លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូររក្សាការពារចិត្ដគំនិតល្អរបស់ក្រុមជំនុំ

ចូររក្សាការពារចិត្ដគំនិតល្អរបស់ក្រុមជំនុំ

ចូរ​រក្សា​ការពារ​ចិត្ត​គំនិត​ល្អ​របស់​ក្រុម​ជំនុំ

​«​សូម​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ពីព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​»។—ភី. ៤:២៣

តើ​យើង​អាច​បំផុស​ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច . . .

ពេល​សេពគប់​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​របស់​យើង?

ដោយ​ខ្នះខ្នែង​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ?

ដោយ​ប្រាប់​អំពី​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ?

១​. តើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​ភីលីព​និង​ទី​ក្រុង​ធាទេរ៉ា​បាន​ត្រូវ​សរសើរ​ដោយ​សារ​អ្វី?

បង​ប្អូន​គ្រិស្ត​សាសនិក​សតវត្សរ៍​ទី​១​នៅ​ទី​ក្រុង​ភីលីព​ជា​អ្នក​ក្រ។ ក៏​ប៉ុន្តែ ពួក​គេ​មាន​ចិត្ត​ទូលាយ ហើយ​បាន​ទុក​គំរូ​ល្អ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​រួម​ជំនឿ។ (​ភី. ១:៣​-​៥, ៩; ៤:១៥, ១៦​) ដូច្នេះ ក្នុង​សេចក្ដី​បញ្ចប់​នៃ​សំបុត្រ​របស់​សាវ័ក​ប៉ូល​ដែល​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ជូន​ចំពោះ​ពួក​គេ គាត់​អាច​សរសេរ​បាន​ថា​៖ ​«​សូម​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ពីព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​»។ (​ភី. ៤:​២៣​) ដោយ​សារ​គ្រិស្ត​សាសនិក​នៅ​ទី​ក្រុង​ធាទេរ៉ា​បាន​បង្ហាញ​ចិត្ត​គំនិត​ស្រដៀង​គ្នា​នេះ លោក​យេស៊ូ​គ្រិស្ត​ដែល​មាន​សិរី​រុងរឿង​នៅ​ស្ថាន​សួគ៌​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ស្គាល់​ការ​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ ជំនឿ កិច្ច​បម្រើ និង​ការ​ស៊ូ​ទ្រាំ​របស់​អ្នក ក៏​ដឹង​ថា​ការ​ប្រព្រឹត្ត​របស់​អ្នក​ឥឡូវ​នេះ គឺ​ល្អ​ប្រសើរ​ជាង​ការ​ប្រព្រឹត្ត​របស់​អ្នក​កាល​ពី​មុន​»។—បប. ២:១៩

២​. តើ​ចិត្ត​គំនិត​របស់​យើង​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​គំនិត​របស់​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

នៅ​សព្វ​ថ្ងៃ​នេះ ក្រុម​ជំនុំ​នីមួយ​ៗ​របស់​សាក្សី​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​គំនិត​មួយ​បែប​ៗ។ ក្រុម​ជំនុំ​ខ្លះ​មាន​កេរ្ដិ៍​ឈ្មោះ​ខាង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​មាន​ភាព​កក់​ក្ដៅ។ ក្រុម​ជំនុំ​ខ្លះ​ទៀត​មាន​កេរ្ដិ៍​ឈ្មោះ​ខាង​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ និង​មាន​បង​ប្អូន​យ៉ាង​ច្រើន​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល។ ពេល​យើង​មាន​ចិត្ត​គំនិត​ល្អ នោះ​យើង​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​មាន​សាមគ្គី​ភាព និង​ជួយ​រក្សា​ការពារ​ចិត្ត​គំនិត​នោះ​រហូត។ (​១កូ. ១:​១០​) ផ្ទុយ​ទៅ​វិញ ចិត្ត​គំនិត​មិន​ល្អ​អាច​ធ្វើ​ឲ្យ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​កាត់​បន្ថយ​សកម្មភាព​ក្នុង​កិច្ច​បម្រើ​របស់​ព្រះ បាត់បង់​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ ហើយ​ថែម​ទាំង​ត្រា​ប្រណី​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ទៀត​ផង។ (​១កូ. ៥:​១; បប. ៣:​១៥, ១៦​) តើ​ក្រុម​ជំនុំ​របស់​អ្នក​មាន​ចិត្ត​គំនិត​បែប​ណា? តើ​អ្នក​អាច​ជួយ​រក្សា​ឲ្យ​មាន​ចិត្ត​គំនិត​ល្អ​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

បំផុស​ឲ្យ​មាន​ចិត្ត​គំនិត​ល្អ

៣, ៤​. តើ​យើង​អាច​«​អរ​ព្រះ​គុណ​ដល់​[​ព្រះ​យេហូវ៉ា​]​នៅ​ក្នុង​ពួក​ជំនុំ​ធំ​»​យ៉ាង​ដូច​ម្ដេច?

