លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការពិតអំពីហាម៉ាគេដូន

ការពិតអំពីហាម៉ាគេដូន

ការ​ពិត​អំពី​ហាម៉ាគេដូន​

​«​ពួក​វិញ្ញាណ​កំណាច . . . ចេញ​ទៅ​ឯ​ស្តេច​ទាំង​ឡាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី . . . ហើយ​ពួក​គេ​បាន​ប្រមូល​ស្តេច​ទាំង​នោះ​ទៅ​ឯ​កន្លែង​ដែល​ភាសា​ហេប្រឺ​ហៅ​ថា​ហាម៉ាគេដូន​»។—ការ​បើក​បង្ហាញ ១៦:១៤, ១៦

ហាម៉ាគេដូន គឺជា​ឈ្មោះ​កន្លែង​មួយ។ ក៏​ប៉ុន្តែ តាម​មើល​ទៅ កន្លែង​នោះ​មិន​មែន​ជា​កន្លែង​មែនទែន​ណា​មួយ​នៅ​លើ​ផែនដី​ទេ។

បើ​ដូច្នេះ តើ​អ្វី​ជា​អត្ថន័យ​ពិត​ប្រាកដ​នៃ​ពាក្យ​«​ហាម៉ាគេដូន​»​? ហេតុ​អ្វី​ពាក្យ​នេះ​ច្រើន​តែ​ជាប់​ទាក់​ទង​នឹង​ព្រឹត្ដិការណ៍​មួយ​ដូច​ជា​សង្គ្រាម?

ប្រមូល​ទៅ​ឯ​កន្លែង​ដែល​ហៅ​ថា​ហាម៉ាគេដូន

ក្នុង​ភាសា​ហេប្រឺ​ពាក្យ​ហាម៉ាគេដូន មាន​ន័យ​ត្រង់​ថា​«​ភ្នំ​មេគីដោ​»។ ទោះ​ជា​មិន​មាន​ភ្នំ​មេគីដោ​ក៏​ដោយ តែ​មាន​កន្លែង​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​មេគីដោ។ កន្លែង​នោះ​ជា​ទី​តាំង​ដ៏​សំខាន់​មួយ​ដែល​មាន​ផ្លូវ​ធំ​ពីរ​កាត់​គ្នា​នៅ​ទិស​ខាង​ជើង​ឆៀង​ខាង​លិច​នៃ​តំបន់​ដែល​សាសន៍​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​ធ្លាប់​រស់​នៅ។ ការ​ប្រយុទ្ធ​គ្នា​ផ្ដាច់​ព្រ័ត្រ​ជា​ច្រើន​បាន​ធ្វើ​ឡើង​នៅ​ជិត​កន្លែង​នោះ។ ដូច្នេះ ក្រោយ​មក​ឈ្មោះ​មេគីដោ​ទៅ​ជា​ឈ្មោះ​តំណាង​សង្គ្រាម​ផ្ដាច់​ព្រ័ត្រ។ *

ក៏​ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​កន្លែង​មេគីដោ​មាន​សារៈសំខាន់ មិន​មែន​ដោយ​សារ​កង​ទ័ព​ដែល​បាន​ធ្វើសង្គ្រាម​នៅ​ទី​នោះ​ទេ តែ​គឺ​ដោយ​សារ​មូលហេតុ​ដែល​កង​ទ័ព​ទាំង​នោះ​បាន​ធ្វើសង្គ្រាម​នៅ​ទី​នោះ​វិញ។ មេគីដោ​គឺជា​តំបន់​មួយ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ឲ្យ​ដល់​សាសន៍​អ៊ីស្រាអែល។ (​និក្ខមនំ ៣៣:១; យ៉ូស្វេ ១២:៧, ២១​) លោក​បាន​សន្យា​នឹង​បណ្ដា​ជន​ទាំង​នោះ​ថា លោក​នឹង​ការពារ​ពួក​គេ​ពី​ពួក​អ្នក​ឈ្លានពាន ហើយ​លោក​បាន​ធ្វើ​ដូច្នោះ​មែន។ (​ចោទិយកថា ៦:១៨, ១៩​) ជា​ឧទាហរណ៍ គឺ​នៅ​មេគីដោ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ការ​អស្ចារ្យ​ដើម្បី​ការពារ​បណ្ដា​ជន​អ៊ីស្រាអែល​ពី​កង​ទ័ព​របស់​ស្តេច​យ៉ាប៊ីន​នៃ​សាសន៍​កាណាន​និង​ស៊ី​សេរ៉ា​ដែល​ជា​មេទ័ព​របស់​គាត់។—ពួកចៅហ្វាយ ៤:១៤​-​១៦

