លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវិតដែលមានន័យខ្លឹមសារ នៅឥឡូវនេះនិងជារៀងរហូត

ជីវិតដែលមានន័យខ្លឹមសារ នៅឥឡូវនេះនិងជារៀងរហូត

ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ នៅ​ឥឡូវ​នេះ​និង​ជា​រៀង​រហូត

លោក​អ្នក​អាច​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ​សូម្បី​តែ​ឥឡូវ​នេះ​ក៏​ដោយ។ តើ​តាម​របៀប​ណា​ទៅ? គឺ​ដោយ​ធ្វើ​តាម​គោលការណ៍​ដ៏​ល្អ​ដែល​មាន​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ។ សូម​ឲ្យ​យើង​ពិចារណា​នូវ​គោលការណ៍​ខ្លះ​ៗ​ដូច​ត​ទៅ​នេះ:

គោលការណ៍​ក្នុង​គម្ពីរ​: ស្តេច​សាឡូម៉ូន​បាន​សរសេរ​អំពី​មនុស្ស​ថា​៖ ​«​គ្មាន​អ្វី​វិសេស . . . ជា​ជាង​ការ​ស៊ី​ហើយ​ផឹក​ទេ ព្រម​ទាំង​ឲ្យ​ចិត្ត​បាន​រីករាយ​សប្បាយ​ដោយ​ផល​នៃ​ការ​ដែល​ខ្លួន​បាន​ធ្វើ​»។សាស្ដា ២:២៤

ព្រះ​បាន​បង្កើត​មនុស្ស​មក​ឲ្យ​ចេះ​ស្កប់​ចិត្ត​នឹង​ការងារ។ សូម្បី​តែ​មាន​ស្ថានភាព​ពិបាក​ក៏​ដោយ ក៏​លោក​អ្នក​អាច​ស្កប់​ចិត្ត​មួយ​កម្រិត​នៅ​ឥឡូវ​នេះ​ដោយ​ឧស្សាហ៍​ធ្វើ​ការ​យ៉ាង​ទៀង​ត្រង់។

គោលការណ៍​ក្នុង​គម្ពីរ​: ​«​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។សកម្មភាព ២០:៣៥

មនុស្ស​ជា​ច្រើន​បាន​យល់​ថា ការ​ធ្វើ​អ្វី​ៗ​ដើម្បី​អ្នក​ដទៃ​បាន​ជួយ​ពួក​គេ​ឲ្យ​មាន​ចិត្ត​សប្បាយ និង​មាន​ន័យ​ក្នុង​ជីវិត​យ៉ាង​ពិត​ប្រាកដ។ ជា​ឧទាហរណ៍ ពួក​គេ​ប្រហែលជា​លះ​បង់​ពេល​វេលា​និង​កម្លាំង ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក។ ស្តេច​សាឡូម៉ូន​បាន​សរសេរ​ថា​៖ ​«​កាល​ណា​ឯង​មាន​កំឡាំង​ដៃ អាច​ធ្វើ​គុណ​ឲ្យ​អ្នក​ណា​ដែល​គួរ​ផ្ដល់​ឲ្យ នោះ​កុំ​ឲ្យ​បង្ខាំង​ទុក​ឡើយ​»។—សុភាសិត ៣:២៧

សូម​ពិចារណា​អំពី​គំរូ​របស់​បង​ប្រុស​រ៉ាហ្វ។ ក្រោយ​ពី​បាន​ចូល​និវត្តន៍​មក គាត់​បាន​រួម​ចំណែក​ជា​មួយ​ភរិយា​របស់​គាត់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពេញ​ពេល។ ពួក​គេ​បាន​ចំណាយ​ពេល​មួយ​ចំនួន​រាល់​ខែ​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត​អំពី​គម្ពីរ។ បង​ប្រុស​រ៉ាហ្វ​បាន​ស្រដី​ថា​៖ ​«​ល្ងាច​ឡើង​ពេល​យើង​មក​ដល់​ផ្ទះ យើង​មិន​គ្រាន់តែ​អស់​កម្លាំង​ដោយ​សារ​អាយុ​កាន់​តែ​ចាស់​ប៉ុណ្ណោះ​ទេ តែ​ក៏​អស់​កម្លាំង​ដោយ​សារ​យើង​បាន​ខំ​ប្រឹង​អស់ពី​សមត្ថភាព​ដើម្បី​បម្រើ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ដែរ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នេះ​ធ្វើ​ឲ្យ​យើង​សប្បាយ​មែន!​»។ គាត់​និង​ភរិយា​របស់​គាត់​មាន​សុភមង្គល ដោយ​សារ​ពួក​គាត់​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការ​ឲ្យ​អ្នក​ឯ​ទៀត។

