លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូររៀនឲ្យចេះចាំយាមដោយមើលគំរូរបស់សាវ័កលោកយេស៊ូ

ចូររៀនឲ្យចេះចាំយាមដោយមើលគំរូរបស់សាវ័កលោកយេស៊ូ

ចូរ​រៀន​ឲ្យ​ចេះ​ចាំ​យាម​ដោយ​មើល​គំរូ​របស់​សាវ័ក​លោក​យេស៊ូ

​«​[​ចូរ​]​ចាំ​យាម​ជា​មួយ​នឹង​ខ្ញុំ​»។—ម៉ាថ. ២៦:៣៨

តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​អំពី:

ការ​ចាំ​យាម​ទទួល​ការ​ណែនាំ​ស្តី​អំពី​ទី​កន្លែង​ផ្សព្វ​ផ្សាយ?

ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​អធិដ្ឋាន?

ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​ទោះ​ជា​មាន​ឧបសគ្គ?

១​-​៣​. ក្នុង​អំឡុង​យប់​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែនដី តើ​ពួក​សាវ័ក​មាន​កំហុស​អ្វី? ហើយ​តើ​អ្វី​បង្ហាញ​ថា​ពួក​គាត់​បាន​រៀន​ពី​កំហុស​នោះ?

សូម​ស្រមៃ​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​យប់​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ​នៅ​លើ​ផែនដី។ លោក​យេស៊ូ​បាន​មក​ដល់​កន្លែង​ដែល​លោក​ចូល​ចិត្ត​ជាង​គេ គឺ​សួន​ហ្គេតសេម៉ានី​ដែល​នៅ​ខាង​កើត​ក្រុង​យេរូសាឡិម។ លោក​បាន​មក​ទី​នេះ​ជា​មួយ​ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​របស់​លោក។ ដោយ​សារ​មាន​អ្វី​ៗ​ជា​ច្រើន​ធ្វើ​ឲ្យ​លោក​ខ្វល់​ចិត្ត នោះ​លោក​យេស៊ូ​ត្រូវ​ការ​កន្លែង​ស្ងាត់​មួយ​ដែល​នៅ​ដោយ​ឡែក​ពី​អ្នក​ឯ​ទៀត​ដើម្បី​អធិដ្ឋាន។—ម៉ាថ. ២៦:៣៦; យ៉ូន. ១៨:១, ២

លោក​យេស៊ូ​បាន​នាំ​សាវ័ក​បី​នាក់​គឺ​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​កន្លែង​ឆ្ងាយ​ជាង​ក្នុង​សួន​នោះ។ លោក​យេស៊ូ​បាន​ប្រាប់​ពួក​គាត់​ថា​៖ ​«​សូម​នៅ​ទី​នេះ ហើយ​ចាំ​យាម​ជា​មួយ​នឹង​ខ្ញុំ​»​ ក្រោយ​មក លោក​បាន​ចេញ​ពី​ពួក​គាត់​ទៅ​អធិដ្ឋាន។ ពេល​លោក​ត្រឡប់​មក​វិញ លោក​ឃើញ​ថា​ពួក​គាត់​កំពុង​តែ​ដេក​លក់។ លោក​អង្វរ​ពួក​គាត់​ម្ដង​ទៀត​ថា​៖ ​«​ចូរ​ចាំ​យាម​»។ ប៉ុន្តែ ពួក​គាត់​ដេក​លក់​អស់​ពីរ​ដង​ទៀត! ក្រោយ​មក នៅ​យប់​នោះ គ្មាន​សាវ័ក​ណា​ម្នាក់​ត្រៀម​ខ្លួន​ចំពោះ​អ្វី​ដែល​នឹង​កើត​ឡើង​ទេ។ ពួក​គាត់​ថែម​ទាំង​រត់​ចោល​លោក​យេស៊ូ​ទៀត!—ម៉ាថ. ២៦:៣៨, ៤១, ៥៦

ដោយ​សារ​ពួក​សាវ័ក​មិន​បាន​ចាំ​យាម នោះ​ពួក​គាត់​ប្រាកដជា​បាន​ស្ដាយ​ក្រោយ។ ប៉ុន្តែ មិន​យូរ​ក្រោយ​មក ពួក​អ្នក​ស្មោះ​ត្រង់​ទាំង​នោះ​បាន​រៀន​ពី​កំហុស​របស់​ពួក​គាត់។ សៀវភៅ​សកម្មភាព​បង្ហាញ​ថា ពួក​គាត់​បាន​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​ចាំ​យាម។ ភាព​ស្មោះ​ត្រង់​របស់​ពួក​គាត់​ប្រាកដជា​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​បង​ប្អូន​រួម​ជំនឿ។ ចំណែក​សព្វ​ថ្ងៃ​នេះ​វិញ ការ​ចាំ​យាម​រឹត​តែ​សំខាន់​ជាង​មុន​ទៅ​ទៀត។ (​ម៉ាថ. ២៤:៤២​) សូម​ឲ្យ​យើង​ពិចារណា​កំណត់​ហេតុ​ក្នុង​សៀវភៅ​សកម្មភាព​ដើម្បី​រៀន​មេរៀន​បី​ស្តី​អំពី​ការ​ចាំ​យាម។

ចាំ​យាម​ដើម្បី​ទទួល​ការ​ណែនាំ​ស្តី​អំពី​ទី​កន្លែង​ផ្សព្វ​ផ្សាយ

៤, ៥​. តើ​សកម្មពល​បរិសុទ្ធ​បាន​ដឹក​នាំ​ប៉ូល​និង​អ្នក​រួម​ដំណើរ​ជា​មួយ​គាត់​យ៉ាង​ដូច​ម្ដេច?

