លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើការដឹងចម្លើយសំខាន់ឬទេ?

តើការដឹងចម្លើយសំខាន់ឬទេ?

តើ​ការ​ដឹង​ចម្លើយ​សំខាន់​ឬ​ទេ?

​«​អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរីភាព​»។—យ៉ូហាន ៨:៣២

​គម្ពីរ​ប្រាប់​អំពី​សេចក្ដី​ពិត​ដែល​ជួយ​យើង​ឲ្យ​រួច​ផុត​ពី​សេចក្ដី​បង្រៀន​ដែល​ពិបាក​យល់ ឬ​នាំ​ឲ្យ​ភាន់​ច្រឡំ​អំពី​លោក​យេស៊ូ។ ក៏​ប៉ុន្តែ តើ​អ្វី​ដែល​យើង​ជឿ​អំពី​លោក​យេស៊ូ​ជា​ការ​សំខាន់​ឬ​ទេ? ពិត​ជា​សំខាន់​មែន។ គឺ​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា សំខាន់​ចំពោះ​លោក​យេស៊ូ ហើយ​នេះ​ក៏​គួរតែ​សំខាន់​ចំពោះ​យើង​ដែរ។

ហេតុ​អ្វី​នេះ​គឺ​សំខាន់​សម្រាប់​ព្រះ​យេហូវ៉ា? បើ​និយាយ​ឲ្យ​ស្រួល​យល់​ទៅ ដោយ​សារ​«​ព្រះ​គឺជា​សេចក្ដី​ស្រឡាញ់​»។ (​យ៉ូហានទី១ ៤:៨​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​រស់​ជា​រៀង​រហូត​ដោយ​មាន​ជីវិត​សប្បាយ​រីករាយ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ព្រះ​ស្រឡាញ់​ពិភព​លោក[​មនុស្ស​ជាតិ​]ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​យ៉ូហាន ៣:១៦​) ព្រះ​បាន​ចាត់​ឲ្យ​បុត្រ​របស់​លោក​ដើម្បី​ជួយ​លោះ​យើង​ពី​ភាព​ខុស​ឆ្គង ហើយ​បើក​ឱកាស​ឲ្យ​យើង​រស់​ជា​រៀង​រហូត​នៅ​លើ​ផែនដី​ជា​សួន​ឧទ្យាន ស្រប​តាម​គោល​បំណង​ដើម​របស់​លោក។ (​លោកុប្បត្តិ ១:២៨​) ព្រះ​ចង់​ផ្ដល់​ឲ្យ​យ៉ាង​ខ្លាំង​នូវ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដែល​ជា​អំណោយ​មួយ​ដល់​អ្នក​ដែល​រៀន​សេចក្ដី​ពិត​អំពី​បុត្រ​របស់​លោក ហើយ​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​បាន​រៀន​នោះ។—រ៉ូម ៦:២៣

ហេតុ​អ្វី​នេះ​គឺ​សំខាន់​សម្រាប់​លោក​យេស៊ូ? លោក​យេស៊ូ​ក៏​ស្រឡាញ់​មនុស្ស​ជាតិ​ដែរ។ លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​រហូត​ដល់​លះ​បង់​ប្រយោជន៍​ខ្លួន​ដោយ​បូជា​ជីវិត​ដើម្បី​យើង​ទាំង​អស់​គ្នា។ (​យ៉ូហាន ១៥:១៣​) លោក​បាន​ដឹង​ថា ការ​លះ​បង់​ជីវិត​របស់​លោក​គឺជា​វិធី​តែ​មួយ​គត់​ដែល​នាំ​ទៅ​ដល់​សេចក្ដី​សង្គ្រោះ។ (​យ៉ូហាន ១៤:៦​) ជា​ការ​សម​ហេតុ​ផល​ដែល​លោក​យេស៊ូ​ចង់​ឲ្យ​មនុស្ស​ច្រើន​បំផុត​ទទួល​ប្រយោជន៍​ពី​គ្រឿង​បូជា​លោះ​នោះ មែន​ទេ? នោះ​គឺ​ជា​មូលហេតុ​ដែល​លោក​បាន​បង្គាប់​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក​ឲ្យ​ទៅ​បង្រៀន​មនុស្ស​នៅ​ទូ​ទាំង​ផែនដី​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ។—ម៉ាថាយ ២៤:​១៤; ២៨:១៩, ២០

ហេតុ​អ្វី​នេះ​គួរតែ​សំខាន់​ចំពោះ​យើង? សូម​គិត​អំពី​អ្វី​ៗ​ដែល​មាន​តម្លៃ​ចំពោះ​លោក​អ្នក ដូច​ជា​ក្រុម​គ្រួសារ និង​សុខភាព​របស់​លោក​អ្នក​ជា​ដើម។ តើ​លោក​អ្នក​ចង់​មាន​សុខភាព​ល្អ​ឬ​ទេ? តើ​លោក​អ្នក​ចង់​ឲ្យ​ខ្លួន​លោក​អ្នក​និង​មនុស្ស​ជា​ទី​ស្រឡាញ់​មាន​ជីវិត​ដែល​ប្រសើរ​ជាង​ឬ​ទេ? តាម​រយៈ​លោក​យេស៊ូ ព្រះ​យេហូវ៉ា​ផ្ដល់​ឱកាស​ឲ្យ​លោក​អ្នក​និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​លោក​អ្នក​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ និង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ក្នុង​ពិភព​លោក​ថ្មី​ដែល​គ្មាន​ការ​ឈឺ​ចាប់​និង​ទុក្ខវេទនា។ (​ទំនុក​តម្កើង ៣៧:១១, ២៩; ការ​បើក​បង្ហាញ ២១:៣, ៤​) តើ​អ្នក​ចង់​រស់​នៅ​ក្នុង​ពិភព​លោក​បែប​នោះ​ឬ​ទេ? បើ​ចង់ មាន​អ្វី​មួយ​ដែល​អ្នក​ត្រូវ​ធ្វើ។

សូម​មើល​ម្ដង​ទៀត​នូវ​បទ​គម្ពីរ​ដែល​បាន​ដក​ស្រង់​ក្រោម​ចំណង​ជើង ដែល​ចែង​ថា ​«​អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរីភាព​»។ សេចក្ដី​ពិត​អំពី​លោក​យេស៊ូ​និង​តួនាទី​របស់​លោក​ក្នុង​ការ​សម្រេច​បំណង​ប្រាថ្នា​របស់​ព្រះ​អាច​រំដោះ​យើង​ឲ្យ​រួច​ពី​អ្វី​ដែល​អាក្រក់​បំផុត ពោល​គឺ​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ប៉ុន្តែ ដើម្បី​ទទួល​បាន​នូវ​ការ​រំដោះ​នោះ លោក​អ្នក​ត្រូវ​តែ​«​ស្គាល់​សេចក្ដី​ពិត​»។ យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​រៀន​ថែម​ទៀត​អំពី​សេចក្ដី​ពិត​នេះ ហើយ​អំពី​របៀប​ដែល​លោក​អ្នក​និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​លោក​អ្នក​អាច​ទទួល​ប្រយោជន៍​ពី​សេចក្ដី​ពិត​នោះ។ សាក្សី​ព្រះ​យេហូវ៉ា​នឹង​ពេញ​ចិត្ត​ជួយ​លោក​អ្នក។