គន្លឹះសុភមង្គលគ្រួសារ
តើកូនមានឥទ្ធិពលយ៉ាងណាទៅលើចំណងអាពាហ៍ពិពាហ៍?
ឆាល: * «ម៉ារី និងខ្ញុំរំភើបចិត្តណាស់ពេលកូនស្រីរបស់យើងកើតមក។ ប៉ុន្តែ ក្នុងអំឡុងពីរបីខែដំបូង ខ្ញុំគេងមិនបានពេញភ្នែកទេ។ យើងបានគិតទុកជាមុនអំពីវិធីផ្សេងៗដើម្បីថែរក្សា និងចិញ្ចឹមអប់រំនាង តែអ្វីៗមិនបានកើតឡើងដូចការគ្រោងទុករបស់យើងឡើយ»។
ម៉ារី: «ពេលដែលកូនយើងកើតមក អ្វីៗទាំងអស់ស្រាប់តែផ្លាស់ប្ដូរទាំងស្រុង ខ្ញុំលែងជាម្ចាស់លើជីវិតខ្លួនឯងទៀត។ ពេលនោះខ្ញុំគិតតែអំពីដបទឹកដោះគោកូន ដូរកន្ទបកូន ឬធ្វើឲ្យកូនបាត់យំ។ នេះជាការកែប្រែយ៉ាងធំ។ អស់ជាច្រើនខែទើបខ្ញុំនិងឆាលមានទំនាក់ទំនងដូចដើមវិញ»។
មនុស្សជាច្រើននឹងយល់ស្របថា ការមានកូនជាអ្វីមួយដែលធ្វើឲ្យយើងសប្បាយបំផុតក្នុងជីវិត។ គម្ពីរបានចែងថា កូនជា«មរដក»មកពីព្រះ។ (ទំនុកតម្កើង ១២៧:៣) ដូចឆាលនិងម៉ារី ឪពុកម្ដាយដែលមានកូនដំបូងក៏ដឹងថា កូនអាចធ្វើឲ្យចំណងអាពាហ៍ពិពាហ៍ផ្លាស់ប្ដូរតាមរបៀបដែលនឹកស្មានមិនដល់។ ជាឧទាហរណ៍ ម្ដាយដែលមានកូនដំបូងប្រហែលជាផ្ដោតអារម្មណ៍ទៅលើកូនរបស់នាង ហើយនាងក៏ប្រហែលជាភ្ញាក់ផ្អើលស្តីអំពីរបៀបដែលចិត្តនិងរាងកាយរបស់នាងប្រតិកម្ម ពេលដែលកូនយំ។ រីឯឪពុកដែលមានកូនដំបូង គាត់ប្រហែលជានឹកអស្ចារ្យក្នុងចិត្តអំពីភាពស្និទ្ធស្នាលរវាងម្ដាយនិងកូន។ ប៉ុន្តែ គាត់ក៏ប្រហែលជាព្រួយបារម្ភដែរថា នៅថ្ងៃមួយប្រពន្ធនឹងលែងយកចិត្តទុកដាក់នឹងគាត់ទៀត។
តាមការពិត កំណើតរបស់កូនដំបូងប្រហែលជានាំឲ្យមានការពិបាកក្នុងចំណងអាពាហ៍ពិពាហ៍។ បើប្ដីឬប្រពន្ធគ្មានទំនុកចិត្តលើខ្លួន និងមានបញ្ហាដែលមិនទាន់ដោះស្រាយក្នុងចំណងអាពាហ៍ពិពាហ៍ពេលដែលមិនទាន់មានកូន នោះពេលមានកូនហើយ ភាពតានតឹងដែលមកពីការធ្វើជាឪពុកម្ដាយនឹងធ្វើឲ្យបញ្ហាទាំងនោះលេចឡើងកាន់តែច្បាស់។
ក្នុងរយៈពេលពីរបីខែដំបូង ឪពុកម្ដាយដែលមានកូនខ្ចីពិតជាមមាញឹកខ្លាំងណាស់ ដោយសារពួកគាត់ត្រូវការយកចិត្តទុកយ៉ាងខ្លាំងទៅលើកូនខ្ចីនោះ។ ដូច្នេះ តើពួកគាត់អាចទម្លាប់ខ្លួនយ៉ាងដូចម្ដេច? តើពួកគាត់អាចធ្វើយ៉ាងណាដើម្បីរក្សាឲ្យមានភាពស្និទ្ធស្នាលចំពោះគ្នា? តើពួកគាត់អាចដោះស្រាយការខ្វែងគំនិតគ្នាស្តីអំពីការចិញ្ចឹមអប់រំកូនយ៉ាងដូចម្ដេច? សូមឲ្យយើងពិនិត្យមើលបញ្ហានេះម្ដងមួយៗ និង
