លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ឱវាទដ៏ល្អសម្រាប់អ្នកនៅលីវនិងអ្នកដែលរៀបការហើយ

ឱវាទដ៏ល្អសម្រាប់អ្នកនៅលីវនិងអ្នកដែលរៀបការហើយ

ឱវាទ​ដ៏​ល្អ​សម្រាប់​អ្នក​នៅ​លីវ​និង​អ្នក​ដែល​រៀប​ការ​ហើយ

​«​ខ្ញុំ​និយាយ​ដូច​នេះ . . . ដើម្បី​ជំរុញ​ចិត្ត​ឲ្យ​ធ្វើ​អ្វី​ដែល​សមរម្យ ហើយ​អ្វី​ដែល​ផ្ដល់​លទ្ធភាព​ ឲ្យ​បម្រើ​លោក​ម្ចាស់​ជា​និច្ច​ដោយ​គ្មាន​អ្វី​បំបែរ​អារម្មណ៍​»។—១កូ. ៧:៣៥

១, ២​. ហេតុ​អ្វី​បុគ្គល​ម្នាក់​គួរ​ស្វែងរក​ការ​ណែនាំ​ពី​គម្ពីរ​ស្តី​អំពី​ការ​នៅ​លីវ​និង​ការ​មាន​គូ​អាពាហ៍ពិពាហ៍?

ការ​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​ភេទ​ផ្ទុយ​ជា​អ្វី​ដែល​អាច​នាំ​ឲ្យ​យើង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង មាន​ទាំង​ខឹង និង​ព្រួយ​ផង​ដែរ។ ដោយ​សារ​យើង​មាន​អារម្មណ៍​បែប​នេះ យើង​ត្រូវ​ស្វែងរក​ការ​ណែនាំ​ពី​ព្រះ ប៉ុន្តែ​ក៏​មាន​មូលហេតុ​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ។ ជា​ឧទាហរណ៍ គ្រិស្ត​សាសនិក​ម្នាក់​ដែល​ពេញ​ចិត្ត​ចំពោះ​ជីវិត​នៅ​លីវ​ប្រហែលជា​មាន​អារម្មណ៍​ថា​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​របស់​គាត់​កំពុង​ជំរុញ​គាត់​ឲ្យ​រៀប​ការ។ បង​ប្អូន​ខ្លះ​ទៀត​ប្រហែលជា​ចង់​រៀប​ការ ប៉ុន្តែ​មិន​ទាន់​រក​ឃើញ​នរណា​ម្នាក់​ដែល​សម​នឹង​យក​មក​ធ្វើ​ជា​គូ​នៅ​ឡើយ។ បង​ប្អូន​ខ្លះ​ត្រូវ​ការ​ការ​ណែនាំ​អំពី​របៀប​ដែល​ពួក​គេ​អាច​ត្រៀម​ខ្លួន​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​ផ្សេង​ៗ​ក្នុង​ការ​ធ្វើ​ជា​ស្វាមី​ឬ​ភរិយា។ បន្ថែម​ទៅ​ទៀត ទាំង​គ្រិស្ត​សាសនិក​ដែល​នៅ​លីវ​ទាំង​គ្រិស្ត​សាសនិក​ដែល​រៀប​ការ​ហើយ កំពុង​ប្រឈម​មុខ​នឹង​ការ​ល្បង​ល​ដែល​ទាក់​ទង​នឹង​រឿង​សីលធម៌​ខាង​ផ្លូវ​ភេទ។

ក្រៅ​ពី​រឿង​ដែល​ទាក់​ទង​នឹង​សុភមង្គល​របស់​យើង អត្ថបទ​នេះ​ក៏​ជះ​ឥទ្ធិពល​ទៅ​លើ​ជំហរ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ដែរ។ ក្នុង​ជំពូក​៧​នៃ​សំបុត្រ​ទី​១​របស់​ប៉ូល​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​កូរិនថូស គាត់​បាន​ផ្ដល់​នូវ​ការ​ណែនាំ​ចំពោះ​អ្នក​ដែល​នៅ​លីវ​និង​អ្នក​ដែល​រៀប​ការ​ហើយ។ គោល​បំណង​របស់​គាត់​គឺ​ជំរុញ​ពួក​គេ​ឲ្យ​ធ្វើ​«​អ្វី​ដែល​សមរម្យ ហើយ​អ្វី​ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​បម្រើ​លោក​ម្ចាស់​ជា​និច្ច​ដោយ​គ្មាន​អ្វី​បំបែរ​អារម្មណ៍​»។ (​១កូ. ៧:៣៥​) កាល​ដែល​អ្នក​ពិចារណា​អំពី​ឱវាទ​របស់​គាត់​ចំពោះ​រឿង​ដ៏​សំខាន់​នេះ សូម​អ្នក​ខំ​ប្រឹង​យល់​អំពី​ស្ថានភាព​របស់​អ្នក មិន​ថា​អ្នក​នៅ​លីវ​ឬ​រៀប​ការ​ហើយ​ក្ដី ដើម្បី​រក​វិធី​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ពេញ​លេញ​ជាង​មុន។

ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ

៣, ៤​. (​ក​) ពេល​ដែល​មនុស្ស​បារម្ភ​ជ្រុល​អំពី​មិត្ត​ភក្ដិ​ឬ​ញាតិ​សន្ដាន​ដែល​មិន​ទាន់​រៀប​ការ តើ​នាំ​ឲ្យ​មាន​ផល​វិបាក​អ្វី​ខ្លះ? (​ខ​)​ តើ​ឱវាទ​របស់​ប៉ូល​ជួយ​បុគ្គល​ម្នាក់​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​រៀប​អាពាហ៍ពិពាហ៍​យ៉ាង​ដូច​ម្ដេច?

