លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកណាពិតជាអ្នកគ្រប់គ្រងពិភពលោកនេះ?

តើអ្នកណាពិតជាអ្នកគ្រប់គ្រងពិភពលោកនេះ?

តើ​អ្នក​ណា​ពិត​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ?

លោក​អ្នក​ទំនង​ជា​មិន​ដែល​ជួប​មេ​ខ្លោង​នៃ​បណ្ដាញ​ឧក្រិដ្ឋជន​ណា​មួយ​ទេ។ តើ​នេះ​មាន​ន័យ​ថា​មិន​មាន​ពួក​គេ​ឬ? មេ​ឧក្រិដ្ឋជន​ពូកែ​លាក់​អត្តសញ្ញាណ​ខ្លួន​គេ​ណាស់ ហើយ​ទោះ​ជា​ពួក​គេ​នៅ​ក្នុង​គុក​ក៏​ដោយ ក៏​ពួក​គេ​អាច​បញ្ជា​កូន​ចៅ​របស់​ពួក​គេ​ដែល​នៅ​ខាង​ក្រៅ​បាន​ដែរ។ ប៉ុន្តែ ក្នុង​សារ​ព័ត៌មាន​បាន​រៀប​រាប់​អំពី​ការ​ជួញ​ដូរ​គ្រឿង​ញៀន ពេស្យាចារ និង​ឈ្មួញ​ជួញ​ដូរ​មនុស្ស បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា​ពិត​ជា​មាន​មេ​ឧក្រិដ្ឋជន​បែប​នេះ​មែន ហើយ​ក៏​រំលឹក​យើង​អំពី​ឥទ្ធិពល​និង​ផល​វិបាក​ដ៏​អាក្រក់​ដែល​មក​ពី​សកម្មភាព​របស់​ពួក​គេ​ដែរ។ ដូច្នេះ តាម​រយៈ​រឿង​ហេតុ​ដែល​ពួក​គេ​បង្ក​ឡើង​ក្នុង​សង្គម​មនុស្ស ធ្វើ​ឲ្យ​យើង​ដឹង​ថា​ពិត​ជា​មាន​មេ​ឧក្រិដ្ឋជន​បែប​នេះ​មែន។

គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​បង្ហាញ​ថា​សាថាន​ជា​បុគ្គល​ដែល​មាន​ពិត ហើយ​វា​ចង់​ឲ្យ​បំណង​របស់​វា​បាន​សម្រេច​ដោយ​ប្រើ​«​សញ្ញា​សម្គាល់​ក្លែង​ក្លាយ​»​និង​«​ការ​មិន​សុចរិត​គ្រប់​បែប​យ៉ាង​»​ ដូច​មេ​ឧក្រិដ្ឋជន​ដ៏​ខ្លាំងក្លា​ម្នាក់។ តាម​ពិត គម្ពីរ​បាន​ចែង​ថា វា​«​ចេះ​តែ​ក្លែង​ខ្លួន​ជា​ទេវតា​នៃ​ពន្លឺ​»។ (​ថែស្សាឡូនិច​ទី​២ ២:៩, ១០; កូរិនថូសទី២ ១១:១៤​) ស្រដៀង​គ្នា​ដែរ យើង​អាច​ដឹង​ថា​មាន​មេកំណាច​ដោយ​សារ​រឿង​ហេតុ​ដែល​វា​បង្ក​ឡើង​ក្នុង​ពិភព​លោក​នេះ។ ប៉ុន្តែ ចំពោះ​មនុស្ស​ភាគ​ច្រើន​ពិបាក​ឲ្យ​ពួក​គេ​ជឿ​ថា​មាន​វិញ្ញាណ​អាក្រក់​មួយ​រូប​ដែល​ពួក​គេ​មើល​មិន​ឃើញ។ ដូច្នេះ មុន​នឹង​យើង​ពិចារណា​ឲ្យ​បាន​ច្បាស់​នូវ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​មេកំណាច សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​ពាក្យ​ជំទាស់​និង​ជំនឿ​មិន​ពិត​ខ្លះ​ៗ​ដែល​នាំ​ឲ្យ​មនុស្ស​មិន​ព្រម​ជឿ​ថា​មេកំណាច​ជា​បុគ្គល​មួយ​ដែល​មាន​ពិត​មែន។

