លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការរស់នៅស្របតាមខ្នាតតម្រាក្នុងគម្ពីរ តើមានប្រយោជន៍ឬទេ?

ការរស់នៅស្របតាមខ្នាតតម្រាក្នុងគម្ពីរ តើមានប្រយោជន៍ឬទេ?

ការ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ តើ​មាន​ប្រយោជន៍​ឬ​ទេ?

តើ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ការ​រួម​ភេទ​គឺ​ហួស​សម័យ​និង​តឹងរ៉ឹង​ពេក​ឬ? មិន​មែន​ទេ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​គម្ពីរ​បង្រៀន​អំពី​ការ​រួម​ភេទ​អាច​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី:

ជំងឺ​កាមរោគ

ការ​មាន​កូន​ដែល​ឥត​ខាន់ស្លា

ការ​ឈឺ​ចាប់​ដែល​មក​ពី​ការ​បែកបាក់​គូ​អាពាហ៍ពិពាហ៍

ការ​បន្ទោស​ខ្លួន​ឯង

ការ​បាត់បង់​ភាព​ថ្លៃ​ថ្នូរ​របស់​ខ្លួន​ដោយ​សារ​គេ​ប្រើ​យើង​ជា​ឧបករណ៍​ដើម្បី​ចម្អែត​តណ្ហា​របស់​គេ

ព្រះ​យេហូវ៉ា *ដែល​ជា​អ្នក​បង្កើត​យើង លោក​ចង់​ឲ្យ​យើង​រីករាយ និង​ទទួល​ប្រយោជន៍​ពី​អំណោយ​របស់​លោក។ ព្រះ​ជា​‹អ្នក​ដែល​បង្រៀន​ឲ្យ​យើង​បាន​ទទួល​ប្រយោជន៍›។ (​អេសាយ ៤៨:១៧​) អ្នក​ដែល​រស់​នៅ​ស្រប​តាម​ការ​ណែនាំ​ដែល​មាន​ក្នុង​គម្ពីរ​ស្តី​អំពី​រឿង​រួម​ភេទ​អាច​ទទួល:

ការ​ពេញ​ចិត្ត​ពី​ព្រះ

សេចក្ដី​សុខសាន្ត​ក្នុង​ចិត្ត

ចំណង​អាពាហ៍ពិពាហ៍​រឹង​មាំ

កេរ្ដិ៍​ឈ្មោះ​ល្អ

ភាព​ថ្លៃ​ថ្នូរ

ប៉ុន្តែ ចុះ​បើ​ឥឡូវ​នេះ​លោក​អ្នក​មិន​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​សីលធម៌​ដែល​មាន​ក្នុង​គម្ពីរ? តើ​លោក​អ្នក​អាច​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​លោក​អ្នក​ឬ​ទេ? តើ​ព្រះ​នឹង​យក​ការ​ប្រព្រឹត្ត​ដែល​លោក​អ្នក​ធ្លាប់​ធ្វើ​ពី​មុន​មក​កាត់​ទោស​លោក​អ្នក​ឬ?

សូម​ពិចារណា​អំពី​ហេតុ​ការណ៍​ពិត​នេះ: មនុស្ស​ខ្លះ​ដែល​ជា​សមាជិក​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ជា​អ្នក​ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អ្នក​ផិត​ក្បត់ និង​អ្នក​ដែល​រួម​ដំណេក​ជា​មួយ​មនុស្ស​ភេទ​ដូច​គ្នា។ ពួក​គេ​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​ពួក​គេ ហើយ​ពួក​គេ​បាន​ទទួល​ប្រយោជន៍​យ៉ាង​ច្រើន។ (​កូរិនថូសទី១ ៦:៩​-​១១​) សព្វ​ថ្ងៃ​នេះ មនុស្ស​រាប់​ពាន់​នាក់​ទូ​ទាំង​ពិភព​លោក​បាន​ជ្រើស​រើស​ធ្វើ​ដូច្នេះ។ ពួក​គេ​ឈប់​រស់​នៅ​ជា​អ្នក​ដែល​រួម​ភេទ​មិន​រើស​មុខ និង​ទទួល​ប្រយោជន៍​ពី​ការ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដែល​មាន​ក្នុង​គម្ពីរ។ ជា​ឧទាហរណ៍ សូម​កត់​សម្គាល់​អំពី​បទ​ពិសោធន៍​របស់​សារ៉ា​ដែល​បាន​រៀប​រាប់​នៅ​អត្ថបទ​ដំបូង​នៃ​ទស្សនាវដ្ដី​នេះ។

