លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកគេបានរកឃើញមេស្ស៊ីហើយ!

ពួកគេបានរកឃើញមេស្ស៊ីហើយ!

ពួក​គេ​បាន​រក​ឃើញ​មេស្ស៊ី​ហើយ!

​«​យើង​រក​ឃើញ​មេស្ស៊ី​ហើយ​»។—យ៉ូន. ១:៤១

១​. តើ​មាន​អ្វី​កើត​ឡើង​ដែល​នាំ​ឲ្យ​អនទ្រេ​និយាយ​ថា​៖ ​«​យើង​រក​ឃើញ​មេស្ស៊ី​ហើយ​»​?

យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​កំពុង​ឈរ​ជា​មួយ​អ្នក​កាន់​តាម​ពីរ​នាក់​របស់​គាត់។ ពេល​ដែល​លោក​យេស៊ូ​មក​ដល់ យ៉ូហាន​បាន​ប្រកាស​ថា​៖ ​«​មើល​ហ្ន៎! កូន​ចៀម​របស់​ព្រះ!​»។ ពេល​ឮ​ដូច្នេះ អនទ្រេ​និង​អ្នក​កាន់​តាម​ម្នាក់​ទៀត​ចាប់​ផ្ដើម​ទៅ​តាម​លោក​យេស៊ូ​ភ្លាម ហើយ​ពួក​គេ​បាន​ចំណាយ​ពេល​ជា​មួយ​លោក​ពេញ​មួយ​ថ្ងៃ។ ក្រោយ​មក អនទ្រេ​បាន​ទៅ​រក​បង​ប្រុស​របស់​គាត់​ឈ្មោះ​ស៊ីម៉ូន​ពេត្រុស ហើយ​ប្រាប់​គាត់​យ៉ាង​រំភើប​ចិត្ត​ថា​៖ ​«​យើង​រក​ឃើញ​មេស្ស៊ី​ហើយ​»។ បន្ទាប់​មក អនទ្រេ​ក៏​នាំ​ពេត្រុស​ទៅ​ជួប​នឹង​លោក​យេស៊ូ។—យ៉ូន. ១:៣៥​-​៤១

២​. តើ​យើង​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​បន្ត​ពិនិត្យ​មើល​ទំនាយ​ដែល​ទាក់​ទង​នឹង​មេស្ស៊ី?

ពេល​ក្រោយ​ៗ​មក អនទ្រេ ពេត្រុស និង​អ្នក​ឯ​ទៀត​នឹង​មាន​ឱកាស​យ៉ាង​ច្រើន​ដើម្បី​ពិចារណា​អំពី​បទ​គម្ពីរ​យ៉ាង​ហ្មត់​ចត់ ហើយ​នេះ​នឹង​នាំ​ឲ្យ​ពួក​គេ​ប្រកាស​ដោយ​មាន​ទំនុក​ចិត្ត​ថា​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​ជា​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា។ ឥឡូវ​យើង​នឹង​បន្ត​ពិនិត្យ​មើល​ទំនាយ​នានា​ដែល​ទាក់​ទង​នឹង​មេស្ស៊ី។ ការ​ធ្វើ​ដូច្នេះ​នឹង​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​បណ្ដាំ​របស់​ព្រះ​និង​អ្នក​ដែល​លោក​បាន​រើស​តាំង។

‹មើល! ស្តេច​របស់​អ្នក​កំពុង​មក​ឯ​អ្នក›

៣​. ពេល​លោក​យេស៊ូ​ចូល​ក្រុង​យេរូសាឡិម​ជា​អ្នក​ដែល​មាន​ជ័យ​ជម្នះ តើ​នេះ​បាន​សម្រេច​ទំនាយ​អ្វី​ខ្លះ?

មេស្ស៊ី​នឹង​ចូល​ក្រុង​យេរូសាឡិម​ជា​អ្នក​ដែល​មាន​ជ័យ​ជម្នះ។ សាការី​បាន​ទាយ​ថា​៖ ​«​ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​រីករាយ​ជា​ខ្លាំង​ឡើង ឱ​កូន​ស្រី​យេរូសាឡិម​អើយ ចូរ​ស្រែក​ហ៊ោ​ចុះ មើល! ស្តេច​របស់​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ​ជំ​នះ ទ្រង់​ក៏​សុភាព ទ្រង់​គង់​លើ​សត្វ​លា គឺជា​លា​ជំទង់​ជា​កូន​របស់​មេ​លា​»។ (​សាក. ៩:៩​) អ្នក​តែង​ទំនុកតម្កើង​បាន​សរសេរ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​អង្គ​ដែល​យាង​មក​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ​ពរ​»។ (​ទំនុក. ១១៨:២៦​) លោក​យេស៊ូ​មិន​អាច​កាន់កាប់​លើ​ការ​ប្រព្រឹត្ត​របស់​បណ្ដា​ជន​ឡើយ។ ប៉ុន្តែ បណ្ដា​ជន​បាន​ស្រែក​ឡើង​យ៉ាង​មាន​អំណរ​ក្រៃ​លែង​ដោយ​គ្មាន​នរណា​បង្ខំ ហើយ​នេះ​បាន​សម្រេច​ទំនាយ​ទាំង​នោះ។ កាល​ដែល​អ្នក​អាន​កំណត់​ហេតុ​នេះ សូម​ស្រមៃ​គិត​អំពី​ព្រឹត្ដិការណ៍​ដែល​កំពុង​តែ​កើត​ឡើង ថែម​ទាំង​ស្ដាប់​សំឡេង​ដ៏​រីករាយ​របស់​បណ្ដា​ជន។—សូម​អាន ម៉ាថាយ ២១:៤​-​៩

