លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការរស់នៅស្របតាមលទ្ធភាពរបស់ខ្លួន តើអាចធ្វើបានយ៉ាងដូចម្ដេច?

ការរស់នៅស្របតាមលទ្ធភាពរបស់ខ្លួន តើអាចធ្វើបានយ៉ាងដូចម្ដេច?

សូម​ស្រមៃ​គិត​ថា អ្នក​មាន​ពាង​មួយ​ដែល​មាន​ទឹក​ពេញ ហើយ​អ្នក​មាន​ភារកិច្ច​ធ្វើ​ឲ្យ​ពាង​នោះ​មាន​ទឹក​ពេញ​រហូត។ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ពាង​នោះ​មាន​ទឹក​ពេញ​ជា​និច្ច? អ្នក​ត្រូវ​តែ​ដង​ទឹក​ចាក់​ថែម​ពេល​ដែល​គេ​ប្រើ​ទឹក​ក្នុង​ពាង​នោះ មែន​ទេ? បើ​ចំនួន​ទឹក​ដែល​អ្នក​ចាក់​យ៉ាង​ហោច​ណាស់​ស្មើ​នឹង​ចំនួន​ទឹក​ដែល​គេ​ប្រើ នោះ​អ្នក​អាច​ធ្វើ​ឲ្យ​ពាង​មាន​ទឹក​ពេញ​រហូត​បាន។

ឧទាហរណ៍​នេះ​បញ្ជាក់​អំពី​ការ​រស់​នៅ​ស្រប​តាម​លទ្ធភាព​របស់​អ្នក។ ប្រាក់​ចំណូល​របស់​អ្នក​ប្រៀប​ដូច​ជា​ការ​ដង​ទឹក​ចាក់​ក្នុង​ពាង។ ប្រាក់​ចំណាយ​ប្រៀប​ដូច​ជា​ការ​ប្រើ​ទឹក​ក្នុង​ពាង​នោះ។ ដូច្នេះ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​កុំ​ឲ្យ​ចំណាយ​ច្រើន​ជាង​ចំណូល។

ទោះ​ជា​យោបល់​នេះ​ស្ដាប់​ទៅ​ស្រួល​ធ្វើ​តាម​ក៏​ដោយ តែ​ការ​ធ្វើ​តាម​និង​ការ​ទទួល​ប្រយោជន៍​ពី​យោបល់​នេះ គឺ​មិន​ងាយ​ស្រួល​ទេ។ ប៉ុន្តែ បើ​មនុស្ស​ទូទៅ​ព្យាយាម​ធ្វើ​តាម​យោបល់​ខាង​លើ​នេះ ពួក​គេ​នឹង​រួច​ផុត​ពី​បញ្ហា​ខាង​លុយ​កាក់​ជា​មិន​ខាន។ តើ​ពួក​គេ​អាច​ធ្វើ​បែប​នេះ​យ៉ាង​ដូច​ម្ដេច​បាន? តើ​យើង​អាច​រក​ឃើញ​ការ​ណែនាំ​ដែល​ពិត​ជា​មាន​ប្រយោជន៍​ពី​កន្លែង​ណា? គម្ពីរ​គឺជា​ប្រភព​ព័ត៌មាន​ដែល​អាច​ជួយ​យើង​យ៉ាង​ច្រើន​ស្តី​អំពី​រឿង​នេះ។ ដូច្នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ជា​សង្ខេប​នូវ​គោលការណ៍​ខ្លះ​ៗ។

គោលការណ៍​គម្ពីរ​អាច​ជួយ​អ្នក​បាន

គម្ពីរ​មាន​គោលការណ៍​ដែល​មាន​ប្រយោជន៍​ជា​ច្រើន​ដែល​អាច​ជួយ​អ្នក​ឲ្យ​ចេះ​ចាត់​ចែង​លុយ​កាក់​របស់​អ្នក។ យើង​នឹង​ពិចារណា​គោល​ការណ៍​ខ្លះ​ៗ​ទាំង​នេះ។ យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​ពិនិត្យ​មើល​គោល​ការណ៍​ដូច​ត​ទៅ​នេះ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​រស់​នៅ​ស្រប​តាម​លទ្ធភាព​របស់​អ្នក។