គោលការណ៍​ក្នុង​គម្ពីរ​: ​«​មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង​ប្អូន​ក៏​កើត​មក​សំ​រាប់​គ្រា​លំបាក​ដែរ​»។សុភាសិត ១៧:១៧

ការ​ជួយ​រំលែក​ទុក្ខ​គ្នា​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ក្នុង​ជីវិត​បាន​ងាយ​ស្រួល​ជាង។ ទស្សនវិទូ​ជន​ជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​ហ្វ្រែនស៊ីស បេខិន បាន​សរសេរ​ថា ចំពោះ​មនុស្ស​ដែល​គ្មាន​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ នោះ​ពួក​គេ​ប្រៀប​ដូច​ជា​«​ពិភព​លោក​មួយ​ដែល​មាន​តែ​ទី​រហោ​ស្ថាន​»។ ការ​មាន​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​និង​ការ​ធ្វើ​ជា​មិត្ត​ល្អ​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ក្នុង​ជីវិត​បាន​ងាយ​ស្រួល​ជាង ហើយ​នេះ​អាច​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត​និង​មាន​សុភមង្គល​ផង​ដែរ។

គោលការណ៍​ក្នុង​គម្ពីរ​: ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ!​»។ម៉ាថាយ ៥:៣

ខ​គម្ពីរ​ខាង​លើ​នេះ លោក​យេស៊ូ​បាន​បញ្ជាក់​អំពី​តម្រូវ​ការ​ដ៏​សំខាន់​មួយ​គឺថា បើ​លោក​អ្នក​ចង់​ទទួល​ប្រយោជន៍​ពី​ការ​សម្រេច​នៃ​ពាក្យ​សន្យា​របស់​ព្រះ នោះ​លោក​អ្នក​ត្រូវ​ទទួល​ស្គាល់​ថា​ខ្លួន​ត្រូវ​ការ​«​ការ​ណែនាំ​ពី​ព្រះ​»​និង​ត្រូវ​បំពេញ​សេចក្ដី​ត្រូវ​ការ​នោះ។ យើង​មិន​ដូច​សត្វ​ទេ ពីព្រោះ​យើង​កើត​មក​ដោយ​ចង់​យល់​អំពី​ខ្លឹម​សារ​នៃ​ជីវិត​និង​គោល​បំណង​សម្រាប់​ជីវិត។ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ​ដែល​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​នោះ ហើយ​លោក​អ្នក​អាច​ធ្វើ​ដូច្នេះ​តាម​រយ:គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ ដូច​យើង​បាន​ឃើញ​នៅ​អត្ថបទ​មុន គម្ពីរ​បើក​សម្ដែង​ឲ្យ​យើង​ស្គាល់​គោល​បំណង​របស់​ព្រះ​សម្រាប់​ផែនដី។ គម្ពីរ​ក៏​ប្រាប់​យើង​ផង​ដែរ​អំពី​មូលហេតុ​ដែល​យើង​មាន​ជីវិត​រស់​នៅ មូលហេតុ​ដែល​មាន​ទុក្ខ​លំបាក​ច្រើន​ម្ល៉េះ និង​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​យើង​ធ្វើ។ ការ​យល់​សេចក្ដី​ពិត​នៃ​បទ​គម្ពីរ​ទាំង​នេះ​គឺ​សំខាន់​ដើម្បី​ឲ្យ​ជីវិត​យើង​មាន​ន័យ​ខ្លឹម​សារ​និង​ស្កប់​ស្កល់​ចិត្ត។ ពួក​អ្នក​ដែល​លៃ​ទុក​ពេល​ដើម្បី​សិក្សា​គម្ពីរ ហើយ​អនុវត្ត​អ្វី​ដែល​ពួក​គេ​បាន​រៀន នោះ​មាន​សុភមង្គល។ ហេតុ​អ្វី​ក៏​ពួក​គេ​អាច​មាន​សុភមង្គល​បាន? ពីព្រោះ​ពួក​គេ​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​យើង​និង​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»។—ធីម៉ូថេ​ទី​១ ១:១១

