លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីពិតអាចផ្លាស់ប្ដូរជីវិតរបស់លោកអ្នក

សេចក្ដីពិតអាចផ្លាស់ប្ដូរជីវិតរបស់លោកអ្នក

សេចក្ដី​ពិត​អាច​ផ្លាស់​ប្ដូរ​ជីវិត​របស់​លោក​អ្នក

លោក​អ្នក​ប្រហែលជា​ធ្លាប់​ឮ​ឬ​ធ្លាប់​ត្រូវ​គេ​បង្រៀន​អំពី​ពាក្យ​កុហក​ណា​មួយ​អំពី​ព្រះ​ដែល​អត្ថបទ​ទាំង​នេះ​បាន​បង្ហាញ។ ប៉ុន្តែ លោក​អ្នក​ប្រហែលជា​នៅ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ជំនឿ​របស់​លោក​អ្នក ជា​ពិសេស​បើ​លោក​អ្នក​កាន់​តាម​ជំនឿ​នោះ​តាំង​ពី​យូរ​ណាស់​មក​ហើយ។

ការ​ស្ទាក់​ស្ទើរ​បែប​នេះ​គ្មាន​អ្វី​ចម្លែក​ទេ។ សាសនា​ខ្លះ​មិន​លើក​ទឹក​ចិត្ត​សមាជិក​ឲ្យ​ប្រៀប​ធៀប​ការ​បង្រៀន​របស់​ពួក​គេ​ទៅ​នឹង​អ្វី​ដែល​បាន​ចែង​ក្នុង​គម្ពីរ​ឡើយ។ សាសនា​ខ្លះ​ទៀត​ខំ​ការពារ​សេចក្ដី​បង្រៀន​មិន​ពិត​ដោយ​និយាយ​ថា គម្ពីរ​គឺ​ពិបាក​យល់​ពេក ហើយ​មិន​មែន​មនុស្ស​ណា​ក៏​ដោយ​អាច​យល់​បាន​នោះ​ឡើយ។ ប៉ុន្តែ ពួក​អ្នក​កាន់​តាម​ភាគ​ច្រើន​របស់​លោក​យេស៊ូ​ជា​មនុស្ស​សាមញ្ញ​ធម្មតា មិន​បាន​រៀន​ជ្រៅ​ជ្រះ​ទេ តែ​ពួក​គេ​អាច​យល់​អ្វី​ដែល​លោក​បង្រៀន​បាន។—សកម្មភាព ៤:១៣

លោក​អ្នក​ក៏​ប្រហែលជា​មិន​ហ៊ាន​ពិចារណា​ជំនឿ​របស់​លោក​អ្នក​ឲ្យ​បាន​ហ្មត់​ចត់​ដែរ ពីព្រោះ​លោក​អ្នក​ប្រហែលជា​ខ្លាច​ថា​ការ​ធ្វើ​ដូច្នេះ​នឹង​បង្ហាញ​ថា​លោក​អ្នក​ខ្វះ​ជំនឿ។ ប៉ុន្តែ តើ​ជា​ការ​សម​ហេតុ​ផល​ឬ​ទេ​ដែល​ព្រះ​មិន​ពេញ​ចិត្ត​ដោយ​សារ​លោក​អ្នក​ពិចារណា​គម្ពីរ ដើម្បី​យល់​នូវ​អ្វី​ដែល​លោក​ចង់​ឲ្យ​លោក​អ្នក​ធ្វើ​នោះ? ផ្ទុយ​ទៅ​វិញ បណ្ដាំ​របស់​លោក​លើក​ទឹក​ចិត្ត​លោក​អ្នក​ឲ្យ​ពិចារណា​បទ​គម្ពីរ​ទាំង​នោះ​ដោយ​ផ្ទាល់ ដូច​បាន​ចែង​ថា​៖ ‹ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​អ្នក​ឲ្យ​ដឹង​នូវ​បំណង​ប្រាថ្នា​ដ៏​ប្រសើរ សមរម្យ​និង​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ›។—រ៉ូម ១២:២

