លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេហូវ៉ាជាចំណែករបស់ខ្ញុំ

ព្រះយេហូវ៉ាជាចំណែករបស់ខ្ញុំ

ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​ខ្ញុំ

​«​អញ​ជា​ចំណែក​ដល់​ឯង ហើយ​ជា​កេរ្ដិ៍​អាករ​របស់​ឯង​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល​វិញ​»។—ជន. ១៨:២០

១, ២​. (​ក​) ស្តី​អំពី​ការ​បែងចែក​ដី​ដែល​ជា​មត៌ក តើ​ពួក​លេវី​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា? (​ខ​)​ តើ​ព្រះ​យេហូវ៉ា​បាន​ធានា​អ្វី​ដល់​ពួក​លេវី?

ក្រោយ​ពី​បណ្ដា​ជន​អ៊ីស្រាអែល​ច្បាំង​ដណ្ដើម​យក​ស្រុក​សន្យា​បាន​ដី​ជា​ច្រើន​កន្លែង​ហើយ យ៉ូស្វេ​ចាប់​ផ្ដើម​បែងចែក​ដី​ឲ្យ​បណ្ដា​ជន​ដោយ​ការ​ចាប់​ឆ្នោត។ ក្នុង​ពេល​ធ្វើ​ដូច្នេះ គាត់​សហការ​ជា​មួយ​សម្ដេច​សង្ឃ​អេលៀសារ និង​មេ​នៃ​កុលសម្ព័ន្ធ​នីមួយ​ៗ។ (​ជន. ៣៤:១៣​-​២៩​) ចំពោះ​កុលសម្ព័ន្ធ​លេវី​វិញ ពួក​គេ​មិន​បាន​ទទួល​ដី​ជា​មត៌ក​ដូច​កុលសម្ព័ន្ធ​ឯ​ទៀត​ទេ។ (​យ៉ូស. ១៤:១​-​៥​) ហេតុ​អ្វី​បាន​ជា​កុលសម្ព័ន្ធ​លេវី​មិន​មាន​ដី​ដែល​ជា​ចំណែក​របស់​ពួក​គេ​ក្នុង​ស្រុក​សន្យា? តើ​គេ​បាន​ភ្លេច​កុលសម្ព័ន្ធ​នេះ​ឬ?

យើង​អាច​រក​ឃើញ​ចម្លើយ​នេះ​ក្នុង​ពាក្យ​សម្ដី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ដល់​ពួក​លេវី។ ដោយ​បញ្ជាក់​ថា​លោក​មិន​បោះបង់​ចោល​ពួក​គេ នោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​អញ​ជា​ចំណែក​ដល់​ឯង ហើយ​ជា​កេរ្ដិ៍​អាករ​របស់​ឯង​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល​វិញ​»។ (​ជន. ១៨:២០​) ពាក្យ​ដែល​ថា​«​អញ​ជា​ចំណែក​ដល់​ឯង​»​ប្រាកដជា​ការ​ធានា​ដ៏​អស្ចារ្យ​មួយ! បើ​ព្រះ​យេហូវ៉ា​និយាយ​បែប​នេះ​ចំពោះ​អ្នក តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា? មុន​បង្អស់ អ្នក​ប្រហែលជា​គិត​ថា​‹តើ​ខ្ញុំ​សម​ទទួល​ការ​ធានា​បែប​នេះ​ពី​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត​ឬ​ទេ?›។ អ្នក​ក៏​ប្រហែលជា​ឆ្ងល់​ថា​‹តើ​ព្រះ​យេហូវ៉ា​ពិត​ជា​អាច​ក្លាយ​ទៅ​ជា​ចំណែក​របស់​គ្រិស្ត​សាសនិក​ដែល​មិន​ល្អ​ឥត​ខ្ចោះ​នៅ​សព្វ​ថ្ងៃ​នេះ​បាន​ដែរ​ឬ?›។ សំណួរ​ទាំង​នេះ​ទាក់​ទង​អ្នក​និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក។ ដូច្នេះ សូម​ឲ្យ​យើង​គិត​ពិចារណា​អំពី​អត្ថន័យ​នៃ​ប្រសាសន៍​របស់​ព្រះ​ដែល​មាន​ក្នុង​ខ​នេះ។ នេះ​នឹង​ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​អាច​ក្លាយ​ទៅ​ជា​ចំណែក​របស់​ពួក​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ ជា​ពិសេស​អំពី​របៀប​ដែល​លោក​អាច​ក្លាយ​ទៅ​ជា​ចំណែក​របស់​អ្នក មិន​ថា​អ្នក​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌ ឬ​រស់​នៅ​ផែនដី​ដែល​ជា​សួន​ឧទ្យាន​ក្ដី។

ព្រះ​យេហូវ៉ា​ផ្គត់​ផ្គង់​ពួក​លេវី

៣​. តើ​មាន​អ្វី​កើត​ឡើង​ដែល​បណ្ដាល​ឲ្យ​ព្រះ​ជ្រើស​រើស​ពួក​លេវី​ឲ្យ​បម្រើ​លោក?