មេរៀន​ទី​១ ពួក​សាវ័ក​បាន​ចាំ​យាម​ដើម្បី​ទទួល​ការ​ណែនាំ​ស្តី​អំពី​ទី​កន្លែង​ផ្សព្វ​ផ្សាយ។ នៅ​កំណត់​ហេតុ​មួយ យើង​បាន​យល់​អំពី​របៀប​ដែល​លោក​យេស៊ូ​ប្រើ​សកម្មពល​បរិសុទ្ធ​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​លោក ដើម្បី​ដឹក​នាំ​សាវ័ក​ប៉ូល​និង​អ្នក​រួម​ដំណើរ​ជា​មួយ​គាត់​ក្នុង​ការ​ធ្វើ​ដំណើរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។ (​សកម្ម. ២:៣៣​) សូម​ឲ្យ​យើង​តាម​ដាន​ការ​ធ្វើ​ដំណើរ​នោះ។—សូម​អាន សកម្មភាព ១៦:៦​-​១០

ប៉ូល ស៊ីឡាស និង​ធីម៉ូថេ​បាន​ចេញ​ពី​ទី​ក្រុង​លីស្ដ្រា​នៅ​ទិស​ខាង​ត្បូង​ស្រុក​កាឡាទី។ ច្រើន​ថ្ងៃ​ក្រោយ​មក ពួក​គាត់​បាន​មក​ដល់​ផ្លូវ​ធំ​មួយ​នៃ​ទី​ក្រុង​រ៉ូម ដែល​ជា​ផ្លូវ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច ជា​តំបន់​ដែល​មាន​មនុស្ស​រស់​នៅ​យ៉ាង​ច្រើន​បំផុត​ក្នុង​តំបន់​អាស៊ី។ ពួក​គាត់​ចង់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​ទី​ក្រុង​នានា​ដែល​មាន​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​ដឹង​អំពី​លោក​យេស៊ូ​គ្រិស្ត។ ប៉ុន្តែ មាន​អ្វី​មួយ​រារាំង​ពួក​គាត់​ក្នុង​ដំណើរ​នោះ។ ខ​៦​បាន​ចែង​ថា​៖ ​«​ពួក​គាត់​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និង​ស្រុក​កាឡាទី ពីព្រោះ​សកម្មពល​បរិសុទ្ធ​បាន​ហាម​ពួក​គាត់​មិន​ឲ្យ​ប្រាប់​បណ្ដាំ​របស់​ព្រះ​នៅ​តំបន់​អាស៊ី​»។ តាម​របៀប​មួយ​ដែល​យើង​មិន​ដឹង សកម្មពល​បរិសុទ្ធ​បាន​រារាំង​ពួក​គាត់​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​អាស៊ី។ តាម​មើល​ទៅ ដោយ​ប្រើស​កម្ម​ពល​របស់​ព្រះ លោក​យេស៊ូ​ចង់​ដឹក​នាំ​ប៉ូល​និង​អ្នក​រួម​ដំណើរ​ជា​មួយ​គាត់​ទៅ​កន្លែង​ផ្សេង​វិញ។

៦, ៧​. ​(​ក​) តើ​មាន​អ្វី​កើត​ឡើង​ពេល​ដែល​ប៉ូល​និង​អ្នក​រួម​ដំណើរ​ជា​មួយ​គាត់​ធ្វើ​ដំណើរ​ជិត​ដល់​ស្រុក​ប៊ីធូនា? (​ខ​)​ តើ​ពួក​អ្នក​កាន់​តាម​បាន​សម្រេច​ចិត្ត​ធ្វើ​យ៉ាង​ណា? ហើយ​តើ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

តើ​ប៉ូល​និង​អ្នក​រួម​ដំណើរ​ជា​មួយ​គាត់​បាន​ទៅ​កន្លែង​ណា? ខ​៧​បាន​ពន្យល់​ថា​៖ ​«​លុះ​ទៅ​ដល់​តំបន់​មិសៀ ពួក​គាត់​ខំ​ចុះ​ទៅ​ស្រុក​ប៊ីធូនា ប៉ុន្តែ​សកម្មពល​របស់​លោក​យេស៊ូ​មិន​បាន​អនុញ្ញាត​ទេ​»។ ពេល​ពួក​គាត់​មិន​អាច​ទៅ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​អាស៊ី ប៉ូល​និង​អ្នក​រួម​ដំណើរ​ជា​មួយ​គាត់​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ជើង ដោយ​មាន​បំណង​ផ្សព្វ​ផ្សាយ​នៅ​ទី​ក្រុង​នានា​ក្នុង​ស្រុក​ប៊ីធូនា​វិញ។ ក៏​ប៉ុន្តែ ពេល​ដែល​ពួក​គាត់​មក​ជិត​ដល់​ស្រុក​ប៊ីធូនា​ហើយ លោក​យេស៊ូ​ប្រើស​កម្ម​ពល​បរិសុទ្ធ​រារាំង​ពួក​គាត់​ទៀត។ នៅ​ពេល​នោះ ពួក​គាត់​ច្បាស់​ជា​ឆ្ងល់​ណាស់។ ពួក​គាត់​ដឹង​អំពី​អ្វី​ដែល​ពួក​គាត់​នឹង​ផ្សព្វ​ផ្សាយ និង​របៀប​ដែល​ពួក​គាត់​ត្រូវ​ផ្សព្វ​ផ្សាយ ប៉ុន្តែ ពួក​គាត់​មិន​ដឹង​ថា​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ណា​ទេ។ យើង​អាច​និយាយ​ថា: ពួក​គាត់​ដូច​ជា​គោះ​ទ្វារ​ចង់​ចូល​តំបន់​អាស៊ី តែ​ចូល​មិន​បាន​ទេ ហើយ​បាន​គោះ​ទ្វារ​ចូល​ស្រុក​ប៊ីធូនា ក៏​នៅ​តែ​ចូល​មិន​បាន​ទៀត។ តើ​ពួក​គាត់​ឈប់​ព្យាយាម​ឬ​ទេ? មិន​មែន​ទេ ពួក​គាត់​នៅ​តែ​មាន​ចិត្ត​ខ្នះខ្នែង!