▪ ​«​ព្រះ​មាន​សេចក្ដី​ស្រឡាញ់ ដូច្នេះ​លោក​មិន​អាច​បង្កើត​មេកំណាច​បាន​ទេ​»។ ដោយ​សារ​គម្ពីរ​ចែង​អំពី​ព្រះ​ថា​លោក​ល្អ​និង​ឥត​ខ្ចោះ មនុស្ស​ខ្លះ​គិត​ថា ការ​ជឿ​ថា​លោក​បង្កើត​បុគ្គល​ម្នាក់​ដែល​អាក្រក់ សាហាវ និង​ទុច្ចរិត​ជា​អ្វី​ដែល​មិន​សម​ហេតុ​សម​ផល​ឡើយ។ តើ​គំនិត​នេះ​ត្រឹម​ត្រូវ​ឬ​ទេ? តាម​ការ​ពិត គម្ពីរ​មិន​បាន​ចែង​ថា​ព្រះ​បាន​បង្កើត​បុគ្គល​បែប​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គម្ពីរ​ចែង​អំពី​ព្រះ​ថា​៖ ​«​ទ្រង់​ជា​ថ្មដា ការ​របស់​ទ្រង់​សុទ្ធតែ​គ្រប់​លក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់​សុទ្ធតែ​ប្រកប​ដោយ​យុត្ដិធម៌ ទ្រង់​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ ទ្រង់​ក៏​ត្រឹម​ត្រូវ ហើយ​ទៀង​ត្រង់​»។—ចោទិយកថា ៣២:៤; ទំនុកតម្កើង ៥:៤

ចំណុច​ដែល​គួរ​យក​មក​ពិចារណា​នោះ​គឺថា តើ​មនុស្ស​ល្អ​ឥត​ខ្ចោះ​ដែល​ព្រះ​បាន​បង្កើត​ចេះ​ធ្វើ​ខុស​ឬ​ទេ? ជា​ជាង​បង្កើត​ទេវតា​និង​មនុស្ស​ឲ្យ​ដូច​ជា​មនុស្ស​យន្ត ព្រះ​បាន​ឲ្យ​ពួក​គេ​មាន​ចិត្ត​សេរី​ដែល​ជា​សមត្ថភាព​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។ អាស្រ័យ​ហេតុ​នេះ ពួក​ទេវតា​និង​មនុស្ស​ដែល​ល្អ​ឥត​ខ្ចោះ​អាច​សម្រេច​ចិត្ត​ធ្វើ​អ្វី​ដែល​ល្អ​ឬ​ធ្វើ​អ្វី​ដែល​អាក្រក់។ តាម​ការ​ពិត បើ​ពួក​ទេវតា​និង​មនុស្ស​មិន​មាន​ចិត្ត​សេរី នោះ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ក៏​មិន​មាន​ន័យ​ខ្លឹម​សារ​ដែរ។

ដូច្នេះ គឺ​មិន​សម​ហេតុ​សម​ផល​ឡើយ បើ​ព្រះ​ផ្ដល់​ឲ្យ​ចិត្ត​សេរី​ដល់​បុគ្គល​ដែល​លោក​បង្កើត ហើយ​នៅ​ពេល​ដំណាល​គ្នា​នោះ​លោក​បែរ​ជា​រារាំង​ពួក​គេ​ពី​ការ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​ពួក​គេ​សម្រេច​ចិត្ត​ធ្វើ​នោះ។ លោក​យេស៊ូ​បាន​រៀប​រាប់​អំពី​ការ​ប្រើ​ចិត្ត​សេរី​ក្នុង​ផ្លូវ​ខុស ពេល​ដែល​លោក​មាន​ប្រសាសន៍​អំពី​មេកំណាច​ថា​វា​«​មិន​បាន​នៅ​ជាប់​នឹង​សេចក្ដី​ពិត​ឡើយ​»។ (​យ៉ូហាន ៨:៤៤​) ឃ្លា​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា បុគ្គល​ម្នាក់​ដែល​ក្លាយ​ទៅ​ជា​មេកំណាច​ធ្លាប់​ជា​បុគ្គល​វិញ្ញាណ​ល្អ​ឥត​ខ្ចោះ ហើយ​ជា​អ្នក​ដែល​ធ្លាប់​«​នៅ​ជាប់​នឹង​សេចក្ដី​ពិត​»។ * ព្រះ​យេហូវ៉ា​បាន​បង្កើត​ពួក​ទេវតា​និង​មនុស្ស​ឲ្យ​មាន​ចិត្ត​សេរី ពីព្រោះ​លោក​ស្រឡាញ់​និង​ទុក​ចិត្ត​ពួក​គេ (​សូម​មើល​ប្រអប់​«​តើ​ទេវតា​និង​មនុស្ស​ដែល​មាន​ជីវិត​ល្អ​ឥត​ខ្ចោះ​អាច​បាត់បង់​ភាព​ល្អ​ឥត​ខ្ចោះ​នោះ​ឬ​ទេ?​»​ នៅ​ទំព័រ​៦​)។