«​ខ្ញុំ​ធូរ​អារម្មណ៍​ភ្លាម​ៗ​»​

សារ៉ា​បាន​យល់​ឃើញ​ថា​ជីវិត​ដែល​មាន​តណ្ហា​ពុះ​កញ្ជ្រោល​របស់​នាង​មិន​បាន​ធ្វើ​ឲ្យ​នាង​មាន​សេរីភាព​និង​ការ​ស្កប់​ចិត្ត​ដូច​ដែល​នាង​ចង់​បាន​នោះ​ទេ។ នាង​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​ចិត្ត​ខ្ញុំ​លែង​ព្រមាន​ខ្ញុំ​ទៀត​ហើយ។ ខ្ញុំ​ខ្មាស​ខ្លួន​ឯង​និង​ព្រួយ​បារម្ភ​ថា​ខ្ញុំ​អាច​មាន​ផ្ទៃ​ពោះ​ឬ​ក៏​មាន​ជំងឺ​កាមរោគ​ណា​មួយ។ ខ្ញុំ​មិន​ដែល​ឈប់​ជឿ​ថា​មាន​ព្រះ​នោះ​ទេ ហើយ​ខ្ញុំ​បាន​ដឹង​ថា​គន្លង​ជីវិត​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​លោក​ឈឺ​ចិត្ត។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ស្មោកគ្រោក ហើយ​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​រហូត​»។

នៅ​ទី​បំផុត សារ៉ា​បាន​ទទួល​កម្លាំង​ដើម្បី​កែប្រែ​របៀប​រស់​នៅ​របស់​នាង។ នាង​បាន​សុំ​ជំនួយ​ពី​ឪពុក​ម្ដាយ​របស់​នាង​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា។ នាង​ក៏​បាន​សុំ​ជំនួយ​ពី​អ្នក​ចាស់​ទុំ​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់​ក្នុង​ក្រុម​ជំនុំ​ដែរ។ សារ៉ា​បាន​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​បាន​រំភើប​ចិត្ត​ដោយ​សារភាព​កក់​ក្ដៅ​និង​សេចក្ដី​ស្រឡាញ់​ដែល​ឪពុក​ម្ដាយ​របស់​ខ្ញុំ​និង​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​បាន​បង្ហាញ​ដល់​ខ្ញុំ ហើយ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ធូរ​អារម្មណ៍​ភ្លាម​ៗ​»។

សព្វ​ថ្ងៃ​នេះ សារ៉ា​មាន​កូន​ពីរ​នាក់ ហើយ​នាង​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ប្រាប់​កូន​ៗ​របស់​ខ្ញុំ​ដោយ​ឥត​លាក់​លៀម​អំពី​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ។ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​យល់​អំពី​របៀប​ដែល​ការ​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ជះ​ឥទ្ធិពល​មក​លើ​ខ្ញុំ។ ខ្ញុំ​មាន​គោលដៅ​ចង់​ជួយ​ពួក​គេ​ឲ្យ​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ប្រយោជន៍​ខាង​ផ្លូវ​កាយ ខាង​ផ្លូវ​ចិត្ត និង​ខាង​អារម្មណ៍​ដែល​មក​ពី​ការ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​ស្តី​អំពី​រឿង​រួម​ភេទ។ ខ្ញុំ​ជឿ​ជាក់​ថា​ព្រះ​ឲ្យ​ខ្នាត​តម្រា​សីលធម៌​នេះ​ដល់​យើង​ពីព្រោះ​លោក​មិន​ចង់​ឃើញ​យើង​ឈឺ​ចាប់​»។

លោក​អ្នក​ក៏​អាច​ទទួល​ប្រយោជន៍​ដែល​មក​ពី​ការ​ធ្វើ​តាម​ការ​ណែនាំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ដែរ។ គម្ពីរ​បាន​សន្យា​ថា​៖ ​«​សេចក្ដី​បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា​សុទ្ធតែ​ទៀង​ត្រង់ ក៏​បណ្ដាល​ឲ្យ​ចិត្ត​រីក​រាយ​សប្បាយ ក្រឹត្យ​ក្រម​នៃ​ព្រះ​យេហូវ៉ា​ជា​សុទ្ធសាធ ក៏​បំភ្លឺ​ភ្នែក . . . ហើយ​ដែល​កាន់​តាម នោះ​ក៏​មាន​រង្វាន់​យ៉ាង​ធំ​»។—ទំនុកតម្កើង ១៩:៨, ១១ *

[​កំណត់​សម្គាល់​]

^ វគ្គ 8 យេហូវ៉ា​ជា​ឈ្មោះ​របស់​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ។

^ វគ្គ 20 ដើម្បី​រៀន​បន្ថែម​អំពី​ឱវាទ​ដ៏​មាន​ប្រយោជន៍​ដែល​មាន​ក្នុង​គម្ពីរ សូម​លោក​អ្នក​ទាក់​ទង​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​តំបន់​របស់​លោក​អ្នក។ ឬ​ក៏​លោក​អ្នក​អាច​សរសេរ​សំបុត្រ​ទៅ​កាន់​អាសយដ្ឋាន​ដែល​មាន​នៅ​ទំព័រ​៤​ក្នុង​ទស្សនាវដ្ដី​នេះ ឬ​បើក​មើល​គេហទំព័រ​របស់​យើង​www.watchtower.org។

[​ឃ្លា​អក្សរ​នៅ​ទំព័រ​៨​]

ពួក​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ​ច្រើន​តែ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត

[​ឃ្លា​អក្សរ​នៅ​ទំព័រ​៩​]

ពួក​អ្នក​ដែល​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ​មាន​ចំណង​អាពាហ៍ពិពាហ៍​កាន់​តែ​រឹង​មាំ ហើយ​ចិត្ត​របស់​ពួក​គេ​មិន​ស្តីបន្ទោស​ពួក​គេ​ឡើយ