លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរសម្រាលទុក្ខអស់អ្នកដែលសោយសោក

ចូរសម្រាលទុក្ខអស់អ្នកដែលសោយសោក

ចូរ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​សោយ​សោក

​«​ព្រះ​យេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ . . . ឲ្យ​កំសាន្ត​ចិត្ត[​ឬ​«​សម្រាល​ទុក្ខ​»​]​នៃ​អស់​អ្នក​ណា​ដែល​សោយ​សោក​»។—អេ. ៦១:១, ២; ព.ថ.

១​. តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ចំពោះ​អស់​អ្នក​ដែល​សោយ​សោក? ហើយ​ហេតុ​អ្វី?

លោក​យេស៊ូ​គ្រិស្ត​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អាហារ​របស់​ខ្ញុំ គឺ​ខ្ញុំ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​បង្ហើយ​កិច្ចការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​»។ (​យ៉ូន. ៤:៣៤​) ក្នុង​ការ​បំពេញ​ភារកិច្ច​ដែល​ព្រះ​ប្រគល់​ឲ្យ លោក​យេស៊ូ​បាន​ឆ្លុះ​បញ្ចាំង​អំពី​គុណ​សម្បត្ដិ​ដ៏​ប្រសើរ​ថ្លៃ​ថ្លា​របស់​បិតា​លោក។ គុណ​សម្បត្ដិ​ទាំង​នេះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​ជាតិ។ (​១យ៉ូន. ៤:៧​-​១០​) សាវ័ក​ប៉ូល​បាន​កត់​សម្គាល់​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នោះ​ពេល​គាត់​ហៅ​ព្រះ​យេហូវ៉ា​ថា ជា​«​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង​»។ (​២កូ. ១:៣​) លោក​យេស៊ូ​បាន​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​បែប​នេះ ពេល​លោក​បាន​ធ្វើ​អ្វី​ដែល​ទាយ​ទុក​ក្នុង​ទំនាយ​របស់​អេសាយ។ (​សូម​អាន អេសាយ ៦១:១, ២) លោក​យេស៊ូ​បាន​អាន​ទំនាយ​នេះ​ក្នុង​សាលា​ប្រជុំ​នៅ​ក្រុង​ណាសារ៉ែត ហើយ​ថា​ពាក្យ​ក្នុង​ទំនាយ​នោះ​គឺ​ទាក់​ទង​នឹង​លោក។ (​លូក. ៤:១៦​-​២១​) ក្នុង​កិច្ច​បម្រើ​ទាំង​មូល​របស់​លោក លោក​យេស៊ូ​បាន​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​សោយ​សោក ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​និង​ធ្វើ​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ចិត្ត។

២, ៣​. ហេតុ​អ្វី​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ត្រូវ​តែ​យក​តម្រាប់​តាម​លោក​ក្នុង​ការ​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត?

ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ទាំង​អស់​ត្រូវ​តែ​យក​តម្រាប់​តាម​លោក​ដោយ​ចេះ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​សោយ​សោក។ (​១កូ. ១១:១​) ប៉ូល​បាន​និយាយ​ថា​៖ ​«​ចូរ​បន្ត​សម្រាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពង្រឹង​កម្លាំង​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​១ថែ. ៥:១១​) ជា​ពិសេស យើង​ត្រូវ​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត ដោយ​សារ​មនុស្ស​ជាតិ​កំពុង​រស់​នៅ​ក្នុង​‹គ្រា​ចុង​ក្រោយ​បង្អស់​ដែល​លំបាក​ណាស់›។ (​២ធី. ៣:១​) មនុស្ស​ល្អ​កាន់​តែ​ច្រើន​ឡើង​ៗ​នៅ​ទូ​ទាំង​ពិភព​លោក ត្រូវ​តែ​រស់​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​មាន​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ដែល​បណ្ដាល​ឲ្យ​ពួក​គេ​មាន​ទុក្ខ​កង្វល់ ឈឺ​ចិត្ត និង​សោកសៅ។