មុន​ព្រះ​យេហូវ៉ា​ឲ្យ​ច្បាប់​ដល់​បណ្ដា​ជន​អ៊ីស្រាអែល មេ​គ្រួសារ​ទាំង​អស់​បាន​បម្រើ​ជា​សង្ឃ​សម្រាប់​គ្រួសារ​របស់​ខ្លួន។ ពេល​ដែល​ព្រះ​ឲ្យ​ច្បាប់​ដល់​ពួក​គេ លោក​បាន​រៀបចំ​ឲ្យ​មាន​សង្ឃ​ដើម្បី​បម្រើ​ពេញ​ពេល និង​ជំនួយ​ការ​ដែល​មក​ពី​កុលសម្ព័ន្ធ​លេវី។ តើ​ការ​ផ្លាស់​ប្ដូរ​នេះ​អាច​កើត​មាន​ឡើង​យ៉ាង​ដូច​ម្ដេច​បាន? ពេល​ព្រះ​សម្លាប់​កូន​ច្បង​របស់​ពួក​សាសន៍​អេស៊ីប លោក​ចាត់​ទុក​កូន​ច្បង​របស់​ពួក​អ៊ីស្រាអែល​ជា​បរិសុទ្ធ ដោយ​ញែក​ពួក​គេ​ទុក​ជា​របស់​ផង​លោក។ ក្រោយ​មក ព្រះ​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដ៏​សំខាន់​មួយ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​អញ​បាន​យក​ពួក​លេវី . . . ដើម្បី​ស្នង​អស់​ទាំង​កូន​ប្រុស​ច្បង​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​»។ ប៉ុន្តែ ការ​ធ្វើ​ជំរឿន​បាន​បង្ហាញ​ថា​កូន​ច្បង​នៃ​បណ្ដា​ជន​អ៊ីស្រាអែល​លើស​ចំនួន​នៃ​ពួក​លេវី។ ដូច្នេះ ដើម្បី​ធ្វើ​ឲ្យ​ស្មើ​គ្នា ព្រះ​បាន​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​បង់​ប្រាក់​ជា​ថ្លៃ​លោះ​ដល់​ពួក​លេវី។ (​ជន. ៣:១១​-​១៣, ៤១, ៤៦, ៤៧​) យ៉ាង​នេះ ពួក​លេវី​អាច​ទទួល​ភារកិច្ច​ក្នុង​ការ​បម្រើ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល។

៤, ៥​. (​ក​) ចំពោះ​ពួក​លេវី តើ​ការ​មាន​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​ពួក​គេ​មាន​ន័យ​យ៉ាង​ណា? (​ខ​)​ តើ​ព្រះ​ផ្គត់​ផ្គង់​ពួក​លេវី​យ៉ាង​ដូច​ម្ដេច?

តើ​ភារកិច្ច​នេះ​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​ពួក​លេវី? ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​ក្លាយ​ទៅ​ជា​ចំណែក​របស់​ពួក​គេ​ដែល​មាន​ន័យ​ថា ពួក​គេ​បាន​ទទួល​នូវ​ឯកសិទ្ធិ​ដ៏​ពិសេស​ក្នុង​ការ​បម្រើ​លោក​ជា​ជាង​ទទួល​ដី​ជា​មត៌ក។ ​«​ការងារ​ជា​សង្ឃ​ផង​ព្រះ​យេហូវ៉ា​»​គឺជា​មត៌ក​របស់​ពួក​គេ។ (​យ៉ូស. ១៨:៧​) បរិបទ​នៃ​ជនគណនា ១៨:២០​បង្ហាញ​ថា ការ​ធ្វើ​ជា​សង្ឃ​របស់​ព្រះ​យេហូវ៉ា​មិន​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ខ្លួន​ក្រ​ឡើយ។ (​សូម​អាន ជនគណនា ១៨:១៩, ២១, ២៤) ពួក​លេវី​នឹង​ត្រូវ​ទទួល​‹១​ភាគ​ក្នុង​១០​ទុក​ជា​មត៌ក ដើម្បី​ឲ្យ​បាន​ជា​កំរៃ​នៃ​ការងារ​ដែល​គេ​ធ្វើ›។ ពួក​គេ​នឹង​ទទួល​១០​ភាគ​រយ​ពី​ទិន្នផល​របស់​បណ្ដា​ជន​អ៊ីស្រាអែល និង​ពី​ចំនួន​សត្វ​ពាហនៈ​របស់​ពួក​គេ​ផង​ដែរ។ ម្យ៉ាង​ទៀត ក្នុង​ចំណោម​អ្វី​ដែល​ពួក​លេវី​ទទួល ពួក​គេ​ត្រូវ​ផ្ដល់​មួយ​ភាគ​ក្នុង​១០​ដែល​ជា​«​ចំណែក​ល្អ​បំផុត​»​ដល់​ពួក​សង្ឃ​វិញ ដើម្បី​គាំទ្រ​កិច្ចការ​របស់​ពួក​សង្ឃ។ (​ជន. ១៨:២៥​-​២៩​) ពួក​សង្ឃ​ក៏​ត្រូវ​ទទួល​«​ដង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន​»​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​នាំ​មក​ប្រគល់​ឲ្យ​ព្រះ​នៅ​ឯ​កន្លែង​គោរព​បូជា​លោក​ដែរ។ យ៉ាង​នេះ សមាជិក​ដែល​បម្រើ​ការងារ​ជា​សង្ឃ​មាន​មូលហេតុ​ល្អ​ដើម្បី​ជឿ​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​ពួក​គេ។

តាម​មើល​ទៅ​ច្បាប់​របស់​ម៉ូសេ​តម្រូវ​ឲ្យ​បណ្ដា​ជន​ផ្ដល់​ឲ្យ​មួយ​ភាគ​ក្នុង​១០​ជា​លើក​ទី​២ ដើម្បី​ទុក​សម្រាប់​ផ្គត់​ផ្គង់​ចំណី​អាហារ និង​អរ​សប្បាយ​ក្នុង​អំឡុង​ពេល​មហាសន្និបាត​នានា​ដែល​មាន​រាល់​ឆ្នាំ។ (​ចោ. ១៤:២២​-​២៧​) ក៏​ប៉ុន្តែ នៅ​ពេល​ផុត​រាល់​បី​ឆ្នាំ និង​រាល់​៦​ឆ្នាំ​នៃ​ឆ្នាំ​ឈប់​សម្រាក បណ្ដា​ជន​ត្រូវ​នាំ​យក​ទិន្នផល​របស់​ពួក​គេ​មក​ដាក់​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង ដើម្បី​ឲ្យ​ពួក​អ្នក​ក្រី​ក្រ​ព្រម​ទាំង​ពួក​លេវី​បាន​ទទួល​ប្រយោជន៍​ផង​ដែរ។ ហេតុ​អ្វី​បាន​ជា​គេ​រាប់​បញ្ចូល​ពួក​លេវី​ក្នុង​ចំណោម​ពួក​អ្នក​ទាំង​នោះ? ពីព្រោះ​ពួក​គេ​«​គ្មាន​ចំណែក គ្មាន​មរ​ដក​»​ជា​មួយ​នឹង​ពួក​អ៊ីស្រាអែល​ទេ។—ចោ. ១៤:២៨, ២៩

៦​. ទោះ​ជា​មិន​មាន​ចំណែក​ដី​ក្នុង​ស្រុក​អ៊ីស្រាអែល តើ​ពួក​លេវី​ស្នាក់​នៅ​ឯ​ណា?

អ្នក​ប្រហែលជា​ឆ្ងល់​ថា​‹បើ​ពួក​លេវី​មិន​មាន​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន តើ​ពួក​គេ​រស់​នៅ​ឯ​ណា?›។ ព្រះ​បាន​រៀបចំ​ឲ្យ​ពួក​គេ។ លោក​បាន​ប្រគល់​ឲ្យ​ទី​ក្រុង​៤៨ ព្រម​ទាំង​តំបន់​នៅ​ជុំ​វិញ​ដល់​ពួក​គេ។ នេះ​រួម​បញ្ចូល​ទី​ក្រុង​៦​ដែល​ជា​ទី​ក្រុង​ពំនាក់។ (​ជន. ៣៥:៦​-​៨​) យ៉ាង​នេះ ពួក​លេវី​មាន​កន្លែង​សម្រាប់​ស្នាក់​នៅ​ពេល​ដែល​ពួក​គេ​ឈប់​សម្រាក​ពី​កិច្ចការ​នៅ​ឯ​វិហារ​របស់​ព្រះ។ ព្រះ​យេហូវ៉ា​ផ្គត់​ផ្គង់​យ៉ាង​បរិបូរ​ដល់​ពួក​អ្នក​ដែល​ប្រគល់​ខ្លួន​ដើម្បី​បម្រើ​លោក។ យ៉ាង​ច្បាស់​ណាស់ ពួក​លេវី​អាច​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​ពួក​គេ​ដោយ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ឫទ្ធានុភាព​របស់​លោក និង​បំណង​របស់​លោក​ក្នុង​ការ​ផ្គត់​ផ្គង់​ពួក​គេ។

៧​. តើ​ពួក​លេវី​ត្រូវ​មាន​អ្វី​ដើម្បី​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​ពួក​គេ?

ច្បាប់​ម៉ូសេ​មិន​បាន​បញ្ជាក់​អំពី​ទោស​កំហុស​របស់​ពួក​អ៊ីស្រាអែល​ដែល​មិន​បាន​ឲ្យ​មួយ​ភាគ​ក្នុង​១០​នោះ​ទេ។ ពេល​ដែល​បណ្ដា​ជន​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជូន​មួយ​ភាគ​ក្នុង​១០ ពួក​សង្ឃ​និង​ពួក​លេវី​ក៏​ជួប​ការ​ខ្វះ​ខាត​ដែរ។ នេះ​បាន​កើត​ឡើង​នៅ​សម័យ​របស់​នេហេមា។ ជា​លទ្ធផល ពួក​លេវី​មិន​បាន​បំពេញ​ភារកិច្ច​របស់​ពួក​គេ​ទេ តែ​ត្រូវ​ទៅ​ធ្វើ​ស្រែ​ចម្ការ​វិញ។ (​សូម​អាន នេហេមា ១៣:១០) ច្បាស់​ហើយ ជីវភាព​របស់​ពួក​លេវី​ពឹង​ផ្អែក​ទៅ​លើ​ចំណង​មិត្តភាព​ដែល​ប្រជាជាតិ​មាន​ជា​មួយ​នឹង​ព្រះ។ បន្ថែម​ទៅ​ទៀត ពួក​សង្ឃ​និង​ពួក​លេវី​ត្រូវ​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា និង​សមត្ថភាព​របស់​លោក​ក្នុង​ការ​ផ្គត់​ផ្គង់​ពួក​គេ។