ទំនៀម​ទម្លាប់​ក្នុង​ប្រទេស​ជា​ច្រើន​ចាត់​ទុក​ការ​រៀប​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​សំខាន់​បំផុត ដូច​ពួក​យូដា​នៅ​សតវត្សរ៍​ទី​១​ដែរ។ បើ​កំលោះ​ឬ​ក្រមុំ​ម្នាក់​ហួស​អាយុ​ដែល​រៀប​ការ មិត្ត​ភក្ដិ​ឬ​ញាតិ​សន្ដាន​ដែល​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ប្រហែលជា​ចង់​ជូន​យោបល់​ខ្លះ​ៗ​ដល់​គាត់​ឬ​ក៏​នាង។ ក្នុង​ការ​សន្ទនា ពួក​គេ​ប្រហែលជា​លើក​ទឹក​ចិត្ត​គាត់​ឬ​ក៏​នាង​ឲ្យ​ខំ​ប្រឹង​ថែម​ទៀត​ក្នុង​ការ​រក​មនុស្ស​ម្នាក់​ដើម្បី​រៀប​ការ។ ពួក​គេ​ប្រហែលជា​ណែនាំ​ឲ្យ​គាត់​ឬ​ក៏​នាង មើល​អ្នក​ដែល​អាច​រៀប​ការ​បាន។ ពួក​គេ​ក៏​ប្រហែលជា​ប្រើ​ភាព​ប៉ិនប្រសប់​របស់​ខ្លួន​ដើម្បី​រៀបចំ​ឲ្យ​មនុស្ស​ពីរ​នាក់​ដែល​មិន​ទាន់​រៀប​ការ​ជួប​គ្នា​ដែរ។ ការ​ធ្វើ​ដូច្នេះ ជួនកាល​អាច​នាំ​ឲ្យ​មាន​ការ​អាម៉ាស់​មុខ បែកបាក់​ចំណង​មិត្តភាព និង​ធ្វើ​ឲ្យ​ឈឺ​ចិត្ត។

ប៉ូល​មិន​ដែល​ជំរុញ​អ្នក​ណា​ឲ្យ​រៀប​ការ​ឬ​នៅ​លីវ​នោះ​ទេ។ (​១កូ. ៧:៧​) គាត់​ពេញ​ចិត្ត​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​គ្មាន​ប្រពន្ធ ប៉ុន្តែ គាត់​គោរព​សិទ្ធិ​របស់​បង​ប្អូន​ឯ​ទៀត​ដែល​ចង់​រៀប​ការ។ គ្រិស្ត​សាសនិក​ម្នាក់​ៗ​នៅ​សព្វ​ថ្ងៃ​នេះ ក៏​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជ្រើស​រើស​ដោយ​ខ្លួន​ផ្ទាល់​ថា ចង់​រៀប​ការ​ឬ​ក៏​បន្ត​នៅ​លីវ។ បង​ប្អូន​ឯ​ទៀត​មិន​គួរ​ជំរុញ​ពួក​គេ​ឲ្យ​នៅ​លីវ​ឬ​រៀប​ការ​នោះ​ទេ។

ការ​ធ្វើ​ឲ្យ​ជីវិត​សប្បាយ​នៅ​ពេល​ដែល​នៅ​លីវ

៥, ៦​. ហេតុ​អ្វី​ប៉ូល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​នៅ​លីវ?

ចំណុច​ដ៏​សំខាន់​មួយ​នៃ​ពាក្យ​របស់​ប៉ូល​ចំពោះ​ពួក​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស គឺ​ទស្សនៈ​ត្រឹម​ត្រូវ​ដែល​គាត់​មាន​ចំពោះ​ការ​នៅ​លីវ។ (​សូម​អាន កូរិនថូសទី១ ៧:៨) បព្វជិត​ខ្លះ​ក្នុង​ពិភព​គ្រិស្ត​សាសនា​ដែល​មិន​បាន​រៀប​ការ​គិត​ថា​ខ្លួន​ល្អ​ប្រសើរ​ជាង​ពួក​អ្នក​ដែល​បាន​រៀប​ការ​ហើយ។ ប៉ុន្តែ ប៉ូល​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ ទោះ​ជា​គាត់​មិន​មាន​ប្រពន្ធ​ក៏​ដោយ គាត់​មិន​បាន​លើក​តម្កើង​ខ្លួន​ឲ្យ​ខ្ពស់​ជាង​បង​ប្អូន​ដែល​រៀប​ការ​ហើយ​ឡើយ។ ផ្ទុយ​ទៅ​វិញ សាវ័ក​ប៉ូល​បាន​ដៅ​បញ្ជាក់​អំពី​ផល​ប្រយោជន៍​ដែល​មក​ពី​ការ​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ពេល​មិន​ទាន់​រៀប​ការ។ តើ​ផល​ប្រយោជន៍​នោះ​ជា​អ្វី​ទៅ?

