តើព្រះយេហូវ៉ាស្គាល់អ្នកឬទេ?
តើព្រះយេហូវ៉ាស្គាល់អ្នកឬទេ?
«ព្រះយេហូវ៉ាស្គាល់ពួកអ្នកដែលជារបស់លោក»។—២ធី. ២:១៩
១, ២. (ក) តើលោកយេស៊ូចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើអ្វី? (ខ) តើយើងនឹងពិចារណាអំពីសំណួរអ្វីខ្លះ?
នៅថ្ងៃមួយ ផារិស៊ីម្នាក់បានមកជួបលោកយេស៊ូ ហើយសួរថា៖ «ក្នុងច្បាប់ តើបញ្ញត្ដិមួយណាសំខាន់ជាងគេ?»។ លោកយេស៊ូតបថា៖ «អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង ហើយអស់ពីសមត្ថភាពរិះគិត»។ (ម៉ាថ. ២២:៣៥-៣៧) លោកយេស៊ូមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបិតានៅស្ថានសួគ៌។ របៀបរស់នៅរបស់លោកបានបង្ហាញថាលោកចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទស្សនៈរបស់ព្រះយេហូវ៉ាចំពោះលោក។ ហេតុនេះហើយ មុនលោកយេស៊ូស្លាប់ លោកអាចនិយាយថាព្រះបានស្គាល់លោកក្នុងនាមជាអ្នកដែលធ្វើតាមបញ្ញត្ដិរបស់ព្រះយ៉ាងស្មោះត្រង់។ ដោយធ្វើដូច្នេះ លោកយេស៊ូបានរក្សាខ្លួនជាអ្នកដែលព្រះយេហូវ៉ាស្រឡាញ់។—យ៉ូន. ១៥:១០
២ សព្វថ្ងៃនេះ មនុស្សជាច្រើនអះអាងថាពួកគេស្រឡាញ់ព្រះ។ យើងក៏ប្រាកដជាបានរាប់បញ្ចូលខ្លួនយើងនៅក្នុងចំណោមមនុស្សទាំងនោះដែរ។ ក៏ប៉ុន្តែ ចំណុចដ៏សំខាន់ដែលយើងត្រូវពិចារណាគឺ ‹តើព្រះស្គាល់ខ្ញុំឬទេ? តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះខ្ញុំ? តើលោកស្គាល់ខ្ញុំជារបស់លោកឬទេ?›។ (២ធី. ២:១៩) នេះពិតជាឯកសិទ្ធិមែនដែលយើងអាចមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងមហាក្សត្រនៃសកលលោក!
៣. ហេតុអ្វីមនុស្សខ្លះពិបាកជឿថាពួកគេអាចជារបស់ព្រះយេហូវ៉ា? ហើយតើអ្វីនឹងជួយពួកគេកុំឲ្យមានគំនិតបែបនេះ?
៣ ប៉ុន្តែ មនុស្សខ្លះដែលមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះយេហូវ៉ា ពិបាកជឿថាពួកគេអាចក្លាយជាមិត្តរបស់លោក។ មនុស្សខ្លះមានអារម្មណ៍ថា ពួកគេគ្មានតម្លៃនោះទេ។ ដោយសារមូលហេតុនេះ ពួកគេគិតថាខ្លួនមិនអាចជារបស់ព្រះយេហូវ៉ាបានឡើយ។ ប៉ុន្តែ យើងពិតជារីករាយណាស់ដោយដឹងថាព្រះមិនមានទស្សនៈបែបនេះចំពោះយើងទេ! (១សាំ. ១៦:៧) សាវ័កប៉ូលបានប្រាប់បងប្អូនគ្រិស្តសាសនិកថា៖ «ប្រសិនបើអ្នកណាស្រឡាញ់ព្រះ នោះព្រះស្គាល់អ្នកនោះ»។ (១កូ. ៨:៣) សេចក្ដីស្រឡាញ់ចំពោះព្រះជាអ្វីដ៏សំខាន់ដែលយើងត្រូវមានជាមុនដើម្បីឲ្យលោកស្គាល់យើង។ សូមពិចារណាថា: ហេតុអ្វីអ្នកអានព័ត៌មាននេះ? ហេតុអ្វីអ្នកខំបម្រើព្រះយេហូវ៉ាដោយអស់ពីដួងចិត្ត អស់ពីព្រលឹង អស់ពីសមត្ថភាពរិះគិត ហើយអស់ពីកម្លាំងរបស់អ្នក? បើអ្នកបានប្រគល់ខ្លួនជូនព្រះ និងទទួលការជ្រមុជទឹករួចហើយ តើអ្វីបានបណ្ដាលឲ្យអ្នកធ្វើដូច្នោះ? គម្ពីរបានពន្យល់ថា ព្រះយេហូវ៉ាមើលចិត្តរបស់យើងឃើញ ហើយលោកស្វែងរកមនុស្សដែលជាទីគាប់ចិត្តរបស់លោក។ ក្រោយមក លោកទាញនាំពួកគេ ឬអញ្ជើញពួកគេឲ្យធ្វើជាមិត្តរបស់លោក។ (សូមអាន ហាកាយ ២:៧; យ៉ូហាន ៦:៤៤) ដូច្នេះ អ្នកអាចសន្និដ្ឋានថាអ្នកកំពុងបម្រើព្រះយេហូវ៉ាដោយសារលោកបានទាញនាំអ្នកឲ្យមកឯលោក។ លោកនឹងមិនដែលបោះបង់ចោលអ្នកណាម្នាក់ដែលលោកទាញនាំនោះទេ បើពួកគេនៅតែមានភក្ដីភាពចំពោះលោក។ ព្រះចាត់ទុកពួកគេថាមានតម្លៃណាស់ ហើយលោកស្រឡាញ់ពួកគេយ៉ាងជ្រាលជ្រៅ។—ទំនុក. ៩៤:១៤
៤. ហេតុអ្វីយើងគួរគិតជានិច្ចថាចំណងមិត្តភាពជាមួយព្រះជាអ្វីដ៏មានតម្លៃដែលកាត់ថ្លៃពុំបាន?
៤ នៅពេលដែលព្រះយេហូវ៉ាទាញនាំយើង នោះយើងគួរយកចិត្តទុកដាក់រក្សាខ្លួនជាមនុស្សដែលលោកស្រឡាញ់។ (សូមអាន យូដាស ២០, ២១) គម្ពីរបានបង្ហាញថាជាការងាយណាស់ឲ្យយើងរសាត់ចេញ ឬថយចេញពីព្រះ ហើយលែងមានចំណងមិត្តភាពជាមួយនឹងលោកទៀត។ (ហេ. ២:១; ៣:១២, ១៣) ជាឧទាហរណ៍ មុនសាវ័កប៉ូលបានសរសេរពាក្យដែលមានក្នុងធីម៉ូថេទី២ ២:១៩ គាត់បានលើកបញ្ជាក់អំពីហែមេនាស និងភីឡេតូស។ បុរសទាំងពីរនាក់ធ្លាប់ជារបស់ព្រះយេហូវ៉ា ប៉ុន្តែក្រោយមក ពួកគេបានងាកចេញពីសេចក្ដីពិត។ (២ធី. ២:១៦-១៨) ក្នុងក្រុមជំនុំនៅទីក្រុងកាឡាទី មនុស្សខ្លះដែលព្រះបានស្គាល់ ក៏បានចាកចេញពីសេចក្ដីពិត ដែរ។ (កាឡ. ៤:៩) ម្ល៉ោះហើយ យើងត្រូវចាំថាចំណងមិត្តភាពរបស់យើងជាមួយព្រះជាអ្វីដ៏មានតម្លៃដែលកាត់ថ្លៃពុំបាន។
៥. (ក) តើមានគុណសម្បត្ដិអ្វីខ្លះដែលព្រះឲ្យតម្លៃ? (ខ) តើយើងនឹងពិចារណាអំពីគំរូណាខ្លះ?