គោលការណ៍​ក្នុង​គម្ពីរ​: ​«​ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន . . . មុន​ដែល​អស់​ទាំង​ថ្ងៃ​អាក្រក់​មក​ដល់ ហើយ​អស់​ទាំង​ឆ្នាំ​មក​ជិត​ដែល​ឯង​នឹង​ថា អញ​អស់​សប្បាយ​ហើយ​»។សាស្ដា ១២:១

ឱវាទ​របស់​ស្តេច​សាឡូម៉ូន​ខាង​លើ​នេះ​គឺ​ផ្ដល់​ឲ្យ​ដល់​ប្អូន​ៗ​វ័យ​ក្មេង ពីព្រោះ​ពេល​នៅ​ក្មេង​នៅ​ឡើយ ពួក​គេ​មិន​ចេះ​សម្គាល់​ការ​ពិបាក​ផ្សេង​ៗ​ក្នុង​ជីវិត​ទេ។ ប៉ុន្តែ​ឱវាទ​នេះ​ក៏​ទាក់​ទង​នឹង​យើង​ទាំង​អស់​គ្នា​ដែរ។ ដូច្នេះ សូម​ចាត់​ទុក​ព្រះ​ដែល​ជា​អ្នក​បង្កើត​ជា​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​លោក​អ្នក។ ការ​ធ្វើ​ដូច្នេះ​នឹង​នាំ​ឲ្យ​ជីវិត​របស់​លោក​អ្នក​មាន​គោល​បំណង​ពិត។ សូម​កុំ​មាន​ទស្សនៈ​ដូច​អ្នក​ឯ​ទៀត​ដែល​ថា​៖ ​«​ចូរ​ឲ្យ​យើង​ស៊ី​ផឹក​ទៅ ព្រោះ​ស្អែក​យើង​ត្រូវ​ស្លាប់​»។ (​កូរិនថូសទី១ ១៥:៣២​) ដូច​សាស្ដា ៨:១២​បាន​ចែង បើ​លោក​អ្នក​ចាត់​ទុក​ព្រះ​ជា​បុគ្គល​ដែល​សំខាន់​បំផុត នោះ​លោក​អ្នក​«​នឹង​មាន​សេចក្ដី​សុខ​ស្រួល​»។

ប្អូន​ស្រី​ម្នាក់​ឈ្មោះ​វេនឌី​បាន​ពិសោធ​ដឹង​ថា​ពាក្យ​នេះ​ជា​ការ​ពិត​មែន។ ពេល​គាត់​នៅ​ក្មេង គាត់​និង​ប្អូន​ស្រី​របស់​គាត់​បាន​រៀន​ភាសា​អេស្ប៉ាញ​ដើម្បី​អាច​ទៅ​រស់​នៅ​សាធារណរដ្ឋដូមីនីកាំង​ជា​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​គម្ពីរ។ គាត់​បាន​និយាយ​ថា​៖ ​«​យើង​បាន​លះ​បង់​អ្វី​ៗ​ជា​ច្រើន​ដើម្បី​អាច​បម្រើ​នៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ តែ​យើង​រីករាយ​ខ្លាំង​ណាស់។ គ្មាន​អ្វី​អាច​ប្រៀប​ស្មើ​នឹង​រយៈ​ពេល​៦​ខែ​នេះ​បាន​ឡើយ! ពរ​ដែល​យើង​ទទួល​មាន​តម្លៃ​ថ្លៃ​ជាង​ការ​លះ​បង់​របស់​យើង​ទៅ​ទៀត​»។

ភក្ដីភាព​ចំពោះ​ព្រះ​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​ន័យ​ខ្លឹម​សារ

ការ​បង្កើត​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​លោក​អ្នក​មាន​ន័យ​ខ្លឹម​សារ​តាម​វិធី​ដ៏​ពិសេស​មួយ។ តើ​តាម​របៀប​ណា? សាថាន​មិន​គ្រាន់តែ​នាំ​អាដាម​និង​អេវ៉ា​ឲ្យ​បះបោរ​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បញ្ជាក់​ដែរ​ថា​គ្មាន​មនុស្ស​ណា​នឹង​នៅ​ស្មោះ​ភក្ដី​ចំពោះ​ព្រះ​ក្រោម​ការ​ល្បង​ល​ទេ។ (​យ៉ូប ១:៩​-​១១; ២:​៤​) ប៉ុន្តែ​លោក​អ្នក​អាច​ជួយ​បង្ហាញ​ថា​សាថាន​ជា​អ្នក​កុហក​បាន! តើ​តាម​វិធី​ណា? គឺ​ដោយ​នៅ​ស្មោះ​ភក្ដី​ចំពោះ​ព្រះ ធ្វើ​តាម​គោលការណ៍​របស់​លោក និង​ដោយ​បង្ហាញ​ថា​លោក​អ្នក​ទទួល​ស្គាល់​សិទ្ធិ​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​សម្រេច​ឲ្យ​យើង​ចំពោះ​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។—ការ​បើក​បង្ហាញ ៤:១១

