លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«សូមឲ្យយើងត្រឡប់មកវិញ»

«សូមឲ្យយើងត្រឡប់មកវិញ»

ចូរ​ចូល​ទៅ​ជិត​ព្រះ

«​សូម​ឲ្យ​យើង​ត្រឡប់​មក​វិញ​»​

កាល​ពី​មុន តើ​អ្នក​ធ្លាប់​បម្រើ​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​អ្នក​ធ្លាប់​គិត​ចង់​បម្រើ​លោក​ម្ដង​ទៀត ប៉ុន្តែ​មិន​ដឹង​ថា​លោក​នឹង​ទទួល​អ្នក​វិញ​ឬ​ទេ? សូម​អាន​អត្ថបទ​នេះ និង​អត្ថបទ​«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែប្រែ​ជីវិត​»​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ អត្ថបទ​ទាំង​ពីរ​នេះ​បាន​ត្រូវ​រៀបចំ​ឡើង​ជា​ពិសេស​សម្រាប់​អ្នក។

ស្ត្រី​ម្នាក់​ដែល​បាន​ធំ​ឡើង​ជា​គ្រិស្ត​សាសនិក តែ​បាន​បោះបង់​ចោល​ជំនឿ​នោះ បាន​ពោល​ថា​៖ ​«​ខ្ញុំ​បាន​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ខ្ញុំ​ត្រឡប់​មក​វិញ ហើយ​សុំ​លោក​លើក​លែង​ទោស​ឲ្យ​ខ្ញុំ ដោយ​សារ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​លោក​ឈឺ​ចិត្ត​»។ តើ​អ្នក​អាណិត​នាង​ឬ​ទេ? តើ​អ្នក​ឆ្ងល់​ទេ​ថា​‹ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​ធ្លាប់​បម្រើ​លោក​នោះ? តើ​លោក​នៅ​ចាំ​ពួក​គេ​ឬ​ទេ? តើ​លោក​ចង់​ឲ្យ​ពួក​គេ​«​ត្រឡប់​មក​វិញ​»​ឬ​យ៉ាង​ណា?›។ ដើម្បី​ឆ្លើយ​សំណួរ​ទាំង​អស់​នោះ សូម​ឲ្យ​យើង​ពិចារណា​ពាក្យ​ដែល​បាន​កត់​ទុក​ដោយ​យេរេមា។ ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ​ប្រាកដជា​នឹង​ធ្វើ​ឲ្យ​អ្នក​កក់​ក្ដៅ​ក្នុង​ចិត្ត​ណាស់។—សូម​អាន យេរេមា ៣១:១៨​-​២០

សូម​ពិចារណា​អំពី​មូលហេតុ​ដែល​យេរេមា​សរសេរ​ពាក្យ​ទាំង​នេះ។ រាប់​ទសវត្សរ៍​មុន​សម័យ​យេរេមា គឺ​ក្នុង​ឆ្នាំ​៧៤០ មុន​គ.ស. ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អាសស៊ើរ​វាយលុក​រាជាណាចក្រ​ដែល​មាន​កុលសម្ព័ន្ធ​១០​របស់​អ៊ីស្រាអែល ហើយ​ចាប់​ពួក​គេ​ជា​ឈ្លើយ​សឹក។ * ដោយ​សារ​រាស្ត្រ​របស់​លោក​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ ហើយ​ពួក​គេ​មិន​ព្រម​ស្ដាប់​អ្នក​ប្រកាស​ទំនាយ​ដែល​ព្រមាន​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត នោះ​ព្រះ​បាន​អនុញ្ញាត​ឲ្យ​មាន​អន្តរាយ​នេះ​កើត​ឡើង​ដើម្បី​ជា​ការ​ដាក់​ទោស។ (​ពង្សាវតារក្សត្រទី២ ១៧:៥​-​១៨​) កាល​ដែល​ពួក​គេ​ត្រូវ​នៅ​ដាច់​ឆ្ងាយ​ពី​ព្រះ​និង​ត្រូវ​រស់​នៅ​ឆ្ងាយ​ពី​ស្រុក​កំណើត តើ​បណ្ដា​ជន​នេះ​បាន​កែប្រែ​ចិត្ត​គំនិត​ដោយ​សារ​ជួប​ការ​ពិបាក​ដែល​ត្រូវ​រស់​នៅ​ជា​ឈ្លើយ​សឹក​ឬ​ទេ? តើ​ព្រះ​យេហូវ៉ា​បំភ្លេច​ពួក​គេ​ឬ? តើ​លោក​នឹង​ស្វាគមន៍​ពួក​គេ​ឲ្យ​ត្រឡប់​មក​វិញ​ឬ​យ៉ាង​ណា?