▪ ​«​មេកំណាច​ជា​អ្នក​បម្រើ​របស់​ព្រះ​»។ មនុស្ស​ខ្លះ​គិត​ថា​សៀវភៅ​យ៉ូប​ដែល​ជា​សៀវភៅ​មួយ​ក្នុង​គម្ពីរ បាន​បញ្ជាក់​អំពី​គំនិត​នេះ ព្រោះ​មាន​ខ​មួយ​ដែល​ថា មេកំណាច​បាន​«​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី​»។ សៀវភៅ​មួយ​ដែល​ពន្យល់​អំពី​គម្ពីរ​បាន​បញ្ជាក់​ថា ឃ្លា​នេះ​សំដៅ​ទៅ​លើ​តួនាទី​នៃ​អ្នក​ស៊ើបការណ៍​របស់​ប្រទេស​ពើ​ស៊ី​ពី​សម័យ​បុរាណ និង​ជា​អ្នក​ដែល​ធ្វើ​ដំណើរ​ដើម្បី​រាយ​ការណ៍​អំពី​កិច្ច​បម្រើ​ដល់​ស្តេច។ (​យ៉ូប ១:៧​) ក៏​ប៉ុន្តែ បើ​ព្រះ​ពិត​ជា​ចាត់​មេកំណាច​ឲ្យ​ដើរ​ស៊ើបការណ៍​មែន វា​មិន​បាច់​ប្រាប់​ព្រះ​ថា​វា​បាន​មក​ពី​«​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី​»​ទេ ពីព្រោះ​លោក​ជ្រាប​ហើយ មែន​ទេ? ជា​ជាង​ពណ៌​នា​ថា​វា​ជា​អ្នក​ធ្វើ​ការ​ឲ្យ​ព្រះ កំណត់​ហេតុ​ក្នុង​សៀវភៅ​យ៉ូប​បាន​ហៅ​មេកំណាច​ដោយ​ប្រើ​ឈ្មោះ​ថា​សាថាន ដែល​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ នេះ​ចង្អុល​បញ្ជាក់​ថា តាម​ពិត វា​ជា​មេស​ត្រូវ​របស់​ព្រះ​វិញ។ (​យ៉ូប ១:៦​) ដូច្នេះ តើ​គំនិត​ដែល​ថា​មេកំណាច​ជា​អ្នក​បម្រើ​របស់​ព្រះ​ចេញ​មក​ពី​ណា?