៤​. តើ​ទំនុកតម្កើង ១១៨:២២, ២៣​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

មនុស្ស​ជា​ច្រើន​នឹង​មិន​ទទួល​ស្គាល់​លោក​យេស៊ូ​ជា​មេស្ស៊ី​ទេ ប៉ុន្តែ​លោក​នឹង​មាន​តម្លៃ​ចំពោះ​ព្រះ។ ដូច​បាន​ទាយ​ទុក​ក្នុង​គម្ពីរ ពួក​អ្នក​ដែល​មិន​ព្រម​ជឿ​លើ​ភ័ស្តុតាង​នេះ​បាន​«​មើល​ងាយ​»​លោក​យេស៊ូ ហើយ​«​មិន​បាន​រាប់​អាន​»​លោក ឬ​មិន​បាន​ចាត់​ទុក​ថា​លោក​មាន​តម្លៃ​នោះ​ទេ។ (​អេ. ៥៣:៣; ម៉ាក. ៩:១២​) ក៏​ប៉ុន្តែ ព្រះ​បាន​ដឹក​នាំ​ឲ្យ​អ្នក​តែង​ទំនុកតម្កើង​ពោល​ថា​៖ ​«​ឯ​ថ្ម​ដែល​ពួក​ជាង​សង់ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​ហើយ នេះ​គឺជា​ការ​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​ធ្វើ​»។ (​ទំនុក. ១១៨:២២, ២៣​) លោក​យេស៊ូ​បាន​លើក​ខ​គម្ពីរ​នេះ​ជូន​ចំពោះ​អ្នក​ដឹក​នាំ​សាសនា​ដែល​ជា​អ្នក​ប្រឆាំង​លោក ហើយ​ពេត្រុស​ក៏​បាន​រៀប​រាប់​ដែរ​ថា​គ្រិស្ត​បាន​សម្រេច​ខ​គម្ពីរ​នេះ។ (​ម៉ាក. ១២:១០, ១១; សកម្ម. ៤:៨​-​១១​) លោក​យេស៊ូ​បាន​ក្លាយ​ទៅ​ជា​«​ថ្ម​គ្រឹះ​សំខាន់​ជាង​គេ​»​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​យ៉ាង​ពិត​ប្រាកដ​មែន។ មនុស្ស​ដែល​គ្មាន​ជំនឿ​បាន​បដិសេធ​លោក ប៉ុន្តែ​‹ព្រះ​បាន​ជ្រើស​រើស ហើយ​ចាត់​ទុក​លោក​ថា​ថ្លៃ​វិសេស›។—១ពេ. ២:៤​-​៦

គេ​បាន​ក្បត់​និង​រត់​ចោល​លោក!

៥, ៦​. ស្តី​អំពី​ការ​ក្បត់​មេស្ស៊ី តើ​គម្ពីរ​បាន​ទាយ​អ្វី​ខ្លះ? ហើយ​តើ​នេះ​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

អ្នក​ដែល​មើល​ទៅ​ដូច​ជា​មិត្ត​របស់​មេស្ស៊ី​នឹង​ក្បត់​លោក។ ដាវីឌ​បាន​ទាយ​ថា​៖ ​«​មិត្រ​សំឡាញ់​ស្និទ្ធ​ស្នា​ល​របស់​ទូល​បង្គំ ជា​អ្នក​ដែល​ទូល​បង្គំ​បាន​ទុក​ចិត្ត ហើយ​ក៏​បាន​បរិភោគ​បាយ​របស់​ទូល​បង្គំ​ផង នោះ​បាន​លើក​កែង​ជើង​ចង់​ជាន់​ឈ្លី​ទូល​បង្គំ​ដែរ​»។ (​ទំនុក. ៤១:៩​) ធម្មតា​បុគ្គល​ដែល​បរិភោគ​អាហារ​ជា​មួយ​គ្នា​គឺជា​មិត្ត​នឹង​គ្នា។ (​លោ. ៣១:៥៤​) ដូច្នេះ ទំនាយ​នេះ​មាន​ន័យ​ថា​បុគ្គល​ម្នាក់​ដែល​ជា​មិត្ត​របស់​មេស្ស៊ី​នឹង​ធ្វើ​អ្វី​ដ៏​អាក្រក់​មួយ ពោល​គឺ​ក្បត់​លោក! លោក​យេស៊ូ​បាន​សំដៅ​ទៅ​លើ​បុគ្គល​នេះ ពេល​លោក​មាន​ប្រសាសន៍​ទៅ​ពួក​សាវ័ក​របស់​លោក​ថា​៖ ​«​ខ្ញុំ​មិន​មែន​និយាយ​អំពី​អ្នក​ទាំង​អស់​គ្នា​ទេ ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស។ ប៉ុន្តែ​នេះ​គឺ​ដើម្បី​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា​៖ ‹អ្នក​ដែល​ធ្លាប់​បរិភោគ​នំ​ប៉័ង​របស់​ខ្ញុំ បាន​លើក​កែង​ជើង​ទាស់​នឹង​ខ្ញុំ​វិញ›​»។ (​យ៉ូន. ១៣:​១៨​) លោក​យេស៊ូ​បាន​រៀប​រាប់​អំពី​យូដាស អ៊ីស្ការីយ៉ុត ដែល​ធ្លាប់​ជា​អ្នក​កាន់​តាម​និង​ជា​មិត្ត​របស់​លោក។ ពេល​ដែល​គាត់​ក្បត់​លោក​យេស៊ូ នោះ​ទំនាយ​របស់​ដាវីឌ​បាន​សម្រេច។