ដូច​គម្ពីរ​បាន​ទាយ​ទុក ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​នេះ មនុស្ស​ជា​ច្រើន​នឹង​«​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ អួត​បំប៉ោង ក្រអឺតក្រទម ជា​អ្នក​ជេរ​ប្រមាថ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ រមិល​គុណ មិន​ស្មោះ​ត្រង់ គ្មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស មិន​ព្រម​ស្រុះ​ស្រួល​គ្នា ជា​អ្នក​បង្កាច់​បង្ខូច មិន​ចេះ​ទប់​ចិត្ត កាច​សាហាវ មិន​ស្រឡាញ់​គុណធម៌ ជា​អ្នក​ក្បត់ ធ្វើ​តាម​ទំនើង​ចិត្ត មាន​មោទនភាព​ហួស​ហេតុ​ពេក ស្រឡាញ់​ការ​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះ​»។ ចិត្ត​គំនិត​បែប​នេះ​កំពុង​តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត ព្រោះ​‹មនុស្ស​ទុច្ចរិត​ព្រម​ទាំង​ជន​បោកប្រាស់​កាន់​តែ​អាក្រក់​ទៅ​ៗ​›។—២ធី. ៣:​២​-​៤, ១៣

៤​. សព្វ​ថ្ងៃ​នេះ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ស្ថានភាព​ក្នុង​ពិភព​លោក​យើង?

ពាក្យ​ទាំង​នេះ​មិន​គួរ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ឡើយ ព្រោះ​បណ្ដាំ​របស់​ព្រះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​៖​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេ​កំណាច​»។ (​១យ៉ូន. ៥:១៩​) ​«​ពិភព​លោក​ទាំង​មូល​»​រួម​មាន​ប្រព័ន្ធ​នយោបាយ សាសនា និង​ពាណិជ្ជកម្ម ថែម​ទាំង​ប្រព័ន្ធ​ឃោសនា​ផង​ដែរ។ គ្មាន​អ្វី​ដែល​គួរ​ឲ្យ​សង្ស័យ​ទេ ដែល​មេកំណាច​សាថាន​បាន​ត្រូវ​ហៅ​យ៉ាង​ត្រឹម​ត្រូវ​ថា ជា​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​»​ និង​ជា​«​ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ​»។ (​យ៉ូន. ១៤:៣០; ២កូ. ៤:៤​) ស្ថានភាព​ដែល​មាន​នៅ​ទូ​ទាំង​ពិភព​លោក​កាន់​តែ​យ៉ាប់​ទៅ​ៗ ពីព្រោះ​សាថាន​មាន​កំហឹង​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា​វា​មាន​ពេល​នៅ​សល់​តែ​បន្ដិច​បន្តួច មុន​នឹង​ព្រះ​យេហូវ៉ា​បំផ្លាញ​វា។ (​បប. ១២:១២​) ការ​ដឹង​ថា​ការ​អត់​ធ្មត់​របស់​ព្រះ​ចំពោះ​សាថាន​និង​របៀប​របប​ដ៏​អាក្រក់​របស់​វា​ជិត​ត្រូវ​បញ្ចប់ ហើយ​ថា​ការ​ចោទ​ប្រកាន់​ដែល​ទាក់​ទង​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​បាន​ដោះ​ស្រាយ នោះ​ពិត​ជា​សម្រាល​ទុក្ខ​យើង​មែន!—លោ. ជំពូក​ទី​៣; យ៉ូប ជំពូក​ទី​២

ដំណឹង​ល្អ​កំពុង​ផ្សព្វ​ផ្សាយ​ នៅ​ទូ​ទាំង​ពិភព​លោក

៥​. តើ​ទំនាយ​អំពី​កិច្ចការ​ផ្សព្វ​ផ្សាយ​កំពុង​សម្រេច​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​យ៉ាង​ដូច​ម្ដេច?

ក្នុង​អំឡុង​គ្រា​ដ៏​ពិបាក​នៃ​ប្រវត្ដិសាស្ត្រ​មនុស្ស​ជាតិ អ្វី​ដែល​លោក​យេស៊ូ​បាន​ទាយ​ទុក​ពិត​ជា​បាន​សម្រេច​មែន។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។ (​ម៉ាថ. ២៤:១៤​) នៅ​ទូ​ទាំង​ពិភព​លោក កិច្ចការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​របស់​សាក្សី​ព្រះ​យេហូវ៉ា​កំពុង​តែ​រីក​ចម្រើន​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ចំនួន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ សព្វ​ថ្ងៃ​នេះ សាក្សី​ព្រះ​យេហូវ៉ា​ជាង​៧.៥០០.០០០​នាក់ ដែល​ចូល​រួម​ក្នុង​១០៧.០០០​ក្រុម​ជំនុំ​នៅ​ទូ​ទាំង​ពិភព​លោក កំពុង​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ ដូច​លោក​យេស៊ូ​បាន​ធ្វើ​ដែរ។ (​ម៉ាថ. ៤:១៧​) ជា​លទ្ធផល កិច្ចការ​ផ្សព្វ​ផ្សាយ​នៅ​សព្វ​ថ្ងៃ​នេះ បាន​ជួយ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​សោយ​សោក។ គ្រាន់តែ​ពីរ​ឆ្នាំ​ថ្មី​ៗ​កន្លង​ទៅ​នេះ មនុស្ស​ចំនួន​៥៧០.៦០១​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា!

