លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេហូវ៉ាជា«ព្រះដែលផ្ដល់សេចក្ដីសុខសាន្ដ»

ព្រះយេហូវ៉ាជា«ព្រះដែលផ្ដល់សេចក្ដីសុខសាន្ដ»

ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​ផ្ដល់​សេចក្ដី​សុខសាន្ត​»​

​«​សូម​ព្រះ​ដែល​ផ្ដល់​សេចក្ដី​សុខសាន្ត​នៅ​ជា​មួយ​នឹង​អ្នក​ទាំង​អស់​គ្នា​»។—រ៉ូម ១៥:៣៣

១, ២​. ដូច​បាន​ពណ៌​នា​នៅ​លោកុប្បត្តិ ជំពូក⁠៣២ និង⁠៣៣ តើ​មាន​ព្រឹត្ដិការណ៍​អ្វី​បាន​កើត​ឡើង? ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

សូម​ស្រមៃ​គិត​ថា បង​ប្អូន​ប្រុស​ពីរ​នាក់​ជិត​ជួប​គ្នា​នៅ​ក្បែរ​តំបន់​មួយ​ឈ្មោះ​ពេនួល ជា​ទី​ក្រុង​ដែល​នៅ​ជ្រលង​ភ្នំ​យ៉ា​បុក ប៉ែក​ខាង​កើត​ទន្លេ​យ៉ូដាន់។ អេសាវ​បាន​ឮ​ថា​យ៉ាកុប​ដែល​ជា​ប្អូន​ប្រុស​ភ្លោះ​របស់​គាត់​ត្រឡប់​មក​វិញ​ហើយ។ ទោះ​ជា​រយៈ​ពេល​២០​ឆ្នាំ​បាន​កន្លង​ទៅ​ហើយ តាំង​ពី​អេសាវ​បាន​លក់​សិទ្ធិ​នៃ​កូន​ច្បង​ឲ្យ​ទៅ​ប្អូន​ប្រុស​របស់​គាត់​ក៏​ដោយ យ៉ាកុប​នៅ​តែ​ភ័យ​ខ្លាច​ថា​បង​ប្រុស​របស់​គាត់​ប្រហែល​ជា​នៅ​តែ​គុំកួន​ចង់​សម្លាប់​គាត់។ អេសាវ​កំពុង​ធ្វើ​ដំណើរ​មក​ជួប​យ៉ាកុប ដោយ​មាន​បុរស​៤០០​នាក់​មក​ជា​មួយ​ផង។ ដោយ​គិត​អំពី​រឿង​នេះ យ៉ាកុប​បាន​រៀបចំ​ទុក​ជា​មុន​ដោយ​ផ្ញើ​អំណោយ​យ៉ាង​ច្រើន​ឲ្យ​អ្នក​បម្រើ​យក​ទៅ​ឲ្យ​អេសាវ​ម្ដង​មួយ​ក្រុម​ៗ ដែល​មាន​សត្វ​ផ្សេង​ៗ​ដែល​គាត់​ជ្រើស​រើស​ពី​ហ្វូង​សត្វ​របស់​គាត់​ជាង​៥៥០​ក្បាល។ ពេល​អ្នក​បម្រើ​របស់​យ៉ាកុប​នាំ​យក​អំណោយ​មក​ឲ្យ​អេសាវ នោះ​ពួក​គេ​ប្រាប់​ដល់​អេសាវ​ថា នេះ​ជា​ជំនូន​ពី​ប្អូន​ប្រុស​របស់​គាត់។

តើ​មាន​អ្វី​កើត​ឡើង​ពេល​ពួក​គេ​ជួប​គ្នា? យ៉ាកុប​បង្ហាញ​ចិត្ត​ក្លាហាន​និង​ចិត្ត​រាប​ទាប។ គាត់​ដើរ​ឆ្ពោះ​ទៅ​រក​អេសាវ ហើយ​បាន​ឱនក្រាប​ចុះ​ដល់​ដី​៧​ដង។ ប៉ុន្តែ មុន​នេះ​យ៉ាកុប​បាន​ធ្វើ​អ្វី​ដ៏​សំខាន់​មួយ​ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​របស់​បង​ប្រុស​គាត់​ទន់ គឺ​គាត់​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​លោក​ជួយ​សង្គ្រោះ​គាត់​ពី​កណ្ដាប់​ដៃ​របស់​អេសាវ។ តើ​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​ចំពោះ​ការ​អធិដ្ឋាន​នេះ​ឬ​ទេ? លោក​ពិត​ជា​បាន​ធ្វើ​ដូច្នេះ​មែន។ គម្ពីរ​បាន​ប្រាប់​យើង​ថា​៖ ​«​អេសាវ​ក៏​រត់​មក​ទទួល ហើយ​ឱប​ថើប​»​គាត់។—លោ. ៣២:១១​-​២០; ៣៣:១​-​៤

៣​. តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​កំណត់​ហេតុ​អំពី​យ៉ាកុប​និង​អេសាវ?

