លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អាប្រាហាំ បុរសម្នាក់ដែលមានជំនឿមុតមាំ

អាប្រាហាំ បុរសម្នាក់ដែលមានជំនឿមុតមាំ

អាប្រាហាំ ​បុរស​ម្នាក់​ដែល​មាន​ជំនឿ​មុត​មាំ​

អាប្រាហាំ​ឈរ​នៅ​ខាង​ក្រៅ​នា​ពេល​រាត្រី​ដ៏​ស្ងប់​ស្ងាត់។ កាល​ដែល​គាត់​សម្លឹង​មើល​ដួង​តារា​ដែល​ភ្លឺ​នៅ​លើ​មេឃ គាត់​ពិត​ជា​គិត​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា កូន​ចៅ​របស់​គាត់​នឹង​មាន​ចំនួន​ច្រើន​ដូច​ជា​ផ្កាយ​ទាំង​នោះ។ (​លោកុប្បត្តិ ១៥:៥​) ចំពោះ​អាប្រាហាំ ផ្កាយ​ជា​ច្រើន​នោះ​រំលឹក​គាត់​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា ហើយ​នេះ​ក៏​បញ្ជាក់​ថា​សេចក្ដី​សន្យា​នោះ​នឹង​សម្រេច​ជាក់​ជា​មិន​ខាន។ យ៉ាង​ណា​មិញ បើ​ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ដើម្បី​បង្កើត​សកលលោក​ដ៏​ធំ​ធេង និង​អ្វី​ៗ​នៅ​ក្នុង​សកលលោក​នេះ លោក​ក៏​អាច​ធ្វើ​ឲ្យ​អាប្រាហាំ​និង​សារ៉ា​មាន​កូន​បាន​ដែរ។ ជំនឿ​របស់​អាប្រាហាំ​គឺ​ខ្លាំង​បែប​នេះ។

តើ​ជំនឿ​ជា​អ្វី? គម្ពីរ​បាន​ប្រើ​ពាក្យ​​«​ជំនឿ​»​ ដើម្បី​សំដៅ​ទៅ​លើ​ការ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ទៅ​លើ​អ្វី​ៗ​ដែល​មើល​មិន​ឃើញ។ ជំនឿ​បែប​នេះ​មាន​មូលដ្ឋាន​ទៅ​លើ​ភ័ស្តុតាង​ជាក់​ស្តែង។ បុគ្គល​ម្នាក់​ដែល​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា គាត់​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​របស់​លោក ដោយ​មាន​ទំនុក​ចិត្ត​ថា​សេចក្ដី​សន្យា​នោះ​គឺ​ពិត​ប្រាកដ​ដែល​ហាក់​ដូច​ជា​បាន​សម្រេច​រួច​ទៅ​ហើយ។

តើ​អាប្រាហាំ​បាន​បង្ហាញ​ជំនឿ​យ៉ាង​ដូច​ម្ដេច? អាប្រាហាំ​បាន​បង្ហាញ​ថា​គាត់​ជឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ។ ដោយ​មាន​ជំនឿ​មាំ​មួន អាប្រាហាំ​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​គាត់​ដោយ​ទុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​ទឹក​ដី​មួយ​ផ្សេង​ទៀត​តាម​ពាក្យ​សន្យា​របស់​លោក។ ដោយ​សារ​ជំនឿ អាប្រាហាំ​ដើរ​ចុះ​ឡើង​ពាស​ពេញ​ស្រុក​កាណាន ដោយ​ជឿ​ជាក់​ថា​នៅ​ទី​បំផុត​កូន​ចៅ​របស់​គាត់​នឹង​បាន​ស្រុក​នោះ។ ដោយ​សារ​ជំនឿ អាប្រាហាំ​បម្រុង​នឹង​បូជា​អ៊ីសាក​ជា​គ្រឿង​បូជា​តាម​បង្គាប់​របស់​ព្រះ ដោយ​ទុក​ចិត្ត​ថា បើ​ចាំ​បាច់​ព្រះ​យេហូវ៉ា​នឹង​ប្រោស​អ៊ីសាក​ឲ្យ​រស់​ឡើង​វិញ។—ហេប្រឺ ១១:៨, ៩, ១៧​-​១៩

អាប្រាហាំ​ផ្ចង់​អារម្មណ៍​ទៅ​លើ​អនាគត​ជា​ជាង​គិត​អំពី​អតីតកាល។ ទោះ​ជា​អាប្រាហាំ​និង​សារ៉ា​ធ្លាប់​មាន​ជីវិត​សុខ​ស្រួល​នៅ​ក្រុង​អ៊ើរ​ជាង​នៅ​ស្រុក​កាណាន​ក៏​ដោយ តែ​ពួក​គេ​មិន​បាន​​«​នឹកនា​ដល់​កន្លែង​ដែល​ពួក​គេ​ចាក​ចេញ​នោះ​»​ទេ។ (​ហេប្រឺ ១១:១៥​) ផ្ទុយ​ទៅ​វិញ ពួក​គាត់​ផ្ចង់​អារម្មណ៍​ទៅ​លើ​របៀប​ដែល​ព្រះ​នឹង​ឲ្យ​ពរ​ពួក​គាត់ និង​កូន​ចៅ​របស់​ពួក​គាត់​នៅ​អនាគត។—ហេប្រឺ ១១:១៦