ចូរ​មាន​គម្រោង​ក្នុង​ការ​ចំណាយ។

ដើម្បី​ចាត់​ចែង​លុយ​កាក់​ឲ្យ​បាន​ល្អ អ្នក​ត្រូវ​ដឹង​ថា​ចំណូល​របស់​អ្នក​មាន​ប៉ុន្មាន ហើយ​អ្នក​ចាយ​ទៅ​លើ​អ្វី​ខ្លះ។ គម្ពីរ​ចែង​ថា​៖ ​«​គំនិត​របស់​មនុស្ស​ឧស្សាហ៍ នោះ​នាំ​ឲ្យ​បាន​បរិបូរ​ឡើង​តែ​ម្យ៉ាង តែ​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​រលះ​រលាំង នោះ​នឹង​បាន​តែ​សេចក្ដី​ខ្វះ​ខាត​វិញ​»។ (​សុភាសិត ២១:​៥​) អ្នក​ខ្លះ​ប្រើ​ស្រោម​សំបុត្រ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ចាត់​ចែង​ចំណាយ​ផ្សេង​ៗ។ ស្រោម​សំបុត្រ​នីមួយ​ៗ​មាន​ចំណាយ​សម្រាប់​ផ្នែក​ផ្សេង​ៗ ដូច​ជា​«​ម្ហូប​»​ ​«​ឈ្នួល​ផ្ទះ​»​ ឬ​«​សម្លៀក​បំពាក់​»​ជា​ដើម។ មិន​ថា​អ្នក​ប្រើ​វិធី​នេះ​ឬ​វិធី​ផ្សេង​ទៀត​ក្ដី អ្វី​ដែល​សំខាន់​គឺ​អ្នក​ដឹង​ថា​លុយ​របស់​អ្នក​បាន​ចំណាយ​លើ​អ្វី ពោល​គឺ​ចំណាយ​ទៅ​លើ​អ្វី​ដែល​ចាំ​បាច់​ជា​មុន​សិន មិន​មែន​ទៅ​លើ​អ្វី​ដែល​លយឆាយ​នោះ​ទេ។

កុំ​ច្រណែន​គេ។

មនុស្ស​ជា​ច្រើន​នៅ​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​ចង់​បាន​យ៉ាង​ខ្លាំង​នូវ​របស់​របរ​ដែល​មនុស្ស​ក្នុង​ប្រទេស​ជឿន​លឿន​មាន។ បើ​គិត​អំពី​បុគ្គល​ម្នាក់​ៗ​វិញ ពួក​គេ​ជា​ច្រើន​នាក់​ចង់​បាន​របស់​របរ​ដែល​អ្នក​ជិត​ខាង​ខ្លួន​សម្ញែង។ នេះ​អាច​ជា​អន្ទាក់​មួយ។ ព្រោះ​ប្រហែលជា​អ្នក​ជិត​ខាង​នោះ​ត្រូវ​ខ្ចី​លុយ​ដើម្បី​ទិញ​របស់​របរ​ទាំង​នោះ។ ការ​ធ្វើ​តាម​មនុស្ស​ដែល​មិន​ចេះ​គិត​វែង​ឆ្ងាយ​អាច​នាំ​ឲ្យ​យើង​ជួប​ការ​ខ្វះ​ខាត​ខាង​លុយ​កាក់។ គម្ពីរ​ព្រមាន​ថា​៖ ​«​អ្នក​ណា​ដែល​មាន​ភ្នែក​អាក្រក់ នោះ​កំពុង​តែ​រួសរាន់​ដេញ​តាម​ទ្រព្យ​សម្បត្ដិ ឥត​ដឹង​ឡើយ​ថា សេចក្ដី​ខ្វះ​ខាត​នឹង​តាម​ខ្លួន​ទាន់​»។—សុភាសិត ២៨:២២