កំណត់​ហេតុ​អំពី​យ៉ាកុប​និង​អេសាវ​បង្ហាញ​ថា ពេល​ដែល​មាន​បញ្ហា​កើត​ឡើង​ដែល​អាច​ធ្វើ​ឲ្យ​លែង​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក នោះ​យើង​គួរ​ចាត់​វិធានការ និង​ខំ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នោះ។ យ៉ាកុប​បាន​ខំ​ប្រឹង​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​អេសាវ ប៉ុន្តែ​គាត់​ធ្វើ​ដូច្នេះ​មិន​មែន​ដោយ​សារ​គាត់​បាន​ធ្វើ​ខុស​និង​ចង់​សុំ​ការ​អភ័យទោស​ពី​អេសាវ​ទេ ព្រោះ​អេសាវ​ជា​អ្នក​ដែល​បាន​មើល​ងាយ​សិទ្ធិ​ជា​កូន​ច្បង ហើយ​គាត់​បាន​លក់​សិទ្ធិ​នោះ​ឲ្យ​យ៉ាកុប​ដើម្បី​បាន​សម្ល​មួយ​ចាន​តែ​ប៉ុណ្ណោះ។ (​លោ. ២៥:៣១​-​៣៤; ហេ. ១២:១៦​) គំរូ​របស់​យ៉ាកុប​បង្ហាញ​ថា​យើង​ត្រូវ​ខំ​ប្រឹង​ខ្លាំង​ណាស់​ដើម្បី​រក្សា​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​បង​ប្អូន​គ្រិស្ត​សាសនិក។ ម្យ៉ាង​ទៀត នេះ​ក៏​បង្ហាញ​ដែរ​ថា​ពេល​យើង​អធិដ្ឋាន​ឲ្យ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ នោះ​លោក​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​យើង​មែន។ គម្ពីរ​មាន​គំរូ​ជា​ច្រើន​ដែល​ជួយ​យើង​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព។

គំរូ​ដ៏​ល្អ​បំផុត​សម្រាប់​យើង

៤​. តើ​ព្រះ​បាន​រៀបចំ​វិធានការ​អ្វី​ដើម្បី​សង្គ្រោះ​យើង​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់?

ព្រះ​យេហូវ៉ា​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សន្ដិភាព។ លោក​ជា​«​ព្រះ​ដែល​ផ្ដល់​សេចក្ដី​សុខសាន្ត​»។ (​រ៉ូម ១៥:៣៣​) សូម​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ដើម្បី​ជួយ​យើង​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​លោក។ ក្នុង​នាម​ជា​កូន​ចៅ​ដែល​មិន​ល្អ​ឥត​ខ្ចោះ​របស់​អាដាម​និង​អេវ៉ា យើង​សម​នឹង​ទទួល​«​ប្រាក់​ឈ្នួល​ដែល​ភាព​ខុស​ឆ្គង​បើក​ឲ្យ​»។ (​រ៉ូម ៦:២៣​) ក៏​ប៉ុន្តែ ដោយ​សារ​សេចក្ដី​ស្រឡាញ់ លោក​បាន​រៀបចំ​ឲ្យ​យើង​ទទួល​សេចក្ដី​សង្គ្រោះ ដោយ​ចាត់​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​ពី​ស្ថាន​សួគ៌​ឲ្យ​មក​កើត​ជា​មនុស្ស​ដែល​ល្អ​ឥត​ខ្ចោះ។ ម្យ៉ាង​ទៀត លោក​យេស៊ូ​ស្ម័គ្រ​ចិត្ត​ធ្វើ​ដូច្នេះ ហើយ​ក៏​បាន​អនុញ្ញាត​ឲ្យ​សត្រូវ​របស់​ព្រះ​សម្លាប់​លោក​ដែរ។ (​យ៉ូន. ១០:​១៧, ១៨​) ព្រះ​ដ៏​ពិត​បាន​ប្រោស​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​ឲ្យ​មាន​ជីវិត​នៅ​ស្ថាន​សួគ៌ ហើយ​នៅ​ទី​នោះ​លោក​យេស៊ូ​បាន​បង់​ថ្លៃ​លោះ​របស់​លោក​ឲ្យ​ដល់​ព្រះ​យេហូវ៉ា។ ថ្លៃ​លោះ​នេះ​បាន​សង្គ្រោះ​ពួក​អ្នក​ដែល​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​ឲ្យ​រួច​ផុត​ពី​សេចក្ដី​ស្លាប់។—សូម​អាន ហេប្រឺ ៩:១៤, ២៤

៥, ៦​. តើ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​លោក​យេស៊ូ បាន​ជួយ​មនុស្ស​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​ព្រះ​យ៉ាង​ដូច​ម្ដេច?