ដូច្នេះ ពាក្យ​«​ហាម៉ាគេដូន​»​មាន​ន័យ​សំខាន់​ណាស់​ដែល​ជា​ន័យ​ធៀប។ ហាម៉ាគេដូន​ជាប់​ទាក់​ទង​នឹង​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​ពីរ​ដ៏​ខ្លាំងក្លា។

ទំនាយ​ក្នុង​គម្ពីរ​នៅ​ការ​បើក​បង្ហាញ​បាន​ចែង​អំពី​ពេល​មួយ​នៅ​អនាគត​ឆាប់​ៗ​នេះ​ថា សាថាន​និង​ពួក​វិញ្ញាណ​កំណាច​នឹង​ជំរុញ​រដ្ឋាភិបាល​មនុស្ស​ឲ្យ​ប្រមូល​កង​ទ័ព​របស់​ពួក​គេ ហើយ​ដោយ​ធ្វើ​ដូច្នេះ​អ្នក​ទាំង​នោះ​ប្រឆាំង​រាស្ត្រ​របស់​ព្រះ​និង​កិច្ចការ​របស់​ពួក​គេ។ នៅ​ពេល​នោះ ព្រះ​នឹង​វាយ​កង​ទ័ព​ឈ្លានពាន​ទាំង​នោះ​ឲ្យ​បរាជ័យ ហើយ​នៅ​ពេល​នោះ មនុស្ស​រាប់​លាន​នាក់​នឹង​ស្លាប់។—ការ​បើក​បង្ហាញ ១៩:១១​-​១៨

គម្ពីរ​រៀប​រាប់​អំពី​ព្រះ​ថា​លោក​មាន​សេចក្ដី​«​មេត្ដា​ករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ​»។ បើ​ដូច្នេះ ហេតុ​អ្វី​ព្រះ​នឹង​សម្លាប់​មនុស្ស​ច្រើន​បែប​នេះ? (​នេហេមា ៩:​១៧​) ដើម្បី​យល់​អំពី​ការ​ប្រព្រឹត្ត​របស់​ព្រះ យើង​ត្រូវ​ដឹង​ចម្លើយ​ចំពោះ​សំណួរ​បី​យ៉ាង: (​១​)​ តើ​អ្នក​ណា​ជា​អ្នក​ផ្ដើម​ធ្វើសង្គ្រាម​នោះ? (​២​)​  ហេតុ​អ្វី​ព្រះ​ចូល​រួម​ក្នុង​សង្គ្រាម​នោះ? (​៣​) តើ​សង្គ្រាម​នេះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ផែនដី​និង​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី?

១​. តើ​អ្នក​ណា​ជា​អ្នក​ផ្ដើម​ធ្វើសង្គ្រាម​នោះ?

សង្គ្រាម​ហាម៉ាគេដូន​មិន​កើត​ឡើង​ដោយ​សារ​ព្រះ​ឈ្លានពាន​មនុស្ស​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​នឹង​ការពារ​មនុស្ស​ល្អ​ពី​ពួក​អ្នក​ដែល​ចង់​បំផ្លាញ​ពួក​គេ។ អ្នក​ឈ្លានពាន​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នេះ​គឺ​«​ស្តេច​ទាំង​ឡាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី​»​ ពោល​គឺ​អ្នក​ដឹក​នាំ​ពិភព​លោក។ ហេតុ​អ្វី​មាន​ការ​វាយ​ប្រហារ​នេះ? ពីព្រោះ​ដូច​អ្នក​ញាក់​ខ្សែ​អា​យ៉ង​ម្នាក់ សាថាន​នឹង​ដឹក​នាំ​រដ្ឋាភិបាល​ទាំង​ឡាយ និង​អង្គការ​យោធា​នានា​ឲ្យ​វាយ​ប្រហារ​ពេញ​ទំហឹង​ទៅ​លើ​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។—ការ​បើក​បង្ហាញ ១៦:​១៣, ១៤; ១៩:​១៧, ១៨

សព្វ​ថ្ងៃ​នេះ​នៅ​ប្រទេស​ខ្លះ មនុស្ស​ចាត់​ទុក​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​និង​ខាង​សាសនា​ជា​អ្វី​ដ៏​សំខាន់។ ដូច្នេះ​គំនិត​ដែល​ថា​រដ្ឋាភិបាល​នានា​នឹង​ដាក់​កម្រិត​ឬ​បំបាត់​ចោល​សាសនា​ណា​មួយ មើល​ទៅ​ដូច​ជា​មិន​សម​ហេតុ​ផល​ទេ។ ក៏​ប៉ុន្តែ ការ​វាយ​ប្រហារ​បែប​នេះ​បាន​កើត​ឡើង​នៅ​សតវត្សរ៍​ទី​២០ ហើយ​ក៏​កំពុង​តែ​កើត​ឡើង​សព្វ​ថ្ងៃ​នេះ​ដែរ។ * ទោះ​ជា​យ៉ាង​នោះ​ក្ដី យ៉ាង​ហោច​ណាស់ មាន​ភាព​ខុស​គ្នា​ធំ​ៗ​ពីរ​រវាង​ការ​វាយ​ប្រហារ​ទាំង​នេះ​និង​ការ​វាយ​ប្រហារ​នៅ​ហាម៉ាគេដូន។ ទី​១ ការ​វាយ​ប្រហារ​នៅ​ហាម៉ាគេដូន​នឹង​មាន​នៅ​ទូ​ទាំង​ពិភព​លោក។ ទី​២ ការ​វាយ​តប​របស់​ព្រះ​យេហូវ៉ា​នៅ​គ្រា​នោះ​នឹង​ខ្លាំង​ជាង​អ្វី​ៗ​ទាំង​អស់​ដែល​លោក​ធ្លាប់​ធ្វើ​ពី​មុន។ (​យេរេមា ២៥:៣២, ៣៣​) គម្ពីរ​រៀប​រាប់​អំពី​ការ​ប្រយុទ្ធ​គ្នា​នោះ​ថា​ជា​«​សង្គ្រាម​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត​»។

២​. ហេតុ​អ្វី​ព្រះ​ចូល​រួម​ក្នុង​សង្គ្រាម​នោះ?

ព្រះ​យេហូវ៉ា​ណែនាំ​ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក​ឲ្យ​បង្កើត​ឲ្យ​មាន​សន្ដិភាព ហើយ​ស្រឡាញ់​សត្រូវ​របស់​ពួក​គេ។ (​មីកា ៤:១​-​៣; ម៉ាថាយ ៥:៤៣, ៤៤; ២៦:៥២​) ហេតុ​នេះ ពេល​ការ​វាយ​ប្រហារ​ដ៏​សាហាវ​នេះ​កើត​ឡើង ពួក​គេ​មិន​ប្រើ​អាវុធ​ដើម្បី​ការពារ​ខ្លួន​ឡើយ។ បើ​ព្រះ​មិន​ធ្វើ​អន្តរាគមន៍​ដើម្បី​សង្គ្រោះ​រាស្ត្រ​របស់​លោក នោះ​ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល​គ្មាន​សល់​ជា​មិន​ខាន។ ដូច្នេះ ព្រះ​យេហូវ៉ា​ត្រូវ​ចាត់​វិធានការ​ដើម្បី​ការពារ​នាម​ឬ​កេរ្ដិ៍​ឈ្មោះ​ល្អ​របស់​លោក។ បើ​ពួក​សត្រូវ​អាច​បំផ្លាញ​ចោល​រាស្ត្រ​របស់​ព្រះ​បាន នោះ​នឹង​មើល​ទៅ​ដូច​ជា ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ អយុត្ដិធម៌ និង​គ្មាន​សមត្ថភាព​ជួយ​រាស្ត្រ​របស់​លោក​ទេ។ រឿង​បែប​នេះ​មិន​អាច​កើត​ឡើង​បាន​ឡើយ!—ទំនុកតម្កើង ៣៧:២៨, ២៩

ព្រះ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​បំផ្លាញ​ចោល​ឡើយ ដូច្នេះ​លោក​បាន​ផ្ដល់​ការ​ព្រមាន​យូរ​ទុក​ជា​មុន​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ។ (​ពេត្រុស​ទី​២ ៣:៩​) តាម​រយៈ​កំណត់​ហេតុ​ក្នុង​គម្ពីរ លោក​បាន​រំលឹក​មនុស្ស​ទាំង​អស់​ថា ពេល​ដែល​រាស្ត្រ​របស់​លោក​ត្រូវ​គេ​វាយ​ប្រហារ​នៅ​អតីតកាល លោក​បាន​វាយ​តប​ទៅ​ពួក​គេ​វិញ។ (​ពង្សាវតារ​ក្សត្រ​ទី​២ ១៩:៣៥​) គម្ពីរ​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ពេល​សាថាន​និង​មនុស្ស​ដែល​ជា​អា​យ៉ង​របស់​វា​វាយ​ប្រហារ​ទៅ​លើ​រាស្ត្រ​របស់​ព្រះ​នៅ​ពេល​អនាគត នោះ​ព្រះ​យេហូវ៉ា​នឹង​ប្រើ​ឫទ្ធានុភាព​ដើម្បី​ប្រឆាំង​ពួក​អ្នក​ដែល​គំរាម​គំ​ហែង​រាស្ត្រ​របស់​លោក។ តាម​ពិត បណ្ដាំ​របស់​ព្រះ​បាន​ទាយ​ទុក​ជា​យូរ​មក​ហើយ​ថា ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​មនុស្ស​អាក្រក់​ចោល។ (​សុភាសិត ២:២១, ២២; ថែស្សាឡូនិច​ទី​២ ១:៦​-​៩​) នៅ​ពេល​នោះ ពួក​អ្នក​វាយ​ប្រហារ​ប្រាកដជា​នឹង​ដឹង​ថា ពួក​គេ​កំពុង​ប្រយុទ្ធ​នឹង​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត។—អេសេគាល ៣៨:២១​-​២៣

