តើមានគេកុហកលោកអ្នកឬ?
តើមានគេកុហកលោកអ្នកឬ?
បើបុគ្គលម្នាក់ដែលលោកអ្នកទុកចិត្តនិយាយកុហកលោកអ្នក នោះលោកអ្នកប្រាកដជាឈឺចិត្តមែន។ មិនសូវមានរឿងណាដែលធ្វើឲ្យលោកអ្នកឈឺចិត្តច្រើនជាងនេះទេ។ លោកអ្នកប្រហែលជាបាក់មុខ ខឹង ឬក៏គិតថាគេបានក្បត់លោកអ្នក។ ពាក្យកុហកអាចបំផ្លាញចំណងមិត្តភាពនិងចំណងអាពាហ៍ពិពាហ៍ ថែមទាំងបានធ្វើឲ្យមនុស្សចាញ់បោកគេអស់លុយរាប់លានដុល្លារផងដែរ។
បើដូច្នេះ សូមស្រមៃគិតថា ពេលលោកអ្នកដឹងថាគេបាននិយាយកុហកលោកអ្នកអំពីព្រះ តើលោកអ្នកនឹងមានអារម្មណ៍យ៉ាងណា? បើលោកអ្នកមានជំនឿស៊ប់ទៅលើរឿងសាសនា ពាក្យកុហកនោះអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើចិត្តរបស់លោកអ្នក ដូចពួកអ្នកដែលទៅវិហារជាទៀងទាត់បានរៀបរាប់នៅខាងក្រោមនេះ:
● ឌីអេនបានពោលថា៖ «ខ្ញុំមានអារម្មណ៍ថាសាសនាបានក្បត់ខ្ញុំ»។
● លូអ៊ីបានប្រាប់ថា៖ «ខ្ញុំខឹងយ៉ាងខ្លាំង។ ខ្ញុំមានអារម្មណ៍ថាគេបានបោកប្រាស់ខ្ញុំព្រោះសេចក្ដីសង្ឃឹម និងគោលដៅរបស់ខ្ញុំក្លាយជាឥតន័យ»។
លោកអ្នកប្រហែលជាគិតថាគេនឹងមិននិយាយកុហកលោកអ្នកអំពីព្រះនោះទេ ព្រោះអ្វីដែលលោកអ្នកជឿប្រហែលជាមកពីបុគ្គលម្នាក់ដែលមិនមានបំណងអាក្រក់ ហើយក៏ជាបុគ្គលដែលលោកអ្នកទុកចិត្តទៀតផង ដូចជាឪពុកម្ដាយ គង្វាលក្នុងសាសនា ឬមិត្តភក្ដិជិតស្និទ្ធជាដើម។ ម្យ៉ាងទៀត ប្រហែលជាមានសេចក្ដីបង្រៀនមួយចំនួនអំពីព្រះដែលលោកអ្នកជឿតាំងពីតូចមកម្ល៉េះ។ ប៉ុន្តែ លោកអ្នកប្រហែលជាយល់ស្របថា ទោះជាទស្សនៈដែលមនុស្សទូទៅជឿក៏អាចខុសបានដែរ មែនទេ? ជាឧទាហរណ៍ អតីតប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក លោកហ្វ្រេងឃ្លីន រ៉ូស្វែលបានទទួលស្គាល់នូវហេតុការណ៍ពិតនេះ ព្រោះលោកបានមានប្រសាសន៍ថា៖ «ការនិយាយតៗគ្នាមិនធ្វើឲ្យពាក្យកុហកក្លាយជាពាក្យពិតទេ»។
តើលោកអ្នកអាចដឹងយ៉ាងដូចម្ដេចថាគេបាននិយាយកុហកលោកអ្នក? នៅពេលមួយ លោកយេស៊ូបានអធិដ្ឋានទៅព្រះថា៖ «បណ្ដាំរបស់លោកជាសេចក្ដីពិត»។ (យ៉ូហាន ១៧:១៧) ពិតមែនហើយ គម្ពីរដែលជាបណ្ដាំរបស់ព្រះមានអ្វីដែលយើងត្រូវការដើម្បីដឹងថាពាក្យណាជាពាក្យពិត ហើយពាក្យណាជាពាក្យកុហក។
ដូច្នេះ ដើម្បីបកអាក្រាតពាក្យកុហកអំពីព្រះ យើងសូមអញ្ជើញលោកអ្នកឲ្យពិនិត្យមើលបទគម្ពីរផ្សេងៗ ជាពិសេស យើងនឹងពិនិត្យមើលពាក្យកុហកប្រាំយ៉ាងដែលមានជាទូទៅ។ ការធ្វើដូច្នេះក៏នឹងជួយលោកអ្នកឲ្យយល់អំពីរបៀបដែលសេចក្ដីពិតអាចផ្លាស់ប្ដូរជីវិតលោកអ្នកឲ្យកាន់តែប្រសើរជាងដែរ។