រក្សា​ឲ្យ​មាន​ជីវភាព​សាមញ្ញ។

លោក​យេស៊ូ​ផ្ដល់​ឱវាទ​ដល់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ពួក​គេ​«​មើល​របស់​តែ​មួយ​»​ឬ​មាន​ជីវភាព​សាមញ្ញ។ (​ម៉ាថាយ ៦:២២​) ពេល​អ្នក​មាន​លទ្ធភាព​ទិញ​តែ​កំពឹស​និង​ទឹក​សុទ្ធតែ​ប៉ុណ្ណោះ តែ​អ្នក​ចង់​បាន​បង្កង​និង​ស្រា​ទំពាំង​បាយ​ជូរ​វិញ នោះ​អាច​នាំ​ឲ្យ​អ្នក​ហិនហោច​ប្រាក់​កាស។ យោង​ទៅ​តាម​សេចក្ដី​រាយ​ការណ៍​មួយ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ពន្យល់​ថា ជិត​មួយ​ភាគ​បី​នៃ​មនុស្ស​នៅ​ប្រទេស​ភីលីពីន និង​ជាង​៥០​ភាគ​រយ​នៃ​មនុស្ស​នៅ​ប្រទេស​ឥណ្ឌា​បាន​ប្រាក់​ចំណូល​ក្នុង​កម្រិត​ទាប​បំផុត​សម្រាប់​ទ្វីប​អាស៊ី ដែល​ជា​ប្រាក់​ចំណូល​ប្រហែល​១​.​៣៥​ដុល្លារ​អាម៉េរិក​ជា​រៀង​រាល់​ថ្ងៃ។ ពេល​មនុស្ស​មាន​ប្រាក់​ចំណូល​តិច​តួច​ដូច​នេះ នោះ​គឺ​ល្អ​បំផុត​ឲ្យ​គាត់​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​ៗ​ដែល​គាត់​ពិត​ជា​ត្រូវ​ការ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ ទោះ​ជា​មនុស្ស​រស់​នៅ​ក្នុង​ប្រទេស​អ្នក​មាន​ក៏​ដោយ ការ​ធ្វើ​តាម​គោលការណ៍​នេះ​ក៏​អាច​ជួយ​ពួក​គេ​ឲ្យ​គេច​ផុត​ចេញ​ពី​បញ្ហា​ខាង​លុយ​កាក់​ដែរ។

ចូរ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​អ្នក​មាន។

គោលការណ៍​នេះ​ភ្ជាប់​ជា​មួយ​ឱវាទ​ដែល​ថា​រក្សា​ជីវភាព​ឲ្យ​នៅ​សាមញ្ញ។ គម្ពីរ​បាន​ផ្ដល់​ការ​ណែនាំ​ដែល​មាន​នៅ​សៀវភៅ​ធីម៉ូថេទី១ ៦:៨​ថា​៖ ​«​យើង​នឹង​ស្កប់​ចិត្ត​ហើយ ដោយ​មាន​អាហារ​បរិភោគ សម្លៀក​បំពាក់ និង​ជម្រក​»។ ក្នុង​ចំណោម​មនុស្ស​ដែល​មាន​សុភមង្គល​បំផុត អ្នក​ខ្លះ​ជា​មនុស្ស​ដែល​មាន​លុយ​តែ​បន្ដិច​បន្តួច ប៉ុន្តែ​ពួក​គេ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ពួក​គេ​មាន រួម​ទាំង​សេចក្ដី​ស្រឡាញ់​របស់​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ មិន​គ្រាន់តែ​ទ្រព្យ​សម្បត្ដិ​តែ​ប៉ុណ្ណោះ​ទេ។—សុភាសិត ១៥:១៧