៣​. តើ​សង្គ្រាម​នេះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ផែនដី​និង​មនុស្ស​ជាតិ?

សង្គ្រាម​ហាម៉ាគេដូន​នឹង​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​លាន​នាក់។ តាម​ពិត សង្គ្រាម​នោះ​គឺជា​ការ​ចាប់​ផ្ដើម​នៃ​រយៈ​ពេល​មួយ​ដែល​មាន​សន្ដិភាព​ពេញ​ផែនដី។—ការ​បើក​បង្ហាញ ២១:៣, ៤

ក្នុង​គម្ពីរ នៅ​សៀវភៅ​ការ​បើក​បង្ហាញ​បាន​រៀប​រាប់​អំពី​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​គ្មាន​ចំនួន​កំណត់ ជា​មនុស្ស​ដែល​នឹង​រួច​ជីវិត​ពី​សង្គ្រាម​នេះ។ (​ការ​បើក​បង្ហាញ ៧:៩, ១៤​) នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ មនុស្ស​មួយ​ក្រុម​ធំ​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ផែនដី​មាន​សភាព​ដូច​ជា​សួន​ឧទ្យាន​ឡើង​វិញ​តាម​គោល​បំណង​ដើម​របស់​ព្រះ​យេហូវ៉ា។

តើ​យើង​ដឹង​ឬ​ទេ​ថា​ការ​វាយ​ប្រហារ​ទៅ​លើ​រាស្ត្រ​របស់​ព្រះ​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា?

[​កំណត់​សម្គាល់​]

^ វគ្គ 6 ការ​យក​ឈ្មោះ​កន្លែង​មួយ​ជា​តំណាង​សង្គ្រាម​មិន​មែន​ជា​ការ​ចម្លែក​ទេ។ ជា​ឧទាហរណ៍ សព្វ​ថ្ងៃ​នេះ ទី​ក្រុង​ហ៊ីរ៉ូស៊ីម៉ា​នៅ​ប្រទេស​ជប៉ុន​ដែល​បាន​ត្រូវ​បំផ្លាញ​ដោយ​គ្រាប់​បែក​នុយក្លេអ៊ែរ ជា​តំណាង​ការ​គំរាម​កំហែង​ដោយ​សង្គ្រាម​នុយក្លេអ៊ែរ។

^ វគ្គ 13 ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២ ពួក​ណាត្ស៊ី​សម្លាប់​ជន​ជាតិ​យូដា​រាប់​លាន​នាក់។ នេះ​ជា​ឧទាហរណ៍​មួយ​ដែល​រដ្ឋាភិបាល​ប៉ុនប៉ង​បំបាត់​ចោល​សាសនា​និង​ជាតិ​សាសន៍។ ក្នុង​អំឡុង​សម័យ​សហភាព​សូវៀត សាសនា​ផ្សេង​ៗ​នៅ​សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូវៀត​ក៏​បាន​ត្រូវ​បង្ក្រាប​យ៉ាង​សាហាវ​ដែរ។ សូម​មើល​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១១ ជា​ភាសា​អង់គ្លេស​ដែល​បោះពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា (​“A Peaceable People Defend Their Good Name”​)។

[​រូបភាព​នៅ​ទំព័រ​៦​]

នៅ​អតីតកាល ព្រះ​យេហូវ៉ា​បាន​ការពារ​រាស្ត្រ​របស់​លោក

[​រូបភាព​នៅ​ទំព័រ​៧​]

ព្រះ​យេហូវ៉ា​នឹង​ការពារ​រាស្ត្រ​របស់​លោក​ម្ដង​ទៀត​ក្នុង​អំឡុង​សង្គ្រាម​ហាម៉ាគេដូន