មនុស្ស​បាន​ក្លាយ​ទៅ​ជាស​ត្រូវ​របស់​ព្រះ​ដោយ​សារភាព​ខុស​ឆ្គង។ ដូច្នេះ តើ​ថ្លៃ​លោះ​របស់​លោក​យេស៊ូ​ជួយ​មនុស្ស​ជាតិ​យ៉ាង​ដូច​ម្ដេច? អេសាយ ៥៣:៥​បាន​ចែង​ថា​៖ ​«​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា​ដោយ​សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់​»។ គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​លោក​យេស៊ូ បាន​បើក​ឱកាស​ឲ្យ​មនុស្ស​ដែល​ស្ដាប់​បង្គាប់​ព្រះ​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​លោក។ គម្ពីរ​បាន​រៀប​រាប់​ថា​៖ ​«​ដោយ​បង់​ថ្លៃ​លោះ នោះ​បុត្រ​លោក​បាន​រំដោះ​យើង​តាម​រយៈ​ឈាម​របស់​ខ្លួន ពោល​គឺ​យើង​ទទួល​ការ​អភ័យទោស​ចំពោះ​កំហុស​របស់​យើង​»។—អេភ. ១:៧

គម្ពីរ​បាន​ចែង​ថា​៖ ​«​ព្រះ​ពេញ​ចិត្ត​ឲ្យ​អ្វី​ៗ​នៅ​ក្នុង​ខ្លួន​លោក​[​គ្រិស្ត​]​បាន​ពេញ​ខ្នាត​»។ នេះ​គឺ​ដោយ​សារ​គ្រិស្ត​ជា​វិធី​ដ៏​សំខាន់​ក្នុង​ការ​បំពេញ​គោល​បំណង​របស់​ព្រះ។ ដូច្នេះ តើ​អ្វី​ជា​គោល​បំណង​របស់​ព្រះ​យេហូវ៉ា? គឺជា​ការ​‹ផ្សះ​ផ្សា​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់​ឲ្យ​ជា​នឹង​លោក​ឡើង​វិញ ដោយ​ធ្វើ​ឲ្យ​មាន​សន្ដិភាព​តាម​រយៈ​ឈាម​របស់​[​លោក​យេស៊ូ​]​គ្រិស្ត​[​ដែល​បាន​ត្រូវ​បង្ហូរ​]​›។ យ៉ាង​នេះ ​«​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់​»​ដែល​ព្រះ​បាន​ធ្វើ​ដើម្បី​ឲ្យ​មនុស្ស​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​លោក​គឺជា​«​អ្វី​នៅ​ផែនដី​»​និង​‹អ្វី​នៅ​ស្ថាន​សួគ៌›។ តើ​នោះ​ជា​អ្វី​ទៅ?—សូម​អាន កូឡុស ១:១៩, ២០

៧​. តើ​‹អ្វី​នៅ​ស្ថាន​សួគ៌›​និង​«​អ្វី​នៅ​ផែនដី​»​គឺជា​អ្វី?

ដោយ​សារ​ថ្លៃ​លោះ​របស់​លោក​យេស៊ូ នោះ​ពួក​គ្រិស្ត​សាសនិក​ដែល​ព្រះ​រើស​តាំង​បាន​ក្លាយ​ទៅ​ជា​កូន​របស់​លោក ពីព្រោះ​ពួក​គេ​«​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​»​ ហើយ​ពួក​គេ​«​មាន​សន្ដិភាព​ជា​មួយ​នឹង​ព្រះ​»។ (​សូម​អាន រ៉ូម ៥:១) គម្ពីរ​ហៅ​ពួក​គេ​ថា​‹អ្វី​នៅ​ស្ថាន​សួគ៌›​ពីព្រោះ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌ និង​«​ធ្វើ​ជា​ស្តេច​គ្រប់​គ្រង​លើ​ផែនដី​»​ ហើយ​ក៏​បម្រើ​ជា​សង្ឃ​របស់​ព្រះ​ដែរ។ (​បប. ៥:១០​) ម្យ៉ាង​ទៀត ​«​អ្វី​នៅ​ផែនដី​»​គឺ​មនុស្ស​ជាតិ​ដែល​ប្រែ​ចិត្ត ហើយ​ពួក​គេ​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​លើ​ផែនដី។—ទំនុក. ៣៧:២៩

៨​. តើ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​មនុស្ស​ជាតិ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​លោក មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក?

ប៉ូល​បាន​បញ្ជាក់​អំពី​ចិត្ត​ដឹង​គុណ​របស់​គាត់​ចំពោះ​ការ​រៀបចំ​របស់​ព្រះ ពេល​គាត់​សរសេរ​ទៅ​បង​ប្អូន​គ្រិស្ត​សាសនិក​ដែល​ព្រះ​រើស​តាំង​នៅ​ក្រុង​អេភេសូរ​ថា​៖ ​«​ព្រះ​មាន​សេចក្ដី​មេត្ដា​ករុណា​ដ៏​បរិបូរ . . . លោក​បាន​ធ្វើ​ឲ្យ​យើង​មាន​ជីវិត​ជា​មួយ​នឹង​គ្រិស្ត ទោះ​បី​យើង​ធ្លាប់​ជា​មនុស្ស​ស្លាប់​ដោយ​សារ​កំហុស​របស់​យើង​ក៏​ដោយ (​អ្នក​រាល់​គ្នា​បាន​ត្រូវ​សង្គ្រោះ​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​)​»។ (​អេភ. ២:៤, ៥​) មិន​ថា​យើង​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ ឬ​នៅ​ផែនដី​ក្ដី យើង​មាន​ចិត្ត​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​និង​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។ យើង​មាន​ចិត្ត​កតញ្ញូ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​ជួយ​យើង​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​លោក។ ពេល​ដែល​យើង​ប្រឈម​មុខ​នឹង​កាលៈទេសៈ​ដែល​អាច​ធ្វើ​ឲ្យ​លែង​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក នោះ​ចិត្ត​ដឹង​គុណ​របស់​យើង​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្រះ​ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​បង្កើត​ឲ្យ​មាន​សន្ដិភាព មែន​ទេ?