ពិចារណាអំពីរបៀបដែលគោលការណ៍ក្នុងគម្ពីរអាចជួយគូប្ដីប្រពន្ធឲ្យដោះស្រាយបញ្ហាទាំងនោះ។បញ្ហាទី១: គិតតែអំពីកូន
ជាធម្មតា ម្ដាយតែងតែគិតអំពីកូន ហើយប្រើពេលវេលាទាំងអស់ដើម្បីថែរក្សាកូនខ្ចីរបស់ខ្លួន។ នាងប្រហែលជាពេញចិត្តយ៉ាងខ្លាំងចំពោះការថែរក្សាកូន។ នៅដំណាលគ្នានោះ ប្ដីរបស់នាងអាចមានអារម្មណ៍ថា នាងបានភ្លេចគាត់បាត់ទៅហើយ។ មេនវែល ដែលរស់នៅប្រទេសប្រេស៊ីល គាត់បាននិយាយថា៖ «ពេលប្រពន្ធរបស់ខ្ញុំលែងចាប់អារម្មណ៍នឹងខ្ញុំ ហើយនាងបែរជាគិតតែពីកូនវិញ នោះជាអ្វីដែលខ្ញុំពិបាកទទួលបំផុត។ ពីមុនមានតែយើងពីរនាក់ តែឥឡូវមានតែនាងនិងកូនទៅវិញ»។ តើអ្នកអាចធ្វើយ៉ាងណាចំពោះការកែប្រែដ៏ធំនេះ?
គន្លឹះដើម្បីទទួលជោគជ័យ: អត់ធ្មត់។
គម្ពីរបានចែងថា៖ «សេចក្ដីស្រឡាញ់មានចិត្តធ្ងន់ហើយក៏សប្បុរស»។ សេចក្ដីស្រឡាញ់«មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនឆាប់ខឹង»។ (កូរិនថូសទី១ ១៣:៤, ៥) ពេលដែលកូនកើតមក តើប្ដីនិងប្រពន្ធគួរធ្វើយ៉ាងណាដើម្បីធ្វើតាមឱវាទនេះ?
ប្ដីដែលមានប្រាជ្ញាបញ្ជាក់អំពីសេចក្ដីស្រឡាញ់ចំពោះប្រពន្ធរបស់គាត់ ដោយខំរៀនឲ្យដឹងថា តើស្ត្រីដែលសម្រាលកូនហើយ មានសុខភាពផ្លូវកាយនិងផ្លូវចិត្តបែបណា? បើគាត់រៀនឲ្យដឹងអំពីរឿងបែបនេះ គាត់នឹងយល់អំពីមូលហេតុដែលប្រពន្ធរបស់គាត់ឆាប់ផ្លាស់ប្ដូរអារម្មណ៍។ នៅប្រទេសបារាំង អាដាមមានកូនស្រីអាយុ១១ខែ គាត់បានសារភាពថា៖ «ពេលប្រពន្ធខ្ញុំផ្លាស់ប្ដូរអារម្មណ៍ម្ដងៗ ជួនកាលខ្ញុំមិនយល់ទេ ហើយខ្ញុំក៏ពិបាកនឹងអត់ធ្មត់ជាមួយនាងដែរ។ ប៉ុន្តែ ខ្ញុំខំគិតថា ការតានតឹងចិត្តរបស់នាងមិនមែនដោយសារខ្ញុំឡើយ។ ផ្ទុយទៅវិញ ការតានតឹងចិត្តនេះកើតឡើងដោយសារស្ថានភាពថ្មីរបស់យើង»។
ជួនកាល តើប្រពន្ធរបស់អ្នកមិនយល់អំពីទឹកចិត្តដែលអ្នកចង់ជួយនាងឬទេ? បើដូច្នេះមែន កុំឆាប់អន់ចិត្តឡើយ។ (សាស្ដា ៧:៩) ផ្ទុយទៅវិញ សូមអត់ធ្មត់ ហើយព្យាយាមគិតអំពីសេចក្ដីត្រូវការរបស់នាងជាមុន មិនមែនរបស់អ្នកទេ។ ដោយធ្វើដូច្នេះ អ្នកនឹងមិនធ្លាក់ទឹកចិត្តឡើយ។—សុភាសិត ១៤:២៩