៦​. តើ​អ្នក​គិត​យ៉ាង​ណា​អំពី​ទំហំ​នៃ​កិច្ចការ​ផ្សព្វ​ផ្សាយ​របស់​យើង?

យើង​អាច​យល់​អំពី​ទំហំ​នៃ​កិច្ចការ​ផ្សព្វ​ផ្សាយ​ដោយ​កត់​សម្គាល់​ថា សព្វ​ថ្ងៃ​នេះ​សាក្សី​ព្រះ​យេហូវ៉ា​កំពុង​បក​ប្រែ និង​ចែក​ចាយ​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ជាង​៥០០​ភាសា។ ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស​ជាតិ មិន​ធ្លាប់​មាន​អ្វី​កើត​ឡើង​ដូច្នេះ​ទេ! ទោះ​ជា​សាថាន​កំពុង​គ្រប់​គ្រង​លើ​ពិភព​លោក​នេះ​ក៏​ដោយ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​កំពុង​មាន​សកម្មភាព​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ហើយ​ក៏​កំពុង​តែ​រីក​ចម្រើន​ផង​ដែរ។ នេះ​មិន​អាច​កើត​ឡើង​បាន​ទេ បើ​គ្មាន​ជំនួយ​និង​ការ​ណែនាំ​ពី​សកម្មពល​របស់​ព្រះ។ ម្យ៉ាង​ទៀត ដោយ​សារ​ដំណឹង​ល្អ​កំពុង​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក នោះ​មនុស្ស​ដែល​ស្ដាប់​តាម​ដំណឹង​អំពី​រាជាណាចក្រ​នេះ អាច​ទទួល​ការ​សម្រាល​ទុក្ខ​ដូច​រាស្ត្រ​របស់​លោក​ដែរ។

សម្រាល​ទុក្ខ​បង​ប្អូន​រួម​ជំនឿ

៧​. (​ក​) ហេតុ​អ្វី​យើង​មិន​រំពឹង​ឲ្យ​ព្រះ​យេហូវ៉ា​បំបាត់​ចោល​ទុក្ខ​កង្វល់​ទាំង​អស់​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ? (​ខ​)​ តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា យើង​អាច​ស៊ូ​ទ្រាំ​នឹង​ការ​បៀតបៀន និង​ទុក្ខវេទនា?

ក្នុង​ពិភព​លោក​ដែល​ពោរ​ពេញ​ទៅ​ដោយ​អំពើ​អាក្រក់ និង​ទុក្ខ​វេទនា យើង​ប្រាកដជា​ជួប​ប្រទះ​នូវ​ស្ថានភាព​ខ្លះ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ទុក្ខ​កង្វល់។ យើង​មិន​អាច​សង្ឃឹម​ថា​ព្រះ​នឹង​បំបាត់​ចោល​ទុក្ខ​កង្វល់​ទាំង​អស់ មុន​លោក​បំផ្លាញ​របៀប​របប​នៃ​ពិភព​លោក​នេះ​ទេ។ កាល​ដែល​យើង​រង់​ចាំ​ឲ្យ​ព្រះ​ធ្វើ​ដូច្នេះ យើង​នឹង​ជួប​ការ​បៀតបៀន​ដែល​គម្ពីរ​បាន​ទាយ​ទុក ហើយ​នេះ​នឹង​ល្បង​ល​យើង​ថា តើ​យើង​មាន​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ​យេហូវ៉ា និង​គាំទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​លោក​ឬ​យ៉ាង​ណា? (​២ធី. ៣:១២​) ក៏​ប៉ុន្តែ ដោយ​មាន​ជំនួយ និង​ការ​សម្រាល​ទុក្ខ​ពី​បិតា​នៅ​ស្ថាន​សួគ៌ យើង​អាច​ធ្វើ​ដូច​គ្រិស្ត​សាសនិក​ដែល​ព្រះ​រើស​តាំង​នៅ​ក្រុង​ថែស្សាឡូនិច​ពី​សម័យ​បុរាណ​ដែល​បាន​ឆ្លង​កាត់​ការ​បៀតបៀន​និង​ទុក្ខវេទនា​ដោយ​មាន​ជំនឿ​និង​ការ​ស៊ូ​ទ្រាំ។—សូម​អាន ថែស្សាឡូនិច​ទី​២ ១:៣​-​៥

៨​. តើ​គម្ពីរ​បាន​បញ្ជាក់​យ៉ាង​ណា​ថា​ព្រះ​យេហូវ៉ា​បាន​សម្រាល​ទុក្ខ​រាស្ត្រ​របស់​លោក?

យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​សម្រាល​ទុក្ខ​អ្នក​បម្រើ​លោក​ជា​មិន​ខាន។ ជា​ឧទាហរណ៍ ពេល​ដែល​មហា​ក្សត្រី​យេសិបិល​គំរាម​ចង់​សម្លាប់​អេលីយ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ នោះ​គាត់​បាន​បាត់បង់​ចិត្ត​ក្លាហាន ហើយ​រត់​ទៅ​លាក់​ខ្លួន ថែម​ទាំង​បាន​និយាយ​ថា​គាត់​ចង់​ស្លាប់​ទៀត​ផង។ ប៉ុន្តែ ជា​ជាង​ស្តីបន្ទោស​ដល់​អេលីយ៉ា ព្រះ​យេហូវ៉ា​បាន​សម្រាល​ទុក្ខ​គាត់ ហើយ​បាន​ឲ្យ​គាត់​នូវ​ចិត្ត​ក្លាហាន​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​គាត់​ជា​អ្នក​ប្រកាស​ទំនាយ។ (​១ព. ១៩:១​-​២១​) នៅ​សតវត្សរ៍​ទី​១ ព្រះ​យេហូវ៉ា​ក៏​បាន​ផ្ដល់​ឲ្យ​រាស្ត្រ​របស់​លោក​មាន​ការ​សម្រាល​ទុក្ខ​ដូច​នេះ​ដែរ​ចំពោះ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​ថា​៖ ​«​ក្រុម​ជំនុំ​ទាំង​មូល​នៃ​តំបន់​យូឌា ស្រុក​កាលីឡេ និង​ស្រុក​សាម៉ារី​មាន​សេចក្ដី​សុខសាន្ត​មួយ​គ្រា ហើយ​បាន​ត្រូវ​ពង្រឹង​ឲ្យ​មាំ​មួន​ឡើង​»។ ម្យ៉ាង​ទៀត ពួក​គេ​ក៏​«​រស់​នៅ​ដោយ​កោត​ខ្លាច​ព្រះ​យេហូវ៉ា និង​សម​ស្រប​តាម​ការ​សម្រាល​ទុក្ខ​ពី​សកម្មពល​បរិសុទ្ធ ព្រម​ទាំង​បាន​ចម្រើន​ឡើង​ជា​និច្ច​»។ (​សកម្ម. ៩:៣១​) យើង​ពិត​ជា​មាន​អំណរ​ណាស់ ដោយ​សារ​យើង​ក៏​មាន​«​ការ​សម្រាល​ទុក្ខ​ពី​សកម្មពល​បរិសុទ្ធ​»​ដែរ!

៩​. ហេតុ​អ្វី​ការ​រៀន​អំពី​លោក​យេស៊ូ​អាច​សម្រាល​ទុក្ខ​យើង?

ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​បាន​ត្រូវ​សម្រាល​ទុក្ខ​ដោយ​ការ​រៀន និង​ការ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់​ហើយ​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​ឯ​ខ្ញុំ​ចុះ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ ចូរ​យក​នឹម​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ ពីព្រោះ​ខ្ញុំ​ស្លូត ក៏​មាន​ចិត្ត​រាប​ទាប​ផង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ ពីព្រោះ​នឹម​របស់​ខ្ញុំ​ស្រួល​ពាក់ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល​»។ (​ម៉ាថ. ១១:២៨​-​៣០​) ការ​រៀន​អំពី​របៀប​ដ៏​ល្អ​ដែល​លោក​ប្រព្រឹត្ត​ចំពោះ​មនុស្ស និង​ការ​ធ្វើ​តាម​គំរូ​ដ៏​ល្អ​ទាំង​នោះ អាច​ជួយ​បន្ធូរ​ការ​តាន​តឹង​ចិត្ត​របស់​យើង​បាន។

១០, ១១​. ក្នុង​ក្រុម​ជំនុំ តើ​អ្នក​ណាខ្លះ​អាច​ជួយ​សម្រាល​ទុក្ខ​បង​ប្អូន?

