លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ»

«កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ»

«​កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ​»​

​«​ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ​»។—សុភ. ៣:៥

១, ២​. (​ក​) តើ​យើង​ប្រហែលជា​ជួប​ប្រទះ​កាលៈទេសៈ​អ្វី​ខ្លះ? (​ខ​)​ ពេល​មាន​ទុក្ខ​កង្វល់ ពេល​ធ្វើ​ការ​សម្រេច​ចិត្ត ឬ​ពេល​ទប់​ទល់​នឹង​ការ​ល្បួង តើ​យើង​គួរ​ពឹង​ផ្អែក​ទៅ​លើ​អ្នក​ណា? ហើយ​ហេតុ​អ្វី?

ប្រធាន​ក្រុមហ៊ុន​របស់​ស៊ីនធា *បាន​បិទ​ផ្នែក​ផ្សេង​ៗ​នៃ​ក្រុម​ហ៊ុន​របស់​គាត់ ហើយ​ក៏​បាន​ជម្រុះ​បុគ្គលិក​ខ្លះ​ៗ​រួច​ទៅ​ហើយ។ ស៊ីនធា​មាន​អារម្មណ៍​ថា​នាង​ជា​បុគ្គលិក​បន្ទាប់​ដែល​គេ​នឹង​ជម្រុះ​ចោល។ បើ​នាង​បាត់បង់​ការងារ​នេះ តើ​នាង​នឹង​ធ្វើ​យ៉ាង​ណា? តើ​នាង​នឹង​បាន​អ្វី​មក​បង់​ថ្លៃ​សម្រាប់​ចំណាយ​ផ្សេង​ៗ​? បង​ស្រី​គ្រិស្ត​សាសនិក​ម្នាក់​ឈ្មោះ​ផា​ម៉ា​ឡា គាត់​ចង់​ទៅ​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង ប៉ុន្តែ​តើ​គាត់​គួរ​ទៅ​ឬ​ទេ? ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​សាំយូអែល​មាន​បញ្ហា​អំពី​រឿង​មួយ​ទៀត។ គាត់​ធ្លាប់​មើល​រូប​អាសអាភាស​ពេល​ដែល​គាត់​នៅ​ក្មេង។ ឥឡូវ​នេះ​គាត់​មាន​អាយុ​ជាង​២០​ឆ្នាំ​ហើយ គាត់​ជួប​ការ​ល្បួង​យ៉ាង​ខ្លាំង​ឲ្យ​បែរ​ទៅ​រក​ទម្លាប់​នោះ​វិញ។ តើ​គាត់​អាច​ទប់​ទល់​នឹង​អារម្មណ៍​បែប​នេះ​យ៉ាង​ដូច​ម្ដេច?

ពេល​មាន​ទុក្ខ​កង្វល់ ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់ ឬ​ពេល​ទប់​ទល់​នឹង​ការ​ល្បួង តើ​អ្នក​ពឹង​ផ្អែក​ទៅ​លើ​អ្នក​ណា? តើ​អ្នក​ពឹង​ផ្អែក​លើ​ខ្លួន​អ្នក ឬ​ក៏​«​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា​»​វិញ? (​ទំនុក. ៥៥:២២​) គម្ពីរ​បាន​ចែង​ថា​៖ ​«​ព្រះនេត្រព្រះ​យេហូវ៉ា​ទត​ទៅ​ចំពោះ​មនុស្ស​សុចរិត ហើយ​ព្រះ​កាណ៌​ទ្រង់​ក៏​ប្រុង​ស្ដាប់​សំ​រែក​របស់​គេ​»។ (​ទំនុក. ៣៤:១៥​) ដូច្នេះ គឺ​សំខាន់​ណាស់​ឲ្យ​យើង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់ពី​ចិត្ត និង​មិន​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន!—សុភ. ៣:៥

៣​. (​ក​) តើ​ការ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី​ខ្លះ? (​ខ​)​ ហេតុ​អ្វី​បង​ប្អូន​ខ្លះ​អាច​មាន​ទំនោរ​ចិត្ត​ចង់​ពឹង​ផ្អែក​ទៅ​លើ​យោបល់​របស់​ខ្លួន?