«​ទូល​បង្គំ​នឹក​ស្ដាយ​កំហុស​»​

ពេល​ដែល​ពួក​គេ​ត្រូវ​ចាប់​ជា​ឈ្លើយ​សឹក នោះ​បណ្ដា​ជន​បាន​ភ្ញាក់​ខ្លួន និង​បាន​ប្រែ​ចិត្ត។ ព្រះ​យេហូវ៉ា​បាន​កត់​សម្គាល់​ថា ពួក​គេ​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ។ សូម​ពិនិត្យ​មើល​នូវ​ពាក្យ​ដែល​ព្រះ​យេហូវ៉ា​បាន​ពណ៌​នា​អំពី​ចិត្ត​គំនិត និង​អារម្មណ៍​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​បាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ។ ក្នុង​ខ​ទាំង​នេះ អេប្រាអ៊ីម​សំដៅ​ទៅ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​ឡាយ​ដែល​បាន​ត្រូវ​និរទេស។

ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​ឮ​អេប្រាអ៊ីម​យំ​រៀប​រាប់›។ (​យេរេមី [​យេរេមា​] ៣១:១៨, ខ.ស.​) លោក​បាន​ឮ​បណ្ដា​ជន​អ៊ីស្រាអែល កាល​ដែល​ពួក​គេ​សោកស្ដាយ​ចំពោះ​លទ្ធផល​ដែល​បណ្ដាល​មក​ពី​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ។ បណ្ឌិត​ម្នាក់​បាន​រៀប​រាប់​ថា ពាក្យ​«​យំ​រៀប​រាប់​»​អាច​មាន​ន័យ​ថា ​«​ការ​ញ័រ​ខ្លួន​ឬ​យោល​ខ្លួន​»។ ពួក​គេ​ប្រៀប​ដូច​ជា​កូន​ដែល​ប្រព្រឹត្ត​ខុស​គ្រវី​ក្បាល​យំ​ស្ដាយ​ចំពោះ​បញ្ហា​ដែល​កើត​ឡើង​ដល់​ខ្លួន ហើយ​គាត់​ចង់​ត្រឡប់​មក​ផ្ទះ​វិញ។ (​លូកា ១៥:១១​-​១៧​) តើ​បណ្ដា​ជន​ទាំង​នោះ​បាន​និយាយ​យ៉ាង​ណា?

«​ព្រះ​អង្គ​បាន​ដាក់​ទោស​ទូល​បង្គំ . . . ដូច​កូន​គោ​ដែល​មិន​ទាន់​ផ្សាំង​»។ (​យេរេមី [​យេរេមា​] ៣១:១៨, ខ.ស.​) បណ្ដា​ជន​បាន​ទទួល​ស្គាល់​ថា ពួក​គេ​សម​ទទួល​ទោស​មែន។ បន្ថែម​ទៅ​ទៀត ពួក​គេ​ប្រៀប​ដូច​ជា​កូន​គោ​ដែល​មិន​ទាន់​ផ្សាំង។ យោង​ទៅ​តាម​ឯកសារ​យោង​មួយ ការ​ប្រៀប​ធៀប​នេះ​ប្រហែលជា​មាន​ន័យ​ថា ពួក​គេ​ប្រៀប​ដូច​ជា​កូន​គោ​នោះ ព្រោះ​«​បើ​កូន​គោ​ព្រម​ឲ្យ​គេ​ផ្សាំង នោះ​គេ​មិន​ចាំ​បាច់​ចាក់​វា​នឹង​ជន្លួញ​ទេ​»។