នៅ​ពេល​នោះ បុរស​ទាំង​នេះ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​តាម​មើល​ទៅ​ដូច​ជា​ចម្លែក​បន្ដិច។ ខ​៨​បាន​ប្រាប់​យើង​ថា​៖ ​«​ពួក​គាត់​បន្ត​ធ្វើ​ដំណើរ​ហួស​តំបន់​មិសៀ រួច​បាន​ចុះ​ទៅ​ក្រុង​ត្រូអាស​»។ ដូច្នេះ ពួក​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​កើត ហើយ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​អស់​៥៦៣​គីឡូម៉ែត្រ ហួស​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​រហូត​ដល់​ពួក​គាត់​មក​ដល់​កំពង់​ផែ​ត្រូអាស​ដែល​ឆ្លង​ទៅ​ស្រុក​ម៉ាសេដូន។ នៅ​ទី​នោះ នេះ​ជា​លើក​ទី​៣​ពួក​គាត់​គោះ​ទ្វារ​ចង់​ចូល​តំបន់​ថ្មី​ដើម្បី​ផ្សព្វ​ផ្សាយ ប៉ុន្តែ នៅ​លើក​នេះ​លោក​យេស៊ូ​បាន​បើក​ឱកាស​យ៉ាង​ធំ​ឲ្យ​ពួក​គាត់​ផ្សព្វ​ផ្សាយ​វិញ! ខ​៩​បាន​រៀប​រាប់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ថា​៖ ​«​នៅ​ពេល​យប់ ប៉ូល​ឃើញ​អ្វី​មួយ​ក្នុង​គំនិត គឺ​បុរស​ជន​ជាតិ​ម៉ាសេដូន​ម្នាក់​កំពុង​ឈរ​អង្វរ​គាត់​ថា​៖ ‹សូម​ឆ្លង​មក​ស្រុក​ម៉ាសេដូន ហើយ​ជួយ​យើង​ផង›​»។ ឥឡូវ ប៉ូល​បាន​ដឹង​អំពី​ទី​កន្លែង​ដែល​គាត់​ត្រូវ​ផ្សព្វ​ផ្សាយ​ហើយ។ ដោយ​មិន​បង្អែ​បង្អង់ ពួក​គាត់​បាន​ជិះ​ទូក​ទៅ​ស្រុក​ម៉ាសេដូន​ភ្លាម។

៨, ៩​. តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​ការ​ធ្វើ​ដំណើរ​របស់​ប៉ូល?

តើ​យើង​អាច​រៀន​អ្វី​ពី​កំណត់​ហេតុ​នេះ? សូម​កត់​សម្គាល់​ថា ក្រោយ​ពេល​ដែល​ប៉ូល​ចេញ​ដំណើរ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​អាស៊ី ទើប​សកម្មពល​របស់​ព្រះ​ចាប់​ផ្ដើម​ដឹក​នាំ​ពួក​គាត់។ បន្ទាប់​មក ក្រោយ​ពី​ប៉ូល​ធ្វើ​ដំណើរ​ជិត​ដល់​ស្រុក​ប៊ីធូនា​ទើប​លោក​យេស៊ូ​ផ្ដល់​ការ​ណែនាំ​ដល់​ពួក​គាត់។ បន្ថែម​ទៅ​ទៀត ក្រោយ​ពី​ប៉ូល​បាន​ទៅ​ដល់​ក្រុង​ត្រូអាស ទើប​លោក​យេស៊ូ​ផ្ដល់​ការ​ណែនាំ​ឲ្យ​គាត់​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ស្រុក​ម៉ាសេដូន។ ក្នុង​ឋានៈ​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ លោក​យេស៊ូ​អាច​ណែនាំ​យើង​តាម​វិធី​ស្រដៀង​គ្នា​ដែរ។ (​កូឡ. ១:​១៨​) ជា​ឧទាហរណ៍ អ្នក​ប្រហែលជា​កំពុង​គិត​ចង់​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ឬ​រើ​ទៅ​រស់​នៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង។ ប៉ុន្តែ ក្រោយ​ពី​អ្នក​បាន​ចាត់​វិធានការ​ដើម្បី​បំពេញ​គោលដៅ​នេះ​ប៉ុណ្ណោះ ទើប​លោក​យេស៊ូ​ប្រើស​កម្ម​ពល​របស់​ព្រះ​ដើម្បី​ដឹក​នាំ​អ្នក។ ឧទាហរណ៍: អ្នក​បើក​ឡាន​អាច​បញ្ជា​ឡាន​ឲ្យ​បត់​ស្ដាំ​ឬ​បត់​ឆ្វេង​បាន លុះ​ត្រា​តែ​ឡាន​នោះ​ធ្វើ​ដំណើរ​ទៅ​មុខ។ ស្រដៀង​គ្នា​ដែរ លោក​យេស៊ូ​អាច​ដឹក​នាំ​យើង​ដើម្បី​ពង្រីក​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង​បាន លុះ​ត្រា​តែ​យើង​មាន​សកម្មភាព​ដោយ​ខំ​ព្យាយាម​បំពេញ​គោលដៅ​របស់​យើង។