តើ​ជំនឿ​របស់​អាប្រាហាំ​មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​ឬ​ទេ? មាន​មែន។ ព្រះ​យេហូវ៉ា​ធ្វើ​តាម​សេចក្ដី​សន្យា​ទាំង​អស់​របស់​លោក។ នៅ​ទី​បំផុត កូន​ចៅ​របស់​អាប្រាហាំ​បាន​កើន​ឡើង​ទៅ​ជា​ប្រជាជាតិ​មួយ​ដែល​ហៅ​ថា​អ៊ីស្រាអែល។ ក្រោយ​មក សាសន៍​អ៊ីស្រាអែល​បាន​ចូល​ទៅ​រស់​នៅ​ស្រុក​កាណាន ជា​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ចំពោះ​អាប្រាហាំ។—យ៉ូស្វេ ១១:២៣

តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​រឿង​នេះ? យើង​អាច​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក។ ទោះ​ជា​តាម​ទស្សនៈ​របស់​មនុស្ស តាម​មើល​ទៅ​សេចក្ដី​សន្យា​ខ្លះ​មិន​អាច​កើត​ឡើង​ក៏​ដោយ តែ​យើង​ជឿ​ជាក់​ថា​​«​ព្រះ​អាច​សម្រេច​គ្រប់​ការ​ទាំង​អស់​បាន​»។—ម៉ាថាយ ១៩:២៦

គំរូ​របស់​អាប្រាហាំ​ក៏​បង្រៀន​យើង​ឲ្យ​ផ្ចង់​អារម្មណ៍​ផង​ដែរ មិន​មែន​ទៅ​លើ​អ្វី​ដែល​មាន​នៅ​អតីតកាល​ទេ តែ​ទៅ​លើ​អ្វី​ដែល​យើង​នឹង​សប្បាយ​រីករាយ​នៅ​អនាគត​វិញ។ បុរស​ម្នាក់​ឈ្មោះ​ចេសិន​បាន​រៀន​ធ្វើ​ដូច្នេះ​មែន។ គាត់​មាន​ជំងឺ​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​គាត់​ចុះ​ខ្សោយ​បន្ដិច​ម្ដង​ៗ​រហូត​ដល់​គាត់​កម្រើក​លែង​រួច​ទៀត។ ចេសិន​និយាយ​ថា​៖ ​«​ខ្ញុំ​សារភាព​ថា ជួនកាល​ខ្ញុំ​នឹក​ឃើញ​អំពី​អតីតកាល​»​ ហើយ​គាត់​បាន​បន្ថែម​ទៀត​ថា​៖ ​«​អ្វី​ដែល​ខ្ញុំ​នឹក​ខ្លាំង​ជាង​គេ គឺជា​រឿង​តូច​តាច​ដូច​ជា​ការ​ឱប​អាមេន​ដា​ដែល​ជា​ប្រពន្ធ​របស់​ខ្ញុំ​»។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ចេសិន​ទុក​ចិត្ត​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​នឹង​បំពេញ​តាម​សេចក្ដី​សន្យា​របស់​លោក រួម​ទាំង​សេចក្ដី​សន្យា​ដែល​ថា ឆាប់​ៗ​នេះ​ផែនដី​យើង​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន ហើយ​ថា​មនុស្ស​ស្មោះ​ត្រង់​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដោយ​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ។ * (​ទំនុកតម្កើង ៣៧:​១០, ១១, ២៩; អេសាយ ៣៥:៥, ៦; ការ​បើក​បង្ហាញ ២១:៣, ៤​) ចេសិន​បាន​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​រំលឹក​ខ្លួន​ខ្ញុំ​ថា គ្រា​ដ៏​ប្រសើរ​បំផុត​គឺ​នៅ​ខាង​មុខ​»​ ហើយ​គាត់​ពន្យល់​ទៀត​ថា​៖ ​«​ឆាប់​ៗ​នេះ ការ​តាន​តឹង​ចិត្ត ការ​ខ្វល់ខ្វាយ ទុក្ខ​ព្រួយ អារម្មណ៍​ដែល​គិត​ថា​ខ្លួន​មាន​កំហុស​នឹង​លែង​មាន​ជា​រៀង​រហូត​»។ នេះ​ពិត​ជា​គំរូ​ដ៏​ប្រពៃ​ស្តី​អំពី​ជំនឿ​ដូច​អាប្រាហាំ​មែន!

[​កំណត់​សម្គាល់​]

^ វគ្គ 9 ដើម្បី​ដឹង​ព័ត៌មាន​ថែម​ទៀត​អំពី​សួន​ឧទ្យាន​ដែល​មាន​នៅ​ពេល​អនាគត សូម​មើល​ជំពូក​ទី​៣ ទី​៧ និង​ទី​៨​នៃ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។