លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សកម្មពលរបស់ព្រះដឹកនាំមនុស្សនៅសតវត្សរ៍ទី១និងនៅសព្វថ្ងៃនេះ

សកម្មពលរបស់ព្រះដឹកនាំមនុស្សនៅសតវត្សរ៍ទី១និងនៅសព្វថ្ងៃនេះ

សកម្មពល​របស់​ព្រះ​ដឹក​នាំ​មនុស្ស​នៅ​សតវត្សរ៍​ទី​១​និង​នៅ​សព្វ​ថ្ងៃ​នេះ

​«​សកម្មពល​តែ​មួយ​ធ្វើ​សកម្មភាព​ទាំង​នេះ​»។—១កូ. ១២:១១

១​. តើ​យើង​នឹង​ពិចារណា​អំពី​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ពេល​ ដែល​អ្នក​ឮ​ពាក្យ​ថា​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ធ្វើ​ឲ្យ​អ្នក​នឹក​ឃើញ​ព្រឹត្ដិការណ៍​មួយ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ណាស់! (​សកម្ម. ២:១​-​៤​) នៅ​ពេល​នោះ ព្រះ​បាន​ចាក់​សកម្មពល​បរិសុទ្ធ ហើយ​នោះ​បញ្ជាក់​ថា​លោក​ចាប់​ផ្ដើម​ដឹក​នាំ​រាស្ត្រ​របស់​លោក​តាម​របៀប​ថ្មី។ នៅ​អត្ថបទ​មុន យើង​បាន​ពិចារណា​អំពី​វិធី​ខ្លះ​ៗ​ដែល​សកម្មពល​របស់​ព្រះ​បាន​ជួយ​អ្នក​បម្រើ​ស្មោះ​ត្រង់​ពី​សម័យ​បុរាណ​ឲ្យ​បំពេញ​ភារកិច្ច​ដ៏​ពិបាក។ ប៉ុន្តែ តើ​របៀប​ដែល​សកម្មពល​របស់​ព្រះ​ដឹក​នាំ​ពួក​អ្នក​ដែល​រស់​នៅ​សម័យ​មុន​លោក​យេស៊ូ ខុស​គ្នា​យ៉ាង​ណា​ពី​របៀប​ដែល​សកម្មពល​នោះ​ដឹក​នាំ​ពួក​អ្នក​នៅ​សតវត្សរ៍​ទី​១? ហើយ​នៅ​សព្វ​ថ្ងៃ​នេះ តើ​ពួក​គ្រិស្ត​សាសនិក​អាច​ទទួល​ប្រយោជន៍​ពី​ការ​ដឹក​នាំ​នៃ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? សូម​ឲ្យ​យើង​ពិចារណា​អំពី​រឿង​នេះ។

​​«​មើល! ខ្ញុំ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​យេហូវ៉ា!​»​

២​. តើ​ម៉ារៀ​បាន​ឃើញ​ឥទ្ធិពល​នៃ​សកម្មពល​បរិសុទ្ធ​តាម​របៀប​ណា?

ម៉ារៀ​បាន​មាន​វត្តមាន​នៅ​ក្នុង​បន្ទប់​ខាង​លើ​នៅ​ទី​ក្រុង​យេរូសាឡិម ពេល​ដែល​សកម្មពល​បរិសុទ្ធ​បាន​ត្រូវ​ចាក់​មក​លើ​ពួក​អ្នក​កាន់​តាម ដូច​ព្រះ​បាន​សន្យា។ (​សកម្ម. ១:១៣, ១៤​) ប៉ុន្តែ នាង​បាន​ឃើញ​សកម្មពល​របស់​ព្រះ​យេហូវ៉ា​បញ្ចេញ​ឥទ្ធិពល​តាម​របៀប​ដ៏​ពិសេស​អស់​៣០​ឆ្នាំ​មក​ហើយ។ ព្រះ​យេហូវ៉ា​បាន​យក​ជីវិត​របស់​លោក​យេស៊ូ​ពី​ស្ថាន​សួគ៌​ឲ្យ​មក​កើត​ក្នុង​ផ្ទៃ​របស់​នាង​ម៉ារៀ​នៅ​ផែនដី ពេល​ដែល​នាង​នៅ​ជា​ស្ត្រី​ក្រមុំ​បរិសុទ្ធ។ គឺ​«​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​»​ដែល​បាន​ធ្វើ​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ។—ម៉ាថ. ១:២០