នៅ​ដើម​សតវត្សរ៍​ទី​១ គ.ស. សៀវភៅ​ដែល​មិន​រួម​ចំណែក​ក្នុង​គម្ពីរ​បរិសុទ្ធ​ដូច​ជា​«​សៀវភៅ​នៃ​ឆ្នាំ​សោមនស្ស​»​ និង​«​សៀវភៅ​នៃ​ការ​គ្រប់​គ្រង​តែ​មួយ​»​របស់​សាសនា​និកាយ​ខាំ​រ៉ា​ន បាន​ចង្អុល​បញ្ជាក់​អំពី​មេ​កំណាច​ថា​វា​ជា​អ្នក​ជំទាស់​នឹង​ព្រះ តែ​នៅ​តែ​ចុះ​ចូល​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ ក្នុង​សៀវភៅ​របស់​អ្នក​ប្រវត្ដិសាស្ត្រ​ម្នាក់​ឈ្មោះ​ជេ ប៊ី រ៉ាសិល គាត់​បាន​ពន្យល់​ថា ច្រើន​សតវត្សរ៍​ក្រោយ​មក អ្នក​កែ​ទម្រង់​សាសនា​ប្រូ​តេស្តង់​ឈ្មោះ​ម៉ាថីន លូទែរ ចាត់​ទុក​មេកំណាច​ជា​ឧបករណ៍​របស់​ព្រះ ​«​ដូច​ជា​ចប​ជីក ឬ​ចប​កាប់​ដែល​លោក​ប្រើ​ដើម្បី​ធ្វើ​សួន​ច្បារ​របស់​លោក​»។ (​Mephistopheles​) រ៉ាសិល​បាន​ពន្យល់​បន្ថែម​អំពី​ពាក្យ​នេះ​ថា សាថាន​ដែល​ជា​«​ចប​កាប់​រីករាយ​នឹង​បំផ្លាញ​ស្រងែ​»។ ប៉ុន្តែ វា​នៅ​តែ​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ ហើយ​យ៉ាង​នេះ វា​អាច​បំពេញ​បំណង​ប្រាថ្នា​របស់​ព្រះ​បាន។ ច្រើន​ឆ្នាំ​ក្រោយ​មក សាសនា​វិទូ​ជន​ជាតិ​បារាំង​ម្នាក់​ឈ្មោះ​យ៉ូន កាលវ៉ាន​ក៏​បាន​ទទួល​យក​សេចក្ដី​បង្រៀន​របស់​លូទែរ​ដែរ។ ប៉ុន្តែ សេចក្ដី​បង្រៀន​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ដែល​ជឿ​តាម​គាត់​ទើស​ចិត្ត​ខ្លាំង​ណាស់​ដោយ​សារ​ពួក​គេ​គិត​ថា​គ្មាន​យុត្ដិធម៌​ឡើយ។ ពួក​គេ​ឆ្ងល់​ថា បើ​ព្រះ​មាន​សេចក្ដី​ស្រឡាញ់ តើ​លោក​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់ និង​មាន​បំណង​បង្កើត​ឲ្យ​មាន​អំពើ​អាក្រក់​បែប​នេះ​យ៉ាង​ដូច​ម្ដេច​បាន? (​យ៉ាកុប ១:១៣​) ជា​លទ្ធផល សេចក្ដី​បង្រៀន​នេះ និង​អំពើ​សាហាវ​ព្រៃផ្សៃ​ក្នុង​សតវត្សរ៍​ទី​២០​បាន​ធ្វើ​ឲ្យ​មនុស្ស​លែង​ជឿ​ទៅ​លើ​ព្រះ​និង​មេកំណាច។