រៀន​ពី​គំរូ​របស់​អាប្រាហាំ​និង​អ៊ីសាក

៩, ១០​. ពេល​ដែល​មាន​ជម្លោះ​កើត​ឡើង​រវាង​ពួក​គង្វាល​របស់​ពួក​គេ តើ​អាប្រាហាំ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ឡុត​ដែល​បង្ហាញ​ថា​គាត់​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព?

គម្ពីរ​បាន​ចែង​អំពី​អាប្រាហាំ​ថា​៖ ​«​អាប្រាហាំ​បាន​ជឿ​ព្រះ​យេហូវ៉ា ហើយ​គាត់​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​មនុស្ស​សុចរិត ហើយ​គាត់​បាន​ត្រូវ​ហៅ​ថា​‹សម្លាញ់​របស់​ព្រះ​យេហូវ៉ា›​»។ (​យ៉ា. ២:២៣​) ជំនឿ​របស់​អាប្រាហាំ​បាន​ត្រូវ​ឃើញ​ជាក់​ស្តែង​ដោយ​សារ​គាត់​បាន​រក្សា​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ ពេល​ដែល​ហ្វូង​សត្វ​របស់​អាប្រាហាំ​ចម្រើន​កាន់​តែ​ច្រើន​ឡើង​ៗ ពួក​គង្វាល​របស់​គាត់​និង​ពួក​គង្វាល​របស់​ឡុត​ដែល​ជា​ក្មួយ​របស់​គាត់​មាន​ជម្លោះ​នឹង​គ្នា។ (​លោ. ១២:៥; ១៣:៧​) ដំណោះ​ស្រាយ​ដែល​ល្អ​បំផុត​គឺ​អាប្រាហាំ​និង​ឡុត​ត្រូវ​ចែក​ផ្លូវ​គ្នា។ ក្នុង​កាលៈទេសៈ​នេះ តើ​អាប្រាហាំ​បាន​ប្រព្រឹត្ត​យ៉ាង​ណា? ជា​ជាង​ប្រើ​អាយុ​និង​ទំនាក់​ទំនង​ពិសេស​របស់​គាត់​ជា​មួយ​នឹង​ព្រះ ដើម្បី​ប្រាប់​អំពី​អ្វី​ដែល​ក្មួយ​របស់​គាត់​ត្រូវ​ធ្វើ នោះ​អាប្រាហាំ​បាន​បង្ហាញ​ថា​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព​វិញ។

១០ អាប្រាហាំ​បាន​ប្រាប់​ក្មួយ​របស់​គាត់​ថា​៖ ​«​សូម​កុំ​ឲ្យ​ឯង​ហើយ​នឹង​អញ ឬ​ពួក​គង្វាល​របស់​ឯង​នឹង​ពួក​គង្វាល​របស់​អញ មាន​រឿង​ទាស់​ទែង​គ្នា​ឡើយ ដ្បិត​យើង​ជា​បង​ប្អូន​នឹង​គ្នា​»។ គាត់​បាន​បន្ត​ថា​៖ ​«​ស្រុក​ទាំង​មូល​នេះ តើ​មិន​មែន​នៅ​មុខ​ឯង​ទេ​ឬ​អី? ដូច្នេះ សូម​ឲ្យ​ឯង​ញែក​បែកចេញ​ពី​អញ​ទៅ។ បើ​ឯង​រើស​យក​ខាង​ឆ្វេង នោះ​អញ​នឹង​ទៅ​ខាង​ស្ដាំ ឬ​បើ​ឯង​រើស​យក​ខាង​ស្ដាំ នោះ​អញ​នឹង​ទៅ​ខាង​ឆ្វេង​វិញ​»។ នៅ​ពេល​នោះ​ឡុត​រើស​យក​តំបន់​ដែល​ដី​មាន​ជី​ជាតិ​ល្អ​ជាង​គេ ប៉ុន្តែ​អាប្រាហាំ​មិន​បាន​ប្រកាន់​ខឹង​នឹង​គាត់​ទេ។ (​លោ. ១៣:៨​-​១១​) ក្រោយ​មក នៅ​ពេល​ពួក​សត្រូវ​ឈ្លានពាន​បាន​ចាប់​ឡុត​នាំ​ទៅ​ជា​ឈ្លើយ អាប្រាហាំ​មិន​បាន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទៅ​សង្គ្រោះ​ក្មួយ​របស់​គាត់​នោះ​ទេ។—លោ. ១៤:១៤​-​១៦

១១​. តើ​អាប្រាហាំ​បាន​ខំ​ប្រឹង​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​ជន​ជាតិ​ភីលីស្ទីន​ដែល​នៅ​ជុំ​វិញ​គាត់​យ៉ាង​ដូច​ម្ដេច?