ម្យ៉ាងទៀត ប្រពន្ធដែលចេះពិចារណានឹងព្យាយាមលើកទឹកចិត្តប្ដីពេលគាត់ខំបំពេញតួនាទីថ្មីក្នុងក្រុមគ្រួសារ។ នាងនឹងឲ្យគាត់ជួយថែរក្សាកូន ដោយបង្រៀនគាត់ដោយចិត្តអត់ធ្មត់អំពីរបៀបដូរកន្ទបកូន ឬរៀបចំដបទឹកដោះគោដើម្បីបំបៅកូន សូម្បីតែតាមមើលទៅគាត់មុនដំបូងដូចជាឆ្គងក៏ដោយ។
អេលែន ជាម្ដាយដែលមានវ័យ២៦ឆ្នាំបានទទួលស្គាល់ថា នាងត្រូវធ្វើការកែប្រែខ្លះស្តីអំពីរបៀបដែលនាងប្រព្រឹត្តចំពោះប្ដី។ នាងនិយាយថា៖ «ខ្ញុំមិនត្រូវហួងហែងកូនខ្លាំងពេកទេ។ ហើយខ្ញុំត្រូវរំលឹកខ្លួនថា កុំទើសចិត្តច្រើនពេកពេលដែលប្ដីរបស់ខ្ញុំខំធ្វើតាមការណែនាំស្តីអំពីការថែរក្សាកូន»។
សូមសាកល្បងវិធីនេះ: ប្រពន្ធទាំងឡាយអើយ បើរបៀបដែលប្ដីរបស់អ្នកធ្វើកិច្ចការមួយក្នុងការមើលកូនខុសគ្នាពីរបៀបដែលអ្នកធ្វើ សូមទប់ចិត្តកុំរិះគន់គាត់ ឬដណ្ដើមធ្វើកិច្ចការដែលគាត់បានធ្វើរួចហើយ។ សូមសរសើរគាត់ត្រង់ចំណុចដែលគាត់ធ្វើបានល្អ បើអ្នកធ្វើដូច្នេះ អ្នកនឹងពង្រឹងទំនុកចិត្តនិងលើកទឹកចិត្តគាត់ឲ្យជួយអ្នកពេលដែលអ្នកត្រូវការ។ ប្ដីទាំងឡាយអើយ សូមកុំចំណាយពេលវេលាច្រើនពេកទៅលើសកម្មភាពផ្សេងៗដែលមិនសូវសំខាន់ ដើម្បីអ្នកអាចមានពេលច្រើនបំផុតជួយប្រពន្ធរបស់អ្នក ជាពិសេសក្នុងរយៈពេលពីរបីខែដំបូងក្រោយពីកូនកើតមក។
បញ្ហាទី២: លែងមានភាពស្និទ្ធស្នាលជាប្ដីប្រពន្ធដូចពីមុន
ដោយសារការគេងមិនគ្រប់គ្រាន់ និងហេតុការណ៍ដែលមិនដឹងទុកជាមុន នោះធ្វើឲ្យប្ដីប្រពន្ធជាច្រើនដែលមានកូនដំបូងពិបាកមានភាពស្និទ្ធស្នាលដូចពីមុន។ នៅប្រទេសបារាំង វីវៀនដែលជាម្ដាយមានកូនពីរនាក់ បានសារភាពថា៖ «មុនដំបូង ខ្ញុំផ្ដោតអារម្មណ៍ខ្លាំងពេកដើម្បីបំពេញតួនាទីជាម្ដាយ រហូតដល់ខ្ញុំស្ទើរតែភ្លេចថាខ្ញុំក៏មានតួនាទីជាប្រពន្ធដែរ»។
ម្យ៉ាងទៀត ប្ដីប្រហែលជាមិនបានកត់សម្គាល់ឃើញទេថា ពេលប្រពន្ធមានផ្ទៃពោះ នោះអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើនាងទាំងខាងផ្លូវកាយទាំងខាងផ្លូវចិត្ត។ កូនដែលទើបនឹងកើតអាចស៊ីពេលវេលានិងកម្លាំងដែលអ្នកធ្លាប់ប្រើក្នុងការបង្ហាញភាពស្និទ្ធស្នាលជាប្ដីប្រពន្ធដែលរួមបញ្ចូលការរួមដំណេកផងដែរ។ បើដូច្នេះ តើប្ដីប្រពន្ធអាចធ្វើយ៉ាងណាដើម្បីប្រាកដថាកូនតូចដែលគួរឲ្យស្រឡាញ់របស់ពួកគេមិនមែនជាដើមហេតុដែលនាំឲ្យពួកគេលែងជិតស្និទ្ធគ្នា?
