លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សកម្មពលរបស់ព្រះបានដឹកនាំពួកអ្នកស្មោះត្រង់នៅសម័យបុរាណ

សកម្មពលរបស់ព្រះបានដឹកនាំពួកអ្នកស្មោះត្រង់នៅសម័យបុរាណ

សកម្មពល​របស់​ព្រះ​បាន​ដឹក​នាំ​ពួក​អ្នក​ស្មោះ​ត្រង់​នៅ​សម័យ​បុរាណ

​«​ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ចាត់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ​វិញ្ញាណ[​ឬ​«​សកម្មពល​បរិសុទ្ធ​»​]ទ្រង់​ឲ្យ​មក​»។—អេ. ៤៨:១៦; ព.ថ.

១, ២​. តើ​យើង​ត្រូវ​ការ​អ្វី​ដើម្បី​មាន​ជំនឿ? ហើយ​ពេល​ដែល​យើង​ពិចារណា​អំពី​គំរូ​របស់​ពួក​អ្នក​ស្មោះ​ត្រង់​នៅ​សម័យ​បុរាណ តើ​យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​អ្វី?

ទោះ​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​បង្ហាញ​ជំនឿ​តាំង​ពី​ជំនាន់​អេបិល​ក៏​ដោយ គម្ពីរ​បាន​ប្រាប់​យើង​ថា​៖ ​«​មិន​មែន​មនុស្ស​ទាំង​អស់​មាន​ជំនឿ​ទេ​»។ (​២ថែ. ៣:២​) ដូច្នេះ ហេតុ​អ្វី​បាន​ជា​មនុស្ស​ម្នាក់​មាន​ជំនឿ? ហើយ​តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​មាន​ចិត្ត​ស្មោះ​ត្រង់? យើង​ដឹង​ថា​ដើម្បី​មាន​ជំនឿ យើង​ត្រូវ​មាន​ចំណេះ​ពី​បណ្ដាំ​របស់​ព្រះ ពីព្រោះ​«​ក្រោយ​ពី​ឮ​បណ្ដាំ ទើប​មាន​ជំនឿ​»។ (​រ៉ូម ១០:​១៧​) នេះ​ជា​គុណ​សម្បត្ដិ​មួយ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ (​កាឡ. ៥:២២, ២៣​) ដូច្នេះ ដើម្បី​មាន​ជំនឿ​មាំ​មួន យើង​ត្រូវ​ការ​សកម្មពល​បរិសុទ្ធ។

បើ​យើង​គិត​ថា​បុរស​និង​ស្ត្រី​ដែល​ស្មោះ​ត្រង់​បាន​កើត​មក​ដោយ​មាន​ជំនឿ​ស្រាប់ នោះ​យើង​យល់​ច្រឡំ​ហើយ។ អ្នក​បម្រើ​ព្រះ​ដែល​បាន​ទុក​ជា​គំរូ​ល្អ​ក្នុង​គម្ពីរ​ជា​មនុស្ស​ដែល​«​ចេះ​មាន​អារម្មណ៍​ដូច​យើង​ដែរ​»។ (​យ៉ា. ៥:១៧​) ពួក​គេ​ក៏​ចេះ​សង្ស័យ ខ្វះ​ទំនុក​ចិត្ត និង​មាន​ភាព​ទន់​ខ្សោយ​ដែរ ប៉ុន្តែ​ដោយ​សារ​សកម្មពល​របស់​ព្រះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​«​មាន​កម្លាំង​ខ្លាំងក្លា​»​វិញ នោះ​ពួក​គេ​អាចយ​ក​ឈ្នះ​ការ​ពិបាក​ទាំង​នេះ។ (​ហេ. ១១:៣៤​) ដោយ​ពិចារណា​អំពី​របៀប​ដែល​សកម្មពល​របស់​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គេ នោះ​នឹង​លើក​ទឹក​ចិត្ត​យើង​ឲ្យ​បន្ត​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់។ ការ​លើក​ទឹក​ចិត្ត​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ ជា​ពិសេស​ពេល​បញ្ហា​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​កាន់​តែ​ខ្សោយ​ទៅ​ៗ។

សកម្មពល​របស់​ព្រះ​បាន​ផ្ដល់​កម្លាំង​និង​សមត្ថភាព​ឲ្យ​ម៉ូសេ

៣​-​៥​. (​ក​) តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា សកម្មពល​បរិសុទ្ធ​បាន​ជួយ​ម៉ូសេ​ឲ្យ​បំពេញ​ភារកិច្ច​របស់​គាត់? (​ខ​)​ តើ​គំរូ​របស់​ម៉ូសេ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​សកម្មពល​របស់​លោក?