ផល​ប្រយោជន៍​នោះ​គឺថា​គ្រិស្ត​សាសនិក​ដែល​នៅ​លីវ​ច្រើន​តែ​ងាយ​ស្រួល​ទទួល​ភារកិច្ច​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ជាង​គ្រិស្ត​សាសនិក​ដែល​រៀប​ការ​ហើយ។ ប៉ូល​បាន​ទទួល​ឯកសិទ្ធិ​ពិសេស​ក្នុង​ការ​ធ្វើ​ជា​«​សាវ័ក​សម្រាប់​ជន​ជាតិ​ដទៃ​»។ (​រ៉ូម ១១:១៣​) សូម​អាន​សកម្មភាព​ជំពូក​១៣​រហូត​ដល់​២០ ហើយ​កត់​សម្គាល់​នូវ​តំបន់​ផ្សាយ​និង​ក្រុម​ជំនុំ​ថ្មី​ៗ​ដែល​គាត់​និង​គូ​កន​របស់​គាត់​បាន​បង្កើត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ ក្នុង​កិច្ច​បម្រើ​របស់​ប៉ូល គាត់​បាន​ស៊ូ​ទ្រាំ​នឹង​កាលៈទេសៈ​ពិបាក​ៗ​ដែល​បង​ប្អូន​តិច​ណាស់​នឹង​ជួប​ប្រទះ​នៅ​សព្វ​ថ្ងៃ​នេះ។ (​២កូ. ១១:២៣​-​២៧, ៣២, ៣៣​) ប៉ុន្តែ ប៉ូល​សុខ​ចិត្ត​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ទាំង​នោះ​ដើម្បី​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត ហើយ​នេះ​ធ្វើ​ឲ្យ​គាត់​មាន​អំណរ​ច្រើន​ក្រៃ​លែង។ (​១ថែ. ១:២​-​៧, ៩; ២:១៩​) បើ​គាត់​រៀប​ការ​ហើយ​មាន​ក្រុម​គ្រួសារ តើ​គាត់​នឹង​អាច​បំពេញ​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ​ឬ​ទេ? ប្រហែលជា​មិន​អាច​នោះ​ទេ។

៧​. សូម​លើក​ឧទាហរណ៍​របស់​បង​ប្អូន​នៅ​លីវ​ខ្លះ​ដែល​បាន​ប្រើ​កាលៈទេសៈ​របស់​ខ្លួន​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ។

បង​ប្អូន​ជា​ច្រើន​ដែល​នៅ​លីវ​បាន​ប្រើ​កាលៈទេសៈ​របស់​ខ្លួន​នៅ​ពេល​បច្ចុប្បន្ន ដើម្បី​ចូល​រួម​ឲ្យ​បាន​ច្រើន​បំផុត​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ។ ជា​ឧទាហរណ៍ ក្នុង​ប្រទេស​បូ​លី​វា សារ៉ា​និង​លីមបានា​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ដែល​នៅ​លីវ ហើយ​ពួក​គាត់​បាន​រើ​ទៅ​រស់​នៅ​ក្នុង​ភូមិ​មួយ​ដែល​មិន​មាន​សាក្សី​ព្រះ​យេហូវ៉ា​ទៅ​ទី​នោះ​ជា​យូរ​ឆ្នាំ​មក​ហើយ។ តើ​ការ​គ្មាន​ចរន្ត​អគ្គិសនី​ជា​បញ្ហា​សម្រាប់​ពួក​គាត់​ឬ​ទេ? ពួក​គាត់​បាន​រៀប​រាប់​ថា​៖ ​«​នៅ​ទី​នោះ​គ្មាន​វិទ្យុ ឬ​ទូរទស្សន៍​ឡើយ ដូច្នេះ មនុស្ស​មិន​បាន​ត្រូវ​បំបែរ​អារម្មណ៍​ពី​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​ធ្វើ​នោះ​ទេ ពោល​គឺ​ការ​អាន​សៀវភៅ​»។ នៅ​ក្នុង​ភូមិ​នោះ អ្នក​ខ្លះ​នៅ​តែ​អាន​សៀវភៅ​ចាស់​ៗ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ដែល​គេ​លែង​បោះពុម្ព។ ដោយ​សារ​មាន​អ្នក​ចាប់​អារម្មណ៍​សឹង​តែ​គ្រប់​ផ្ទះ នោះ​ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​ត្រឡប់​ទៅ​ជួប​ម្ចាស់​ផ្ទះ​នីមួយ​ៗ​ក្នុង​តំបន់​នោះ​ណាស់។ ស្ត្រី​វ័យ​ចាស់​ម្នាក់​បាន​ប្រាប់​ពួក​គាត់​ថា​៖ ​«​ទី​បញ្ចប់​ពិត​ជា​ជិត​មក​ដល់​មែន ពីព្រោះ​សាក្សី​ព្រះ​យេហូវ៉ា​បាន​មក​ជួប​យើង​ហើយ​»។ មិន​យូរ​ក្រោយ​មក មនុស្ស​ខ្លះ​ដែល​នៅ​ក្នុង​ភូមិ​នោះ​ក៏​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​របស់​គ្រិស្ត​សាសនិក​ដែរ។

៨, ៩​. (​ក​) ហេតុ​អ្វី​ប៉ូល​និយាយ​ថា​ជា​ការ​ល្អ​ឲ្យ​យើង​បម្រើ​ព្រះ​ក្នុង​នាម​ជា​អ្នក​ដែល​នៅ​លីវ? (​ខ​)​ តើ​ការ​បម្រើ​ព្រះ​ជា​អ្នក​ដែល​នៅ​លីវ​នាំ​ឲ្យ​មាន​ផល​ប្រយោជន៍​អ្វី​ខ្លះ?

ពិត​មែន បង​ប្អូន​ដែល​រៀប​ការ​ហើយ​ក៏​បាន​ទទួល​លទ្ធផល​ល្អ​ពេល​ដែល​ពួក​គេ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ក្នុង​តំបន់​ដែល​ពិបាក​ផ្សព្វ​ផ្សាយ​ដែរ។ ប៉ុន្តែ អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ដែល​នៅ​លីវ​ងាយ​ស្រួល​បំពេញ​ភារកិច្ច​ជាង​ពួក​អ្នក​ដែល​បាន​រៀប​ការ​ហើយ​ឬ​ពួក​អ្នក​ដែល​មាន​កូន។ ប៉ូល​បាន​សង្កេត​ឃើញ​ថា​ក្រុម​ជំនុំ​នានា​មាន​ឱកាស​ដើម្បី​រីក​ចម្រើន​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ថែម​ទៀត។ ដូច្នេះ គាត់​ចង់​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា​មាន​អំណរ​ដូច​គាត់​ដែរ។ ហេតុ​នេះ​ហើយ គាត់​បាន​និយាយ​ថា​ជា​ការ​ល្អ​ឲ្យ​យើង​បម្រើ​ព្រះ​យេហូវ៉ា​ក្នុង​នាម​ជា​អ្នក​ដែល​នៅ​លីវ។

នៅ​សហរដ្ឋអាម៉េរិក បង​ស្រី​នៅ​លីវ​ម្នាក់​ដែល​ជា​អ្នក​ត្រួស​ត្រាយ​បាន​សរសេរ​ថា​៖ ​«​មនុស្ស​ខ្លះ​ជឿ​ថា​អ្នក​នៅ​លីវ​មិន​អាច​មាន​សុភមង្គល​បាន​ឡើយ។ ប៉ុន្តែ ខ្ញុំ​យល់​ថា​សុភមង្គល​ពិត​គឺ​ពឹង​ផ្អែក​ទៅ​លើ​ចំណង​មិត្តភាព​របស់​បុគ្គល​ម្នាក់​នោះ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​វិញ។ ដូច្នេះ ទោះ​ជា​ការ​នៅ​លីវ​គឺជា​ការ​លះ​បង់​ក៏​ដោយ តែ​នេះ​ជា​អំណោយ​មួយ​ដ៏​អស្ចារ្យ បើ​អ្នក​ចេះ​ទាញ​យក​ផល​ប្រយោជន៍​ពី​វា​»។ ស្តី​អំពី​ការ​ស្វែង​រក​សុភមង្គល គាត់​បាន​សរសេរ​ថា​៖​«​ការ​នៅ​លីវ​អាច​ជា​អ្វី​ដែល​បណ្ដាល​ឲ្យ​យើង​មាន​សុភមង្គល មិន​មែន​ជា​ឧបសគ្គ​នោះ​ទេ។ ខ្ញុំ​ដឹង​ថា​ទាំង​អ្នក​នៅ​លីវ​ទាំង​អ្នក​ដែល​រៀប​ការ​ហើយ គ្មាន​អ្នក​ណា​ដែល​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​នោះ​ទេ​»។ ឥឡូវ គាត់​កំពុង​បម្រើ​យ៉ាង​សប្បាយ​នៅ​ប្រទេស​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ បើ​អ្នក​នៅ​លីវ តើ​អ្នក​អាច​ប្រើ​សេរីភាព​របស់​អ្នក​ដើម្បី​ពង្រីក​កិច្ចការ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត​ឬ​ទេ? អ្នក​ក៏​ប្រហែលជា​យល់​ថា​ការ​នៅ​លីវ​ជា​អំណោយ​មួយ​ដ៏​មាន​តម្លៃ​ដែល​កាត់​ថ្លៃ​ពុំ​បាន​ពី​ព្រះ​យេហូវ៉ា​ដែរ។

ពួក​អ្នក​នៅ​លីវ​ដែល​ចង់​រៀប​ការ

១០, ១១​. ចំពោះ​ពួក​អ្នក​ដែល​មាន​បំណង​ចង់​រៀប​ការ តែ​មិន​ទាន់​រក​ឃើញ​នរណា​ម្នាក់​ដែល​សម​នឹង​យក​មក​ធ្វើ​ជា​គូ តើ​ព្រះ​យេហូវ៉ា​ជួយ​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

១០ ក្រោយ​ពី​បាន​នៅ​លីវ​អស់​មួយ​រយៈ អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​បាន​សម្រេច​ចិត្ត​ស្វែងរក​គូ​អាពាហ៍ពិពាហ៍។ ដោយ​ដឹង​អំពី​ភាព​ចាំ​បាច់​នៃ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា នោះ​ពួក​គេ​បាន​សុំ​លោក​ឲ្យ​ជួយ​ស្វែងរក​នរណា​ម្នាក់​ដែល​សម​នឹង​យក​មក​ធ្វើ​ជា​គូ។—សូម​អាន កូរិនថូសទី១ ៧:៣៦

១១ បើ​អ្នក​ចង់​រៀប​ការ​ជា​មួយ​អ្នក​ណា​ម្នាក់​ដែល​អាច​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់ពី​ចិត្ត​ជា​មួយ​អ្នក សូម​អធិដ្ឋាន​អំពី​រឿង​នេះ​ចំពោះ​លោក​ជា​និច្ច។ (​ភី. ៤:៦, ៧​) បើ​អ្នក​ត្រូវ​រង់​ចាំ​យូរ សូម​កុំ​អស់​សង្ឃឹម​ឡើយ។ ព្រះ​យេហូវ៉ា​ដឹង​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ការ ហើយ​បើ​អ្នក​ទុក​ចិត្ត​ទៅ​លើ​លោក នោះ​លោក​នឹង​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​នោះ​បាន។—ហេ. ១៣:៦

១២​. ហេតុ​អ្វី​គ្រិស្ត​សាសនិក​ម្នាក់​ត្រូវ​ចេះ​ថ្លឹង​ថ្លែង​ឲ្យ​បាន​ហ្មត់​ចត់​ចំពោះ​អ្នក​ដែល​សុំ​ខ្លួន​រៀប​ការ?

១២ ប្រហែលជា​មាន​អ្នក​ដែល​មិន​ជឿ ឬ​អ្នក​ដែល​ប្រហែលជា​មិន​សូវ​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា សុំ​អ្នក​រៀប​ការ។ អ្នក​ក៏​ប្រហែលជា​ចង់​រៀប​ការ​យ៉ាង​ខ្លាំង​ដែរ។ ប៉ុន្តែ សូម​ចង​ចាំ​ថា​ការ​ខូច​ចិត្ត​ដែល​មក​ពី​ការ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍​ខុស អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ជាង​អារម្មណ៍​ឯកោ​ពេល​ដែល​អ្នក​នៅ​លីវ​ទៅ​ទៀត។ ការ​រៀប​អាពាហ៍ពិពាហ៍ មិន​ថា​ត្រូវ​ឬ​ខុស​ក៏​ដោយ អ្នក​ត្រូវ​រស់​នៅ​ជា​មួយ​គ្នា​អស់​មួយ​ជីវិត។ (​១កូ. ៧:២៧​) កុំ​រៀប​ការ​ជា​មួយ​នរណា​ម្នាក់ ដោយ​សារ​អ្នក​មាន​អារម្មណ៍​ថា​នេះ​ជា​ឱកាស​តែ​មួយ​ប៉ុណ្ណោះ​ដែល​អ្នក​អាច​រៀប​ការ​បាន។ ការ​ធ្វើ​ដូច្នេះ​ប្រហែលជា​ធ្វើ​ឲ្យ​អ្នក​ស្ដាយ​ក្រោយ។—សូម​អាន កូរិនថូសទី១ ៧:៣៩

ត្រៀម​ខ្លួន​ទទួល​យក​ការ​ពិត​នៃ​ជីវិត​អាពាហ៍ពិពាហ៍

១៣​-​១៥​. ក្នុង​អំឡុង​ពេល​ដែល​មនុស្ស​ប្រុស​ស្រី​ស្វែង​យល់​ចិត្ត​គ្នា តើ​ពួក​គេ​ទាំង​ពីរ​នាក់​គួរ​ពិភាក្សា​គ្នា​អំពី​ការ​លំបាក​អ្វី?

១៣ ទោះ​ជា​ប៉ូល​លើក​ទឹក​ចិត្ត​យើង​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​នៅ​លីវ​ក៏​ដោយ គាត់​មិន​ដែល​មើល​ងាយ​ចំពោះ​ពួក​អ្នក​ដែល​សម្រេច​ចិត្ត​រៀប​ការ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ឱវាទ​របស់​គាត់​បាន​ជួយ​គូ​ដែល​បម្រុង​នឹង​រៀប​ការ​ឲ្យ​ប្រឈម​មុខ​ចំពោះ​ការ​ពិត​ដែល​មាន​ក្នុង​អាពាហ៍ពិពាហ៍ ហើយ​ជួយ​ឲ្យ​ជីវិត​ជា​គូ​របស់​ពួក​គេ​ស្ថិតស្ថេរ​យូរ​អង្វែង។

១៤ គូ​ដែល​បម្រុង​នឹង​រៀប​ការ​ខ្លះ​ត្រូវ​តែ​កែប្រែ​ការ​រំពឹង​ទុក​របស់​ពួក​គេ​ចំពោះ​ពេល​អនាគត។ កាល​ដែល​ពួក​គេ​ចំណាយ​ពេល​ដើម្បី​ស្វែង​យល់​ចិត្ត​គ្នា នោះ​ពួក​គេ​ទាំង​ពីរ​នាក់​ប្រហែលជា​យល់​ថា​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ជា​អ្វី​ដែល​ល្អ​ឯក អស្ចារ្យ​និង​ប្រាកដ​ថា​ពេល​ដែល​ពួក​គេ​រៀប​ការ​ហើយ នឹង​មាន​ភាព​រីករាយ​រហូត។ ពួក​គេ​រៀប​ការ​ជា​មួយ​គ្នា​ដោយ​មាន​អារម្មណ៍​ស្រមើ​ស្រមៃ​និង​ជឿ​ជាក់​ថា​គ្មាន​អ្វី​អាច​បំផ្លាញ​សុភមង្គល​របស់​ពួក​គេ​បាន​ឡើយ។ ការ​មាន​គំនិត​បែប​នេះ​គឺ​មិន​មែន​ជា​ការ​ពិត​នោះ​ទេ។ សេចក្ដី​ស្នេហា​ដែល​មាន​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ ប៉ុន្តែ​សេចក្ដី​ស្នេហា​តែ​ម្យ៉ាង​មិន​អាច​ជួយ​កូនក្រមុំ​កូន​កំលោះ​ឲ្យ​ត្រៀម​ខ្លួន​ចំពោះ​ការ​លំបាក​ផ្សេង​ៗ​ដែល​កើត​ឡើង​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​បាន​ឡើយ។—សូម​អាន កូរិនថូសទី១ ៧:​២៨ *

១៥ ពួក​អ្នក​ដែល​រៀប​ការ​ថ្មី​ថ្មោង​ជា​ច្រើន​គូ​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ថែម​ទាំង​ខក​ចិត្ត​ផង​ដែរ ពេល​ដែល​ពួក​គេ​ខ្វែង​គំនិត​គ្នា​ចំពោះ​រឿង​ដ៏​សំខាន់​ៗ។ ពួក​គេ​ទាំង​ពីរ​នាក់​ប្រហែលជា​ឃើញ​ថា​ខ្លួន​មាន​គំនិត​ខុស​គ្នា​ស្តី​អំពី​របៀប​ចាយ​វាយ​លុយ​កាក់ ការ​លេង​កម្សាន្ត កន្លែង​រស់​នៅ និង​អំពី​ពេល​វេលា​ដែល​ពួក​គេ​ចំណាយ​ដើម្បី​ទៅ​លេង​ឪពុក​ម្ដាយក្មេក។ បន្ថែម​ទៅ​ទៀត ពួក​គេ​ម្នាក់​ៗ​មាន​គុណ​វិបត្ដិ​ដែល​អាច​ធ្វើ​ឲ្យ​គូ​របស់​ខ្លួន​ខឹង។ ក្នុង​អំឡុង​ពេល​ស្វែង​យល់​ចិត្ត​គ្នា នោះ​ស្រួល​ឲ្យ​យើង​មើល​ស្រាល​ចំពោះ​រឿង​សំខាន់​ៗ​ទាំង​នេះ ប៉ុន្តែ​អ្វី​ៗ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​បាន។ ជា​ការ​ល្អ​ឲ្យ​ពួក​គេ​និយាយ​គ្នា​ដោយ​អស់ពី​ចិត្ត​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បារម្ភ​មុន​នឹង​ពួក​គេ​រៀប​ការ។

១៦​. ហេតុ​អ្វី​ប្ដី​ប្រពន្ធ​ត្រូវ​ឯកភាព​គ្នា​ស្តី​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា​ដែល​មាន​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍?