១១ សូម​គិត​ផង​ដែរ​អំពី​របៀប​ដែល​អាប្រាហាំ​ខំ​ប្រឹង​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​ជន​ជាតិ​ភីលីស្ទីន​ដែល​នៅ​ជុំ​វិញ​គាត់​ក្នុង​ស្រុក​កាណាន។ សាសន៍​ភីលីស្ទីន​បាន​«​ដណ្ដើម​យក​»​អណ្ដូង​ទឹក​ដែល​ពួក​អ្នក​បម្រើ​របស់​អាប្រាហាំ​ជីក​នៅ​ទី​ក្រុង​បៀរ​សេ​បា។ ដូច្នេះ តើ​អាប្រាហាំ​ដែល​ធ្លាប់​ច្បាំង​យក​ជ័យ​ជម្នះ​លើ​ស្តេច​បួន​អង្គ ដើម្បី​សង្គ្រោះ​ក្មួយ​របស់​គាត់​នោះ បាន​សម្រេច​ចិត្ត​ធ្វើ​យ៉ាង​ណា​ក្នុង​កាលៈទេសៈ​នេះ? ជា​ជាង​ដណ្ដើម​យក​អណ្ដូង​ទឹក​នោះ​មក​វិញ អាប្រាហាំ​មិន​បាន​និយាយ​អ្វី​មួយ​ម៉ាត់​សោះ​អំពី​រឿង​នេះ។ មិន​យូរ​ក្រោយ​មក ស្តេច​ភីលីស្ទីន​បាន​មក​ជួប​អាប្រាហាំ​ដើម្បី​តាំង​សន្ធិសញ្ញា​សន្ដិភាព​ជា​មួយ​គ្នា។ ក្រោយ​ពី​ស្តេច​បាន​ឲ្យ​អាប្រាហាំ​ស្បថ​ថា គាត់​នឹង​ធ្វើ​ល្អ​ចំពោះ​កូន​ចៅ​របស់​ស្តេច នៅ​ពេល​នោះ ទើប​អាប្រាហាំ​លើក​រឿង​ដែល​ពួក​ភីលីស្ទីន​បាន​ដណ្ដើម​យក​អណ្ដូង​ទឹក​មក​ជម្រាប​ស្តេច។ ស្តេច​បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ហើយ​ស្តេច​ក៏​បាន​ប្រគល់​អណ្ដូង​នោះ​ទៅ​ឲ្យ​អាប្រាហាំ​វិញ។ គាត់​បាន​បន្ត​រស់​នៅ​ជា​អ្នក​ស្នាក់​នៅ​ដែល​មក​ពី​ប្រទេស​ក្រៅ​ដោយ​សេចក្ដី​សុខសាន្ត។—លោ. ២១:២២​-​៣១, ៣៤

១២, ១៣​. (​ក​) តើ​អ៊ីសាក​ធ្វើ​តាម​គំរូ​របស់​ឪពុក​គាត់​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​អ៊ីសាក​ដោយ​សារ​គាត់​ស្រឡាញ់​សន្ដិភាព​យ៉ាង​ដូច​ម្ដេច?

១២ អ៊ីសាក​ដែល​ជា​កូន​ប្រុស​របស់​អាប្រាហាំ​ក៏​ស្រឡាញ់​សន្ដិភាព​ដូច​ឪពុក​របស់​គាត់​ដែរ។ អ៊ីសាក​បាន​បង្ហាញ​ដូច្នេះ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​គាត់​ចំពោះ​ជន​ជាតិ​ភីលីស្ទីន។ ដោយ​សារ​មាន​គ្រោះ​ទុរ្ភិក្ស អ៊ីសាក​និង​ក្រុម​គ្រួសារ​របស់​គាត់ បាន​រើ​ពី​តំបន់​ខាង​ជើង​អណ្ដូង​ឡាហាយរយ ជា​កន្លែង​ដែល​មាន​ដី​ហួត​ហែង​ក្នុង​តំបន់​ណេកិប ទៅ​រស់​នៅ​តំបន់​ដែល​ដី​មាន​ជី​ជាតិ​ក្នុង​ស្រុក​កេរ៉ា​របស់​ពួក​ភីលីស្ទីន​វិញ។ នៅ​ទី​នោះ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​ផល​ដំណាំ​របស់​គាត់​យ៉ាង​ច្រើន ហើយ​ក៏​ចម្រើន​ហ្វូង​សត្វ​ឲ្យ​គាត់​ដែរ។ ប៉ុន្តែ ពួក​ភីលីស្ទីន​ចាប់​ផ្ដើម​មាន​ចិត្ត​ច្រណែន​នឹង​គាត់។ ដូច្នេះ ពួក​គេ​មិន​ចង់​ឲ្យ​អ៊ីសាក​មាន​ទ្រព្យ​សម្បត្ដិ​ចម្រើន​ឡើង​ដូច​ឪពុក​របស់​គាត់​នោះ​ទេ ហេតុ​នេះ​ពួក​ភីលីស្ទីន​យក​ដី​លុប​ពេញ​អណ្ដូង​ទាំង​អស់​នៅ​តំបន់​នោះ​ដែល​អ្នក​បម្រើ​របស់​អាប្រាហាំ​បាន​ជីក។ នៅ​ទី​បំផុត ស្តេច​របស់​ពួក​ភីលីស្ទីន​បាន​ប្រាប់​អ៊ីសាក​ឲ្យ​‹ថយ​ចេញ​ពី​ពួក​គេ​ទៅ›។ ដើម្បី​រក្សា​ឲ្យ​មាន​សន្ដិភាព អ៊ីសាក​បាន​ធ្វើ​តាម​សំណូម​ពរ​នោះ។—លោ. ២៤:៦២; ២៦:១, ១២​-​១៧