អ្នក​ដែល​ក្បត់​មេស្ស៊ី​នឹង​ទទួល​៣០​កាក់​ធ្វើ​ពី​ប្រាក់ ដែល​នេះ​ស្មើ​នឹង​តម្លៃ​សម្រាប់​ខ្ញុំ​បម្រើ​ម្នាក់! ម៉ាថាយ​បាន​បង្ហាញ​ថា​យូដាស​បាន​ក្បត់​លោក​យេស៊ូ​ដើម្បី​បាន​៣០​កាក់​ដែល​ធ្វើ​ពី​ប្រាក់​ប៉ុណ្ណោះ ហើយ​នេះ​សម្រេច​ទំនាយ​នៅ​សាការី ១១:១២, ១៣។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​ម៉ាថាយ​និយាយ​ថា​ទំនាយ​នេះ​បាន​ត្រូវ​ប្រកាស​«​តាម​រយៈ​យេរេមា​»​? ពីព្រោះ​នៅ​សម័យ​របស់​ម៉ាថាយ គេ​ប្រហែលជា​ដាក់​សៀវភៅ​យេរេមា​នៅ​ខាង​មុខ​គេ​បង្អស់​នៃ​សៀវភៅ​មួយ​ចំនួន​ក្នុង​គម្ពីរ​ដែល​រួម​មាន​សៀវភៅ​សាការី​ផង​ដែរ។ (​សូម​ពិនិត្យ​បន្ថែម លូកា ២៤:៤៤​) យូដាស​មិន​បាន​ចាយ​ប្រាក់​៣០​កាក់​នោះ​ទេ ពីព្រោះ​គាត់​បាន​បោះ​កាក់​ប្រាក់​ទាំង​នោះ​ទៅ​ក្នុង​វិហារ រួច​ចេញ​ទៅ​ចង​ក​សម្លាប់​ខ្លួន។—ម៉ាថ. ២៦:១៤​-​១៦; ២៧:៣​-​១០

៧​. តើ​សាការី ១៣:៧​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

ពួក​អ្នក​កាន់​តាម​មេស្ស៊ី​នឹង​ខ្ចាត់​ខ្ចាយ។ សាការី​បាន​សរសេរ​ថា​៖ ​«​ចូរ​វាយ​អ្នក​គង្វាល នោះ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​»។ (​សាក. ១៣:៧​) នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស. លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​នៅ​យប់​នេះ អ្នក​ទាំង​អស់​គ្នា​នឹង​ជំពប់​ដួល ដោយ​សារ​អ្វី​ដែល​កើត​ឡើង​ដល់​ខ្ញុំ ពីព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ‹ខ្ញុំ​នឹង​វាយ​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ខ្ចាត់​ខ្ចាយ​ទៅ›​»។ នេះ​បាន​កើត​ឡើង​ដូច​បាន​ទាយ​ទុក​មែន ព្រោះ​ម៉ាថាយ​បាន​កត់​ទុក​ថា​៖ ​«​ពួក​អ្នក​កាន់​តាម​បាន​រត់​ចោល​លោក​[​យេស៊ូ​]​ទាំង​អស់​គ្នា​»។—ម៉ាថ. ២៦:៣១, ៥៦

គេ​បាន​ចោទ​ប្រកាន់​និង​វាយ​ដំ​លោក

៨​. តើ​អេសាយ ៥៣:៨​បាន​សម្រេច​យ៉ាង​ណា?

មេស្ស៊ី​នឹង​ត្រូវ​គេ​ជំនុំជម្រះ​ក្ដី និង​ផ្ដន្ទា​ទោស។ (​សូម​អាន អេសាយ ៥៣:៨) ពេល​ថ្ងៃ​រះ​នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល​បាន​ជួប​ជុំ​ពិគ្រោះ​គ្នា បាន​ចង​លោក​យេស៊ូ ហើយ​បាន​ប្រគល់​លោក​ឲ្យ​ទៅ​ប៉ុនទាស​ពីឡាត​ដែល​ជា​អភិបាលជន​ជាតិ​រ៉ូម។ ពីឡាត​បាន​សួរ​ចម្លើយ​លោក​យេស៊ូ ហើយ​ឃើញ​ថា​លោក​គ្មាន​ទោស​សោះ​ឡើយ។ ក៏​ប៉ុន្តែ ពេល​ពីឡាត​ចង់​ដោះ​លែង​លោក​យេស៊ូ បណ្ដា​ជន​បាន​ស្រែក​ថា​៖ ​«​ព្យួរ​អ្នក​នោះ​ទៅ!​»​ ហើយ​ពួក​គេ​បាន​សុំ​ឲ្យ​ពីឡាត​ដោះ​លែង​ឧក្រិដ្ឋជន​ម្នាក់​ឈ្មោះ​បារ៉ាបាស​វិញ។ ដោយ​ចង់​ផ្គាប់​ចិត្ត​បណ្ដា​ជន នោះ​ពីឡាត​បាន​ដោះ​លែង​បារ៉ាបាស​ឲ្យ​ពួក​គេ ក្រោយ​មក គាត់​បាន​បញ្ជា​ឲ្យ​វាយ​លោក​យេស៊ូ ហើយ​បាន​ប្រគល់​លោក​ឲ្យ​ពួក​ទាហាន​យក​ទៅ​ព្យួរ។—ម៉ាក. ១៥:១​-​១៥

៩​. ដូច​បាន​ទាយ​នៅ​ទំនុកតម្កើង ៣៥:១១ តើ​មាន​អ្វី​កើត​ឡើង​នៅ​សម័យ​របស់​លោក​យេស៊ូ?