ប្រសិនបើ​យើង​ចង់​ស្វែងរក​ផ្លូវ​ទៀង​ត្រង់ យើង​ប្រហែលជា​ត្រូវ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ខ្លះ​ៗ។ តើ​បញ្ហា​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​លែង​មាន​ន័យ​ឬ​ទេ? សូម​ស្រមៃ​ថា សត្រូវ​ដ៏​សាហាវ​ម្នាក់​កំពុង​មួល​បង្កាច់​មិត្ត​ភក្ដិ​និង​សមាជិក​ក្រុម​គ្រួសារ​របស់​យើង។ បើ​ការ​ការពារ​កេរ្ដិ៍​ឈ្មោះ​របស់​ពួក​គាត់​ធ្វើ​ឲ្យ​យើង​ជួប​ការ​លំបាក​ដោយ​សារ​ស្នា​ដៃ​របស់​ពួក​ខ្មាំង​សត្រូវ តើ​នោះ​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​លែង​មាន​ន័យ​ឬ​ទេ? ប្រាកដជា​មិន​មែន​ទេ! យើង​នឹង​សុខ​ចិត្ត​ស៊ូ​ទ្រាំ​ការ​លំបាក​ទាំង​នោះ​ដើម្បី​ជួយ​ការពារ​កេរ្ដិ៍​ឈ្មោះ​របស់​ពួក​គាត់។ ការ​រក្សា​ភក្ដីភាព​ចំពោះ​ព្រះ​ក៏​ដូច​គ្នា​ដែរ។ តាម​ពិត ភក្ដីភាព​របស់​យើង​ចំពោះ​ព្រះ​ក្រោម​ស្ថានភាព​អាក្រក់​នៅ​ឥឡូវ​នេះ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​នឹង​យើង។—សុភាសិត ២៧:១១

ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ​ជា​រៀង​រហូត

សូម​ខំ​ប្រឹង​អស់ពី​សមត្ថភាព​ដើម្បី​រៀន​អំពី​ព្រះ​និង​គោល​បំណង​របស់​លោក។ លោក​យេស៊ូ​គ្រិស្ត​មាន​ប្រសាសន៍​ថា​៖ ​«​ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គាត់​ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់ ព្រម​ទាំង​យេស៊ូ​គ្រិស្ត ដែល​លោក​បាន​ចាត់​ឲ្យ​មក​»។ (​យ៉ូហាន ១៧:​៣​) ពេល​ដែល​ព្រះ​សម្រេច​គោល​បំណង​ដើម​របស់​លោក​សម្រាប់​ផែន​ដី មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​រីករាយ​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​សន្យា​ដល់​ពួក​គេ ពោល​គឺ​ទទួល​«​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»​នៅ​លើ​ផែន​ដី។ នៅ​គ្រា​នោះ​ជីវិត​យើង​នឹង​មាន​ន័យ​យ៉ាង​ពិត​ប្រាកដ​ថែម​ទាំង​ស្កប់​ចិត្ត​ទៀត​ផង។—ទំនុកតម្កើង ១៤៥:១៦

តើ​លោក​អ្នក​អាច​ទទួល​ចំណេះ​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​នោះ​តាម​របៀប​ណា? គឺ​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ។ ប្រសិន​បើ​លោក​អ្នក​ត្រូវ​ការ​ជំនួយ​ស្តី​អំពី​រឿង​នេះ សូម​កុំ​ស្ទាក់​ស្ទើរ​សរសេរ​ទៅ​កាន់​អ្នក​បោះពុម្ព​ទស្សនាវដ្ដី​នេះ​ឡើយ។ ពួក​គាត់​នឹង​ពេញ​ចិត្ត​រៀបចំ​ឲ្យ​បុគ្គល​ម្នាក់​ទៅ​ជួយ​លោក​អ្នក​ដើម្បី​រៀន​អំពី​អ្វី​ដែល​គម្ពីរ​ពិត​ជា​បង្រៀន។