ប៉ុន្តែ ចុះ​យ៉ាង​ណា បើ​ការ​ខំ​ព្យាយាម​របស់​អ្នក​មិន​បង្កើត​ផល​ភ្លាម​ៗ​? តើ​អ្នក​គួរ​ឈប់​ខំ​ព្យាយាម​ទៀត​ដោយ​សន្និដ្ឋាន​ថា​សកម្មពល​របស់​ព្រះ​មិន​បាន​ដឹក​នាំ​អ្នក​ឬ? សូម​ចាំ​ថា​អ្វី​ៗ​មិន​បាន​កើត​ឡើង​ភ្លាម​ដូច​ប៉ូល​បាន​រំពឹង​ទុក​នោះ​ទេ។ ប៉ុន្តែ គាត់​ខំ​ព្យាយាម​ស្វែងរក និង​អង្វរ​សុំ​ឥត​ឈប់ រហូត​ដល់​គាត់​រក​ទ្វារ​ដែល​បើក​ចំហ​យ៉ាង​ធំ។ ស្រដៀង​គ្នា​ដែរ បើ​អ្នក​តស៊ូ​ព្យាយាម​ក្នុង​ការ​ស្វែងរក​‹ទ្វារ​ដែល​បើក​ចំហ​យ៉ាង​ធំ​សម្រាប់​បំពេញ​កិច្ច​បម្រើ› នោះ​អ្នក​ក៏​អាច​ទទួល​លទ្ធផល​ល្អ​ដែរ។—១កូ. ១៦:៩

យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​អធិដ្ឋាន

១០​. ហេតុ​អ្វី​យើង​ដឹង​ថា យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​អធិដ្ឋាន​ទើប​អាច​ចាំ​យាម​បាន?

១០ ឥឡូវ សូម​យើង​ពិចារណា​មេរៀន​ទី​២​ស្តី​អំពី​ការ​ចាំ​យាម ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​បង​ប្អូន​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​គឺ: ពួក​គាត់​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​អធិដ្ឋាន។ (​១ពេ. ៤:៧​) ការ​តស៊ូ​ក្នុង​ការ​អធិដ្ឋាន​ជា​អ្វី​ដែល​ចាំ​បាច់​ដើម្បី​នៅ​ចាំ​យាម។ សូម​នឹក​ចាំ​ថា​នៅ​សួន​ហ្គេតសេម៉ានី មិន​យូរ​មុន​ពេល​ដែល​លោក​យេស៊ូ​ត្រូវ​គេ​ចាប់​ខ្លួន លោក​បាន​ប្រាប់​សាវ័ក​ទាំង​បី​នាក់​របស់​លោក​ថា​៖ ​«​ចូរ​ចាំ​យាម​ហើយ​អធិដ្ឋាន​ជា​និច្ច​»។—ម៉ាថ. ២៦:៤១

១១, ១២​. ហេតុ​អ្វី​ស្តេច​ហេរ៉ូឌ​ចង់​បៀតបៀន​ពួក​គ្រិស្ត​សាសនិក​ដែល​រួម​បញ្ចូល​ទាំង​ពេត្រុស? ហើយ​តើ​គាត់​ធ្វើ​ដូច្នេះ​តាម​របៀប​ណា?

១១ ពេត្រុស​បាន​ឮ​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​សួន​ហ្គេតសេម៉ានី។ នៅ​ពេល​ក្រោយ​មក គាត់​បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​ឥទ្ធិពល​នៃ​ការ​អធិដ្ឋាន។ (​សូម​អាន សកម្មភាព ១២:១​-​៦) ក្នុង​ខ​មុន​ដំបូង​នៃ​កំណត់​ហេតុ​នេះ យើង​ដឹង​ថា​ស្តេច​ហេរ៉ូឌ​បាន​បៀតបៀន​គ្រិស្ត​សាសនិក ដើម្បី​ផ្គាប់​ចិត្ត​ជន​ជាតិ​យូដា។ គាត់​ទំនង​ជា​បាន​ដឹង​ថា​យ៉ាកុប​ជា​សាវ័ក​ដែល​ជិត​ស្និទ្ធ​នឹង​លោក​យេស៊ូ។ ហេតុ​នេះ​ហើយ ស្តេច​ហេរ៉ូឌ​បាន​បង្គាប់​ឲ្យ​គេ​សម្លាប់​យ៉ាកុប​«​ដោយ​ដាវ​»។ (​ខ​២​) នៅ​ពេល​នោះ ក្រុម​ជំនុំ​បាន​បាត់បង់​សាវ័ក​ដែល​ជា​ទី​ស្រឡាញ់​ម្នាក់។ នេះ​ពិត​ជា​ការ​ល្បង​ល​ដ៏​ពិបាក​មួយ​សម្រាប់​បង​ប្អូន​ឯ​ទៀត!

១២ បន្ទាប់​មក តើ​ស្តេច​ហេរ៉ូឌ​បាន​ធ្វើ​អ្វី? នៅ​ខ​៣​ពន្យល់​ថា​៖ ​«​កាល​ដែល​គាត់​ឃើញ​ថា​ជន​ជាតិ​យូដា​ពេញ​ចិត្ត​នឹង​ការ​នោះ គាត់​ក៏​ចាប់​ខ្លួន​ពេត្រុស​ដែរ​»។ ប៉ុន្តែ ធ្លាប់​មាន​ពេល​មួយ​ដែល​គុក​មិន​អាច​ឃុំឃាំង​ពួក​សាវ័ក​បាន​ឡើយ។ ពេត្រុស​ក៏​បាន​នៅ​ក្នុង​ចំណោម​ពួក​គាត់​ដែរ។ (​សកម្ម. ៥:១៧​-​២០​) ស្តេច​ហេរ៉ូឌ​ប្រហែលជា​បាន​ដឹង​អំពី​រឿង​នេះ។ ដូច្នេះ ស្តេច​ដ៏​ឆ្លាត​នេះ​មិន​ចង់​ប្រថុយ​ឲ្យ​ពេត្រុស​រួច​ខ្លួន​ឡើយ។ គាត់​បាន​ប្រគល់​ពេត្រុស​ដល់​«​ទាហាន​បួន​ក្រុម​ឲ្យ​យាម​គាត់ ដោយ​ក្នុង​ក្រុម​នីមួយ​ៗ​មាន​ទាហាន​បួន​នាក់។ ស្តេច​ហេរ៉ូឌ​ធ្វើ​ដូច្នេះ​ដោយ​សារ​មាន​បំណង​នាំ​ពេត្រុស​មក​បង្ហាញ​បណ្ដា​ជន​បន្ទាប់​ពី​បុណ្យ​រំលង​»។ (​ខ​៤​) សូម​គិត​ទៅ​មើល! ស្តេច​ហេរ៉ូឌ​បាន​ដាក់​ច្រវាក់​ពេត្រុស​ឲ្យ​នៅ​ពាក់​កណ្ដាល​ទាហាន​២​នាក់ ដោយ​មាន​ទាហាន​១៦​នាក់​ផ្លាស់​វេន​គ្នា​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​កុំ​ឲ្យ​សាវ័ក​ពេត្រុស​រត់​រួច។ ស្តេច​ហេរ៉ូឌ​មាន​បំណង​ចង់​នាំ​ពេត្រុស​មក​បង្ហាញ​ដល់​បណ្ដា​ជន​បន្ទាប់​ពី​បុណ្យ​រំលង ដោយ​គិត​ថា​ការ​ប្រហារ​ជីវិត​ពេត្រុស​ជា​អំណោយ​មួយ​ដើម្បី​ផ្គាប់​ចិត្ត​បណ្ដា​ជន។ ក្នុង​ស្ថានភាព​ដែល​មើល​ទៅ​ដូច​ជា​អស់​សង្ឃឹម​ដូច្នេះ តើ​បង​ប្អូន​គ្រិស្ត​សាសនិក​អាច​ធ្វើ​យ៉ាង​ណា?

១៣, ១៤​. ​(​ក​) តើ​បង​ប្អូន​បាន​ធ្វើ​យ៉ាង​ណា​ពេល​ដឹង​ថា​ពេត្រុស​ត្រូវ​គេ​ចាប់​ដាក់​គុក? (​ខ​)​ ស្តី​អំពី​ការ​អធិដ្ឋាន តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​បង​ប្អូន​គ្រិស្ត​សាសនិក​នៅ​ជំនាន់​ពេត្រុស?

១៣ បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​បាន​ដឹង​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​ពួក​គាត់​ត្រូវ​ធ្វើ។ ខ​៥​ចែង​ថា​៖ ​«​ដូច្នេះ ពេត្រុស​ត្រូវ​គេ​ឃុំ​ទុក​ក្នុង​គុក តែ​ក្រុម​ជំនុំ​បាន​អធិដ្ឋាន​អង្វរ​ព្រះ​ឥត​ឈប់​ដោយ​អស់ពី​ចិត្ត​ដើម្បី​គាត់​»។ ពិត​មែន​ហើយ ការ​អធិដ្ឋាន​របស់​ពួក​គេ​គឺ​អស់ពី​ចិត្ត​ដើម្បី​បង​ប្រុស​ជា​ទី​ស្រឡាញ់​នោះ។ ដូច្នេះ ការ​ស្លាប់​របស់​យ៉ាកុប​មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​អស់​សង្ឃឹម ឬ​បណ្ដាល​ឲ្យ​ពួក​គេ​ចាត់​ទុក​ការ​អធិដ្ឋាន​ជា​អ្វី​ដែល​មិន​មាន​ប្រសិទ្ធភាព​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ដឹង​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ទៅ​លើ​ការ​អធិដ្ឋាន​របស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក​យ៉ាង​ស្មោះ​ត្រង់។ បើ​សេចក្ដី​អធិដ្ឋាន​ទាំង​នោះ​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក នោះ​លោក​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​ពួក​គេ។—ហេ. ១៣:១៨, ១៩; យ៉ា. ៥:១៦

១៤ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​អ្វី​ដែល​បង​ប្អូន​គ្រិស្ត​សាសនិក​បាន​ធ្វើ​នៅ​ពេល​នោះ? ការ​ចាំ​យាម​រួម​បញ្ចូល​ការ​អធិដ្ឋាន​មិន​គ្រាន់តែ​សម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ក្រុម​ជំនុំ​របស់​យើង​ផង​ដែរ។ (​អេភ. ៦:១៨​) តើ​អ្នក​ស្គាល់​បង​ប្អូន​រួម​ជំនឿ​ណា​ដែល​កំពុង​ជួប​ទុក្ខ​លំបាក​ឬ​ទេ? បង​ប្អូន​ខ្លះ​ប្រហែលជា​កំពុង​តែ​ជួប​នឹង​ការ​បៀតបៀន ការ​ដាក់​បម្រាម​របស់​រដ្ឋាភិបាល ឬ​គ្រោះ​មហន្តរាយ​ធម្មជាតិ។ ជា​ការ​ល្អ​ឲ្យ​យើង​លើក​ឡើង​អំពី​បង​ប្អូន​ទាំង​នោះ​ក្នុង​សេចក្ដី​អធិដ្ឋាន​ដែល​ផុស​ចេញ​ពី​ចិត្ត​របស់​យើង មែន​ទេ? អ្នក​ប្រហែលជា​ស្គាល់​បង​ប្អូន​ឯ​ទៀត​ដែល​ជួប​បញ្ហា​ដែល​មិន​ងាយ​សម្គាល់​ឃើញ។ ពួក​គាត់​ប្រហែលជា​មាន​បញ្ហា​ក្នុង​ក្រុម​គ្រួសារ ការ​ធ្លាក់​ទឹក​ចិត្ត ឬ​ជំងឺ។ ជា​ការ​ល្អ​ឲ្យ​យើង​លើក​ឈ្មោះ​របស់​បង​ប្អូន​នោះ​ចំ​ៗ​ពេល​យើង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​»។—ទំនុក. ៦៥:២

