លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើការទាក់ទងនឹងពួកវិញ្ញាណខុសឬទេ?

តើការទាក់ទងនឹងពួកវិញ្ញាណខុសឬទេ?

តើ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​ខុស​ឬ​ទេ?

តាំង​ពី​ក្មេង​មក នាង​បាបារ៉ា * មាន​ភ្នែក​ទិព្វ ឮ​សំឡេង​ពួក​វិញ្ញាណ ហើយ​គាត់​ជឿ​ជាក់​ថា គាត់​អាច​ទាក់​ទង​ជា​មួយ​នឹង​សាច់​ញាតិ​ដែល​បាន​ស្លាប់។ នាង​និង​ប្ដី​ឈ្មោះ​យ៉ូអាគីម បាន​អាន​សៀវភៅ​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ ហើយ​ពួក​គេ​ក៏​បាន​ក្លាយ​ទៅ​ជា​គ្រូ​ទាយ​សន្លឹក​បៀ​ឆុត។ សន្លឹក​បៀ​ទាំង​នេះ​ទាយ​ថា ពួក​គេ​នឹង​ទទួល​បាន​លុយ​យ៉ាង​ច្រើន ហើយ​នេះ​បាន​កើត​ឡើង​មែន​ពេល​ពួក​គេ​ធ្វើ​ជំនួញ។ នៅ​ថ្ងៃ​មួយ គាត់​ទាយ​សន្លឹក​បៀ​នោះ​ឃើញ​ថា នឹង​មាន​មនុស្ស​ដែល​បង្ក​គ្រោះ​ថ្នាក់​មក​លេង​ផ្ទះ​របស់​ពួក​គេ ហើយ​បៀ​នោះ​បាន​ប្រាប់​អំពី​វិធី​ដែល​ពួក​គេ​គួរ​ការពារ​ខ្លួន។

ទោះ​ជា​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​មើល​ទៅ​ដូច​ជា​ហួស​សម័យ​ក៏​ដោយ តែ​មនុស្ស​ជា​ច្រើន​នៅ​គ្រប់​កន្លែង​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​វត្ថុ​ស័ក្ដិសិទ្ធិ​និង​អំណាច​អធិធម្មជាតិ។ មនុស្ស​ទូ​ទាំង​ពិភព​លោក​ពាក់​វត្ថុ​ស័ក្ដិសិទ្ធិ និង​ទៅ​រក​គ្រូ​ខាប​ព្រលឹង​ដើម្បី​ប្រាប់​អំពី​ជោគវាសនា​របស់​ពួក​គេ ឬ​ដើម្បី​ការពារ​ពួក​គេ​ពី​រឿង​អាក្រក់។ ក្នុង​អត្ថបទ​មួយ​នៃ​ទស្សនាវដ្ដី​របស់​អាឡឺម៉ង់​បាន​បញ្ជាក់​នូវ​ចំណុច​សំខាន់​មួយ​ថា ​«​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​ដើម​ហេតុ​ដែល​ទាក់​ទាញ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ទៅ​លើ​រឿង​អាប​ធ្មប់​»​ (​“Laptop and Lucifer,” the German magazine Focus​)។

តើ​លោក​អ្នក​ដឹង​ទេ​ថា គម្ពីរ​រៀប​រាប់​អំពី​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ? អ្វី​ដែល​គម្ពីរ​រៀប​រាប់​អំពី​រឿង​នេះ​ប្រហែលជា​ធ្វើ​ឲ្យ​លោក​អ្នក​ភ្ញាក់​ផ្អើល។

អ្វី​ដែល​គម្ពីរ​រៀប​រាប់​អំពី​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ

ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ដល់​រាស្ត្រ​របស់​លោក​នៅ​ស្រុក​អ៊ីស្រាអែល​ពី​បុរាណ​បាន​បញ្ជាក់​ថា​៖ ​«​នៅ​ក្នុង​ពួក​ឯង មិន​ត្រូវ​ឲ្យ​ឃើញ​មាន​អ្នក​ណា​មួយ ដែល​ធ្វើ​[​ជា​] . . . គ្រូ​ទាយ គ្រូ​គន់​គូរ​នក្ខត្តឫក្ស គ្រូ​អង្គុយ​ធម៌ គ្រូ​អាប​ធ្មប់ គ្រូ​សន្ធាប់ គ្រូ​ខាប គ្រូ​គាថា ឬ​គ្រូ​អន្ទង​ខ្មោច​ណា​ឡើយ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ការ​ទាំង​នោះ ជា​ទី​ស្អប់ខ្ពើម​ដល់​ព្រះ​យេហូវ៉ា​ណាស់​»។ (​ចោទិយកថា ១៨:១០​-​១២​) ហេតុ​អ្វី​បាន​ជា​ច្បាប់​របស់​ព្រះ​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ?