ក្នុង​ចំណោម​មនុស្ស​ដែល​រស់​នៅ​ឆ្នាំ​១៥១៣ មុន​គ.ស. ម៉ូសេ​ជា​អ្នក​ដែល​«​សុភាពរាបសា​ជាង​គេ​បំផុត​»។ (​ជរ. [​ជន.​] ១២:៣, ខ.ស.​) អ្នក​បម្រើ​ដែល​មាន​ចិត្ត​ស្លូតបូត​នេះ​បាន​ទទួល​ភារកិច្ច​យ៉ាង​ធំ​គឺ​ការ​ថែ​រក្សា​បណ្ដា​ជន​អ៊ីស្រាអែល។ សកម្មពល​របស់​ព្រះ​បាន​ផ្ដល់​កម្លាំង​និង​សមត្ថភាព​ឲ្យ​ម៉ូសេ​ដើម្បី​ប្រកាស​ទំនាយ វិនិច្ឆ័យ​រឿង​ក្ដី សរសេរ​គម្ពីរ នាំ​មុខ និង​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន។ (​សូម​អាន អេសាយ ៦៣:​១១​-​១៤) ប៉ុន្តែ នៅ​ពេល​មួយ ម៉ូសេ​បាន​បញ្ជាក់​អំពី​អារម្មណ៍​ហត់​នឿយ​របស់​គាត់​ថា​បន្ទុក​នោះ​ធ្ងន់​ពេក។ (​ជន. ១១:១៤, ១៥​) ដូច្នេះ ព្រះ​យេហូវ៉ា​បាន​«​ចែក​ព្រះ​វិញ្ញាណ​»​ឬ​សកម្មពល​ដែល​ម៉ូសេ​មាន​ឲ្យ​ទៅ​បុរស​៧០​នាក់​ផ្សេង​ទៀត​ដើម្បី​ឲ្យ​ពួក​គាត់​អាច​ជួយ​ទទួល​បន្ទុក។ (​ជន. ១១:១៦, ១៧​) ទោះ​ជា​ម៉ូសេ​គិត​ថា​បន្ទុក​របស់​គាត់​ធ្ងន់​ពេក​ក៏​ដោយ តាម​ពិត​គាត់​មិន​មែន​គ្មាន​ជំនួយ​ពេល​ដែល​បំពេញ​ភារកិច្ច​នោះ​ទេ ហើយ​ពេល​ពួក​បុរស​ទាំង​៧០​នាក់​នោះ​ទទួល​ភារកិច្ច ពួក​គេ​ក៏​មិន​មែន​គ្មាន​ជំនួយ​ដែរ។

ព្រះ​បាន​ឲ្យ​សកម្មពល​បរិសុទ្ធ​គ្រប់​គ្រាន់​ដល់​ម៉ូសេ​ដើម្បី​បំពេញ​កិច្ចការ​របស់​គាត់។ ក្រោយ​ពី​បុរស​៧០​នាក់​នោះ​បាន​ត្រូវ​តែង​តាំង ម៉ូសេ​នៅ​តែ​មាន​សកម្មពល​ដែល​គាត់​ត្រូវ​ការ។ នៅ​ពេល​នោះ​ម៉ូសេ​មិន​មាន​សកម្មពល​តិច​ពេក​ឡើយ ហើយ​បុរស​ទាំង​៧០​នាក់​នោះ​ក៏​មិន​បាន​ទទួល​ច្រើន​ពេក​ដែរ។ ដូច​គ្នា​ដែរ ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​សកម្មពល​របស់​លោក​តាម​អ្វី​ដែល​យើង​ត្រូវ​ការ​សម​ស្រប​តាម​កាលៈទេសៈ​របស់​យើង។ ​«​ព្រះ​ឲ្យ​សកម្មពល​របស់​លោក​ដោយ​មិន​មាន​កម្រិត​ឡើយ​»​ ប៉ុន្តែ​លោក​ឲ្យ​ដោយ​«​ភាព​ពេញ​បរិបូរ​របស់​លោក​»។—យ៉ូន. ១:១៦; ៣:៣៤

តើ​អ្នក​កំពុង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ឬ​ទេ? តើ​អ្នក​មាន​អារម្មណ៍​ថា​ភារកិច្ច​របស់​អ្នក​កាន់​តែ​ធំ​ទៅ​ៗ ហើយ​តម្រូវ​ឲ្យ​អ្នក​ចំណាយ​ពេល​កាន់​តែ​ច្រើន​ឡើង​ៗ​ឬ​ទេ? តើ​អ្នក​ខំ​ព្យាយាម​ចិញ្ចឹម​ក្រុម​គ្រួសារ និង​ជួយ​ពួក​គេ​ឲ្យ​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ ស្រប​ពេល​ដែល​ទំនិញ​ឡើង​ថ្លៃ ឬ​សុខភាព​កាន់​តែ​ខ្សោយ​ទៅ​ៗ​ឬ​ទេ? តើ​អ្នក​កំពុង​មាន​ភារកិច្ច​ដ៏​ធ្ងន់​ក្នុង​ក្រុម​ជំនុំ​ឬ​ទេ? សូម​ជឿ​ជាក់​ថា តាម​រយៈ​សកម្មពល​បរិសុទ្ធ ព្រះ​អាច​ផ្ដល់​ឲ្យ​កម្លាំង​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​បំពេញ​ភារកិច្ច​អ្វី​ក៏​ដោយ។—រ៉ូម ១៥:១៣

សកម្មពល​បរិសុទ្ធ​បាន​ធ្វើ​ឲ្យ​បេតសាលាល​មាន​សមត្ថភាព​គ្រប់​គ្រាន់

៦​-​៨​. (​ក​) តើ​សកម្មពល​របស់​ព្រះ​បាន​ជួយ​បេតសាលាល​និង​អូហូលីអាប់​ឲ្យ​ធ្វើ​អ្វី? (​ខ​)​ តើ​អ្វី​បង្ហាញ​ថា​បេតសាលាល​និង​អូហូលីអាប់​បាន​ត្រូវ​ដឹក​នាំ​ដោយ​សកម្មពល​របស់​ព្រះ? (​គ​)​ ហេតុ​អ្វី​គំរូ​របស់​បេតសាលាល​អាច​លើក​ទឹក​ចិត្ត​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

បទ​ពិសោធន៍​របស់​បេតសាលាល​ដែល​ជា​អ្នក​រស់​នៅ​ជំនាន់​របស់​ម៉ូសេ បាន​បង្ហាញ​យ៉ាង​ច្រើន​អំពី​របៀប​ដែល​សកម្មពល​របស់​ព្រះ​អាច​ដឹក​នាំ​យើង។ (​សូម​អាន និក្ខមនំ ៣៥:៣០​-​៣៥) បេតសាលាល​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​ធ្វើ​គ្រឿង​ប្រដាប់​ផ្សេង​ៗ​សម្រាប់​ប្រើ​ក្នុង​ត្រ​សាល​របស់​ព្រះ។ តើ​គាត់​មាន​ចំណេះ​ក្នុង​ការ​ធ្វើ​សិប្បកម្ម​មុន​ពេល​ដែល​គាត់​ទទួល​ការងារ​ដ៏​ធំ​នេះ​ឬ​ទេ? ប្រហែលជា​មាន​មែន ប៉ុន្តែ​មុន​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ការងារ​នោះ​ឲ្យ​គាត់ គាត់​ទំនង​ជា​ធ្លាប់​ជា​អ្នក​ធ្វើ​ឥដ្ឋ​នៅ​ស្រុក​អេស៊ីប។ (​និក្ខ. ១:១៣, ១៤​) ដូច្នេះ តើ​បេតសាលាល​នឹង​បំពេញ​ការងារ​ដ៏​ពិបាក​នេះ​យ៉ាង​ដូច​ម្ដេច? ព្រះ​យេហូវ៉ា​«​បាន​ឲ្យ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​មក​សណ្ឋិត​លើ​គាត់​ពោរ​ពេញ ឲ្យ​គាត់​មាន​គំនិត​វាង​វៃ មាន​យោបល់ ហើយ​ឲ្យ​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ ឲ្យ​គាត់​បាន​ចេះ​នឹង​បង្កើត​ការ​យ៉ាង​ប្រសប់ . . . [​ដើម្បី​]នឹង​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់​»។ ទេព​កោសល្យ​ណា​ដែល​បេតសាលាល​ប្រហែល​ជា​មាន នោះ​សកម្មពល​បរិសុទ្ធ​បាន​បង្កើន​ឲ្យ​មាន​កាន់​តែ​ច្រើន។ នេះ​ក៏​បាន​កើត​ឡើង​ចំពោះ​អូហូលីអាប់​ដែរ។ បេត​សាលាល​និង​អូហូលីអាប់​ប្រាកដជា​ចេះ​យ៉ាង​ស្ទាត់ ព្រោះ​ពួក​គាត់​មិន​គ្រាន់តែ​បំពេញ​ភារកិច្ច​របស់​ពួក​គាត់​ប៉ុណ្ណោះ​ទេ តែ​ពួក​គាត់​ក៏​បាន​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ចេះ​ធ្វើ​ដែរ។ ពិត​មែន​ហើយ ព្រះ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ចិត្ត​ចង់​បង្រៀន​អ្នក​ឯ​ទៀត។

ភ័ស្តុតាង​មួយ​ទៀត​ដែល​បញ្ជាក់​ថា​បេត​សាលាល​និង​អូហូលីអាប់​បាន​ត្រូវ​ដឹក​នាំ​ដោយ​សកម្មពល​របស់​ព្រះ គឺ​សម្ភារៈ​ដែល​ពួក​គេ​បាន​ធ្វើ​ជា​អ្វី​ដែល​រឹង​មាំ​យ៉ាង​អស្ចារ្យ។ សម្ភារៈ​ដែល​ពួក​គេ​បាន​ធ្វើ​នោះ​នៅ​តែ​អាច​ប្រើ​បាន​ប្រហែល​៥០០​ឆ្នាំ​ក្រោយ​មក។ (​២រប. ១:២​-​៦​) មិន​ដូច​អ្នក​ផលិត​សម្ភារៈ​នៅ​សម័យ​នេះ បេតសាលាល​និង​អូហូលីអាប់​មិន​ចង់​បោះត្រា​នៅ​លើ​សម្ភារៈ​ទាំង​នោះ​ដើម្បី​បញ្ជាក់​ថា​ពួក​គាត់​ជា​អ្នក​ធ្វើ​ទេ។ ពួក​គាត់​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ជា​អ្នក​ទទួល​ការ​សរសើរ​វិញ។—និក្ខ. ៣៦:១, ២

សព្វ​ថ្ងៃ​នេះ យើង​ប្រហែលជា​មាន​ភារកិច្ច​ដែល​ហួស​ពី​សមត្ថភាព​របស់​យើង ហើយ​ដែល​តម្រូវ​ឲ្យ​ចេះ​ជំនាញ​ពិសេស​ដូច​ជា​ខាង​ផ្នែក​សាង​សង់ បោះពុម្ព រៀបចំ​កម្មវិធី​មហាសន្និបាត ចាត់​ចែង​ផ្ដល់​ជំនួយ​ដល់​អ្នក​ដែល​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ខាង​ផ្នែក​ទាក់​ទង​ជា​មួយ​គ្រូ​ពេទ្យ​និង​បុគ្គលិក​មន្ទីរ​ពេទ្យ​អំពី​ទស្សនៈ​របស់​យើង​ចំពោះ​ការ​ចាក់​បញ្ចូល​ឈាម។ ជួនកាល ភារកិច្ច​ទាំង​នេះ​បាន​ត្រូវ​បំពេញ​ដោយ​អ្នក​ដែល​មាន​ជំនាញ ប៉ុន្តែ ភាគ​ច្រើន​ភារកិច្ច​នោះ​បាន​ត្រូវ​បំពេញ​ដោយ​បង​ប្អូន​ស្ម័គ្រ​ចិត្ត​ដែល​មិន​សូវ​មាន​ជំនាញ​ពិសេស​ក្នុង​កិច្ចការ​នោះ​ទេ។ សកម្មពល​របស់​ព្រះ​ជួយ​ធ្វើ​ឲ្យ​ការ​ខំ​ប្រឹង​របស់​ពួក​គេ​ទទួល​ជោគជ័យ។ តើ​អ្នក​រារែក​ពី​ការ​ទទួល​ភារកិច្ច​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ដោយ​មាន​អារម្មណ៍​ថា​អ្នក​ឯ​ទៀត​មាន​សមត្ថភាព​ជាង​ខ្លួន​ឬ​ទេ? សូម​ចង​ចាំ​ថា សកម្មពល​របស់​ព្រះ​យេហូវ៉ា​អាច​បង្កើន​ចំណេះ​និង​សមត្ថភាព​របស់​អ្នក​បាន ហើយ​ជួយ​អ្នក​ឲ្យ​បំពេញ​ភារកិច្ច​ណា​ក៏​ដោយ​ដែល​លោក​ប្រគល់​ឲ្យ​អ្នក។

យ៉ូស្វេ​បាន​ទទួល​ជ័យ​ជម្នះ​ដោយ​មាន​ជំនួយ​ពី​សកម្មពល​របស់​ព្រះ

៩​. ក្រោយ​ពី​ចាក​ចេញ​ពី​ស្រុក​អេស៊ីប តើ​ពួក​អ៊ីស្រាអែល​ជួប​នឹង​ស្ថានភាព​បែប​ណា? ហើយ​តើ​នាំ​ឲ្យ​មាន​សំណួរ​អ្វី​ចោទ​ឡើង?

សកម្មពល​របស់​ព្រះ​ក៏​បាន​ដឹក​នាំ​បុរស​ម្នាក់​ទៀត​ដែល​រស់​នៅ​ជំនាន់​របស់​ម៉ូសេ​និង​បេតសាលាល​ដែរ។ មិន​យូរ​ក្រោយ​ពី​ពួក​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពួក​សាសន៍​អាម៉ាលេក​បាន​វាយលុក​រាស្ត្រ​របស់​ព្រះ​ដោយ​គ្មាន​មូលហេតុ។ ដល់​ពេល​ដែល​ពួក​អ៊ីស្រាអែល​ត្រូវ​ទប់​ទល់​ប្រឆាំង​នឹង​សត្រូវ​ហើយ។ ទោះ​ជា​ពួក​គេ​ទាំង​អស់​គ្នា​មិន​ធ្លាប់​ធ្វើសង្គ្រាម​ក៏​ដោយ ពួក​អ៊ីស្រាអែល​ត្រូវ​តែ​ចេញ​ធ្វើសង្គ្រាម​ជា​លើក​ទី​១​តាំង​ពី​ពួក​គេ​មាន​សេរីភាព។ (​និក្ខ. ១៣:១៧; ១៧:៨​) ដូច្នេះ ត្រូវ​តែ​មាន​មនុស្ស​ម្នាក់​នាំ​មុខ​ពួក​គេ​ដើម្បី​ធ្វើសង្គ្រាម​នេះ។ តើ​ជា​អ្នក​ណា​ទៅ?

១០​. ហេតុ​អ្វី​កង​ទ័ព​អ៊ីស្រាអែល​ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​យ៉ូស្វេ​បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​សង្គ្រាម?

១០ ព្រះ​បាន​ជ្រើស​រើស​យ៉ូស្វេ តែ​មិន​មែន​ដោយ​សារ​យ៉ូស្វេ​ធ្លាប់​ដឹក​នាំ​កង​ទ័ព​ពី​មុន​ទេ។ គាត់​ធ្លាប់​ជា​ខ្ញុំ​បម្រើ​ដែល​លាយ​ចំបើង​សម្រាប់​ធ្វើ​ដុំ​ឥដ្ឋ ហើយ​នៅ​តំបន់​ស្ងាត់​ជ្រងំ​គាត់​ធ្លាប់​ជា​អ្នក​ប្រមូល​នំ​ម៉ាន៉ា​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់​តែ​ប៉ុណ្ណោះ។ តើ​គាត់​អាច​ដឹង​អំពី​របៀប​ដឹក​នាំ​កង​ទ័ព​យ៉ាង​ដូច​ម្ដេច​បាន? ពិត​មែន អេលីសាម៉ា​ដែល​ជា​ជីតា​របស់​យ៉ូស្វេ គាត់​ជា​មេ​នៃ​កុលសម្ព័ន្ធ​អេប្រាអិម ហើយ​តាម​មើល​ទៅ​គាត់​ជា​អ្នក​នាំ​មុខ​ទាហាន​ចំនួន​១០៨.១០០​នាក់​ពី​កុលសម្ព័ន្ធ​បី​នៃ​អ៊ីស្រាអែល។ (​ជន. ២:១៨, ២៤; ១រប. ៧:២៦, ២៧​) ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​បង្គាប់​ម៉ូសេ​ឲ្យ​តែង​តាំង​អេលីសាម៉ា​ឬ​ក៏​នុន​ដែល​ជា​កូន​របស់​គាត់​នោះ​ទេ តែ​លោក​បាន​បង្គាប់​ឲ្យ​តែង​តាំង​យ៉ូស្វេ​ដើម្បី​ដឹក​នាំ​កង​ទ័ព ហើយ​បង្ក្រាប​សត្រូវ​វិញ។ ពួក​គេ​បាន​ប្រយុទ្ធ​គ្នា​ជិត​ពេញ​មួយ​ថ្ងៃ។ ដោយ​សារ​យ៉ូស្វេ​បាន​ស្ដាប់​បង្គាប់​ព្រះ ហើយ​ធ្វើ​តាម​ការ​ដឹក​នាំ​របស់​សកម្មពល នោះ​ពួក​អ៊ីស្រាអែល​បាន​ទទួល​ជ័យ​ជម្នះ។—និក្ខ. ១៧:៩​-​១៣

១១​. ដូច​យ៉ូស្វេ តើ​យើង​អាច​ទទួល​ជោគជ័យ​ក្នុង​ការ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​យ៉ាង​ដូច​ម្ដេច?

១១ ក្រោយ​មក ដោយ​សារ​សកម្មពល​របស់​ព្រះ យ៉ូស្វេ​«​មាន​ចិត្ត​ពេញ​ដោយ​ប្រាជ្ញា​»​ ហើយ​គាត់​បាន​ស្នង​តំណែង​ពី​ម៉ូសេ។ (​ចោ. ៣៤:៩​) សកម្មពល​បរិសុទ្ធ​មិន​បាន​ធ្វើ​ឲ្យ​យ៉ូស្វេ​មាន​កម្លាំង​ឬ​សមត្ថភាព​ក្នុង​ការ​ធ្វើ​ការ​អស្ចារ្យ​ដូច​ម៉ូសេ​នោះ​ទេ តែ​បាន​ធ្វើ​ឲ្យ​គាត់​មាន​សមត្ថភាព​នាំ​មុខ​បណ្ដា​ជន​អ៊ីស្រាអែល​ដើម្បី​វាយ​ដណ្ដើម​យក​ស្រុក​ជា​បន្ត​បន្ទាប់​ក្នុង​ស្រុក​កាណាន។ សព្វ​ថ្ងៃ​នេះ យើង​ប្រហែលជា​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​បទ​ពិសោធន៍ ឬ​គ្មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​បំពេញ​ភារកិច្ច​ណា​មួយ​ក្នុង​កិច្ច​បម្រើ​ពិសិដ្ឋ​របស់​យើង​ទេ។ ប៉ុន្តែ ដូច​យ៉ូស្វេ យើង​ប្រាកដជា​នឹង​ទទួល​ជោគជ័យ បើ​យើង​កាន់​ខ្ជាប់​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា។—យ៉ូស. ១:៧​-​៩

‹វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា​មក​សណ្ឋិត​លើ​គេឌាន›

១២​-​១៤​. (​ក​) ពេល​ទាហាន​របស់​អ៊ីស្រាអែល​ចំនួន​៣០០​នាក់​អាច​ច្បាំង​ឈ្នះ​ទាហាន​របស់​សាសន៍​ម៉ាឌាន តើ​នោះ​បង្ហាញ​អំពី​អ្វី? (​ខ​)​ តើ​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​ទំនុក​ចិត្ត​គេឌាន​យ៉ាង​ដូច​ម្ដេច? (​គ​)​ តើ​ព្រះ​ពង្រឹង​ទំនុក​ចិត្ត​យើង​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ?

១២ ក្រោយ​ពី​យ៉ូស្វេ​ស្លាប់​ទៅ ព្រះ​យេហូវ៉ា​បន្ត​បង្ហាញ​របៀប​ដែល​សកម្មពល​របស់​លោក​អាច​ពង្រឹង​កម្លាំង​របស់​ពួក​អ្នក​ស្មោះ​ត្រង់។ សៀវភៅ​ពួកចៅហ្វាយ​មាន​កំណត់​ហេតុ​ជា​ច្រើន​អំពី​ពួក​អ្នក​ដែល​«​ធ្លាប់​ខ្សោយ​តែ​បាន​ត្រូវ​ធ្វើ​ឲ្យ​មាន​កម្លាំង​ខ្លាំងក្លា​»។ (​ហេ. ១១:៣៤​) តាម​រយៈ​សកម្មពល​បរិសុទ្ធ ព្រះ​បាន​ជួយ​គេឌាន​ប្រយុទ្ធ​ការពារ​រាស្ត្រ​របស់​លោក។ (​ចៅ. ៦:៣៤​) ក៏​ប៉ុន្តែ កង​ទ័ព​របស់​សាសន៍​ម៉ាឌាន​មាន​ចំនួន​ច្រើន​ជាង​កូន​ទាហាន​ដែល​គេឌាន​ប្រមូល​បាន ដែល​ក្នុង​កូន​ទាហាន​ម្នាក់​ត្រូវ​វាយ​ជា​មួយ​ទាហាន​របស់​សាសន៍​ម៉ាឌាន​៤​នាក់។ ប៉ុន្តែ ចំពោះ​ព្រះ​យេហូវ៉ា ចំនួន​ទាហាន​ដែល​ពួក​អ៊ីស្រាអែល​មាន​នោះ​នៅ​តែ​ច្រើន​ពេក។ ដូច្នេះ ព្រះ​បាន​បញ្ជា​ឲ្យ​គេឌាន​កាត់​បន្ថយ​ចំនួន​ទាហាន​ពីរ​ដង រហូត​ដល់​ទាហាន​ម្នាក់​របស់​គេ​ត្រូវ​វាយ​ជា​មួយ​នឹង​ទាហាន​របស់​សាសន៍​ម៉ាឌាន​៤៥០​នាក់។ (​ចៅ. ៧:២​-​៨; ៨:១០​) ចំនួន​នោះ​ជា​ចំនួន​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ បើ​ពួក​គេ​បំបាក់​ទ័ព​របស់​សត្រូវ​បាន តើ​មាន​អ្នក​ណា​អាច​អួត​ថា​ជ័យ​ជម្នះ​នេះ​មក​ពី​កម្លាំង​ឬ​ប្រាជ្ញា​របស់​មនុស្ស​ឬ​ទេ?

១៣ គេឌាន​និង​ទាហាន​របស់​គាត់​បាន​ត្រៀម​ខ្លួន​ជិត​រួច​រាល់​ហើយ។ បើ​អ្នក​នៅ​ក្នុង​ចំណោម​ទាហាន​ទាំង​នោះ តើ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិភាព​ឬ​ទេ​ដោយ​ដឹង​ថា​ពួក​ទាហាន​ណា​ដែល​មាន​ចិត្ត​ភ័យ​ខ្លាច​ឬ​ក៏​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​ត្រូវ​ជម្រុះ​ចោល​រួច​ទៅ​ហើយ​នោះ? ឬ​តើ​អ្នក​នឹង​មាន​ចិត្ត​ភ័យ​ខ្លាច​បន្ដិច​ឬ​ទេ​ពេល​គិត​ដល់​របៀប​ដែល​ត្រូវ​ប្រយុទ្ធ​នឹង​សត្រូវ​នោះ? យើង​ដឹង​ថា​គេឌាន​បាន​ទុក​ចិត្ត​ទៅ​លើ​ព្រះ។ គាត់​បាន​ធ្វើ​តាម​អ្វី​ដែល​ព្រះ​បាន​បង្គាប់​ដល់​គាត់​ទាំង​អស់! (​សូម​អាន ពួកចៅហ្វាយ ៧:៩​-​១៤) ព្រះ​យេហូវ៉ា​មិន​បាន​បន្ទោស​គេឌាន​ឡើយ ពេល​ដែល​គាត់​សុំ​សញ្ញា​សម្គាល់​ដើម្បី​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​គាត់។ (​ចៅ. ៦:​៣៦​-​៤០​) ផ្ទុយ​ទៅ​វិញ លោក​បាន​ពង្រឹង​ជំនឿ​របស់​គេឌាន។

១៤ ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​សង្គ្រោះ​គឺ​គ្មាន​កម្រិត​ទេ។ លោក​អាច​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​លោក​ពី​ស្ថានភាព​ណា​ក៏​ដោយ ទោះ​ជា​ការ​ធ្វើ​ដូច្នេះ​តម្រូវ​ឲ្យ​ប្រើ​មនុស្ស​ដែល​មើល​ទៅ​ដូច​ជា​ទន់​ខ្សោយ​ឬ​គ្មាន​សមត្ថភាព​ក្ដី។ ជួនកាល​យើង​ប្រហែលជា​មាន​អារម្មណ៍​ថា​អ្នក​ប្រឆាំង​មាន​គ្នា​ច្រើន​ជាង ឬ​ក៏​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​ពិបាក​យ៉ាង​ខ្លាំង។ យើង​មិន​រំពឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ការ​អស្ចារ្យ​ដើម្បី​ជា​សញ្ញា​សម្គាល់​ដល់​យើង​ដូច​លោក​បាន​ធ្វើ​ចំពោះ​គេឌាន​ទេ តែ​យើង​អាច​ទទួល​ការ​ណែនាំ​ដ៏​បរិបូរ​និង​ការ​ពង្រឹង​ទំនុក​ចិត្ត​ពី​បណ្ដាំ​របស់​ព្រះ ថែម​ទាំង​តាម​រយៈ​ក្រុម​ជំនុំ​ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​នៃ​សកម្មពល​របស់​លោក។ (​រ៉ូម ៨:​៣១, ៣២​) សេចក្ដី​សន្យា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ពង្រឹង​ជំនឿ​របស់​យើង និង​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា​លោក​ពិត​ជា​អ្នក​ជួយ​យើង​មែន!

‹ខណៈ​នោះ វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា​មក​សណ្ឋិត​លើ​យែបថា›

១៥, ១៦​. ហេតុ​អ្វី​កូន​ស្រី​របស់​យែបថា​មាន​ចិត្ត​គំនិត​ល្អ? ហើយ​តើ​នេះ​លើក​ទឹក​ចិត្ត​ឪពុក​ម្ដាយ​យ៉ាង​ដូច​ម្ដេច?

១៥ សូម​ពិចារណា​អំពី​គំរូ​មួយ​ទៀត។ ពេល​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ត្រូវ​តែ​ធ្វើសង្គ្រាម​នឹង​ពួក​សាសន៍​អាំម៉ូន សកម្មពល​របស់​ព្រះ​យេហូវ៉ា​បាន​«​មក​សណ្ឋិត​លើ​យែបថា​»។ ដោយ​មាន​ចិត្ត​ចង់​ទទួល​ជ័យ​ជម្នះ​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ យែបថា​បាន​ស្បថ​អំពី​អ្វី​មួយ​ដែល​តម្រូវ​ឲ្យ​គាត់​លះ​បង់​យ៉ាង​ធំ។ យែបថា​បាន​ស្បថ​ថា បើ​ព្រះ​ប្រគល់​ពួក​អាំម៉ូន​មក​ក្នុង​កណ្ដាប់​ដៃ​គាត់ នោះ​អ្នក​ណា​ដែល​ចេញ​មក​ទទួល​គាត់​មុន​គេ ពេល​គាត់​ត្រឡប់​មក​ពី​សង្គ្រាម​វិញ គាត់​នឹង​ឲ្យ​ដល់​ព្រះ​យេហូវ៉ា។ ពេល​ដែល​យែបថា​ត្រឡប់​មក​ពី​បង្ក្រាប​ពួក​អាំម៉ូន កូន​ស្រី​របស់​គាត់​បាន​រត់​ចេញ​មក​ទទួល​គាត់។ (​ចៅ. ១១:២៩​-​៣១, ៣៤​) តើ​នេះ​ធ្វើ​ឲ្យ​យែបថា​រំភើប​ចិត្ត​ឬ​ទេ? ទំនង​ជា​មិន​មែន​ដូច្នេះ​ទេ ព្រោះ​គាត់​មាន​តែ​កូន​ម្នាក់​គត់។ គាត់​បាន​បំពេញ​តាម​ពាក្យ​សម្បថ​នោះ​ដោយ​ឲ្យ​កូន​ស្រី​គាត់​បម្រើ​ព្រះ​យេហូវ៉ា​អស់​មួយ​ជីវិត​នៅ​ត្រ​សាល​របស់​លោក​នៅ​ស៊ីឡូរ។ ដោយ​សារ​កូន​ស្រី​របស់​យែបថា​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា នាង​បាន​ជឿ​ជាក់​ថា​សម្បថ​របស់​ឪពុក​នាង​គួរតែ​បំពេញ​តាម។ (​សូម​អាន ពួកចៅហ្វាយ ១១:៣៦) សកម្មពល​របស់​ព្រះ​បាន​ជួយ​ផ្ដល់​កម្លាំង​ដែល​ពួក​គាត់​ទាំង​ពីរ​នាក់​ត្រូវ​ការ។

១៦ តើ​កូន​ស្រី​របស់​យែបថា​បាន​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន​តាម​របៀប​ណា? ពេល​ដែល​នាង​សង្កេត​ឃើញ​ចិត្ត​ខ្នះខ្នែង​និង​ភក្ដីភាព​របស់​ឪពុក​នាង​ចំពោះ​ព្រះ នេះ​ប្រាកដជា​បាន​ពង្រឹង​ជំនឿ​របស់​នាង។ ឪពុក​ម្ដាយ​ទាំង​ឡាយ​អើយ កូន​ៗ​របស់​អ្នក​តែង​តែ​កត់​សម្គាល់​គំរូ​របស់​អ្នក។ ការ​សម្រេច​ចិត្ត​របស់​អ្នក​បង្ហាញ​ថា​អ្នក​ពិត​ជា​ជឿ​តាម​អ្វី​ដែល​អ្នក​និយាយ។ កូន​ៗ​របស់​អ្នក​កត់​សម្គាល់​ការ​អធិដ្ឋាន​ដ៏​ស្មោះ និង​ការ​បង្រៀន​ដែល​មាន​ប្រសិទ្ធភាព​របស់​អ្នក ហើយ​ឃើញ​ការ​ខំ​ប្រឹង​របស់​អ្នក​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​អស់ពី​ចិត្ត។ កាល​ដែល​កូន​របស់​អ្នក​ធ្វើ​ដូច្នេះ ពួក​គេ​ទំនង​ជា​នឹង​ចាប់​ផ្ដើម​មាន​ចិត្ត​ចង់​ចូល​រួម​យ៉ាង​ខ្លាំង​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។ នេះ​ពិត​ជា​នាំ​ឲ្យ​មាន​អំណរ​ច្រើន​ណាស់។

‹វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា​សណ្ឋិត​លើ›​សាំសុន

១៧​. ដោយ​សារ​សកម្មពល​របស់​ព្រះ តើ​សាំសុន​បាន​ធ្វើ​អ្វី​ខ្លះ?

១៧ សូម​ពិចារណា​អំពី​គំរូ​មួយ​ទៀត។ ពេល​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​ភីលីស្ទីន ​«​វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា​ក៏​ចាប់​តាំង​បណ្ដាល​»​សាំសុន​ឲ្យ​សង្គ្រោះ​ពួក​អ៊ីស្រាអែល។ (​ចៅ. ១៣:២៤, ២៥​) ព្រះ​យេហូវ៉ា​បាន​ផ្ដល់​កម្លាំង​ឲ្យ​សាំសុន​ធ្វើ​អ្វី​ដែល​បង្ហាញ​ថា​គាត់​មាន​កម្លាំង​កាយ​ដែល​គ្មាន​អ្នក​ណា​ប្រៀប​បាន ហើយ​ថែម​ទាំង​គួរ​ឲ្យ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ទៀត​ផង។ ពេល​ដែល​ពួក​ភីលីស្ទីន​បញ្ចុះ​បញ្ចូល​ឲ្យ​ពួក​អ៊ីស្រាអែល​ចាប់​គាត់ នោះ​‹វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា​បាន​សណ្ឋិត​លើ​គាត់​បណ្ដាល​ឡើង​ជា​ខ្លាំង ឯ​ខ្សែ​ដែល​គេច​ង​ដៃ​គាត់ ក៏​ត្រឡប់​ដូច​ជា​សរសៃ​ខ្លូត​ទេស​ដែល​ខ្លោច​ដោយ​ភ្លើង របេះ​ជ្រុះ​ពី​ដៃ​គាត់​ចេញ​អស់›។ (​ចៅ. ១៥:១៤​) ក្រោយ​មក សាំសុន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស​ដែល​នាំ​ឲ្យ​បាត់បង់​កម្លាំង​របស់​គាត់។ ប៉ុន្តែ ទោះ​ជា​កម្លាំង​កាយ​របស់​គាត់​ខ្សោយ​ក៏​ដោយ សាំសុន​បាន​ត្រូវ​ធ្វើ​ឲ្យ​មាន​កម្លាំង​ខ្លាំងក្លា​ម្ដង​ទៀត​«​តាម​រយៈ​ជំនឿ​»​របស់​គាត់។ (​ហេ. ១១:៣២​-​៣៤; ចៅ. ១៦:១៨​-​២១, ២៨​-​៣០​) ដោយ​សារ​កាលៈទេសៈ​ខុស​ពី​ធម្មតា សកម្មពល​របស់​ព្រះ​យេហូវ៉ា​បាន​ជួយ​សាំសុន​តាម​របៀប​ដ៏​ពិសេស។ ប៉ុន្តែ កំណត់​ហេតុ​ប្រវត្ដិសាស្ត្រ​នេះ​បាន​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន​ដល់​យើង។ តើ​តាម​របៀប​ណា?

១៨, ១៩​. (​ក​) តើ​បទ​ពិសោធន៍​របស់​សាំសុន​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​អ្វី? (​ខ​)​ តើ​ការ​ពិចារណា​គំរូ​របស់​ពួក​អ្នក​បម្រើ​ស្មោះ​ត្រង់​ក្នុង​អត្ថបទ​នេះ​បាន​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

១៨ ដូច​សាំសុន យើង​ក៏​ពឹង​ផ្អែក​ទៅ​លើស​កម្ម​ពល​បរិសុទ្ធ​នេះ​ដែរ។ យើង​ធ្វើ​ដូច្នេះ​ពេល​ដែល​យើង​បំពេញ​កិច្ចការ​ដែល​លោក​យេស៊ូ​បាន​ប្រគល់​ឲ្យ​យើង ពោល​គឺ​ការ​«​ផ្សព្វ​ផ្សាយ​ប្រាប់​បណ្ដា​ជន ថែម​ទាំង​ឲ្យ​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់​»។ (​សកម្ម. ១០:​៤២​) ភារកិច្ច​នេះ​តម្រូវ​ឲ្យ​យើង​មាន​ការ​ប៉ិនប្រសប់​ដែល​យើង​ប្រហែលជា​មិន​មាន​ពី​កំណើត​ទេ។ ពេល​ដែល​ព្រះ​យេហូវ៉ា​ប្រើ​សកម្មពល​របស់​លោក​ដើម្បី​ជួយ​យើង​ឲ្យ​បំពេញ​ការងារ​ជា​ច្រើន​ដែល​យើង​គិត​ថា​មិន​អាច​ធ្វើ​បាន នោះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​កតញ្ញូ​ណាស់! យ៉ាង​នេះ កាល​ដែល​យើង​បំពេញ​ភារកិច្ច​របស់​យើង យើង​អាច​ពោល​ដូច​អ្នក​ប្រកាស​ទំនាយ​អេសាយ​ដែល​ថា​៖ ​«​ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ចាត់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ​វិញ្ញាណ​ទ្រង់​ឲ្យ​មក​»។ (​អេ. ៤៨:​១៦​) ពិត​មែន​ហើយ គឺ​សកម្មពល​របស់​ព្រះ​ដែល​បាន​ចាត់​យើង​ឲ្យ​ទៅ! សូម​ឲ្យ​យើង​ផ្ចង់​ចិត្ត​ទៅ​លើ​ភារកិច្ច​នោះ​ដោយ​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​បង្កើន​សមត្ថភាព​របស់​យើង​ដូច​លោក​បាន​ធ្វើ​ចំពោះ​ម៉ូសេ បេតសាលាល និង​យ៉ូស្វេ។ សូម​ឲ្យ​យើង​ប្រើ​«​ដាវ​នៃ​សកម្មពល ពោល​គឺ​បណ្ដាំ​របស់​ព្រះ​»​ដោយ​មាន​ទំនុក​ចិត្ត​ថា​លោក​នឹង​ផ្ដល់​កម្លាំង​ឲ្យ​យើង​ដូច​លោក​បាន​ផ្ដល់​ដល់​គេឌាន យែបថា និង​សាំសុន។ (​អេភ. ៦:១៧, ១៨​) បើ​យើង​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង នោះ​លោក​អាច​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​បំពេញ​កិច្ច​ការ​ដែល​លោក​ប្រគល់​ឲ្យ ដូច​លោក​បាន​ផ្ដល់​កម្លាំង​កាយ​ដល់​សាំសុន​ដែរ។

១៩ យ៉ាង​ច្បាស់​ណាស់ ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ពួក​អ្នក​ដែល​កាន់​ជំហរ​យ៉ាង​ក្លាហាន​ខាង​ការ​គោរព​ប្រណិប័តន៍​ពិត។ កាល​ដែល​យើង​ធ្វើ​តាម​ការ​ដឹក​នាំ​នៃ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ នោះ​ជំនឿ​របស់​យើង​នឹង​មាន​បរិបូរ​ឡើង។ ដូច្នេះ ជា​ការ​ល្អ​ឲ្យ​យើង​ពិចារណា​អំពី​ព្រឹត្ដិការណ៍​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត​ដែល​បាន​កត់​សរសេរ​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ភាសា​ក្រិច។ នេះ​នឹង​បង្ហាញ​អំពី​របៀប​ដែល​សកម្មពល​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​ទៅ​លើ​ពួក​អ្នក​បម្រើ​ស្មោះ​ត្រង់​នៅ​សតវត្សរ៍​ទី​១ មុន​និង​ក្រោយ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.។ កំណត់​ហេតុ​ទាំង​នេះ​នឹង​ត្រូវ​ពិចារណា​ក្នុង​អត្ថបទ​បន្ទាប់។

ហេតុ​អ្វី​អ្នក​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​ស្គាល់​អំពី​របៀប​ដែល​សកម្មពល​របស់​ព្រះ​មាន​ឥទ្ធិពល​ទៅ​លើ . . .

• ម៉ូសេ?

• បេតសាលាល?

• យ៉ូស្វេ?

• គេឌាន?

• យែបថា?

• សាំសុន?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៧​]

សកម្មពល​អាច​ផ្ដល់​កម្លាំង​ឲ្យ​យើង​បំពេញ​កិច្ច​បម្រើ​ដូច​បាន​ផ្ដល់​ឲ្យ​សាំសុន

[​រូបភាព​នៅ​ទំព័រ​២៦​]

ឪពុក​ម្ដាយ​អើយ! ចិត្ត​ខ្នះខ្នែង​របស់​អ្នក​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​កូន​ៗ​របស់​អ្នក