សាក្សី​ក្លែង​ក្លាយ​នឹង​ចោទ​ប្រកាន់​មេស្ស៊ី។ ដាវីឌ​បាន​សរសេរ​ថា​៖ ​«​មាន​សាក្សី​កោង​លើក​គ្នា​ឡើង គេ​ចោទ​សួរ​ពី​រឿង​ដែល​ទូល​បង្គំ​មិន​ដឹង​»។ (​ទំនុក. ៣៥:១១​) ស្រប​តាម​ទំនាយ​នេះ ​«​ពួក​សង្ឃនាយក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល​កំពុង​រក​សាក្សី​ឲ្យ​ចោទ​ប្រកាន់​លោក​យេស៊ូ​ដោយ​មិន​ពិត ដើម្បី​មាន​ហេតុ​ប្រហារ​ជីវិត​លោក​»។ (​ម៉ាថ. ២៦:៥៩​) តាម​ពិត ​«​មាន​សាក្សី​ក្លែង​ក្លាយ​ជា​ច្រើន​ដែល​បាន​ចោទ​ប្រកាន់​លោក ប៉ុន្តែ​សម្ដី​របស់​ពួក​គេ​មិន​ស្រប​គ្នា​ទេ​»។ (​ម៉ាក. ១៤:៥៦​) ពួក​សត្រូវ​របស់​លោក​យេស៊ូ​មិន​ខ្វល់​ខ្វាយ​ទេ​ដែល​សាក្សី​និយាយ​ភូតភរ​អំពី​លោក ព្រោះ​ពួក​គេ​គ្រាន់តែ​ចង់​សម្លាប់​លោក​តែ​ប៉ុណ្ណោះ។

១០​. សូម​ពន្យល់​អំពី​របៀប​ដែល​អេសាយ ៥៣:៧​បាន​សម្រេច។

១០ មេស្ស៊ី​នឹង​មិន​តប​ឆ្លើយ​ចំពោះ​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​លោក​ឡើយ។ អេសាយ​បាន​ទាយ​ថា​៖ ​«​ទ្រង់​ត្រូវ​គេ​សង្កត់​សង្កិន ហើយ​ធ្វើ​ទុក្ខ តែ​ទ្រង់​មិន​បាន​ហើប​ព្រះ​ឱស្ឋ​សោះ គឺ​ដូច​ជា​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​សំឡាប់ ហើយ​ដូច​ជា​ចៀម​ដែល​គ​នៅ​ចំពោះ​ពួក​អ្នក​កាត់​រោម​យ៉ាង​ណា ទ្រង់​ក៏​មិន​បាន​ហើប​ព្រះ​ឱស្ឋ​សោះ​យ៉ាង​នោះ​ដែរ​»។ (​អេ. ៥៣:៧​) ​«​ពេល​ដែល​ពួក​សង្ឃនាយក​និង​ពួក​បុរស​ចាស់​ទុំ​ចោទ​ប្រកាន់​លោក​[​យេស៊ូ​] នោះ​លោក​មិន​តប​ឆ្លើយ​ឡើយ​»។ ដូច្នេះ ពីឡាត​បាន​សួរ​លោក​ថា​៖ ​«​តើ​អ្នក​មិន​ឮ​រឿង​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​កំពុង​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?​»។ ក៏​ប៉ុន្តែ​លោក​យេស៊ូ​«​មិន​បាន​តប​ឆ្លើយ​មួយ​ម៉ាត់​សោះ ជា​ហេតុ​ធ្វើ​ឲ្យ​អភិបាល​ឆ្ងល់​ជា​ខ្លាំង​»។ (​ម៉ាថ. ២៧:​១២​-​១៤​) ម្យ៉ាង​ទៀត លោក​យេស៊ូ​ក៏​មិន​បាន​ជេរ​ប្រមាថ​ពួក​អ្នក​ចោទ​ប្រកាន់​លោក​ដែរ។—រ៉ូម ១២:១៧​-​២១; ១ពេ. ២:២៣

១១​. តើ​មាន​អ្វី​កើត​ឡើង​ដែល​សម្រេច​ទំនាយ​នៅ​អេសាយ ៥០:៦ និង​មីកា ៤:១៣?