១៦ ដើម្បី​បាន​ជោគជ័យ​និង​មាន​សុភមង្គល ប្ដី​ប្រពន្ធ​ត្រូវ​សហការ​គ្នា​ពេល​ជួប​នឹង​បញ្ហា។ ពួក​គេ​គួរតែ​ឯកភាព​គ្នា​ស្តី​អំពី​ការ​ប្រៀន​ប្រដៅ​កូន ហើយ​អំពី​របៀប​ថែ​រក្សា​ឪពុក​ម្ដាយ​ចាស់​ជរា​ជា​ដើម។ ការ​តាន​តឹង​ចិត្ត​ដែល​បណ្ដាល​មក​ពី​បញ្ហា​របស់​ក្រុម​គ្រួសារ មិន​គួរ​ជំរុញ​ឲ្យ​ពួក​គេ​ទាំង​ពីរ​នាក់​បែកបាក់​គ្នា​នោះ​ទេ។ ដោយ​អនុវត្ត​តាម​ឱវាទ​ក្នុង​គម្ពីរ ពួក​គេ​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន ហើយ​អាច​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ដែល​ដោះ​ស្រាយ​មិន​បាន ថែម​ទាំង​អាច​បន្ត​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សប្បាយ​រីក​រាយ។—១កូ. ៧:១០, ១១

១៧​. ហេតុ​អ្វី​គូ​ស្វាមីភរិយា​តែង​ខ្វល់ខ្វាយ​អំពី​«​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​ពិភព​លោក​នេះ​»​?

១៧ ប៉ូល​បាន​បញ្ជាក់​អំពី​ការ​ពិត​មួយ​ទៀត​ដែល​មាន​ក្នុង​អាពាហ៍ពិពាហ៍​ដូច​មាន​ចែង​នៅ​ក្នុង​កូរិនថូសទី១ ៧:៣២​-​៣៤(​សូម​អាន​) អ្នក​ដែល​រៀប​ការ​ហើយ ពួក​គេ​តែង​«​ខ្វល់ខ្វាយ​អំពី​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​ពិភព​លោក​នេះ​»​ ដូច​ជា​ម្ហូប​អាហារ សម្លៀក​បំពាក់ ទី​ជម្រក និង​អ្វី​ៗ​ដែល​មិន​ទាក់​ទង​នឹង​ការ​បម្រើ​ព្រះ។ ហេតុ​អ្វី​ដូច្នេះ? ពីព្រោះ​ពេល​ដែល​នៅ​លីវ បង​ប្រុស​ម្នាក់​ប្រហែលជា​ប្រើ​ពេល​ទាំង​អស់​របស់​គាត់​ទៅ​លើ​កិច្ចការ​ផ្សព្វ​ផ្សាយ។ ប៉ុន្តែ​ក្នុង​នាម​ជា​ស្វាមី​ម្នាក់ គាត់​ដឹង​ថា​ខ្លួន​ត្រូវ​ចំណាយ​កម្លាំង និង​ពេល​វេលា​ខ្លះ​ពី​កិច្ច​បម្រើ​នោះ​ដើម្បី​ថែ​រក្សា​ប្រពន្ធ​របស់​គាត់ ហើយ​ដើម្បី​ធ្វើ​ឲ្យ​នាង​ពេញ​ចិត្ត។ ភរិយា​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ចំពោះ​ស្វាមី​របស់​គាត់​ដែរ។ ដោយ​មាន​ប្រាជ្ញា ព្រះ​យេហូវ៉ា​យល់​ច្បាស់​អំពី​តម្រូវ​ការ​នេះ។ លោក​ដឹង​ថា​គូ​ស្វាមីភរិយា​ប្រហែលជា​មិន​អាច​ប្រើ​ពេល​វេលា​និង​កម្លាំង​ក្នុង​កិច្ច​បម្រើ​លោក​ដូច​មុន​នោះ​ទេ ព្រោះ​ពួក​គេ​ត្រូវ​ដក​យក​ពេល​វេលា​និង​កម្លាំង​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​បាន​ជោគជ័យ។

១៨​. ស្តី​អំពី​ការ​លេង​កម្សាន្ត តើ​ប្ដី​ប្រពន្ធ​ត្រូវ​កែប្រែ​អ្វី​ខ្លះ​ក្រោយ​ពី​រៀប​ការ​ហើយ?