▪ ​«​មេកំណាច​គ្រាន់តែ​ជា​ទំនោរ​ចិត្ត​អាក្រក់​ដែល​មាន​នៅ​ក្នុង​ខ្លួន​យើង​តែ​ប៉ុណ្ណោះ​»។ បើ​យើង​គិត​ថា​មេកំណាច​គ្រាន់តែ​ជា​ទំនោរ​ចិត្ត​អាក្រក់​ដែល​មាន​នៅ​ក្នុង​ខ្លួន​មនុស្ស នោះ​នឹង​ធ្វើ​ឲ្យ​ដំណើរ​រឿង​ខ្លះ​ៗ​ដែល​មាន​ក្នុង​គម្ពីរ​ជា​អ្វី​ដែល​យល់​មិន​បាន។ ជា​ឧទាហរណ៍ នៅ​យ៉ូប ២:៣​-​៦ តើ​ព្រះ​បាន​សន្ទនា​ជា​មួយ​នឹង​អ្នក​ណា? តើ​លោក​កំពុង​និយាយ​ទៅ​កាន់​ទំនោរ​ចិត្ត​អាក្រក់​របស់​យ៉ូប ឬ​ក៏​លោក​កំពុង​និយាយ​ជា​មួយ​នឹង​ខ្លួន​លោក? បន្ថែម​ទៅ​ទៀត តើ​ព្រះ​នឹង​សរសើរ​គុណ​សម្បត្ដិ​របស់​យ៉ូប តែ​នៅ​ដំណាល​គ្នា​នោះ លោក​បែរ​ជា​សាកល្បង​យ៉ូប​ដោយ​ធ្វើ​ឲ្យ​គាត់​ជួប​នឹង​ទុក្ខ​លំបាក​ឬ? ការ​គិត​ថា​ព្រះ​មាន​បំណង​ធ្វើ​ដូច្នេះ គឺ​ស្មើ​នឹង​ការ​ចោទ​ថា​លោក​ជា​បុគ្គល​ដ៏​អាក្រក់​ជួជាតិ​មួយ​រូប ជា​ជាង​ថា​លោក​ជា​បុគ្គល​ដែល​«​គ្មាន​សេចក្ដី​ទុច្ចរិត​ណា​នៅ​ក្នុង​[​លោក​]​ឡើយ​»។ (​ទំនុកតម្កើង ៩២:១៥​) ផ្ទុយ​ទៅ​វិញ ព្រះ​មិន​ព្រម​«​លូក​ព្រះ​ហស្ត​ទៅ​ពាល់​ដល់​ឆ្អឹង នឹង​សាច់​»​របស់​យ៉ូប​ដើម្បី​ធ្វើ​បាប​គាត់​នោះ​ទេ។ គឺ​ច្បាស់​ណាស់​ហើយ​ថា មេកំណាច​មិន​មែន​ជា​ទំនោរ​ចិត្ត​អាក្រក់​ដែល​មាន​នៅ​ក្នុង​ខ្លួន​មនុស្ស ឬ​ជា​អ្វី​អាក្រក់​ដែល​នៅ​ក្នុង​ចិត្ត​របស់​ព្រះ​នោះ​ទេ ប៉ុន្តែ​មេកំណាច​នេះ​ជា​បុគ្គល​វិញ្ញាណ​មួយ​រូប​ដែល​បាន​តាំង​ខ្លួន​ជាស​ត្រូវ​របស់​ព្រះ។

តើ​អ្នក​ណា​ពិត​ជា​អ្នក​ដែល​កំពុង​គ្រប់​គ្រង​ពិភព​លោក​នេះ?

សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​គិត​ថា ការ​ជឿ​ថា​មាន​មេកំណាច​គឺ​ហួស​សម័យ​ហើយ។ ក៏​ប៉ុន្តែ គ្មាន​ការ​ពន្យល់​ណា​ដែល​សម​ហេតុ​សម​ផល​ជាង​ការ​ពន្យល់​ថា​អំពើ​អាក្រក់​គឺ​មក​ពី​មេកំណាច​នោះ​ទេ។ តាម​ការ​ពិត ការ​ខំ​បំបាត់​គំនិត​ដែល​ថា​គ្មាន​មេកំណាច​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​លែង​ជឿ​ទៅ​លើ​ព្រះ​និង​បោះបង់​ចោល​ខ្នាត​តម្រា​សីលធម៌​ទាំង​អស់​វិញ។

នៅ​សតវត្សរ៍​ទី​១៩ កវី​ម្នាក់​ឈ្មោះ​ឆាល ភីអេ បូលដឺលែរ បាន​សរសេរ​ថា​៖ ​«​កលល្បិច​ដ៏​ពិសពុល​បំផុត​របស់​មេកំណាច គឺ​វា​ចង់​ធ្វើ​ឲ្យ​យើង​ជឿ​ថា​គ្មាន​វា​ទេ​»។ ដោយ​បិទ​បាំង​អត្តសញ្ញាណ​របស់​វា មេ​កំណាច​បាន​លើក​ឡើង​ការ​សង្ស័យ​ថា​គ្មាន​ព្រះ​ឡើយ។ បើ​គ្មាន​មេ​កំណាច នោះ​ព្រះ​នឹង​ក្លាយ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​អាក្រក់​ទាំង​អស់ មែន​ទេ? ប៉ុន្តែ នេះ​ជា​អ្វី​ដែល​មេកំណាច​ចង់​ឲ្យ​មនុស្ស​ជឿ។