១១ មេស្ស៊ី​នឹង​ត្រូវ​គេ​វាយ​ដំ។ អេសាយ​បាន​ទាយ​ទុក​ថា​៖ ​«​ខ្ញុំ​បាន​ប្រគល់​ខ្នង​ទៅ​ឲ្យ​ពួក​អ្នក​ដែល​វាយ ហើយ​ថ្ពាល់​ខ្ញុំ​ទៅ​ឲ្យ​ពួក​ដែល​បោច​ពុក​ចង្កា ខ្ញុំ​មិន​បាន​គេច​មុខ​ពី​សេចក្ដី​អាម៉ាស់​ខ្មាស ឬ​ពី​ការ​ស្ដោះ​ទឹក​មាត់​ទេ​»។ (​អេ. ៥០:៦​) មីកា​បាន​ទាយ​ថា​៖ ​«​គេ​នឹង​វាយ​ចៅ​ក្រម​នៃ​អ៊ីស្រាអែល​ដោយ​ដំបង​ត្រង់​ថ្ពាល់​»។ (​មីកា ៤:១៣​) ម៉ាកុស​បាន​បញ្ជាក់​ថា​ទំនាយ​ទាំង​នេះ​បាន​ត្រូវ​សម្រេច​ដោយ​និយាយ​ថា​៖ ​«​ពួក​គេ​ខ្លះ​ចាប់​ផ្ដើម​ស្ដោះ​ទឹក​មាត់​ដាក់ ក៏​បាន​គ្រប​មុខ​លោក​[​យេស៊ូ​]​ហើយ​ដាល់​លោក រួច​និយាយ​ថា​៖ ‹បើ​ឯង​ចេះ​ប្រកាស​ទំនាយ​មែន តើ​អ្នក​ណា​បាន​វាយ​ឯង? ចូរ​ប្រាប់​មក!›។ ក្រោយ​មក មន្ត្រី​ជំនួយ​តុលាការ​បាន​ទះ​កំផ្លៀង​លោក រួច​នាំ​យក​ទៅ​»។ ម៉ាកុស​ក៏​បាន​ប្រាប់​ដែរ​ថា​ពួក​ទាហាន​«​បាន​យក​ដើម​ត្រែង​វាយ​ក្បាល​លោក ថែម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់ ហើយ​លុត​ជង្គង់​គោរព​លោក​[​ក្នុង​ន័យ​ចំអក​]​»។ (​ម៉ាក. ១៤:៦៥; ១៥:១៩​) ពិត​មែន លោក​យេស៊ូ​មិន​បាន​បង្ក​រឿង​អ្វី​សោះ​ដែល​នាំ​ឲ្យ​ពួក​គេ​ធ្វើ​បាប​លោក​បែប​នេះ​ឡើយ។

លោក​នៅ​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់

១២​. តើ​ទំនាយ​នៅ​ទំនុកតម្កើង ២២:១៦ និង​អេសាយ ៥៣:១២​ជាប់​ទាក់​ទង​នឹង​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

១២ មេស្ស៊ី​នឹង​ត្រូវ​ស្លាប់​លើ​បង្គោល​ឈើ។ ដាវីឌ​បាន​ពោល​ថា​៖ ​«​មាន​ពួក​មនុស្ស​អាក្រក់​ដើរ​ក្រវែល​ជុំ​វិញ​ទូល​បង្គំ គេ​បាន​ចាក់​ទំ​លុះ​ដៃ​ជើង​នៃ​ទូល​បង្គំ​»។ (​ទំនុក. ២២:១៦​) ម៉ាកុស​បាន​កត់​ទុក​ព្រឹត្ដិការណ៍​មួយ​ដែល​អ្នក​អាន​គម្ពីរ​ស្គាល់​យ៉ាង​ច្បាស់ ដោយ​សរសេរ​ថា​៖ ​«​នោះ​គឺ​ម៉ោង​ទី​បី​[​ប្រហែល​ម៉ោង​៩​ព្រឹក​] ហើយ​ពួក​គេ​បាន​ព្យួរ​លោក​»។ (​ម៉ាក. ១៥:២៥​) គម្ពីរ​ក៏​បាន​ទាយ​ថា​មេស្ស៊ី​នឹង​ត្រូវ​រាប់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ អេសាយ​បាន​សរសេរ​ថា​៖ ​«​ទ្រង់​បាន​ច្រួច​ព្រលឹង​ចេញ​រហូត​ដល់​ស្លាប់ គេ​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​ទទឹង​ច្បាប់​»។ (​អេ. ៥៣:១២​) ម្ល៉ោះ​ហើយ​បាន​ជា​គេ​ក៏​«​ព្យួរ​ចោរ​ប្លន់​ពីរ​នាក់​ជា​មួយ​នឹង​លោក​[​យេស៊ូ​]​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​លោក និង​ម្នាក់​នៅ​ខាង​ឆ្វេង​»។—ម៉ាថ. ២៧:៣៨

១៣​. តើ​ទំនាយ​នៅ​ទំនុកតម្កើង ២២:៧, ៨​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

១៣ ដាវីឌ​បាន​ទាយ​ថា​គេ​នឹង​និយាយ​ប្រមាថ​មើល​ងាយ​មេស្ស៊ី។ (​សូម​អាន ទំនុកតម្កើង ២២:៧, ៨) ពេល​លោក​យេស៊ូ​កំពុង​រង​ទុក្ខ​នៅ​លើ​បង្គោល​ទារុណកម្ម គេ​បាន​និយាយ​ប្រមាថ​មើល​ងាយ​លោក​មែន ព្រោះ​ម៉ាថាយ​បាន​រាយ​ការណ៍​ថា​៖ ​«​អ្នក​ដែល​ដើរ​កាត់​គ្រវី​ក្បាល​និយាយ​មើល​ងាយ​លោក ដោយ​ពោល​ថា​៖ ‹នែ! អ្នក​រុះ​វិហារ​ហើយ​សង់​ឡើង​វិញ​ក្នុង​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ! បើ​អ្នក​ឯង​ជា​បុត្រ​ព្រះ​មែន ចូរ​ចុះ​ពី​បង្គោល​ទារុណកម្ម​មក!›​»។ ពួក​សង្ឃនាយក ព្រម​ទាំង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​បុរស​ចាស់​ទុំ​ក៏​បាន​ចំអក​ឲ្យ​លោក​ដែរ ដោយ​និយាយ​ថា​៖ ​«​អ្នក​នេះ​បាន​សង្គ្រោះ​អ្នក​ដទៃ តែ​សង្គ្រោះ​ខ្លួន​ឯង​មិន​បាន​ទេ! គាត់​ជា​ស្តេច​នៃ​អ៊ីស្រាអែល ដូច្នេះ ចូរ​ឲ្យ​គាត់​ចុះ​ពី​បង្គោល​ទារុណកម្ម​មក ហើយ​យើង​នឹង​ជឿ​លើ​គាត់។ គាត់​បាន​ទុក​ចិត្ត​លើ​ព្រះ ដូច្នេះ បើ​ព្រះ​ចង់​បាន​គាត់ ទុក​ឲ្យ​ព្រះ​សង្គ្រោះ​គាត់​ចុះ ព្រោះ​គាត់​បាន​និយាយ​ថា​៖ ‹ខ្ញុំ​ជា​បុត្រ​របស់​ព្រះ›​»។ (​ម៉ាថ. ២៧:៣៩​-​៤៣​) ត្រូវ​ហើយ លោក​យេស៊ូ​បាន​រង​ទុក្ខ​មែន ប៉ុន្តែ​លោក​នៅ​ស្ងៀម​ស្ងាត់ ហើយ​មិន​បាន​និយាយ​អ្វី​ដែល​ខុស​ទេ។ លោក​ជា​គំរូ​ល្អ​ប្រសើរ​សម្រាប់​យើង!