៥ មានគុណសម្បត្ដិខ្លះដែលព្រះយេហូវ៉ាឲ្យតម្លៃជាពិសេស។ (ទំនុក. ១៥:១-៥; ១ពេ. ៣:៤) ជំនឿ និងចិត្តរាបទាបគឺជាគុណសម្បត្ដិលេចធ្លោរបស់មនុស្សខ្លះដែលព្រះស្គាល់។ សូមឲ្យយើងពិចារណាអំពីគំរូរបស់បុរសពីរនាក់ ដើម្បីយល់នូវរបៀបដែលគុណសម្បត្ដិទាំងនេះបានធ្វើឲ្យព្រះយេហូវ៉ាស្រឡាញ់ពួកគេ។ យើងក៏នឹងពិចារណាអំពីបុរសម្នាក់ដែលបានគិតថាព្រះស្គាល់គាត់ ប៉ុន្តែគាត់ជាអ្នកដែលមានអំណួត ហើយព្រះយេហូវ៉ាបានបដិសេធគាត់ទៅវិញ។ យើងអាចរៀននូវមេរៀនដ៏សំខាន់ពីគំរូទាំងនេះ។
ឪពុករបស់ពួកអ្នកដែលមានជំនឿ
៦. (ក) តើអាប្រាហាំបង្ហាញជំនឿអ្វីទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា? (ខ) ដោយសារព្រះស្គាល់អាប្រាហាំ តើលោកចាត់ទុកគាត់ជាបុគ្គលបែបណា?
៦ អាប្រាហាំគឺជាបុរសម្នាក់ដែលបាន«ជឿដល់ព្រះយេហូវ៉ា»។ តាមការពិត គាត់បានត្រូវហៅជា«ឪពុករបស់អស់អ្នកណាដែលមានជំនឿ»។ (លោ. ១៥:៦; រ៉ូម ៤:១១) ដោយមានជំនឿ អាប្រាហាំបានចាកចេញពីស្រុកកំណើត មិត្តភក្ដិ និងទ្រព្យសម្បត្ដិរបស់គាត់ ដើម្បីធ្វើដំណើរទៅស្រុកមួយដ៏សែនឆ្ងាយ។ (លោ. ១២:១-៤; ហេ. ១១:៨-១០) ច្រើនឆ្នាំក្រោយមក ជំនឿរបស់អាប្រាហាំនៅតែរឹងមាំដដែល។ ជំនឿនេះបង្ហាញឲ្យឃើញច្បាស់ពេលដែលគាត់«បម្រុងនឹងបូជាអ៊ីសាក»ដែលជាកូនរបស់គាត់ តាមបង្គាប់របស់ព្រះយេហូវ៉ា។ (ហេ. ១១:១៧-១៩) អាប្រាហាំបានបង្ហាញជំនឿទៅលើការសន្យារបស់ព្រះយេហូវ៉ា ដូច្នេះ ព្រះចាត់ទុកគាត់ជាបុគ្គលពិសេស ហើយលោកស្គាល់គាត់យ៉ាងច្បាស់។ (សូមអាន លោកុប្បត្តិ ១៨:១៩) ព្រះយេហូវ៉ាមិនគ្រាន់តែដឹងថាអាប្រាហាំមានជីវិតរស់នៅប៉ុណ្ណោះទេ តែលោកក៏ចាត់ទុកគាត់ជាមិត្តសម្លាញ់របស់លោកដែរ។—យ៉ា. ២:២២, ២៣
៧. ស្តីអំពីការសម្រេចនៃពាក្យសន្យារបស់ព្រះយេហូវ៉ាចំពោះអាប្រាហាំ តើមានអ្វីដែលគួរឲ្យកត់សម្គាល់? ហើយតើនេះមានឥទ្ធិពលយ៉ាងណាទៅលើអាប្រាហាំ?
៧ គួរឲ្យកត់សម្គាល់ថា អាប្រាហាំមិនបានទទួលស្រុកសន្យាជាមត៌កក្នុងជីវិតរបស់គាត់ទេ។ គាត់ក៏មិនបានឃើញកូនចៅរបស់គាត់មានគ្នាច្រើនដូចជា«ខ្សាច់នៅមាត់សមុទ្រ»ដែរ។ (លោ. ២២:១៧, ១៨) ទោះជាការសន្យាទាំងនេះមិនបានសម្រេចពេលអាប្រាហាំនៅរស់ក៏ដោយ ក៏គាត់នៅតែមានជំនឿរឹងមាំទៅលើព្រះយេហូវ៉ាដដែល។ គាត់ដឹងថាការសន្យារបស់ព្រះនឹងកើតឡើងជាមិនខាន ហើយគាត់បានរស់នៅសមស្របតាមជំនឿនោះ។ (សូមអាន ហេប្រឺ ១១:១៣) តើព្រះស្គាល់យើងជាអ្នកដែលមានជំនឿដូចអាប្រាហាំឬទេ?
បង្ហាញជំនឿរបស់អ្នកដោយរង់ចាំឲ្យព្រះយេហូវ៉ាចាត់វិធានការ
៨. តើមនុស្សជាច្រើនចង់បានអ្វីយ៉ាងខ្លាំង?