អ្នក​តែង​ទំនុកតម្កើង​បាន​ច្រៀង​ថា​៖ ​«​ទូល​បង្គំ​នឹង​អរ​ព្រះ​គុណ​ដល់​[​ព្រះ​យេហូវ៉ា​]​នៅ​ក្នុង​ពួក​ជំនុំ​ធំ ទូល​បង្គំ​នឹង​សរសើរ​ដល់​ទ្រង់​នៅ​កណ្ដាល​មហាជន​»។ (​ទំនុក. ៣៥:១៨​) ពេល​អ្នក​តែង​ទំនុកតម្កើង​នៅ​ជា​មួយ​នឹង​អ្នក​បម្រើ​ឯ​ទៀត​របស់​ព្រះ​យេហូវ៉ា គាត់​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ច្រៀង​សរសើរ​លោក​នោះ​ទេ។ កិច្ច​ប្រជុំ​ដែល​មាន​ជា​រៀង​រាល់​សប្ដាហ៍ ដូច​ជា​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម​ជា​ដើម គឺជា​ឱកាស​ដ៏​ល្អ​ដែល​យើង​អាច​បង្ហាញ​ចិត្ត​ខ្នះខ្នែង ដោយ​លើក​ដៃ​ឆ្លើយ និង​បញ្ជាក់​ពី​ជំនឿ​របស់​យើង។ ជា​ការ​ល្អ​ឲ្យ​យើង​ទាំង​អស់​គ្នា​សួរ​ខ្លួន​ថា​‹តើ​ខ្ញុំ​ប្រើ​ឯកសិទ្ធិ​នេះ​ដោយ​រួម​ចំណែក​ឆ្លើយ​សំណួរ​ឲ្យ​បាន​ច្រើន​បំផុត​នៅ​កិច្ច​ប្រជុំ​ឬ​ទេ? តើ​ខ្ញុំ​រៀបចំ​ប្រជុំ​យ៉ាង​ល្អ ហើយ​ឆ្លើយ​ដោយ​មាន​ន័យ​ខ្លឹម​សារ​ឬ​ទេ? ក្នុង​ឋានៈ​ជា​មេ​គ្រួសារ តើ​ខ្ញុំ​ជួយ​កូន​ៗ​របស់​ខ្ញុំ​រៀបចំ​ចម្លើយ​ទុក​ជា​មុន ហើយ​បង្រៀន​ពួក​គេ​ឲ្យ​ឆ្លើយ​ចេញ​ពី​ពាក្យ​របស់​ខ្លួន​ឬ​ទេ?›។

ដូច​ដាវីឌ​បាន​បញ្ជាក់ យើង​អាច​បង្ហាញ​ថា​យើង​បាន​តាំង​ចិត្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​តាម​រយៈ​ចម្រៀង​ដែល​យើង​ច្រៀង​នៅ​ឯ​កិច្ច​ប្រជុំ។ គាត់​បាន​ច្រៀង​ថា​៖ ​«​ទូល​បង្គំ​បាន​តាំង​ចិត្ត​ជា​ស្រេច ឱ​ព្រះ​អង្គ​អើយ! ចិត្ត​ទូល​បង្គំ​បាន​តាំង​ស្រេច​ហើយ ទូល​បង្គំ​នឹង​ច្រៀង អើ! ទូល​បង្គំ​នឹង​ច្រៀង​សរសើរ​»។ (​ទំនុក. ៥៧:៧​) ចម្រៀង​ដែល​យើង​ប្រើ​នៅ​កិច្ច​ប្រជុំ​ផ្ដល់​ឱកាស​ល្អ​ឲ្យ​យើង​«​ច្រៀង​សរសើរ​»​ទៅ​ព្រះ​យេហូវ៉ា​ដោយ​មាន​ចិត្ត​ដែល​បាន​តាំង​ស្រេច​ហើយ។ បើ​យើង​មិន​សូវ​ចេះ​ច្រៀង​ចម្រៀង​ខ្លះ​ៗ ជា​ការ​ល្អ​ឲ្យ​យើង​ហាត់​ច្រៀង​ចម្រៀង​ទាំង​នោះ​នៅ​ពេល​មាន​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ មែន​ទេ? ​«​កាល​នៅ​មាន​ជីវិត​នៅ​ឡើយ​»​ សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​តាំង​ចិត្ត​«​ច្រៀង​ថ្វាយ​ព្រះ​យេហូវ៉ា​ជា​ដរាប​»​ ហើយ​‹កាល​យើង​មាន​នៅ​ៗ​ឡើយ› សូម​‹ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​យើង›។—ទំនុក. ១០៤:៣៣

៥, ៦​. តើ​យើង​អាច​បង្ហាញ​ចិត្ត​ទូលាយ​និង​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​មាន​អ្វី​នៅ​ក្នុង​ក្រុម​ជំនុំ?