១៣ ក្រោយ​ពី​អ៊ីសាក​ផ្លាស់​ប្ដូរ​ទី​លំនៅ អ្នក​បម្រើ​របស់​គាត់​បាន​ជីក​អណ្ដូង​មួយ​ទៀត។ ពួក​គង្វាល​ជន​ជាតិ​ភីលីស្ទីន​បាន​ប្រកាស​ថា​ទឹក​នេះ​ជា​របស់​ពួក​គេ។ ដូច​អាប្រាហាំ អ៊ីសាក​មិន​បាន​ដណ្ដើម​យក​អណ្ដូង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ៊ីសាក​បាន​ឲ្យ​អ្នក​បម្រើ​របស់​គាត់​ជីក​អណ្ដូង​មួយ​ទៀត។ ប៉ុន្តែ ពួក​ភីលីស្ទីន​ក៏​អះអាង​ថា​អណ្ដូង​មួយ​នេះ​ជា​របស់​ពួក​គេ​ទៀត។ ដើម្បី​រក្សា​ឲ្យ​មាន​សន្ដិភាព អ៊ីសាក​បាន​រើ​ទី​លំនៅ​របស់​គាត់​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។ នៅ​ទី​នោះ​អ្នក​បម្រើ​របស់​គាត់​ជីក​អណ្ដូង​មួយ​ដែល​អ៊ីសាក​ឲ្យ​ឈ្មោះ​ថារេហូបូត។ ក្រោយ​មក គាត់​ប្ដូរ​ទៅ​រស់​នៅ​ក្នុង​តំបន់​បៀរ​សេ​បា ជា​កន្លែង​ដែល​ដី​មាន​ជី​ជាតិ ហើយ​ក៏​ជា​កន្លែង​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​គាត់​ដែរ។ នៅ​ទី​នោះ​លោក​បាន​ប្រាប់​គាត់​ថា​៖ ​«​កុំ​ឲ្យ​ខ្លាច​អ្វី​ឡើយ ពីព្រោះ​អញ​នៅ​ជា​មួយ ហើយ​នឹង​ឲ្យ​ពរ​ទាំង​ចំរើន​ពូជ​ឯង​ឲ្យ​ច្រើន​ឡើង ដោយ​ព្រោះ​អ័ប្រាហាំ​ជា​អ្នក​បំរើ​អញ​»។—លោ. ២៦:១៧​-​២៥

១៤​. ពេល​ស្តេច​ភីលីស្ទីន​ចង់​តាំង​សន្ធិសញ្ញា​សន្ដិភាព​ជា​មួយ​គាត់ តើ​អ៊ីសាក​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​គាត់​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព?

១៤ អ៊ីសាក​ប្រាកដជា​មាន​សិទ្ធិ​ដើម្បី​ដណ្ដើម​យក​អណ្ដូង​ទឹក​ដែល​អ្នក​បម្រើ​គាត់​បាន​ជីក​មក​វិញ។ ស្តេច​ភីលីស្ទីន​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ទៅ​លើ​អ្វី​ៗ​ដែល​អ៊ីសាក​ធ្វើ។ ពេល​ស្តេច​និង​មន្ត្រី​របស់​គាត់​មក​ជួប​អ៊ីសាក​នៅ​ត្រង់​បៀរ​សេ​បា​ដើម្បី​តាំង​សន្ធិសញ្ញា​សន្ដិភាព​ជា​មួយ​គាត់ ស្តេច​នោះ​បាន​និយាយ​ថា​៖ ​«​យើង​បាន​ឃើញ​ជាក់​ច្បាស់​ថា ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​»។ ប៉ុន្តែ ដើម្បី​រក្សា​ឲ្យ​មាន​សន្ដិភាព អ៊ីសាក​សម្រេច​ចិត្ត​រើ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ជា​ច្រើន​លើក​ច្រើន​សា​ជា​ជាង​ប្រយុទ្ធ​គ្នា។ ក្នុង​ករណី​នេះ គាត់​ក៏​បង្ហាញ​ថា​គាត់​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ដែរ។ កំណត់​ហេតុ​ប្រវត្ដិសាស្ត្រ​បាន​បញ្ជាក់​ថា​៖ ​«​គាត់​រៀប​ជប់​លៀង​ដល់​គេ​[​ភ្ញៀវ​] ហើយ​ក៏​បរិភោគ​ទាំង​អស់​គ្នា​ទៅ។ លុះ​ព្រលឹម​ស្រាង​កាល​ណា នោះ​ក៏​ក្រោក​ឡើង​ស្បថ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក រួច​អ៊ីសាក​បញ្ជូន​[​ពួក​គេ​]​ទៅ . . . ដោយ​មេត្រី​ចិត្ត​»។—លោ. ២៦:២៦​-​៣១

រៀន​ពី​គំរូ​របស់​យ៉ូសែប

១៥​. ហេតុ​អ្វី​បង​ប្រុស​ៗ​របស់​យ៉ូសែប​និយាយ​ជា​មួយ​នឹង​គាត់​ដោយ​ស្រួល​ពុំ​បាន?