៨ យើងប្រហែលជាចង់បានអ្វីមួយយ៉ាងខ្លាំង ដូចជាការរៀបការ
មានកូន និងមានសុខភាពល្អជាដើម។ ការចង់បានអ្វីៗទាំងនេះមិនមែនជាការខុសទេ។ ប៉ុន្តែសម្រាប់មនុស្សជាច្រើន អ្វីៗទាំងនេះមិនបានសម្រេចដូចបំណងរបស់ពួកគេឡើយ។ បើអ្នកមានកាលៈទេសៈដូចនេះមែន របៀបដែលអ្នកប្រព្រឹត្តចំពោះកាលៈទេសៈនោះ បង្ហាញថាអ្នកមានជំនឿខ្លាំងប៉ុណ្ណា។៩, ១០. (ក) តើបងប្អូនខ្លះបានធ្វើអ្វីដើម្បីបំពេញតាមបំណងរបស់ពួកគេ? (ខ) តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការសម្រេចនៃពាក្យសន្យារបស់ព្រះ?
៩ បើយើងធ្វើខុសនឹងការណែនាំរបស់ព្រះដើម្បីបំពេញតាមបំណងរបស់ខ្លួន នោះមិនមែនជាការដែលប្រកបដោយប្រាជ្ញាទេ។ ការធ្វើបែបនេះអាចនាំឲ្យចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ាប្រេះឆា។ ជាឧទាហរណ៍ បងប្អូនខ្លះជ្រើសយកការព្យាបាលដែលប្រឆាំងនឹងគោលការណ៍ក្នុងគម្ពីរ។ បងប្អូនខ្លះទៀតសុខចិត្តទទួលការងារដែលធ្វើឲ្យពួកគេមិនអាចចំណាយពេលវេលាជាមួយនឹងក្រុមគ្រួសារ ឬគ្មានពេលដើម្បីទៅចូលរួមកិច្ចប្រជុំ។ ឬក៏បងប្អូនខ្លះចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយមនុស្សដែលមិនមែនជាសាក្សីព្រះយេហូវ៉ា។ បើគ្រិស្តសាសនិកម្នាក់ធ្វើដូច្នេះ តើគាត់ពិតជាខំប្រឹងឲ្យព្រះយេហូវ៉ាស្គាល់គាត់ឬទេ? តើព្រះយេហូវ៉ានឹងមានអារម្មណ៍យ៉ាងណា បើអាប្រាហាំមិនចេះអត់ធ្មត់ដោយសារលោកមិនបានបំពេញតាមពាក្យសន្យារបស់លោកភ្លាមៗនោះ? ចុះយ៉ាងណាបើអាប្រាហាំមិនព្រមរង់ចាំឲ្យព្រះយេហូវ៉ាចាត់វិធានការទេ តែគាត់បែរជាបំពេញតាមបំណងប្រាថ្នារបស់ខ្លួន ដោយទិញផ្ទះធំស្តុកស្តម្ភមួយ និងខំឲ្យបានកេរ្ដិ៍ឈ្មោះឬមុខមាត់ធំដុំវិញនោះ? (សូមពិនិត្យបន្ថែម លោកុប្បត្តិ ១១:៤) តើព្រះយេហូវ៉ានឹងនៅតែចាត់ទុកគាត់ជាមិត្តរបស់លោកទៀតឬទេ?
១០ តើបំណងអ្វីដែលអ្នកចង់បានយ៉ាងខ្លាំង? តើជំនឿរបស់អ្នករឹងមាំល្មមដើម្បីជួយអ្នកឲ្យរង់ចាំព្រះយេហូវ៉ាក្នុងការសម្រេចបំណងរបស់អ្នកឬទេ? (ទំនុក. ១៤៥:១៦) ដូចអ្វីដែលបានកើតឡើងចំពោះអាប្រាហាំ ពាក្យសន្យាខ្លះៗរបស់ព្រះប្រហែលជាមិនបានសម្រេចភ្លាមៗដូចដែលចិត្តយើងប៉ងនោះទេ។ ប៉ុន្តែ ព្រះយេហូវ៉ាឲ្យតម្លៃទៅលើការមានជំនឿដូចអាប្រាហាំ និងការប្រព្រឹត្តរបស់យើងដែលសមស្របតាមជំនឿនោះ។ ដោយធ្វើដូច្នេះ ព្រះយេហូវ៉ានឹងមិនដែលបំភ្លេចយើងទេ ហើយលោកនឹងឲ្យរង្វាន់ដល់យើង។—ហេ. ១១:៦
ភាពខុសគ្នារវាងចិត្តរាបទាបនិងចិត្តអំណួត
១១. តើកូរ៉ាប្រហែលជាមានឯកសិទ្ធិអ្វីខ្លះ? ហើយតើនេះបង្ហាញថាគាត់មានចិត្តគំនិតបែបណាចំពោះព្រះ?