១៤, ១៥​. សូម​បង្ហាញ​នូវ​របៀប​ដែល​ទំនាយ​ដែល​បាន​សម្រេច​ស្តី​អំពី​សម្លៀក​បំពាក់​របស់​មេស្ស៊ី និង​ការ​ឲ្យ​លោក​ផឹក​ទឹកខ្មេះ។

១៤ គេ​នឹង​ចាប់​ឆ្នោត​ដើម្បី​បាន​សម្លៀក​បំពាក់​របស់​មេស្ស៊ី។ អ្នក​តែង​ទំនុកតម្កើង​បាន​សរសេរ​ថា​៖ ​«​គេ​យក​សំលៀក​បំពាក់​ទូល​បង្គំ​ចែក​គ្នា ឯ​អាវ​វែង​របស់​ទូល​បង្គំ គេ​ក៏​ធ្វើ​ឆ្នោត​ចាប់​យក​»។ (​ទំនុក. ២២:១៨​) នេះ​បាន​កើត​ឡើង​មែន ពីព្រោះ​«​ក្រោយ​ពី​ពួក​[​ទាហាន​រ៉ូម​]​បាន​ព្យួរ​លោក​[​យេស៊ូ​]​រួច​ហើយ ពួក​គេ​ក៏​បាន​ចែក​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​ដោយ​ចាប់​ឆ្នោត​»។—ម៉ាថ. ២៧:៣៥; សូម​អាន យ៉ូហាន ១៩:២៣, ២៤

១៥ គេ​នឹង​ឲ្យ​មេស្ស៊ី​ផឹក​ទឹកខ្មេះ​និង​ស្រា​លាយ​ថ្នាំ​ម្យ៉ាង​ដែល​មាន​ជាតិ​ល្វីង។ អ្នក​តែង​ទំនុកតម្កើង​បាន​ពោល​ថា​៖ ​«​គេ​បាន​ឲ្យ​ថ្នាំ​ស្ពឹក​មក​ទូល​បង្គំ​សំ​រាប់​ជា​អាហារ ហើយ​កាល​ទូល​បង្គំ​ស្រេក នោះ​គេ​យក​ទឹកខ្មេះ​មក​ឲ្យ​ផឹក​»។ (​ទំនុក. ៦៩:២១​) ម៉ាថាយ​បាន​សរសេរ​ឲ្យ​យើង​ដឹង​ថា​៖ ​«​ពួក​គេ​យក​ស្រា​លាយ​ជា​មួយ​ថ្នាំ​ម្យ៉ាង​ដែល​មាន​ជាតិ​ល្វីង​មក​ជូន​លោក​[​យេស៊ូ​]​ពិសា ប៉ុន្តែ​ក្រោយ​ពី​លោក​ភ្លក់​ហើយ លោក​មិន​ព្រម​ពិសា​ឡើយ​»។ ក្រោយ​មក ​«​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​រត់​ទៅ . . . យក​វត្ថុ​ម្យ៉ាង​ដែល​អាច​ជក់​ទឹក​បាន ក៏​ជ្រលក់​ក្នុង​ស្រា​ជូរ រួច​ដាក់​លើ​ដើម​ត្រែង​មួយ ហើយ​ឲ្យ​លោក​ពិសា​»។—ម៉ាថ. ២៧:៣៤, ៤៨

