ្ដាំរបស់លោក។ (យ៉ូហាន ៤:២៣) យើងក៏ជៀសវាងពីការចូលរួមក្នុងរឿងនយោបាយ និងសង្គ្រាម ដូចលោកយេស៊ូបានធ្វើដែរ។—សូមអាន យ៉ូហាន ១៧:១៤
សាថានប្រើអំណាចរបស់វាដើម្បីលើកតម្កើងអំពើប្រាសចាកសីលធម៌ និងការប្រព្រឹត្តដែលនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ ពេលយើងបដិសេធការប្រព្រឹត្តទាំងនោះ មិត្តភក្ដិ និងសាច់ញាតិរបស់យើងខ្លះអាចសើចចំអក ឬបៀតបៀនយើង។ (ពេត្រុសទី១ ៤:៣, ៤) ដូច្នេះ យើងត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយ គឺតើយើងនឹងសេពគប់ជាមួយពួកអ្នកដែលស្រឡាញ់ព្រះឬទេ? តើយើងនឹងធ្វើតាមច្បាប់របស់លោកដែលនាំឲ្យយើងទទួលប្រយោជន៍ និងប្រកបដោយសេចក្ដីស្រឡាញ់ឬទេ? បើយើងព្រមធ្វើដូច្នេះមែន យើងសឲ្យឃើញថាសាថានបាននិយាយភូតកុហកហើយ ពីព្រោះវាបានអះអាងថាគ្មាននរណាម្នាក់នឹងធ្វើតាមបង្គាប់របស់ព្រះទេ។—សូមអាន កូរិនថូសទី១ ៦:៩, ១០; ១៥:៣៣
ដើម្បីទទួលព័ត៌មានបន្ថែម សូមមើលជំពូកទី១១នៃសៀវភៅនេះ ដែលបានត្រូវបោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
[រូបភាពនៅទំព័រ៣១]
អាដាមបានធ្វើការសម្រេចចិត្តដ៏អាក្រក់មួយ
[រូបភាពនៅទំព័រ៣២]
ការសម្រេចចិត្តរបស់យើងបង្ហាញថា យើងចង់ឲ្យព្រះគ្រប់គ្រងលើយើងឬយ៉ាងណា