បុគ្គល​ផ្សេង​ៗ​ពី​កុលសម្ព័ន្ធ​លេវី បាន​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​ពួក​គេ

៨​. សូម​ពណ៌​នា​អំពី​បញ្ហា​ដែល​ជន​ជាតិ​លេវី​ម្នាក់​ឈ្មោះ​អេសាភ​បាន​ជួប​ប្រទះ។

ក្នុង​នាម​ជា​កុលសម្ព័ន្ធ ពួក​លេវី​ត្រូវ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​ពួក​គេ។ ក៏​ប៉ុន្តែ គួរ​ឲ្យ​កត់​សម្គាល់​ថា​បុគ្គល​ផ្សេង​ៗ​ពី​កុលសម្ព័ន្ធ​នេះ​ក៏​បាន​ប្រើ​ពាក្យ​«​ព្រះ​យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ​»​ ដើម្បី​បង្ហាញ​ពី​ភក្ដីភាព​និង​ការ​ពឹង​ផ្អែក​របស់​ពួក​គេ​ទៅ​លើ​លោក​ដែរ។ (​បរិ. ៣:២៤​) បុគ្គល​ម្នាក់​ក្នុង​ចំណោម​នោះ​គឺជា​អ្នក​ចម្រៀង​និង​ជា​អ្នក​និពន្ធ​បទ​ភ្លេង។ យើង​នឹង​ហៅ​គាត់​ថា​អេសាភ ប៉ុន្តែ​គាត់​ប្រហែលជា​កូន​ចៅ​ម្នាក់​របស់​អេសាភ​ដែល​ជា​អ្នក​នាំ​មុខ​ក្នុង​ក្រុម​ចម្រៀង​នៅ​សម័យ​ស្តេច​ដាវីឌ។ (​១រប. ៦:៣១​-​៤៣​) ក្នុង​ទំនុក​ទី​៧៣ អេសាភ​(​ឬ​កូន​ចៅ​ម្នាក់​របស់​គាត់​)​បាន​ចាប់​ផ្ដើម​ទាល់​គំនិត។ គាត់​ចង់​បាន​ជីវិត​សម្បូរ​សប្បាយ​ដូច​មនុស្ស​អាក្រក់ ហើយ​គាត់​មាន​គំនិត​នេះ​រហូត​ដល់​និយាយ​ថា​៖ ​«​ការ​ដែល​ទូល​បង្គំ​បាន​ជំ​រះ​ចិត្ត ហើយ​លាង​ដៃ​ឲ្យ​ឥត​មាន​សៅហ្មង នោះ​ឥត​ប្រយោជន៍​ទទេ​»។ តាម​មើល​ទៅ គាត់​ដូច​ជា​លែង​អបអរ​ចំពោះ​ឯកសិទ្ធិ​ក្នុង​កិច្ច​បម្រើ ហើយ​ក៏​លែង​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ការ​មាន​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​គាត់​ទៀត​ដែរ។ ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​មិន​រឹង​មាំ​ដូច​មុន​ទេ ​«​ទាល់​តែ​[​គាត់​]​បាន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ​»។—ទំនុក. ៧៣:២, ៣, ១២, ១៣, ១៧

៩, ១០​. ហេតុ​អ្វី​អេសាភ​អាច​និយាយ​បាន​ថា​ព្រះ​ជា​‹ចំណែក​មត៌ក​របស់​គាត់​ជា​ដរាប›?