ដូច​បទ​ពិសោធន៍​ដែល​យើង​បាន​រៀប​រាប់​ខាង​លើ មនុស្ស​ជា​ច្រើន​ជឿ​ថា មនុស្ស​រស់​អាច​ទាក់​ទង​នឹង​មនុស្ស​ស្លាប់​បាន ហើយ​អាច​ទទួល​ព័ត៌មាន​ពី​ពួក​គេ។ ជំនឿ​បែប​នេះ មាន​ដើម​កំណើត​មក​ពី​អ្វី​ដែល​សាសនា​ជា​ច្រើន​បាន​បង្រៀន ពោល​គឺ​ពេល​ដែល​មនុស្ស​ស្លាប់​ទៅ ពួក​គេ​នៅ​តែ​រស់​ក្នុង​ពិភព​វិញ្ញាណ។ ក៏​ប៉ុន្តែ ផ្ទុយ​ទៅ​នឹង​សេចក្ដី​បង្រៀន​នេះ គម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​៖ ​«​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ​»។ (​សាស្ដា ៩:៥​) គម្ពីរ​រៀប​រាប់​ថា មនុស្ស​ដែល​ស្លាប់​ប្រៀប​ដូច​ជា​អ្នក​ដែល​កំពុង​ដេក​លក់​យ៉ាង​ស៊ប់ ដោយ​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​នៅ​ជុំ​វិញ​ពួក​គេ​ទេ។ * (​ម៉ាថាយ ៩:១៨, ២៤; យ៉ូហាន ១១:១១​-​១៤​) បើ​ដូច្នេះ លោក​អ្នក​ប្រហែលជា​ឆ្ងល់​ថា តើ​យើង​អាច​ពន្យល់​យ៉ាង​ណា​អំពី​មនុស្ស​ដែល​ធ្លាប់​ទាក់​ទង​នឹង​ពួក​វិញ្ញាណ? តាម​ពិត តើ​ពួក​គេ​បាន​ទាក់​ទង​ជា​មួយ​នឹង​អ្នក​ណា?

ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ

កំណត់​ហេតុ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​បង្ហាញ​ថា ពេល​ដែល​លោក​យេស៊ូ​នៅ​ផែនដី លោក​ធ្លាប់​និយាយ​ជា​មួយ​នឹង​ពួក​វិញ្ញាណ។ ក្នុង​គម្ពីរ​នៅ​សៀវភៅ​ម៉ាកុស ១:២៣, ២៤ បាន​ចែង​ថា​៖ ​«​វិញ្ញាណ​អសោច​មួយ​»​បាន​ប្រាប់​លោក​យេស៊ូ​ថា​៖ ​«​ខ្ញុំ​ដឹង​ច្បាស់​ថា​អ្នក​ជា​អ្នក​ណា​»។ ពួក​វិញ្ញាណ​ក៏​ច្បាស់​ជា​ដឹង​ថា​លោក​អ្នក​ជា​អ្នក​ណា​ដែរ។ ក៏​ប៉ុន្តែ ចុះ​លោក​អ្នក​វិញ តើ​លោក​អ្នក​ដឹង​ថា​ពួក​វិញ្ញាណ​ជា​អ្នក​ណា?

មុន​ដែល​ព្រះ​បាន​បង្កើត​មនុស្ស​ជាតិ លោក​បាន​បង្កើត​ទេវតា​ជា​ច្រើន គឺ​បុគ្គល​វិញ្ញាណ​ដែល​ជា​កូន​របស់​លោក។ (​យ៉ូប ៣៨:៤​-​៧​) ពួក​ទេវតា​ជា​ជីវិត​មួយ​ប្រភេទ​ដែល​ខ្ពង់​ខ្ពស់​ជាង​មនុស្ស។ (​ហេប្រឺ ២:៦, ៧​) ពួក​គេ​មាន​ឫទ្ធានុភាព​ខ្លាំងក្លា និង​វាង​វៃ​ណាស់ ហើយ​ពួក​គេ​បាន​ត្រូវ​បង្កើត​មក​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ អ្នក​តែង​បទ​ទំនុកតម្កើង​បាន​ច្រៀង​ថា​៖ ​«​ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា អស់​ពួក​ទេវតា​របស់​ទ្រង់​អើយ ជា​អ្នក​ដែល​មាន​ឥទ្ធិ​ឫទ្ធិ​ខ្លាំង ហើយ​ក៏​ប្រតិបត្ដិ​តាម​បង្គាប់​ទ្រង់​»។—ទំនុកតម្កើង ១០៣:២០

គម្ពីរ​រៀប​រាប់​ថា ក្រោយ​មក​ពួក​ទេវតា​ខ្លះ​ចាប់​ផ្ដើម​ទាក់​ទង​ជា​មួយ​មនុស្ស​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ព្រះ។ តើ​ពួក​គេ​មាន​គោល​បំណង​អ្វី? ទេវតា​ដែល​បាន​ធ្វើ​ដូច្នេះ​មុន​គេ​បង្អស់ បាន​បោក​បញ្ឆោត​បុរស​និង​ស្ត្រី​ដំបូង​ឈ្មោះ​អាដាម​និង​អេវ៉ា ដើម្បី​នាំ​ពួក​គេ​ឲ្យ​លែង​ស្ដាប់​តាម​ព្រះ​ដែល​ជា​អ្នក​បង្កើត​ពួក​គេ។ ពេល​វា​ធ្វើ​ដូច្នេះ វា​បាន​ធ្វើ​ឲ្យ​ខ្លួន​វា​ក្លាយ​ទៅ​ជា​មេកំណាច​សាថាន ដែល​ជា​អ្នក​បង្កាច់​បង្ខូច​និង​ជា​អ្នក​ប្រឆាំង​ព្រះ។—លោកុប្បត្តិ ៣:១​-​៦

ក្រោយ​មក ទេវតា​ផ្សេង​ទៀត​«​បាន​បោះបង់​ចោល​សភាព​ដើម និង​ស្ថាន​ដែល​ខ្លួន​ត្រូវ​នៅ​»​ក្នុង​ស្ថាន​សួគ៌​ដោយ​កាឡា​ខ្លួន​ជា​មនុស្ស ហើយ​ចាប់​ផ្ដើម​រស់​នៅ​ជា​មួយ​នឹង​ស្ត្រី​ស្អាត​ៗ​នៅ​ផែនដី។ (​យូដាស ៦; លោកុប្បត្តិ ៦:១, ២​) ទេវតា​អាក្រក់​ទាំង​នោះ​និង​កូន​ៗ​របស់​ពួក​វា​ដែល​ជា​កូន​កាត់​ទេវតា​និង​មនុស្ស​បាន​ធ្វើ​បាប​មនុស្ស​ជាតិ​ឲ្យ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង រហូត​ដល់​ផែនដី​បាន​«​ពោរ​ពេញ​ដោយ​អំពើ​ឃោរឃៅ​»។ អ្នក​ប្រហែលជា​ធ្លាប់​ដឹង​អំពី​កំណត់​ហេតុ​ក្នុង​គម្ពីរ​ស្តី​អំពី​ទឹក​ជំនន់​ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​មាន​នៅ​សម័យ​ណូអេ​ដើម្បី​បំផ្លាញ​ជំនាន់​មនុស្ស​ដ៏​អាក្រក់​ឃោរឃៅ​ទាំង​នោះ។—កំណើត​ពិភព​លោក [លោកុប្បត្តិ​] ៦:៣, ៤, ១១​-​១៣, ខ.ស.

ទឹក​ជំនន់​បាន​ធ្វើ​ឲ្យ​ពួក​ទេវតា​អាក្រក់​បោះបង់​ចោល​រូប​កាយ​ជា​មនុស្ស ហើយ​ត្រឡប់​ទៅ​ស្ថាន​របស់​ពួក​វា​វិញ។ ប៉ុន្តែ​ព្រះ​ដែល​ជា​អ្នក​បង្កើត​មិន​អនុញ្ញាត​ឲ្យ​ពួក​វា​ត្រឡប់​ទៅ​«​ស្ថាន​ដែល​ខ្លួន​ត្រូវ​នៅ​»​វិញ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​វា​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ប្រៀប​ដូច​ជា​«​រណ្ដៅ​ដែល​មាន​ភាព​ងងឹត​សូន្យសុង​»។ (​ពេត្រុសទី២ ២:៤, ៥​) គម្ពីរ​ហៅ​ពួក​ទេវតា​ដែល​បះបោរ​ទាំង​នេះ​ថា​ជា​«​ពួក​វិញ្ញាណ​កំណាច​»។ (​យ៉ាកុប ២:១៩​) ពេល​មនុស្ស​ទាក់​ទង​នឹង​ពួក​វិញ្ញាណ គឺ​ពួក​គេ​កំពុង​ទាក់​ទង​នឹង​វិញ្ញាណ​កំណាច​ទាំង​នេះ។

អ្វី​ដែល​ពួក​វិញ្ញាណ​កំណាច​ចង់​បាន

គោលដៅ​ទី​១​របស់​ពួក​វិញ្ញាណ​អាក្រក់​ក្នុង​ការ​ទាក់​ទង​ជា​មួយ​មនុស្ស គឺ​ដើម្បី​បង្វែរ​ពួក​គេ​ចេញ​ពី​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត។ មនុស្ស​ជា​ច្រើន​ដែល​ទាក់​ទង​ពួក​វិញ្ញាណ​អះអាង​ថា​ពួក​គេ​មាន​អំណាច​ឬ​សមត្ថភាព​ពិសេស ប៉ុន្តែ​តាម​ពិត​នេះ​គ្រាន់តែ​ជា​វិធី​មួយ​ដែល​ពួក​វិញ្ញាណ​អាក្រក់​បំបែរ​អារម្មណ៍​មនុស្ស​ចេញ​ពី​ការ​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ និង​រារាំង​ពួក​គេ​ពី​ការ​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​នឹង​លោក​ប៉ុណ្ណោះ។

គោលដៅ​ទី​២​របស់​ពួក​វិញ្ញាណ​កំណាច​បាន​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ដោយ​ពិចារណា​អំពី​អ្វី​ដែល​សាថាន​បាន​ប៉ុនប៉ង​ធ្វើ​ចំពោះ​លោក​យេស៊ូ។ សាថាន​បាន​ស្នើ​ឲ្យ​លោក​យេស៊ូ​នូវ​«​រាជាណាចក្រ​ទាំង​ឡាយ​ក្នុង​ពិភព​លោក​និង​ភាព​រុងរឿង​របស់​រាជាណាចក្រ​ទាំង​នោះ​»។ តើ​សាថាន​ចង់​បាន​អ្វី​ពី​លោក​យេស៊ូ​វិញ? វា​បាន​ជំរុញ​លោក​ថា​៖ ​«​ក្រាប​ប្រណិប័តន៍​ខ្ញុំ​ម្ដង​»។ ប្រាកដ​ហើយ សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ចង់​បាន​ការ​គោរព​ប្រណិប័តន៍។ ប៉ុន្តែ លោក​យេស៊ូ​មិន​ព្រម​ឈប់​គោរព​ប្រណិប័តន៍​ព្រះ​ពិត​ទេ។—ម៉ាថាយ ៤:៨​-​១០