ការ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់ពី​ចិត្ត​រួម​បញ្ចូល​ការ​ធ្វើ​តាម​ផ្លូវ​របស់​លោក​ស្រប​ទៅ​តាម​បំណង​ប្រាថ្នា​របស់​លោក។ ដើម្បី​ធ្វើ​ដូច្នេះ យើង​ត្រូវ​អធិដ្ឋាន​ទៅ​ព្រះ​ជា​និច្ច ហើយ​សុំ​ការ​ណែនាំ​របស់​លោក​ដោយ​អស់ពី​ចិត្ត។ ក៏​ប៉ុន្តែ ការ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់ពី​ចិត្ត​ជា​អ្វី​ដែល​បង​ប្អូន​ជា​ច្រើន​ពិបាក​ធ្វើ​តាម​ណាស់។ ជា​ឧទាហរណ៍ បង​ស្រី​គ្រិស្ត​សាសនិក​ម្នាក់​ឈ្មោះ​លីន​បាន​ទទួល​ស្គាល់​ថា​៖ ​«​ការ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់ពី​ចិត្ត តម្រូវ​ឲ្យ​ខ្ញុំ​មាន​ការ​ព្យាយាម​ជា​និច្ច​»។ ហេតុ​អ្វី? គាត់​បន្ត​ថា​៖ ​«​ខ្ញុំ​មិន​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ឪពុក​របស់​ខ្ញុំ​ទេ ហើយ​ម្ដាយ​របស់​ខ្ញុំ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​សុខភាព​ខាង​ផ្លូវ​ចិត្ត និង​ខាង​ផ្លូវ​កាយ​របស់​ខ្ញុំ​ដែរ។ ដូច្នេះ ខ្ញុំ​ខំ​រៀន​ឲ្យ​ចេះ​មើល​ថែ​រក្សា​ខ្លួន​ឯង​»។ ស្ថានភាព​ដែល​លីន​ធំ​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​អ្នក​ឯ​ទៀត។ ម្យ៉ាង​ទៀត សមត្ថភាព​ផ្ទាល់​ខ្លួន និង​ជោគជ័យ​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ដែរ។ ការ​ពឹង​ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​របស់​ខ្លួន អាច​ធ្វើ​ឲ្យ​អ្នក​ចាស់​ទុំ​ម្នាក់​ចាប់​ផ្ដើម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​ក្រុម​ជំនុំ​ដោយ​មិន​បាន​អធិដ្ឋាន​ទៅ​ព្រះ​ជា​មុន​ឡើយ។

៤​. តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​ក្នុង​អត្ថបទ​នេះ?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ខំ​ព្យាយាម​ប្រព្រឹត្ត​សម​ស្រប​នឹង​សំណូម​ពរ​របស់​យើង​ក្នុង​ការ​អធិដ្ឋាន ហើយ​ក៏​ប្រព្រឹត្ត​សម​ស្រប​នឹង​បំណង​ប្រាថ្នា​របស់​លោក​ដែរ។ បើ​ដូច្នេះ តើ​យើង​អាច​មាន​តុល្យ​ភាព​យ៉ាង​ដូច​ម្ដេច​ក្នុង​ការ​ផ្ទេរ​កង្វល់​របស់​យើង​ទៅ​លើ​លោក និង​ការ​ខំ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង? ពេល​ដែល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​អ្វី? ពេល​ដែល​យើង​ខំ​ទប់​ទល់​នឹង​ការ​ល្បួង ហេតុ​អ្វី​ជា​ការ​សំខាន់​ឲ្យ​យើង​អធិដ្ឋាន​ទៅ​ព្រះ? យើង​នឹង​ពិចារណា​អំពី​សំណួរ​ទាំង​នេះ​ដោយ​ពិនិត្យ​មើល​គំរូ​នានា​ដែល​មាន​ក្នុង​គម្ពីរ។

ពេល​មាន​ទុក្ខ​កង្វល់

៥, ៦​. តើ​ហេសេគា​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ពេល​ដែល​គាត់​ទទួល​ការ​គំរាម​កំហែង​ពី​ស្តេច​អាសស៊ើរ?

ស្តី​អំពី​ស្តេច​ហេសេគា​ដែល​ជា​ស្តេច​នៃ​ស្រុក​យូដា គម្ពីរ​ចែង​ថា​៖ ​«​ទ្រង់​កាន់​ខ្ជាប់​តាម​ព្រះ​យេហូវ៉ា ឥត​លា​ក​បង់​លែង​តាម​ទ្រង់​ឡើយ គឺ​បាន​កាន់​តាម​អស់​ទាំង​ក្រឹត្យ​ក្រម ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ដល់​លោក​ម៉ូសេ​»។ ពិត​មែន​ហើយ ​«​ទ្រង់​ទុក​ចិត្ត​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​»។ (​២ព. ១៨:៥, ៦​) ពេល​ដែល​ស្តេច​សានហេរីប​ជា​ស្តេច​នៃ​ប្រទេស​អាសស៊ើរ ចាត់​តំណាង​របស់​គាត់​ដែល​រួម​មាន​រ៉ាបសាកេ​ឲ្យ​មក​ឯ​ក្រុង​យេរូសាឡិម​ជា​មួយ​នឹង​ទាហាន​ជា​ច្រើន​នោះ តើ​ស្តេច​ហេសេគា​បាន​ប្រព្រឹត្ត​យ៉ាង​ណា? កង​ទ័ព​ដែល​មាន​អំណាច​ខ្លាំងក្លា​របស់​សាសន៍​អាសស៊ើរ​បាន​វាយលុក​ទី​ក្រុង​ដ៏​រឹង​មាំ​ជា​ច្រើន​នៃ​ស្រុក​យូដា ហើយ​ឥឡូវ​នេះ ស្តេច​សានហេរីប​ចង់​វាយលុក​យក​ទី​ក្រុង​យេរូសាឡិម​ទៀត។ ស្តេច​ហេសេគា​បាន​ទៅ​ឯ​វិហារ​នៃ​ព្រះ​យេហូវ៉ា ហើយ​ចាប់​ផ្ដើម​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​គេ​ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ដឹង​ថា គឺ​ទ្រង់​ជា​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​តែ​១​ព្រះ​អង្គ​ទេ​»។—២ព. ១៩:១៤​-​១៩