នៅ​ក្នុង​វិហារ​របស់​ព្រះ អេសាភ​ចាប់​ផ្ដើម​មាន​ទស្សនៈ​ដូច​លោក​វិញ។ អ្នក​ក៏​ប្រហែលជា​ធ្លាប់​មាន​បទ​ពិសោធន៍​ស្រដៀង​គ្នា​ដែរ។ នៅ​ពេល​មួយ អ្នក​ប្រហែលជា​លែង​អបអរ​ចំពោះ​ឯកសិទ្ធិ​របស់​អ្នក​មួយ​កម្រិត ហើយ​ចាប់​ផ្ដើម​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការ​ខ្វះ​ខាត​ខាង​ទ្រព្យ​សម្បត្ដិ​វិញ។ ប៉ុន្តែ ដោយ​សិក្សា​បណ្ដាំ​របស់​ព្រះ និង​ទៅ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក អ្នក​ចាប់​ផ្ដើម​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​របស់​ទាំង​នោះ។ អេសាភ​បាន​គិត​អំពី​លទ្ធផល​ចុង​ក្រោយ​របស់​មនុស្ស​អាក្រក់។ ម្យ៉ាង​ទៀត គាត់​ក៏​បាន​គិត​អំពី​ជីវិត​របស់​គាត់ ហើយ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​នឹង​កាន់​ដៃ​ស្ដាំ​របស់​គាត់ ថែម​ទាំង​ណែនាំ​គាត់​ផង​ដែរ។ យ៉ាង​នេះ អេសាភ​អាច​និយាយ​ទៅ​កាន់​ព្រះ​យេហូវ៉ា​ថា​៖ ​«​នៅ​ផែនដី ទូល​បង្គំ​ប្រាថ្នា​ចង់​បាន​តែ​ទ្រង់​ទេ​»។ (​ទំនុក. ៧៣:​២៣, ២៥​) ក្រោយ​មក គាត់​បាន​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​គាត់។ (​សូម​អាន ទំនុកតម្កើង ៧៣:២៦) ទោះ​ជា​‹សាច់​និង​ចិត្ត​របស់​គាត់​អាច​សាប​សូន្យ​ទៅ›​ក៏​ដោយ ព្រះ​នឹង​‹ក្លាយ​ជា​ចំណែក​មត៌ក​របស់​គាត់​ជា​ដរាប›។ អេសាភ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ចង​ចាំ​គាត់​ដូច​ជា​មិត្ត​ភក្ដិ​ម្នាក់​របស់​លោក។ លោក​មិន​ដែល​ភ្លេច​ចិត្ត​ស្មោះ​ត្រង់​របស់​គាត់​ឡើយ។ (​សាស្ដ. ៧:១​) នេះ​ពិត​ជា​ពង្រឹង​ទំនុក​ចិត្ត​របស់​អេសាភ​ណាស់! គាត់​បាន​ច្រៀង​ថា​៖ ​«​ឯ​ទូល​បង្គំ ដែល​ទូល​បង្គំ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ល្អ​ដល់​ទូល​បង្គំ ទូល​បង្គំ​បាន​យក​ព្រះ​អម្ចាស់​យេហូវ៉ា​ទុក​ជា​ទី​ពឹង​ហើយ​»។—ទំនុក. ៧៣:២៨

១០ ដូច្នេះ ពេល​អេសាភ​និយាយ​ថា​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​គាត់ គាត់​មិន​គ្រាន់តែ​សំដៅ​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​ដែល​គាត់​ទទួល​ក្នុង​នាម​ជា​ពួក​លេវី​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ អ្វី​ដែល​សំខាន់​បំផុត គាត់​បាន​សំដៅ​ទៅ​លើ​ឯកសិទ្ធិ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា និង​ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក​ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។ (​យ៉ា. ២:២១​-​២៣​) ដើម្បី​រក្សា​ឲ្យ​មាន​ចំណង​មិត្តភាព​នេះ គាត់​ត្រូវ​តែ​មាន​ជំនឿ​និង​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា។ អេសាភ​ត្រូវ​តែ​មាន​ទំនុក​ចិត្ត​ថា បើ​គាត់​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ នោះ​គាត់​នឹង​មាន​សុភមង្គល​ក្នុង​ជីវិត។ អ្នក​ក៏​អាច​មាន​ទំនុក​ចិត្ត​ដូច​គ្នា​ដែរ​ចំពោះ​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត។

១១​. តើ​យេរេមា​បាន​សួរ​សំណួរ​អ្វី? ហើយ​តើ​ព្រះ​បាន​ឆ្លើយ​សំណួរ​នោះ​យ៉ាង​ដូច​ម្ដេច?

១១ អ្នក​ប្រកាស​ទំនាយ​ឈ្មោះ​យេរេមា​ក៏​ជា​ជន​ជាតិ​លេវី​ម្នាក់​ទៀត​ដែល​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​គាត់។ សូម​ឲ្យ​យើង​ពិចារណា​ថា ពេល​គាត់​ប្រើ​ពាក្យ​ទាំង​នោះ តើ​គាត់​ចង់​មាន​ន័យ​យ៉ាង​ណា? យេរេមា​រស់​នៅ​ឯ​អាន៉ាថោត​ដែល​ជា​ក្រុង​របស់​ពួក​លេវី​នៅ​ជិត​ក្រុង​យេរូសាឡិម។ (​យេ. ១:១​) នៅ​ពេល​មួយ យេរេមា​បាន​សុញ​គំនិត​ដោយ​ថា ហេតុ​អ្វី​មនុស្ស​អាក្រក់​សម្បូរ​សប្បាយ​កាល​ដែល​មនុស្ស​សុចរិត​រង​ទុក្ខវេទនា​ដូច្នេះ? (​យេ. ១២:១​) ក្រោយ​ពី​បាន​សង្កេត​ឃើញ​អ្វី​ដែល​កើត​ឡើង​នៅ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា គាត់​បាន​‹ជជែក​តវ៉ា›​នឹង​ព្រះ​យេហូវ៉ា។ ប៉ុន្តែ យេរេមា​ដឹង​ថា​លោក​ជា​ព្រះ​ដ៏​សុចរិត។ ហេតុ​នេះ​ហើយ ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​សំណួរ​របស់​យេរេមា​ដោយ​ប្រាប់​គាត់​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​ការ​ហិន​វិនាស ហើយ​ក្រោយ​មក លោក​បាន​ធ្វើ​ឲ្យ​ទំនាយ​នោះ​សម្រេច​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ពួក​អ្នក​ដែល​ស្ដាប់​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​បាន​ទទួល​​«​ជីវិត​ខ្លួន​ទុក​ដូច​ជា​របឹប​»​ ចំពោះ​មនុស្ស​អាក្រក់​ដែល​មាន​ជីវិត​សម្បូរ​សប្បាយ ពួក​គេ​មិន​អើពើ​នឹង​ការ​ព្រមាន​នោះ​ទេ ហើយ​ពួក​គេ​បាន​ស្លាប់។—យេ. ២១:៩

១២, ១៣​. (​ក​) តើ​អ្វី​ជំរុញ​យេរេមា​ឲ្យ​ប្រកាស​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ​»​? ហើយ​តើ​គាត់​មាន​ចិត្ត​គំនិត​បែប​ណា? (​ខ​)​ ហេតុ​អ្វី​កុលសម្ព័ន្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​ចេះ​រង់​ចាំ?

១២ ក្រោយ​មក នៅ​ពេល​ដែល​យេរេមា​សង្កេត​មើល​ទឹក​ដី​ដែល​បាន​ត្រូវ​បំផ្លិចបំផ្លាញ គាត់​បាន​មាន​អារម្មណ៍​ថា​គាត់​ដើរ​ក្នុង​ទី​ងងឹត ​«​ដូច​ជា​ពួក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ​»។ (​បរិ. ១:១, ១៦; ៣:៦​) យេរេមា​បាន​ប្រាប់​ប្រជាជាតិ​ដែល​រឹង​ចចេស​នេះ​ឲ្យ​ត្រឡប់​មក​ឯ​បិតា​នៅ​ស្ថាន​សួគ៌​របស់​ពួក​គេ​វិញ ប៉ុន្តែ អំពើ​អាក្រក់​របស់​ពួក​គេ​បាន​ឡើង​ដល់​កម្រិត​ដែល​ព្រះ​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​បំផ្លាញ​ចោល។ នេះ​បាន​ធ្វើ​ឲ្យ​យេរេមា​រង​ការ​ឈឺ​ចាប់ ទោះ​ជា​មិន​មែន​ជា​កំហុស​របស់​គាត់​ក្ដី។ ប៉ុន្តែ ក្នុង​ចំណោម​ទុក្ខវេទនា​ដែល​គាត់​មាន គាត់​ចង​ចាំ​អំពី​ចិត្ត​មេត្ដា​ករុណា​របស់​ព្រះ។ គាត់​បាន​និយាយ​ថា បើ​គ្មាន​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​ទេ នោះ​«​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ​»។ នេះ​គឺ​ដោយ​សារ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​ចេះ​តែ​ថ្មី​ឡើង​រាល់​ព្រឹក​ជា​និច្ច! នៅ​ពេល​នោះ​ហើយ ដែល​យេរេមា​ប្រកាស​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ​»។ នេះ​បាន​ជួយ​គាត់​ឲ្យ​បន្ត​បម្រើ​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​ត​ទៅ​ទៀត។—សូម​អាន បរិទេវ ៣:២២​-​២៤

១៣ អស់​៧០​ឆ្នាំ ប្រជាជាតិ​អ៊ីស្រាអែល​នឹង​ត្រូវ​ចាក​ចេញ​ពី​ស្រុក​កំណើត។ ស្រុក​របស់​ពួក​គេ​នឹង​ត្រូវ​ទុក​ចោល​ឲ្យ​នៅ​ស្ងាត់​ជ្រងំ។ (​យេ. ២៥:១១​) ប៉ុន្តែ ពាក្យ​យេរេមា​ដែល​ថា​«​ព្រះ​យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ​»​បង្ហាញ​អំពី​ការ​ទុក​ចិត្ត​ទៅ​លើ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ ហើយ​នេះ​បាន​ផ្ដល់​ឲ្យ​គាត់​នូវ​មូលហេតុ​ដែល​គាត់​ត្រូវ​«​សង្ឃឹម​ដល់​ទ្រង់​»​ឬ​រង់​ចាំ​ឲ្យ​លោក​ចាត់​វិធានការ។ កុលសម្ព័ន្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​បាន​បាត់បង់​មត៌ក​របស់​ពួក​គេ ដូច្នេះ ពួក​គេ​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​ចេះ​រង់​ចាំ​ដូច​យេរេមា​ដែរ។ ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​សម្រាប់​ពួក​គេ។ ៧០​ឆ្នាំ​ក្រោយ​មក រាស្ត្រ​របស់​ព្រះ​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​របស់​ពួក​គេ​វិញ ហើយ​ពួក​គេ​មាន​ឯកសិទ្ធិ​បម្រើ​លោក​នៅ​ទី​នោះ​ម្ដង​ទៀត។—២រប. ៣៦:​២០​-​២៣

អ្នក​ឯ​ទៀត​ពី​កុលសម្ព័ន្ធ​ផ្សេង អាច​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​ពួក​គេ​បាន

១៤, ១៥​. ក្រៅ​ពី​ពួក​លេវី តើ​អ្នក​ណា​បាន​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​គាត់? ហើយ​ហេតុ​អ្វី?