ការ​ទទួល​បង​ប្អូន​រួម​ជំនឿ​ដោយ​រាក់​ទាក់​ជា​វិធី​មួយ​ទៀត​ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់។ ក្នុង​ជំពូក​ចុង​ក្រោយ​នៃ​សំបុត្រ​របស់​ប៉ូល​ដែល​បាន​ត្រូវ​សរសេរ​ជូន​បង​ប្អូន​ជន​ជាតិ​ហេប្រឺ គាត់​បាន​រួម​បញ្ចូល​ការ​ដាស់​តឿន​ថា​៖ ​«​ចូរ​បន្ត​ស្រឡាញ់​គ្នា​ជា​បង​ប្អូន។ កុំ​ភ្លេច​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​»។ (​ហេ. ១៣:១, ២​) ការ​អញ្ជើញ​បង​ប្អូន​ឲ្យ​មក​ពិសា​អាហារ​ជា​មួយ​គ្នា ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ និង​ប្រពន្ធ​របស់​គាត់ ឬ​ជា​មួយ​នឹង​បង​ប្អូន​ដែល​បម្រើ​ពេញ​ពេល​ក្នុង​ក្រុម​ជំនុំ គឺជា​វិធី​ដ៏​ល្អ​ប្រសើរ​ដើម្បី​បង្ហាញ​ចិត្ត​រាក់​ទាក់។ សូម​អញ្ជើញ​ស្ត្រី​មេម៉ាយ គ្រួសារ​ដែល​មាន​តែ​ឪពុក​ឬ​ម្ដាយ ឬ​បង​ប្អូន​ឯ​ទៀត​ដែល​អាច​ទទួល​ប្រយោជន៍​ដោយ​ចូល​រួម​ញ៉ាំ​បាយ​ជា​មួយ​យើង​ម្ដង​ម្កាល ឬ​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​មួយ​យើង។

ប៉ូល​បាន​ណែនាំ​ធីម៉ូថេ​ឲ្យ​ដាស់​តឿន​អ្នក​ឯ​ទៀត​ដោយ​«​ប្រាប់​ពួក​គេ​ឲ្យ​ព្យាយាម​ធ្វើ​អំពើ​ល្អ ហើយ​ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ​ប្រសើរ ដោយ​ប្រុង​ប្រៀប​ចែក​រំលែក​ជា​និច្ច ហើយ​រក្សា​គ្រឹះ​ដ៏​ល្អ​មួយ​សម្រាប់​អនាគត​ខ្លួន​ទុក​ជា​ទ្រព្យ​សម្បត្ដិ។ ធ្វើ​ដូច្នេះ ពួក​គេ​នឹង​ចាប់​យ៉ាង​ជាប់​នូវ​ជីវិត​ដ៏​ពិត​ប្រាកដ​»។ (​១ធី. ៦:១៧​-​១៩​) ក្នុង​ខ​ទាំង​នេះ ប៉ូល​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​ឲ្យ​បង្ហាញ​ចិត្ត​ទូលាយ។ ទោះ​ជា​មាន​វិបត្ដិ​សេដ្ឋកិច្ច​ក៏​ដោយ យើង​អាច​បង្ហាញ​ចិត្ត​ទូលាយ​បាន។ វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​ធ្វើ​ដូច្នេះ​គឺ​ដោយ​ផ្ដល់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដល់​អ្នក​ដែល​ត្រូវ​ការ ពេល​ដែល​យើង​ទៅ​ផ្សព្វ​ផ្សាយ ទៅ​កិច្ច​ប្រជុំ និង​មក​ពី​កិច្ច​ប្រជុំ​វិញ។ ចុះ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​បាន​ទទួល​ប្រយោជន៍​ពី​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ស្មោះ​ត្រង់​ទាំង​នេះ? ពួក​គេ​នឹង​បំផុស​ឲ្យ​មាន​ចិត្ត​គំនិត​ល្អ​ក្នុង​ក្រុម​ជំនុំ បើ​ពួក​គេ​បង្ហាញ​ចិត្ត​ដឹង​គុណ ប្រហែលជា​ដោយ​ជួយ​ចេញ​ចំណាយ​ទៅ​លើ​ថ្លៃ​សាំង​ដែល​កាន់​តែ​ឡើង​ថ្លៃ​នោះ តាម​លទ្ធភាព​របស់​ពួក​គេ។ បន្ថែម​ទៅ​ទៀត បើ​យើង​រៀបចំ​ចំណាយ​ពេល​ច្រើន​ថែម​ទៀត​ជា​មួយ​បង​ប្អូន​រួម​ជំនឿ នោះ​នឹង​ធ្វើ​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​មាន​តម្លៃ ហើយ​ថា​យើង​ស្រឡាញ់​ពួក​គាត់ មែន​ទេ? ពេល​យើង​ប្រព្រឹត្ត​ល្អ​«​ដល់​បង​ប្អូន​រួម​ជំនឿ​របស់​យើង​»​ ហើយ​ប្រុង​ប្រៀប​ចែក​រំលែក​ពេល​វេលា​និង​ធនធាន​ជា​មួយ​នឹង​ពួក​គេ យើង​មិន​គ្រាន់តែ​ស្រឡាញ់​ពួក​គាត់​កាន់​តែ​ខ្លាំង​នោះ​ទេ ប៉ុន្តែ​ក៏​ជួយ​បង្កើត​ឲ្យ​មាន​ភាព​កក់​ក្ដៅ​និង​ចិត្ត​គំនិត​ល្អ​ក្នុង​ក្រុម​ជំនុំ​ដែរ។—កាឡ. ៦:១០