ដូច​ជា​មេ​ឧក្រិដ្ឋជន មេកំណាច​បិទ​បាំង​អត្តសញ្ញាណ​របស់​វា​ដើម្បី​អាច​បំពេញ​គោល​បំណង​របស់​វា​បាន។ តើ​គោល​បំណង​អ្វី​ទៅ? គម្ពីរ​បាន​ឆ្លើយ​អំពី​រឿង​នេះ​ថា​៖ ​«​ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ​បាន​ធ្វើ​ឲ្យ​គំនិត​របស់​ពួក​អ្នក​មិន​ជឿ​ទៅ​ជា​ងងឹត ដើម្បី​កុំ​ឲ្យ​ពួក​គេ​ទទួល​ពន្លឺ​នៃ​ដំណឹង​ល្អ​ដ៏​រុងរឿង​អំពី​គ្រិស្ត​ដែល​បង្ហាញ​ឲ្យ​យើង​ស្គាល់​ព្រះ​»។—កូរិនថូសទី២ ៤:៤

ប៉ុន្តែ មាន​សំណួរ​សំខាន់​មួយ​ទៀត​ដែល​យើង​ត្រូវ​ដឹង​ចម្លើយ​គឺ តើ​ព្រះ​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​មេ​ខ្លោង​នេះ​ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​អំពើ​អាក្រក់ និង​ទុក្ខវេទនា​ទាំង​អស់? សំណួរ​នេះ​យើង​នឹង​ពិចារណា​ក្នុង​អត្ថបទ​បន្ទាប់។

[​កំណត់​សម្គាល់​]

^ វគ្គ 6 ដើម្បី​យល់​អំពី​មូលហេតុ​ដែល​ព្រះ​មិន​បំផ្លាញ​មេកំណាច​ភ្លាម​ៗ​ពេល​វា​បះបោរ សូម​មើល​ជំពូក​ទី​១១​នៃ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៥​]

តើ​មេកំណាច​ជា​អ្នក​បម្រើ​របស់​ព្រះ ឬ​ជា​អ្នក​ប្រឆាំង​នឹង​លោក?

[​ប្រអប់​/​រូបភាព​នៅ​ទំព័រ​៦​]

តើ​ទេវតា​និង​មនុស្ស​ដែល​មាន​ជីវិត​ល្អ​ឥត​ខ្ចោះ​អាច​បាត់បង់​ភាព​ល្អ​ឥត​ខ្ចោះ​នោះ​ឬ​ទេ?

ភាព​ល្អ​ឥត​ខ្ចោះ​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​ពួក​ទេវតា​និង​មនុស្ស​ជាតិ​ជាប់​ពាក់​ព័ន្ធ​នឹង​ច្បាប់​របស់​ព្រះ។ ទោះ​ជា​ព្រះ​បាន​បង្កើត​អាដាម​មក​យ៉ាង​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ គាត់​ត្រូវ​តែ​គោរព​ចំពោះ​ច្បាប់​ធម្មជាតិ​ដែល​លោក​បាន​កំណត់​ឲ្យ​គាត់។ ជា​ឧទាហរណ៍ បើ​គាត់​ញ៉ាំ​ដី ដុំ​ក្រួស ឬ​ឈើ នោះ​គាត់​នឹង​មាន​គ្រោះ​ថ្នាក់។ បើ​គាត់​មិន​ធ្វើ​តាម​ច្បាប់​ទំនាញ​ផែនដី ហើយ​លោត​ចុះ​ពី​លើ​ភ្នំ​ខ្ពស់ នោះ​គាត់​នឹង​អាច​ស្លាប់ ឬ​ក៏​រង​របួស​យ៉ាង​ធ្ងន់​បាន។

ស្រដៀង​គ្នា​ដែរ គ្មាន​ទេវតា​ឬ​មនុស្ស​ជាតិ​ដែល​ល្អ​ឥត​ខ្ចោះ​ណា​អាច​រំលង​ច្បាប់​សីលធម៌​ដែល​ព្រះ​យេហូវ៉ា​កំណត់​ឲ្យ​ដោយ​គ្មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​នោះ​ទេ។ ហេតុ​នេះ ពេល​ដែល​ពួក​ទេវតា​ឬ​មនុស្ស​ប្រើ​ចិត្ត​សេរី​របស់​ខ្លួន​ដោយ​មិន​ត្រឹម​ត្រូវ នោះ​ពួក​គេ​អាច​ធ្លាក់​ខ្លួន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​យ៉ាង​ងាយ។—លោកុប្បត្តិ ១:២៩; ម៉ាថាយ ៤:៤