១៦​. សូម​ពន្យល់​អំពី​របៀប​ដែល​ទំនាយ​នៅ​ទំនុកតម្កើង ២២:១ បាន​សម្រេច។

១៦ តាម​មើល​ទៅ​ដូច​ជា​ព្រះ​នឹង​បោះបង់​ចោល​មេស្ស៊ី។ (​សូម​អាន ទំនុកតម្កើង ២២:១) ស្រប​ទៅ​តាម​ទំនាយ​នេះ ​«​នៅ​ម៉ោង​ទី​ប្រាំបួន​[​ប្រហែល​ម៉ោង​បី​រសៀល​] លោក​យេស៊ូ​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ‹អេលី! អេលី! ឡា​ម៉ា សា​បាក់​ថា​នី?› ដែល​បក​ប្រែ​ថា​៖ ‹ព្រះ​ខ្ញុំ​អើយ! ព្រះ​ខ្ញុំ​អើយ! ហេតុ​អ្វី​បាន​ជា​លះ​ចោល​ខ្ញុំ?›​»។ (​ម៉ាក. ១៥:៣៤​) ពេល​លោក​មាន​ប្រសាសន៍​ថា​ព្រះ​បាន​លះ​ចោល​លោក នោះ​គឺ​មិន​ដោយ​សារ​លោក​បាត់បង់​ជំនឿ​ទៅ​លើ​បិតា​របស់​លោក​ឡើយ។ ព្រះ​បាន​លះ​ចោល​លោក​យេស៊ូ​ដោយ​លែង​ការពារ​លោក​ពី​ពួក​សត្រូវ​ដើម្បី​អាច​ល្បង​ល​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​លោក​យ៉ាង​ពេញ​លេញ។ ដូច្នេះ​ពេល​លោក​យេស៊ូ​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​នោះ លោក​បាន​សម្រេច​ទំនាយ​នៅ​ទំនុកតម្កើង ២២:១

១៧​. តើ​សាការី ១២:១០ និង​ទំនុកតម្កើង ៣៤:២០​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

១៧ គេ​នឹង​ចាក់​មេស្ស៊ី ប៉ុន្តែ​មិន​បំបាក់​ឆ្អឹង​របស់​លោក​ឡើយ។ បណ្ដា​ជន​នៅ​ក្រុង​យេរូសាឡិម​នឹង​«​គន់​មើល​អ្នក​ដែល​គេ​បាន​ចាក់​»។ (​សាក. ១២:១០​) ម្យ៉ាង​ទៀត ទំនុកតម្កើង ៣៤:២០​ចែង​ថា​៖ ​«​[​ព្រះ​]​រក្សា​អស់​ទាំង​ឆ្អឹង​របស់​អ្នក​នោះ មិន​ឲ្យ​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​ឡើយ​»។ ដោយ​បញ្ជាក់​អំពី​ចំណុច​ទាំង​នេះ យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​ទាហាន​ម្នាក់​បាន​ចាក់​ចំហៀង​ខ្លួន​លោក​[​យេស៊ូ​]​នឹង​លំពែង ហើយ​ឈាម​និង​ទឹក​ចេញ​មក​ភ្លាម។ ឯ​អ្នក​ដែល​បាន​ឃើញ​ការ​នេះ​[​យ៉ូហាន​]​បាន​ធ្វើ​ជា​សាក្សី ហើយ​ការ​បញ្ជាក់​របស់​គាត់​គឺ​ពិត . . . ការ​ទាំង​នេះ​បាន​កើត​ឡើង​ដើម្បី​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា​៖ ‹គេ​នឹង​មិន​បំបាក់​ឆ្អឹង​ណា​មួយ​របស់​លោក​ឡើយ›។ ហើយ​បទ​គម្ពីរ​ផ្សេង​ទៀត​ចែង​ថា​៖ ‹ពួក​គេ​នឹង​មើល​ទៅ​លោក​ដែល​ពួក​គេ​បាន​ចាក់›​»។—យ៉ូន. ១៩:៣៣​-​៣៧

១៨​. តើ​លោក​យេស៊ូ​បាន​ត្រូវ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​អ្នក​មាន​យ៉ាង​ដូច​ម្ដេច?

១៨ មេស្ស៊ី​នឹង​ត្រូវ​គេ​បញ្ចុះ​សព​នៅ​ក្នុង​ផ្នូរ​របស់​អ្នក​មាន។ (​សូម​អាន អេសាយ ៥៣:៥, ៨, ៩) នៅ​ពេល​ព្រលប់​ក្នុង​ថ្ងៃ​ទី​១៤ ខែ​ណែសាន​មាន​«​បុរស​អ្នក​មាន​ម្នាក់​ឈ្មោះ​យ៉ូសែប​ពី​ក្រុង​អារីម៉ាថេ​»​ គាត់​បាន​ទៅ​ជួប​ពីឡាត និង​សុំ​យក​សព​របស់​លោក​យេស៊ូ ហើយ​ពីឡាត​ក៏​យល់​ព្រម។ កំណត់​ហេតុ​ក្នុង​ម៉ាថាយ​បាន​បន្ថែម​ថា​៖ ​«​យ៉ូសែប​យក​សព​នោះ​រុំ​នឹង​ក្រណាត់​ស្អាត​សាច់​ល្អ ហើយ​បញ្ចុះ​ក្នុង​ទី​បញ្ចុះ​សព​ថ្មី​របស់​គាត់ ដែល​គាត់​បាន​ធ្វើ​ដោយ​ដាប់​ថ្ម​ជា​រូង។ ក្រោយ​ពី​បាន​ប្រមៀល​ថ្ម​មួយ​មក​បិទ​ទី​បញ្ចុះ​សព​នោះ​ហើយ គាត់​ក៏​ចេញ​ទៅ​»។—ម៉ាថ. ២៧:៥៧​-​៦០

ចូរ​សរសើរ​មេស្ស៊ី​ដែល​ជា​ស្តេច​របស់​យើង!

១៩​. សម​ស្រប​នឹង​ទំនាយ​នៅ​ទំនុកតម្កើង ១៦:១០ តើ​មាន​អ្វី​បាន​កើត​ឡើង?