៧​. តើ​ការ​ចេះ​រក្សា​ការ​សម្ងាត់​របស់​អ្នក​ឯ​ទៀត​ជួយ​ឲ្យ​មាន​ចិត្ត​គំនិត​ល្អ​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

ប៉ុន្តែ សូម​ពិចារណា​អំពី​ហេតុ​ការណ៍​ផ្សេង​ទៀត​ដែល​ពង្រឹង​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ ពោល​គឺ​ចំណង​មិត្តភាព និង​ការ​រក្សា​ការ​សម្ងាត់។ (​សូម​អាន សុភាសិត ១៨:២៤) មិត្ត​ភក្ដិ​ដ៏​ពិត​ប្រាកដ​ចេះ​រក្សា​ការ​សម្ងាត់។ ពេល​បង​ប្អូន​របស់​យើង​និយាយ​អំពី​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត និង​គំនិត​របស់​គាត់​ប្រាប់​យើង ហើយ​គាត់​ជឿ​ជាក់​ថា​យើង​មិន​និយាយ​រឿង​នោះ​ប្រាប់​អ្នក​ឯ​ទៀត នោះ​អាច​ធ្វើ​ឲ្យ​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​របស់​យើង​កាន់​តែ​រឹង​មាំ។ សូម​ឲ្យ​យើង​ជួយ​ឲ្យ​ក្រុម​ជំនុំ​មាន​សេចក្ដី​ស្រឡាញ់​ដូច​ជា​ក្រុម​គ្រួសារ​មួយ ដោយ​ធ្វើ​ជា​មិត្ត​ភក្ដិ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ដែល​ចេះ​រក្សា​ការ​សម្ងាត់។—សុភ. ២០:១៩

ចូរ​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ

៨​. តើ​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​ឡៅឌីសេ​បាន​ទទួល​ឱវាទ​អ្វី? ហើយ​ហេតុ​អ្វី?

លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​ឡៅឌីសេ​ថា​៖ ​«​ខ្ញុំ​ស្គាល់​ការ​ប្រព្រឹត្ត​របស់​អ្នក អ្នក​គឺ​មិន​ត្រជាក់​ហើយ​ក៏​មិន​ក្ដៅ​ដែរ ខ្ញុំ​ចង់​ឲ្យ​អ្នក​ត្រជាក់ ឬ​ក៏​ក្ដៅ។ ដូច្នេះ ដោយ​សារ​អ្នក​ក្ដៅ​ឧណ្ហ​ៗ មិន​ត្រជាក់​ហើយ​មិន​ក្ដៅ នោះ​ខ្ញុំ​នឹង​ខ្ជាក់​អ្នក​ចេញ​ពី​មាត់​ខ្ញុំ​»។ (​បប. ៣:​១៥, ១៦​) ក្រុម​ជំនុំ​នៅ​ទី​ក្រុង​ឡៅឌីសេ​ខ្វះ​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ។ ចិត្ត​គំនិត​បែប​នេះ​ទំនង​ជា​មាន​ឥទ្ធិពល​ទៅ​លើ​ចំណង​មិត្តភាព​របស់​ពួក​គេ​ផង​ដែរ។ ដូច្នេះ ដោយ​សេចក្ដី​ស្រឡាញ់ លោក​យេស៊ូ​បាន​ឲ្យ​ឱវាទ​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​កែ​តម្រង់ ហើយ​ប្រដៅ​អស់​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់។ ដូច្នេះ ចូរ​មាន​ចិត្ត​ខ្នះខ្នែង ហើយ​ប្រែ​ចិត្ត​ចុះ​»។—បប. ៣:១៩

៩​. តើ​ចិត្ត​គំនិត​របស់​យើង​ចំពោះ​កិច្ចការ​ផ្សព្វ​ផ្សាយ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ចិត្ត​គំនិត​របស់​ក្រុម​ជំនុំ?