កុំ​ជំពាក់​បំណុល​ដែល​មិន​ចាំ​បាច់។

គម្ពីរ​បាន​ចែង​ថា​៖ ​«​មនុស្ស​អ្នក​មាន​គេ​គ្រប់​គ្រង​លើ​ពួក​អ្នក​ក្រ ហើយ​អ្នក​ណា​ដែល​ខ្ចី​គេ ជា​បាវ​បំរើ​ដល់​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ​»។ (​សុភាសិត ២២:៧​) ពាក្យ​នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន! ទោះ​ជា​មាន​កាលៈទេសៈ​ខ្លះ​ដែល​មើល​ទៅ​យើង​មិន​អាច​គេច​ផុត​ពី​ការ​ជាប់​បំណុល​ក៏​ដោយ ប៉ុន្តែ​ពួក​អ្នក​ដែល​ខ្ចី​លុយ​ពី​គេ​ដើម្បី​ទិញ​អ្វី​ដែល​ពួក​គេ​ចង់​បាន នោះ​ច្រើន​តែ​វ័ណ្ឌ​ក​ដោយ​សារ​តែ​បំណុល។ ជា​ពិសេស នេះ​អាច​កើត​ឡើង​យ៉ាង​ងាយ​ពេល​ដែល​យើង​ប្រើ​ប័ណ្ណ​ឥណទាន។ ទស្សនាវដ្ដី​ល្បី​មួយ​បាន​រៀប​រាប់​ថា​៖ ​«​ពេល​ដែល​មនុស្ស​មាន​ប័ណ្ណ​នោះ​នៅ​ក្នុង​ដៃ ពួក​គេ​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​ឥត​វិចារណញ្ញាណ​»។ (​Time​) បុរស​ម្នាក់​ឈ្មោះ​អេរីក​ដែល​រស់​នៅ​ប្រទេស​ភីលីពីន​បាន​និយាយ​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​ប្រើ​ប័ណ្ណ​ឥណទាន ខ្ញុំ​ច្រើន​តែ​ទិញ​របស់​របរ​ច្រើន​ជាង​ពេល​ខ្ញុំ​ប្រើ​លុយ​សុទ្ធ។ ដូច្នេះ ខ្ញុំ​អស់​លុយ​រលីង ពេល​ដែល​ខ្ញុំ​ត្រូវ​បង់​ថ្លៃ​ផ្សេង​ៗ​»។ ជា​ការ​ល្អ​ឲ្យ​យើង​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ដិត​ដល់​ពេល​ប្រើ​ប័ណ្ណ​ឥណទាន​នេះ!—ពង្សាវតារ​ក្សត្រ​ទី​២ ៤:១; ម៉ាថាយ ១៨:២៥

សន្សំ​លុយ​មុន​ទិញ។

ទោះ​ជា​មើល​ទៅ​ដូច​ជា​ហួស​សម័យ​យ៉ាង​ណា​ក៏​ដោយ ការ​សន្សំ​លុយ​មុន​ទិញ​របស់​របរ​ជា​វិធី​មួយ​ដែល​មាន​ប្រាជ្ញា​ដើម្បី​កុំ​ឲ្យ​ខ្លួន​ជួប​បញ្ហា​ខាង​លុយ​កាក់។ ការ​ធ្វើ​ដូច្នេះ​បាន​ជួយ​មនុស្ស​ជា​ច្រើន​មិន​ឲ្យ​ជំពាក់​បំណុល និង​មាន​ការ​ពិបាក​ផ្សេង​ៗ ដូច​ជា​ការ​បង់​ការ​ប្រាក់​ខ្ពស់ ដែល​នៅ​ទី​បំផុត​ការ​ប្រាក់​នេះ​ជា​តម្លៃ​ដែល​ត្រូវ​បន្ថែម​លើ​តម្លៃ​នៃ​របស់​ដែល​យើង​ទិញ។ ក្នុង​គម្ពីរ សត្វ​ស្រមោច​បាន​ត្រូវ​ពណ៌​នា​ជា​សត្វ​ដែល​មាន​«​ប្រាជ្ញា​»​ ពីព្រោះ​វា​ចេះ​«​ប្រមូល​ស្បៀង​ទុក​នៅ​ក្នុង​រដូវ​ចំ​រូត​»​ដើម្បី​ប្រើ​នៅ​ពេល​អនាគត។—សុភាសិត ៦:៦​-​៨; ៣០:២៤, ២៥