១៨ ប៉ុន្តែ​សូម​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​ជាង​នេះ​ទៅ​ទៀត។ បើ​ប្ដី​ប្រពន្ធ​ត្រូវ​ដក​យក​ពេល​វេលា​និង​កម្លាំង​ខ្លះ​ដែល​ពួក​គេ​ធ្លាប់​ប្រើ​ក្នុង​ការ​បម្រើ​ព្រះ​ដើម្បី​មក​ចំណាយ​ពេល​ជា​មួយ​គ្នា នោះ​ពួក​គេ​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ចំពោះ​ពេល​វេលា​និង​កម្លាំង​ដែល​ពួក​គេ​ធ្លាប់​ប្រើ​ក្នុង​ការ​លេង​កម្សាន្ត​នានា​កាល​ពី​នៅ​លីវ​ដែរ មែន​ទេ? បើ​ប្ដី​នៅ​តែ​ចំណាយ​ពេល​ច្រើន​ដើម្បី​លេង​កីឡា​ជា​មួយ​មិត្ត​ភក្ដិ​របស់​គាត់ តើ​ប្រពន្ធ​នឹង​មាន​អារម្មណ៍​យ៉ាង​ណា? ចុះ​បើ​ប្រពន្ធ​បន្ត​ចំណាយ​ពេល​ជា​ច្រើន​ក្នុង​ការ​ដើរ​លេង​ជា​មួយ​មិត្ត​ភក្ដិ​របស់​នាង តើ​ប្ដី​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ? ប្ដី​ឬ​ប្រពន្ធ​ដែល​នៅ​ក្នុង​ស្ថានភាព​បែប​នោះ​អាច​មាន​អារម្មណ៍​ឯកោ មិន​សប្បាយ​ចិត្ត ហើយ​ក៏​មាន​អារម្មណ៍​ថា​គូ​របស់​ខ្លួន​មិន​ស្រឡាញ់​ខ្លួន​ដែរ។ បញ្ហា​ទាំង​អស់​នេះ​អាច​ជៀស​វាង​បាន បើ​ពួក​អ្នក​ដែល​រៀប​ការ​ហើយ ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​ជា​គូ​ស្វាមី​និង​ភរិយា។—អេភ. ៥:៣១

ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​មាន​សីលធម៌​ស្អាត​ស្អំ

១៩, ២០​. (​ក​) ហេតុ​អ្វី​ពួក​អ្នក​ដែល​រៀប​ការ​ហើយ មិន​អាច​គេច​ផុត​ពី​ការ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ? (​ខ​)​ បើ​ប្ដី​ឬ​ប្រពន្ធ​អនុញ្ញាត​ឲ្យ​ខ្លួន​នៅ​ឆ្ងាយ​ពី​គ្នា​អស់​រយៈ​ពេល​យូរ តើ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​អ្វី?

១៩ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​តាំង​ចិត្ត​រក្សា​សីលធម៌​ឲ្យ​ស្អាត​ស្អំ។ អ្នក​ខ្លះ​សម្រេច​ចិត្ត​រៀប​ការ​ដើម្បី​ជៀស​វាង​ពី​បញ្ហា​នេះ។ ប៉ុន្តែ ការ​រៀប​អាពាហ៍ពិពាហ៍​មិន​អាច​ផ្ដល់​ការ​ការពារ​ដោយ​ស្វ័យប្រវត្ដិ​ចំពោះ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​នោះ​ទេ។ ជា​ឧទាហរណ៍ នៅ​សម័យ​គម្ពីរ ទី​ក្រុង​ពំនាក់​អាច​ការពារ​បណ្ដា​ជន​បាន លុះ​ត្រា​តែ​ពួក​គេ​នៅ​ក្នុង​ទី​ក្រុង​នោះ​ប៉ុណ្ណោះ។ បើ​បុគ្គល​ម្នាក់​ចេញ​ទៅ​ខាង​ក្រៅ​ទី​ក្រុង​ចំ​ពេល​ដែល​មាន​ចោរ​ប្លន់​និង​អ្នក​តាម​សម្លាប់​នៅ​ក្បែរ​ៗ​នោះ គាត់​អាច​ត្រូវ​គេ​ចាប់​ឬ​សម្លាប់​បាន។ ស្រដៀង​គ្នា​ដែរ អ្នក​ដែល​រៀប​ការ​ហើយ អាច​ទទួល​ការ​ការពារ​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ លុះ​ត្រា​តែ​ពួក​គេ​នៅ​ក្នុង​ច្បាប់​ដែល​ឲ្យ​រួម​ភេទ​ជា​មួយ​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន ដែល​ព្រះ​បាន​រៀបចំ​ឡើង​សម្រាប់​ពួក​គេ​ប៉ុណ្ណោះ។

២០ ប៉ូល​បាន​បញ្ជាក់​អំពី​ច្បាប់​នោះ​នៅ​ក្នុង​កូរិនថូសទី១ ៧:២​-​៥។ ការ​រួម​ភេទ​ជា​មួយ​ប្ដី​របស់​ខ្លួន​គឺជា​ឯកសិទ្ធិ​ដ៏​ពិសេស​ចំពោះ​ប្រពន្ធ ហើយ​ប្ដី​ក៏​មាន​ឯកសិទ្ធិ​បែប​នេះ​ដែរ​ចំពោះ​ប្រពន្ធ​របស់​គាត់​តែ​ម្នាក់។ ពួក​គេ​ម្នាក់​ៗ​ត្រូវ​ផ្ដល់​ឲ្យ​គូ​របស់​ខ្លួន​នូវ​«​ករណីយកិច្ច​»​ឬ​ការ​រួម​ភេទ ដែល​បុគ្គល​ម្នាក់​ដែល​រៀប​ការ​ហើយ មាន​សិទ្ធិ​ដើម្បី​ទទួល។ ក៏​ប៉ុន្តែ ប្ដី​និង​ប្រពន្ធ​ខ្លះ​ត្រូវ​នៅ​ឆ្ងាយ​ពី​គ្នា​អស់​រយៈ​ពេល​យូរ ដោយ​សារ​យក​វិស្សមកាល​នៅ​ពេល​ខុស​គ្នា ឬ​ត្រូវ​ទៅ​នៅ​ឆ្ងាយ​ពី​គ្នា​ដោយ​សារ​រឿង​ការងារ ដែល​ជា​ហេតុ​ឲ្យ​ពួក​គេ​បង្អត់​គ្នា​ស្តី​អំពី​«​ករណីយកិច្ច​»​នោះ។ សូម​គិត​អំពី​គ្រោះ​ថ្នាក់​ដែល​អាច​កើត​ឡើង បើ​ពួក​គេ​«​ទប់​ចិត្ត​មិន​បាន​»​ នោះ​ពួក​គេ​អាច​ចុះ​ចាញ់​នឹង​ការ​បង្ខិត​បង្ខំ​របស់​សាថាន ហើយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ចំពោះ​មេ​គ្រួសារ​ណា​ដែល​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​របស់​ខ្លួន​ដោយ​មិន​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ចំណង​អាពាហ៍ពិពាហ៍។—ទំនុក. ៣៧:២៥