៣, ៤​. តើ​ម៉ារៀ​មាន​ចិត្ត​គំនិត​បែប​ណា? ហើយ​តើ​យើង​អាចយ​ក​តម្រាប់​តាម​នាង​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​ព្រះ​បាន​ជ្រើស​រើស​នាង​ម៉ារៀ? ក្រោយ​ពី​ទេវតា​បាន​ពន្យល់​នាង​អំពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​នាង ម៉ារៀ​បាន​ពោល​ឡើង​ថា​៖ ​«​មើល! ខ្ញុំ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​យេហូវ៉ា! សូម​ឲ្យ​ការ​នេះ​កើត​ឡើង​ដល់​ខ្ញុំ តាម​សេចក្ដី​ប្រកាស​របស់​អ្នក​ចុះ​»។ (​លូក. ១:៣៨​) ដោយ​នាង​បាន​ពោល​ឡើង​ដូច្នេះ នោះ​ស​ឲ្យ​ឃើញ​ពី​ចិត្ត​គំនិត​ដែល​ព្រះ​បាន​កត់​សម្គាល់​រួច​ទៅ​ហើយ។ ដោយ​សារ​នាង​បាន​តប​ឆ្លើយ​ភ្លាម​ៗ នេះ​បង្ហាញ​ថា​នាង​បាន​ត្រៀម​ខ្លួន​ធ្វើ​តាម​គោល​បំណង​របស់​ព្រះ​ចំពោះ​រឿង​នេះ។ នាង​មិន​បាន​សួរ​ទេវតា​នោះ​អំពី​អ្វី​ដែល​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​នឹង​គិត​ពេល​ដែល​ដឹង​ថា​នាង​មាន​ផ្ទៃ​ពោះ​ឡើយ ហើយ​នាង​ក៏​មិន​បាន​ខ្លាច​ថា​គូ​ដណ្ដឹង​របស់​នាង​នឹង​ផ្ដាច់​ពាក្យ​ជា​មួយ​នាង​ដែរ។ ដោយ​ម៉ារៀ​ប្រើ​ពាក្យ​ថា​ខ្ញុំ​បម្រើ​របស់​ព្រះ​យេហូវ៉ា នាង​បាន​បង្ហាញ​ថា​នាង​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​លោក​ដែល​ជា​ម្ចាស់​របស់​នាង។

ជួនកាល តើ​អ្នក​មាន​អារម្មណ៍​ថា​ទុក្ខ​លំបាក​ឬ​ភារកិច្ច​ខ្លះ​ក្នុង​ការ​បម្រើ​ព្រះ​ជា​អ្វី​ដែល​ហួស​ពី​សមត្ថភាព​របស់​អ្នក​ឬ​ទេ? ជា​ការ​ល្អ​ឲ្យ​យើង​ទាំង​អស់​គ្នា​សួរ​ខ្លួន​យើង​ថា: ‹តើ​ខ្ញុំ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា​ថា​លោក​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​ឡាយ​ដើម្បី​សម្រេច​តាម​បំណង​ប្រាថ្នា​របស់​លោក​ឬ​ទេ? តើ​ខ្ញុំ​ពិត​ជា​ស្ម័គ្រ​ចិត្ត​បំពេញ​ភារកិច្ច​ដែល​ព្រះ​ប្រគល់​ឲ្យ​ខ្ញុំ​ឬ​ទេ?›។ សូម​មាន​ទំនុក​ចិត្ត​ថា​ព្រះ​ឲ្យ​សកម្មពល​របស់​លោក​ដល់​ពួក​អ្នក​ដែល​ទុក​ចិត្ត​លោក​យ៉ាង​អស់ពី​ចិត្ត ហើយ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។—សកម្ម. ៥:៣២

សកម្មពល​បរិសុទ្ធ​បាន​ជួយ​ពេត្រុស

៥​. មុន​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. តើ​ពេត្រុស​បាន​ឃើញ​ឥទ្ធិពល​នៃ​សកម្មពល​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច?

ដូច​នាង​ម៉ារៀ សាវ័ក​ពេត្រុស​បាន​ឃើញ​និង​ទទួល​ឥទ្ធិពល​ពី​សកម្មពល​របស់​ព្រះ​មុន​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.។ លោក​យេស៊ូ​បាន​ឲ្យ​អំណាច​ដល់​គាត់​និង​សាវ័ក​ឯ​ទៀត​ដើម្បី​បណ្ដេញ​ពួក​វិញ្ញាណ​កំណាច។ (​ម៉ាក. ៣:១៤​-​១៦​) ទោះ​ជា​បទ​គម្ពីរ​មិន​បាន​ប្រាប់​ព័ត៌មាន​ល្អិត​ល្អន់​ក៏​ដោយ តាម​មើល​ទៅ​ពេត្រុស​ទំនង​ជា​បាន​ប្រើ​អំណាច​នោះ។ បន្ថែម​ទៅ​ទៀត ពេល​ដែល​លោក​យេស៊ូ​អញ្ជើញ​ពេត្រុស​ឲ្យ​ដើរ​លើ​ទឹក​សមុទ្រ​កាលីឡេ​ទៅ​រក​លោក នោះ​ពេត្រុស​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​មាន​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ។ (​សូម​អាន ម៉ាថាយ ១៤:២៥​-​២៩) យ៉ាង​ច្បាស់​ណាស់ ពេត្រុស​បាន​ពឹង​ផ្អែក​ទៅ​លើស​កម្ម​ពល​បរិសុទ្ធ​ដើម្បី​ជួយ​គាត់​ឲ្យ​ធ្វើ​ការ​អស្ចារ្យ។ ប៉ុន្តែ មិន​យូរ​ក្រោយ​មក​សកម្មពល​នេះ​បាន​បញ្ចេញ​ឥទ្ធិពល​ទៅ​លើ​ពេត្រុស​និង​អ្នក​កាន់​តាម​ឯ​ទៀត​តាម​វិធី​ថ្មី។

