អាប្រាហាំ បុរសម្នាក់ដែលមានចិត្ដក្លាហាន
អាប្រាហាំ បុរសម្នាក់ដែលមានចិត្តក្លាហាន
អាប្រាហាំបានសម្លឹងមើលទៅក្រុមគ្រួសារនិងអ្នកបម្រើរបស់គាត់ កាលដែលពួកគេរៀបចំដើម្បីធ្វើដំណើរឆ្ពោះទៅស្រុកកាណាន។ (លោកុប្បត្តិ ១២:១-៥) ពេលអាប្រាហាំមើលទៅក្រុមមនុស្សយ៉ាងធំនេះដែលពឹងផ្អែកលើគាត់ក្នុងការចិញ្ចឹមជីវិត នោះគាត់ដឹងច្បាស់ថាគាត់ត្រូវទទួលខុសត្រូវចំពោះពួកគេ។ ពេលនៅស្រុកដែលគាត់មិនស្គាល់ តើគាត់នឹងផ្គត់ផ្គង់អ្វីៗដែលពួកគេត្រូវការដើម្បីចិញ្ចឹមជីវិតយ៉ាងដូចម្ដេច? ដោយសារទីក្រុងអ៊ើរជាតំបន់ចម្រុងចម្រើនដែលមានវាលស្មៅល្វឹងល្វើយ ដីមានជីជាតិ ហើយសម្បូរទឹក តើទីក្រុងនេះងាយស្រួលជាងក្នុងការចិញ្ចឹមពួកគេឬ? ចុះយ៉ាងណាបើគាត់ធ្លាក់ខ្លួនឈឺឬស្លាប់នៅទឹកដីថ្មីនោះ? តើអ្នកណានឹងថែរក្សាក្រុមគ្រួសាររបស់គាត់? ទោះជាអាប្រាហាំមានការព្រួយបារម្ភបែបនេះឬមិនមានក៏ដោយ គាត់មិនឲ្យការភ័យខ្លាចនោះធ្វើឲ្យគាត់មិនហ៊ានសម្រេចចិត្តឡើយ។ គាត់តាំងចិត្តធ្វើតាមបង្គាប់របស់ព្រះ មិនថាមានអ្វីកើតឡើងក៏ដោយ ហើយនេះបង្ហាញថាគាត់មានចិត្តក្លាហានយ៉ាងពិតប្រាកដ។
តើចិត្តក្លាហានគឺជាអ្វី? ចិត្តក្លាហានគឺជាភាពរឹងប៊ឹង អង់អាច និងមោះមុតដែលផ្ទុយនឹងភាពកំសាកឬភ័យខ្លាច។ ការមានចិត្តក្លាហានមិនមែនមានន័យថា យើងមិនដែលខ្លាចនោះទេ។ ផ្ទុយទៅវិញ បុគ្គលដែលមានចិត្តក្លាហានដែលមកពីព្រះមិនឲ្យការភ័យខ្លាចធ្វើឲ្យគាត់រួញរាមិនហ៊ានចាត់វិធានការទេ។
តើអាប្រាហាំបានបង្ហាញចិត្តក្លាហានយ៉ាងដូចម្ដេច? អាប្រាហាំពេញចិត្តធ្វើអ្វីដែលព្រះចង់ឲ្យគាត់ធ្វើ ទោះជាអ្នកឯទៀតមិនធ្វើដូចគាត់ក៏ដោយ។ អាប្រាហាំបានធំឡើងក្នុងមជ្ឈដ្ឋានមួយដែលមនុស្សគោរពបូជាព្រះជាច្រើននិងរូបព្រះផ្សេងៗ។ ក៏ប៉ុន្តែ គាត់មិនបានឲ្យការខ្លាចអ្នកឯទៀតធ្វើឲ្យគាត់មិនហ៊ានធ្វើអ្វីដែលគាត់ដឹងថាត្រឹមត្រូវនោះទេ។ ផ្ទុយទៅវិញ ដោយចិត្តអង់អាច គាត់ប្រព្រឹត្តផ្សេងពីអ្នកឯទៀត ដោយសម្រេចចិត្តគោរពប្រណិប័តន៍តែព្រះមួយប៉ុណ្ណោះ ពោលគឺព្រះយេហូវ៉ាដែលជា«ព្រះដ៏ខ្ពស់បំផុត»។—លោកុប្បត្តិ ១៤:២១, ២២