១១ ម៉ូសេនិងកូរ៉ាបានប្រព្រឹត្តខុសពីគ្នាទាំងស្រុងក្នុងការបង្ហាញការគោរពចំពោះរបៀបរៀបចំរបស់ព្រះយេហូវ៉ា និងការសម្រេចចិត្តរបស់លោក។ ការប្រព្រឹត្តរបស់ពួកគេមានឥទ្ធិពលទៅលើទស្សនៈរបស់ព្រះចំពោះពួកគេ។ កូរ៉ាមកពីពួកកេហាត់ក្នុងកុលសម្ព័ន្ធលេវី ហើយគាត់មានឯកសិទ្ធិជាច្រើន។ ឯកសិទ្ធិទាំងនេះរួមមានការឃើញព្រះយេហូវ៉ារំដោះប្រជាជាតិអ៊ីស្រាអែលដោយឆ្លងសមុទ្រក្រហម ការគាំទ្រការវិនិច្ឆ័យរបស់លោកចំពោះពួកអ៊ីស្រាអែលដែលមិនស្ដាប់បង្គាប់នៅភ្នំស៊ីណាយ និងតួនាទីក្នុងការដឹកជញ្ជូនហឹបនៃកិច្ចព្រមព្រៀង។ (និក្ខ. ៣២:២៦-២៩; ជន. ៣:៣០, ៣១) តាមមើលទៅ គាត់បានស្មោះត្រង់ចំពោះព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំ ហេតុនេះហើយ ជនជាតិអ៊ីស្រាអែលជាច្រើននាក់គោរពគាត់។
១២. ដូចក្នុងរូបភាពនៅទំព័រ៣១ តើអំណួតរបស់កូរ៉ាមានឥទ្ធិពលយ៉ាងណាទៅលើការធ្វើឲ្យព្រះស្គាល់គាត់?
១២ ទោះជាយ៉ាងនេះក៏ដោយ ពេលប្រជាជាតិអ៊ីស្រាអែលធ្វើដំណើរចូលស្រុកសន្យា កូរ៉ាគិតថាមានបញ្ហាក្នុងរបៀបរៀបចំរបស់ព្រះ។ ក្រោយមក បុរស២៥០នាក់ដែលជាអ្នកនាំមុខក្នុងប្រជាជាតិនោះ បានចូលដៃជាមួយកូរ៉ាដើម្បីខំផ្លាស់ប្ដូររបៀបរៀបចំរបស់ព្រះ។ កូរ៉ានិងអ្នកឯទៀតប្រាកដក្នុងចិត្តថាព្រះយេហូវ៉ាពេញចិត្តនឹងពួកគេក្នុងការធ្វើដូច្នេះ។ ពួកគេប្រាប់ម៉ូសេថា៖ «អ្នកយកអំណាចលើខ្លួនហួសពេកណាស់ ដ្បិតពួកជំនុំក៏បានបរិសុទ្ធទាំងអស់គ្នាដែរ ហើយព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគេផង»។ (ជន. ១៦:១-៣) នេះបង្ហាញពីចិត្តគំនិតដែលទុកចិត្តលើខ្លួនហួសហេតុនិងអំណួតទៀតផង! ម៉ូសេប្រាប់ពួកគេថា៖ «ព្រះយេហូវ៉ានឹងសម្ដែងឲ្យស្គាល់អ្នកណាដែលជារបស់ផងទ្រង់»។ (សូមអាន ជនគណនា ១៦:៥) ថ្ងៃស្អែកឡើង កូរ៉ានិងពួកអ្នកដែលចូលខាងគាត់ក្នុងការបះបោរនោះបានស្លាប់។—ជន. ១៦:៣១-៣៥
១៣, ១៤. តើម៉ូសេបង្ហាញចិត្តរាបទាបតាមរបៀបណាខ្លះ?
១៣ ផ្ទុយទៅវិញ ម៉ូសេជាមនុស្ស«សុភាពណាស់លើសអស់ទាំងមនុស្សនៅលើផែនដី»។ (ជន. ១២:៣) គាត់បង្ហាញថាគាត់ជាមនុស្សសុភាពនិងមានចិត្តរាបទាបដោយការតាំងចិត្តធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ា។ (និក្ខ. ៧:៦; ៤០:១៦) គ្មានបទ គម្ពីរណាដែលបង្ហាញថា ម៉ូសេតែងតែសង្ស័យទៅលើការប្រព្រឹត្តរបស់ព្រះយេហូវ៉ា ឬខឹងដោយសារគាត់ត្រូវស្ដាប់តាមការណែនាំរបស់លោកនោះទេ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានឲ្យច្បាប់ដែលទាក់ទងនឹងការសាងសង់ត្រសាលរបស់ព្រះយ៉ាងល្អិតល្អន់ដូចជាពណ៌អំបោះ និងចំនួនខ្សែក្រវិលដែលត្រូវប្រើ ក្នុងការធ្វើផ្ទាំងសំពត់នៃត្រសាលនោះជាដើម។ (និក្ខ. ២៦:១-៦) ប្រសិនបើអ្នកត្រួតពិនិត្យម្នាក់ក្នុងអង្គការរបស់ព្រះផ្ដល់ការណែនាំយ៉ាងល្អិតល្អន់ដល់អ្នក នេះប្រហែលជាអាចធ្វើឲ្យអ្នកបាក់ទឹកចិត្ត។ ប៉ុន្តែ ព្រះយេហូវ៉ាជាអ្នកត្រួតពិនិត្យដ៏ល្អឥតខ្ចោះដែលប្រគល់ភារកិច្ចជាច្រើនដល់អ្នកបម្រើរបស់លោក ហើយលោកក៏ទុកចិត្តពួកគាត់ផងដែរ។ ពេលលោកប្រាប់ព័ត៌មានជាច្រើនដល់យើង នោះដោយសារលោកមានមូលហេតុត្រឹមត្រូវ។ សូមកត់សម្គាល់ថាម៉ូសេមិនបានខឹងព្រះយេហូវ៉ាដោយសារលោកផ្ដល់ព័ត៌មានយ៉ាងល្អិតល្អន់និងជាក់លាក់ ឬគិតថាលោកមិនគោរពសិទ្ធិ ឬក៏មិនឲ្យគាត់បញ្ចេញគំនិតរបស់គាត់សោះនោះទេ។ ផ្ទុយទៅវិញ ម៉ូសេបានធ្វើឲ្យប្រាកដថា ពួកជាងបានធ្វើ«ហើយជាស្រេចទាំងអស់»ដូចការណែនាំរបស់ព្រះ។ (និក្ខ. ៣៩:៣២) នេះបញ្ជាក់ពីចិត្តរាបទាបរបស់ម៉ូសេមែន! ម៉ូសេទទួលស្គាល់ថា នេះជាកិច្ចការរបស់ព្រះ ហើយគាត់គ្រាន់តែជាបុគ្គលដែលលោកប្រើដើម្បីសម្រេចកិច្ចការរបស់លោកប៉ុណ្ណោះ។
១៤ ម៉ូសេបានបង្ហាញចិត្តរាបទាបសូម្បីតែមានមូលហេតុដែលធ្វើឲ្យគាត់អន់ចិត្តក៏ដោយ។ មានពេលមួយ នៅពេលដែលម៉ូសេប្រឈមមុខនឹងការត្អូញត្អែររបស់ពួកអ៊ីស្រាអែល នោះគាត់មិនបានទប់ចិត្តនិងមិនបានសរសើរតម្កើងព្រះទេ។ ជាលទ្ធផល ព្រះយេហូវ៉ាបានប្រាប់ម៉ូសេថាគាត់មិនអាចនាំពួកអ៊ីស្រាអែលចូលស្រុកសន្យាបានឡើយ។ (ជន. ២០:២-១២) គាត់និងអេរ៉ុនដែលជាបងប្រុសរបស់គាត់បានស៊ូទ្រាំនឹងការត្អូញត្អែររបស់បណ្ដាជនអ៊ីស្រាអែលអស់ជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែ ដោយសារកំហុសតែមួយនោះ គាត់មិនបានចូលស្រុកសន្យាដូចដែលគាត់បានរំពឹងទុកតាំងពីយូរនោះឡើយ! តើគាត់បានប្រព្រឹត្តតបយ៉ាងណា? គាត់ប្រាកដជាអន់ចិត្តមែន ប៉ុន្តែគាត់បានទទួលយកការសម្រេចចិត្តរបស់ព្រះយេហូវ៉ាដោយចិត្តរាបទាប។ គាត់បានដឹងថា ព្រះយេហូវ៉ាជាព្រះដែលសុចរិត ហើយឥតមានសេចក្ដីទុច្ចរិតណាឡើយ។ (ចោ. ៣:២៥-២៧; ៣២:៤) ពេលដែលអ្នកគិតអំពីម៉ូសេ តើអ្នកយល់ថាព្រះយេហូវ៉ាស្គាល់គាត់ឬទេ?—សូមអាន និក្ខមនំ ៣៣:១២, ១៣
ការចុះចូលចំពោះព្រះយេហូវ៉ាតម្រូវឲ្យយើងមានចិត្តរាបទាប
១៥. តើចិត្តអំណួតរបស់កូរ៉ាបានផ្ដល់មេរៀនអ្វីដល់យើង?
១៥ យើងអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តនឹងយើងបាន លុះត្រាតែយើងព្រមទទួលយកការកែប្រែដែលមានក្នុងក្រុមជំនុំគ្រិស្តសាសនិកនៅទូទាំងពិភពលោក ហើយក៏ត្រូវបង្ហាញការគោរពចំពោះពួកអ្នក
ដែលនាំមុខក្នុងក្រុមជំនុំផងដែរ។ ពេលដែលបុរសទាំងនោះធ្វើការសម្រេចចិត្តអ្វីមួយ ឬកែប្រែនូវរបៀបរៀបចំដែលមានក្នុងក្រុមជំនុំ តើយើងនឹងធ្វើយ៉ាងណា? កូរ៉ានិងអ្នកដែលចូលដៃជាមួយគាត់បានឃ្លាតឆ្ងាយពីព្រះ ដោយសារពួកគេទុកចិត្តលើខ្លួនឯងហួសហេតុពេក មានអំណួត និងខ្វះជំនឿ។ ក្នុងភ្នែករបស់កូរ៉ា ម៉ូសេគ្រាន់តែជាបុរសចាស់ម្នាក់ដែលចេះតែធ្វើការសម្រេចចិត្តដោយខ្លួនឯង តែគាត់បានភ្លេចថា តាមពិតគឺព្រះយេហូវ៉ាទេដែលជាអ្នកណែនាំប្រជាជាតិអ៊ីស្រាអែលនោះ។ ជាលទ្ធផល កូរ៉ាមិនបានបង្ហាញភក្ដីភាពចំពោះពួកអ្នកដែលព្រះបានប្រើនោះទេ។ ជាការល្អជាងឲ្យកូរ៉ាចេះរង់ចាំព្រះយេហូវ៉ាសម្រាប់ការយល់ដឹងដែលច្បាស់ជាង ឬសម្រាប់ការផ្លាស់ប្ដូរបើចាំបាច់។ នៅទីបំផុត កូរ៉ាបានបំផ្លាញកិច្ចបម្រើស្មោះត្រង់របស់គាត់អស់ជាច្រើនឆ្នាំដោយសារការប្រព្រឹត្តដែលបង្ហាញពីអំណួតរបស់គាត់!១៦. តើគំរូរបស់ម៉ូសេស្តីអំពីចិត្តរាបទាបអាចជួយយើងយ៉ាងណា?
១៦ កំណត់ហេតុនេះបានផ្ដល់នូវការព្រមានដ៏ធ្ងន់មួយសម្រាប់ពួកអ្នកចាស់ទុំ និងបងប្អូនឯទៀតក្នុងក្រុមជំនុំនៅសព្វថ្ងៃនេះ។ ការចេះរង់ចាំព្រះយេហូវ៉ា និងការធ្វើតាមការណែនាំរបស់ពួកអ្នកដែលបានត្រូវតែងតាំងដើម្បីឲ្យដឹកនាំក្រុមជំនុំ តម្រូវឲ្យយើងមានចិត្តរាបទាបមែន។ តើយើងបង្ហាញថាយើងជាមនុស្សដែលមានចិត្តរាបទាប និងមានចិត្តស្លូតបូតដូចម៉ូសេដែរឬទេ? តើយើងអាចទទួលស្គាល់មុខងារនៃពួកអ្នកដែលនាំមុខក្នុងចំណោមយើង ហើយចុះចូលចំពោះការណែនាំដែលយើងទទួលឬទេ? តើយើងអាចទប់អារម្មណ៍របស់យើងពេលដែលយើងអន់ចិត្តឬទេ? បើយើងអាចធ្វើដូច្នេះបាន នោះព្រះយេហូវ៉ាក៏នឹងស្គាល់យើងដែរ។ បើយើងមានចិត្តរាបទាបនិងចេះចុះចូល នោះនឹងធ្វើឲ្យព្រះយេហូវ៉ាស្រឡាញ់យើងណាស់។
ព្រះយេហូវ៉ាស្គាល់ពួកអ្នកដែលជារបស់លោក
១៧, ១៨. ដើម្បីឲ្យព្រះស្គាល់យើងជារបស់លោកជានិច្ច តើអ្វីអាចជួយយើងឲ្យធ្វើដូច្នេះ?
១៧ ជាការល្អឲ្យយើងរំពឹងគិតអំពីពួកអ្នកដែលព្រះយេហូវ៉ាទាញនាំ និងស្គាល់។ អាប្រាហាំ និងម៉ូសេជាមនុស្សដែលមិនល្អឥតខ្ចោះ ហើយក៏ចេះធ្វើខុសដូចយើងដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាស្គាល់ពួកគេថាជារបស់លោក។ ម្យ៉ាងទៀត គំរូរបស់កូរ៉ាបង្ហាញថា យើងអាចថយចេញពីព្រះយេហូវ៉ាបាន ហើយយ៉ាងនេះ ព្រះលែងស្គាល់យើងនិងលែងពេញចិត្តនឹងយើងទៀត។ ដូច្នេះ ជាការល្អឲ្យយើងម្នាក់ៗដណ្ដឹងសួរខ្លួនថា‹តើព្រះយេហូវ៉ាគិតយ៉ាងណាចំពោះខ្ញុំ? តើខ្ញុំអាចរៀនអ្វីពីគំរូទាំងនេះដែលមានក្នុងគម្ពីរ?›។
១៨ អ្នកអាចមានចិត្តរីករាយយ៉ាងខ្លាំងដោយដឹងថា ព្រះយេហូវ៉ាចាត់ទុកអ្នកបម្រើស្មោះត្រង់ដែលលោកបានទាញនាំថាជារបស់លោក។ ដូច្នេះ ចូរបន្តបណ្ដុះឲ្យមានជំនឿ ចិត្តរាបទាប និងគុណសម្បត្ដិឯទៀតដែលធ្វើឲ្យព្រះពេញចិត្តនឹងយើងកាន់តែខ្លាំង។ ការដែលឲ្យព្រះយេហូវ៉ាស្គាល់យើង គឺជាឯកសិទ្ធិដ៏មានតម្លៃក្រៃលែង ដែលនាំឲ្យយើងស្កប់ចិត្តក្នុងជីវិតនៅពេលឥឡូវនេះ និងទទួលពរដ៏អស្ចារ្យនៅពេលអនាគតផងដែរ។—ទំនុក. ៣៧:១៨
តើអ្នកនៅចាំឬទេ?
• តើការឲ្យព្រះស្គាល់យើងមានន័យយ៉ាងណា?
• តើយើងអាចយកតម្រាប់តាមជំនឿរបស់អាប្រាហាំយ៉ាងដូចម្ដេច?
• តើយើងអាចរៀនអ្វីពីគំរូរបស់កូរ៉ានិងម៉ូសេ?
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ២៩]
ដូចអាប្រាហាំ តើយើងមានជំនឿឬទេថា ព្រះយេហូវ៉ានឹងសម្រេចតាមសេចក្ដីសន្យាទាំងអស់របស់លោក?
[រូបភាពនៅទំព័រ៣១]
កូរ៉ាមិនព្រមចុះចូលដោយចិត្តរាបទាបចំពោះការណែនាំឡើយ
[រូបភាពនៅទំព័រ៣២]
តើព្រះយេហូវ៉ាស្គាល់អ្នកជាបុគ្គលដែលចេះចុះចូល ដោយមានចិត្តរាបទាបចំពោះការណែនាំឬទេ?