គន្លឹះសុភមង្គលគ្រួសារ
តើអ្នកគួរធ្វើយ៉ាងណាពេលកូនសង្ស័យអំពីជំនឿសាសនារបស់អ្នក?
កាលដែលកូនធំឡើង កូនជំទង់ជាច្រើនបានសម្រេចចិត្តកាន់តាមសាសនារបស់ឪពុកម្ដាយ។ (ធីម៉ូថេទី២ ៣:១៤) ក៏ប៉ុន្តែ កូនជំទង់ខ្លះមិនចង់កាន់តាមទេ។ បើកូនជំទង់របស់អ្នកចាប់ផ្ដើមសង្ស័យអំពីជំនឿសាសនាដែលអ្នកបានបង្រៀនពួកគេ តើអ្នកអាចធ្វើយ៉ាងណា? ក្នុងអត្ថបទនេះ យើងនឹងពិភាក្សាអំពីរបៀបដែលសាក្សីព្រះយេហូវ៉ាដោះស្រាយបញ្ហាបែបនេះ។
«ខ្ញុំមិនចង់កាន់តាមសាសនារបស់ឪពុកម្ដាយខ្ញុំទៀតទេ។ ខ្ញុំមានអារម្មណ៍ថាមិនអាចធ្វើតាមទៀតបានទេ»។—កូរ៉ា អាយុ១៨ឆ្នាំ *
អ្នកជឿជាក់ថា សាសនារបស់អ្នកបង្រៀនសេចក្ដីពិតអំពីព្រះ។ អ្នកជឿថា គម្ពីរជួយអ្នកឲ្យមានរបៀបរស់នៅដ៏ប្រសើរបំផុត។ ដូច្នេះ ជាការធម្មតាទេដែលអ្នកព្យាយាមជួយកូនឲ្យមានទស្សនៈដូចនេះដែរ។ (ចោទិយកថា ៦:៦, ៧) ក៏ប៉ុន្តែ ចុះយ៉ាងណាវិញ បើកូនរបស់អ្នកធំឡើង ហើយលែងចាប់អារម្មណ៍អំពីអ្វីដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះទៀត។ * ចុះបើកូនចាប់ផ្ដើមសង្ស័យយ៉ាងខ្លាំងអំពីជំនឿដែលគាត់បានយល់ស្របពេលដែលគាត់នៅក្មេងនោះ?—កាឡាទី ៥:៧
បើមានរឿងបែបនេះកើតឡើងមែន សូមកុំគិតថា អ្នកជាឪពុកម្ដាយគ្រិស្តសាសនិកដែលបរាជ័យឡើយ។ ប្រហែលមានកត្ដាផ្សេងៗទៀតដែលនាំឲ្យរឿងនោះកើតឡើង ដូចយើងនឹងពិចារណាក្នុងអត្ថបទនេះ។ ក៏ប៉ុន្តែ សូមចាំថា: កូនជំទង់របស់អ្នកប្រហែលជាសម្រេចចិត្តចូលកាន់តែជិត ឬចេញកាន់តែឆ្ងាយពីការគោរពប្រណិប័តន៍របស់អ្នក គឺអាស្រ័យទៅលើប្រតិកម្មរបស់អ្នក ពេលដែលកូនបញ្ជាក់អំពីការសង្ស័យរបស់គាត់។ បើអ្នកប្រកាសសង្គ្រាមជាមួយនឹងកូនជំទង់របស់អ្នកចំពោះបញ្ហានេះ នោះអ្នកនឹងស្ថិតនៅក្នុងការប្រយុទ្ធមួយដ៏ស្វិតស្វាញ ហើយដែលអ្នកទំនងជានឹងចាញ់។—កូឡុស ៣:២១
បើអ្នកធ្វើតាមការដាស់តឿនរបស់សាវ័កប៉ូល នោះជាការប្រសើរជាងឆ្ងាយណាស់។ គាត់បានសរសេរថា៖ «ខ្ញុំបម្រើរបស់លោកម្ចាស់មិនចាំបាច់ឈ្លោះប្រកែកទេ តែត្រូវប្រព្រឹត្តដោយសុភាពចំពោះមនុស្សទាំងអស់ មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីបង្រៀន ចេះទប់ចិត្ត»។ (ធីម៉ូថេទី២ ២:២៤) បើកូនជំទង់របស់អ្នកសង្ស័យអំពីជំនឿដែលអ្នកបង្រៀនពួកគេ តើតាមរបៀបណាដែលអ្នកអាចបង្ហាញថាអ្នក«មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីបង្រៀន»?