អាប្រាហាំចាត់ទុកការគោរពប្រណិប័តន៍ព្រះពិត ថាសំខាន់ជាងប្រយោជន៍ខាងសម្ភារៈ។ គាត់សុខចិត្តបោះបង់ចោលជីវិតដ៏សុខស្រួលរបស់គាត់នៅក្រុងអ៊ើរ ហើយចេញដំណើរទៅតំបន់ស្ងាត់ជ្រងំ ដោយទុកចិត្តទាំងស្រុងថាព្រះយេហូវ៉ានឹងផ្គត់ផ្គង់អ្វីៗដែលគាត់ត្រូវការខាងសម្ភារៈ។ ច្រើនឆ្នាំបានកន្លងទៅ អាប្រាហាំប្រហែលជាបាននឹកឃើញភាពសុខស្រួលដែលគាត់ធ្លាប់មាននៅក្រុងអ៊ើរ។ ប៉ុន្តែ គាត់ជឿជាក់ថាព្រះយេហូវ៉ានឹងផ្គត់ផ្គង់គាត់និងក្រុមគ្រួសារគាត់ជានិច្ច។ ដោយសារអាប្រាហាំនៅជាប់នឹងព្រះយេហូវ៉ាជាបុគ្គលដ៏សំខាន់បំផុតក្នុងជីវិតគាត់ នោះគាត់មានចិត្តក្លាហានធ្វើតាមបង្គាប់របស់ព្រះ។
តើយើងទាញមេរៀនអ្វីពីរឿងនេះ? យើងអាចយកតម្រាប់តាមអាប្រាហាំដោយបណ្ដុះចិត្តក្លាហានដើម្បីស្ដាប់បង្គាប់ព្រះយេហូវ៉ា សូម្បីតែយ៉ូហាន ១៥:២០) ក៏ប៉ុន្តែ ពេលយើងជឿជាក់លើអ្វីដែលយើងបានរៀនអំពីព្រះយេហូវ៉ា នោះយើងនិយាយការពារជំនឿរបស់យើង ហើយយើងធ្វើដូច្នេះដោយបង្ហាញការគោរពចំពោះពួកគេ។—ពេត្រុសទី១ ៣:១៥
អ្នកឯទៀតនៅជុំវិញយើងមិនធ្វើដូច្នោះក៏ដោយ។ ជាឧទាហរណ៍ គម្ពីរបង្រៀនថា អ្នកដែលបង្ហាញជំនឿរឹងមាំលើព្រះយេហូវ៉ា ប្រហែលជាទទួលការប្រឆាំងពីញាតិមិត្តដែលមានបំណងល្អ។ (យើងក៏អាចទុកចិត្តដែរទៅលើសេចក្ដីសន្យាដែលថាលោកនឹងផ្គត់ផ្គង់អ្នកដែលជឿលើលោក។ ទំនុកចិត្តបែបនេះធ្វើឲ្យយើងមានចិត្តក្លាហានដើម្បីចាត់ទុកការគោរពប្រណិប័តន៍ព្រះជាអ្វីសំខាន់បំផុតក្នុងជីវិត ជាជាងខ្វល់ខ្វាយអំពីវត្ថុទ្រព្យ។ (ម៉ាថាយ ៦:៣៣) សូមពិចារណាអំពីរបៀបដែលគ្រួសារមួយបានធ្វើដូច្នេះ។
ទោះជាឌើកនិងបេកគីមានកូនប្រុសតូចៗពីរនាក់ក្ដី ពួកគាត់ចង់រើទៅប្រទេសមួយដែលត្រូវការអ្នកផ្សាយដំណឹងល្អពីគម្ពីរថែមទៀត។ បន្ទាប់ពីបានស្រាវជ្រាវយ៉ាងដិតដល់ ហើយបានអធិដ្ឋានអស់ពីចិត្ត ពួកគាត់បានសម្រេចចិត្តធ្វើតាមគម្រោងរបស់ពួកគាត់។ ឌើកពោលថា៖ «យើងត្រូវមានចិត្តក្លាហានដើម្បីយកកូនរើទៅកន្លែងថ្មី ដោយមិនដឹងច្បាស់ថា ជីវិតយើងនឹងទៅជាយ៉ាងណានោះទេ។ ប៉ុន្តែ តាំងពីដំបូង ពេលយើងចាប់ផ្ដើមគិតរើទៅ យើងបានពិគ្រោះគ្នាអំពីគំរូរបស់អាប្រាហាំនិងសារ៉ា។ ដោយគិតថាពួកគាត់បានទុកចិត្តលើព្រះយេហូវ៉ា ហើយលោកតែងតែជួយពួកគាត់ជានិច្ច នោះពិតជាបានជួយយើងមែន»។
ស្តីអំពីជីវិតរបស់ពួកគេនៅប្រទេសមួយទៀត ឌើកស្រដីថា៖ «យើងបានពរតាមរបៀបដ៏អស្ចារ្យមួយ»។ គាត់ពន្យល់ថា៖ «ដោយសាររបៀបរស់នៅរបស់យើងសាមញ្ញជាង នោះយើងអាចចំណាយពេលភាគច្រើនជាមួយគ្នាជាក្រុមគ្រួសារ ដូចជាផ្សព្វផ្សាយ និយាយគ្នា ហើយលេងជាមួយកូន។ យើងមានអារម្មណ៍ថាយើងមានសេរីភាពដែលរកពណ៌នាពុំបាន»។
ទោះជាមនុស្សទាំងអស់មិនអាចផ្លាស់ប្ដូររបៀបរស់នៅដល់កម្រិតនេះក៏ដោយ ក៏ប៉ុន្តែ យើងទាំងអស់គ្នាអាចធ្វើតាមគំរូរបស់អាប្រាហាំ ដោយចាត់ទុកការគោរពប្រណិប័តន៍ព្រះរបស់យើងជាអាទិភាព ហើយទុកចិត្តថាលោកនឹងគាំទ្រយើង។ ពេលយើងធ្វើដូច្នេះ យើងកំពុងធ្វើតាមការដាស់តឿនក្នុងគម្ពីរដែលឲ្យ«មានចិត្តពោរពេញទៅដោយសេចក្ដីក្លាហាន ហើយនិយាយថា៖ ‹ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ›»។—ហេប្រឺ ១៣:៥, ៦
[ប្រអប់/រូបភាពនៅទំព័រ៧]
ស្ត្រីម្នាក់ដែលកោតខ្លាចព្រះនិងជាភរិយាជាទីស្រឡាញ់
សារ៉ាបានរៀបការជាមួយបុរសម្នាក់ដែលស្មោះត្រង់នឹងព្រះយ៉ាងខ្លាំង។ ប៉ុន្តែ ស្ត្រីដែលកោតខ្លាចព្រះនេះបានទុកគំរូដ៏ល្អប្រសើរដែរ។ តាមការពិត គម្ពីរបានរៀបរាប់អំពីនាងបីដងថា ជាគំរូសម្រាប់ស្ត្រីដែលកោតខ្លាចព្រះ។ (អេសាយ ៥១:១, ២; ហេប្រឺ ១១:១១; ពេត្រុសទី១ ៣:៣-៦) ទោះជាបទគម្ពីរមិនសូវនិយាយអំពីស្ត្រីដ៏ល្អនេះក៏ដោយ ក៏យើងអាចដឹងថានាងមានគុណសម្បត្ដិល្អៗដែរ។
