លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើនរណាជាអ្នកដែលគួរបង្រៀនកូនក្មេងអំពីព្រះ?

តើនរណាជាអ្នកដែលគួរបង្រៀនកូនក្មេងអំពីព្រះ?

តើ​នរណា​ជា​អ្នក​ដែល​គួរ​បង្រៀន​កូន​ក្មេង​អំពី​ព្រះ?

​«​សិស្ស​មិន​មែន​ធំ​ជាង​គ្រូ​ឡើយ តែ​អស់​អ្នក​ណា​ដែល​បាន​ត្រូវ​បង្រៀន​យ៉ាង​ល្អ​ឥត​ខ្ចោះ​នឹង​បាន​ដូច​គ្រូ​របស់​ពួក​គេ​»។—លូកា ៦:៤០

ឪពុក​ម្ដាយ​ខ្លះ​មាន​អារម្មណ៍​ថា​ពួក​គាត់​មិន​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​បង្រៀន​កូន​ៗ​របស់​ពួក​គាត់​អំពី​ព្រះ​នោះ​ទេ។ ពួក​គាត់​ប្រហែលជា​គិត​ថា​ខ្លួន​មិន​បាន​ទទួល​ការ​អប់រំ​គ្រប់​គ្រាន់ ឬ​មិន​ស្គាល់​ច្បាស់​អំពី​សាសនា​ដើម្បី​ធ្វើ​ជា​គ្រូ​ល្អ​ឡើយ។ ជា​លទ្ធផល ពួក​គាត់​ទំនង​ជា​ទុក​ឲ្យ​ញាតិ​សន្ដាន ឬ​អ្នក​ដឹក​នាំ​សាសនា​ធ្វើ​កិច្ចការ​ដ៏​សំខាន់​នេះ​ទៅ​វិញ។

ដូច្នេះ តើ​នរណា​ដែល​ពិត​ជា​ស័ក្ដិសម​បំផុត​ដើម្បី​បង្រៀន​កូន​ក្មេង​អំពី​សេចក្ដី​ពិត​ខាង​សាសនា និង​គោលការណ៍​សីលធម៌? សូម​ពិចារណា​នូវ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​រឿង​នេះ ហើយ​ប្រៀប​ធៀប​ចំណុច​ទាំង​នោះ​ទៅ​នឹង​អ្វី​ដែល​ពួក​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ។

តើ​ឪពុក​មាន​តួនាទី​អ្វី?

អ្វី​ដែល​គម្ពីរ​បង្រៀន: ​«​អ្នក​រាល់​គ្នា​ដែល​ជា​ឪពុក កុំ​ធ្វើ​ឲ្យ​កូន​ខឹង តែ​ចូរ​អប់រំ​កូន​ទៅ​តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា ហើយ​បណ្ដុះ​ឲ្យ​កូន​មាន​គំនិត​ដូច​លោក​»។—អេភេសូរ ៦:៤

អ្វី​ដែល​ពួក​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ: បើ​ឪពុក​មាន​ជំនឿ​រឹង​មាំ​ខាង​សាសនា តើ​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី? ក្នុង​ឆ្នាំ​២០០៩ អត្ថបទ​មួយ​បាន​ចែង​អំពី​ឪពុក​ដែល​កាន់​សាសនា​និង​ឥទ្ធិពល​ដែល​អាច​មាន​ទៅ​លើ​កូន ថា​៖ ​«​ការ​សេពគប់​ជា​មួយ​ពួក​អ្នក​ដែល​មាន​ជំនឿ​សាសនា​ដូច​គ្នា អាច​ជួយ​ឲ្យ​ពួក​បុរស​ៗ​ក្លាយ​ទៅ​ជា​ឪពុក​ដែល​ប្រសើរ​ជាង។ សាសនា​ជួយ​ពួក​គេ​ម្នាក់​ៗ​ឲ្យ​ប្រព្រឹត្ត​សម​ស្រប​តាម​គោលការណ៍​ក្នុង​សង្គម ថែម​ទាំង​ផ្ដល់​ការ​បង្រៀន​និង​ការ​ណែនាំ​ស្តី​អំពី​របៀប​រស់​នៅ​»​ (​Fathers’ Religious Involvement and Early Childhood Behavior​)។