១៩ ព្រះ​យេហូវ៉ា​នឹង​ប្រោស​មេស្ស៊ី​ឲ្យ​រស់​ឡើង​វិញ។ ដាវីឌ​បាន​សរសេរ​ថា​៖ ​«​ទ្រង់​[​ព្រះ​យេហូវ៉ា​]​មិន​ទុក​ឲ្យ​ព្រលឹង​ទូល​បង្គំ នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ​»។ (​ទំនុក. ១៦:១០​) សូម​ស្រមៃ​គិត​អំពី​ការ​ភ្ញាក់​ផ្អើល​របស់​ពួក​ស្ត្រី​ដែល​បាន​មក​ឯ​ទី​បញ្ចុះ​សព​របស់​លោក​យេស៊ូ។ នៅ​ទី​នោះ​ពួក​នាង​បាន​ជួប​ទេវតា​កាឡា​ខ្លួន​ជា​មនុស្ស​មួយ​រូប​ដែល​ប្រាប់​ពួក​នាង​ថា​៖ ​«​កុំ​ភាំង​ស្មារតី​ឡើយ។ ខ្ញុំ​ដឹង​ថា​អ្នក​កំពុង​រក​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត ដែល​គេ​បាន​ព្យួរ។ លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​មិន​នៅ​ទី​នេះ​ទេ។ មើល! នេះ​ជា​កន្លែង​ដែល​គេ​បាន​ដាក់​សព​របស់​លោក​»។ (​ម៉ាក. ១៦:៦​) នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. សាវ័ក​ពេត្រុស​បាន​ប្រកាស​ប្រាប់​បណ្ដា​ជន​នៅ​ក្រុង​យេរូសាឡិម​ថា​៖ ​«​[​ដាវីឌ​]​បាន​ឃើញ​ទុក​ជា​មុន​ក៏​បាន​និយាយ​អំពី​ការ​ប្រោស​គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ​ថា លោក​មិន​បាន​ត្រូវ​ទុក​ចោល​ក្នុង​ផ្នូរ ហើយ​សាច់​របស់​លោក​ក៏​មិន​បាន​ខូច​ទៅ​ដែរ​»។ (​សកម្ម. ២:២៩​-​៣១​) ព្រះ​មិន​អនុញ្ញាត​ឲ្យ​រូប​កាយ​នៃ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​រលួយ​នោះ​ទេ។ បន្ថែម​ទៅ​ទៀត ព្រះ​បាន​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​ជា​វិញ្ញាណ!—១ពេ. ៣:១៨

២០​. តើ​ទំនាយ​ស្តី​អំពី​ការ​គ្រប់​គ្រង​របស់​មេស្ស៊ី​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

២០ ដូច​បាន​ទាយ​ទុក ព្រះ​បាន​ប្រកាស​ថា​លោក​យេស៊ូ​ជា​បុត្រ​របស់​លោក។ (​សូម​អាន ទំនុកតម្កើង ២:៧; ម៉ាថាយ ៣:១៧) បន្ថែម​ទៅ​ទៀត ពេល​ដែល​លោក​យេស៊ូ​ចូល​ក្នុង​ក្រុង​យេរូសាឡិម បណ្ដា​ជន​បាន​សរសើរ​លោក​និង​រាជាណាចក្រ​របស់​លោក។ សព្វ​ថ្ងៃ​នេះ យើង​ក៏​សរសើរ​លោក​ដែរ ដោយ​រីករាយ​ប្រកាស​ប្រាប់​អ្នក​ឯ​ទៀត​អំពី​លោក​និង​រាជាណាចក្រ​របស់​លោក។ (​ម៉ាក. ១១:៧​-​១០​) បន្ដិច​ទៀត គ្រិស្ត​នឹង​បំផ្លាញ​សត្រូវ​របស់​លោក កាល​ដែល​លោក​‹ជិះ​ទៅ ដើម្បី​ការពារ​សេចក្ដី​ពិត សេចក្ដី​សុភាព និង​សេចក្ដី​សុចរិត›។ (​ទំនុក. ២:៨, ៩; ៤៥:១​-​៦​) នៅ​ពេល​នោះ ការ​សោយរាជ្យ​របស់​លោក​នឹង​នាំ​ឲ្យ​មាន​សន្ដិភាព​និង​ភាព​ចម្រុងចម្រើន​នៅ​ពេញ​លើ​ផែនដី។ (​ទំនុក. ៧២:១, ៣, ១២, ១៦; អេ. ៩:៦, ៧​) លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​បាន​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​រួច​ទៅ​ហើយ។ ដូច្នេះ យើង​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ណាស់​ក្នុង​ការ​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា និង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត​ទាំង​នេះ!

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​លោក​យេស៊ូ​ត្រូវ​គេ​ក្បត់​និង​រត់​ចោល​យ៉ាង​ដូច​ម្ដេច?

• តើ​មាន​ទំនាយ​អ្វី​ខ្លះ​ដែល​ទាយ​អំពី​ពេល​ដែល​គេ​ព្យួរ​លោក​យេស៊ូ​គ្រិស្ត?

• ហេតុ​អ្វី​អ្នក​ជឿ​ជាក់​ថា​លោក​យេស៊ូ​គឺជា​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​១៨​]

ពេល​ដែល​លោក​យេស៊ូ​បាន​ចូល​ក្រុង​យេរូសាឡិម​ជា​អ្នក​ដែល​មាន​ជ័យ​ជម្នះ តើ​ទំនាយ​ណាខ្លះ​បាន​សម្រេច?

[​រូបភាព​នៅ​ទំព័រ​២០​]

លោក​យេស៊ូ​បាន​ទទួល​មរណភាព​ដើម្បី​លោះ​យើង​ពី​ភាព​ខុស​ឆ្គង ប៉ុន្តែ​ឥឡូវ​នេះ​លោក​កំពុង​គ្រប់​គ្រង​ជា​ស្តេច​មេស្ស៊ី