ជាឧទាហរណ៍ សូមគិតអំពីប្រតិកម្មដំបូងរបស់សារ៉ា ពេលអាប្រាហាំប្រាប់នាងអំពីបង្គាប់របស់ព្រះឲ្យចាកចេញពីក្រុងអ៊ើរ។ តើនាងបានឆ្ងល់ទេថា ពួកគេនឹងទៅកន្លែងណា? ហើយហេតុអ្វី? តើនាងបានគិតអំពីរបស់របរដែលពួកគេត្រូវការឬទេ? តើនាងពិបាកចិត្តទេ ពេលដែលបែកពីមិត្តភក្ដិនិងញាតិសន្ដាន ដោយមិនដឹងថាពេលណានាងនឹងជួបពួកគេម្ដងទៀតនោះ? នាងប្រាកដជាបានគិតអំពីរឿងទាំងនោះមែន។ ទោះជាយ៉ាងនេះក៏ដោយ នាងសុខចិត្តចាកចេញពីក្រុងនោះដោយទុកចិត្តថា ព្រះយេហូវ៉ានឹងផ្ដល់ពរដល់នាង កាលដែលនាងស្ដាប់បង្គាប់លោក។—សកម្មភាព ៧:២, ៣
សារ៉ាមិនគ្រាន់តែជាអ្នកបម្រើដែលស្ដាប់បង្គាប់ព្រះប៉ុណ្ណោះទេ នាងក៏ជាភរិយាដ៏ល្អវិសេសម្នាក់ដែរ។ ជាជាងប្រជែងជាមួយប្ដីដើម្បីចាត់ចែងកិច្ចការក្នុងក្រុមគ្រួសារ សារ៉ាបានគោរពប្ដីយ៉ាងស្មោះអស់ពីចិត្ត គាំទ្រប្ដីដោយសេចក្ដីស្រឡាញ់ក្នុងការដឹកនាំក្រុមគ្រួសារ។ ដោយធ្វើដូច្នេះ នាងបានតុបតែងខ្លួន ពោលគឺធ្វើឲ្យខ្លួននាងស្រស់ស្អាតដោយសារគុណសម្បត្ដិរបស់នាង។—ពេត្រុសទី១ ៣:១-៦
តើភរិយាទាំងឡាយនៅសព្វថ្ងៃនេះអាចរៀនអ្វីពីគំរូរបស់សារ៉ា? ស្ត្រីម្នាក់ឈ្មោះជីលដែលបានរៀបការដោយមានសុភមង្គលអស់រយៈពេលជាង៣០ឆ្នាំមកហើយ គាត់បាននិយាយថា៖ «គំរូរបស់សារ៉ាបានបង្រៀនខ្ញុំថា ខ្ញុំអាចនិយាយប្រាប់ប្ដីខ្ញុំអំពីទស្សនៈរបស់ខ្ញុំបាន»។ គាត់បានបន្តទៀតថា៖ «នៅពេលដំណាលគ្នានោះ ក្នុងឋានៈជាប្រមុខនៃក្រុមគ្រួសារ ប្ដីរបស់ខ្ញុំមានភារកិច្ចសម្រេចចិត្តចុងក្រោយ។ ពេលគាត់បានសម្រេចចិត្តរួចហើយ ភារកិច្ចរបស់ខ្ញុំគឺខំអស់ពីសមត្ថភាពដើម្បីជួយឲ្យការសម្រេចចិត្តនោះកើតការ»។
ប្រហែលជាយើងអាចរៀនមេរៀនដ៏ល្អពីសារ៉ា គឺទោះបីជានាងមានសម្រស់ស្រស់ស្អាតក៏ដោយ សារ៉ាមិនបានឲ្យសម្រស់របស់នាងធ្វើឲ្យនាងមានអំណួតនោះទេ។ (លោកុប្បត្តិ ១២:១០-១៣) ផ្ទុយទៅវិញ ពេលពួកគាត់រស់នៅជាមួយគ្នា នាងបានគាំទ្រអាប្រាហាំដោយចិត្តរាបទាបទាំងនៅគ្រាសប្បាយទាំងនៅគ្រាលំបាក។ អាប្រាហាំនិងសារ៉ាប្រាកដជាគូប្ដីប្រពន្ធដែលមានចិត្តស្មោះត្រង់ មានចិត្តរាបទាប និងស្រឡាញ់គ្នា ពោលគឺជាប្ដីប្រពន្ធដែលពិតជាគាំទ្រគ្នាទៅវិញទៅមក។