«​យើង​ពិភាក្សា​គ្នា​យ៉ាង​ល្អិត​ល្អន់​អំពី​ចំនួន​លុយ​ដែល​យើង​អាច​ចាយ​»

រៀន​ពី​គំរូ​របស់​អ្នក​ឯ​ទៀត

ឱវាទ​ទាំង​ឡាយ​ក្នុង​គម្ពីរ​ដែល​យើង​បាន​ពិចារណា​ប្រហែល​ស្ដាប់​ទៅ​ដូច​ជា​ល្អ ប៉ុន្តែ​តើ​គោលការណ៍​ទាំង​នេះ​ពិត​ជា​បាន​ជួយ​មនុស្ស​ឲ្យ​រស់​នៅ​ស្រប​តាម​លទ្ធភាព​របស់​ខ្លួន​ឬ​ទេ? សូម​ឲ្យ​យើង​ពិចារណា​អំពី​បទ​ពិសោធន៍​របស់​អ្នក​ខ្លះ​ដែល​បាន​ធ្វើ​តាម​ឱវាទ​ទាំង​នេះ ហើយ​ទទួល​ជោគជ័យ​ក្នុង​ការ​ដោះ​ស្រាយ​វិបត្ដិ​ផ្នែក​លុយ​កាក់។

ឌីអូស្ដាដូ​ជា​ឪពុក​ម្នាក់​ដែល​មាន​កូន​បួន​នាក់ គាត់​សារភាព​ថា​វិបត្ដិ​សេដ្ឋកិច្ច​ថ្មី​ៗ​នេះ​ធ្វើ​ឲ្យ​គាត់​ពិបាក​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​គាត់​ជាង​មុន។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គាត់​ឲ្យ​តម្លៃ​ទៅ​លើ​គម្រោង​ចំណាយ។ គាត់​បាន​ពោល​ថា​៖ ​«​ខ្ញុំ​រៀបចំ​គម្រោង​ចំណាយ​ចំពោះ​ប្រាក់​ចំណូល​ទាំង​អស់​របស់​ខ្ញុំ ហើយ​ក៏​បាន​កត់​បញ្ជី​អំពី​អ្វី​ដែល​ខ្ញុំ​ចាយ​ដែរ​»។ ដា​នី​ឡូ​ក៏​ធ្វើ​តាម​គោលការណ៍​ដូច​គ្នា​ដែរ។ គាត់​និង​ភរិយា​របស់​គាត់​ធ្លាប់​រក​ស៊ីខា​ត​ចុង​ខាត​ដើម។ ប៉ុន្តែ ពួក​គេ​នៅ​តែ​អាច​បង់​ថ្លៃ​សម្រាប់​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​បាន ដោយ​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​អ្វី​ដែល​ពួក​គេ​ចំណាយ។ គាត់​បាន​និយាយ​ថា​៖ ​«​យើង​ដឹង​ថា​យើង​មាន​ប្រាក់​ចំណូល​ប៉ុន្មាន​រាល់​ខែ ហើយ​យើង​ក៏​ដឹង​ថា​យើង​ត្រូវ​ចំណាយ​ប៉ុន្មាន​ដែរ។ ដោយ​ដឹង​អំពី​រឿង​នេះ យើង​ពិភាក្សា​គ្នា​យ៉ាង​ល្អិត​ល្អន់​អំពី​ចំនួន​លុយ​ដែល​យើង​អាច​ចាយ​»។