«​សូម​នាំ​ទូល​បង្គំ​អោយ​វិល​មក​វិញ នោះ​ទូល​បង្គំ​នឹង​វិល​មក​វិញ ដ្បិ​ត​ព្រះ​អង្គជា[​ព្រះ​យេហូវ៉ា​]​និង​ជា​ព្រះ​របស់​ទូល​បង្គំ​»។ (​យេរេមី [​យេរេមា​] ៣១:១៨, ខ.ស.​) បណ្ដា​ជន​មាន​ចិត្ត​រាប​ទាប​ឡើង​វិញ ហើយ​សុំ​ជំនួយ​ពី​ព្រះ។ ពួក​គេ​បាន​បែរ​ចេញ​ពី​ព្រះ​ទៅ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ប៉ុន្តែ​ឥឡូវ​នេះ ពួក​គេ​បាន​អង្វរ​សុំ​ឲ្យ​ព្រះ​ជួយ​ពួក​គេ​ត្រឡប់​មក​ធ្វើ​អ្វី​ដែល​លោក​ពេញ​ចិត្ត​វិញ។ ក្នុង​សេចក្ដី​បក​ប្រែ​មួយ​ទៀត ខ​នេះ​ចែង​ថា​៖ ​«​លោក​ជា​ព្រះ​របស់​យើង សូម​ឲ្យ​យើង​ត្រឡប់​មក​វិញ​ផង​»​ (​Contemporary English Version​)។

«​ទូល​បង្គំ​វិល​មក​វិញ ទាំង​នឹក​ស្ដាយ​កំហុស . . . ហើយ​អៀន​ខ្មាស។ ទូល​បង្គំ​បាក់មុខ​»។ (​យេរេមី [​យេរេមា​] ៣១:​១៩, ខ.ស.​) ពួក​បណ្ដា​ជន​បាន​ស្ដាយ​ក្រោយ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ពួក​គេ​ព្រម​ទទួល​ស្គាល់​ថា​ខ្លួន​ខុស ហើយ​បាន​សារភាព​កំហុស។ ពួក​គេ​ហាក់​ដូច​ជា​គក់​ទ្រូង​ដោយ​មាន​អារម្មណ៍​ស្ដាយ ហើយ​បាក់មុខ។—លូកា ១៥:១៨, ១៩, ២១

បណ្ដា​ជន​អ៊ីស្រាអែល​បាន​ប្រែ​ចិត្ត។ ពួក​គេ​បាន​ស្ដាយ​ក្រោយ​យ៉ាង​ខ្លាំង និង​បាន​សារភាព​កំហុស​ចំពោះ​ព្រះ ហើយ​ឈប់​ធ្វើ​អាក្រក់​ទៀត។ តើ​ការ​ប្រែ​ចិត្ត​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទន់​ចិត្ត​ឬ​ទេ? តើ​លោក​បាន​ឲ្យ​ពួក​គេ​ត្រឡប់​មក​ឯ​លោក​វិញ​ឬ​យ៉ាង​ណា?

‹ខ្ញុំ​នឹង​អាណិត​មេត្ដា​ដល់​ពួក​គេ​ជា​មិន​ខាន›

ព្រះ​យេហូវ៉ា​មាន​ទំនាក់​ទំនង​យ៉ាង​ពិសេស​ជា​មួយ​នឹង​បណ្ដា​ជន​អ៊ីស្រាអែល។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​ជា​ឱ​ពុក​ដល់​សាសន៍​អ៊ីស្រាអែល ហើយ​ពួក​អេប្រាអិម​ជា​កូន​ច្បង​របស់​ខ្ញុំ›។ (​យេរេមា ៣១:៩​) តើ​ឪពុក​ម្នាក់​ដែល​មាន​សេចក្ដី​ស្រឡាញ់​អាច​មិន​ទទួល​កូន​ដែល​បាន​ស្ដាយ​ក្រោយ​យ៉ាង​ស្មោះ​យ៉ាង​ដូច​ម្ដេច​បាន? សូម​កត់​សម្គាល់​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា​រៀប​រាប់​អំពី​អារម្មណ៍​របស់​លោក​ក្នុង​នាម​ជា​បិតា​ម្នាក់។

