លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មហន្ដរាយធម្មជាតិ ហេតុអ្វីមានច្រើនម្ល៉េះ?

មហន្ដរាយធម្មជាតិ ហេតុអ្វីមានច្រើនម្ល៉េះ?

មហន្តរាយ​ធម្មជាតិ ហេតុ​អ្វី​មាន​ច្រើន​ម្ល៉េះ?

គ្រោះ​មហន្តរាយ​ធម្មជាតិ​ដូច​ជា​មាន​ច្រើន​ណាស់​ក្នុង​ព័ត៌មាន។ មនុស្ស​កាន់​តែ​ច្រើន​ជាង​មុន​គឺជា​ជន​រង​គ្រោះ​ដោយ​សារ​គ្រោះ​មហន្តរាយ​ណា​មួយ។ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ចំនួន​នៃ​គ្រោះ​មហន្តរាយ​ក្នុង​ប្រទេស​បែលស៊ិច​បាន​រាយ​ការណ៍​ថា ក្នុង​ឆ្នាំ​២០១០​តែ​ប៉ុណ្ណោះ​មាន​គ្រោះ​មហន្តរាយ​៣៧៣​ករណី ហើយ​ជា​លទ្ធផល​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​២៩៦.០០០​នាក់​ស្លាប់។

ម្យ៉ាង​ទៀត ក្នុង​ឆ្នាំ​ថ្មី​ៗ​កន្លង​ទៅ​នេះ ចំនួន​គ្រោះ​មហន្តរាយ​ដែល​គេ​រាយ​ការណ៍​បាន​កើន​ឡើង​យ៉ាង​ច្រើន។ ជា​ឧទាហរណ៍ ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៩៩ មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​តិច​ជាង​៣០០​ករណី​ជា​រៀង​រាល់​ឆ្នាំ។ ក៏​ប៉ុន្តែ ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១០​ចំនួន​គ្រោះ​មហន្តរាយ​ជា​មធ្យម​មាន​ជិត​ដល់​៤០០​ករណី​ជា​រៀង​រាល់​ឆ្នាំ។ អ្នក​ប្រហែលជា​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ឆ្ងល់​ថា​‹ហេតុ​អ្វី​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ច្រើន​ម្ល៉េះ​នៅ​សព្វ​ថ្ងៃ​នេះ?›។

ទោះ​ជា​មនុស្ស​ច្រើន​តែ​និយាយ​ថា គ្រោះ​មហន្តរាយ​ជា​«​ស្នា​ដៃ​របស់​ព្រះ​»​ក៏​ដោយ តាម​ពិត​នេះ​ជា​គំនិត​ខុស​ឆ្គង​មួយ។ ព្រះ​មិន​មែន​ជា​អ្នក​បណ្ដាល​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​យ៉ាង​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គម្ពីរ​បាន​ទាយ​ទុក​ថា​នឹង​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង​នៅ​សម័យ​យើង។ ជា​ឧទាហរណ៍ នៅ​ម៉ាថាយ ២៤:៧, ៨ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​នឹង​មាន​រញ្ជួយ​ដី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ថែម​ទាំង​មាន​ការ​អត់​ឃ្លាន​ទៀត​ផង។ ការ​ទាំង​នេះ​គឺជា​ការ​ចាប់​ផ្ដើម​នៃ​គ្រា​លំបាក​»។ ហេតុ​អ្វី​លោក​យេស៊ូ​បាន​ទាយ​ទុក​អំពី​ព្រឹត្ដិការណ៍​ទាំង​នេះ? ហើយ​តើ​ព្រឹត្ដិការណ៍​ទាំង​នេះ​បញ្ជាក់​ឲ្យ​យើង​ដឹង​អ្វី?

លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​ព្រះ​បាន​ឆ្លើយ​សំណួរ​ដែល​គេ​បាន​សួរ​លោក​ថា​៖ ​«​តើ​អ្វី​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់ . . . គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក?​»។ (​ម៉ាថាយ ២៤:៣​) លោក​បាន​ប្រាប់​អំពី​អ្វី​ៗ​ជា​ច្រើន​ដែល​នឹង​កើត​ឡើង រួម​ទាំង​គ្រោះ​មហន្តរាយ​ដូច​បាន​រៀប​រាប់​នៅ​ខាង​លើ។ ក្រោយ​មក លោក​បាន​និយាយ​អ្វី​មួយ​ដ៏​សំខាន់ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ​កើត​ឡើង ចូរ​ដឹង​ថា​រាជាណាចក្រ​របស់​ព្រះ​គឺ​ជិត​ដល់​ហើយ​»។ (​លូកា ២១:៣១​) ដូច្នេះ គ្រោះ​មហន្តរាយ​ធម្មជាតិ​ទាំង​នោះ​ជា​សញ្ញា​សម្គាល់​ដ៏​សំខាន់​សម្រាប់​យើង។ វា​បញ្ជាក់​ថា​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នៅ​ឆាប់​ៗ​ខាង​មុខ​នេះ។