‹ជា​ជាង​ធ្វើ​ដំណើរ​ទៅ​កិច្ច​ប្រជុំ​គ្រិស្ដ​សាសនិក​ដោយ​ប្រើ​យានជំនិះ​យើង​ដើរ​ទៅ​វិញ›

ដើម្បី​ធ្វើ​តាម​គម្រោង​ចំណាយ អ្នក​ខ្លះ​យល់​ឃើញ​ថា​គឺជា​ការ​ចាំ​បាច់​ដែល​ពួក​គេ​កាត់​បន្ថយ​ចំណាយ​ទៅ​លើ​ផ្នែក​ខ្លះ​ៗ។ មើ​ណា​ជា​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​មាន​កូន​បី​នាក់​ក្នុង​បន្ទុក គាត់​បាន​និយាយ​ថា​៖ ​«​ជា​ជាង​ធ្វើ​ដំណើរ​ទៅ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ដោយ​ប្រើ​យានជំនិះ ខ្ញុំ​និង​កូន​ៗ​របស់​ខ្ញុំ​ដើរ​ទៅ​វិញ​»។ គាត់​បាន​ព្យាយាម​ជួយ​កូន​ៗ​ឲ្យ​ចេះ​រស់​នៅ​ដោយ​មាន​ជីវភាព​សាមញ្ញ។ គាត់​បាន​ពោល​ថា​៖ ​«​ខ្ញុំ​ខំ​ទុក​គំរូ​ល្អ​ក្នុង​ការ​ធ្វើ​តាម​គោលការណ៍​នៅ​ធីម៉ូថេទី១ ៦:៨​-​១០ ដែល​បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​»។

ជេរ៉ល​ជា​ឪពុក​របស់​កូន​ពីរ​នាក់​ក៏​បាន​ធ្វើ​ស្រដៀង​នេះ​ដែរ។ គាត់​រៀប​រាប់​ថា​៖ ​«​ក្នុង​អំឡុង​ពេល​គោរព​ប្រណិប័តន៍​ជា​គ្រួសារ យើង​ពិភាក្សា​គ្នា​អំពី​បទ​ពិសោធន៍​របស់​បង​ប្អូន​គ្រិស្ត​សាសនិក​ដែល​បាន​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ពិត​ជា​សំខាន់ ពោល​គឺ​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ជា​លទ្ធផល កូន​ៗ​របស់​យើង​មិន​ដែល​ទារ​អ្វី​ដែល​មិន​សូវ​សំខាន់​ទេ នេះ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ណាស់​»។

‹ខ្ញុំ​មិន​ឃើញ​ភ្លាម​ទិញ​ភ្លែត​ទេ›

ជេនីត​ជា​បង​ស្រី​នៅ​លីវ​ហើយ​ជា​អ្នក​បម្រើ​ពេញ​ពេល​ក្នុង​ការ​បង្រៀន​គម្ពីរ​ស្ម័គ្រ​ចិត្ត​ដល់​អ្នក​ឯ​ទៀត​ក្នុង​ប្រទេស​ភីលីពីន។ នៅ​ពេល​ថ្មី​ៗ​នេះ​គាត់​បាត់បង់​ការងារ ប៉ុន្តែ​គាត់​បន្ត​រស់​នៅ​ស្រប​តាម​លទ្ធភាព​របស់​គាត់។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​ការ​ហាត់​ពត់​លត់​ដំ​ខ្លួន​និង​ប្រើ​ធនធាន​របស់​ខ្ញុំ​ដោយ​ប៉ិនប្រសប់។ ជា​ជាង​ទៅ​ផ្សារ​ទំនើប​ដែល​មាន​លក់​របស់​ថ្លៃ​ៗ ខ្ញុំ​ទៅ​ផ្សារ​ធម្មតា​ដែល​លក់​អីវ៉ាន់​ធូរ​ថ្លៃ​វិញ។ ខ្ញុំ​មិន​ចាំ​បាច់​ទិញ​អ្វី​ៗ​ដែល​ថ្លៃ​ៗ​ទេ ព្រោះ​ខ្ញុំ​អាច​ទិញ​វា​នៅ​កន្លែង​ដែល​ធូរ​ថ្លៃ​ជាង។ ខ្ញុំ​ក៏​មិន​ឃើញ​ភ្លាម​ទិញ​ភ្លែត​ដែរ​»។ ជេនីត​បាន​យល់​ថា​ការ​សន្សំ​លុយ​ទុក​ពិត​ជា​មាន​ប្រយោជន៍​ណាស់។ គាត់​បាន​និយាយ​ថា​៖ ​«​បើ​ខ្ញុំ​សល់​លុយ​សូម្បី​តែ​បន្ដិច​បន្តួច​ក៏​ដោយ ខ្ញុំ​សន្សំ​វា​ក្រែង​លោ​ខ្ញុំ​ត្រូវ​បង់​អ្វី​ដែល​ខ្ញុំ​មិន​ដឹង​ទុក​ជា​មុន​»។

ស្តី​អំពី​ការ​ប្រើ​ប័ណ្ណ​ឥណទាន អេរីក​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ដាក់​កម្រិត​ទៅ​លើ​ការ​ប្រើ​ប័ណ្ណ​ឥណទាន ពោល​គឺ​ខ្ញុំ​នឹង​ប្រើ​វា​នៅ​ពេល​បន្ទាន់​តែ​ប៉ុណ្ណោះ​»។ ឌីអូស្ដាដូ​ក៏​យល់​ស្រប​ដែរ​ដោយ​ស្រដី​ថា​៖ ​«​ដើម្បី​អាច​ទប់​ចិត្ត​របស់​ខ្ញុំ​ក្នុង​ការ​ប្រើ​ប័ណ្ណ​ឥណទាន ខ្ញុំ​ទុក​វា​នៅ​កន្លែង​ធ្វើ​ការ​»។

អ្នក​អាច​រស់​នៅ​ស្រប​តាម​លទ្ធភាព​របស់​ខ្លួន​បាន

ត្រូវ​ហើយ មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា ទោះ​ជា​គម្ពីរ​ជា​សៀវភៅ​ដែល​ផ្ចង់​អារម្មណ៍​ជា​ពិសេស​ទៅ​លើ​ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ក៏​ដោយ តែ​គម្ពីរ​ក៏​ផ្ដល់​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍​សម្រាប់​ជីវភាព​រស់​នៅ​ដែរ។ (​សុភាសិត ២:៦; ម៉ាថាយ ៦:​២៥​-​៣៤​) ការ​អនុវត្ត​តាម​គោលការណ៍​ក្នុង​គម្ពីរ​ដែល​បាន​ពិចារណា​ក្នុង​អត្ថបទ​នេះ និង​ការ​រៀន​ពី​គំរូ​របស់​អ្នក​ឯ​ទៀត​ដែល​ទទួល​ប្រយោជន៍​ពី​ការ​ធ្វើ​តាម​គោលការណ៍​ទាំង​នេះ អាច​ជួយ​អ្នក​ឲ្យ​រស់​នៅ​ស្រប​តាម​លទ្ធភាព​របស់​ខ្លួន​បាន។ បើ​ធ្វើ​ដូច្នេះ អ្នក​អាច​ជៀស​ផុត​ពី​បញ្ហា​ជា​ច្រើន និង​កង្វល់​ដែល​មនុស្ស​រាប់​លាន​នាក់​កំពុង​តែ​រង​ទុក្ខ​នៅ​សព្វ​ថ្ងៃ​នេះ។