ចូរគិតជាមុនសិន
ដំបូងបង្អស់ សូមព្យាយាមគិតអំពីកត្ដាផ្សេងៗដែលប្រហែលជាមានឥទ្ធិពលទៅលើទស្សនៈរបស់កូនជំទង់។ ជាឧទាហរណ៍:
-
តើគាត់មានអារម្មណ៍ឯកោ ហើយគ្មានមិត្តភក្ដិក្នុងក្រុមជំនុំឬទេ? «ដោយសារខ្ញុំចង់មានមិត្តភក្ដិ ដូច្នេះខ្ញុំបានសេពគប់ជាមួយមិត្តរួមថ្នាក់ពីរបីនាក់ ហើយការធ្វើដូច្នេះ
បានរារាំងខ្ញុំមិនឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះអស់ពេលយ៉ាងយូរ។ ខ្ញុំលែងចាប់អារម្មណ៍នឹងអ្វីៗដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះទៀត ហើយឥឡូវខ្ញុំស្ដាយក្រោយយ៉ាងខ្លាំង»។—ឡេណ័រ អាយុ១៩ឆ្នាំ -
តើគាត់ខ្វះទំនុកចិត្តដែលធ្វើឲ្យគាត់ពិបាកប្រាប់អំពីជំនឿរបស់គាត់ឬទេ? «ពេលដែលខ្ញុំនៅសាលា ខ្ញុំមិនហ៊ានប្រាប់អំពីជំនឿរបស់ខ្ញុំដល់មិត្តរួមថ្នាក់ទេ។ ខ្ញុំខ្លាចថាពួកគេនឹងគិតថាខ្ញុំនេះចម្លែក ឬក៏ហៅខ្ញុំថា‹កូនចៅព្រះ›។ ក្មេងណាដែលធ្វើខុសគេ ពួកគេមិនរាប់រកទេ។ ហើយខ្ញុំមិនចង់ឲ្យរឿងបែបនោះកើតឡើងចំពោះខ្ញុំឡើយ»។—រ៉ាម៉ូន អាយុ២៣ឆ្នាំ
-
តើគាត់មានអារម្មណ៍ថាការរស់នៅស្របតាមខ្នាតតម្រារបស់គ្រិស្តសាសនិកគឺជាភារកិច្ចដ៏ធ្ងន់ឬទេ? ‹ខ្ញុំមានអារម្មណ៍ថា សេចក្ដីសន្យាក្នុងគម្ពីរស្តីអំពីជីវិតដែលគ្មានទីបញ្ចប់ដូចជានៅឆ្ងាយលើកំពូលភ្នំខ្ពស់មួយ ហើយខ្ញុំមិនទាន់ទាំងឡើងភ្នំនោះផង។ ខ្ញុំនៅឆ្ងាយពីភ្នំនោះណាស់ ហើយខ្ញុំខ្លាចឡើងភ្នំនោះដល់ម្ល៉េះបានជាខ្ញុំចង់បោះបង់ចោលជំនឿរបស់ខ្ញុំតែម្ដង›។—រេណេ អាយុ១៦ឆ្នាំ
សូមពិភាក្សាជាមួយកូន
តើកូនជំទង់របស់អ្នកកំពុងប្រឈមមុខនឹងបញ្ហាមួយណា? វិធីដ៏ល្អបំផុត គឺសួរគាត់! ប៉ុន្តែ សូមប្រយ័ត្ន កុំឲ្យការពិភាក្សានោះក្លាយទៅជាជម្លោះឡើយ។ ផ្ទុយទៅវិញ សូមធ្វើតាមការដាស់តឿនក្នុងគម្ពីរនៅសៀវភៅយ៉ាកុប ១:១៩ដែលចែងថា៖ «ត្រូវរហ័សស្ដាប់ មិនរហ័សនិយាយ មិនរហ័សខឹង»។ សូមអត់ធ្មត់ជាមួយនឹងគាត់។ សូមមាន«ចិត្តធ្ងន់គ្រប់យ៉ាង និងការប៉ិនប្រសប់សព្វគ្រប់ក្នុងការបង្រៀន» ដូចអ្នកបានធ្វើចំពោះអ្នកឯទៀតដែលមិនមែនជាសមាជិកក្នុងក្រុមគ្រួសាររបស់អ្នក។—ធីម៉ូថេទី២ ៤:២
ជាឧទាហរណ៍ បើកូនជំទង់របស់អ្នកមិនចង់ចូលរួមកិច្ចប្រជុំទៀត សូមព្យាយាមរកមូលហេតុថា តើមានអ្វីផ្សេងទៀតមករំខានចិត្តគាត់ឬទេ? ប៉ុន្តែសូមធ្វើដូច្នេះដោយចិត្តអត់ធ្មត់។ បើអ្នកធ្វើតាមគំរូរបស់ឪពុកក្នុងរឿងខាងក្រោមនេះ នោះមិនសូវមានប្រសិទ្ធភាពទេ។ សូមអានដូចតទៅ:
កូនជំទង់: ខ្ញុំមិនចង់ទៅកិច្ចប្រជុំទៀតទេ។
ឪពុក: [សំឡេងជំទាស់] ម៉េចក៏មិនចង់ទៅ?