១៥ យ៉ាកុប​ដែល​ជា​កូន​ប្រុស​របស់​អ៊ីសាក​ជា​មនុស្ស​«​រមទម​»។ (​លោ. ២៥:២៧​) ដូច​បាន​ពិភាក្សា​ពី​ខាង​លើ យ៉ាកុប​ខំ​ព្យាយាម​បង្កើត​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​អេសាវ​ដែល​ជា​បង​ប្រុស​របស់​គាត់។ យ៉ាកុប​ប្រាកដជា​បាន​ទទួល​ប្រយោជន៍​ពី​គំរូ​របស់​អ៊ីសាក​ដែល​ជា​ឪពុក​របស់​គាត់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សន្ដិភាព។ ចុះ​យ៉ាង​ណា​ចំពោះ​កូន​របស់​យ៉ាកុប​វិញ? ក្នុង​ចំណោម​កូន​ទាំង​១២​នាក់​របស់​គាត់ យ៉ូសែប​ជា​កូន​ដែល​គាត់​ស្រឡាញ់​ជាង​គេ។ យ៉ូសែប​ជា​កូន​ដែល​យ៉ាកុប​អាច​ទុក​ចិត្ត​បាន ដោយ​សារ​គាត់​ចេះ​ស្ដាប់​បង្គាប់​និង​ចេះ​គួរ​សម។ (​លោ. ៣៧:២, ១៤​) ក៏​ប៉ុន្តែ បង​ប្រុស​ៗ​របស់​យ៉ូសែប​ចាប់​ផ្ដើម​ច្រណែន​នឹង​គាត់​ដែល​ធ្វើ​ឲ្យ​ពួក​គេ​និយាយ​អ្វី​នឹង​គាត់​ដោយ​ស្រួល​ពុំ​បាន​ទេ។ អាក្រក់​ជាង​នោះ​ទៅ​ទៀត ពួក​គេ​បាន​លក់​យ៉ូសែប​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ ហើយ​បាន​កុហក​ឪពុក​របស់​ពួក​គេ​ឲ្យ​ជឿ​ថា​យ៉ូសែប​ត្រូវ​សត្វ​សាហាវ​សម្លាប់។—លោ. ៣៧:៤, ២៨, ៣១​-​៣៣

១៦, ១៧​. តើ​របៀប​ដែល​យ៉ូសែប​ប្រព្រឹត្ត​ទៅ​លើ​បង​ប្រុស​ៗ​របស់​គាត់​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​គាត់​ជា​អ្នក​ដែល​ស្រឡាញ់​សន្ដិភាព?

១៦ ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​នៅ​ជា​មួយ​នឹង​យ៉ូសែប។ ក្រោយ​មក យ៉ូសែប​បាន​ក្លាយ​ទៅ​ជានា​យក​រដ្ឋ​មន្ត្រី​នៅ​ប្រទេស​អេស៊ីប​ដែល​មាន​អំណាច​ទី​២​បន្ទាប់​ពី​ស្តេច​ផារ៉ូ។ ពេល​ដែល​មាន​គ្រោះ​ទុរ្ភិក្ស​នៅ​ស្រុក​កាណាន បង​ប្រុស​ៗ​របស់​យ៉ូសែប​បាន​ធ្វើ​ដំណើរ​មក​អេស៊ីប​ដើម្បី​ទិញ​ស្បៀងអាហារ។ ពេល​ជួប​យ៉ូសែប​នៅ​ទី​នោះ ពួក​គេ​មើល​គាត់​មិន​ស្គាល់​ទេ ប្រហែល​ដោយ​សារ​គាត់​ស្លៀក​ពាក់​ជា​ជន​ជាតិ​អេស៊ីប។ (​លោ. ៤២:៥​-​៧​) បើ​យ៉ូសែប​ចង់​សង​សឹក​បង​ប្រុស​ៗ​របស់​គាត់​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ដល់​គាត់​និង​ឪពុក​គាត់ នោះ​ពិត​ជា​ស្រួល​មែន! ក៏​ប៉ុន្តែ ជា​ជាង​ចង់​សង​សឹក យ៉ូសែប​ខំ​បង្កើត​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​ពួក​គេ​វិញ។ ពេល​ដែល​ពួក​បង​ៗ​របស់​គាត់​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ពួក​គេ​បាន​ប្រែ​ចិត្ត គាត់​បាន​បង្ហាញ​ខ្លួន​ឲ្យ​គេ​ស្គាល់​ដោយ​និយាយ​ថា​៖ ​«​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ឬ​តូច​ចិត្ត​ដោយ​បាន​លក់​ខ្ញុំ​មក​ទី​នេះ​ឡើយ ពីព្រោះ​គឺ​ព្រះ​ទេតើ ដែល​ទ្រង់​ចាត់​ខ្ញុំ​មក​ជា​មុន ដើម្បី​នឹង​រក្សា​ជីវិត​អ្នក​រាល់​គ្នា​ទុក​»។ ក្រោយ​មក គាត់​បាន​ថើប​ពួក​បង​ៗ​របស់​គាត់​ទាំង​អស់ ព្រម​ទាំង​យំ​នឹង​គេ​ផង។—លោ. ៤៥:១, ៥, ១៥

