តើអ្នកអាចសម្គាល់ការគោរពប្រណិប័តន៍ពិតយ៉ាងដូចម្ដេច?
សូមរៀនពីបណ្ដាំរបស់ព្រះ
តើអ្នកអាចសម្គាល់ការគោរពប្រណិប័តន៍ពិតយ៉ាងដូចម្ដេច?
អត្ថបទនេះលើកឡើងនូវសំណួរមួយចំនួន ដែលអ្នកប្រហែលជាធ្លាប់សួរ ហើយបង្ហាញ ចម្លើយដែលអ្នកអាចអានពីគម្ពីររបស់អ្នក។ សាក្សីព្រះយេហូវ៉ានឹងរីករាយពិភាក្សា ចម្លើយទាំងនេះជាមួយនឹងអ្នក។
១. តើមានសាសនាពិតតែមួយឬ?
លោកយេស៊ូបានបង្រៀនពួកអ្នកកាន់តាមលោកឲ្យគោរពសាសនាតែមួយប៉ុណ្ណោះ ពោលគឺសាសនាពិត។ សាសនានេះប្រៀបដូចជាផ្លូវដែលនាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់។ ស្តីអំពីផ្លូវនោះ លោកយេស៊ូបានមានប្រសាសន៍ថា៖ «មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»។ (ម៉ាថាយ ៧:១៤) ព្រះពេញចិត្តតែការគោរពប្រណិប័តន៍ដែលមានមូលដ្ឋានលើបណ្ដាំរបស់លោកដែលជាសេចក្ដីពិត។ ពួកអ្នកគោរពប្រណិប័តន៍ពិតទាំងអស់មានសាមគ្គីភាពដោយសារពួកគេមានជំនឿតែមួយ។—សូមអាន យ៉ូហាន ៤:២៣, ២៤; ១៤:៦; អេភេសូរ ៤:៤, ៥
២. ហេតុអ្វីសាសនាជាច្រើនអះអាងថាជាគ្រិស្តសាសនា?
ពួកអ្នកប្រកាសទំនាយមិនពិតបានបង្ខូចការបង្រៀនរបស់គ្រិស្តសាសនា ហើយបានប្រើសាសនានោះដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូចលោកយេស៊ូបានទាយទុក ពួកគេតាំងខ្លួនជា«ចៀម» តែការប្រព្រឹត្តរបស់ពួកគេប្រៀបដូចជាឆ្កែចចកដែលអត់ឃ្លានវិញ។ (ម៉ាថាយ ៧:១៣-១៥, ២១, ២៣) គ្រិស្តសាសនាក្លែងក្លាយបានរីករាលដាលក្រោយពេលពួកសាវ័ករបស់លោកយេស៊ូបានស្លាប់។—សូមអាន សកម្មភាព ២០:២៩, ៣០
៣. តើការគោរពប្រណិប័តន៍ពិតត្រូវមានលក្ខណៈអ្វីខ្លះ?
ពួកអ្នកគោរពប្រណិប័តន៍ពិតគោរពគម្ពីរ ហើយចាត់ទុកគម្ពីរជាបណ្ដាំរបស់ព្រះ។ ពួកគេខំព្យាយាមរស់នៅស្របតាមគោលការណ៍ក្នុងគម្ពីរ។ ដូច្នេះ សាសនាពិតខុសប្លែកពីសាសនាដែលមានមូលដ្ឋានលើគំនិតរបស់មនុស្ស។ (ម៉ាថាយ ១៥:៧-៩) ពួកអ្នកគោរពប្រណិប័តន៍ពិតធ្វើតាមអ្វីដែលពួកគេផ្សព្វផ្សាយ។—សូមអាន យ៉ូហាន ១៧:១៧; ធីម៉ូថេទី២ ៣:១៦, ១៧
សាសនាពិតលើកតម្កើងនាមរបស់ព្រះគឺយេហូវ៉ា។ លោកយេស៊ូបានឲ្យមនុស្សស្គាល់នាមរបស់ព្រះ។ លោកបានជួយមនុស្សឲ្យស្គាល់ព្រះ ហើយបង្រៀនពួកគេឲ្យអធិដ្ឋានសុំឲ្យនាមរបស់ព្រះបានបរិសុទ្ធ។ (ម៉ាថាយ ៦:៩) នៅតំបន់ដែលលោកអ្នករស់នៅ តើសាសនាមួយណាជួយមនុស្សឲ្យស្គាល់និងប្រើនាមរបស់ព្រះ?—សូមអាន យ៉ូហាន ១៧:២៦; រ៉ូម ១០:១៣, ១៤
៤. តើអ្នកអាចសម្គាល់ការគោរពប្រណិប័តន៍ពិតយ៉ាងដូចម្ដេច?