ហេសេគា​បាន​ប្រព្រឹត្ត​សម​ស្រប​តាម​ការ​អធិដ្ឋាន​របស់​គាត់។ ទោះ​ជា​មុន​ពេល​ដែល​គាត់​ទៅ​ឯ​វិហារ​របស់​ព្រះ គាត់​បាន​បង្គាប់​ដល់​បណ្ដា​ជន​មិន​ឲ្យ​តបត​នឹង​ពាក្យ​ប្រមាថ​របស់​រ៉ាបសាកេ​ឡើយ។ ហេសេគា​ក៏​បាន​ចាត់​មនុស្ស​ខ្លះ​ឲ្យ​ទៅ​ជួប​នឹង​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ដើម្បី​សុំ​ការ​ណែនាំ​ពី​គាត់​ដែរ។ (​២ព. ១៨:៣៦; ១៩:១, ២​) ដូច្នេះ ហេសេគា​បាន​ចាត់​វិធានការ​សម​ស្រប​តាម​ច្បាប់​របស់​ព្រះ។ ក្នុង​កាលៈទេសៈ​នេះ គាត់​មិន​បាន​ខំ​ដោះ​ស្រាយ​បញ្ហា​តាម​វិធី​ដែល​មិន​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា ដោយ​ស្វែងរក​ជំនួយ​ពី​ប្រទេស​អេស៊ីប​ឬ​ពី​ប្រជាជាតិ​នានា​ដែល​នៅ​ជិត​ខាង​នោះ​ឡើយ។ ជា​ជាង​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន ហេសេគា​បាន​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា។ ក្រោយ​ពី​ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​សម្លាប់​ទាហាន​របស់​សានហេរីប​ចំនួន​១៨៥.០០០​នាក់ ស្តេច​សានហេរីប​ក៏​«​ត្រឡប់​»​ទៅ​ក្រុង​នីនីវេ​វិញ។—២ព. ១៩:​៣៥, ៣៦

៧​. ស្តី​អំពី​ការ​អធិដ្ឋាន​របស់​ហា​ណា​និង​យ៉ូណាស តើ​យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​អ្វី?

ហា​ណា​ដែល​ជា​ប្រពន្ធ​របស់​អែ​ល​កាណា​ដែល​មក​ពី​កុលសម្ព័ន្ធ​លេវី នាង​ក៏​បាន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​ដែរ ពេល​ដែល​នាង​មាន​ទុក្ខ​កង្វល់​ដោយ​សារ​នាង​ជា​ស្ត្រី​អារ។ (​១សាំ. ១:៩​-​១១, ១៨​) យ៉ូណាស​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ត្រូវ​សង្គ្រោះ​ពី​ពោះ​ត្រី​ធំ​ក្រោយ​ពី​គាត់​បាន​អធិដ្ឋាន​ថា​៖ ​«​ទូល​បង្គំ​បាន​អំពាវ​នាវ​ដល់​ព្រះ​យេហូវ៉ា ដោយ​ព្រោះ​ទុក្ខ​លំបាក​របស់​ទូល​បង្គំ ទ្រង់​ក៏​បាន​ឆ្លើយ​មក​ទូល​បង្គំ​ហើយ ទូល​បង្គំ​បាន​អំពាវ​នាវ​នៅ​ក្នុង​ពោះ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទ្រង់​បាន​ឮ​សំឡេង​របស់​ទូល​បង្គំ​»។ (​យ៉ូណ. ២:២, ៣, ១០​) នេះ​ពិត​ជា​សម្រាល​ទុក្ខ​យើង​មែន​ដោយ​ដឹង​ថា សូម្បី​តែ​យើង​ជួប​ប្រទះ​បញ្ហា​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក៏​ដោយ យើង​អាច​អំពាវ​នាវ​ដោយ​«​ទូល​អង្វរ​»​ឲ្យ​ព្រះ​យេហូវ៉ា​ជួយ​យើង​បាន!—សូម​អាន ទំនុកតម្កើង ៥៥:១, ១៦

៨, ៩​. ក្នុង​ការ​អធិដ្ឋាន​របស់​ហេសេគា ហា​ណា និង​យ៉ូណាស តើ​ពួក​គាត់​គិត​អំពី​អ្វី? ហើយ​តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​រឿង​នេះ?

គំរូ​របស់​ស្តេច​ហេសេគា ហា​ណា និង​យ៉ូណាស​ក៏​បង្រៀន​យើង​នូវ​មេរៀន​សំខាន់​មួយ​ដែរ គឺ​ពេល​យើង​ពិបាក​ចិត្ត កុំ​ឲ្យ​យើង​ភ្លេច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ឡើយ។ ពួក​គាត់​ទាំង​បី​នាក់​ពិបាក​ចិត្ត​ពេល​ដែល​ពួក​គាត់​ជួប​ស្ថានការណ៍​ពិបាក។ ប៉ុន្តែ ការ​អធិដ្ឋាន​របស់​ពួក​គាត់​បាន​បង្ហាញ​ថា ពួក​គាត់​មិន​បាន​គិតតែ​អំពី​ខ្លួន​គាត់ និង​អំពី​វិធី​ដោះ​ស្រាយ​បញ្ហា​ប៉ុណ្ណោះ​ទេ។ ពួក​គាត់​បាន​ចាត់​ទុក​នាម​របស់​ព្រះ ការ​គោរព​ប្រណិប័តន៍​លោក និង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ជា​អ្វី​ដែល​សំខាន់​បំផុត។ ហេសេគា​បាន​ឈឺ​ចិត្ត​ចំពោះ​ការ​តិះ​ដៀល​ដល់​នាម​របស់​ព្រះ​យេហូវ៉ា។ ហា​ណា​បាន​សន្យា​ឲ្យ​កូន​ដែល​នាង​ចង់​បាន​នោះ​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​បម្រើ​ក្នុង​ត្រ​សាល​របស់​លោក​នៅ​ក្រុង​ស៊ីឡូរ ហើយ​យ៉ូណាស​ក៏​បាន​និយាយ​ដែរ​ថា​៖ ​«​ទូល​បង្គំ​នឹង​លា​បំណន់​របស់​ទូល​បង្គំ​»។—យ៉ូណ. ២:១០

ពេល​យើង​អធិដ្ឋាន​សុំ​ព្រះ​ឲ្យ​ដក​យក​បញ្ហា​ដ៏​ស្មុគ​ស្មាញ​របស់​យើង​ចេញ គឺជា​ការ​ល្អ​ឲ្យ​យើង​គិត​ពិចារណា​អំពី​បំណង​ចិត្ត​របស់​យើង។ ពេល​យើង​អធិដ្ឋាន តើ​យើង​គិតតែ​អំពី​ការ​ដោះ​ស្រាយ​បញ្ហា​របស់​យើង​ប៉ុណ្ណោះ​ឬ? ឬ​ក៏​យើង​គិត​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​លោក​វិញ? ការ​រង​ទុក្ខវេទនា​អាច​ធ្វើ​ឲ្យ​យើង​ងាយ​គិតតែ​ពី​បញ្ហា​ផ្ទាល់​ខ្លួន​រហូត​ដល់​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​អ្វី​ដែល​មិន​សូវ​សំខាន់​ទៅ​វិញ។ ពេល​យើង​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ សូម​ឲ្យ​យើង​ប្រមូល​អារម្មណ៍​ទៅ​លើ​ព្រះ​យេហូវ៉ា ការ​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ និង​ភាព​ត្រឹម​ត្រូវ​នៃ​សិទ្ធិ​គ្រប់​គ្រង​របស់​លោក។ ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ជា​និច្ច សូម្បី​តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ដែល​យើង​ចង់​បាន​ក៏​ដោយ ព្រោះ​ជួនកាល​ព្រះ​ចង់​ឲ្យ​យើង​ស៊ូ​ទ្រាំ​នឹង​ស្ថានការណ៍​នោះ​ដោយ​មាន​ជំនួយ​ពី​លោក​វិញ។—សូម​អាន អេសាយ ៤០:២៩; ភីលីព ៤:១៣

ពេល​ធ្វើ​ការ​សម្រេច​ចិត្ត

១០, ១១​. ពេល​ជួប​នឹង​ស្ថានការណ៍​ដែល​មិន​ដឹង​អំពី​របៀប​ដោះ​ស្រាយ តើ​យ៉ូសាផាត​បាន​ធ្វើ​អ្វី?

១០ តើ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ក្នុង​ជីវិត​យ៉ាង​ដូច​ម្ដេច? តើ​អ្នក​សម្រេច​ចិត្ត​រួច​ហើយ ទើប​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​សុំ​លោក​ឲ្យ​ពរ​មក​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ឬ? សូម​ពិចារណា​អំពី​អ្វី​ដែល​ស្តេច​យ៉ូសាផាត​ធ្វើ ពេល​ដែល​សាសន៍​ម៉ូអាប់ និង​សាសន៍​អាំម៉ូន​លើក​ទ័ព​មក​ច្បាំង​នឹង​ស្រុក​យូដា។ ពួក​យូដា​គ្មាន​សមត្ថភាព​ច្បាំង​ឈ្នះ​នឹង​ពួក​គេ​វិញ​ទេ។ តើ​ស្តេច​យ៉ូសាផាត​បាន​ធ្វើ​យ៉ាង​ណា?

១១ គម្ពីរ​បាន​ចែង​ថា​៖ ​«​យ៉ូសាផាត​ទ្រង់​ក៏​ភ័យ​ខ្លាច ហើយ​តាំង​ព្រះ​ទ័យ​ស្វែងរក​ព្រះ​យេហូវ៉ា​»។ គាត់​ប្រកាស​ប្រាប់​ឲ្យ​មាន​ការ​តម​អត់​នៅ​ពេញ​ក្នុង​ស្រុក​យូដា ហើយ​ក៏​បាន​ប្រមូល​ពួក​យូដា​ឲ្យ​មក​ជុំ​គ្នា​ដើម្បី​«​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​»។ បន្ទាប់​មក គាត់​ឈរ​នៅ​ក្នុង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា នៅ​កណ្ដាល​ជំនុំ​ពួក​យូដា និង​ពួក​ក្រុង​យេរូសាឡិម ហើយ​អធិដ្ឋាន​ទៅ​លោក។ គាត់​បាន​អង្វរ​ថា​៖ ​«​ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ទ្រង់​កាត់​ទោស​ដល់​គេ ពីព្រោះ​យើង​ខ្ញុំ​រាល់​គ្នា​គ្មាន​កំឡាំង​នឹង​ទប់​ទល់​ចំពោះ​ពួក​យ៉ាង​ធំ ដែល​មក​ទាស់​នឹង​យើង​រាល់​គ្នា​នេះ​បាន​ទេ យើង​ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ដូច​ម្ដេច​ដែរ ប៉ុន្តែ​ភ្នែក​យើង​ខ្ញុំ​ទន្ទឹង​មើល​តែ​ទ្រង់​ទេ​»។ ព្រះ​ដ៏​ពិត​បាន​ឮ​ការ​អធិដ្ឋាន​របស់​យ៉ូសាផាត ហើយ​ក៏​ធ្វើ​ការ​អស្ចារ្យ​ដើម្បី​សង្គ្រោះ​ពួក​គេ។ (​២រប. ២០:៣​-​១២, ១៧​) ដូច្នេះ ពេល​ធ្វើ​ការ​សម្រេច​ចិត្ត ជា​ពិសេស​ចំពោះ​ការ​សម្រេច​ចិត្ត​ដែល​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ នោះ​យើង​គួរ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​ជាង​ពឹង​ផ្អែក​លើ​ការ​យល់​ដឹង​របស់​ខ្លួន​យើង មែន​ទេ?

១២, ១៣​. ស្តី​អំពី​ការ​សម្រេច​ចិត្ត តើ​ស្តេច​ដាវីឌ​បាន​ទុក​គំរូ​អ្វី?

១២ ពេល​យើង​ជួប​នឹង​ស្ថានការណ៍​ដែល​មើល​ទៅ​ដូច​ជា​ស្រួល​ដោះ​ស្រាយ ប្រហែលជា​ដោយ​សារ​បទ​ពិសោធន៍​ដែល​យើង​ធ្លាប់​ឆ្លង​កាត់​អាច​ធ្វើ​ឲ្យ​យើង​គិត​ឃើញ​ដំណោះ​ស្រាយ​ភ្លាម​ៗ តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា? កំណត់​ហេតុ​ដែល​ទាក់​ទង​នឹង​ស្តេច​ដាវីឌ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​រឿង​នេះ។ ពេល​សាសន៍​អាម៉ាលេក​វាយលុក​ទី​ក្រុង​ស៊ី​ក​ឡាក់ ពួក​គេ​ចាប់​យក​ពួក​ប្រពន្ធ និង​កូន​ៗ​របស់​ដាវីឌ​និង​ពួក​បុរស​របស់​គាត់។ ដាវីឌ​បាន​សួរ​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​ដេញ​តាម​ពួក​នោះ​ឬ​អី?​»។ ព្រះ​យេហូវ៉ា​ឆ្លើយ​ថា​៖ ​«​ចូរ​ដេញ​តាម​ចុះ ដ្បិត​នឹង​បាន​ទាន់​គេ​ជា​ពិត​ប្រាកដ ហើយ​នឹង​ចាប់​បាន​មក​វិញ​ទាំង​អស់​ជា​មិន​ខាន​ផង​»។ ដាវីឌ​បាន​ធ្វើ​តាម ហើយ​គាត់​«​ចាប់​យក​បាន​របស់​ទាំង​អស់ ដែល​សាសន៍​អាម៉ាលេក​បាន​ប្លន់​យក​ទៅ​នោះ​»​មក​វិញ។—១សាំ. ៣០:៧​-​៩, ១៨​-​២០