១៥, ១៦​. ​(​ក​) សូម​ពណ៌​នា​អំពី​របៀប​ដែល​ទេវតា​របស់​ព្រះ​យេហូវ៉ា​សង្គ្រោះ​ពេត្រុស​ឲ្យ​រួច​ពី​គុក។ (​សូម​មើល​រូបភាព​នៅ​ខាង​ក្រោម​) (​ខ​) ពេល​សញ្ជឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​សង្គ្រោះ​ពេត្រុស ហេតុ​អ្វី​នេះ​លើក​ទឹក​ចិត្ត​យើង?

១៥ ប៉ុន្តែ តើ​អ្វី​បាន​កើត​ឡើង​ដល់​ពេត្រុស? ក្នុង​អំឡុង​យប់​ចុង​ក្រោយ​ដែល​គាត់​នៅ​ក្នុង​គុក ពេល​ពេត្រុស​កំពុង​ដេក​លក់​ស៊ប់​នៅ​ពាក់​កណ្ដាល​ទាហាន​ពីរ​នាក់​នោះ ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​មួយ​បាន​កើត​ឡើង​ចំពោះ​គាត់។ (​សូម​អាន សកម្មភាព ១២:៧​-​១១) សូម​ស្រមៃ​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង: នៅ​ពេល​នោះ ស្រាប់​តែ​មាន​ពន្លឺ​ភ្លឺ​ចាំង​ចូល​មក​ពេញ​ក្នុង​បន្ទប់​គុក​ដែល​គាត់​នៅ។ ទេវតា​មួយ​បាន​ឈរ​នៅ​ទី​នោះ តែ​តាម​មើល​ទៅ​អ្នក​យាម​នោះ​មិន​បាន​ឃើញ​ទេ ហើយ​ទេវតា​នោះ​បាន​ដាស់​ពេត្រុស​ឲ្យ​ភ្ញាក់​ឡើង​ភ្លាម​ៗ។ នៅ​ពេល​នោះ ច្រវាក់​ដែល​នៅ​ជាប់​ដៃ​គាត់​ស្រាប់​តែ​របូត​ចេញ! រួច​មក ទេវតា​ក៏​នាំ​ពេត្រុស​ចេញ​ពី​គុក​នោះ ទាំង​ដើរ​កាត់​មុខ​ទាហាន​ដែល​នៅ​យាម​ខាង​ក្រៅ ហើយ​គាត់​ចេញ​តាម​ទ្វារ​ដែក​ដែល​«​របើក​ឯង​»។ ពេល​ដែល​គាត់​បាន​ចេញ​ទៅ​ខាង​ក្រៅ​ហើយ ទេវតា​នោះ​បាន​ចាក​ចេញ​ពី​គាត់​ទៅ។ ពេត្រុស​មាន​សេរីភាព​ហើយ!

១៦ ពេល​សញ្ជឹង​គិត​អំពី​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​សង្គ្រោះ​អ្នក​បម្រើ​របស់​លោក នេះ​ពិត​ជា​ពង្រឹង​ជំនឿ​របស់​យើង​ណាស់ មែន​ទេ? ពិត​មែន​ហើយ យើង​មិន​រំពឹង​ឲ្យ​ព្រះ​យេហូវ៉ា​សង្គ្រោះ​យើង​ដោយ​ប្រើ​ការ​អស្ចារ្យ​នៅ​សព្វ​ថ្ងៃ​នេះ​ទេ។ ក៏​ប៉ុន្តែ យើង​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា​លោក​ប្រើ​ឫទ្ធានុភាព​ដើម្បី​ជួយ​រាស្ត្រ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ។ (​២រប. ១៦:៩​) ដោយ​ប្រើ​សកម្មពល​បរិសុទ្ធ​ដ៏​ខ្លាំងក្លា​របស់​លោក លោក​អាច​ផ្ដល់​កម្លាំង​ឲ្យ​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ដែល​យើង​ជួប​ប្រទះ។ (​២កូ. ៤:​៧; ២ពេ. ២:៩​) បន្ថែម​ទៅ​ទៀត ឆាប់​ៗ​ខាង​មុខ​នេះ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ឫទ្ធានុភាព​ដល់​បុត្រ​របស់​លោក​ដើម្បី​សង្គ្រោះ​មនុស្ស​រាប់​លាន​នាក់​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​ដែល​ប្រៀប​ដូច​ជា​គុក។ (​យ៉ូន. ៥:​២៨, ២៩​) ជំនឿ​របស់​យើង​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​អាច​ផ្ដល់​កម្លាំង​ដ៏​អស្ចារ្យ​ដល់​យើង​ដើម្បី​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ។

ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់ ទោះ​ជា​មាន​ឧបសគ្គ

១៧​. តើ​ប៉ូល​បាន​ទុក​គំរូ​ល្អ​យ៉ាង​ណា​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ខ្នះខ្នែង និង​ការ​ចាំ​ថា​ពេល​ដែល​នៅ​សល់​មាន​តែ​បន្ដិច?