ដើម្បី​បំផុស​ឲ្យ​មាន​ចិត្ត​គំនិត​ល្អ​ក្នុង​ក្រុម​ជំនុំ យើង​គួរ​ពិចារណា​អំពី​ចិត្ត​ខ្នះខ្នែង​របស់​យើង​ចំពោះ​កិច្ចការ​ផ្សព្វ​ផ្សាយ។ ក្រុម​ជំនុំ​បាន​ត្រូវ​រៀបចំ​ឡើង​ដើម្បី​ស្វែងរក​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ចៀម​ក្នុង​តំបន់​ផ្សាយ ហើយ​បង្រៀន​គេ​អំពី​សេចក្ដី​ពិត។ ហេតុ​នេះ​ហើយ យើង​ត្រូវ​ខ្នះខ្នែង​ដូច​លោក​យេស៊ូ​ក្នុង​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម។ (​ម៉ាថ. ២៨:១៩, ២០; លូក. ៤:៤៣​) ពេល​យើង​មាន​ចិត្ត​ខ្នះខ្នែង​កាន់​តែ​ខ្លាំង​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ នោះ​សាមគ្គី​ភាព​ក្នុង​ការ​ធ្វើ​ជា​«​អ្នក​រួម​ការងារ​ជា​មួយ​នឹង​ព្រះ​»​ក៏​កាន់​តែ​រឹង​មាំ​ដែរ។ (​១កូ. ៣:៩​) ពេល​យើង​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ប្អូន​ឯ​ទៀត​ឃើញ​ពួក​គាត់​ការពារ​ជំនឿ​របស់​ខ្លួន​គាត់ ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ពួក​គាត់​ចំពោះ​ព្រះ​យេហូវ៉ា​និង​សេចក្ដី​ពិត នោះ​យើង​នឹង​ស្រឡាញ់ ហើយ​គោរព​ពួក​គាត់​កាន់​តែ​ខ្លាំង។ បន្ថែម​ទៅ​ទៀត ការ​ចូល​រួម​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា​នាំ​ឲ្យ​មាន​សាមគ្គី​ភាព​នៅ​ក្នុង​ក្រុម​ជំនុំ។—សូម​អាន ភីលីព ១:២៧

១០​. ពេល​យើង​ធ្វើ​ឲ្យ​កិច្ចការ​ផ្សព្វ​ផ្សាយ​របស់​យើង​កាន់​តែ​មាន​ប្រសិទ្ធភាព តើ​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ចិត្ត​គំនិត​របស់​បង​ប្អូន​ឯ​ទៀត​នៅ​ក្នុង​ក្រុម​ជំនុំ?

១០ ការ​ខំ​ព្យាយាម​ធ្វើ​ឲ្យ​កិច្ចការ​ផ្សព្វ​ផ្សាយ​របស់​យើង​កាន់​តែ​មាន​ប្រសិទ្ធភាព​ក៏​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​អ្នក​ឯ​ទៀត​ដែរ។ ពេល​យើង​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ទៅ​លើ​មនុស្ស​ដែល​យើង​ជួប ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ព័ត៌មាន​នោះ​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​របស់​អ្នក​ស្ដាប់ នោះ​យើង​នឹង​ខ្នះខ្នែង​ចូល​រួម​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ​កាន់​តែ​ច្រើន។ (​ម៉ាថ. ៩:៣៦, ៣៧​) បើ​យើង​មាន​ចិត្ត​ខ្នះខ្នែង នោះ​ក៏​ធ្វើ​ឲ្យ​បង​ប្អូន​របស់​យើង​មាន​ចិត្ត​ខ្នះខ្នែង​ដែរ។ លោក​យេស៊ូ​បាន​ចាត់​ពួក​អ្នក​កាន់​តាម​របស់​លោក​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ជា​គូ​ៗ​ជា​ជាង​ទៅ​តែ​ម្នាក់​ឯង។ (​លូក. ១០:១​) នេះ​មិន​គ្រាន់តែ​នាំ​ឲ្យ​ទទួល​ការ​លើក​ទឹក​ចិត្ត និង​ទទួល​ការ​បង្ហាត់​បង្រៀន​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ខ្នះខ្នែង​កាន់​តែ​ខ្លាំង​ដែរ។ យើង​ពិត​ជា​ចង់​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​ដែល​មាន​ចិត្ត​ខ្នះខ្នែង មែន​ទេ? ចិត្ត​ខ្នះខ្នែង​របស់​ពួក​គេ​លើក​ទឹក​ចិត្ត​យើង និង​ជួយ​យើង​ឲ្យ​បន្ត​ផ្សព្វ​ផ្សាយ។—រ៉ូម ១:១២

កុំ​ត្អូញត្អែរ​និង​កុំ​លាក់​អំពើ​ខុស​ឆ្គង

១១​. តើ​បណ្ដា​ជន​អ៊ីស្រាអែល​ខ្លះ​នៅ​ជំនាន់​ម៉ូសេ​បាន​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​បែប​ណា? ហើយ​តើ​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពួក​គេ?