គន្លឹះដើម្បីទទួលជោគជ័យ: បញ្ជាក់សេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។
ស្តីអំពីចំណងអាពាហ៍ពិពាហ៍ * (លោកុប្បត្តិ ២:២៤) ព្រះយេហូវ៉ាមានគោលបំណងថា នៅទីបំផុត កូនត្រូវលាចេញពីឪពុកម្ដាយរបស់ពួកគេ។ ផ្ទុយទៅវិញ ព្រះតម្រូវឲ្យប្ដីនិងប្រពន្ធទៅជាសាច់ឈាមតែមួយ ហើយរស់នៅជាមួយគ្នាអស់មួយជីវិត។ (ម៉ាថាយ ១៩:៣-៩) តើតាមរបៀបណាដែលការដឹងអំពីរឿងនេះជួយគូប្ដីប្រពន្ធដែលមានកូនខ្ចីឲ្យសម្គាល់អ្វីដែលសំខាន់បំផុត?
គម្ពីរបានចែងថា៖ «មនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ»។វីវៀនដែលបានរៀបរាប់ខាងលើ បាននិយាយថា៖ «ខ្ញុំបានគិតអំពីពាក្យនៅលោកុប្បត្តិ ២:២៤ ហើយខនេះបានជួយខ្ញុំឲ្យភ្ញាក់ខ្លួនថា ខ្ញុំជា‹សាច់ឈាមតែមួយ›ជាមួយនឹងប្ដីរបស់ខ្ញុំ មិនមែនជាមួយនឹងកូនរបស់ខ្ញុំទេ។ ខ្ញុំបានយល់ថា ខ្ញុំត្រូវពង្រឹងចំណងអាពាហ៍ពិពាហ៍របស់យើង»។ ថេរិសា មានកូនស្រីអាយុពីរឆ្នាំ នាងនិយាយថា៖ «បើខ្ញុំមានអារម្មណ៍ថាមិនសូវជិតស្និទ្ធជាមួយប្ដីរបស់ខ្ញុំ ខ្ញុំចាត់វិធានការភ្លាមដើម្បីប្រមូលអារម្មណ៍ទាំងស្រុងទៅលើគាត់ សូម្បីតែខ្ញុំអាចធ្វើដូច្នេះតែប៉ុន្មាននាទីជារៀងរាល់ថ្ងៃក៏ដោយ»។
បើអ្នកជាប្ដីម្នាក់ តើអ្នកអាចធ្វើយ៉ាងណាដើម្បីពង្រឹងចំណងអាពាហ៍ពិពាហ៍របស់អ្នក? សូមប្រាប់ប្រពន្ធរបស់អ្នកថា អ្នកស្រឡាញ់នាង។ សូមធ្វើតាមពាក្យរបស់អ្នកដោយថ្នាក់ថ្នមនាង។ សូមខំអស់ពីសមត្ថភាពដើម្បីឲ្យនាងមានទំនុកចិត្ត។ សារ៉ាជាម្ដាយម្នាក់ដែលមានអាយុ៣០ឆ្នាំបាននិយាយថា៖ «ប្រពន្ធចង់ដឹងថាប្ដីនៅតែស្រឡាញ់និងឲ្យតម្លៃចំពោះនាង ទោះជារូបរាងរបស់នាងបានផ្លាស់ប្ដូរដោយសារការមានផ្ទៃពោះក៏ដោយ»។ អាឡានដែលរស់នៅប្រទេសអាឡឺម៉ង់ គាត់មានកូនប្រុសពីរនាក់ ហើយគាត់បានកត់សម្គាល់ឃើញថា ជាការសំខាន់ណាស់ដែលគាត់ត្រូវលើកទឹកចិត្តប្រពន្ធ។ គាត់បាននិយាយថា៖ «ពេលនាងមានអារម្មណ៍ក្រៀមក្រំចិត្ត ខ្ញុំតែងតែព្យាយាមសម្រាលទុក្ខនាង»។
យើងក៏យល់ដែរថា ពេលមានកូនខ្ចី នោះជះឥទ្ធិពលដល់ការរួមដំណេករបស់គូប្ដីប្រពន្ធ។ ដូច្នេះ ប្ដីនិងប្រពន្ធត្រូវតែពិភាក្សាគ្នាអំពីតម្រូវការរបស់គូខ្លួន។ គម្ពីរបានចែងថា ពេលដែលមានការកែប្រែស្តីអំពីការរួមដំណេក គូប្ដីប្រពន្ធគួរតែ«ព្រមព្រៀងគ្នា»។ (កូរិនថូសទី១ ៧:១-៥) នេះតម្រូវឲ្យពួកគេពិគ្រោះគ្នា។ ដោយសារស្ថានភាពដែលអ្នកធំឡើង ឬទំនៀមទម្លាប់ ប្រហែលជាធ្វើឲ្យអ្នកមិនហ៊ាននិយាយអំពីរឿងរួមភេទជាមួយគូរបស់អ្នកទេ។ ប៉ុន្តែ ការនិយាយគ្នាអំពីរឿងនេះជាអ្វីដ៏សំខាន់ចាំបាច់ កាលដែលគូប្ដីប្រពន្ធទម្លាប់ខ្លួននឹងដំណើរជីវិតជាឪពុកម្ដាយ។ សូមចេះយល់អារម្មណ៍ អត់ធ្មត់ និងស្មោះត្រង់។ (កូរិនថូសទី១ ១០:២៤) យ៉ាងនេះ អ្នកនិងគូរបស់អ្នកនឹងបង្ការមិនឲ្យមានការយល់ច្រឡំចំពោះគ្នា ហើយនេះនឹងធ្វើឲ្យអ្នកស្រឡាញ់គ្នាកាន់តែខ្លាំងថែមទៀត។—ពេត្រុសទី១ ៣:៧, ៨
គូប្ដីប្រពន្ធក៏អាចស្រឡាញ់គ្នាកាន់តែខ្លាំងឡើងដោយបង្ហាញចិត្តដឹងគុណចំពោះគ្នាទៅវិញទៅមក។ ប្ដីដែលមានប្រាជ្ញានឹងទទួលស្គាល់ថា ប្រពន្ធបានបំពេញកិច្ចការជាច្រើនដែលប្ដីមិនបានចាប់អារម្មណ៍។ វីវៀននិយាយថា៖ «នៅចុងថ្ងៃនីមួយៗ ខ្ញុំតែងតែមានអារម្មណ៍ថា ខ្ញុំមិនបានសម្រេចអ្វីសោះ សូម្បីតែខ្ញុំខំមើលថែកូនពេញមួយថ្ងៃក្ដី!»។ ទោះជារវល់ក៏ដោយ ប្រពន្ធដែលចេះពិចារណានឹងប្រុងប្រយ័ត្ន ដោយមិននិយាយមើលងាយការលះបង់របស់ប្ដីដើម្បីជួយក្រុមគ្រួសារ។—សុភាសិត ១៧:១៧
សូមសាកល្បងវិធីនេះ: ម្ដាយទាំងឡាយអើយ បើអាចធ្វើបាន កាលដែលកូនរបស់អ្នកកំពុងគេង សូមគេងមួយស្របក់ដែរ។ ដោយធ្វើយ៉ាងនេះ
អ្នកប្រៀបដូចជា«សាកថ្ម» ហើយអ្នកនឹងមានកម្លាំងថែមទៀតដើម្បីគូរបស់អ្នក។ ឪពុកទាំងឡាយអើយ ពេលណាដែលអ្នកអាចធ្វើបាន សូមភ្ញាក់នៅពេលយប់ដើម្បីឲ្យទឹកដោះគោកូនបៅ ឬដូរកន្ទបឲ្យកូន ដើម្បីឲ្យប្រពន្ធរបស់អ្នកអាចសម្រាកបាន។ សូមបញ្ជាក់សេចក្ដីស្រឡាញ់ចំពោះគ្នាឲ្យបានទៀងទាត់ ដោយសរសេរកំណត់ទុកឲ្យនាង ផ្ញើសារឲ្យនាង ឬនិយាយជាមួយនាងតាមទូរស័ព្ទ។ ក្នុងនាមជាប្ដីប្រពន្ធ សូមលៃទុកពេលដើម្បីនិយាយជាមួយគ្នាតែពីរនាក់។ សូមនិយាយអំពីរឿងរបស់អ្នកទាំងពីរ មិនគ្រាន់តែអំពីរឿងកូនប៉ុណ្ណោះទេ។ សូមរក្សាទំនាក់ទំនងជាមួយគូរបស់អ្នកឲ្យបានរឹងមាំ នោះអ្នកនឹងអាចដោះស្រាយបញ្ហាបានល្អប្រសើរជាងក្នុងការធ្វើជាឪពុកម្ដាយ។បញ្ហាទី៣: ខ្វែងគំនិតគ្នាក្នុងការចិញ្ចឹមអប់រំកូន
ប្ដីប្រពន្ធប្រហែលជាឃើញថា ស្ថានភាពដែលពួកគេធំឡើងអាចធ្វើឲ្យពួកគេឈ្លោះគ្នា។ នៅប្រទេសជប៉ុន ខាត់ស៊ូរ៉ូ និងប្រពន្ធរបស់គាត់អាសាមីបានជួបបញ្ហានេះ។ អាសាមីនិយាយថា៖ «ខ្ញុំមានអារម្មណ៍ថាខាត់ស៊ូរ៉ូមិនសូវចេះប្រដៅកូនស្រីយើងទេ ហើយគាត់គិតថាខ្ញុំតឹងរឹងពេកចំពោះកូន»។ តើអ្នកអាចជៀសវាងការខ្វែងគំនិតគ្នាក្នុងការអប់រំកូនយ៉ាងដូចម្ដេច?
គន្លឹះដើម្បីទទួលជោគជ័យ: ប្រស្រ័យទាក់ទងគ្នា និងគាំទ្រគ្នា។
ស្តេចសាឡូម៉ូនដែលមានប្រាជ្ញាបានសរសេរថា៖ «ផលនៃសេចក្ដីឆ្មើងឆ្មៃ នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ តែប្រាជ្ញាស្ថិតនៅនឹងពួកអ្នកដែលស្ដាប់តាមសេចក្ដីទូន្មាន»។ (សុភាសិត ១៣:១០) តើអ្នកដឹងច្រើនប៉ុណ្ណាអំពីរបៀបដែលគូរបស់អ្នកចិញ្ចឹមអប់រំកូន? បើអ្នកចាំរហូតដល់កូនកើតមកហើយ ទើបពិគ្រោះគ្នាអំពីរបៀបចិញ្ចឹមអប់រំកូន អ្នកប្រហែលជាឃើញថា អ្នកនឹងឈ្លោះគ្នាជាជាងដោះស្រាយបញ្ហានោះដោយជោគជ័យ។
ជាឧទាហរណ៍ សូមរកចំណុចស្របគ្នានៃចម្លើយចំពោះសំណួរដូចតទៅ: «តើអ្នកអាចបង្រៀនកូនឲ្យមានទម្លាប់ល្អក្នុងការញ៉ាំនិងគេងយ៉ាងដូចម្ដេច? បើកូនយំដោយសារមិនចង់គេង តើយើងគួរតែលើកកូនរាល់ដងឬទេ? តើយើងគួរធ្វើយ៉ាងណា បើពិបាកបង្រៀនកូនឲ្យចេះបត់ជើងនៅបង្គន់?»។ ការសម្រេចចិត្តរបស់អ្នកប្រាកដជានឹងខុសគ្នាពីគូប្ដីប្រពន្ធផ្សេងទៀត។ អេធិនដែលមានកូនពីរនាក់បាននិយាយថា៖ «អ្នកត្រូវតែពិគ្រោះគ្នាដើម្បីរកចំណុចស្របគ្នា។ ដោយធ្វើដូច្នេះ អ្នកនិងគូរបស់អ្នកនឹងអាចដឹងអំពីរបៀបចិញ្ចឹមអប់រំកូន»។
សូមសាកល្បងវិធីនេះ: សូមគិតអំពីរបៀបដែលឪពុកម្ដាយរបស់អ្នកចិញ្ចឹមអប់រំអ្នកឲ្យធំឡើង។ អ្នកត្រូវសម្រេចចិត្តអំពីទស្សនៈនិងការប្រព្រឹត្តដែលអ្នកចង់យកតម្រាប់តាមពួកគាត់ក្នុងការចិញ្ចឹមអប់រំកូនរបស់អ្នក។ អ្នកក៏ត្រូវសម្រេចចិត្តដែរអំពីទស្សនៈនិងការប្រព្រឹត្តណាដែលអ្នកមិនចង់ធ្វើតាម។ សូមយកគំនិតនោះមកពិគ្រោះជាមួយគូរបស់អ្នក។
កូនអាចមានឥទ្ធិពលល្អដល់ចំណងអាពាហ៍ពិពាហ៍
ដូចជាមនុស្សពីរនាក់ដែលចង់ជិះស្គីជាមួយគ្នា តែគ្មានបទពិសោធន៍ ពួកគាត់ត្រូវចំណាយពេលហាត់និងមានចិត្តអត់ធ្មត់ដើម្បីរក្សាលំនឹងខ្លួន។ ស្រដៀងគ្នាដែរ អ្នកក៏ត្រូវការពេលវេលាដើម្បីកែប្រែទៅជាឪពុកម្ដាយគេដែរ។ ប៉ុន្តែ នៅទីបំផុតអ្នកនឹងមានទំនុកចិត្ត។
ការចិញ្ចឹមអប់រំកូនជាមួយគ្នានឹងធ្វើឲ្យទំនាក់ទំនងរវាងអ្នកនិងគូរបស់អ្នកផ្លាស់ប្ដូរទាំងស្រុង ហើយនឹងផ្ដល់ឱកាសឲ្យអ្នកបង្ហាញឲ្យឃើញថា អ្នកសុខចិត្តខំព្យាយាមខ្លាំងប៉ុណ្ណាដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍។ ក៏ប៉ុន្តែ ការចិញ្ចឹមអប់រំកូនផ្ដល់ឱកាសឲ្យអ្នកបណ្ដុះគុណសម្បត្ដិដែលប្រសើរថ្លៃថ្លា។ បើអ្នកអនុវត្តតាមគោលការណ៍ក្នុងគម្ពីរអ្នកនឹងពិសោធន៍នូវអ្វីដែលខេណិតបានពិសោធន៍ដែរ។ គាត់បាននិយាយថា៖ «ការចិញ្ចឹមអប់រំកូនបានជះឥទ្ធិពលល្អមកលើខ្ញុំនិងប្រពន្ធខ្ញុំ។ ឥឡូវយើងមិនសូវគិតតែអំពីប្រយោជន៍ផ្ទាល់ខ្លួនទេ ហើយយើងចេះបង្ហាញសេចក្ដីស្រឡាញ់និងចេះយោគយល់គ្នាច្រើនជាងមុន»។ ការកែប្រែនេះប្រាកដជាអ្វីដែលយើងចង់បានក្នុងចំណងអាពាហ៍ពិពាហ៍។
^ វគ្គ 3 ឈ្មោះក្នុងអត្ថបទនេះបានត្រូវផ្លាស់ប្ដូរ។
^ វគ្គ 19 យោងតាមឯកសារមួយ ពាក្យភាសាហេប្រឺក្នុងលោកុប្បត្តិ ២:២៤ដែលថា «នៅជាប់»អាច‹បញ្ជាក់អំពីការនៅជាប់ដែលផុសចេញពីសេចក្ដីស្រឡាញ់ និងភក្ដីភាពរបស់បុគ្គលនោះ›។
សូមសួរខ្លួនអ្នកថា . . .
-
ក្នុងសប្ដាហ៍មុន តើខ្ញុំបានធ្វើអ្វីខ្លះដើម្បីបង្ហាញគូរបស់ខ្ញុំថា ខ្ញុំមានចិត្តដឹងគុណចំពោះអ្វីដែលគាត់បានធ្វើដើម្បីក្រុមគ្រួសារ?
-
តើពេលណាជាពេលចុងក្រោយដែលខ្ញុំលៃទុកពេល ដើម្បីនិយាយអស់ពីចិត្តជាមួយគូរបស់ខ្ញុំដែលមិនមែននិយាយអំពីរឿងកូន?