កូនជំទង់: ខ្ញុំគិតថាកិច្ចប្រជុំនោះគួរឲ្យធុញ តែប៉ុណ្ណឹង!
ឪពុក: តើកូនគិតបែបនេះចំពោះព្រះអ៊្ហៃ? កូនគិតថាលោកគួរឲ្យធុញអ៊្ហៃ? ចង់ឬមិនចង់ កូនត្រូវតែទៅប្រជុំ ដរាបណាកូនរស់នៅផ្ទះនេះ!
ព្រះតម្រូវឲ្យឪពុកម្ដាយបង្រៀនកូនអំពីលោក ហើយថាកូនត្រូវស្ដាប់បង្គាប់ឪពុកម្ដាយ។ (អេភេសូរ ៦:១) ទោះជាយ៉ាងនោះក៏ដោយ អ្នកក៏មិនចង់ឲ្យកូនធ្វើតាមទម្លាប់នៃជំនឿសាសនារបស់អ្នកទាំងងងឹតងងុល និងទៅប្រជុំជាមួយអ្នកទាំងទើសទាល់ដែរ។ បើអាចធ្វើបាន អ្នកចង់ឲ្យកូនចូលរួមប្រជុំដោយសារកូនយល់ថា ខ្លួនគាត់ត្រូវការទៅប្រជុំ និងដោយសារគាត់ស្រឡាញ់ព្រះយេហូវ៉ា។
អ្នកអាចធ្វើបានល្អជាង បើអ្នកស្គាល់បញ្ហាណាមួយដែលធ្វើឲ្យកូនមានចិត្តគំនិតបែបនោះ។ ដោយចាំអំពីចំណុចនេះ សូមពិចារណាថា តើឪពុកក្នុងរឿងខាងលើនេះអាចនិយាយយ៉ាងណាដើម្បីដោះស្រាយបញ្ហាដោយមានប្រសិទ្ធភាពជាង? សូមអានដូចតទៅ:
កូនជំទង់: ខ្ញុំមិនចង់ទៅកិច្ចប្រជុំទៀតទេ។
ឪពុក: [ដោយត្រជាក់ចិត្ត] ហេតុអី កូនមានអារម្មណ៍អ៊ីចឹង?
កូនជំទង់: ខ្ញុំគិតថាកិច្ចប្រជុំនោះគួរឲ្យធុញ តែប៉ុណ្ណឹង!
ឪពុក: ការអង្គុយមួយម៉ោងឬពីរម៉ោងអាចធ្វើឲ្យធុញមែន។ អ៊ីចឹង តើកូនគិតថាអ្វីជាការពិបាកខ្លាំងជាងគេក្នុងការចូលរួមកិច្ចប្រជុំ?
កូនជំទង់: ខ្ញុំមិនដឹងទេ។ ខ្ញុំគ្រាន់តែគិតថា បើខ្ញុំទៅកន្លែងផ្សេង វាល្អជាង។
ឪពុក: តើមិត្តរបស់កូនគិតអ៊ីចឹងដែរទេ?
កូនជំទង់: អ្ហឺ! នោះហើយបញ្ហារបស់ខ្ញុំ! ខ្ញុំគ្មានមិត្តភក្ដិសោះ សូម្បីតែម្នាក់ក៏គ្មានដែរ។ តាំងពីមិត្តសម្លាញ់របស់ខ្ញុំរើទៅនៅឆ្ងាយ ខ្ញុំ
មានអារម្មណ៍ថាគ្មានអ្នកណាម្នាក់ដែលខ្ញុំអាចនិយាយជាមួយទេ! បងប្អូនឯទៀតកំពុងជួបគ្នាយ៉ាងសប្បាយរីករាយ តែខ្ញុំមានអារម្មណ៍ថា គេមិនរាប់រកខ្ញុំសោះ!ដោយឲ្យកូនជំទង់របស់អ្នកនិយាយអស់ពីចិត្ត នោះឪពុកនៅក្នុងរឿងខាងលើនេះមិនគ្រាន់តែយល់ថាភាពឯកោរបស់កូនជាដើមហេតុដែលបណ្ដាលឲ្យកូនមិនចង់ទៅប្រជុំប៉ុណ្ណោះទេ តែគាត់ក៏ធ្វើឲ្យកូនមានទំនុកចិត្តដែរ ហើយនេះបានបើកឱកាសឲ្យមានការសន្ទនាកាន់តែស៊ីជម្រៅថែមទៀត(សូមមើលប្រអប់ដែលមានចំណងជើងថា «ចូរមានចិត្តអត់ធ្មត់!»)។
ក្រោយមក ក្មេងជាច្រើនបានរៀនថា បើពួកគេយកឈ្នះការពិបាកដែលរារាំងពួកគេពីការចូលទៅជិតព្រះ នោះជាធម្មតាពួកគេនឹងមានទំនុកចិត្តច្រើនជាងទៅលើខ្លួននិងទៅលើជំនឿរបស់ខ្លួន។ សូមពិចារណាអំពីប្អូនប្រុសរ៉ាម៉ូនដែលបានរៀបរាប់ខាងលើ ដែលមិនហ៊ានប្រាប់អ្នកឯទៀតនៅសាលារៀនថា ខ្លួនជាគ្រិស្តសាសនិកម្នាក់។ នៅទីបំផុត រ៉ាម៉ូនយល់ថា ការប្រាប់អ្នកឯទៀតអំពីជំនឿរបស់ខ្លួន គឺមិនធ្វើឲ្យឈឺចិត្តដូចជាអ្វីដែលគាត់បានគិតនោះទេ សូម្បីតែត្រូវគេសើចចំអកក៏ដោយ។ គាត់បាននិយាយថា៖
«នៅពេលមួយ ក្មេងប្រុសម្នាក់នៅសាលាបានសើចចំអកដាក់ខ្ញុំដោយសារជំនឿសាសនារបស់ខ្ញុំ។ ខ្ញុំពិតជាភ័យណាស់ ហើយខ្ញុំមានអារម្មណ៍ថា សិស្សក្នុងថ្នាក់ទាំងអស់កំពុងតែស្ដាប់។ បន្ទាប់មក ខ្ញុំបានសម្រេចចិត្តសួរគាត់អំពីជំនឿរបស់គាត់វិញ។ ខ្ញុំភ្ញាក់ផ្អើលណាស់ ដោយឃើញថាគាត់ភ័យខ្លាំងជាងខ្ញុំទៅទៀត! ក្រោយមក ខ្ញុំដឹងថា ក្មេងជាច្រើនមានសាសនា តែពួកគេមិនយល់អំពីជំនឿសាសនានោះទេ។ យ៉ាងហោចណាស់ ខ្ញុំអាចពន្យល់អំពីជំនឿរបស់ខ្ញុំបាន។ ប្រាកដណាស់ ពេលដែលនិយាយអំពីរឿងសាសនា មិត្តរួមថ្នាក់របស់ខ្ញុំគួរជាអ្នកដែលមានអារម្មណ៍ខ្មាសអៀន មិនមែនខ្ញុំទេ!»។
សូមសាកល្បងវិធីនេះ: សូមលើកទឹកចិត្តកូនជំទង់របស់អ្នកឲ្យប្រាប់អំពីអារម្មណ៍និងទស្សនៈផ្ទាល់ខ្លួន ដោយសួរគាត់ថា តើគាត់មានអារម្មណ៍យ៉ាងណាក្នុងការធ្វើជាគ្រិស្តសាសនិកម្នាក់? តាមទស្សនៈរបស់គាត់ តើនេះនាំឲ្យមានប្រយោជន៍អ្វីខ្លះ? តើនេះនាំឲ្យមានការពិបាកអ្វីខ្លះ? តើមានប្រយោជន៍ច្រើនជាងការពិបាកឬទេ? បើដូច្នេះមែន ហេតុអ្វី? (ម៉ាកុស ១០:២៩, ៣០) សូមឲ្យកូនជំទង់របស់អ្នកសរសេរនូវអ្វីដែលគាត់បានគិតលើក្រដាសមួយ ហើយកត់ជាពីរផ្នែក។ នៅផ្នែកខាងឆ្វេងកត់អ្វីដែលជាការពិបាក ហើយនៅផ្នែកខាងស្ដាំកត់អ្វីដែលជាប្រយោជន៍។ ពេលកូនមើលកំណត់របស់គាត់ ហើយធ្វើការថ្លឹងថ្លែង នោះអាចជួយកូនជំទង់របស់អ្នកឲ្យរកដើមហេតុនៃបញ្ហារបស់គាត់ និងឲ្យរកដំណោះស្រាយបាន។
«សមត្ថភាពរិះគិត»របស់កូនជំទង់
ឪពុកម្ដាយនិងអ្នកជំនាញការជាច្រើនបានសង្កេតឃើញថា គឺមានការខុសគ្នារវាងការគិតរបស់កូនក្មេង និងការគិតរបស់ក្មេងជំទង់។ (កូរិនថូសទី១ ១៣:១១) ជាធម្មតា កូនក្មេងតែងគិតអំពីអ្វីដែលងាយឃើញច្បាស់ ហើយងាយយល់ ឯក្មេងជំទង់វិញចង់ដឹងអំពីមូលហេតុច្រើនជាងអ្វីដែលគេមើលឃើញ។ ជាឧទាហរណ៍ ឪពុក ម្ដាយអាចបង្រៀនក្មេងតូចម្នាក់ថា ព្រះបានបង្កើតអ្វីៗទាំងអស់។ (លោកុប្បត្តិ ១:១) ក៏ប៉ុន្តែ ចំពោះក្មេងជំទង់វិញ ប្រហែលជាចង់ដឹងអំពីរឿងនេះដោយសួរថា៖ ‹តើតាមរបៀបណាដែលខ្ញុំដឹងថាមានព្រះ? ហេតុអ្វីព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់អនុញ្ញាតឲ្យមានអំពើអាក្រក់? ហេតុអ្វីយើងអាចដឹងប្រាកដថាព្រះគ្មានទីចាប់ផ្ដើម?›។—ទំនុកតម្កើង ៩០:២
អ្នកប្រហែលជាមានអារម្មណ៍ថា ពេលកូនសួរបែបនេះមានន័យថាកូនជំទង់របស់អ្នកមានជំនឿខ្សោយហើយ។ តាមពិត ពេលកូនសួរបែបនេះប្រហែលជាបង្ហាញថាជំនឿរបស់កូនកំពុងជឿនទៅមុខទៅវិញទេ។ យ៉ាងណាមិញ ការសួរសំណួរអាចជាផ្នែកមួយដ៏សំខាន់នៃការរីកចម្រើនខាងចំណេះជាគ្រិស្តសាសនិក។—សកម្មភាព ១៧:២, ៣
ម្យ៉ាងទៀត កូនជំទង់របស់អ្នកកំពុងរៀនប្រើ«សមត្ថភាពរិះគិត»របស់ពួកគេ។ (រ៉ូម ១២:១, ២) ជាលទ្ធផល គាត់អាចយល់អំពី«ទទឹង បណ្ដោយ កម្ពស់ និងជម្រៅ»នៃជំនឿរបស់គ្រិស្តសាសនិកបានច្បាស់ជាងពេលគាត់នៅជាក្មេងតូច។ (អេភេសូរ ៣:១៨) ឥឡូវនេះគឺជាពេលសំខាន់ជាងមុនទៅទៀតដើម្បីជួយកូនជំទង់របស់អ្នកឲ្យយល់អំពីមូលហេតុដែលគាត់ជឿដើម្បីគាត់អាចពង្រឹងជំនឿរបស់គាត់។—សុភាសិត ១៤:១៥; សកម្មភាព ១៧:១១
សូមសាកល្បងវិធីនេះ: ពិភាក្សាជាមួយកូនជំទង់របស់អ្នកម្ដងទៀតអំពីសេចក្ដីបង្រៀនជាមូលដ្ឋាន ដោយពិនិត្យសាឡើងវិញអំពីប្រធានដែលអ្នកនិងគាត់ប្រហែលជាគិតថាបានជឿរួចហើយ។ ជាឧទាហរណ៍ សូមឲ្យគាត់គិតអំពីសំណួរដូចជា: ‹តើអ្វីដែលធ្វើឲ្យខ្ញុំជឿថាមានព្រះ? តើមានភស្តុតាងអ្វីដែលខ្ញុំឃើញថាព្រះយកចិត្តទុកដាក់ចំពោះខ្ញុំ? ហេតុអ្វីខ្ញុំគិតថាការធ្វើតាមច្បាប់របស់ព្រះតែងតែនាំឲ្យខ្ញុំទទួលប្រយោជន៍ច្រើនបំផុត?›។ ចូរប្រយ័ត្នកុំបង្ខំកូនជំទង់របស់អ្នកឲ្យមានទស្សនៈដូចអ្នក។ ផ្ទុយទៅវិញ សូមជួយគាត់ឲ្យពង្រឹងជំនឿដោយខ្លួនគាត់។ បើធ្វើដូច្នេះគាត់នឹងស្រួលជាងក្នុងការពង្រឹងជំនឿរបស់គាត់។
«បានត្រូវនាំឲ្យជឿជាក់»
គម្ពីរបានរៀបរាប់អំពីក្មេងប្រុសធីម៉ូថេដែល‹តាំងពីទារក›គាត់បានស្គាល់អំពីឯកសារបរិសុទ្ធនានា។ ក៏ប៉ុន្តែ សាវ័កប៉ូលបានលើកទឹកចិត្តធីម៉ូថេថា៖ «ចូរបន្តប្រព្រឹត្តតាមអ្វីៗដែលអ្នកបានរៀន និងដែលបានត្រូវនាំឲ្យជឿជាក់»។ (ធីម៉ូថេទី២ ៣:១៤, ១៥) ដូចធីម៉ូថេដែរ កូនជំទង់របស់អ្នកប្រហែលជាបានទទួលការអប់រំអំពីខ្នាតតម្រាក្នុងគម្ពីរតាំងពីកំណើតមក។ ប៉ុន្តែ ឥឡូវអ្នកត្រូវនាំឲ្យគាត់ជឿជាក់។
សៀវភៅមួយបានរៀបរាប់ថា៖ «កាលកូនរស់នៅជាមួយអ្នក អ្នកមានសិទ្ធិតម្រូវឲ្យគាត់ធ្វើតាមជំនឿសាសនារបស់អ្នក។ ក៏ប៉ុន្តែ នៅទីបំផុត គោលដៅរបស់អ្នកគឺចង់ឲ្យកូនជំទង់របស់អ្នកមានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា មិនមែនធ្វើតាមអ្នកដោយគ្មានការពិចារណានោះទេ»។ (Questions Young People Ask—Answers That Work, Volume 1) ដោយចាំអំពីគោលដៅនោះ អ្នកអាចជួយកូនជំទង់របស់អ្នកឲ្យមាន«ជំនឿមាំមួន» ដើម្បីឲ្យគាត់មានរបៀបរស់នៅស្របតាមជំនឿរបស់គាត់ មិនមែនរបស់អ្នកនោះទេ។—ពេត្រុសទី១ ៥:៩
^ វគ្គ 4 ឈ្មោះក្នុងអត្ថបទនេះបានត្រូវផ្លាស់ប្ដូរ។
^ វគ្គ 5 ដើម្បីស្រួលយល់ ក្នុងអត្ថបទនេះយើងចាត់ទុកក្មេងជំទង់ថាជាក្មេងប្រុស។ ក៏ប៉ុន្តែ គោលការណ៍នេះមានប្រយោជន៍ចំពោះក្មេងទាំងពីរភេទ។
សូមសួរខ្លួនអ្នកថា . . .
-
តើខ្ញុំធ្វើយ៉ាងណាពេលដែលកូនជំទង់របស់ខ្ញុំចាប់ផ្ដើមសង្ស័យអំពីសាសនាដែលខ្ញុំបានបង្រៀនគាត់?
-
តើតាមរបៀបណាដែលខ្ញុំអាចប្រើព័ត៌មាននៅក្នុងអត្ថបទនេះដើម្បីជួយខ្ញុំឲ្យមានប្រតិកម្មល្អជាង?