៦​. ដោយ​មាន​សកម្មពល​របស់​ព្រះ តើ​ពេត្រុស​អាច​ធ្វើ​អ្វី​ខ្លះ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. និង​ក្រោយ​ពី​បុណ្យ​នោះ?

នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ពេត្រុស​និង​ពួក​អ្នក​កាន់​តាម​ឯ​ទៀត​បាន​ទទួល​សមត្ថភាព​ដ៏​អស្ចារ្យ គឺ​ពួក​គេ​អាច​និយាយ​ភាសា​របស់​សាសន៍​ដទៃ​ដែល​ធ្វើ​ដំណើរ​មក​ក្រុង​យេរូសាឡិម។ បន្ទាប់​មក ពេត្រុស​បាន​នាំ​មុខ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ឲ្យ​បណ្ដា​ជន​ស្ដាប់។ (​សកម្ម. ២:១៤​-​៣៦​) ពិត​មែន​ហើយ ជួនកាល ពេត្រុស​ធ្លាប់​ប្រព្រឹត្ត​ដោយ​មិន​គិត​មុខ​គិត​ក្រោយ ហើយ​មាន​អារម្មណ៍​ភ័យ​ខ្លាច តែ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. គាត់​បាន​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ក្លាហាន ទោះ​ជា​មាន​ការ​គំរាម​កំហែង​និង​ការ​បៀតបៀន​ក៏​ដោយ។ (​សកម្ម. ៤:១៨​-​២០, ៣១​) ព្រះ​បាន​ផ្ដល់​ចំណេះ​ពិសេស​ឲ្យ​គាត់​ដោយ​ប្រើស​កម្ម​ពល​របស់​លោក។ (​សកម្ម. ៥:៨, ៩​) គាត់​ថែម​ទាំង​បាន​ទទួល​ឫទ្ធានុភាព​ដើម្បី​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ទៀត​ផង។—សកម្ម. ៩:៤០

៧​. តើ​សេចក្ដី​បង្រៀន​អ្វី​របស់​លោក​យេស៊ូ​ដែល​ពេត្រុស​ទើប​តែ​បាន​យល់​ច្បាស់​ក្រោយ​ពេល​ដែល​គាត់​បាន​ត្រូវ​រើស​តាំង?

សូម្បី​តែ​មុន​បុណ្យ​ថ្ងៃ​ទី​៥០​នោះ​ក៏​ដោយ ពេត្រុស​បាន​យល់​សេចក្ដី​ពិត​ជា​ច្រើន​ដែល​លោក​យេស៊ូ​បាន​បង្រៀន។ (​ម៉ាថ. ១៦:១៦, ១៧; យ៉ូន. ៦:៦៨​) ប៉ុន្តែ នៅ​ពេល​នោះ​មាន​ចំណុច​ខ្លះ​ដែល​លោក​យេស៊ូ​បាន​បង្រៀន ដែល​គាត់​មិន​ទាន់​យល់​ច្បាស់​នៅ​ឡើយ​ទេ។ ជា​ឧទាហរណ៍ ពេត្រុស​មិន​បាន​យល់​ថា​គ្រិស្ត​នឹង​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ​ក្រោយ​បី​ថ្ងៃ​ទេ ហើយ​គាត់​ក៏​មិន​បាន​យល់​ថា​រាជាណាចក្រ​នឹង​នៅ​ស្ថាន​សួគ៌​ដែរ។ (​យ៉ូន. ២០:៦​-​១០; សកម្ម. ១:៦​) ពេត្រុស​មិន​បាន​យល់​ថា​មនុស្ស​អាច​ក្លាយ​ទៅ​ជា​បុគ្គល​វិញ្ញាណ ហើយ​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​ទេ។ ប៉ុន្តែ ក្រោយ​ពី​ព្រះ​បាន​ចាក់​សកម្មពល​បរិសុទ្ធ​ទៅ​លើ​គាត់ ហើយ​រើស​តាំង​គាត់​ឡើង​ទៅ​ស្ថាន​សួគ៌ ទើប​គាត់​យល់​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ស្តី​អំពី​រឿង​ទាំង​នោះ។

៨​. តើ​ពួក​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​និង​«​ចៀម​ឯ​ទៀត​»​អាច​មាន​ចំណេះ​អ្វី?

ក្រោយ​ពេល​ពួក​អ្នក​កាន់​តាម​របស់​លោក​យេស៊ូ​ទទួល​សកម្មពល​បរិសុទ្ធ ពួក​គេ​អាច​យល់​សេចក្ដី​បង្រៀន​ជា​ច្រើន​ដែល​ពួក​គេ​មិន​បាន​យល់​កាល​ពី​មុន។ សកម្មពល​បរិសុទ្ធ​បាន​ដឹក​នាំ​ពួក​អ្នក​សរសេរ​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ភាសា​ក្រិច​ឲ្យ​ពន្យល់​សេចក្ដី​ពិត​ដ៏​អស្ចារ្យ​អំពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ (​អេភ. ៣:៨​-​១១, ១៨​) សព្វ​ថ្ងៃ​នេះ ទាំង​ពួក​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​«​ចៀម​ឯ​ទៀត​»​អាច​សិក្សា​និង​យល់​អំពី​សេចក្ដី​ពិត​ទាំង​នោះ​បាន។ (​យ៉ូន. ១០:១៦​) តើ​អ្នក​ឲ្យ​តម្លៃ​ចំពោះ​ចំណេះ​និង​ការ​យល់​ដឹង​អំពី​បណ្ដាំ​របស់​ព្រះ ដែល​សកម្មពល​របស់​លោក​ជួយ​អ្នក​ឲ្យ​មាន​ឬ​ទេ?

ប៉ូល​បាន​«​ពេញ​ទៅ​ដោយ​សកម្មពល​បរិសុទ្ធ​»​

៩​. តើ​ប៉ូល​អាច​សម្រេច​អ្វី​ដោយ​មាន​សកម្មពល​បរិសុទ្ធ?

ជាង​មួយ​ឆ្នាំ​ក្រោយ​ពី​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. មនុស្ស​ម្នាក់​ទៀត​បាន​ទទួល​សកម្មពល​បរិសុទ្ធ​ដែល​ជា​អំណោយ​ពី​ព្រះ។ គាត់​ឈ្មោះ​ថា​សុល ក្រោយ​មក​គេ​បាន​ហៅ​គាត់​ថា​ប៉ូល។ សកម្មពល​របស់​ព្រះ​បាន​ឲ្យ​គាត់​មាន​សមត្ថភាព​ធ្វើ​អ្វី​ៗ​ជា​ច្រើន​ដែល​នៅ​តែ​មាន​ប្រយោជន៍​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ សាវ័ក​ប៉ូល​បាន​ត្រូវ​ដឹក​នាំ​ឲ្យ​សរសេរ​សៀវភៅ​១៤​ក្បាល​ក្នុង​គម្ពីរ។ ដូច​ពេត្រុស​ដែរ សកម្មពល​របស់​ព្រះ​បាន​ជួយ​ប៉ូល​ឲ្យ​យល់​និង​សរសេរ​យ៉ាង​ច្បាស់​អំពី​សេចក្ដី​សង្ឃឹម​នៅ​ស្ថាន​សួគ៌​ជា​បុគ្គល​វិញ្ញាណ​ដែល​មាន​ជីវិត​អមតៈ ហើយ​ដែល​មិន​អាច​ខូច​ទៅ​ឡើយ។ ដោយ​មាន​សកម្មពល​បរិសុទ្ធ ប៉ូល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ បណ្ដេញ​ពួក​វិញ្ញាណ​កំណាច ហើយ​ថែម​ទាំង​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ទៀត​ផង! ក៏​ប៉ុន្តែ សមត្ថភាព​ដែល​ប៉ូល​បាន​ទទួល​តាម​រយៈ​សកម្មពល​បរិសុទ្ធ​មាន​គោល​បំណង​សំខាន់​ជាង​នោះ​ទៅ​ទៀត ហើយ​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​ក៏​ទទួល​សមត្ថភាព​ដូច​នេះ​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ ទោះ​ជា​ពួក​គេ​មិន​បាន​ទទួល​តាម​វិធី​ដ៏​អស្ចារ្យ​ក៏​ដោយ។

១០​. តើ​សកម្មពល​បរិសុទ្ធ​មាន​ឥទ្ធិពល​ទៅ​លើ​សមត្ថភាព​និយាយ​របស់​ប៉ូល​យ៉ាង​ដូច​ម្ដេច?

១០ នៅ​ពេល​មួយ ប៉ូល​បាន​«​ពេញ​ទៅ​ដោយ​សកម្មពល​បរិសុទ្ធ​»​ ហើយ​គាត់​បាន​ផ្ដន្ទា​ទោស​គ្រូ​ធ្មប់​ម្នាក់។ អភិបាល​ខេត្ត​នៃ​កោះ​គីប្រុស បាន​ស្ដាប់​ការ​សន្ទនា​នោះ​ទាំង​អស់ ហើយ​នេះ​ពិត​ជា​បាន​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​គាត់​មែន! អភិបាល​ខេត្ត​នោះ​បាន​ទទួល​យក​សេចក្ដី​ពិត​«​ព្រោះ​គាត់​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​នឹង​សេចក្ដី​បង្រៀន​នៃ​ព្រះ​យេហូវ៉ា​»។ (​សកម្ម. ១៣:៨​-​១២​) ប្រាកដ​ហើយ ប៉ូល​បាន​ដឹង​ច្បាស់​ថា ពេល​ដែល​និយាយ​អំពី​សេចក្ដី​ពិត គាត់​ត្រូវ​ការ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ (​ម៉ាថ. ១០:២០​) នៅ​ពេល​ក្រោយ​មក គាត់​បាន​អង្វរ​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ​ឲ្យ​អធិដ្ឋាន​សម្រាប់​គាត់​ដើម្បី​ឲ្យ​គាត់​«​ទទួល​សមត្ថភាព​និយាយ​»។—អេភ. ៦:១៨​-​២០

១១​. តើ​សកម្មពល​របស់​ព្រះ​បាន​ដឹក​នាំ​ប៉ូល​យ៉ាង​ដូច​ម្ដេច?

១១ សកម្មពល​បរិសុទ្ធ​មិន​គ្រាន់តែ​ជួយ​ប៉ូល​ក្នុង​ការ​និយាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជួនកាល​ក៏​បាន​ហាមឃាត់​គាត់​មិន​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ខ្លះ​ដែរ។ ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ជា​សាសនទូត សកម្មពល​របស់​ព្រះ​បាន​ដឹក​នាំ​គាត់។ (​សកម្ម. ១៣:២; សូម​អាន សកម្មភាព ១៦:៦​-​១០) ព្រះ​យេហូវ៉ា​នៅ​តែ​ដឹក​នាំ​កិច្ចការ​ផ្សព្វ​ផ្សាយ​ដោយ​ប្រើ​សកម្មពល​របស់​លោក។ ដូច​ប៉ូល​ដែរ ពួក​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទាំង​អស់​ដែល​ស្ដាប់​បង្គាប់​ខំ​ប្រឹង​ប្រកាស​សេចក្ដី​ពិត​យ៉ាង​ខ្នះខ្នែង​និង​ដោយ​ចិត្ត​ក្លាហាន។ ទោះ​ជា​ការ​ណែនាំ​របស់​ព្រះ​មិន​ឃើញ​ជាក់​ស្តែង​ដូច​នៅ​សម័យ​របស់​ប៉ូល​ក៏​ដោយ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​កំពុង​ប្រើស​កម្ម​ពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​មនុស្ស​ដែល​សម​នឹង​ទទួល​បាន​ឮ​សេចក្ដី​ពិត។—យ៉ូន. ៦:៤៤

«​សកម្មភាព​មាន​ផ្សេង​ៗ​ពី​គ្នា​»​

១២​-​១៤​. តើ​សកម្មពល​របស់​ព្រះ​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​បម្រើ​ទាំង​អស់​របស់​លោក​តាម​វិធី​ដូច​គ្នា​ឬ​ទេ? សូម​ពន្យល់។

១២ ពេល​ដែល​យើង​អាន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ក្រុម​នៃ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នៅ​សតវត្សរ៍​ទី​១ នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​យើង​ណាស់។ នៅ​សម័យ​នោះ សកម្មពល​បរិសុទ្ធ​បាន​ឲ្យ​ពួក​គ្រិស្ត​សាសនិក​នូវ​សមត្ថភាព​ពិសេស​ឬ​«​អំណោយ​»។ ប៉ូល​សរសេរ​ទៅ​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​កូរិនថូស​អំពី​អំណោយ​ទាំង​នេះ​ថា​៖ ​«​ឯ​អំណោយ នោះ​ផ្សេង​ៗ​ពី​គ្នា ប៉ុន្តែ​សកម្មពល​មាន​តែ​មួយ​ទេ ហើយ​កិច្ច​បម្រើ​មាន​ផ្សេង​ៗ​ពី​គ្នា ប៉ុន្តែ​មាន​ម្ចាស់​តែ​មួយ​ទេ ឯ​សកម្មភាព​មាន​ផ្សេង​ៗ​ពី​គ្នា ប៉ុន្តែ​គឺជា​ព្រះ​តែ​មួយ​ដែល​ធ្វើ​សកម្មភាព​ទាំង​អស់​ក្នុង​មនុស្ស​គ្រប់​គ្នា​»។ (​១កូ. ១២:៤​-​៦, ១១​) ពិត​មែន សកម្មពល​បរិសុទ្ធ​អាច​មាន​ឥទ្ធិពល​ផ្សេង​ទៅ​លើ​អ្នក​បម្រើ​របស់​ព្រះ​ម្នាក់​ៗ​សម្រាប់​គោល​បំណង​តែ​មួយ។ សកម្មពល​បរិសុទ្ធ​អាច​ដឹក​នាំ​ទាំង​«​ហ្វូង​តូច​»​របស់​គ្រិស្ត និង​«​ចៀម​ឯ​ទៀត​»​របស់​លោក។ (​លូក. ១២:៣២; យ៉ូន. ១០:១៦​) ប៉ុន្តែ សកម្មពល​នេះ​មាន​ឥទ្ធិពល​ទៅ​លើ​សមាជិក​នីមួយ​ៗ​ក្នុង​ក្រុម​ជំនុំ​មិន​មែន​តាម​វិធី​ដូច​គ្នា​ឡើយ។

១៣ ជា​ឧទាហរណ៍ ពួក​អ្នក​ចាស់​ទុំ​បាន​ត្រូវ​តែង​តាំង​ដោយ​សកម្មពល​បរិសុទ្ធ។ (​សកម្ម. ២០:២៨​) ប៉ុន្តែ មិន​មែន​គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​បាន​ត្រូវ​រើស​តាំង​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌ ជា​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ​ឡើយ។ តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា​អំពី​រឿង​នេះ? បើ​និយាយ​ឲ្យ​ចំ​ទៅ សកម្មពល​របស់​ព្រះ​មាន​ឥទ្ធិពល​ទៅ​លើ​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​ជំនុំ​តាម​វិធី​ផ្សេង​ៗ​ពី​គ្នា។

១៤ សកម្មពល​បរិសុទ្ធ​ដែល​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដឹង​ថា ពួក​គាត់​«​បាន​ត្រូវ​ទទួល​ជា​កូន​»​ គឺ​ដូច​គ្នា​នឹង​សកម្មពល​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ​ដើម្បី​ប្រោស​បុត្រ​តែ​មួយ​របស់​លោក​ពី​ស្លាប់​ឲ្យ​ទទួល​ជីវិត​អមតៈ​នៅ​ស្ថាន​សួគ៌។ (​សូម​អាន រ៉ូម ៨:១១, ១៥) នេះ​ក៏​ជាស​កម្ម​ពល​តែ​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ​ដើម្បី​បង្កើត​សកលលោក​ទាំង​មូល​ដែរ។ (​លោ. ១:១​-​៣​) ដោយ​ប្រើស​កម្ម​ពល​បរិសុទ្ធ​ដូច​គ្នា​នេះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​បេតសាលាល​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​បំពេញ​កិច្ចការ​ពិសេស​ក្នុង​ត្រ​សាល​របស់​ព្រះ បាន​ជួយ​ឲ្យ​សាំសុន​ធ្វើ​អ្វី​ដែល​តម្រូវ​ឲ្យ​មាន​កម្លាំង​ខ្លាំងក្លា និង​បាន​ជួយ​ពេត្រុស​ឲ្យ​ដើរ​នៅ​លើ​ទឹក។ ដូច្នេះ សូម​កុំ​ឲ្យ​យើង​យល់​ច្រឡំ​ឡើយ ពេល​ព្រះ​ឲ្យ​សកម្មពល​របស់​លោក​ដឹក​នាំ​យើង នោះ​មិន​មែន​ដូច​គ្នា​នឹង​លោក​រើស​តាំង​យើង​ដោយ​សកម្មពល​របស់​លោក​ទេ។ ការ​រើស​តាំង​ដោយ​សកម្មពល​របស់​ព្រះ​គ្រាន់តែ​ជា​វិធី​ដ៏​ពិសេស​មួយ​ដែល​សកម្មពល​នោះ​មាន​សកម្មភាព។ ព្រះ​ជា​អ្នក​សម្រេច​ថា នរណា​នឹង​ទទួល​ការ​រើស​តាំង​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌។

១៥​. តើ​ការ​ជ្រមុជ​ក្នុង​សកម្មពល​របស់​ព្រះ​នឹង​មាន​ជា​រៀង​រហូត​ឬ? សូម​ពន្យល់។

១៥ សកម្មពល​របស់​ព្រះ​បាន​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​លោក​តាម​វិធី​ផ្សេង​ៗ​អស់​រាប់​ពាន់​ឆ្នាំ មុន​លោក​ចាប់​ផ្ដើម​ចាក់​សកម្មពល​ដើម្បី​រើស​តាំង​មនុស្ស។ នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. សកម្មភាព​នោះ​បាន​ចាប់​ផ្ដើម​មាន​ឡើង ប៉ុន្តែ​វា​នឹង​មិន​មាន​ជា​រៀង​រហូត​ទេ។ ការ​ជ្រមុជ​ក្នុង​សកម្មពល​របស់​ព្រះ​ឬ​ការ​រើស​តាំង​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌​នឹង​ត្រូវ​ឈប់ តែ​សកម្មពល​នឹង​បន្ត​មាន​ឥទ្ធិពល​ទៅ​លើ​រាស្ត្រ​របស់​ព្រះ​ដើម្បី​ឲ្យ​ពួក​គេ​អាច​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ជា​រៀង​រហូត។

១៦​. នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​បម្រើ​របស់​ព្រះ​កំពុង​ធ្វើ​អ្វី​ខ្លះ​ដោយ​មាន​សកម្មពល​របស់​លោក?

១៦ តាម​រយៈ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ តើ​អ្វី​កំពុង​តែ​កើត​ឡើង​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ? ការ​បើក​បង្ហាញ ២២:១៧​បាន​ចែង​ថា​៖ ​«​សកម្មពល​និង​កូនក្រមុំ​និយាយ​ឥត​ឈប់​ថា​៖ ‹មក​ចុះ!› ហើយ​អ្នក​ណា​ដែល​បាន​ឮ ចូរ​និយាយ​ថា​៖ ‹មក​ចុះ!› ហើយ​ចូរ​ឲ្យ​អ្នក​ណា​ដែល​ស្រេក មក​ចុះ ចូរ​ឲ្យ​អ្នក​ណា​ដែល​ចង់​បាន​ទឹក​ដែល​ផ្ដល់​ជីវិត មក​យក​ដោយ​ឥត​គិត​ថ្លៃ​»។ ដោយ​មាន​សកម្មពល​របស់​ព្រះ គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ​នេះ​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​អញ្ជើញ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​«​អ្នក​ណា​ដែល​ចង់​»​បាន​ទឹក​ដែល​ផ្ដល់​ជីវិត។ ពួក​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង ជា​អ្នក​នាំ​មុខ​ក្នុង​កិច្ចការ​នេះ។ ប៉ុន្តែ ពួក​អ្នក​ដែល​ជា​ចៀម​ឯ​ទៀត​ក៏​ចូល​រួម​ក្នុង​ការ​ចែក​ចាយ​ការ​អញ្ជើញ​នេះ​ដែរ។ ក្រុម​មនុស្ស​ទាំង​ពីរ​នេះ​ឲ្យ​សកម្មពល​បរិសុទ្ធ​តែ​មួយ​ដឹក​នាំ​ពួក​គេ​ដើម្បី​បំពេញ​កិច្ច​ការ​នេះ។ ក្រុម​មនុស្ស​ទាំង​ពីរ​នេះ​បាន​បង្ហាញ​អំពី​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ដោយ​ទទួល​ការ​ជ្រមុជ​ទឹក​«​ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​សកម្មពល​បរិសុទ្ធ​របស់​លោក​»។ (​ម៉ាថ. ២៨:១៩​) ពួក​គេ​ទាំង​អស់​គ្នា​ក៏​អនុញ្ញាត​ឲ្យ​សកម្មពល​របស់​ព្រះ​មាន​ឥទ្ធិពល​ទៅ​លើ​ជីវិត​របស់​ពួក​គេ និង​ឲ្យ​សកម្មពល​នោះ​បង្កើត​ផល​ផ្លែ​ក្នុង​ពួក​គេ​ដែរ។ (​កាឡ. ៥:២២, ២៣​) ដូច​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង ពួក​ចៀម​ឯ​ទៀត​ក៏​អនុញ្ញាត​ឲ្យ​សកម្មពល​របស់​ព្រះ​ជួយ​ពួក​គេ​ដែរ។ ដោយ​មាន​ជំនួយ​ពី​សកម្មពល​នោះ ពួក​គេ​ខំ​អស់ពី​សមត្ថភាព​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​រក្សា​ឲ្យ​មាន​ភាព​ស្អាត​បរិសុទ្ធ។—២កូ. ៧:១; បប. ៧:៩, ១៤

ចូរ​សុំ​សកម្មពល​បរិសុទ្ធ​ឥត​ឈប់

១៧​. តើ​យើង​អាច​បង្ហាញ​ថា យើង​មាន​សកម្មពល​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

១៧ មិន​ថា​សេចក្ដី​សង្ឃឹម​ដែល​ព្រះ​ប្រគល់​ឲ្យ​អ្នក​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ស្ថាន​សួគ៌ ឬ​នៅ​លើ​ផែនដី​ក្ដី ព្រះ​យេហូវ៉ា​អាច​ឲ្យ​អ្នក​នូវ​«​ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​»​ដើម្បី​ជួយ​អ្នក​ឲ្យ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ និង​ទទួល​រង្វាន់​របស់​អ្នក។ (​២កូ. ៤:៧​) ពេល​អ្នក​បន្ត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ អ្នក​ប្រហែលជា​ត្រូវ​អ្នក​ដទៃ​ចំអក​មើល​ងាយ។ ប៉ុន្តែ សូម​ចាំ​ថា​៖ ​«​ប្រសិនបើ​គេ​ជេរ​ប្រមាថ​អ្នក​រាល់​គ្នា​ដោយ​សារ​នាម​របស់​គ្រិស្ត នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ ពីព្រោះ​សកម្មពល​ដ៏​រុងរឿង​របស់​ព្រះ​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​»។—១ពេ. ៤:១៤

១៨, ១៩​. តើ​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ដោយ​ប្រើស​កម្ម​ពល​របស់​លោក​យ៉ាង​ដូច​ម្ដេច? ហើយ​ស្តី​អំពី​រឿង​នេះ តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

១៨ សកម្មពល​បរិសុទ្ធ​ជា​អំណោយ​ទាន​ពី​ព្រះ​ចំពោះ​អស់​អ្នក​ដែល​ស្វែងរក​យ៉ាង​ស្មោះ​អស់ពី​ចិត្ត។ សកម្មពល​នេះ​មិន​គ្រាន់តែ​បង្កើន​សមត្ថភាព​របស់​អ្នក​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មាន​បំណង​កាន់​តែ​ខ្លាំង​ដើម្បី​បំពេញ​កិច្ច​បម្រើ​របស់​លោក​ដោយ​អស់ពី​សមត្ថភាព​ផង​ដែរ។ គម្ពីរ​បាន​ចែង​ថា​៖ ​«​ព្រះ​គឺជា​អ្នក​ដែល​កំពុង​មាន​សកម្មភាព​ក្នុង​អ្នក​រាល់​គ្នា​តាម​ដែល​លោក​ពេញ​ចិត្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​បំណង​ប្រាថ្នា​និង​មាន​ការ​ប្រព្រឹត្ត​»។ ដោយ​មាន​សកម្មពល​បរិសុទ្ធ​ដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា រួម​ជា​មួយ​នឹង​ការ​ខំ​ប្រឹង​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​ក្នុង​ការ​«​កាន់​ខ្ជាប់​នូវ​បណ្ដាំ​នៃ​ជីវិត​»​នឹង​ជួយ​យើង​«​បន្ត​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​[​យើង​]​បាន​សម្រេច​ដោយ​កោត​ខ្លាច​ញាប់​ញ័រ​»។—ភី. ២:១២, ១៣, ១៦

១៩ ដូច្នេះ ដោយ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើស​កម្ម​ពល​របស់​ព្រះ សូម​អ្នក​បំពេញ​ភារកិច្ច​នានា​ដោយ​អស់ពី​ចិត្ត ព្យាយាម​ឲ្យ​ស្ទាត់​ជំនាញ​ក្នុង​កិច្ចការ​នោះ និង​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ (​យ៉ា. ១:៥​) លោក​នឹង​ឲ្យ​អ្វី​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​យល់​បណ្ដាំ​របស់​លោក ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​មាន​ក្នុង​ជីវិត និង​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ លោក​យេស៊ូ​បាន​សន្យា​ថា​៖ ​«​ចូរ​សុំ​ឥត​ឈប់ នោះ​អ្នក​នឹង​ទទួល ចូរ​រក​ឥត​ឈប់ នោះ​អ្នក​នឹង​រក​ឃើញ ចូរ​គោះ​ទ្វារ​ឥត​ឈប់ នោះ​ទ្វារ​នឹង​ត្រូវ​បើក​ឲ្យ​»​ ហើយ​នេះ​ក៏​រួម​បញ្ចូល​ការ​ទទួល​សកម្មពល​បរិសុទ្ធ​ដែរ។ (​លូក. ១១:៩, ១៣​) ចូរ​បន្ត​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​អ្នក​អាច​ប្រព្រឹត្ត​ដូច​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​នៅ​សម័យ​បុរាណ​និង​សព្វ​ថ្ងៃ​នេះ ជា​អ្នក​ដែល​បាន​ត្រូវ​ដឹក​នាំ​ដោយ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

• ដូច​ម៉ារៀ តើ​យើង​អាច​បង្ហាញ​ចិត្ត​គំនិត​បែប​ណា​ដើម្បី​ទទួល​ពរ​ពី​ព្រះ?

• តើ​ប៉ូល​បាន​ត្រូវ​ដឹក​នាំ​ដោយ​សកម្មពល​របស់​ព្រះ​ក្នុង​ន័យ​អ្វី?

• នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​បម្រើ​របស់​ព្រះ​បាន​ត្រូវ​ដឹក​នាំ​ដោយ​សកម្មពល​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៩​]

សកម្មពល​របស់​ព្រះ​បាន​ជួយ​ប៉ូល​ឲ្យ​យក​ឈ្នះ​ឥទ្ធិពល​របស់​ពួក​វិញ្ញាណ​អាក្រក់

[​រូបភាព​នៅ​ទំព័រ​៣១​]

សព្វ​ថ្ងៃ​នេះ សកម្មពល​បរិសុទ្ធ​អាច​ជួយ​ពួក​គ្រិស្ត​សាសនិក​បាន​មិន​ថា​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​ទៅ​ស្ថាន​សួគ៌​ឬ​នៅ​លើ​ផែនដី​ក្ដី