១០ យើង​ក៏​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ពី​បង​ប្អូន​រួម​ជំនឿ​ដែរ។ ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​របៀប​ដែល​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ជួយ​បង​ប្អូន​ដែល​មាន​ជំនឿ​ខ្សោយ។ យ៉ាកុប​បាន​សរសេរ​ថា​៖ ​«​តើ​មាន​អ្នក​ណា​ឈឺ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ? ចូរ​ឲ្យ​អ្នក​នោះ​ហៅ​បុរស​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​មក ហើយ​ឲ្យ​ពួក​គាត់​អធិដ្ឋាន​ឲ្យ​អ្នក​នោះ​»។ តើ​មាន​លទ្ធផល​យ៉ាង​ណា? គឺ​«​សេចក្ដី​អធិដ្ឋាន​ដែល​បាន​ត្រូវ​ពោល​ដោយ​ជំនឿ​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​មិន​ស្រួល​ខ្លួន​បាន​ជា​សះ​ស្បើយ ហើយ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​សុខភាព​ល្អ​ឡើង​វិញ។ ម្យ៉ាង​ទៀត ប្រសិនបើ​អ្នក​នោះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង អ្នក​នោះ​នឹង​ទទួល​ការ​អភ័យទោស​»។ (​យ៉ា. ៥:​១៤, ១៥​) ប៉ុន្តែ បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ក៏​អាច​ជួយ​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដែរ។

១១ បង​ប្អូន​ស្រី​ៗ​ស្រួល​និយាយ​ជា​មួយ​គ្នា​អំពី​បញ្ហា​ផ្សេង​ៗ។ ជា​ពិសេស​បង​ស្រី​វ័យ​ចាស់ ដែល​មាន​បទ​ពិសោធន៍​ច្រើន​ជាង​អាច​ជូន​ឱវាទ​ចំពោះ​ប្អូន​ស្រី​ដែល​មាន​វ័យ​ក្មេង​ជាង។ បង​ស្រី​ទាំង​នេះ​ដែល​មាន​ភាព​ចាស់​ទុំ​ប្រហែលជា​ធ្លាប់​ឆ្លង​កាត់​ស្ថានភាព​ស្រដៀង​គ្នា​នៅ​ក្នុង​ជីវិត​របស់​ពួក​គាត់។ ការ​ចេះ​យល់​អារម្មណ៍ និង​លក្ខណៈ​ជា​ស្ត្រី​របស់​ពួក​គាត់​អាច​ជួយ​យ៉ាង​ច្រើន។ (​សូម​អាន ទីតុស ២:៣​-​៥) មែន​ហើយ ពួក​អ្នក​ចាស់​ទុំ​និង​បង​ប្អូន​ឯ​ទៀត​អាច​«​និយាយ​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត​»​ដែល​មាន​ក្នុង​ចំណោម​បង​ប្អូន​របស់​យើង ហើយ​ពួក​គាត់​ក៏​គួរ​ធ្វើ​ដូច្នេះ​ដែរ។ (​១ថែ. ៥:​១៤, ១៥​) បន្ថែម​ទៅ​ទៀត ជា​ការ​ល្អ​ឲ្យ​យើង​ចាំ​ជា​និច្ច​ថា​ព្រះ​អាច​«​សម្រាល​ទុក្ខ​យើង​ពី​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង ដើម្បី​ឲ្យ​យើង​អាច​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​មាន​សេចក្ដី​វេទនា ទោះ​ជា​បែប​ណា​ក៏​ដោយ​»។​—២កូ. ១:៤

១២​. ហេតុ​អ្វី​ជា​ការ​សំខាន់​ឲ្យ​យើង​ទៅ​កិច្ច​ប្រជុំ?