គម្ពីរ​សង្កត់​ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​តួនាទី​របស់​ឪពុក​ក្នុង​ការ​ចិញ្ចឹម​និង​អប់រំ​កូន។ (​សុភាសិត ៤:១; កូឡុស ៣:២១; ហេប្រឺ ១២:​៩​) ប៉ុន្តែ តើ​ឱវាទ​ទាំង​នេះ​ទាក់​ទង​នឹង​យើង​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? ក្នុង​ឆ្នាំ​២០០៩ សកលវិទ្យាល័យ​នៃ​រដ្ឋ​ហ្ល័ររីដា សហរដ្ឋអាម៉េរិក បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ស្តី​អំពី​អានុភាព​ដែល​ឪពុក​មាន​ទៅ​លើ​កូន។ ពួក​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា កូន​ក្មេង​ដែល​មាន​ឪពុក​ជា​អ្នក​ដែល​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​អប់រំ​គេ កូន​ក្មេង​នោះ​ទំនង​ជា​ចេះ​យោគ​យល់ និង​ឲ្យ​តម្លៃ​ទៅ​លើ​ខ្លួន​ច្រើន​ជាង​ធម្មតា។ ក្មេង​ប្រុស​ទំនង​ជា​មិន​សូវ​ឈ្លើយ ហើយ​ក្មេង​ស្រី​ទំនង​ជា​មាន​សុខភាព​ផ្លូវ​ចិត្ត​ប្រសើរ​ជាង។ ប្រាកដ​ហើយ ឱវាទ​ក្នុង​គម្ពីរ​នៅ​តែ​មាន​ប្រយោជន៍​នៅ​សព្វ​ថ្ងៃ​នេះ។

តើ​មុខ​នាទី​របស់​ម្ដាយ​មាន​សារៈសំខាន់​ប៉ុណ្ណា?

អ្វី​ដែល​គម្ពីរ​បង្រៀន: ​«​កុំ​ឲ្យ​កូន​បោះបង់​ចោល​សេចក្ដី​ដំបូន្មាន​របស់​ម្ដាយ​ឯង​ឡើយ​»។—សុភាសិត ១:៨

អ្វី​ដែល​ពួក​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ: ក្នុង​ឆ្នាំ​២០០៦ សៀវភៅ​អំពី​សុខភាព​ផ្លូវ​ចិត្ត​របស់​កុមារ​បាន​ចែង​ថា​៖ ​«​ជា​មធ្យម ម្ដាយ​ចំណាយ​ពេល​ពី​៦៥​ភាគ​រយ​ទៅ​៨០​ភាគ​រយ​ច្រើន​ជាង​ឪពុក​ក្នុង​ការ​សន្ទនា​ជា​មួយ​នឹង​កូន​ៗ​របស់​ពួក​គេ ហើយ​ក្នុង​ប្រទេស​ជា​ច្រើន​ក៏​មាន​អត្រា​បែប​នេះ​ដែរ​»។ (​Handbook of Child Psychology​) ដូច្នេះ ពាក្យ​សម្ដី ការ​ប្រព្រឹត្ត និង​ចិត្ត​គំនិត​របស់​ម្ដាយ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​លូត​លាស់​របស់​កូន។

ពេល​ឪពុក​ម្ដាយ​សហការ​គ្នា​ដើម្បី​បង្រៀន​កូន​នូវ​សេចក្ដី​ពិត​អំពី​ព្រះ នោះ​ពួក​គាត់​ផ្ដល់​ឲ្យ​កូន​ៗ​នូវ​អំណោយ​ដ៏​វិសេស​ពីរ​យ៉ាង។ ទី​១ កូន​មាន​ឱកាស​ដើម្បី​មាន​ចំណង​មិត្តភាព​ជា​មួយ​បិតា​នៅ​ស្ថាន​សួគ៌ ជា​ចំណង​មិត្តភាព​ដែល​អាច​ជា​ប្រយោជន៍​សម្រាប់​ពួក​គេ​ក្នុង​ជីវិត។ ទី​២ កូន​រៀន​ពី​គំរូ​ស្តី​អំពី​របៀប​ដែល​ស្វាមី និង​ភរិយា​សហការ​គ្នា​ដើម្បី​សម្រេច​គោលដៅ​ដ៏​សំខាន់។ (​កូឡុស ៣:១៨​-​២០​) ទោះ​ជា​អ្នក​ឯ​ទៀត​អាច​ជួយ​ឪពុក​និង​ម្ដាយ​ក៏​ដោយ តែ​គឺ​ពួក​គាត់​ទាំង​ពីរ​នាក់​មាន​ភារកិច្ច​បង្រៀន​កូន​អំពី​ព្រះ និង​អំពី​របៀប​ដែល​ព្រះ​ចង់​ឲ្យ​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​បំពេញ​តួនាទី​របស់​ខ្លួន។

ប៉ុន្តែ តើ​ឪពុក​ម្ដាយ​គួរ​បង្រៀន​កូន​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច? តើ​វិធី​ណា​ទំនង​ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត?