ការស្វែងរកការពិត
ការស្វែងរកការពិត
«មនុស្សស្ទើរតែទាំងអស់មានគំនិតរៀងៗខ្លួនស្តីអំពី[លោកយេស៊ូ]។ មិនថាយើងមានជំនឿឬចម្ងល់ខ្លាំងប៉ុណ្ណាក៏ដោយ យើងទាំងអស់គ្នាឆ្ងល់ថា‹តើលោកជាអ្នកណា?›»។—អ្នកនិពន្ធឈ្មោះ ស្តេន ហ្គសទ្រី
មនុស្សចង់ដឹងអំពីលោកយេស៊ូ។ សៀវភៅដែលសរសេរអំពីលោកបានក្លាយទៅជាសៀវភៅដែលល្បីល្បាញ។ ភាពយន្តអំពីលោកបានទៅជាទីពេញនិយម។ ប៉ុន្តែ មនុស្សជាច្រើននៅតែមានសំណួរអំពីលោកយេស៊ូ។ មនុស្សមានទស្សនៈផ្សេងៗគ្នាអំពីលោកយេស៊ូ។
ប៉ុន្មានឆ្នាំមុន អ្នកយកព័ត៌មានពីរនាក់បានអញ្ជើញមនុស្សឲ្យផ្ញើចម្លើយចំពោះសំណួរដែលថា៖ «តើលោកយេស៊ូជាអ្នកណា?»។ ចម្លើយទាំងនោះរួមមាន:
● «តាមមើលទៅ លោកជារ៉ាប៊ី(គ្រូបង្រៀន)ដែលបានប្រើជីវិតរបស់លោកទុកជាគំរូស្តីអំពីចិត្តអាណិតអាសូរ»។
● «លោកជាមនុស្សធម្មតាដែលមានជីវិតអស្ចារ្យ»។
● «គ្មានទីសម្អាងដែលបញ្ជាក់ថាធ្លាប់មានលោកយេស៊ូរស់នៅទេ»។
● «លោកយេស៊ូជាបុត្ររបស់ព្រះដែលបានកើតជាមនុស្ស បានស្លាប់ ហើយបានរស់ឡើងវិញដើម្បីសង្គ្រោះយើងពីភាពខុសឆ្គង។ សព្វថ្ងៃនេះ លោកមានជីវិតរស់នៅ ហើយលោកនឹងមកផែនដីម្ដងទៀត»។
● «ខ្ញុំជឿថាលោកយេស៊ូគ្រិស្តជាបុត្រតែមួយរបស់ព្រះ ជាមនុស្សពេញលក្ខណៈ និងជាព្រះពេញលក្ខណៈនៅពេលដំណាលគ្នា»។
● «លោកយេស៊ូគឺជារឿងនិទានសម្រាប់មនុស្សពេញវ័យដែលមានគំនិតដូចកូនក្មេង»។
ទស្សនៈដែលខុសគ្នាឆ្ងាយបែបនេះច្បាស់ជាមិនអាចត្រឹមត្រូវទាំងអស់ទេ។ តើមានប្រភពព័ត៌មានមួយណាដ៏គួរឲ្យទុកចិត្តដែលអាចផ្ដល់ចម្លើយដ៏ត្រឹមត្រូវអំពីលោកយេស៊ូឬទេ? អ្នកបោះពុម្ពផ្សាយទស្សនាវដ្ដីនេះជឿថាគម្ពីរជាបណ្ដាំរបស់ព្រះ ហើយថាមានតែគម្ពីរប៉ុណ្ណោះដែលប្រាប់យើងយ៉ាងច្បាស់នូវសេចក្ដីពិតអំពីលោកយេស៊ូ។ *—ធីម៉ូថេទី២ ៣:១៦
ក្នុងអត្ថបទបន្ទាប់នេះ យើងនឹងពិចារណាចម្លើយពីគម្ពីរចំពោះសំណួរខ្លះៗដែលគេច្រើនតែសួរស្តីអំពីលោកយេស៊ូ។ លោកយេស៊ូផ្ទាល់បានមានប្រសាសន៍ថា‹អស់អ្នកដែលបង្ហាញជំនឿលើលោក›នឹងអាចទទួលសេចក្ដីសង្គ្រោះ។ (យ៉ូហាន ៣:១៦) យើងសូមអញ្ជើញលោកអ្នកឲ្យពិចារណាចម្លើយទាំងនោះ ហើយសម្រេចចិត្តថា តើលោកអ្នកត្រូវរៀនថែមទៀតអំពីលោកយេស៊ូឬទេ? ហើយតើលោកអ្នកត្រូវបង្ហាញជំនឿលើលោកយេស៊ូយ៉ាងដូចម្ដេច?
[កំណត់សម្គាល់]
^ វគ្គ 11 ដើម្បីទទួលព័ត៌មានបន្ថែម សូមមើលជំពូកទី២ដែលមានចំណងជើងថា«ព្រះគម្ពីរជាសៀវភៅដែលមកពីព្រះ» ក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបានត្រូវបោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។