ការ​រៀន​សេចក្ដី​ពិត​អំពី​ព្រះ​មិន​គ្រាន់តែ​ជា​ចំណេះ​ដឹង​ធម្មតា​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ផ្លាស់​ប្ដូរ​ជីវិត​របស់​លោក​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត​ដែរ។ (​យ៉ូហាន ៨:៣២​) ឌីអេន ដែល​បាន​រៀប​រាប់​នៅ​អត្ថបទ​ដើម​ដំបូង​បាន​បណ្ដុះ​ឲ្យ​មាន​ជំនឿ​ដោយ​ផ្អែក​លើ​បណ្ដាំ​របស់​ព្រះ។ គាត់​បាន​រៀប​រាប់​ថា​៖ ​«​ពេល​ខ្ញុំ​ចាប់​ផ្ដើម​រៀន​គម្ពីរ ទើប​ខ្ញុំ​យល់​ច្បាស់​អំពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​មិន​ត្រឹម​តែ​ជា​ព្រះ​មួយ​អង្គ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជា​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ផង​ដែរ។ ខ្ញុំ​បាន​រក​ឃើញ​គោល​បំណង​ពិត​នៃ​ជីវិត​»។

កាល​ពី​មុន លោក​អ្នក​ប្រហែលជា​ធ្លាប់​រៀន​គម្ពីរ ហើយ​មាន​អារម្មណ៍​ថា ខ្លួន​មិន​បាន​ទទួល​ប្រយោជន៍​អ្វី​សោះ។ បើ​ដូច្នេះ​មែន សូម​កុំ​រសាយ​ចិត្ត​ឡើយ។ ការ​ខំ​ព្យាយាម​យល់​អំពី​អ្វី​ដែល​ចែង​ក្នុង​គម្ពីរ​ពេល​ដែល​មាន​គេ​បង្រៀន​ពាក្យ​កុហក​អំពី​ព្រះ នោះ​ប្រៀប​ដូច​ជា​ការ​ខំ​ជួស​ជុល​ម៉ូតូ​ដោយ​ប្រើ​ឧបករណ៍​ខុស។ លោក​អ្នក​ប្រហែលជា​អាច​ដោះ​ខ្ចៅ​ខ្យង​បាន​ខ្លះ​ៗ ប៉ុន្តែ​លោក​អ្នក​ក៏​រសាយ​ចិត្ត ហើយ​ខឹង​ថែម​ទៀត ដោយ​សារ​ឧបករណ៍​ដែល​លោក​អ្នក​មាន​នោះ មិន​អាច​ជួស​ជុល​ម៉ូតូ​បាន​ឡើយ។ ប៉ុន្តែ បើ​លោក​អ្នក​មាន​ឧបករណ៍​ត្រឹម​ត្រូវ នោះ​លោក​អ្នក​នឹង​អាច​ជួស​ជុល​ម៉ូតូ​បាន​យ៉ាង​ស្រួល មែន​ទេ?

តើ​លោក​អ្នក​ចង់​រៀន​សេចក្ដី​ពិត​អំពី​ព្រះ​ឬ​ទេ? យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​រៀន​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ​ដោយ​ទាក់​ទង​នឹង​សាក្សី​ព្រះ​យេហូវ៉ា​ដែល​នៅ​តំបន់​របស់​លោក​អ្នក ឬ​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​អាសយដ្ឋាន​ណា​មួយ​ដែល​មាន​នៅ​ទំព័រ​ទី​៤​ក្នុង​ទស្សនាវដ្ដី​នេះ។

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៩​]

‹ចូរ​ពិសោធ​មើល ដោយ​ខ្លួន​អ្នក​ឲ្យ​ដឹង​នូវ​បំណង​ប្រាថ្នា​ដ៏​ប្រសើរ​សមរម្យ​និង​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ›។—រ៉ូម ១២:២