១៧ មេរៀន​ទី​៣​អំពី​ការ​ចាំ​យាម​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​ពួក​សាវ័ក​គឺ: ពួក​គេ​បន្ត​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​ទោះ​ជា​មាន​ឧបសគ្គ​ក៏​ដោយ។ ការ​ផ្សព្វ​ផ្សាយ​ដោយ​មាន​ចិត្ត​ខ្នះខ្នែង និង​ដោយ​យល់​ថា​ពេល​ដែល​នៅ​សល់​មាន​តែ​បន្ដិច នោះ​ជា​អ្វី​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​ជួយ​យើង​ឲ្យ​ចាំ​យាម​ជា​និច្ច។ សាវ័ក​ប៉ូល​បាន​ទុក​គំរូ​ដ៏​ល្អ​ឲ្យ​យើង​ស្តី​អំពី​រឿង​នេះ។ គាត់​បាន​ខំ​ព្យាយាម​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះខ្នែង ដោយ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង​ៗ​និង​បង្កើត​ក្រុម​ជំនុំ​ជា​ច្រើន។ ទោះ​ជា​គាត់​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន​ក៏​ដោយ គាត់​មិន​ដែល​បាត់បង់​ចិត្ត​ខ្នះខ្នែង ឬ​ភ្លេច​ថា​ពេល​ដែល​នៅ​សល់​មាន​តែ​បន្ដិច​ទេ។—២កូ. ១១:២៣​-​២៩

១៨​. ពេល​ដែល​គាត់​នៅ​ជាប់​ឃុំឃាំង​ក្នុង​ទី​ក្រុង​រ៉ូម តើ​ប៉ូល​បន្ត​ផ្សព្វ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

១៨ សូម​ពិចារណា​អំពី​សៀវភៅ​សកម្មភាព​ជំពូក​ទី​២៨ ជា​កំណត់​ហេតុ​ចុង​ក្រោយ​ដែល​ចែង​អំពី​ប៉ូល។ ប៉ូល​បាន​មក​ដល់​ទី​ក្រុង​រ៉ូម ជា​កន្លែង​ដែល​គាត់​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​អធិរាជ​នីរ៉ូ។ គាត់​បាន​ត្រូវ​គេ​ឃុំឃាំង ប្រហែលជា​មាន​ច្រវាក់​ជាប់​នឹង​ទាហាន​ដែល​ជា​អ្នក​យាម។ ប៉ុន្តែ ការ​ជាប់​ច្រវាក់​មិន​បាន​ធ្វើ​ឲ្យ​សាវ័ក​ដែល​មាន​ចិត្ត​ខ្នះខ្នែង​នេះ​ឈប់​ផ្សព្វ​ផ្សាយ​ទេ! ប៉ូល​នៅ​តែ​ស្វែងរក​ឱកាស​ដើម្បី​ផ្សព្វ​ផ្សាយ។ (​សូម​អាន សកម្មភាព ២៨:១៧, ២៣, ២៤) ក្រោយ​បី​ថ្ងៃ ប៉ូល​បាន​ហៅ​បុរស​ដែល​មាន​មុខ​មាត់​ក្នុង​ចំណោម​ជន​ជាតិ​យូដា​ឲ្យ​មក​ជុំ​គ្នា​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​ពួក​គេ។ ក្រោយ​មក នៅ​ថ្ងៃ​ដែល​ពួក​គេ​បាន​កំណត់ ប៉ូល​បាន​ផ្សព្វ​ផ្សាយ​កាន់​តែ​ច្រើន។ ខ​២៣​បាន​ចែង​ថា​៖ ​«​ពួក​គេ​[​ជន​ជាតិ​យូដា​]​ណាត់​នឹង​គាត់ ឲ្យ​មក​ពេញ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​នោះ ពួក​គេ​មក​កន្លែង​គាត់​ស្នាក់​នៅ ដោយ​មាន​គ្នា​ច្រើន​ជាង​មុន ហើយ​តាំង​ពី​ព្រឹក​ដល់​ល្ងាច គាត់​ពន្យល់​ពួក​គេ​អំពី​រឿង​នោះ ដោយ​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​ខំ​បញ្ជាក់​ហេតុ​ផល​ដើម្បី​ឲ្យ​ពួក​គេ​ជឿ​អំពី​លោក​យេស៊ូ ដោយ​ផ្អែក​លើ​ច្បាប់​របស់​ម៉ូសេ​និង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​»។

១៩, ២០​. ​(​ក​) ហេតុ​អ្វី​របៀប​ប៉ូល​ផ្សព្វ​ផ្សាយ​មាន​ប្រសិទ្ធភាព​ខ្លាំង​ម្ល៉េះ? (​ខ​)​ តើ​ប៉ូល​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​មនុស្ស​ខ្លះ​មិន​បាន​ស្ដាប់​ដំណឹង​ល្អ?