១៧ ក្រោយ​ពី​យ៉ាកុប​ដែល​ជា​ឪពុក​របស់​ពួក​គេ​បាន​ស្លាប់ បង​ប្រុស​ៗ​របស់​យ៉ូសែប​បាន​គិត​ថា​យ៉ូសែប​ប្រហែលជា​សង​សឹក​នឹង​ពួក​គេ។ ពេល​ដែល​ពួក​គេ​បង្ហាញ​អំពី​ការ​ភ័យ​ខ្លាច​របស់​ពួក​គេ យ៉ូសែប​«​ក៏​យំ​»​ហើយ​គាត់​និយាយ​ថា​៖ ​«​កុំ​ឲ្យ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ចិញ្ចឹម​អ្នក​រាល់​គ្នា ហើយ​នឹង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដែរ​»។ យ៉ូសែប​ដែល​ជា​អ្នក​ស្រឡាញ់​សន្ដិភាព​បាន​«​កំសាន្ត​ចិត្ត​គេ ហើយ​និយាយ​ស្រទន់​នឹង​គេ​»។—លោ. ៥០:១៥​-​២១

«​បាន​ត្រូវ​សរសេរ​ទុក​ដើម្បី​ណែនាំ​យើង​»​

១៨, ១៩​. (​ក​) ដូច​បាន​ពិគ្រោះ​ក្នុង​អត្ថបទ​នេះ តើ​អ្នក​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ពិចារណា​អំពី​គំរូ​នៃ​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព? (​ខ​)​ តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

១៨ ប៉ូល​បាន​សរសេរ​ថា​«​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​ទុក​ជា​មុន បាន​ត្រូវ​សរសេរ​ទុក​ដើម្បី​ណែនាំ​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម តាម​រយៈ​ការ​ស៊ូ​ទ្រាំ​របស់​យើង និង​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ​»។ (​រ៉ូម ១៥:៤​) តើ​យើង​បាន​រៀន​អ្វី​ខ្លះ​ពី​ការ​ពិនិត្យ​មើល​គំរូ​ដ៏​ល្អ​បំផុត​របស់​ព្រះ​យេហូវ៉ា និង​គំរូ​របស់​អាប្រាហាំ អ៊ីសាក យ៉ាកុប និង​យ៉ូសែប?

១៩ បើ​យើង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​ឲ្យ​យើង​អាច​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក នោះ​យើង​ក៏​នឹង​ចង់​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​អាច​ធ្វើ​បាន​ដើម្បី​រក្សា​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​អ្នក​ឯ​ទៀត​ដែរ មែន​ទេ? គំរូ​របស់​អាប្រាហាំ អ៊ីសាក យ៉ាកុប និង​យ៉ូសែប​បង្ហាញ​ថា​ឪពុក​ម្ដាយ​អាច​ជះ​ឥទ្ធិពល​ល្អ​ដល់​កូន​ៗ​របស់​ពួក​គេ។ បន្ថែម​ទៅ​ទៀត កំណត់​ហេតុ​ទាំង​នេះ​ក៏​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ទៅ​លើ​ការ​ព្យាយាម​របស់​ពួក​អ្នក​ដែល​ខំ​ធ្វើ​ឲ្យ​មាន​សន្ដិភាព។ ហេតុ​នេះ ប៉ូល​បាន​ហៅ​ព្រះ​យេហូវ៉ា​ថា​ជា​«​ព្រះ​ដែល​ផ្ដល់​សេចក្ដី​សុខសាន្ត!​»។ (​សូម​អាន រ៉ូម ១៥:៣៣; ១៦:២០) អត្ថបទ​បន្ទាប់​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​ប៉ូល​បញ្ជាក់​ថា​យើង​ត្រូវ​ខំ​ប្រឹង​ឲ្យ​មាន​សន្ដិភាព និង​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ​បាន។

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ?

• មុន​ពេល​យ៉ាកុប​ជួប​នឹង​អេសាវ តើ​យ៉ាកុប​ខំ​ប្រឹង​ឲ្យ​មាន​សន្ដិភាព​តាម​វិធី​ណាខ្លះ?

• តើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​ឲ្យ​មនុស្ស​មាន​សន្ដិភាព​នឹង​លោក មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក?

• តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​អាប្រាហាំ អ៊ីសាក យ៉ាកុប និង​យ៉ូសែប?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២២​]

ដើម្បី​បង្កើត​ឲ្យ​មាន​សន្ដិភាព​នឹង​អេសាវ តើ​យ៉ាកុប​បាន​ធ្វើ​អ្វី​ដែល​ជា​ជំហាន​ដ៏​សំខាន់​បំផុត?