១២ វិធី​ដ៏​សំខាន់​មួយ​ដើម្បី​ទទួល​ការ​សម្រាល​ទុក្ខ​គឺ​ដោយ​ទៅ​កិច្ច​ប្រជុំ ដែល​នៅ​ទី​នោះ​មាន​ការ​ពិគ្រោះ​បទ​គម្ពីរ​ដែល​អាច​លើក​ទឹក​ចិត្ត​យើង។ គម្ពីរ​ចែង​អំពី​យូដាស និង​ស៊ីឡាស​ថា ពួក​គាត់​«​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​ដោយ​ថ្លែង​សុន្ទរកថា​ជា​ច្រើន​និង​បាន​ពង្រឹង​កម្លាំង​ចិត្ត​ពួក​គាត់​»។ (​សកម្ម. ១៥:៣២​) មុន​និង​ក្រោយ​កិច្ច​ប្រជុំ យើង​អាច​សន្ទនា​ជា​មួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដែល​ជា​អ្វី​ដ៏​លើក​ទឹក​ចិត្ត។ ដូច្នេះ បើ​យើង​រង​ទុក្ខ​ដោយ​សារ​មាន​ទុក្ខ​កង្វល់​ខ្លះ​ៗ សូម​កុំ​ឲ្យ​យើង​ញែក​ខ្លួន​ចេញ​ពី​ក្រុម​ជំនុំ​ឡើយ ព្រោះ​ការ​ធ្វើ​ដូច្នេះ​មិន​អាច​ធ្វើ​ឲ្យ​យើង​ធូរ​ស្បើយ​បាន​ទេ។ (​សុភ. ១៨:១​) ផ្ទុយ​ទៅ​វិញ ជា​ការ​ល្អ​ឲ្យ​យើង​ធ្វើ​តាម​ឱវាទ​របស់​ប៉ូល​ដែល​ព្រះ​បាន​ដឹក​នាំ​គាត់​ឲ្យ​សរសេរ​ថា​៖ ​«​ចូរ​យើង​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បំផុស​ទឹក​ចិត្ត​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ មិន​មែន​ដោយ​គេច​វេះ​ពី​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​មាន​ទម្លាប់​គេច​វេះ​នោះ​ទេ ប៉ុន្តែ​ដោយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ធ្វើ​ដូច្នេះ​កាន់​តែ​ខ្លាំង​ឡើង​ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​ថ្ងៃ​នោះ​កាន់​តែ​ខិត​ចូល​មក​ដល់​»។—ហេ. ១០:២៤, ២៥

ទទួល​ការ​សម្រាល​ទុក្ខ​ពី​បណ្ដាំ​របស់​ព្រះ

១៣, ១៤​. សូម​បង្ហាញ​អំពី​របៀប​ដែល​បទ​គម្ពីរ​អាច​សម្រាល​ទុក្ខ​យើង។

១៣ មិន​ថា​យើង​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ជ្រមុជ​ទឹក​ហើយ ឬ​ជា​អ្នក​ដែល​ទើប​តែ​ចាប់​ផ្ដើម​រៀន​អំពី​ព្រះ និង​គោល​បំណង​របស់​លោក​ក្ដី យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ដែល​មាន​ក្នុង​បណ្ដាំ​របស់​លោក។ ប៉ូល​បាន​សរសេរ​ថា​៖ ​«​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​ទុក​ជា​មុន បាន​ត្រូវ​សរសេរ​ទុក​ដើម្បី​ណែនាំ​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម តាម​រយៈ​ការ​ស៊ូ​ទ្រាំ​របស់​យើង និង​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ​»។ (​រ៉ូម ១៥:៤​) គម្ពីរ​បរិសុទ្ធ​អាច​សម្រាល​ទុក្ខ​យើង ហើយ​ក៏​ធ្វើ​ឲ្យ​យើង​«​មាន​សមត្ថភាព​ពេញ​លេញ និង​ត្រៀម​លក្ខណៈ​សព្វ​គ្រប់​ដើម្បី​ធ្វើ​ការ​ល្អ​គ្រប់​យ៉ាង​»​ដែរ។ (​២ធី. ៣:១៦, ១៧​) យើង​អាច​ស្គាល់​សេចក្ដី​ពិត​អំពី​គោល​បំណង​របស់​ព្រះ និង​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​សម្រាប់​ពេល​អនាគត ដោយ​អាន​និង​សិក្សា​បណ្ដាំ​របស់​ព្រះ និង​សៀវភៅ​នានា​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ បើ​យើង​ធ្វើ​ដូច្នេះ​យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​និង​ប្រយោជន៍​ឯ​ទៀត​ដែល​មក​ពី​គម្ពីរ។