មូលហេតុ​មួយ​ចំនួន​នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មនុស្ស​ជា​ច្រើន​នៅ​តែ​ឆ្ងល់​ថា បើ​ព្រះ​មិន​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ តើ​អ្នក​ណា​ឬ​អ្វី​បាន​បណ្ដាល​ឲ្យ​មាន​ទៅ? យើង​អាច​យល់​ចម្លើយ​បាន លុះ​ត្រា​តែ​យើង​ទទួល​ស្គាល់​សេចក្ដី​ពិត​ដ៏​សំខាន់​មួយ​ដែល​មាន​នៅ​ក្នុង​គម្ពីរ ដែល​ថា​៖ ​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេកំណាច​»។ (​យ៉ូហាន​ទី​១ ៥:​១៩​) ខ​នេះ​បង្ហាញ​ថា​ព្រះ​មិន​មែន​ជា​អ្នក​បណ្ដាល​ឲ្យ​មាន​ស្ថានភាព​ពិបាក​ក្នុង​ពិភព​លោក​នេះ​ទេ ប៉ុន្តែ​ក្នុង​ករណី​ជា​ច្រើន គឺជា​«​មេកំណាច​»​ដែល​ជាស​ត្រូវ​របស់​ព្រះ​វិញ។—ការ​បើក​បង្ហាញ ១២:៩, ១២

មេកំណាច​ដែល​ជាស​ត្រូវ​របស់​ព្រះ​មាន​គំនិត​ដូច​អ្នក​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ។ វា​មិន​ចាត់​ទុក​ជីវិត​របស់​មនុស្ស​ថា​មាន​តម្លៃ​ទេ​ឲ្យ​តែ​វា​អាច​សម្រេច​គោលដៅ​របស់​វា​បាន។ ដោយ​សារ​វា​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​ទាំង​មូល វា​បាន​ធ្វើ​ឲ្យ​មនុស្ស​មាន​ចិត្ត​គំនិត​ដូច​វា​ដែរ។ ច្បាស់​ហើយ គម្ពីរ​បាន​បញ្ជាក់​អំពី​ចំណុច​នេះ​ដោយ​ទាយ​ទុក​ថា នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ មនុស្ស​នឹង​«​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ អួត​បំប៉ោង ក្រអឺតក្រទម​»។ (​ធីម៉ូថេទី២ ៣:១, ២​) ហេតុ​នេះ​ហើយ គ្មាន​អ្វី​ចម្លែក​ទេ​ដែល​មេកំណាច​បាន​បង្កើត​របៀប​របប​មួយ​ដែល​ដំណើរ​ការ​ដោយ​យក​ចិត្ត​គំនិត​បែប​នេះ និង​គំនិត​អាក្រក់​ឯ​ទៀត​ធ្វើ​ជា​មូលដ្ឋាន។ វា​បំផុស​បំផុល​មនុស្ស​ឲ្យ​ជញ្ជក់​យក​ផល​ប្រយោជន៍​ពី​អ្នក​ដទៃ​ដោយ​គំនិត​អាត្មា​និយម និង​ចិត្ត​លោភ​លន់ ហើយ​នេះ​ច្រើន​តែ​ធ្វើ​ឲ្យ​មនុស្ស​ឯ​ទៀត​រង​គ្រោះ។

តើ​របៀប​របប​នៅ​សព្វ​ថ្ងៃ​នេះ​ដែល​ពោរ​ពេញ​ដោយ​ការ​លោភ​លន់​បណ្ដាល​ឲ្យ​មាន​គ្រោះ​មហន្តរាយ​តាម​របៀប​ណា? សេចក្ដី​រាយ​ការណ៍​របស់​អង្គការ​សហប្រជាជាតិ​អំពី​គ្រោះ​មហន្តរាយ​ទូ​ទាំង​ពិភព​លោក បាន​សរសេរ​ថា​៖ ​«​ប្រជាជន​ច្រើន​តែ​រស់​នៅ​ប្រមូលផ្ដុំ​គ្នា​នៅ​កន្លែង​ដែល​មាន​គ្រោះ​ថ្នាក់ ដូច​ជា​តំបន់​ដែល​ងាយ​រង​គ្រោះ​ទឹក​ជំនន់។ បន្ថែម​ទៅ​ទៀត ការ​កាប់​ព្រៃ​ឈើ និង​ការ​បំផ្លាញ​តំបន់​ដែល​មាន​ដី​ដក់​ទឹក កំពុង​តែ​កាត់​បន្ថយ​សមត្ថភាព​របស់​ធម្មជាតិ​ក្នុង​ការ​ជួយ​ទប់​ស្កាត់​គ្រោះ​មហន្តរាយ។ លើស​ពី​នេះ​ទៅ​ទៀត សកម្មភាព​របស់​មនុស្ស​បាន​ធ្វើ​ឲ្យ​ឧស្ម័ន​ផ្ទះ​កញ្ចក់​[​ឧស្ម័ន​ដែល​ស្រូប​កាំរស្មី​និង​កម្ដៅ​ពី​ព្រះអាទិត្យ​]​កើន​ឡើង . . . ជា​លទ្ធផល នេះ​បាន​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​មួយ​ទៀត​គឺ​ការ​ផ្លាស់​ប្ដូរ​អាកាសធាតុ និង​ការ​កើន​ឡើង​នៃ​កម្រិត​កម្ពស់​ទឹក​សមុទ្រ​»។ ទោះ​ជា​មនុស្ស​និយាយ​ថា​៖ ​«​សកម្មភាព​របស់​មនុស្ស​»​ជួយ​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​រីក​ចម្រើន​ក៏​ដោយ តាម​ពិត​ការ​ធ្វើ​ដូច្នេះ​គឺ​ផុស​ចេញ​ពី​ចិត្ត​លោភ​លន់​និង​ការ​គិតតែ​ពី​ប្រយោជន៍​ខ្លួន​ដែល​មាន​ពេញ​ពាស​ក្នុង​ពិភព​លោក​នេះ​ទៅ​វិញ​ទេ។

ដូច្នេះ អ្នក​ជំនាញ​ជា​ច្រើន​បាន​ទទួល​ស្គាល់​ថា សកម្មភាព​របស់​មនុស្ស​ដែល​ធ្វើ​ឡើង​ដោយ​ឥត​ពិចារណា​បាន​នាំ​ឲ្យ​ឥទ្ធិពល​បំផ្លិចបំផ្លាញ​នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ​មាន​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត។ តាម​ពិត មនុស្ស​កំពុង​គាំទ្រ​របៀប​របប​ដែល​មេកំណាច​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​រង​ទុក្ខ​កាន់​តែ​ខ្លាំង​ពេល​មាន​គ្រោះ​មហន្តរាយ។

បើ​ដូច្នេះ យើង​យល់​ឃើញ​ថា​គ្រោះ​មហន្តរាយ​បាន​កើត​មាន​ឡើង​ដោយ​សារ​សកម្មភាព​របស់​មនុស្ស​ដែល​ធ្វើ​ឡើង​ដោយ​ឥត​ពិចារណា។ គ្រោះ​មហន្តរាយ​ខ្លះ​បាន​បំផ្លាញ​ជីវិត​មនុស្ស​យ៉ាង​ច្រើន​ដោយ​សារ​កន្លែង​ដែល​គេ​រស់​នៅ។ ក្នុង​តំបន់​ជា​ច្រើន​នៅ​ផែនដី ផល​ប៉ះពាល់​ដែល​មក​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​គឺ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង ដោយ​សារ​សកម្មភាព​របស់​មនុស្ស​អាក្រក់ ឬ​ដោយ​សារ​កម្រិត​ជីវភាព​និង​ឋានៈ​ទន់​ទាប​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បង្ខំ​ចិត្ត​រស់​នៅ​តំបន់​ដែល​ងាយ​រង​គ្រោះ​ថ្នាក់។ មនុស្ស​ខ្លះ​បាន​រង​គ្រោះ​ដោយ​សារ​មហន្តរាយ​ផ្សេង​ៗ មិន​មែន​ដោយ​សារ​កំហុស​ណា​មួយ​របស់​មនុស្ស ឬ​ការ​ធ្វេស​ប្រហែស​នោះ​ទេ តែ​ដោយ​សារ​«​គ្រប់​ទាំង​អស់​ស្រេច​នៅ​ពេល​វេលា​នឹង​ឱកាស​វិញ​»។—សាស្ដា ៩:១១

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ តើ​នឹង​មាន​ពេល​មួយ​ដែល​លែង​មាន​គ្រោះ​មហន្តរាយ​នៅ​លើ​ផែនដី​ទៀត​ឬ​ទេ? សូម​ឲ្យ​យើង​ពិចារណា​អ្វី​ដែល​គម្ពីរ​ចែង​អំពី​រឿង​នេះ។

[​រូបភាព​នៅ​ទំព័រ​៥​]

មនុស្ស​រស់​នៅ​កក​កុញ

[​រូបភាព​នៅ​ទំព័រ​៥​]

ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ

[​រូបភាព​នៅ​ទំព័រ​៥​]

ការ​បំពុល​បរិយាកាស

[​អ្នក​ផ្ដល់​សិទ្ធិ​នៅ​ទំព័រ​៥​]

Left: © Mark Henley/Panos Pictures Middle: © Jeroen Oerlemans/Panos Pictures