១១ គ្រាន់តែ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ពី​ពួក​គេ​ក្លាយ​ទៅ​ជា​ប្រជាជាតិ​មួយ បណ្ដា​ជន​អ៊ីស្រាអែល​ចាប់​ផ្ដើម​មាន​ចិត្ត​គំនិត​ដែល​មិន​ចេះ​ស្កប់​ចិត្ត ហើយ​ត្អូញត្អែរ។ ចិត្ត​គំនិត​នេះ​នាំ​ឲ្យ​ពួក​គេ​បះបោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា និង​អ្នក​ដែល​តំណាង​លោក។ (​និក្ខ. ១៦:១, ២​) ក្នុង​ចំណោម​អ្នក​ដែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​មាន​តែ​បណ្ដា​ជន​មួយ​ក្រុម​តូច​ប៉ុណ្ណោះ ដែល​នៅ​មាន​ជីវិត​ចូល​ក្នុង​ស្រុក​សន្យា។ សូម្បី​តែ​ម៉ូសេ​ក៏​មិន​បាន​ចូល​ក្នុង​ស្រុក​នោះ​ដែរ ដោយ​សារ​ប្រតិកម្ម​របស់​គាត់​ចំពោះ​ចិត្ត​គំនិត​អាក្រក់​របស់​បណ្ដា​ជន​អ៊ីស្រាអែល! (​ចោ. ៣២:​៤៨​-​៥២​) នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​ធ្លាក់​ខ្លួន​មាន​ចិត្ត​គំនិត​មិន​ល្អ?

១២​. តើ​យើង​អាច​ប្រុង​ប្រយ័ត្ន​ដើម្បី​កុំ​ឲ្យ​ចាប់​ផ្ដើម​មាន​ចិត្ត​គំនិត​ត្អូញត្អែរ​យ៉ាង​ដូច​ម្ដេច?

១២ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ដើម្បី​កុំ​ឲ្យ​ចាប់​ផ្ដើម​មាន​ចិត្ត​គំនិត​ត្អូញត្អែរ។ ការ​បង្ហាញ​ចិត្ត​រាប​ទាប​និង​ការ​គោរព​ចំពោះ​ប្រមុខ​ភាព​នឹង​ជួយ​យើង។ នៅ​ដំណាល​គ្នា​នោះ យើង​ក៏​ត្រូវ​គិត​អំពី​ពួក​អ្នក​ដែល​យើង​សេពគប់​ជា​មួយ​ដែរ។ ការ​មិន​ចេះ​ជ្រើស​រើស​ការ​កម្សាន្ត ឬ​ការ​ចំណាយ​ពេល​ច្រើន​ពេក​ជា​មួយ​នឹង​អ្នក​រួម​ការងារ ឬ​សិស្ស​រួម​ថ្នាក់​ដែល​មិន​មែន​ជា​អ្នក​ធ្វើ​តាម​គោលការណ៍​ដ៏​សុចរិត​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ យើង​បង្ហាញ​ថា​យើង​មាន​ប្រាជ្ញា បើ​យើង​ដាក់​កម្រិត​ទៅ​លើ​ការ​សេពគប់​របស់​យើង​ជា​មួយ​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​មិន​ល្អ ឬ​ពួក​អ្នក​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​តាម​តែ​គំនិត​ខ្លួន។—សុភ. ១៣:២០

១៣​. តើ​ឥទ្ធិពល​អាក្រក់​ដែល​មក​ពី​ការ​ត្អូញត្អែរ​អាច​នាំ​ឲ្យ​មាន​បញ្ហា​អ្វី​ទៀត​ដែល​បង្ខូច​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា?

១៣ ឥទ្ធិពល​អាក្រក់​ដែល​មក​ពី​ការ​ត្អូញត្អែរ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ផ្សេង​ទៀត​ដែល​បង្ខូច​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ការ​ត្អូញត្អែរ​អាច​បង្ខូច​សាមគ្គី​ភាព​និង​សន្ដិភាព​របស់​ក្រុម​ជំនុំ។ បន្ថែម​ទៅ​ទៀត ការ​ត្អូញត្អែរ​អំពី​បង​ប្អូន​រួម​ជំនឿ ប្រហែលជា​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចិត្ត​ប៉ុណ្ណោះ​ទេ តែ​នេះ​ក៏​អាច​ក្លាយ​ទៅ​ជា​ការ​និយាយ​ដើម​ឬ​និយាយ​បង្កាច់​បង្ខូច​គេ​និង​ការ​ជេរ​ប្រមាថ​ដែល​ជា​អំពើ​ខុស​ឆ្គង​ដែរ។ (​លេវី. ១៩:១៦; ១កូ. ៥:១១​) ក្នុង​ក្រុម​ជំនុំ​នៅ​សតវត្សរ៍​ទី​១ អ្នក​ខ្លះ​ដែល​ចេះ​តែ​ត្អូញត្អែរ​បាន​«​មើល​ងាយ​អ្នក​ដែល​មាន​អំណាច​លើ​ពួក​គេ និង​និយាយ​ប្រមាថ​អ្នក​ដែល​ព្រះ​បាន​ផ្ដល់​កិត្ដិយស​ឲ្យ​ផង​»។ (​យូ. ៨, ១៦​) ព្រះ​ប្រាកដជា​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ត្អូញត្អែរ​បែប​នេះ​ដែល​ប្រឆាំង​នឹង​បុរស​ដែល​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​ក្នុង​ក្រុម​ជំនុំ​ឡើយ។

១៤, ១៥​. ​(​ក​) បើ​យើង​បណ្ដោយ​ឲ្យ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង តើ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ក្រុម​ជំនុំ​ទាំង​មូល? (​ខ​)​ បើ​យើង​ដឹង​ថា​បង​ប្អូន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​សម្ងាត់ តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា?

១៤ ចុះ​យ៉ាង​ណា​បើ​យើង​ដឹង​ថា​បង​ប្អូន​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​សម្ងាត់ ដូច​ជា​ផឹក​ស្រា​ហួស​ប្រមាណ មើល​រូប​អាសអាភាស ឬ​មាន​របៀប​រស់​នៅ​ដែល​ប្រាសចាក​សីលធម៌? (​អេភ. ៥:​១១, ១២​) ការ​ធ្វើ​មិន​ដឹង​មិន​ឮ​របស់​យើង​ចំពោះ​អំពើ​ខុស​ឆ្គង​នោះ​អាច​រារាំង​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា និង​បំផ្លាញ​សេចក្ដី​សុខសាន្ត​របស់​ក្រុម​ជំនុំ​ទាំង​មូល។ (​កាឡ. ៥:១៩​-​២៣​) ដូច​ពួក​គ្រិស្ត​សាសនិក​ជំនាន់​ដើម​ដែល​នៅ​ទី​ក្រុង​កូរិនថូស​ត្រូវ​តែ​បំបាត់​អំពើ​អាក្រក់ សព្វ​ថ្ងៃ​នេះ យើង​ក៏​ត្រូវ​បំបាត់​ឥទ្ធិពល​អាក្រក់​ណា​ដែល​មាន​ក្នុង​ក្រុម​ជំនុំ​ដើម្បី​រក្សា​ចិត្ត​គំនិត​ល្អ​របស់​ក្រុម​ជំនុំ​ដែរ។ តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​ការពារ​សេចក្ដី​សុខសាន្ត​របស់​ក្រុម​ជំនុំ?

១៥ ដូច​យើង​បាន​ពិចារណា​នៅ​ខាង​ដើម ជា​ការ​សំខាន់​ណាស់​ឲ្យ​យើង​ចេះ​រក្សា​ការ​សម្ងាត់​ចំពោះ​រឿង​ខ្លះ​ៗ ជា​ពិសេស​ពេល​អ្នក​ឯ​ទៀត​និយាយ​ប្រាប់​យើង​អំពី​អារម្មណ៍​និង​គំនិត​របស់​ពួក​គេ។ ការ​និយាយ​រឿង​សម្ងាត់​របស់​នរណា​ម្នាក់​ជា​អ្វី​ដែល​ខុស ហើយ​ពិត​ជា​ធ្វើ​ឲ្យ​គាត់​ឈឺ​ចិត្ត​ណាស់! ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពេល​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ នោះ​បង​ប្អូន​ដែល​ដឹង​គួរ​ប្រាប់​រឿង​នេះ​ដល់​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ដែល​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ។ (​សូម​អាន លេវីវិន័យ ៥:១) ដូច្នេះ បើ​យើង​ដឹង​ថា​បង​ប្រុស​ឬ​បង​ស្រី​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បែប​នោះ យើង​គួរ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ទៅ​ប្រាប់​ពួក​អ្នក​ចាស់​ទុំ និង​សុំ​ជំនួយ​ពី​ពួក​គាត់។ (​យ៉ា. ៥:១៣​-​១៥​) ប៉ុន្តែ បើ​គាត់​មិន​ប្រាប់​ក្នុង​រយៈ​ពេល​មួយ​សមរម្យ យើង​គួរ​ប្រាប់​អំពើ​ខុស​ឆ្គង​នោះ​ដល់​ពួក​អ្នក​ចាស់​ទុំ។

១៦​. តើ​ការ​ប្រាប់​អំពី​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ជួយ​រក្សា​ការពារ​ចិត្ត​គំនិត​របស់​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

១៦ ក្រុម​ជំនុំ​របស់​គ្រិស្ត​សាសនិក​ជា​កន្លែង​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិភាព ហើយ​យើង​ត្រូវ​ជួយ​ការពារ​ស្ថានភាព​នេះ​ដោយ​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​អំពី​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ។ បើ​ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ​ឲ្យ​ភ្ញាក់​ខ្លួន ហើយ​គាត់​ព្រម​ទទួល​ការ​កែ​តម្រង់ រួច​ប្រែ​ចិត្ត នោះ​គាត់​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​ចិត្ត​គំនិត​របស់​ក្រុម​ជំនុំ​ទៀត​ឡើយ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​នោះ​មិន​ព្រម​ប្រែ​ចិត្ត ហើយ​មិន​ព្រម​ធ្វើ​តាម​ឱវាទ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ពួក​អ្នក​ចាស់​ទុំ? គាត់​នឹង​ត្រូវ​បណ្ដាច់​មិត្តភាព ឬ​ដក​ចេញ​ពី​ក្រុម​ជំនុំ ដើម្បី​«​បំផ្លាញ​»​ឥទ្ធិពល​អាក្រក់​ពី​ក្នុង​ចំណោម​យើង​ទាំង​អស់​គ្នា ហើយ​ក៏​ដើម្បី​រក្សា​ការពារ​ចិត្ត​គំនិត​របស់​ក្រុម​ជំនុំ​ដែរ។ (​សូម​អាន កូរិនថូសទី១ ៥:៥) ការ​រក្សា​ការពារ​ចិត្ត​គំនិត​របស់​ក្រុម​ជំនុំ​តម្រូវ​ឲ្យ​យើង​ម្នាក់​ៗ​ប្រព្រឹត្ត​ដោយ​ត្រឹម​ត្រូវ សហការ​ជា​មួយ​នឹង​ក្រុម​អ្នក​ចាស់​ទុំ និង​ការពារ​បង​ប្អូន​រួម​ជំនឿ។

បំផុស​ឲ្យ​មាន​«​សាមគ្គី​ភាព​ដែល​មក​ពី​សកម្មពល​របស់​ព្រះ​»​

១៧, ១៨​. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​មាន​«​សាមគ្គី​ភាព​ដែល​មក​ពី​សកម្មពល​របស់​ព្រះ​»​?

១៧ ដោយ​«​ប្រុង​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ពួក​សាវ័ក​»​ ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​ជំនាន់​ដើម​បាន​ជួយ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​សាមគ្គី​គ្នា​ក្នុង​ក្រុម​ជំនុំ។ (​សកម្ម. ២:៤២​) ពួក​គេ​ឲ្យ​តម្លៃ​ចំពោះ​ឱវាទ​ដែល​មក​ពី​គម្ពីរ និង​ការ​ណែនាំ​ពី​បុរស​ចាស់​ទុំ។ សព្វ​ថ្ងៃ​នេះ ដោយ​សារ​ពួក​អ្នក​ចាស់​ទុំ​សហការ​ជា​មួយ​ខ្ញុំ​បម្រើ​ដែល​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា នោះ​ក្រុម​ជំនុំ​ទាំង​អស់​បាន​ត្រូវ​លើក​ទឹក​ចិត្ត និង​ទទួល​ជំនួយ​ដើម្បី​រក្សា​ឲ្យ​មាន​សាមគ្គី​ភាព។ (​១កូ. ១:១០​) ពេល​យើង​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ​ដែល​ផ្ដល់​ឲ្យ​តាម​រយៈ​អង្គការ​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់​ពួក​អ្នក​ចាស់​ទុំ នោះ​យើង​បង្ហាញ​ជា​ភ័ស្តុតាង​ថា​យើង​«​ព្យាយាម​រក្សា​ឲ្យ​មាន​សាមគ្គី​ភាព​ដែល​មក​ពី​សកម្មពល​របស់​ព្រះ ដោយ​មាន​សេចក្ដី​សុខសាន្ត​ទុក​ជា​ចំណង​ដែល​នាំ​ឲ្យ​មាន​ឯកភាព​»។—អេភ. ៤:៣

១៨ ដូច្នេះ សូម​ឲ្យ​យើង​ខំ​ព្យាយាម​រក្សា​ការពារ​ចិត្ត​គំនិត​ល្អ​ក្នុង​ក្រុម​ជំនុំ។ បើ​យើង​ធ្វើ​ដូច្នេះ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​៖ ‹គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​នឹង​នៅ​ជា​មួយ​នឹង​យើង ពីព្រោះ​យើង​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ›។—ភី. ៤:២៣

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២២​]

តើ​អ្នក​ជួយ​បំផុស​ឲ្យ​មាន​ចិត្ត​គំនិត​ល្អ​ដោយ​រៀបចំ​ចម្លើយ​ដែល​មាន​ន័យ​ខ្លឹម​សារ​ឬ​ទេ?

[​រូបភាព​នៅ​ទំព័រ​២៣​]

ចូរ​ជួយ​បំផុស​ឲ្យ​មាន​ចិត្ត​គំនិត​ល្អ​ដោយ​ហាត់​ច្រៀង​ចម្រៀង​របស់​យើង