សព្វ​ថ្ងៃ​នេះ ពួក​វិញ្ញាណ​អាក្រក់​កម្រ​ទាក់​ទង​មនុស្ស​ដោយ​ផ្ទាល់ ហើយ​ស្នើ​ផ្ដល់​អ្វី​ដូច​ក្នុង​ករណី​លោក​យេស៊ូ​ណាស់។ ប៉ុន្តែ ពួក​វា​ព្យាយាម​ដាក់​អន្ទាក់​ដល់​មនុស្ស​តាម​រយៈ ការ​ទាយ​សន្លឹក​បៀ ទាយ​បាត​ដៃ មើល​ហោរាសាស្ត្រ​ប្រចាំ​ថ្ងៃ និង​មើល​ប្រផ្នូល​ជា​ដើម។ ពួក​វា​ធ្វើ​ឲ្យ​មនុស្ស​គិត​ថា​ការ​លេង​ឬ​ធ្វើ​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ​នោះ​មិន​អាច​ធ្វើ​ទុក្ខ​ឬ​ធ្វើ​ឲ្យ​ពួក​គេ​មាន​គ្រោះ​ថ្នាក់​ទេ។ សូម​កុំ​ចាញ់​បញ្ឆោត​ពួក​វា​ដោយ​ប្រព្រឹត្ត​អំពើ​បែប​នេះ​ឡើយ! ដោយ​សារ​ការ​ប្រព្រឹត្ត​ទាំង​នេះ​មិន​មែន​ជា​ការ​ប្រើ​កម្លាំង​ធម្មជាតិ​ដើម្បី​ទាក់​ទង​ជា​មួយ​នឹង​អ្វី​ដែល​អាថ៌​កំបាំង​ទេ។ ពួក​វិញ្ញាណ​អាក្រក់​ធ្វើ​ឲ្យ​មនុស្ស​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ប្រព្រឹត្ត​បែប​នោះ​ដើម្បី​ដាក់​អន្ទាក់​និង​បំភាន់​មនុស្ស​ដោយ​មាន​គោល​បំណង​បង្វែរ​ពួក​គេ​ពី​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​បើ​វា​មិន​អាច​សម្រេច​ដូច​បំណង​នោះ​ពួក​វា​ច្រើន​តែ​ធ្វើ​បាប​អ្នក​ដែល​ធ្លាក់​ចូល​អន្ទាក់​របស់​ពួក​វា​ឲ្យ​រង​ទុក្ខវេទនា​យ៉ាង​ខ្លាំង។ បើ​លោក​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​មែន តើ​លោក​អ្នក​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​រួច​ផុត​ពី​ឥទ្ធិពល​របស់​ពួក​វា?

វិធី​រំដោះ​ខ្លួន​ ចេញ​ពី​ឥទ្ធិពល​របស់​ពួក​វិញ្ញាណ​អាក្រក់

សូម​ចាំ​ឲ្យ​ច្បាស់​ថា ពួក​វិញ្ញាណ​អាក្រក់​ដែល​ទាក់​ទង​ជា​មួយ​មនុស្ស​គឺជា​សត្រូវ​របស់​ព្រះ ពួក​វា​នឹង​ត្រូវ​បំផ្លាញ​ចោល។ (​យូដាស ៦​) ពួក​វា​ជា​អ្នក​បោកប្រាស់ និង​ជា​អ្នក​ភូតភរ ដែល​ធ្វើ​ពុត​ជា​មនុស្ស​ស្លាប់។ បើ​លោក​អ្នក​ដឹង​ថា​ជន​បោកប្រាស់​ម្នាក់​បាន បន្លំ​ខ្លួន​ធ្វើ​ជា​មិត្ត​ភក្ដិ​របស់​លោក​អ្នក ដោយ​ចង់​ធ្វើ​ឲ្យ​លោក​អ្នក​ខាត​បង់​ប្រយោជន៍ តើ​លោក​អ្នក​នឹង​ធ្វើ​យ៉ាង​ណា? ចុះ​បើ​លោក​អ្នក​បាន​ដឹង​ថា តាម​ប្រព័ន្ធ​អ៊ីនធឺណិត លោក​អ្នក​បាន​ទាក់​ទង​ដោយ​មិន​ដឹង​ខ្លួន​ជា​មួយ​នឹង​បុគ្គល​ម្នាក់​ដែល​មាន​បំណង​ចង់​កេង​ចំណេញ​ខាង​ផ្លូវ​ភេទ​ពី​លោក​អ្នក តើ​លោក​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា? ប៉ុន្តែ ការ​ទាក់​ទង​ជា​មួយ​នឹង​ពួក​វិញ្ញាណ​កំណាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​នោះ​ឆ្ងាយ​ណាស់។ លោក​អ្នក​ត្រូវ​ខំ​អស់ពី​សមត្ថភាព​ដើម្បី​កាត់​ផ្ដាច់​រាល់​ទំនាក់​ទំនង​ទាំង​អស់​ដែល​លោក​អ្នក​មាន​ជា​មួយ​នឹង​ពួក​វិញ្ញាណ​កំណាច។ តើ​លោក​អ្នក​អាច​ធ្វើ​យ៉ាង​ណា?

ក្រោយ​ពី​យល់​ដឹង​នូវ​អ្វី​ដែល​គម្ពីរ​រៀប​រាប់​អំពី​ពួក​វិញ្ញាណ​អាក្រក់​ហើយ នោះ​អ្នក​ក្រុង​អេភេសូរ​ពី​បុរាណ​បាន​យល់​ឃើញ​ថា ពួក​គេ​មាន​ទម្លាប់​ខ្លះ​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ ហើយ​ពួក​គេ​ត្រូវ​បំផ្លាញ​ចោល​សៀវភៅ​ដែល​ទាក់​ទង​នឹង​វេទមន្ត ទោះ​បី​ជា​សៀវភៅ​ទាំង​នោះ​មាន​តម្លៃ​ថ្លៃ​ក៏​ដោយ។ ពួក​គេ​បាន​«​ដុត​ចោល​នៅ​មុខ​គេ​ទាំង​អស់​គ្នា​»។ (​សកម្មភាព ១៩:១៩, ២០​) សព្វ​ថ្ងៃ​នេះ វត្ថុ​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ មិន​គ្រាន់តែ​រួម​បញ្ចូល​សៀវភៅ ខ្សែ​គាថា យ័ន្ត និង​អ្វី​ៗ​ដែល​ស្រដៀង​នឹង​វត្ថុ​ទាំង​នោះ​ប៉ុណ្ណោះ​ទេ តែ​នោះ​ក៏​រួម​បញ្ចូល​អ្វី​ៗ​ដែល​យើង​មើល ដូច​ជា​ហ្គេម​កុំព្យូទ័រ ភាពយន្ត និង​ប្រព័ន្ធ​អ៊ីនធឺណិត​ដែរ។ ចូរ​ជៀស​ចេញ​ពី​អ្វី​ៗ​ដែល​ទំនង​ជា​ធ្វើ​ឲ្យ​លោក​អ្នក​អាច​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់។

សូម​គិត​អំពី​ប្ដី​ប្រពន្ធ​ដែល​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ។ តាម​រយៈ​សន្លឹក​បៀ​នោះ​ពួក​គេ​បាន​សន្និដ្ឋាន​ថា មាន​មនុស្ស​ដែល​បង្ក​គ្រោះ​ថ្នាក់​នឹង​មក​លេង​ផ្ទះ​របស់​ពួក​គេ ហើយ​បៀ​នោះ​ប្រាប់​ពួក​គេ​កុំ​ឲ្យ​ស្ដាប់​និង​ទទួល​របស់​អ្វី​ពី​មនុស្ស​ទាំង​នោះ។ ក៏​ប៉ុន្តែ ពេល​កាននី និង​ហ្គុតរុន ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​ពីរ​រូប​បាន​មក​មុខ​ទ្វារ​ផ្ទះ​របស់​ពួក​គេ​ដោយ​និយាយ​ថា ពួក​គេ​មាន​ដំណឹង​ល្អ​អំពី​ព្រះ នោះ​យ៉ូអាគីម​និង​បាបារ៉ា​បាន​សម្រេច​ចិត្ត​ស្ដាប់។ ពួក​គេ​បាន​សន្ទនា​អំពី​រឿង​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ ហើយ​កាននី និង​ហ្គុតរុន​បាន​ប្រាប់​ពួក​គេ​នូវ​ព័ត៌មាន​ត្រឹម​ត្រូវ​ដែល​មក​ពី​គម្ពីរ។ ពួក​គេ​ក៏​ចាប់​ផ្ដើម​ពិភាក្សា​គ្នា​ពី​គម្ពីរ​យ៉ាង​ទៀត​ទាត់។

មិន​យូរ​ក្រោយ​មក យ៉ូអាគីម​និង​បាបារ៉ា​បាន​សម្រេច​ចិត្ត​កាត់​ផ្ដាច់​ទំនាក់​ទំនង​ទាំង​អស់​ដែល​ពួក​គេ​មាន​ជា​មួយ​នឹង​ពួក​វិញ្ញាណ​កំណាច។ សាក្សី​ព្រះ​យេហូវ៉ា​ទាំង​ពីរ​នាក់​នោះ​បាន​ប្រាប់​ពួក​គេ​ថា ពួក​វិញ្ញាណ​អាក្រក់​នឹង​ទំនង​ជា​មិន​សប្បាយ​ចិត្ត​អំពី​រឿង​នេះ​ទេ។ យ៉ូអាគីម​និង​បាបារ៉ា​ពិត​ជា​បាន​ឆ្លង​កាត់​គ្រា​ដ៏​ពិបាក ហើយ​ពួក​គាត់​ក៏​ត្រូវ​ពួក​វិញ្ញាណ​កំណាច​ធ្វើ​បាប​តាម​របៀប​ដែល​គួរ​ឲ្យ​ខ្លាច​ដែរ។ អស់​មួយ​រយៈ​ពេល ពួក​គេ​បាន​ភ័យ​ខ្លាច​រាល់​យប់ ប៉ុន្តែ​ពេល​ពួក​គេ​រើ​ទៅ​នៅ​ផ្ទះ​ផ្សេង​ទៀត នោះ​ពួក​គេ​បាន​ធូរ​ស្បើយ​ខ្លះ។ ក្នុង​អំឡុង​ពេល​ដែល​មាន​រឿង​នេះ​កើត​ឡើង ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បាន​ពង្រឹង​ទំនុក​ចិត្ត​របស់​ខ្លួន​ទៅ​លើ​បណ្ដាំ​របស់​ព្រះ​ក្នុង​សៀវភៅ​ភីលីព ៤:១៣ ដែល​ចែង​ថា​៖ ​«​ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​»។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ពរ​ដល់​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ ហើយ​នៅ​ទី​បំផុត​ពួក​វិញ្ញាណ​អាក្រក់​លែង​ធ្វើ​ទុក្ខ​ពួក​គេ​ទៀត។ សព្វ​ថ្ងៃ​នេះ យ៉ូអាគីម​និង​បាបារ៉ា​មាន​ចិត្ត​សប្បាយ​រីករាយ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត។

បទ​គម្ពីរ​ដាស់​តឿន​អ្នក​ដែល​ចង់​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​ចូរ​ចុះ​ចូល​នឹង​ព្រះ តែ​ចូរ​តស៊ូ​នឹង​មេកំណាច រួច​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា។ ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ​»។ (​យ៉ាកុប ៤:៧, ៨​) បើ​លោក​អ្នក​ចង់ ព្រះ​យេហូវ៉ា​អាច​ជួយ​លោក​អ្នក ហើយ​លោក​ប្រាកដជា​នឹង​ជួយ​លោក​អ្នក​ឲ្យ​រួច​ផុត​ពី​ឥទ្ធិពល​របស់​ពួក​វិញ្ញាណ​កំណាច។ ពេល​យ៉ូអាគីម​និង​បាបារ៉ា​គិត​អំពី​រឿង​អតីតកាល​ដែល​ពួក​គេ​បាន​រួច​ផុត​ពី​ពួក​វិញ្ញាណ​អាក្រក់ នោះ​ពួក​គេ​យល់​ស្រប​ដោយ​អស់ពី​ដួង​ចិត្ត​នឹង​ពាក្យ​ដែល​បាន​សរសេរ​នៅ​ទំនុកតម្កើង ១២១:២ ដែល​ចែង​ថា​៖ ​«​សេចក្ដី​ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ​យេហូវ៉ា​ទេ​»។

[​កំណត់​សម្គាល់​]

^ វគ្គ 2 ឈ្មោះ​បាន​ត្រូវ​ប្ដូរ។

^ វគ្គ 7 សម្រាប់​ព័ត៌មាន​លម្អិត​ស្តី​អំពី​ស្ថានភាព​មនុស្ស​ស្លាប់ សូម​មើល​ជំពូក​ទី​៦ ដែល​មាន​ចំណង​ជើង​ថា ​«​តើ​មនុស្ស​ស្លាប់​ទៅ​ទី​ណា?​»​ ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បាន​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២៧​]

ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​រារាំង​មនុស្ស​ពី​ការ​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​នឹង​ព្រះ

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២៨​]

​«​ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ​»។—យ៉ាកុប ៤:៨