លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើមានអ្នកណានៅពីក្រោយខ្នងអំពើអាក្រក់ទាំងអស់ឬទេ?

តើមានអ្នកណានៅពីក្រោយខ្នងអំពើអាក្រក់ទាំងអស់ឬទេ?

តើ​មាន​អ្នក​ណា​នៅ​ពី​ក្រោយ​ខ្នង​អំពើ​អាក្រក់​ទាំង​អស់​ឬ​ទេ?

ក្នុង​អំឡុង​ឆ្នាំ​១៩៩៤ មេ​បញ្ជាការ​កង​ទ័ព​នៃ​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​រ្វ៉ាន់ដា និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ចូល​ដៃ​ជា​មួយ​នឹង​មេកំណាច​»។ ពាក្យ​នេះ​បាន​បញ្ជាក់​អំពី​បរាជ័យ​របស់​ពួក​គេ​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ដើម្បី​បញ្ឈប់​ការ​សម្លាប់​រង្គាល​ក្នុង​ប្រទេស​នោះ។ អ្នក​សង្កេតការណ៍​ម្នាក់​ទៀត​បាន​រៀប​រាប់​អំពី​សភាព​ដ៏​សាហាវ​ព្រៃផ្សៃ​ដែល​មិន​គួរ​ឲ្យ​ជឿ​នៅ​ពេល​នោះ ដោយ​និយាយ​ថា​៖ ​«​បើ​អ្នក​ណា​នៅ​តែ​បដិសេធ​ថា​គ្មាន​[​មេកំណាច​]​សាថាន ឲ្យ​អ្នក​នោះ​មក​ជួប​ខ្ញុំ​នៅ​លើ​គំនរ​សាកសព​ក្នុង​ប្រទេស​រ្វ៉ាន់ដា​»។ តើ​អំពើ​សាហាវ​យង់​ឃ្នង​បែប​នេះ​ពិត​ជា​មក​ពី​មេកំណាច​ឬ​ទេ?

មនុស្ស​ភាគ​ច្រើន​មិន​បាន​យល់​ឃើញ​ទេ​ថា​អំពើ​ហិង្សា​សាហាវ​ព្រៃផ្សៃ និង​អំពើ​កាច​សាហាវ​កើត​មក​ពី​បុគ្គល​វិញ្ញាណ​ដែល​យើង​មើល​មិន​ឃើញ​នោះ។ មនុស្ស​ជា​ច្រើន​គិត​ថា​អំពើ​បែប​នេះ​គឺ​មក​ពី​អំពើ​អាក្រក់​ដែល​មាន​ក្នុង​ខ្លួន​របស់​មនុស្ស​តាំង​ពី​កំណើត ហើយ​ថា​ដើម​ហេតុ​នៃ​អំពើ​អាក្រក់​គឺ​មក​ពី​ការ​ប្រព្រឹត្ត​របស់​យើង។ អ្នក​ខ្លះ​ទៀត​គិត​ថា​មាន​បណ្ដាញ​សម្ងាត់​នៅ​ទូ​ទាំង​ពិភព​លោក គឺជា​មនុស្ស​ដែល​មាន​លុយ និង​មាន​អំណាច ហើយ​ពួក​គេ​បាន​កាន់កាប់​លើ​មនុស្ស​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ដើម្បី​គ្រប់​គ្រង​លើ​ពិភព​លោក​នេះ។ ម្យ៉ាង​ទៀត មនុស្ស​ខ្លះ​ទម្លាក់​កំហុស​ទៅ​លើ​រដ្ឋាភិបាល និង​អ្នក​គ្រប់​គ្រង​ទាំង​ឡាយ​ចំពោះ​ភាព​អយុត្ដិធម៌​និង​ទុក្ខវេទនា​ដែល​ពួក​គេ​ឃើញ។

តើ​លោក​អ្នក​យល់​យ៉ាង​ណា? ទោះ​ជា​មនុស្ស​ខំ​បង្ការ​ក៏​ដោយ ហេតុ​អ្វី​អំពើ​អាក្រក់ អំពើ​ឃោរឃៅ អំពើ​សាហាវ​យង់​ឃ្នង និង​ទុក្ខ​វេទនា​មាន​ពាស​ពេញ​ផែនដី​នៅ​សព្វ​ថ្ងៃ​នេះ? ហេតុ​អ្វី​បាន​ជា​ពិភព​លោក​កំពុង​ឈាន​ទៅ​រក​ការ​ហិន​វិនាស ទោះ​ជា​មាន​ការ​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​ក៏​ដោយ? តើ​មាន​អ្នក​ណា​នៅ​ពី​ក្រោយ​ខ្នង​អ្វី​ៗ​ទាំង​អស់​នេះ​ឬ​ទេ? តើ​អ្នក​ណា​ពិត​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ? ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​ប្រហែលជា​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ភ្ញាក់​ផ្អើល​មែន។