១៤ លោក​យេស៊ូ​បាន​ទុក​គំរូ​ល្អ​ដល់​យើង​ក្នុង​ការ​ប្រើ​បទ​គម្ពីរ​ដើម្បី​លើក​ទឹក​ចិត្ត និង​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ នៅ​ពេល​មួយ ក្នុង​អំឡុង​ពេល​ដែល​លោក​រស់​ឡើង​វិញ លោក​បាន​«​ពន្យល់​បទ​គម្ពីរ​យ៉ាង​អស់​សេចក្ដី​»​ដល់​អ្នក​កាន់​តាម​ពីរ​នាក់​របស់​លោក។ កាល​ដែល​លោក​កំពុង​មាន​ប្រសាសន៍​ទៅ​ពួក​គេ នោះ​ពួក​គេ​បាន​រំភើប​ចិត្ត​យ៉ាង​ខ្លាំង។ (​លូក. ២៤:៣២​) ក្នុង​ការ​ធ្វើ​តាម​គំរូ​ដ៏​ល្អ​របស់​លោក​យេស៊ូ សាវ័ក​ប៉ូល​បាន​«​យក​បទ​គម្ពីរ​មក​ជជែក​វែក​ញែក​»។ នៅ​ទី​ក្រុង​បេរៀ ពួក​អ្នក​ដែល​ស្ដាប់​គាត់​បាន​«​ទទួល​បណ្ដាំ​របស់​ព្រះ​ដោយ​ក្ដី​រំភើប ក៏​បាន​ពិនិត្យ​មើល​បទ​គម្ពីរ​រាល់​ថ្ងៃ​»។ (​សកម្ម. ១៧:២, ១០, ១១​) ដូច្នេះ ជា​ការ​សំខាន់​ណាស់​ដែល​យើង​អាន​គម្ពីរ​រាល់​ថ្ងៃ ហើយ​ទទួល​ប្រយោជន៍​ពី​គម្ពីរ និង​សៀវភៅ​ដែល​អង្គការ​យើង​បោះពុម្ព ព្រោះ​អ្វី​ៗ​ទាំង​នោះ​បាន​ត្រូវ​រៀបចំ​ឡើង​ដើម្បី​សម្រាល​ទុក្ខ​យើង ហើយ​ក៏​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម​ដល់​យើង​ក្នុង​គ្រា​ដ៏​ច្របូកច្របល់​នេះ​ដែរ!

វិធី​ផ្សេង​ទៀត​ដែល​យើង​អាច​សម្រាល​ទុក្ខ​បង​ប្អូន​រួម​ជំនឿ

១៥, ១៦​. តើ​មាន​អ្វី​ខ្លះ​ដែល​យើង​អាច​ធ្វើ​ដើម្បី​ជួយ​និង​សម្រាល​ទុក្ខ​បង​ប្អូន​រួម​ជំនឿ​របស់​យើង?

១៥ យើង​អាច​ជួយ​និង​សម្រាល​ទុក្ខ​បង​ប្អូន​រួម​ជំនឿ​តាម​វិធី​ជា​ច្រើន។ ជា​ឧទាហរណ៍ យើង​ប្រហែលជា​អាច​ជួយ​ទៅ​ផ្សារ​ទិញ​ម្ហូប​ឲ្យ​បង​ប្អូន​ដែល​ឈឺ​ឬ​មាន​វ័យ​ចាស់។ យើង​អាច​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ ហើយ​នេះ​បង្ហាញ​ថា​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គាត់។ (​ភី. ២:៤​) យើង​ក៏​អាច​សរសើរ​បង​ប្អូន​របស់​យើង​ចំពោះ​គុណ​សម្បត្ដិ​ដ៏​ល្អ ដូច​ជា​សេចក្ដី​ស្រឡាញ់ ភាព​ប៉ិនប្រសប់ ចិត្ត​ក្លាហាន និង​ជំនឿ​របស់​ពួក​គាត់​ជា​ដើម។

១៦ ក្នុង​ការ​សម្រាល​ទុក្ខ​បង​ប្អូន​ដែល​មាន​វ័យ​ចាស់ យើង​អាច​ទៅ​លេង​ពួក​គាត់ ហើយ​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ដែល​ពួក​គាត់​ប្រាប់​យើង​អំពី​បទ​ពិសោធន៍​ដែល​ពួក​គាត់​ធ្លាប់​ឆ្លង​កាត់ និង​អំពី​ពរ​ជា​ច្រើន​ដែល​ពួក​គាត់​ទទួល​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។ នេះ​ក៏​ប្រហែលជា​អ្វី​ដែល​លើក​ទឹក​ចិត្ត និង​សម្រាល​ទុក្ខ​យើង​ដែរ! យើង​អាច​អាន​គម្ពីរ​ឬ​សៀវភៅ​របស់​អង្គការ​យើង​ជា​មួយ​ពួក​គាត់។ យើង​ប្រហែលជា​អាច​ពិចារណា​អំពី​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម​ឬ​សៀវភៅ​ដែល​យើង​ប្រើ​ក្នុង​ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ​សម្រាប់​សប្ដាហ៍​នោះ។ យើង​អាច​មើល​ឌីវីឌី​របស់​អង្គការ​យើង​ជា​មួយ​នឹង​ពួក​គាត់។ ក្រោយ​មក យើង​ក៏​ប្រហែលជា​អាច​អាន ឬ​រៀប​រាប់​បទ​ពិសោធន៍​ខ្លះ​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ក្នុង​សៀវភៅ​របស់​យើង​ដែរ។

១៧, ១៨​. ក្នុង​នាម​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា ហេតុ​អ្វី​យើង​អាច​ដឹង​ប្រាកដ​ថា​លោក​នឹង​គាំទ្រ ហើយ​សម្រាល​ទុក្ខ​យើង?