១៣ នៅ​ពេល​មួយ​ទៀត ក្រោយ​ពី​ការ​វាយលុក​របស់​សាសន៍​អាម៉ាលេក ពួក​ភីលីស្ទីន​បាន​មក​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល។ ដាវីឌ​បាន​សួរ​ទៅ​ព្រះ​យេហូវ៉ា​ម្ដង​ទៀត ហើយ​គាត់​បាន​ទទួល​ចម្លើយ​យ៉ាង​ច្បាស់​ពី​លោក។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឡើង​ទៅ​ចុះ ដ្បិត​អញ​នឹង​ប្រគល់​ពួក​ភីលីស្ទីន​មក​ក្នុង​ដៃ​ឯង​ជា​ពិត​ប្រាកដ​»។ (​២សាំ. ៥:១៨, ១៩​) មិន​យូរ​ក្រោយ​មក ពួក​ភីលីស្ទីន​បាន​ឡើង​មក​ច្បាំង​នឹង​ដាវីឌ​ម្ដង​ទៀត។ តើ​ដាវីឌ​នឹង​ធ្វើ​យ៉ាង​ណា​នៅ​លើក​នេះ? តើ​គាត់​នឹង​វែក​ញែក​ថា​‹ខ្ញុំ​ធ្លាប់​ជួប​រឿង​ស្រដៀង​នេះ​ពីរ​ដង​ហើយ ដូច្នេះ ខ្ញុំ​នឹង​ទៅ​ច្បាំង​នឹង​សត្រូវ​របស់​ព្រះ​ដូច​លើក​មុន​ដែរ› ឬ​ក៏​គាត់​ស្វែងរក​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​វិញ? ដាវីឌ​មិន​បាន​ពឹង​ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​ដែល​គាត់​ធ្លាប់​ជួប​ប្រទះ​នោះ​ទេ។ គាត់​បាន​អធិដ្ឋាន​សួរ​ដល់​ព្រះ​យេហូវ៉ា​ម្ដង​ទៀត។ ជា​ការ​ល្អ​មែន​ដែល​គាត់​សួរ​ដល់​ព្រះ​យេហូវ៉ា​នៅ​លើក​នេះ! ពីព្រោះ​ការ​ណែនាំ​ដែល​គាត់​ទទួល​នៅ​លើក​នេះ​គឺ​ខុស​ពី​លើក​មុន។ (​២សាំ. ៥:២២, ២៣​) ពេល​ជួប​នឹង​ស្ថានការណ៍​ឬ​បញ្ហា​ស្រដៀង​នឹង​នេះ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​យើង​ពឹង​ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​របស់​យើង​តែ​ម្យ៉ាង​នោះ​ឡើយ។—សូម​អាន យេរេមា ១០:២៣

១៤​. ស្តី​អំពី​របៀប​ដែល​យ៉ូស្វេ​និង​បុរស​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​សាសន៍​គី​បៀន តើ​យើង​អាច​រៀន​មេរៀន​អ្វី?

១៤ ក្នុង​នាម​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​ទាំង​អស់​គ្នា​រួម​ទាំង​ពួក​អ្នក​ចាស់​ទុំ​ដែល​មាន​បទ​ពិសោធន៍ ត្រូវ​ការពារ​ចិត្ត​កុំ​ឲ្យ​ភ្លេច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​សុំ​ការ​ណែនាំ​ពី​លោក​ពេល​ដែល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ឡើយ។ សូម​ពិចារណា​អំពី​របៀប​ដែល​យ៉ូស្វេ​ដែល​ជា​អ្នក​ស្នង​តំណែង​ពី​ម៉ូសេ និង​បុរស​ចាស់​ទុំ​នៃ​ពួក​អ៊ីស្រាអែល​ប្រព្រឹត្ត​ពេល​ដែល​ពួក​សាសន៍​គី​បៀន​ដែល​មាន​ប្រាជ្ញា​វាង​វៃ​បាន​បន្លំ​ខ្លួន​ដូច​ជា​អ្នក​ដែល​មក​ពី​ស្រុក​មួយ​ដ៏​សែន​ឆ្ងាយ។ ដោយ​មិន​បាន​សួរ​ដល់​ព្រះ​យេហូវ៉ា យ៉ូស្វេ​និង​អ្នក​ឯ​ទៀត​បាន​យល់​ព្រម​ចុះ​កិច្ច​សន្យា​សន្ដិភាព​ជា​មួយ​នឹង​ពួក​សាសន៍​គី​បៀន។ នៅ​ទី​បំផុត ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​គាំទ្រ​កិច្ច​សន្យា​នោះ​ក៏​ដោយ លោក​បាន​ឲ្យ​គេ​កត់​ទុក​អំពី​ការ​មិន​ស្វែងរក​ការ​ណែនាំ​នេះ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​យើង។—យ៉ូស. ៩:៣​-​៦, ១៤, ១៥

ពេល​ខំ​ព្យាយាម​ទប់​ទល់​នឹង​ការ​ល្បួង

១៥​. ហេតុ​អ្វី​សេចក្ដី​អធិដ្ឋាន​ជា​អ្វី​ដែល​សំខាន់​ដើម្បី​ជួយ​យើង​ឲ្យ​ទប់​ទល់​នឹង​ការ​ល្បួង?