១៩ ហេតុ​អ្វី​របៀប​ប៉ូល​ផ្សព្វ​ផ្សាយ​មាន​ប្រសិទ្ធភាព​ម្ល៉េះ? សូម​កត់​សម្គាល់​ខ​២៣​ដែល​បញ្ជាក់​អំពី​មូលហេតុ​មួយ​ចំនួន​ដូច​ជា: (​១​) គាត់​បាន​បញ្ជាក់​អំពី​រាជាណាចក្រ​របស់​ព្រះ និង​អំពី​លោក​យេស៊ូ​គ្រិស្ត។ (​២​)​ គាត់​ខំ​ពន្យល់​អ្នក​ស្ដាប់​ដោយ​«​បញ្ជាក់​ហេតុ​ផល​»​ជា​មួយ​នឹង​ពួក​គេ។ (​៣​)​ គាត់​បាន​វែក​ញែក​ដោយ​ប្រើ​បទ​គម្ពីរ។ (​៤​)​ គាត់​បាន​បង្ហាញ​ចិត្ត​គំនិត​ដែល​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដោយ​ផ្សព្វ​ផ្សាយ​«​តាំង​ពី​ព្រឹក​ដល់​ល្ងាច​»។ ប៉ូល​បាន​ផ្សព្វ​ផ្សាយ​ដោយ​មាន​ប្រសិទ្ធភាព​យ៉ាង​ខ្លាំង តែ​មិន​មែន​មនុស្ស​ទាំង​អស់​ធ្វើ​តាម​អ្វី​ដែល​គាត់​ផ្សព្វ​ផ្សាយ​នោះ​ទេ។ ខ​២៤​ចែង​ថា​៖ ​«​អ្នក​ខ្លះ​ចាប់​ផ្ដើម​ជឿ​អ្វី​ដែល​គាត់​និយាយ ឯ​អ្នក​ខ្លះ​ទៀត​មិន​ព្រម​ជឿ​ទេ​»។ ជា​លទ្ធផល ពួក​គេ​ចាប់​ផ្ដើម​ប្រកែក​គ្នា ហើយ​ចាក​ចេញ​ទៅ។

២០ ដោយ​សារ​មនុស្ស​ទាំង​អស់​មិន​បាន​ស្ដាប់​តាម​ដំណឹង​ល្អ តើ​ប៉ូល​ធ្លាក់​ទឹក​ចិត្ត​ឬ​ទេ? អត់​ទេ! សកម្មភាព ២៨:៣០, ៣១​បាន​ចែង​ថា​៖ ​«​អស់​ពីរ​ឆ្នាំ​គាត់​នៅ​ក្នុង​ផ្ទះ​ដែល​គាត់​ជួល ហើយ​ក៏​បាន​ទទួល​យ៉ាង​រាក់​ទាក់​អស់​អ្នក​ដែល​មក​ជួប​គាត់ ដោយ​ផ្សព្វ​ផ្សាយ​ប្រាប់​ពួក​គេ​អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​បង្រៀន​អំពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​ដោយ​ក្លាហាន​បំផុត ហើយ​ដោយ​គ្មាន​អ្វី​មករា​រាំង​ឡើយ​»។ សៀវភៅ​សកម្មភាព​បាន​បញ្ចប់​ដោយ​ពាក្យ​ដ៏​កក់​ក្ដៅ​នេះ។

២១​. តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ប៉ូល​ពេល​ដែល​គាត់​នៅ​ក្នុង​ផ្ទះ​ឃុំឃាំង?

២១ តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ប៉ូល? ក្នុង​ពេល​ដែល​គាត់​នៅ​ក្នុង​ផ្ទះ​ឃុំឃាំង ប៉ូល​មិន​មាន​សេរីភាព​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទេ។ ប៉ុន្តែ​គាត់​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​ដោយ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ទាំង​អស់​ដែល​មក​ជួប​គាត់។ ស្រដៀង​គ្នា​ដែរ រាស្ត្រ​របស់​ព្រះ​ជា​ច្រើន​នាក់​សព្វ​ថ្ងៃ​នេះ​រក្សា​អំណរ​របស់​ពួក​គេ និង​បន្ត​ផ្សព្វ​ផ្សាយ ទោះ​ជា​ត្រូវ​ជាប់​គុក​យ៉ាង​អយុត្ដិធម៌​ដោយ​សារ​ជំនឿ​របស់​ពួក​គេ​ក៏​ដោយ។ បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​យើង​ខ្លះ​មិន​អាច​ចេញ​ពី​ផ្ទះ ឬ​ប្រហែលជា​រស់​នៅ​មជ្ឈមណ្ឌល​ថែ​ទាំ​មនុស្ស​វ័យ​ចាស់​ដោយ​សារភាព​ចាស់​ជរា​ឬ​ជំងឺ​ជា​ដើម។ ប៉ុន្តែ នៅ​ពេល​ដែល​ពួក​គាត់​មាន​ឱកាស ពួក​គាត់​ផ្សព្វ​ផ្សាយ​ដល់​គ្រូ​ពេទ្យ​និង​បុគ្គលិក ភ្ញៀវ និង​មនុស្ស​ឯ​ទៀត​ដែល​មក​ជួប​ពួក​គាត់។ បំណង​ប្រាថ្នា​របស់​ពួក​គាត់​គឺ​ដើម្បី​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​អំពី​រាជាណាចក្រ​របស់​ព្រះ។ យើង​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​គំរូ​របស់​ពួក​គាត់​ណាស់!

២២​. កាល​ដែល​អ្នក​រង់​ចាំ​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

២២ យើង​ឃើញ​ច្បាស់​ថា យើង​អាច​រៀន​ឲ្យ​ចេះ​ចាំ​យាម​ពី​គំរូ​ជា​ច្រើន​របស់​ពួក​សាវ័ក​និង​បង​ប្អូន​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ដែល​បាន​រៀប​រាប់​នៅ​ក្នុង​សៀវភៅ​សកម្មភាព។ កាល​ដែល​យើង​កំពុង​រង់​ចាំ​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ សូម​ឲ្យ​យើង​តាំង​ចិត្ត​យក​តម្រាប់​តាម​បង​ប្អូន​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ក្លាហាន​និង​ដោយ​ចិត្ត​ខ្នះខ្នែង។ សព្វ​ថ្ងៃ​នេះ គ្មាន​ឯកសិទ្ធិ​ណា​ដែល​ធំ​ជាង​ការ​«​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​»​អំពី​រាជាណាចក្រ​របស់​ព្រះ​នោះ​ទេ!—សកម្ម. ២៨:២៣

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​១៦​]

ទេវតា​បាន​នាំ​ពេត្រុស​ចេញ​តាម​ទ្វារ​ដែក