១៤ ទាំង​អេសាភ​ទាំង​យេរេមា​សុទ្ធតែ​មក​ពី​កុលសម្ព័ន្ធ​លេវី ប៉ុន្តែ តើ​មាន​តែ​មនុស្ស​ពី​កុលសម្ព័ន្ធ​លេវី​ប៉ុណ្ណោះ​ឬ​ដែល​អាច​មាន​ឯកសិទ្ធិ​បម្រើ​ព្រះ​យេហូវ៉ា? មិន​មែន​ទេ! ពេល​ស្តេច​ដាវីឌ​នៅ​ក្មេង គាត់​បាន​ហៅ​ព្រះ​ថា​«​ជា​ចំណែក​នៃ​ទូល​បង្គំ​នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់​»។ (​សូម​អាន ទំនុកតម្កើង ១៤២:១, ) ពេល​ដាវីឌ​តែង​ទំនុក​នេះ គាត់​មិន​រស់​នៅ​ក្នុង​រាជវាំង​ឬ​ផ្ទះ​នោះ​ទេ តែ​គាត់​រស់​នៅ​ក្នុង​រូង​ភ្នំ ដោយ​សារ​គាត់​កំពុង​រត់​គេច​ពី​សត្រូវ។ យ៉ាង​ហោច​ណាស់ ដាវីឌ​ត្រូវ​រត់​ទៅ​រស់​នៅ​ក្នុង​រូង​ភ្នំ​ពីរ​លើក លើក​ទី​១ នៅ​ជិត​ទី​ក្រុង​អាឌូឡាម ហើយ​លើក​ទី​២ នៅ​ឯ​តំបន់​ស្ងាត់​ជ្រងំ​អេនកេឌី។ គាត់​ទំនង​ជា​បាន​តែង​ទំនុក​ទី​១៤២​នៅ​ក្នុង​រូង​ភ្នំ​មួយ​ក្នុង​ចំណោម​នោះ។

១៥ បើ​ដូច្នេះ​មែន នេះ​គឺ​ដោយ​សារ​ស្តេច​សូល​ដែល​ជា​អ្នក​តាម​សម្លាប់​ដាវីឌ ចង់​ស្វែងរក​ជីវិត​របស់​គាត់។ ហេតុ​នេះ ដាវីឌ​បាន​រត់​ទៅ​ឯ​រូង​ភ្នំ​ដែល​ពិបាក​ឲ្យ​អ្នក​ឯ​ទៀត​រក​ឃើញ។ (​១សាំ. ២២:១,​) ក្នុង​តំបន់​ឆ្ងាយ​ដាច់​ស្រយាល​នេះ ដាវីឌ​ប្រហែលជា​គ្មាន​មិត្ត​ភក្ដិ​ដែល​ការពារ​និង​គាំទ្រ​គាត់​ទេ។ (​ទំនុក. ១៤២:៤​) គឺ​នៅ​ពេល​នោះ​ហើយ ដែល​ដាវីឌ​បាន​ស្វែងរក​ជំនួយ​ពី​ព្រះ។

១៦, ១៧​. (​ក​) តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ដាវីឌ​មាន​អារម្មណ៍​អស់​សង្ឃឹម? (​ខ​)​ តើ​ដាវីឌ​អាច​សុំ​ជំនួយ​ពី​អ្នក​ណា?

១៦ ពេល​ដែល​ដាវីឌ​តែង​ទំនុក​ទី​១៤២​ចប់​ហើយ គាត់​ប្រហែលជា​បាន​ឮ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​សម្ដេច​សង្ឃ​អ័ហ៊ីម៉ាលេក។ គាត់​បាន​ជួយ​ដាវីឌ​ទាំង​មិន​ដឹង​ថា​ដាវីឌ​កំពុង​រត់​គេច​ពី​សូល​នោះ​ទេ។ ពេល​ដឹង​អំពី​រឿង​នេះ ស្តេច​សូល​ដែល​មាន​ចិត្ត​ច្រណែន បាន​បញ្ជា​គេ​ឲ្យ​សម្លាប់​អ័ហ៊ីម៉ាលេក​និង​ពួក​អ្នក​ផ្ទះ​របស់​គាត់​ទាំង​អស់។ (​១សាំ. ២២:១១, ១៨, ១៩​) ដាវីឌ​មាន​អារម្មណ៍​ថា​គាត់​ជា​ដើម​ហេតុ​ដែល​បណ្ដាល​ឲ្យ​ពួក​គេ​ស្លាប់។ គឺ​ហាក់​ដូច​ជា​គាត់​បាន​សម្លាប់​សម្ដេច​សង្ឃ​ដែល​បាន​ជួយ​គាត់។ បើ​អ្នក​ជា​ដាវីឌ តើ​អ្នក​នឹង​មាន​អារម្មណ៍​ដូច​នេះ​ឬ​ទេ? ម្យ៉ាង​ទៀត ដោយ​សារ​សូល​នៅ​តែ​ដេញ​តាម​សម្លាប់​ដាវីឌ​ជា​និច្ច នោះ​គាត់​មិន​អាច​សម្រាក​បាន​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​តាន​តឹង​ចិត្ត​កាន់​តែ​ខ្លាំង។

១៧ មិន​យូរ​ក្រោយ​មក សាំយូអែល​ដែល​ជា​អ្នក​តែង​តាំង​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្តេច​នៅ​ពេល​អនាគត​នោះ​បាន​ស្លាប់។ (​១សាំ. ២៥:១​) នេះ​ក៏​អាច​ធ្វើ​ឲ្យ​ដាវីឌ​មាន​អារម្មណ៍​អស់​សង្ឃឹម​កាន់​តែ​ខ្លាំង​ឡើង​ដែរ។ ប៉ុន្តែ ដាវីឌ​ដឹង​ថា​អ្នក​ណា​អាច​ជួយ​គាត់​បាន គឺ​ព្រះ​យេហូវ៉ា។ ដាវីឌ​មិន​មាន​ឯកសិទ្ធិ​បម្រើ​លោក​ដូច​ពួក​លេវី​ទេ តែ​គាត់​បាន​ត្រូវ​រើស​តាំង​ឲ្យ​បំពេញ​កិច្ច​បម្រើ​មួយ​បែប​ទៀត គឺ​ការ​ធ្វើ​ជា​ស្តេច​លើ​រាស្ត្រ​របស់​ព្រះ។ (​១សាំ. ១៦:១, ១៣​) ហេតុ​នេះ ដាវីឌ​បាន​អធិដ្ឋាន​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា ហើយ​បន្ត​ស្វែងរក​ការ​ណែនាំ​របស់​លោក​ជា​និច្ច។ អ្នក​ក៏​អាច ហើយ​ក៏​ត្រូវ​ចាត់​ទុក​លោក​ជា​ចំណែក​របស់​អ្នក​និង​ជា​ទី​ពឹង​ជ្រក​របស់​អ្នក​ដែរ កាល​ដែល​អ្នក​ខំ​ប្រឹង​បំពេញ​កិច្ច​បម្រើ​ចំពោះ​លោក។

១៨​. តើ​ពួក​អ្នក​ដែល​យើង​បាន​ពិចារណា​ក្នុង​អត្ថបទ​នេះ​បង្ហាញ​ថា ពួក​គេ​បាន​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

១៨ ពួក​អ្នក​ដែល​យើង​បាន​ពិចារណា​ខាង​លើ​បាន​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​ពួក​គេ​ក្នុង​ន័យ​ថា ពួក​គេ​បាន​ទទួល​ភារកិច្ច​ក្នុង​ការ​បម្រើ​លោក។ កាល​ដែល​ពួក​គេ​បម្រើ​ព្រះ នោះ​ពួក​គេ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​លោក​ដើម្បី​ផ្គត់​ផ្គង់​ពួក​គេ។ ទាំង​ពួក​លេវី​ទាំង​ពួក​អ្នក​ដែល​មក​ពី​កុលសម្ព័ន្ធ​ឯ​ទៀត​ដូច​ជា​ដាវីឌ ក៏​អាច​ចាត់​ទុក​ព្រះ​ជា​ចំណែក​របស់​ពួក​គេ​ផង​ដែរ។ ដូច​គ្នា​ដែរ តើ​អ្នក​អាច​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​អ្នក​ឬ​ទេ? យើង​នឹង​ពិចារណា​អំពី​រឿង​នេះ​ក្នុង​អត្ថបទ​បន្ទាប់។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​ពួក​លេវី​ក្នុង​ន័យ​អ្វី?

• តើ​អេសាភ យេរេមា និង​ដាវីឌ​បាន​ធ្វើ​អ្វី​ដែល​បង្ហាញ​ថា​ពួក​គេ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​ពួក​គេ?

• តើ​អ្នក​ត្រូវ​មាន​គុណ​សម្បត្ដិ​អ្វី​ដើម្បី​ឲ្យ​ព្រះ​ក្លាយ​ជា​ចំណែក​របស់​អ្នក?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១១​]

ពួក​លេវី​មិន​បាន​ទទួល​ដី​ជា​មត៌ក​ឡើយ ប៉ុន្តែ​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​ពួក​គេ ព្រោះ​ពួក​គេ​មាន​ឯកសិទ្ធិ​ដ៏​ពិសេស ក្នុង​ការ​បម្រើ​លោក

[​រូបភាព​នៅ​ទំព័រ​១០​]

តើ​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​ពួក​សង្ឃ និង​ពួក​លេវី​យ៉ាង​ដូច​ម្ដេច?

[​រូបភាព​នៅ​ទំព័រ​១២​]

តើ​អ្វី​បាន​ជួយ​អេសាភ​ឲ្យ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​គាត់​ជា​និច្ច?