ប្រយោជន៍​ដែល​បាន​មក​ពី ​ការ​ធ្វើ​តាម​ឱវាទ​ក្នុង​គម្ពីរ

២១​. (​ក​) ហេតុ​អ្វី​ការ​សម្រេច​ចិត្ត​ស្តី​អំពី​ការ​នៅ​លីវ​និង​ការ​រៀប​ការ​ជា​អ្វី​ដែល​ពិបាក​ធ្វើ? (​ខ​)​ ហេតុ​អ្វី​ឱវាទ​ដែល​មាន​នៅ​កូរិនថូសទី១ ជំពូក​ទី​៧​មាន​ប្រយោជន៍​សម្រាប់​យើង?

២១ ការ​សម្រេច​ចិត្ត​ស្តី​អំពី​ការ​នៅ​លីវ និង​ការ​រៀប​ការ គឺជា​ការ​សម្រេច​ចិត្ត​ដែល​ពិបាក​ជាង​គេ​បំផុត​ដែល​មនុស្ស​ម្នាក់​ត្រូវ​ធ្វើ។ មិន​ថា​អ្នក​សម្រេច​ចិត្ត​នៅ​លីវ ឬ​រៀប​ការ​ក៏​ដោយ អ្នក​នឹង​នៅ​តែ​មាន​បញ្ហា​ដោយ​សារ​យើង​ទាំង​អស់​គ្នា​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ។ ដូច្នេះ ទោះ​ជា​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត និង​ឲ្យ​ពរ​ក៏​ដោយ ក៏​ពួក​គេ​មិន​អាច​គេច​ផុត​ទាំង​ស្រុង​ពី​បញ្ហា​ស្តី​អំពី​ការ​នៅ​លីវ​ឬ​ការ​រៀប​ការ​ដែរ។ បើ​អ្នក​អនុវត្ត​តាម​ឱវាទ​ដ៏​ល្អ​ដែល​មាន​នៅ​កូរិនថូសទី១ ជំពូក​ទី​៧ នោះ​អ្នក​អាច​ធ្វើ​ឲ្យ​បញ្ហា​បែប​នោះ​មាន​តិច​បំផុត។ មិន​ថា​អ្នក​នៅ​លីវ ឬ​ក៏​រៀប​ការ​ហើយ​ក្ដី អ្នក​នឹង​«​សម្រេច​ការ​បាន​ល្អ​»​ចំពោះ​ព្រះ​យេហូវ៉ា។ (​សូម​អាន កូរិនថូសទី១ ៧:៣៧, ៣៨) ការ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ជា​គោលដៅ​ដ៏​ធំ​បំផុត​ដែល​អ្នក​អាច​សម្រេច​បាន។ ដោយ​មាន​ជំនួយ​ពី​លោក អ្នក​នឹង​បន្ត​ជឿន​ទៅ​មុខ​រហូត​ដល់​បាន​ជីវិត​ក្នុង​ពិភព​លោក​ថ្មី​របស់​លោក។ នៅ​ពេល​នោះ ទំនាក់​ទំនង​រវាង​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​មិន​មែន​ជា​អ្វី​ដែល​នាំ​ឲ្យ​តាន​តឹង​ចិត្ត​ដូច​សព្វ​ថ្ងៃ​នេះ​ទេ។

[​កំណត់​សម្គាល់​]

តើ​អ្នក​អាច​ឆ្លើយ​បាន​ទេ?

• ហេតុ​អ្វី​យើង​មិន​គួរ​បង្ខំ​នរណា​ម្នាក់​ឲ្យ​រៀប​ការ?

• ក្នុង​នាម​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ដែល​នៅ​លីវ តើ​អ្នក​អាច​ប្រើ​ពេល​វេលា​របស់​អ្នក​ឲ្យ​បាន​ប្រយោជន៍​ល្អ​បំផុត​យ៉ាង​ដូច​ម្ដេច?

• តើ​ការ​ស្វែង​យល់​ចិត្ត​គ្នា​អាច​ជួយ​ឲ្យ​បុរស​និង​ស្ត្រី​ត្រៀម​ខ្លួន​ចំពោះ​បញ្ហា​ដែល​មាន​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​យ៉ាង​ដូច​ម្ដេច?

• ហេតុ​អ្វី​ការ​រៀប​ការ​មិន​ធានា​ដោយ​ស្វ័យប្រវត្ដិ​ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​១៨​]

អំណរ​អាច​កើត​មាន ចំពោះ​ពួក​គ្រិស្ត​សាសនិក​នៅ​លីវ​ ដែល​ប្រើ​ពេល​វេលា​របស់​ពួក​គេ​ ក្នុង​ការ​ពង្រីក​កិច្ច​បម្រើ​ផ្សាយ

[​រូបភាព​នៅ​ទំព័រ​២០​]

តើ​ប្ដី​ប្រពន្ធ​ប្រហែលជា​ត្រូវ​កែប្រែ​អ្វី​ខ្លះ​ក្រោយ​ពី​រៀប​ការ​ហើយ?