១៥ ដោយ​សារ​យើង​មាន​«​ច្បាប់​របស់​ភាព​ខុស​ឆ្គង​»​នៅ​ក្នុង​ខ្លួន នោះ​យើង​ត្រូវ​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ប្រយុទ្ធ​នឹង​ភាព​ទោរ​ទន់​ទៅ​រក​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ (​រ៉ូម ៧:២១​-​២៥​) នេះ​ជា​ការ​ប្រយុទ្ធ​ដែល​យើង​អាច​ឈ្នះ​បាន។ តើ​តាម​របៀប​ណា? លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា ដើម្បី​ទប់​ទល់​នឹង​ការ​ល្បួង យើង​ត្រូវ​តែ​អធិដ្ឋាន​ជា​ចាំ​បាច់។ (​សូម​អាន លូកា ២២:៤០) បើ​យើង​នៅ​តែ​មាន​បំណង​ប្រាថ្នា​ឬ​គំនិត​មិន​ត្រឹម​ត្រូវ​ក្រោយ​ពី​យើង​បាន​អធិដ្ឋាន​ទៅ​ព្រះ​រួច​ហើយ នោះ​យើង​ត្រូវ​«​សុំ​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត​»​នូវ​ប្រាជ្ញា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ។ គម្ពីរ​បាន​ធានា​យើង​ថា​៖ ​«​លោក​ឲ្យ​ដោយ​ចិត្ត​ទូលាយ​ដល់​មនុស្ស​ទាំង​អស់ ហើយ​លោក​មិន​ស្តីបន្ទោស​ឡើយ​»។ (​យ៉ា. ១:៥​) យ៉ាកុប​ក៏​បាន​សរសេរ​ថា​៖ ​«​តើ​មាន​អ្នក​ណា​ឈឺ[​ឬ​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​មិន​រឹង​មាំ​]​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ? ចូរ​ឲ្យ​អ្នក​នោះ​ហៅ​បុរស​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​មក ហើយ​ឲ្យ​ពួក​គាត់​អធិដ្ឋាន​ឲ្យ​អ្នក​នោះ ដោយ​លាប​ប្រេង​ក្នុង​នាម​ព្រះ​យេហូវ៉ា។ រួច​សេចក្ដី​អធិដ្ឋាន​ដែល​បាន​ត្រូវ​ពោល​ដោយ​ជំនឿ​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​មិន​ស្រួល​ខ្លួន​បាន​ជា​សះ​ស្បើយ​»។—យ៉ា. ៥:​១៤, ១៥

១៦, ១៧​. ពេល​ស្វែងរក​ជំនួយ​ដើម្បី​ទប់​ទល់​នឹង​ការ​ល្បួង តើ​យើង​គួរ​អធិដ្ឋាន​នៅ​ពេល​ណា?

១៦ សេចក្ដី​អធិដ្ឋាន​គឺជា​អ្វី​ដែល​យើង​ត្រូវ​ការ​ជា​ចាំ​បាច់​ដើម្បី​ទប់​ទល់​នឹង​ការ​ល្បួង ប៉ុន្តែ​យើង​ត្រូវ​ទទួល​ស្គាល់​ថា​យើង​ក៏​ត្រូវ​អធិដ្ឋាន​នៅ​ចំ​ពេល​ដែរ។ សូម​ពិចារណា​អំពី​កាលៈទេសៈ​មួយ​របស់​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​បាន​រៀប​រាប់​នៅ​ក្នុង​សុភាសិត ៧:៦​-​២៣។ នៅ​ពេល​ព្រលប់ គាត់​កំពុង​ដើរ​ទៅ​តាម​ផ្លូវ​ដែល​មាន​ស្ត្រី​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​រស់​នៅ។ គាត់​បាន​ចាញ់​បញ្ឆោត​ចំពោះ​ពាក្យ​បញ្ចុះ​បញ្ចូល​និង​ពាក្យ​លួង​លោម​ដែល​ចេញ​ពី​មាត់​នាង ហើយ​គាត់​បាន​ទៅ​តាម​នាង​ដូច​គោ​ដែល​ទៅ​ឯ​ទី​សម្លាប់។ ហេតុ​អ្វី​បុរស​នេះ​បាន​ដើរ​ទៅ​កន្លែង​នោះ? ពីព្រោះ​គាត់​ជា​មនុស្ស​ដែល​«​ឥត​យោបល់​»​ឬ​គ្មាន​បទ​ពិសោធន៍ ហើយ​គាត់​ប្រហែលជា​មាន​បំណង​ប្រាថ្នា​ដែល​ខុស​ឆ្គង។ (​សុភ. ៧:៧​) តើ​ពេល​ណា​ជា​ពេល​ដ៏​ល្អ​បំផុត​ដែល​គាត់​គួរ​អធិដ្ឋាន? ប្រាកដ​ហើយ ជា​ការ​ល្អ​ឲ្យ​គាត់​អធិដ្ឋាន​នៅ​ពេល​ណា​ក៏​បាន​ក្នុង​ការ​ទប់​ទល់​នឹង​ការ​ល្បួង​ឲ្យ​ធ្វើ​ខុស។ ប៉ុន្តែ ពេល​ដែល​ល្អ​បំផុត​ឲ្យ​គាត់​អធិដ្ឋាន​ទៅ​ព្រះ​គឺជា​ពេល​ដែល​គាត់​ចាប់​ផ្ដើម​គិត​ចង់​ដើរ​តាម​ផ្លូវ​នោះ។

១៧ សព្វ​ថ្ងៃ​នេះ បុរស​ម្នាក់​ប្រហែលជា​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ទប់​ទល់​នឹង​ការ​មើល​រូប​អាសអាភាស។ ក៏​ប៉ុន្តែ ចុះ​បើ​គាត់​បើក​មើល​គេហទំព័រ​ដែល​គាត់​ដឹង​ថា​មាន​រូបភាព​ឬ​វីដេអូ​ដែល​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ស្រើប​ស្រាល? កាលៈទេសៈ​នេះ​ពិត​ជា​ស្រដៀង​គ្នា​នឹង​កាលៈទេសៈ​របស់​បុរស​វ័យ​ក្មេង​ដែល​សុភាសិត​ជំពូក​ទី​៧​បាន​រៀប​រាប់ មែន​ទេ? អ្វី​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​គឺ​ការ​ចាប់​ផ្ដើម​ដើរ​តាម​ផ្លូវ​នោះ! ដើម្បី​ទប់​ទល់​នឹង​ការ​ល្បួង​ក្នុង​ការ​មើល​រូប​អាសអាភាស មនុស្ស​ម្នាក់​ត្រូវ​ស្វែងរក​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដោយ​អធិដ្ឋាន​ទៅ​លោក​មុន​ចាប់​ផ្ដើម​ប្រើ​អ៊ីនធឺណិត។

១៨, ១៩​. (​ក​) ហេតុ​អ្វី​ការ​ទប់​ទល់​នឹង​ការ​ល្បួង​ជា​អ្វី​ដែល​ពិបាក? ប៉ុន្តែ តើ​អ្នក​អាចយ​ក​ឈ្នះ​ការ​ពិបាក​នេះ​យ៉ាង​ដូច​ម្ដេច? (​ខ​)​ តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

១៨ ដើម្បី​ទប់​ទល់​នឹង​ការ​ល្បួង​ឬ​យក​ឈ្នះ​ទម្លាប់​អាក្រក់​នានា គឺ​មិន​មែន​ជា​ការ​ងាយ​នោះ​ទេ។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​រូប​កាយ​ប្រឆាំង​សកម្មពល​របស់​ព្រះ ហើយ​សកម្មពល​របស់​ព្រះ​ប្រឆាំង​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​»។ ហេតុ​នេះ​ហើយ​បាន​ជា​«​អ្វី​ៗ​ដែល​[​យើង​]​ចង់​ធ្វើ [​យើង​]បែរ​ជា​មិន​ធ្វើ​ទៅ​វិញ​»។ (​កាឡ. ៥:១៧​) ដើម្បី​យក​ឈ្នះ​នឹង​បញ្ហា​នេះ យើង​ត្រូវ​អធិដ្ឋាន​ភ្លាម​ៗ​ពេល​ដែល​គំនិត​ខុស​ឆ្គង​ឬ​ការ​ល្បួង​ចាប់​មាន​ក្នុង​គំនិត​របស់​យើង ហើយ​ក្រោយ​មក​ប្រព្រឹត្ត​សម​ស្រប​តាម​អ្វី​ដែល​យើង​អធិដ្ឋាន។ ​«​គ្មាន​សេចក្ដី​ល្បួង​ណា​កើត​មាន​ដល់​[​យើង​]ដែល​មនុស្ស​ឯ​ទៀត​មិន​ធ្លាប់​ជួប​នោះ​ឡើយ​»​ ហើយ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​រក្សា​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​លោក​បាន។—១កូ. ១០:១៣

១៩ មិន​ថា​ពេល​យើង​ខំ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់ ឬ​ពេល​ខំ​ទប់​ទល់​នឹង​ការ​ល្បួង​ក្ដី ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​នូវ​អំណោយ​មួយ​ដ៏​អស្ចារ្យ គឺ​សេចក្ដី​អធិដ្ឋាន។ ដោយ​មាន​អំណោយ​នេះ យើង​អាច​បង្ហាញ​ថា​យើង​ពឹង​ផ្អែក​ទៅ​លើ​លោក។ យើង​ក៏​គួរ​បន្ត​សុំ​សកម្មពល​បរិសុទ្ធ​របស់​លោក​ជា​និច្ច ដើម្បី​ណែនាំ និង​ពង្រឹង​កម្លាំង​របស់​យើង។ (​លូក. ១១:៩​-​១៣​) ដូច្នេះ សូម​ឲ្យ​យើង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​កុំ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។

[​កំណត់​សម្គាល់​]

^ វគ្គ 1 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

• ស្តី​អំពី​ការ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ហេសេគា ហា​ណា និង​យ៉ូណាស?

• តើ​គំរូ​របស់​ដាវីឌ​និង​យ៉ូស្វេ​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ចេះ​ប្រុង​ប្រយ័ត្ន​ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ដូច​ម្ដេច?

• តើ​ពេល​ណា​ជា​ពេល​ដែល​យើង​គួរ​អធិដ្ឋាន​ដើម្បី​ទប់​ទល់​នឹង​ការ​ល្បួង?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​១៣​]

ដើម្បី​ទប់​ទល់​នឹង​ការ​ល្បួង តើ​ពេល​ណា​ជា​ពេល​ដ៏​ល្អ​បំផុត​ដែល​យើង​គួរ​អធិដ្ឋាន?