លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើសង្គ្រាមហាម៉ាគេដូននឹងកើតឡើងនៅពេលណា?

តើសង្គ្រាមហាម៉ាគេដូននឹងកើតឡើងនៅពេលណា?

តើ​សង្គ្រាម​ហាម៉ាគេដូន​នឹង​កើត​ឡើង​នៅ​ពេល​ណា?

​«​មើល! ខ្ញុំ​ឃើញ​មនុស្ស​មួយ​ក្រុម​ធំ ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​រាប់​ចំនួន​បាន​ឡើយ។ ពួក​គេ​ចេញ​ពី​គ្រប់​ប្រជាជាតិ​គ្រប់​កុលសម្ព័ន្ធ គ្រប់​ជាតិ​សាសន៍ និង​គ្រប់​ភាសា . . . [​ពួក​គេ​]​ចេញ​ផុត​ពី​គ្រា​ទុក្ខវេទនា​ដ៏​ខ្លាំង​»។—ការ​បើក​បង្ហាញ ៧:៩, ១៤

ស្ថានភាព​សព្វ​ថ្ងៃ​នេះ គឺ​ត្រៀម​ទុក​សម្រាប់​សង្គ្រាម​ហាម៉ាគេដូន។ តើ​តាម​របៀប​ណា?

សព្វ​ថ្ងៃ​នេះ នៅ​ទូ​ទាំង​ពិភព​លោក មាន​មនុស្ស​ដែល​កំពុង​បម្រើ​ព្រះ​យេហូវ៉ា ហើយ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​គម្ពីរ។ ដោយ​មាន​ការ​គាំទ្រ​ពី​ព្រះ មនុស្ស​រាប់​លាន​នាក់​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​កុលសម្ព័ន្ធ និង​គ្រប់​ភាសា​បាន​រួប​រួម​គ្នា​ជា​បង​ប្អូន​រួម​ជំនឿ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​មាន​ភាព​សុខដុមរមនា។ ពួក​គេ​ជា​សាក្សី​ព្រះ​យេហូវ៉ា។—យ៉ូហាន ១៣:៣៥

ឆាប់​ៗ​ខាង​មុខ​នេះ សាថាន​នឹង​ប្រមូល​កង​ទ័ព​របស់​វា​ហើយ​ចាប់​ផ្ដើម​វាយ​ប្រហារ​យ៉ាង​ខ្លាំង​បំផុត​ទៅ​លើ​សាក្សី​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ស្រឡាញ់​សន្ដិភាព ហើយ​មើល​ទៅ​ដូច​ជា​ពួក​គេ​មិន​អាច​ការពារ​ខ្លួន​បាន។ (​អេសេគាល ៣៨:៨​-​១២; ការ​បើក​បង្ហាញ ១៦:​១៣, ១៤, ១៦​) តើ​តាម​របៀប​ណា​ដែល​លោក​អ្នក​អាច​ប្រាកដ​ថា​រឿង​នោះ​គឺជា​ការ​ពិត? គម្ពីរ​ប្រាប់​អំពី​ព្រឹត្ដិការណ៍​ដ៏​ជាក់​លាក់​មួយ​ចំនួន​ដែល​ជួយ​យើង​ឲ្យ​ដឹង​ថា តើ​សង្គ្រាម​ហាម៉ាគេដូន​នឹង​កើត​ឡើង​នៅ​ពេល​ណា? ព្រឹត្ដិការណ៍​មួយ​ចំនួន​កំពុង​កើត​ឡើង​រួច​ហើយ។

ព្រឹត្ដិការណ៍​ដែល​លោក​អ្នក​ឃើញ

អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​សួរ​អំពី​សញ្ញា​សម្គាល់​ដែល​មនុស្ស​នឹង​ដឹង​ថា ​«​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»​នឹង​មក​ដល់​នៅ​ពេល​ណា។ (​ម៉ាថាយ ២៤:៣​) លោក​យេស៊ូ​បាន​ឆ្លើយ​ដោយ​ប្រាប់​អំពី​គ្រា​ដែល​«​ប្រជាជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជាជាតិ​មួយ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ ក៏​នឹង​មាន​រញ្ជួយ​ដី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ថែម​ទាំង​មាន​ការ​អត់​ឃ្លាន​ទៀត​ផង​»។ រួច​លោក​បាន​បន្ត​ថា​៖ ​«​ការ​ទាំង​នេះ​គឺជា​ការ​ចាប់​ផ្ដើម​នៃ​គ្រា​លំបាក​»។ (​ម៉ាថាយ ២៤:៧, ៨​) សាវ័ក​ប៉ូល​ក៏​បាន​បញ្ជាក់​ដែរ​ថា គ្រា​ដដែល​នេះ​ជា​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ ហើយ​ថា​គ្រា​នោះ​នឹង​«​លំបាក​ណាស់​»។ (​ធីម៉ូថេទី២ ៣:១​) តើ​លោក​អ្នក​គិត​ថា​ទំនាយ​ទាំង​នោះ​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ដែល​កំពុង​តែ​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ?

ហេតុ​អ្វី​គ្រា​នេះ​នឹង​ពិបាក​ម្ល៉េះ? សាវ័ក​យ៉ូហាន​ប្រាប់​អំពី​មូលហេតុ​នេះ​ថា សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​មាន​«​ពេល​តែ​បន្ដិច​បន្តួច​»​ប៉ុណ្ណោះ ដើម្បី​ធ្វើ​សកម្មភាព​របស់​វា​នៅ​លើ​ផែនដី។ គាត់​បាន​រៀប​រាប់​ថា សាថាន​មាន​«​កំហឹង​យ៉ាង​ខ្លាំង​»​ក្នុង​អំឡុង​គ្រា​នេះ។ (​ការ​បើក​បង្ហាញ ១២:៧​-​១២​) តើ​លោក​អ្នក​ឃើញ​ឬ​ទេ​ថា សព្វ​ថ្ងៃ​នេះ​មនុស្ស​មាន​ចិត្ត​គំនិត​ដែល​បង្ហាញ​នូវ​កំហឹង​និង​មាន​ការ​ប្រព្រឹត្ត​ដ៏​ឃោរឃៅ មិន​គ្រាន់តែ​នៅ​តំបន់​មួយ​ប៉ុណ្ណោះ តែ​នៅ​ទូ​ទាំង​ពិភព​លោក?

លោក​យេស៊ូ​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា នៅ​គ្រា​ដ៏​ពិបាក​នេះ កិច្ច​ការ​ដ៏​ល្អ​ប្រសើរ​មួយ​នឹង​ត្រូវ​សម្រេច។ លោក​បាន​និយាយ​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​[​ព្រះ​]​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។ (​ម៉ាថាយ ២៤:១៤​) សព្វ​ថ្ងៃ​នេះ នៅ​ជាង​២៣៥​ប្រទេស សាក្សី​ព្រះ​យេហូវ៉ា​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ជាង​៥០០​ភាសា។ ទស្សនាវដ្ដី​ពីរ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ដែល​ពួក​គេ​បាន​បោះពុម្ព​ផ្សាយ ពោល​គឺ​ទស្សនាវដ្ដី​ប៉មយាម និង​ទស្សនាវដ្ដី​ភ្ញាក់​រលឹក! (​Awake!​) ជា​ទស្សនាវដ្ដី​ដែល​បាន​ត្រូវ​ចែក​ចាយ​ច្រើន​ជាង​គេ​បំផុត​លើ​ពិភព​លោក។ សាក្សី​ព្រះ​យេហូវ៉ា​ក៏​បាន​បក​ប្រែ​គម្ពីរ​ប្រហែលជា​១០០​ភាសា​ដែរ។ កិច្ចការ​របស់​ពួក​គេ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ស្ម័គ្រ​ចិត្ត ហើយ​បាន​ត្រូវ​គាំទ្រ​ទាំង​ស្រុង​ដោយ​វិភាគ​ទាន​ស្ម័គ្រ​ចិត្ត។ តើ​ការ​ផ្សព្វ​ផ្សាយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នេះ​កំពុង​សម្រេច​ទំនាយ​របស់​លោក​យេស៊ូ​ឬ​ទេ?

គម្ពីរ​ក៏​បញ្ជាក់​អំពី​ព្រឹត្ដិការណ៍​ដែល​នឹង​នាំ​ទៅ​ដល់​សង្គ្រាម​រវាង​ព្រះ​យេហូវ៉ា​និង​អ្នក​ដែល​ប្រឆាំង​នឹង​លោក​ដែរ។ សូម​ពិចារណា​ទំនាយ​បី​ដែល​លោក​អ្នក​នឹង​ឃើញ​អំពី​ការ​សម្រេច។

ព្រឹត្ដិការណ៍​ដែល​លោក​អ្នក​នឹង​ឃើញ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ

ទំនាយ​ទី​១: គម្ពីរ​ប្រាប់​ថា ប្រជាជាតិ​នានា​នឹង​ចេញ​សេចក្ដី​ប្រកាស​ដ៏​សំខាន់​មួយ​ថា​«​មាន​សន្ដិភាព​និង​សន្ដិសុខ​ហើយ​»។ ពួក​គេ​ប្រហែលជា​គិត​ថា ពួក​គេ​ហៀបនឹង​ដោះ​ស្រាយ​បញ្ហា​ធំ​ៗ។ ក៏​ប៉ុន្តែ ព្រឹត្ដិការណ៍​ដែល​កើត​ឡើង​បន្ទាប់​ពី​សេចក្ដី​ប្រកាស​នេះ​នឹង​មិន​នាំ​ឲ្យ​មាន​សន្ដិភាព​សោះ​ឡើយ។—ថែស្សាឡូនិច​ទី​១ ៥:១​-​៣

ទំនាយ​ទី​២: បន្ទាប់​មក រដ្ឋាភិបាល​ផ្សេង​ៗ​នឹង​សម្រេច​ចិត្ត​ចាត់​វិធានការ​វាយ​ប្រហារ​អង្គការ​សាសនា​ទាំង​ឡាយ​ទូ​ទាំង​ពិភព​លោក។ នៅ​ក្នុង​គម្ពីរ មាន​សត្វ​សាហាវ​មួយ​ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​ទាំង​នោះ ហើយ​ស្ត្រី​ដែល​ជិះ​លើ​ខ្នង​នៃ​សត្វ​សាហាវ​នេះ តំណាង​ឲ្យ​សាសនា​មិន​ពិត​ទាំង​ឡាយ​នៅ​ក្នុង​ពិភព​លោក​នេះ។ (​ការ​បើក​បង្ហាញ ១៧:៣, ១៥​-​១៨​) ដោយ​មិន​ដឹង​ខ្លួន សត្វ​សាហាវ​ក្នុង​ន័យ​ធៀប​នេះ​នឹង​ធ្វើ​តាម​បំណង​របស់​ព្រះ ដោយ​បំផ្លាញ​សាសនា​ទាំង​អស់​ដែល​អះអាង​ដោយ​មិន​ពិត​ថា​ជា​តំណាង​របស់​ព្រះ។

ដោយ​ប្រើ​និមិត្តរូប សាវ័ក​យ៉ូហាន​បាន​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​នេះ​ថា​៖ ​«​ស្នែង​ទាំង​ដប់​ដែល​អ្នក​ឃើញ និង​សត្វ​សាហាវ​នឹង​ស្អប់​ស្ត្រី​ពេស្យា​នោះ ហើយ​នឹង​បំផ្លាញ​នាង​ព្រម​ទាំង​ធ្វើ​ឲ្យ​នាង​នៅ​អាក្រាត ក៏​នឹង​ស៊ី​សាច់​នាង ហើយ​ដុត​នាង​ចោល​ក្នុង​ភ្លើង។ ព្រោះ​ព្រះ​បណ្ដាល​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​តាម​គំនិត​របស់​លោក​»។—ការ​បើក​បង្ហាញ ១៧:​១៦, ១៧

ទំនាយ​ទី​៣: បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​ជោគជ័យ​ទៅ​លើ​សាសនា​មិន​ពិត សាថាន​នឹង​បណ្ដាល​ឲ្យ​ប្រជាជាតិ​នានា​វាយ​ប្រហារ​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។—ការ​បើក​បង្ហាញ ៧:​១៤; ម៉ាថាយ ២៤:២១

តើ​សង្គ្រាម​នេះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​លោក​អ្នក?

បើ​លោក​អ្នក​មិន​ទាន់​មាន​ឱកាស​ដើម្បី​សិក្សា​គម្ពីរ​ឲ្យ​ដិត​ដល់​នៅ​ឡើយ លោក​អ្នក​ប្រហែលជា​ពិបាក​ជឿ​ថា​ព្រឹត្ដិការណ៍​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​នឹង​កើត​ឡើង។ ប៉ុន្តែ យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​ជឿ​ថា ទំនាយ​ទាំង​អស់​នឹង​ត្រូវ​សម្រេច​ទាំង​ស្រុង ហើយ​ថា​ព្រឹត្ដិការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​អនាគត​ឆាប់​ៗ​ខាង​មុខ​នេះ។ ដោយ​សារ​ទំនាយ​ជា​ច្រើន​ក្នុង​គម្ពីរ​បាន​សម្រេច​រួច​ហើយ នោះ​អាច​ជួយ​យើង​ឲ្យ​ជឿ​ជាក់​បាន។ *

សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​ស្វែង​យល់​អំពី​មូលហេតុ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ជាក់​ថា​«​សង្គ្រាម​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត​»​គឺ​ជិត​ណាស់​ហើយ និង​អំពី​មូលហេតុ​ដែល​លោក​អ្នក​មិន​ត្រូវ​ខ្លាច​សង្គ្រាម​នោះ​ទេ។ សូម​ឲ្យ​ពួក​គេ​ពិភាក្សា​ជា​មួយ​លោក​អ្នក​អំពី​អ្វី​ដែល​គម្ពីរ​ប្រាប់​លោក​អ្នក​ឲ្យ​ធ្វើ ដើម្បី​ឲ្យ​លោក​អ្នក​អាច​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​ការ​ពារ។ (​ការ​បើក​បង្ហាញ ១៦:១៤​) អ្វី​ដែល​លោក​អ្នក​រៀន​ប្រហែល​ជា​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​លោក​អ្នក​អំពី​អនាគត។

[​កំណត់​សម្គាល់​]

^ វគ្គ 17 ដើម្បី​ដឹង​អំពី​ទី​សំ​អាង​ដែល​បញ្ជាក់​ថា​ទំនាយ​ក្នុង​គម្ពីរ​បាន​សម្រេច សូម​មើល​ជំពូក​ទី​២ និង​ទី​៩​នៃ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? បោះពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៨​]

តើ​កិច្ចការ​របស់​សាក្សី​ព្រះ​យេហូវ៉ា​អាច​ជា​ការ​សម្រេច​មួយ​នៃ​ទំនាយ​ក្នុង​គម្ពីរ​ឬ​ទេ?