‹តើ​អេប្រាអិម​ជា​កូន​សំ​ឡាញ់​របស់​ខ្ញុំ​ឬ? តើ​ជា​កូន​សំណប់​ឬ​អី? ដ្បិត​ដែល​ខ្ញុំ​និយាយ​ទាស់​នឹង​វា​វេលា​ណា នោះ​ខ្ញុំ​ក៏​នឹក​រឭក​ដល់​វា​នៅ​វេលា​នោះ​ឯង›។ (​ខ​២០​) ពាក្យ​ទាំង​នោះ​ពិត​ជា​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​មែន! ដូច​ជា​ឪពុក​ដែល​ស្រឡាញ់​កូន ប៉ុន្តែ​ម៉ឺង​ម៉ាត់ នោះ​ព្រះ​ចាំ​បាច់​ត្រូវ​តែ​និយាយ​«​ទាស់​នឹង​»​កូន​ៗ​ដែល​ធ្វើ​ខុស ដោយ​ព្រមាន​ពួក​គេ​អំពី​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ។ ពេល​ពួក​គេ​ក្បាល​រឹង​មិន​ព្រម​ស្ដាប់ លោក​អនុញ្ញាត​ឲ្យ​ពួក​គេ​ក្លាយ​ទៅ​ជា​ឈ្លើយ​សឹក ដែល​ធ្វើ​ឲ្យ​ពួក​គេ​ឃ្លាត​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួក​គេ។ ប៉ុន្តែ ទោះ​ជា​លោក​ដាក់​ទោស​ពួក​គេ​ក៏​ដោយ លោក​មិន​បាន​ភ្លេច​ពួក​គេ​ឡើយ។ លោក​មិន​ដែល​ធ្វើ​ដូច្នេះ​ទេ។ បិតា​ដែល​ស្រឡាញ់​កូន​មិន​ដែល​ភ្លេច​កូន​របស់​ខ្លួន​ឡើយ។ ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​លោក​ឃើញ​កូន​ៗ​របស់​លោក​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​នោះ?

‹ខ្ញុំ​មាន​ចិត្ត​រំជួល​ដល់​ពួក​គេ ហើយ​នឹង​អាណិត​មេត្ដា​ដល់​ពួក​គេ​ជា​មិន​ខាន›។ (​ខ​២០​) ព្រះ​យេហូវ៉ា​ស្រឡាញ់​កូន​ៗ​របស់​លោក​យ៉ាង​ខ្លាំង។ ការ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​របស់​ពួក​គេ​ធ្វើ​ឲ្យ​លោក​រំជួល​ចិត្ត ហើយ​លោក​ចង់​ឲ្យ​ពួក​គេ​ត្រឡប់​មក​ឯ​លោក​វិញ​ណាស់។ ដូច​ឪពុក​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​កូន​បង្ហិន​ទ្រព្យ ព្រះ​យេហូវ៉ា​«​មាន​ចិត្ត​ក្ដួល​អាណិត​»​ ហើយ​ចង់​ទទួល​ស្វាគមន៍​កូន​ៗ​របស់​លោក​ឲ្យ​ត្រឡប់​មក​វិញ។—លូកា ១៥:២០

«​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​មក​វិញ!​»​

ពាក្យ​នៅ​យេរេមា ៣១:១៨​-​២០ ជួយ​យើង​ឲ្យ​យល់​អំពី​សេចក្ដី​អាណិត​មេត្ដា របស់​ព្រះ​យេហូវ៉ា។ ព្រះ​មិន​ភ្លេច​ពួក​អ្នក​ដែល​ធ្លាប់​បម្រើ​លោក​នោះ​ទេ។ ចុះ​យ៉ាង​ណា​បើ​អ្នក​ដែល​ធ្លាប់​បម្រើ​លោក​ចង់​ត្រឡប់​មក​ឯ​លោក​វិញ? ព្រះ​«​បំ​រុង​តែ​នឹង​អត់​ទោស​»។ (​ទំនុក​តម្កើង ៨៦:៥​) លោក​នឹង​មិន​បែរ​ខ្នង​ដាក់​ពួក​អ្នក​ដែល​មក​ឯ​លោក​ដោយ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ឡើយ។ (​ទំនុកតម្កើង ៥១:១៧​) ផ្ទុយ​ទៅ​វិញ លោក​រីករាយ​នឹង​ទទួល​ពួក​គេ​ឲ្យ​ត្រឡប់​មក​វិញ។—លូកា ១៥:២២​-​២៤

ស្ត្រី​ម្នាក់​ដែល​បាន​រៀប​រាប់​ពី​ខាង​ដើម​អត្ថបទ​នេះ​បាន​ចាត់​វិធានការ​ដើម្បី​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ ហើយ​គាត់​បាន​ចូល​រួម​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ដែល​មាន​នៅ​ក្នុង​តំបន់​នោះ។ មុន​ដំបូង គាត់​ត្រូវ​យក​ឈ្នះ​អារម្មណ៍​អវិជ្ជមាន​របស់​គាត់។ គាត់​បាន​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​គ្មាន​តម្លៃ​ទេ​»។ ប៉ុន្តែ ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​បាន​លើក​ទឹក​ចិត្ត​គាត់ ហើយ​ជួយ​គាត់​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឡើង​វិញ។ ដោយ​មាន​ចិត្ត​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ គាត់​បាន​ពោល​ថា​៖ ​«​នេះ​ពិត​ជា​អស្ចារ្យ​ណាស់​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​មក​វិញ!​»។

បើ​កាល​ពី​មុន​អ្នក​ធ្លាប់​បម្រើ​ព្រះ​យេហូវ៉ា ហើយ​បាន​គិត​ថា​ចង់​បម្រើ​លោក​ម្ដង​ទៀត យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ដែល​នៅ​ក្នុង​តំបន់​របស់​អ្នក។ សូម​ចាំ​ថា ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​សេចក្ដី​អាណិត​មេត្ដា ពេល​មនុស្ស​ដែល​ប្រែ​ចិត្ត​សុំ​លោក​ថា​៖ ​«​សូម​ឲ្យ​យើង​ត្រឡប់​មក​វិញ​»។

ក្នុង​ខែ​មេ​សា លោក​អ្នក​អាច​អាន:

យេរេមា ១៧​-​៣១

[​កំណត់​សម្គាល់​]

^ វគ្គ 5 ជាង​ពីរ​សតវត្សរ៍​មុន​នោះ គឺ​នៅ​ឆ្នាំ​៩៩៧ មុន​គ.ស. អ៊ីស្រាអែល​បាន​ត្រូវ​បែងចែក​ជា​រាជាណាចក្រ​ពីរ។ រាជាណាចក្រ​មួយ​នៅ​ទិស​ខាង​ត្បូង​ដែល​មាន​កុលសម្ព័ន្ធ​ពីរ បាន​ត្រូវ​ហៅ​ថា​រាជាណាចក្រ​យូដា។ រាជាណាចក្រ​មួយ​ទៀត​នៅ​ទិស​ខាង​ជើង​ដែល​មាន​កុលសម្ព័ន្ធ​១០ បាន​ត្រូវ​ហៅ​ថា​រាជាណាចក្រ​អ៊ីស្រាអែល ហើយ​ក៏​បាន​ត្រូវ​ហៅ​ថា​អេប្រាអ៊ីម ព្រោះ​នេះ​ជា​កុលសម្ព័ន្ធ​ដែល​ធំ​បំផុត។