ពួកគ្រិស្តសាសនិកពិតផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ។ ព្រះបានចាត់លោកយេស៊ូឲ្យមកផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ។ រាជាណាចក្ររបស់ព្រះជាសេចក្ដីសង្ឃឹមតែមួយគត់សម្រាប់មនុស្សជាតិ។ លោកយេស៊ូនៅតែផ្សព្វផ្សាយអំពីរាជាណាចក្រនោះរហូតដល់ថ្ងៃដែលលោកទទួលមរណភាព។ (លូកា ៤:៤៣; ៨:១; ២៣:៤២, ៤៣) លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកឲ្យផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ។ បើមានមនុស្សម្នាក់និយាយជាមួយលោកអ្នកអំពីរាជាណាចក្ររបស់ព្រះ តើគាត់ប្រហែលជាកាន់សាសនាអ្វី?—សូមអាន ម៉ាថាយ ១០:៧; ២៤:១៤
ពួកអ្នកកាន់តាមលោកយេស៊ូមិនរួមចំណែកក្នុងពិភពលោកដ៏អាក្រក់នេះទេ។ ពួកគេមិនចូលរួមក្នុងរឿងនយោបាយឬជម្លោះក្នុងសង្គមឡើយ។ (យ៉ូហាន ១៧:១៦) ពួកគេក៏មិនយកតម្រាប់តាមចិត្តគំនិតនិងការប្រព្រឹត្តរបស់ពិភពលោកនេះ ដែលនាំឲ្យបង់ប្រយោជន៍ខ្លួនដែរ។—សូមអាន យ៉ាកុប ១:២៧; ៤:៤
៥. តើអ្វីជាលក្ខណៈសំខាន់បំផុតនៃគ្រិស្តសាសនាពិត?
សេចក្ដីស្រឡាញ់ដែលពួកគ្រិស្តសាសនិកពិតមានចំពោះគ្នាទៅវិញទៅមក ជាលក្ខណៈដែលលេចធ្លោ។ សមស្របតាមអ្វីដែលពួកគេរៀនពីបណ្ដាំរបស់ព្រះ ពួកគេគោរពជនជាតិទាំងអស់។ ជារឿយៗ សាសនាមិនពិតបានគាំទ្រសង្គ្រាមយ៉ាងពេញទំហឹង តែសាសនាពិតវិញមិនព្រមធ្វើដូច្នេះទេ។ (មីកា ៤:១-៤) ផ្ទុយទៅវិញ សមាជិករបស់សាសនាពិតប្រើពេលវេលានិងធនធានរបស់ពួកគេដើម្បីជួយនិងលើកទឹកចិត្តអ្នកឯទៀតដោយមិនគិតពីប្រយោជន៍ខ្លួន។—សូមអាន យ៉ូហាន ១៣:៣៤, ៣៥; យ៉ូហានទី១ ៤:២០, ២១
តើសាសនាមួយណាយកបណ្ដាំរបស់ព្រះជាមូលដ្ឋានក្នុងការបង្រៀនទាំងអស់ និងលើកតម្កើងនាមរបស់ព្រះ ព្រមទាំងប្រកាសថារាជាណាចក្ររបស់ព្រះជាសេចក្ដីសង្ឃឹមតែមួយគត់របស់មនុស្សជាតិ? តើសមាជិករបស់សាសនាមួយណាដែលបង្ហាញសេចក្ដីស្រឡាញ់និងមិនគាំទ្រសង្គ្រាម? ហេតុការណ៍ពិតបានបង្ហាញថាគឺសាក្សីព្រះយេហូវ៉ា។—យ៉ូហានទី១ ៣:១០-១២
ដើម្បីទទួលព័ត៌មានបន្ថែម សូមមើលជំពូកទី១៥នៃសៀវភៅនេះតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបានត្រូវបោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
[រូបភាពនៅទំព័រ១៦]
«ពួកគេប្រកាសជាសាធារណៈថា ពួកគេស្គាល់ព្រះ ក៏ប៉ុន្តែការប្រព្រឹត្តរបស់ពួកគេបង្ហាញថា ពួកគេមិនទទួលស្គាល់ព្រះទេ»។—ទីតុស ១:១៦