១៧ បើ​យើង​ដឹង​ថា​បង​ប្អូន​ណា​ម្នាក់​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ នោះ​យើង​អាច​អធិដ្ឋាន​អំពី​គាត់​ដែរ។ (​រ៉ូម ១៥:៣០; កូឡ. ៤:១២​) កាល​ដែល​យើង​ផ្ទាល់​ខំ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ក្នុង​ជីវិត ហើយ​ព្យាយាម​សម្រាល​ទុក្ខ​បង​ប្អូន​ឯ​ទៀត នោះ​យើង​អាច​មាន​ជំនឿ​និង​ទំនុក​ចិត្ត​ដូច​អ្នក​តែង​ទំនុកតម្កើង​ដែល​បាន​ច្រៀង​ថា​៖​«​ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់​ទល់​អ្នក ទ្រង់​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​រង្គើ​ឡើយ​»។ (​ទំនុក. ៥៥:២២​) ប្រាកដ​ហើយ ព្រះ​យេហូវ៉ា​នឹង​តែង​តែ​សម្រាល​ទុក្ខ ហើយ​គាំទ្រ​យើង​ដែល​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក។

១៨ ព្រះ​បាន​ប្រាប់​អ្នក​គោរព​ប្រណិប័តន៍​លោក​នៅ​សម័យ​បុរាណ​ថា​៖ ​«​អញ​គឺ​អញ​នេះ​ហើយ ជា​អ្នក​ដែល​កំសាន្ត​ចិត្ត​[​ឬ​«​សម្រាល​ទុក្ខ​»​]​ឯង​រាល់​គ្នា​»។ (​អេ. ៥១:១២; ព.ថ.​) ព្រះ​យេហូវ៉ា​ក៏​នឹង​ប្រព្រឹត្ត​ដូច្នេះ​ដែរ​ចំពោះ​យើង ហើយ​លោក​នឹង​ឲ្យ​ពរ​ដល់​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ដ៏​ល្អ​របស់​យើង កាល​ដែល​យើង​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​សោយ​សោក។ មិន​ថា​យើង​មាន​សេចក្ដី​សង្ឃឹម​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី​ក្ដី យើង​ម្នាក់​ៗ​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ពាក្យ​របស់​ប៉ូល​ដែល​គាត់​សរសេរ​ទៅ​ឲ្យ​បង​ប្អូន​ដែល​បាន​ត្រូវ​រើស​តាំង​ដូច​គាត់​ថា​៖ ​«​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង​និង​ព្រះ​ដែល​ជា​បិតា​របស់​យើង​ដែល​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ផ្ដល់​ឲ្យ​មាន​ការ​សម្រាល​ទុក្ខ​ជា​រៀង​រហូត​និង​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ តាម​រយៈ​គុណ​ដ៏​វិសេស​លើស​លប់ សូម​ឲ្យ​លោក​សម្រាល​ទុក្ខ​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន​ឡើង​ក្នុង​គ្រប់​ពាក្យ​សម្ដី​ល្អ​និង​ការ​ល្អ​ទាំង​អស់​»។—២ថែ. ២:១៦, ១៧

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

• តើ​កិច្ចការ​របស់​យើង​ក្នុង​ការ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​សោយ​សោក​មាន​ទំហំ​ប៉ុណ្ណា?

• តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត?

• តើ​គម្ពីរ​បង្ហាញ​យ៉ាង​ណា​ថា​ព្រះ​យេហូវ៉ា​សម្រាល​ទុក្ខ​រាស្ត្រ​របស់​លោក?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៧​]

តើ​អ្នក​ចូល​រួម​ក្នុង​ការ​សម្រាល​ទុក្ខ អស់​អ្នក​ដែល​សោយ​សោក​ឬ​ទេ?

[​រូបភាព​នៅ​ទំព័រ​២៩​]

បង​ប្អូន​ទាំង​ចាស់​ទាំង​ក្មេង​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក