តើគម្ពីរទាយប្រាប់អំពីអនាគតឬទេ?
សូមរៀនពីបណ្ដាំរបស់ព្រះ
តើគម្ពីរទាយប្រាប់អំពីអនាគតឬទេ?
អត្ថបទនេះឆ្លើយសំណួរមួយចំនួនដែលអ្នកប្រហែលជាធ្លាប់លើកឡើង ហើយបង្ហាញចម្លើយដែលអ្នកអាចអានពីគម្ពីររបស់អ្នក។ សាក្សីព្រះយេហូវ៉ានឹងរីករាយពិភាក្សាចម្លើយទាំងនេះជាមួយនឹងអ្នក។
១. តើទំនាយក្នុងគម្ពីរទាយចំៗឬទេ?
មានតែព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតទេដែលអាចទាយប្រាប់ចំណុចល្អិតល្អន់អំពីអនាគត។ (អេម៉ុស ៣:៧) ជាឧទាហរណ៍ តាំងពីបុរាណមក លោកបានទាយអំពីការលេចមកនៃបុគ្គលម្នាក់ដែលបានត្រូវហៅថាមេស្ស៊ីឬគ្រិស្ត។ មេស្ស៊ីនឹងត្រូវជាកូនចៅម្នាក់របស់អាប្រាហាំដែលជាមនុស្សស្មោះត្រង់នឹងព្រះ។ លោកនឹងក្លាយជាអ្នកគ្រប់គ្រងដែលនឹងធ្វើឲ្យមនុស្សជាតិដែលស្ដាប់បង្គាប់ទទួលបានពរដែលជាជីវិតល្អឥតខ្ចោះដែលរួចផុតពីជំងឺ។ (លោកុប្បត្តិ ២២:១៨; អេសាយ ៥៣:៤, ៥) បុគ្គលដែលព្រះនឹងចាត់ឲ្យមកតាមសន្យារបស់លោកនឹងមកពីភូមិបេថ្លេហិម។—សូមអាន មីកា ៥:១
លោកយេស៊ូបានបង្ហាញថា លោកជាមេស្ស៊ី។ ជាង៧០០ឆ្នាំមុន គម្ពីរបានទាយថាមេស្ស៊ីនឹងកើតពីស្ត្រីក្រមុំបរិសុទ្ធម្នាក់ ហើយលោកនឹងត្រូវគេមើលងាយ។ លោកនឹងប្រគល់ជីវិតរបស់លោកសម្រាប់អំពើខុសឆ្គងរបស់មនុស្សជាច្រើន ហើយសពលោកនឹងត្រូវគេបញ្ចុះក្នុងផ្នូររបស់អ្នកមានម្នាក់។ (អេសាយ ៧:១៤; ៥៣:៣, ៩, ១២) ជាង៥០០ឆ្នាំមុន គម្ពីរក៏បានចែងទៀតថាលោកនឹងចូលក្រុងយេរូសាឡិមដោយជិះសត្វលា ហើយលោកនឹងត្រូវគេក្បត់ដើម្បីបានប្រាក់៣០កាក់ធ្វើពីប្រាក់។ ចំណុចល្អិតល្អន់ទាំងអស់បានសម្រេចពិតមែន។—សូមអាន សាការី ៩:៩; ១១:១២
២. តើព្រះបានទាយអំពីពេលវេលាជាក់លាក់ឬទេ?
ជាង៥០០ឆ្នាំមុន គម្ពីរបានទាយប្រាប់ឆ្នាំជាក់លាក់ដែលមេស្ស៊ីនឹងលេចមក។ តាមទំនាយ ពេលវេលាដែលនឹងកន្លងទៅមុនមេស្ស៊ីមកដល់គឺចំនួន៧អាទិត្យបូកនឹង៦២អាទិត្យ ដែលស្មើនឹង៦៩អាទិត្យ។ «អាទិត្យ»នីមួយៗនេះជានិមិត្តរូប ហើយមិនមែនជា៧ថ្ងៃទេ តែគឺ៧ឆ្នាំវិញ។ ដូច្នេះ ចំនួន៦៩អាទិត្យនោះគឺស្មើនឹង៤៨៣ឆ្នាំ។ តើចំនួនឆ្នាំនេះចាប់ផ្ដើមរាប់នៅពេលណា? យោងទៅតាមគម្ពីរ ចំនួនឆ្នាំទាំងនោះបានចាប់ផ្ដើមនៅពេលដែលនេហេមាដែលជាអ្នកបម្រើរបស់ព្រះមកដល់ក្រុងយេរូសាឡិម ហើយចាប់ផ្ដើមសាងសង់ក្រុងនោះឡើងវិញ។ យោងទៅតាមប្រវត្ដិសាស្ត្ររបស់ជនជាតិពើស៊ី ពេលនោះគឺនៅឆ្នាំ៤៥៥ មុនគ.ស.។ (នេហេមា ២:១-៥) លោកយេស៊ូបានទទួលការជ្រមុជទឹកជាមេស្ស៊ីនៅឆ្នាំ២៩ គ.ស. ដែលគ្រប់៤៨៣ឆ្នាំគត់។—សូមអាន ដានីយ៉ែល ៩:២៥
៣. តើទំនាយក្នុងគម្ពីរបានសម្រេចនៅឥឡូវនេះឬទេ?
លោកយេស៊ូបានទាយអំពីព្រឹត្ដិការណ៍ដ៏សំខាន់ដែលនឹងកើតឡើងនៅសម័យយើង។ ទំនាយរបស់លោកបានរៀបរាប់អំពីដំណឹងល្អនៃរាជាណាចក្ររបស់ព្រះ ដែលនឹងនាំឲ្យមនុស្សដែលស្រឡាញ់ព្រះនៅទូទាំងពិភពលោកទទួលសេចក្ដីសង្គ្រោះ។ រាជាណាចក្រនោះនឹងបំផ្លាញរបៀបរបបពិភពលោកដ៏អាក្រក់ដែលយើងកំពុងរស់នៅនេះចោលទាំងអស់។—សូមអាន ម៉ាថាយ ២៤:១៤, ២១, ២២
ទំនាយក្នុងគម្ពីរពណ៌នាយ៉ាងល្អិតល្អន់អំពីគ្រាចុងក្រោយនៃរបៀបរបបពិភពលោកនេះ។ គម្ពីរបានបញ្ជាក់ថា មនុស្សនឹងបង្ខូចផែនដី ដែលនេះគឺផ្ទុយនឹងអ្វីដែលមនុស្សគិតថានឹងកើតឡើងនៅក្នុងសម័យជឿនលឿននេះ។ ទុក្ខវេទនាដែលបណ្ដាលមកពីសង្គ្រាម ការអត់ឃ្លាន រញ្ជួយដី និងជំងឺនឹងមានកាន់តែច្រើនឡើង។ (លូកា ២១:១១; ការបើកបង្ហាញ ១១:១៨) ខ្នាតតម្រាសីលធម៌កាន់តែចុះអាប់ឱន។ ក្នុងគ្រាដ៏លំបាកនេះ ពួកអ្នកកាន់តាមរបស់លោកយេស៊ូនឹងផ្សព្វផ្សាយដំណឹងល្អនៃរាជាណាចក្ររបស់ព្រះដល់មនុស្សគ្រប់ជាតិសាសន៍។—សូមអាន ម៉ាថាយ ២៤:៣, ៧, ៨; ធីម៉ូថេទី២ ៣:១-៥
៤. តើអនាគតរបស់មនុស្សជាតិនឹងទៅជាយ៉ាងណា?
ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតមានរបស់ល្អជាច្រើនដើម្បីបម្រុងទុកសម្រាប់មនុស្សជាតិ។ លោកយេស៊ូគ្រិស្តដែលជាមេស្ស៊ី និងមនុស្ស១៤៤.០០០នាក់ដែលបានត្រូវជ្រើសរើសពីផែនដី នឹងគ្រប់គ្រងពីស្ថានសួគ៌មកលើផែនដី។ ពួកគេរួមគ្នាបង្កើតបានជារដ្ឋាភិបាលមួយ ដែលនឹងគ្រប់គ្រងអស់រយៈពេល១.០០០ឆ្នាំ។ មនុស្សស្លាប់នឹងរស់ឡើងវិញ ហើយពួកគេនឹងមានឱកាសទទួលជីវិតដែលគ្មានទីបញ្ចប់។ បន្ថែមទៅទៀត រាជាណាចក្រនេះនឹងធ្វើឲ្យមនុស្សទាំងអស់ជាសះស្បើយ។ ជំងឺនិងសេចក្ដីស្លាប់នឹងមិនមានទៀតទេ។—សូមអាន ការបើកបង្ហាញ ៥:១០; ២០:៦, ១២; ២១:៤, ៥
ដើម្បីទទួលព័ត៌មានបន្ថែម សូមមើលសៀវភៅនេះ តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? នៅទំព័រ២៥-២៨ និងទំព័រ២២៨-២៣១។